រឿងមហាភារតយុទ្ធ ភាគទី១៣៖សេចក្ដីទោមនស្សរបស់ទុរយោធន៍

ទុរយោធន៍​សំគាល់​ខ្លួន​ថា​ជា បុរស​ចាតិ​យ៉ាង​ទេវតា​មួយ​អង្គ​ដែរ​គ្រា​នេះ​មក​ត្រូវ​អាវុធ​មិន​សូវ​ជា​ទម្ងន់​ប៉ុន្មាន​ទេ តែ​អាការ​ដែល​ទ្រង់​ថ្ងូរ​បំរះ​ននៀល ឃើញ​ជា​ការ​ទុរន​ទុរា ដុច​ជា​នឹង​ដាច់​ជីវិត​ទៅ​ចាក​រាង​កាយ ទាំង​នេះ​មិន​មែន​ដោយ​ឈឺ​របួស​ដែល​ត្រូវ​អាវុធ​នោះ​ទេ ដោយ​ឈឺ​ចិត្ត​រឿង​ទ្រង់​ក្រអឺត​ក្រអោង​ប៉ោង​ហួស​ប្រមាណ​ទាល់​តែ​ត្រូវ​សរ​របស់​គេ រឿង​នោះ​មក​ប៉ះ​ពាល់​ព្រះ​ហឫទ័យ ធ្វើ​ឲ្យ​ព្រះ​ហឫទ័យ​ព្រះ​អង្គ​មួហ្មង​ជាង​ខូច​ដៃ​ឬ​ជើង​ម្ខាង​ទៅ​បរិវារ​មួយ​ពួក​នោះ​បាន​ហែហម​អម​អង្គ ក្នុង​ខណ​ដែល​ស្ដេច​​ទទ្រេតទទ្រោត​ត្រឡប់​បន្ទាយ កាល​ចូល​ដល់​ព្រះ​ពន្លា​ទី​ប្រថាប់​ក៏​ទម្លាក់​អង្គ​លើ​កម្រាល ផ្ទំ​ហាក់​ដូច​ជា​ទ្រៀមទ្រម​នឹង​ធ្វើ​កាល​កិរិយា ទ្រង់​រង​ចាំ​មើល​ផ្លូវ​ភីស្ម​ដោយ​សេចក្ដី​ក្រវល់​ក្រវាយ ដើម្បី​នឹង​បាន​និយាយ​ការ​ដែល​សំខាន់​មួយ​យ៉ាង​ៗ កាល​លោក​មេទ័ព​ចាស់​នោះ​មក​ដល់ ទ្រង់​ក៏​ដក​ដង្ហើម​ធំ​ហើយ​ត្រាស់​ថា ភីស្ម​ខ្ញុំ​ស្លាប់​ហើយ​ណា​បង់​គំនិត​ហើយ​ណា​យើង ពួក​បាណ្ឌព​យក​ប្រៀប​យើង​បាន​គ្រប់​ផ្លូវ ។ ភីស្ម​តប​សំដី​ផ្អែម​ល្ហែម​ដោយ​ក្ដី​ស្រឡាញ់​យ៉ាង​ណា​បិតា​ថា កុំ​អាល កុំ​អាល​សិន ទ្រង់​កុំ​និយាយ​យ៉ាង​ក្មេង​ដូច្នេះ របួស​បន្តិច​បន្តួច ប្រហែល​នឹង​របួស​កូន​ក្មេង​ដែល​វា​រពឹស​ប៉ះ​នេះ​ទង្គិច​នោះ​ប៉ុណ្ណឹង យក​ទឹក​ក្ដៅ​លាង ហើយ​រុំ​សំពត់​ទៅ វា​ក៏​ដ្ងដុដដថងហសះ​ជា​ទៅ​ហើយ ។ ទុរយោធន៍​តប​ថា ខ្ញុំ​ឈឺ​ចិត្ត​ណាស់​ដែល​រហ្ហដុដបន៏ថងហ្ថងហ្ថសង្ក



ឃើញ​ពួក​បាណ្ឌព​មាន​ជ័យ ។ ភីស្ម​និយាយ​ថា នឹង​ជា​សេចក្ដី​ឃើញ​យ៉ាង​ឆ្ងាយ​អំពី​សេចក្ដី​ពិត ដូច​គ្នា​នឹង​សេចក្ដី​ឃើញ​ខាង​ដើម​នៃ​ការ​សង្គ្រាម កាល​ពីរ​បី​វេលា​ដែល​កន្លង​ទៅ​ហើយ ទ្រង់​បាន​ធ្វើ​ការ​ភ្លាំង​ភ្លាត់​ខ្លួន​ឯង ដោយ​ស្មាន​កម្លាំង​ពួក​បាណ្ឌពទាប​ពេក​ទៅ ក៏​ឥឡូវ​នេះ​ទ្រង់​ភ្លាំង​ភ្លាត់​យ៉ាង​ប្រើ​ការ​មិន​បាន​ទៀត​ដូច​ដែល​ហើយ​មក​ហើយ ស្មាន​ការ​ខូច​ខាត​របស់​ទ្រង់​ច្រើន​ហួស​ទៅ មិន​ទាន់​ដល់​ម្លះ​ទេ តាម​ដែល​ពិនិត្យ​ឃើញ​ថា កង​ទ័ព​យុធិស្ឋិរ​មាន​មេ​ទ័ព​ដែល​មាន​ថ្វី​ដៃ​ពូកែ​ៗ ច្រើន​មែន តែ​តាំង​អំពី​នោះ មក​ដល់​ឥឡូវ​នេះ គេ​ក៏​មិន​ទាន់​មាន​ប្រៀប​អ្វី​ជា​ដុំ​កំភួន​ធួន​ហេតុ​ផល​នឹង​កើត​ទោស​ច្រើន​ជាង​ការ​ខូត​ខាត​មែន​ៗ ។ ទុរយោធន៍​ស្ដេច​ចូល​ក្រឡា​បន្ទំ តែ​ព្រោះ​ទ្រង់​បាន​ទទួល​ទុក្ខ​វេទនា​ឈឺ​ចាប់​ស្នាម​របួស ប្រកប​ទាំង​ព្រះ​ហឫទ័យ​គិត​អណ្ដែត​អណ្ដូង​រាយមាយ​ទៅ​តែ​ក្នុង​រឿង​សឹក​សង្គ្រាម​ផង រាត្រី​យប់​នោះ ឥត​បាន​ផ្ទំ​ស្កល់​ដល់​បន្តិច​សោះ រាត្រី​កាល​ដែល​កន្លង​ទៅ​សន្សិម​ៗ ទំរាំ​តែ​គ្រប់ ៣ យាម​ឃើញ​យឺតយូរត​អីម្លេះ ហាក់​ដូច​ជា​សេចក្ដី​ឈឺ​ចាប់​ប្រចាំ​នៅ​ក្នុង​ខ្លួន​តែ​ដូច្នេះ​រហូត​អាយុ​ខ័យ ។ ​ផ្កាយ​ព្រឹក​រឿង​រះ​ត្រចះ​ឡើង​កំចាត់​យប់​យាម​រាត្រី សកុណ​ជាតិ​យាស​យំ​ប្រចាំ​យាម​ទៀប​ភ្លឺ បី​ដូច​ជា​តឿន​អរុណ​ឲ្យ​ឧទ័យ​រឿង​រះ​ភ្លឺ​ព្រាង​ស្វាង​ឡើង ទុរយោធន៍​មាន​សំពត់​រុំ​របួស​ថ្មី​ៗ បាន​ស្ដេច​នាំ​ទ័ព​ចូល​កាន់​ស្នាម​យុទ្ធ ដោយ​មិន​ឃើញ​ដល់​អាការ​ដែល​ឈឺ​ចាប់​ក្នុង​ព្រះ​អង្គ ។ ភីស្ម​ទ្រង់​ដំណែង​ជា​មេទ័ព​ធំ ទ្រង់​ចាត់​ក្បួន​ទ័ព​កុរុ​ជា​ព្យូហយាត្រា​យ៉ាង​បែប​ថ្មី ដើម្បី​យក​ជ័យ​ជំនះ​ដែល​ខូច​ខាត​ទៅ​ក្នុង​ថ្ងៃ​មុន ចាត់​ក្បួន​ដំរី​ក្រាល​ច្រើន​ស្រទាប់​ច្រើន​ជាន់​ជុំ​វិញ​កង​ទ័ព សណ្ឋាន​ដូច​ជា​កំផែង​ច្រើន​ជាន់ រៀប​រថ​មេទ័ព​មេកង​ផ្សេង​ៗ ទុក​នៅ​ក្រោយ​ទ័ព​ដំរី យក​ទ័ព​ដំរី​ជា​របាំង​រាល់​ៗ រថ​មាន​ទាហ៊ាន​ជិះ​សេះ​មួយ​ពួក ៧ អ្នក​ៗ ចាំ​ការ​ពារ​រក្សា ទាហ៊ាន​សេះ​រាល់​ៗ ទាហ៊ាន មាន​ពល​ទាហ៊ាន​កាន់​ធ្នូ​មួយ​ពួក​ៗ ចាំ​ការពារ ពួក​ទាហ៊ាន​ធ្នូ​រាល់​ៗ ទាហ៊ាន មាន​ពួក​ទាហ៊ាន​កង​លំពែង ៧ នាក់​ៗ ជា​ពួក​កាល់​តាម​ក្រោយ ។ អរជុន​ក្រឡេក​ឃើញ​ទ័ព​មុខ​ដុច​កំផែង​យាត្រា​ចូល​មក​ក៏​និយាយ​នឹង​ក្រិស្ណ​ថា ទ្រង់​ឃើញ​កង​ទ័ព​កុរុ​ឯណោះ​ណោ​ក្រាល​ច្រើន​ស្រទាប់​ច្រើន​ជាន់​ឬ​ទេ ថែវ​ទាហ៊ាន​របស់​របស់​គេ​ក្រាល​ក្រែល​ឡើង​ដ៏រាប​ណា ក៏​រិត​តែ​ជា​ការ​ងាយ​នឹង​ត្រាយ​ឲ្យ​វាល​ទៅ​ដ៏​រាប​នោះ ទ្រង់​សង្កេត​ឃើញ​ឬ​ទេ ពួក​មេទ័ព​របស់​គេ​បន្លិម​បាំអ​ខ្លួន​ក្នុង​រវាង​ថែវ​ទាហ៊ាន ៣ ចាន់ មើល​ចុះ​មនុស្ស​ជាតិ​អ្នក​ចម្បាំង​ខ្លាច​អីម្លេះ វា​ប្រយ័ត្ន​តែ​លោហិត​នឹង​ជីវិត​ខ្យល់​ដង្ហើម​របស់​វា​ប៉ុណ្ណោះ ។ លំដាប់​នោះ​អរជុន​ក៏​ដើរ​ចូល​ទៅ​រក​កង​ទ័ព​មុខ​ដែល​កំពុង​លើក​ចូល​មក ទោណ​អាចារ្យ​ក៏​ចេញ​មក​ទទួល​មុខ​អរជុន​បបួល​ឲ្យ​ច្បាំង​តតួ ព្រោះ​ជា​ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង ឮ​ត្រង់​ចម្បាំង​ឥត​មាន​រុញ​រា​ប៉ុន​សសៃ​រោម​ទេ អ្នក​ចម្បាំង​ទាំង​ពីរ​បាន​តស៊ូ​គ្នា​ក្នុង​ល្បិច​យុទ្ធ​វិធី ទាំង​ពីរ​ក៏​សំដែង​សេចក្ដី​ក្លា បញ្ញា​នឹង​សេចក្ដី​អំណត់​អត់​ធន់ រក​អ្នក​ឯ​ណា​ស្មើ​គ្មាន សង្គ្រាម​គ្រា​ណា​ក៏​គ្មាន​ស្មើ​ដូច​គ្រា​នោះ គ្រា​នោះ​ជា​ឱកាស​ល្អ​បំផុត​ ជា​ឱកាស​ឲ្យ​បាន​ឃើញ​ទាហ៊ាន​ឯក​ស៊ូរ​គ្នា ។ ខណ​នោះ​កូន​សរ​មួយ​ទៅ​ដោត​ខ្នង​ទោណ​អាចារ្យ ដោយ​មិន​ទាន់​ដឹង​ខ្លួន ទោណ​អាចារ្យ​ក្រឡេក​មក​ឃើញ​ព្រះ​រាជា​សំខ​ដ៏​ជា​រាជ​សម្ពន្ធ​មិត្រ​របស់​យុធិស្ឋិរ​ក៏​ឆុលឆេះ​ដោយ​ទោសគ្គី បែ​ផាង​ទៅ​បាញ់​ព្រះ​រាជា​សំខ​ស្លាប់​នៅ​នឹង​កន្លែង ។ ព្រះ​ចៅ​សំខ​រាជ​សុគត​ចំពោះ​មុខ​អរជុន​ដូច្នោះ ធ្វើ​ឲ្យ​អរជុន​ឈឺ​ចិត្ត​រក​ផ្លូវ​កែ​កំហឹង​វិញ ទើប​ដក​ដៃ​ចេញ​អំពី​ទោណ​អាចារ្យ​ដែល​ទ្រង់​ជ្រាប​ថា ជា​អាចារ្យ​សម្លាប់​មិន​បាន ស្ទុះ​ខ្មាញ់​ទៅ​រក​សុសរម័ន​ដែល​ទ្រង់​ចាំ​បាន​ថា ធ្លាប់​ធ្វើ​ជា​មេទ័ព លើក​មក​កំរ៉ាប​ព្រះ​ចៅ​វិរាដ​ជា​គ្រា​ដំបូង​ម្ដង ឯ​ចំណេះ​ក្នុង​ផ្លូវ​យុទ្ធ​វិធី​របស់​សុសរម័ន នោះ​មិន​ល្មម​នឹង​មក​ទប់​ទល់​កម្លាំង​ថ្វី​ដៃ​អរជុន ហេតុ​នោះ​ការ​ប្រឡង​យុទ្ធ​គ្រា​នេះ អរជុន​ទើប​មាន​ប្រៀប​មួយ​រំពេច​វាត់​ដាច់​ក្បវាល​សុសរម័ន ដោយ​ក្រប៊ី​មុត​ថ្លា​ធ្លាក់​រមៀល​ទៅ​ម្ខាង​ក្នុង​លើក​ដំបូង​ដែល​ចូល​រះ​អាវុធ​គ្នា ។ តែ​ការ​មាន​ជ័យ​នឹង​អបរាជ័យ​អំបាល​នេះ គ្រាន់​តែ​ជា​ភាគ​បន្តិចបន្តួច​នៃ​សង្គ្រាម​ ជ័យ​ជំនះ​ភាគ​ធំ​ធ្លាក់​នៅ​កណ្ដាល​ដៃ​នៃ​ភីស្ម ក្នុង​ថ្ងៃ​ទី ៧ គេ​ធ្វើ​ការ​យ៉ាង​ម៉ឺងមាត់ សឹង​គ្មាន​អ្នក​ណា​នឹង​ទប់​ទល់​បាន ពួក​បាណ្ឌព​បែក​ខ្ចាយ​ផាយ​ថយ​ទៅ សូម្បី​ភីម​នឹង​ងរជុន​ដែល​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា​រឹង​រិទ្ធិ​បំផុត ក៏​ទើត​មិន​បាន​មុន​រាត្រី​កាល​នឹង​មក​ដល់ ទង់​ជ័យ​កំពូល​ពល​របស់​យុធិស្ឋិរ​ត្រូវ​ពួគ​កោរព​ក្របែល​រលំ​គ្រេង​ទៅ រាត្រី​កាល​ក៏​ងងឹត​ព្រាង​ព្រិល​ចូល​ដល់ ត្រែ​សញ្ញា​ភាក់​ច្បាំង​ក៏​បន្លឺ​សូរ​សព្ទ​ដោយ​រួស​រាន់​នារាត្រី​យប់​នោះ មាន​ការ​រីក​រាយ​សប្បាយ​ជ្រួល​ជ្រើម​ក្នុង​បន្ទាយ​កុរុ ដោយ​ឃើញ​កង​ទ័ព​ទុរយោធន៍​មាន​ជ័យ​ជំនះ​យ៉ាង​សំខាន់ ។ លុះ​អរុណោទ័យ​បញ្ចេញ​រស្មី​ព្រឹក​ព្រាង​ស្វាង​ឡើង កង​ទ័ព​ទាំង​សង​ខាង​បាន​យាត្រា​ទៅ​កាន់​យុទ្ធមណ្ឌល បាន​ចូល​ប្រយុទ្ធ​គ្នា​កាប់​សម្លាប់​ឈាម​ច្រាល​ស្រប់បថពី​ទៀត ។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ភីម​នឹង​សំដែង​កម្លាំង​ជា​ពន្លឹក​របស់​កេ​ជ័យ​ជំនះ​បន្តិច​បន្តួច​របស់​ពួក​កោរព រាល់​គ្រា​ដែល​មាន​ឡើង​ធ្វើ​ឲ្យ​ពួក​បាណ្ឌព​ក្ដៅ​ក្រហាយ ជ័យ​ជំនះ​របស់​ពួក​បាណ្ឌព​រាល់​ដង​ក៏​ដូច​គ្នា ធ្វើ​ឲ្យ​ភស្ម​ក្រោធ​ឆេះឆុល​ឡើង ការ​ដែល​ទឹក​នៃ​សង្គ្រាម​ឡើង​ៗ ចុះ​ៗ ដូច្នោះ ក៏​ព្រោះ​មក​ពី​ភីស្ម និង ភីម​ទាំង​ពីរ​ប្រាណ ផ្លាស់​គ្នា​សំដែង​មហិទ្ធិឫទ្ធិ៍​កម្លាំង​ក្លាហាន​ក្នុង​កណ្ដាល​ស្នាម​យុទ្ធ ឯ​ភីម​នេះ​សូម្បី​តែ​ក្នុង​វេលា​មាន​អារម្មណ៍​ស្ងប់​ស្រួល​ក៏​មើល​ទៅ​សម្បើម​មុខ​គួរ​ស្ញែង​ទៅ​ហើយ កាល​គេ​មាន​ទោស​បណ្ដាល​ឡើង​ហើយ ក៏​ស្មើ​ដូច​ជា​មាន​ពល​ទាំង​ម៉ឺន​ទាំង​សែន​នៅ​ក្នុង​ខ្លួន ថ្ងៃ​នេះ​គេ​ក៏​សំដែង​កម្លាំង​មហិទ្ធិឫទ្ធិ៍​ដ៏​ពន្លឹក​នោះ​ទៀត បាន​ចូល​វាយ​កង​រយ​នៃកុរុ​ខ្ចាត់​ខ្ចាយ​អស់​ទៅ​ទាំង​កង​ដោយ​ចំពោះ​តែ​ម្នាក់​ឯង ។ ភីស្ម​តោង​លួង​លោម​ពួក​ទាហ៊ាន​ដែល​ផាយ​រត់​ទៅ​នោះ​ស្ទើរ​បាន​ពុំ​បាន ប្រឹង​ស្រែក​ងស់​សម្រែក​ថា ឱ​កុរុ នេះ​ឬ​សេចក្ដី​ក្លាហាន​ដែល​ល្បី​នាម​របស់​កុរុ នេះ​ឬ​ប្រវេណី​អ្នក​ចម្បាំង ដោយ​សេចក្ដី​ប្រព្រឹត្ត​យ៉ាង​នេះ​ឬ ឈ្មោះ​ថា​នឹង​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​បុព្វ​បុរស​របស់​អ្នក ចូល​មើល​ចុះ ខ្លួន​យើង​បាន​ជីវិត​របស់​យើង​តែ​ម្នាក់​ឯង​ទៅ​តស៊ូ​ប្ដូរ​នឹង​សឹក ដែល​មាន​កម្លាំង​ច្រើន​ជាង​ទាំង​ពាន់​ភាគ​ម៉ឺន​ភាគ យើង​តែ​ម្នាក់​ឯង​ក៏​ងស់​កម្លាំង​កាយ ទោះ​បី​នឹង​វាយ​តម្លៃ​ថា រោម​របស់​យើង​ក្លាយ​ទៅ​ជា​ទាហ៊ាន​កាន់​អាវុធ​ចូល​តស៊ូ ក៏​គង់​ជា​លំបាក តែ​ម្លឹង​យើង​ក៏​មិន​រត់ ។ សំដី​អម្បាល​នេះ ចូល​ទៅ​ខ្ទាំង​ខ្ទប់​ហទយ​វត្ថុ​ទាហ៊ាន​កុរុពួកក្សត្រិយ៍​គន្ធារី ៦ អង្គ​ឮ​សំដី​លោក​មេទ័ព​ដូច្នោះ ឲ្យ​មាន​មានះ​ឡើង​មក ក៏​លាន់​វាចារ​ថា នឹង​យក​ជីវិត​ឥរាវ័ត​ឲ្យ​បាន​ទាំង ៦ អង្គ​ទ្រង់​សម្បុរ​ដូច​ទឹក​ដោះ បរ​រហេច​ដូច​ហ្វូង​ហង្ស​ហើយ​ឆ្លង​សមុទ្រ ចូល​ប្រយុទ្ធ​វាយ​ទ័ព​បាណ្ឌព​បែក​ខ្ចាត់​ខ្ចាយ​ទៅ នៅ​សល់​តែ​ឥរាវ័ត ( បុត្រ​អរជុន កើត​អំពី​នាង ឧលុបី ដ៏​ជា​នាគ​ធិតា ) ទទួល​តស៊ូ​តែ​ម្នាក់​ឯង ទាល់​តែ​សម្លាប់​គន្ធារី​កុមារ​បាន​ ៥ អង្គ ដោយ​លំដាប់​មក គន្ធារី​កុមារ​អង្គ​ទី ៦ ជា​ច្បង នៃ​កុមារ​ទាំង ៥ ដែល​សុគត​ទៅ រូប​រាង​មាំ​ដំបង បាន​តយុទ្ធ​គ្នា​តែ​តតួ មិន​យូរ​ប៉ុន្មាន​ក៏​ប្រហារ​ឥរាវ័ត​បាន ។ អរជុន​បាន​ដឹង​ថា ឥរាវ័ត​ត្រូវ​អាវុធ​ស្លាប់ ក៏​បណ្ដោល​ទោស​ឡើង​ដូច​ភ្លើង​ព្រៃ​ត្រូវ​ពាយុ ឡើង​ជិះ​ពាលី​លឿន​ស្លុង​ដូច​ព្រះ​កាល​បរ​សំដៅ​ទៅ​កង​ទ័ព​កុរុ បង្រុស​វាយ​ត្រឡប់​ត្រឡិន​ខ្ទេច​ខ្ទីរ ដូច​ផែន​សិលា​ដ៏​ធំ​ធ្លាក់​អំពី​ទី​ខ្ពស់​ទៅ​ទី​ទាប ធ្វើ​សេចក្ដី​វិនាស​ដល់​ពួក​កុរុ​ជុំវិញ​ខ្លួន ។ ឃដោត្តច ជា​បុត្រ​ភីម កើត​អំពី​នាង​ហិឌិម្ពា ជា​រក្សសី​មាន​ទាហ៊ាន​រួម​ចិត្ត​មួយ​ពួក​តាម​ទៅ​ផង រុក​ចូល​ទៅ​ក្នុង​កណ្ដាល​ហ្វូង​ទាហ៊ាន​សឹក ដើម្បី​សង​សឹក​មរណ​នៃ​ឥរាវ័ត ទុរយោធន៍​ជា​អ្នក​នាំ​ទ័ព​ខ្លោង​ដមរី​ចូល​បញ្ជាន់ តែ​ឃដោត្តច​វាយ​បង្អើល​ខ្លោង​ដំរី​ផ្អើល​រត់​ប្រសាច​ទៅ​ទាំង​ខ្លោង​ទៅ ទុរយោធន៍​មិន​រត់ ធ្លាក់​ទៅ​កណ្ដាល​សឹក​តេងតោង​តែ​ម្នាក់​ឯង តស៊ូ​ដោះ​ខ្លួន​បណ្ដើរ​មិន​ឲ្យ​សឹក​ចាប់​ខ្លួន​បាន ទទួល​ខណ​នោះ​មាន​ព្រះ​រាជា ១ អង្គ​ជា​សម្ព័ន្ធ​មិត្រ​បរ​ដំរី​សឹក​ទៅ​ជួយ វាយ​កាត់​រវាង​ទុរយោធន៍​នឹង​សឹក​ គឺ​ឃដោត្តច​ឲ្យ​គ្រាក​ចេញ​ទៅ បន្តិច​ភីស្ម​នាំ​កង​ទ័ព​ធំ​ស្រូត​ទៅ​ជួយ​ការពារ​ទុរយោធន៍​ទៀត ឃដោត្តច​ត្រឡប់​ជា​ធ្លាក់​នៅ​ក្នុង​ទី​ចោម​ព័ទ្ធ​វិញ ពួក​បញ្ចាល​មិន​ប្រញាប់​លើក​កម្លាំង​ទៅ​ជួយ​គង់​ជា​ចាប់​ខ្លួន​បាន ការ​ច្បាំង​ក្នុង​ថ្ងៃ​ទី ៨ នេះ ក៏​នៅ​មិន​ទាន់​ដាច់​ខាត​ជា​ខាង​ណា​មាន​ជ័យ ខាង​ណា​អបរាជ័យ តាំអ​ពី​ថ្ងៃ​ដំបូង​រហូត​មក​ដល់​ថ្ងៃ​នេះ បាន​ប្រឹង​ប្រែង​ដណ្ដើម​ជ័យ​រៀង​ខ្លួន តែ​សឹក​ទាំង​សង​ខាង​មាន​កម្លាំង​ស្មើ​គ្នា មិន​អាច​នឹង​ផ្ដាច់​ទី​យក​ជ័យ​ម្ខាង​ៗ​បាន តែ​ទុរយោធន៍​ទ្រង់​ជ្រាប​ចំនួន​ទាហ៊ាន​របស់​ព្រះ​អង្គ​ថា ស្លាប់​បាត់​ទៅ​ជា​ច្រើន ដែល​សេស​សល់​នៅ​ឃើញ​ស្ដើង ទុរយោធន៍​ទ្រង់​ទោមនស្ស​មួហ្មង​ព្រះ​ហឫទ័យ​ទៀត ដោយ​ទ្រង់​នឹក​រអា​ព្រះ​ហឫទ័យ​ក្នុង​រឿង​នឹង​ធ្វើ​ការ​ត​ទៅ ជា​យូរ​ឬ​ឆាប់​ដូចម្ដេច​ថា​មិន​ត្រូវ ព្រះ​ហឫទ័យ​របស់​ទ្រង់​គ្រាំ​ចម្បែង​ទៅ​ដោយ​ទុក្ខ ជញ្ជឹង​រំពឹង​ដល់​ថ្ងៃ​ដែល​កន្លង​ទៅ​ហើយ ក៏​មិន​ឃើញ​ផល​អ្វី​​មួយ​ចំណិត​ដែល​ជា​ទី​ញាំង​ចិត្ត​ឲ្យ​រីករាយ​សប្បាយ​បាន រំពឹង​ទៅ​ថ្ងៃ​មុខ ក៏​គ្មាន​ឃើញ​ផ្លូវ​នឹង​សង្ឃឹម​បាន ខ​នេះ​ធ្វើ​ឲ្យ​ទ្រង់​ធ្ងន់​ក្នុង​ឱរា ។ ខណ​នោះ​កណ៌​អ្នក​មេ​បញ្ជាការ​ឧបាយ ចូល​ទៅ​គាល់​ក្នុង​បារាំ​ទី​ប្រថាប់​របស់​ទុរយោធន៍ តាំង​ដើម​ទូល​ញុះញង់​បំផ្លើស​ច្រក​ព្រះ​កណ៌​ទុរយោធន៍ ឲ្យ​ទ្រង់​សន្ធិះ​សង្ស័យ​ថា ទូល​ព្រះ​បង្គន់​គ្មាន​ចេតនា​បំណង​នឹង​លប់​លាង​សេចក្ដី​សត្យ​សុចរិត របស់​អ្នក​ឯ​ណា​និមួយ ដែល​ព្រះ​ករុណា​ទ្រង់​ទុក​ព្រះ​រាជ​ហឫទ័យ យ៉ាង​ស្និទ​ឥត​រង្គៀស​មក​យូរ​ហើយ​នោះ​ទេ តែ​ព្រះ​ករុណា​ក៏​ទ្រង់​ជ្រាប​ច្បាស់​ឥត​សង្ស័យ​ថា គ្មាន​កង​ទ័ព​ឯ​ណា បើ​ទោះ​បី​ជា​ខ្លាំង​ពូកែ​យ៉ាង​ម្ដេច​ក៏​តាម អាច​នឹង​ញាំង​សេចក្ដី​សម​ប្រាថ្នា​ឲ្យ​សម្រេច​ទៅ​បាន បើ​អ្នក​មេ​ទ័ព​នោះ​ៗ​ មក​បង្អង់​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​រាជ​ការ​នាទី​របស់​ខ្លួន អ្នក​មេទ័ព​ប្រៀប​ដូច​ជា​ក្បាល​របស់​រាង​កាយ​សេនា​ទាហ៊ាន​ប្រៀប​ដូច​ជា​អវយវ​ឯ​ទៀត អ្នក​ជា​មេទ័ព​តោង​សម្ដែង​សេចក្ដី​ព្យាយាម រឹង​ប៉ឹង​មាំមួន​ក្លាហាន ដោយ​កម្លាំង​កាយ​នឹង​ចិត្ត ដះ​ចិត្ត​ទាហ៊ាន​គ្រប់​កង​ក្នុង​បន្ទុក​បង្គាប់​បញ្ជា​របស់​ខ្លួន ឲ្យ​មាន​ចិត្ត​ក្នុង​ការ​តស៊ូ​សឹក​សត្រូវ ទូល​ព្រះ​បង្គន់​គិត​ក្រែង ........... ទូល​ព្រះ​បង្គន់​អាច​សារភាព​ក្រាប​ទូល​ថា ភីស្ម​មាន​សេចក្ដី​គិត​ស្ងាត់​កំបាំង​ក្នុង​ចិត្ត សេចក្ដី​គ្មាន​សត្យ​សុចរិត​ក្នុង​ចិត្ត​របស់​មេទ័ព​នោះ​ឯង​ជា​ឈ្នួល​អាវុធ ដែល​អាច​នឹង​ញាំង​រាជ​អាណាចក្រ​ឲ្យ​លិច​លង់​វិនាស​បាន​ក្នុង​មួយ​វេលា​ជា​មិន​ខាន ។ ទុរយោធន៍​សំរឹង​ស្ដាប់​ពាក្យ​ឧបាយ​នេះ ព្រះ​ហឫទ័យ​ត្រឡប់​វិបត្តិ​សារ​ទៅ​ក្នុង​សេចក្ដី​សង្ស័យ​ដ៏​ងងឹត​ឈឹង ដែល​ទ្រង់​ក៏​ធ្លាប់​សន្ធិះ​មក​ហើយ ក្នុង​រឿង​ភក្ដី​នៃ​អ្នក​កំពូល​ពល​របស់​ព្រះ​អង្គ​ហើយ កណ៌ មនុស្ស​សំខាន់​ក្នុង​រាជ​ការ​ទាហ៊ាន ក៏​មក​មាន​សេចក្ដី​សន្ធិះ​ឡើង​ដែរ ជា​ហេតុ​ធ្វើ​សេចក្ដី​ងងឹត​ក្នុង​រឿង​ភក្ដី​នោះ​ឲ្យ​ភ្លឺ​ឡើង​បន្តិច​ទៀត ប្រការ ១​ទៀត កណ៌ ជា​ភឿន​គូរស់​គូ​ស្លាប់ ឬ​ជា​ភឿន​រួម​ចិត្ត​ជីវិត​មួយ​របស់​ទុរយោធន៍ ហេតុ​ដូច្នោះ​ពាក្យ​ទូល​ណែនាំ​របស់​គេ​រមែង​មាន​ទម្ងន់ គួរ​ឲ្យ​ជឿ​បាន កណ៌ បង្អង់​និយាយ​មួយ​ស្រប់ ហើយ​ក៏​និយាយ​ត​ទៅ​ទៀត​ថា ។ ទូល​ព្រះ​បង្គន់​ដឹង​ហើយ​ថា ភីស្ម​ជា​មហា​បិតុលា​របស់​ព្រះ​អង្គ ទំនៀម​មហា​បិតុលា មិន​ដែល​ធ្វើ​ឲ្យ​កូន​ឲ្យ​ក្មួយ​របស់​ខ្លួន​វិនាស​ហិន​ហោច តែ​ព្រះ​ករុណា​តោង​ទ្រង់​ជ្រាប​ថា គេ​ជា​បុព្វ​បុរស​ទាំង​ខាង​តួ ទាំង​ខាង​បាណ្ឌព ហើយ​ធម្មតា​មនុស្ស​ចាស់​រមែង​វង្វេង​រអៀង សម្ដែង​សេចក្ដី​ស្រឡាញ់​អើ​ពើ​ដល់​ម្ខាង​ច្រើន​ជា​ម្ខាង ត្បិត​មនុស្ស​ចាស់​រាល់​រូប រមែង​មាន​កូន-ក្មួយ​ជាទី​ស្រឡាញ់​ពេញ​ចិត្ត នឹង​កល្យាណ​នារី​ជាទី​សេ្នហា​របស់​គេ ភីស្ម​នឹង​បាន​ផុត​អំណាច​កិលេស​អម្បាល​នេះ​ហើយ​ក៏​ទេ ដែល​គេ​សំដែង​សេចក្ដី​លំអៀង​ទៅ​ខាង​បាណ្ឌព​នោះ ដឹង​កាល​គ្រា​ប្រឹក្សា​ស្ងប់​សឹក​គេ​ទូល​ធ្ឫតរាស្រ្ត​ឲ្យ​លើក​ឥស្សរភាព​ប្រគល់​ឲ្យ​បាណ្ឌព​វិញ​តែ​ខ​នេះ​មិន​បាច់​ព្រួយ​ការ ទូល​ព្រះ​បង្គន់​នឹង​រំលឹក​មក​សំដែង​​ឲ្យ​ពិស្ដារ ។ អរគុណ​អ្នក កណ៌ យើង​អរគុណ​អ្នក​ហើយ ទុរយោធន៍​តប​ដូច​មនុស្ស​ល្មើ​យល់​សប់​រួច​ក៏​ស្ដេច​ព្រុស​ប្រាស់​ទៅ​ឯ​បារាំ​ទី​ភាក់​ភីស្ម ស្រែក​សួរ​ថា ខ្ញុំ​ចូល​ទៅ​បាន​ឬ​ទេ ។ អ្នក​ណា​ណឹង​ហ្ន មក​ទាំង​យប់​អាធាត្រ​ខុស​បេល​វេលា​ដូច្នេះ សម្លេង​ភីស្ម​ស្រែក​សួរ​ទៅ​វិញ ។ ខ្ញុំ​ទុរយោធន៍ សុំ​អភ័យ​ទោស អញ្ជើញ​ស្ដេច​ចូល​មក​ខាង​ក្នុង អ្វី​វា​ដេញ​ឲ្យ​ទ្រង់​ក្រោក​ចេញ​​អំពី​ទី​បន្ទំ​ទាំង​យប់​ទាំង​ ទាំង​អាធាត្រ ។ ខ្ញុំ​មាន​សេចក្តី​តូច​ចិត្ត​ ដែល​មក​កំចោក​អារោក​ទ្រង់​ក្នុង​វេលា​ចូល​ដំណេក សេចក្ដី​គិត​មួយ​ខ​ដ៏​ធ្ងន់​មក​សង្កត​ហទយ​វត្ថុ​ខ្ញុំ​ៗ​មក​នេះ ដើម្បី​រំសាយ​ឲ្យ​ស្រាល​ទ្រូង ។ សេចក្ដី​គិត​ផ្ដេសផ្ដាស​ចាស់​ៗ របស់​ទ្រង់​ទៀត​ទេ​ដឹង ។ ទេ មិន​មែន​សេចក្ដី​គិត​ផ្ដេសផ្ដាស ខ្មោច​អី​វា​ចូល ពី​ព្រលប់​ដល់​ថ្មើ​នេះ ខ្ញុំ​ដេក​មិន​លក់ សេចក្ដី​ខ្មោច​ៗ នេះ​ឯង​វា​ចូល​គ្រប​សង្កត់​ធ្វើ​ទុក​ខ្ញុំ ។ ចូល​មាន​បន្ទូល​មក​មើល តែ​អាណិត​កុំ​តែ​បញ្ចេញ​សេចក្ដី​គិត​ចាស់​ៗ​មក​ទៀត ទូល​បង្គន់​នឹង​រំងាប់​ឲ្យ​ផ្ទុំ​លក់​បាន ។ ទុយោធន៍​ថា ទ្រង់​មិន​ឃើញ​ឬ​វេលា​ល្ងាច​យើង​ទន់​ប្រៀប​ជាង​កេ​រាល់ៗ​​ថ្ងៃ ភីស្ម​អឺយ សេចក្ដី​បំណង​ប៉ង​យក​ជ័យ​ជំនះ អាស្រ័យ​កម្លាំង​ក្លាហាន​របស់​ទ្រង់ ដែល​ទ្រង់​ដំណែង​ជា​កំពូល​ទ័ព​នៃ​កុរុ ពួក​បាណ្ឌព​គេ​ក្លាហាន​​ក្នុង​ការ​សិក​សង្គ្រាម គេ​ចៀស​ផុត​ពី​កណ្ដាប់​ដៃ​ទ្រង់​ដែល​ប្រកប​ដោយ​ប្រដិ​ពល ហើយ​គេ​ប្រហារ​កង​ទាហ៊ាន​របស់​ទ្រង់​បែក​ព្រាត់​រាល់​អន្លើ ចូរ​រលឹក​ដល់​ពាក្យ​បដិញ្ញា​របស់​ទ្រង់​ដែល​ថា នឹង​គាំ​ពារ​ត្រកូល​ខត្តិរាជ​ក្រុង​ហស្តិន​បុរទុក សូម​ទ្រង់​ឲ្យ​អភ័យ​ក្នុង​ពាក្យ​ដែល​មិន​គប្បី​របស់​ខ្ញុំ​ថា​បើ​ក្នុង​ហឫទ័យ​របស់​ទ្រង់ ត្រូវ​សេចក្ដី​មេត្ដា​ក្នុង​ពួក​បាណ្ឌព​ចូល​ទៅ​គ្រប​សង្កត់​សោត ក៏​ចូល​ឲ្យ​កណ៌​ធ្វើ​នាទី​ជា​អ្នក​នាំ​ទ័ព​របស់​យើង​ជំនួស​ទ្រង់​ចុះ នឹង​បាន​ធ្វើ​ការ​ឲ្យ​មាន​ជ័យ​ជំនះ​ជា​ឆាប់​ ឆាប់​ទៅ ។ ភីស្ម​ដក​ដង្ហើម​ធំ​ហើយ​ថា អនិច្ចា ទុរយោធន៍​សេចក្ដី​បំណង​ប៉ង​សំគាល់​របស់​ទ្រង់ មិន​ជា​ផល​ប្រយោជន៍ ការ​សង្គ្រាម​របស់​ទ្រង់​​ជា​ការ​តស៊ូ​ដែល​ខ្សត់​ផល សេនា​រេពល​របស់​ទ្រង់​ស្មើ​ដូច​របស់​លេង គ្មាន​តម្លៃ​ក្នុង​កណ្ដាប់​ដៃ​នៃ​កម្ម​ពៀរ ខ្ញុំ​បាន​ទូល​ប៉ុន្មាន​ដង​មក​ហើយ​ថា សេចក្ដី​ជា​ធម្ម​នឹង​ឈ្នះ ថា អ្នក​ដែល​ច្បាំង​ដើម្បី​ទ្រទ្រង់​នៅ​ធម៌ មាន​អាវុធ​ជាពីរ​ភាគ ចំណែក​ឯ​ការ​ចម្បាំង​ជា​អធម៌​មួល​កម្លាំង​ខ្លួន​ឯង​ចូល​មក​ទំលាយ​ខ្លួន​ឯង ទ្រង់​ភ្លេច​ហើយ​ឬ​កាល​យើង​លើក​ទៅ​វាយ​ប្លន់​យក​ហ្វូង​សត្វ​ពាហនៈ​នៅ​ទី​វាល​មច្ឆ​នគរ​ក្នុង​ដែល​វិរាឌ តែ​អំណាច​កម្លាំង​ក្លាហាន​​អរ​ជុន​ម្នាក់​ឯង រេ​ពល​របស់​ទ្រង់​ទាំង​ទ័ព តោង​រត់​ព្រាត​របស់​គេ ១ ទៀត ទ្រង់​ភ្លេច​ហើយ​ឬ ពី​ដើម​ពួក​គេ​គន្ធារព​ចាប់​ទ្រង់​បាន​ទៅ​បាន​អរជុន​តែ​ម្នាក់​ឯង ចូល​ទៅ​កាច់​គ្រឿង​គន្ធារព​ដោះ​ទ្រង់​រួច​មក អរជុន​នេះ​នៅ​មាន​ជីវិត​​នៅ​ក្នុង​ពួក​បាណ្ឌព​នៅ​ឡើយ​គ្រា​នេះ គេ​បាន​ក្រិណ្ណ​មក​ជួយ ធ្វើ​នាទី​​ជា​នាយសារ​ថិ​របស់អរជុន ទាំង​ទ្រង់​ក៏​ជ្រាប​​ហើយ​ថា​ក្រិណ្ណ ជា​បុរស​ជា​ត្រី មាន​ទេវតា ១ អង្គ គ្រប់​គ្រង​ខ្លួន​គេ រឿង​នេះ​វា​ក៏​ប្រាកដ​ដល់​ភ្នែក​យើង​ព្រិល​ៗ​ខ្លះ​ដែរ​ទុរយោធន៍ ព្រះ​អង្គ​ទ្រង់​តោង​ដល់​ព្រហ្ម​លិក្ខិត​ក្នុង​ការ​សង្គ្រាម​គ្រា​នេះ​ហើយ ភីស្ម​នៅ​មាន​ជីវិត​ដ៏រាប​ណា គេ​នឹង​ធ្វើ​មុខ​ងារ​នាទី​​របស់​គេ​ដោយ​សត្យ​សុចរិត តែ​មរណ​របស់​កេ​ចូល​ជិត​នាស់​មក​ហើយ កុំ​ព្រួយ​ឡើយ​ការ​មរណ​មក​ដល់​ហើយ សិម​ឲ្យ​អ្នក​ធំ​ណា​ឯ​ទៀត ចូល​គ្រង​ទី​ជា​អ្នក​បញ្ជាការ​កង​ទ័ព​កុរុ​ត​ទៅ​ចុះ តែ​ខ្ញុំ​សុំ​ពោល​បញ្ជាក់​ម្ដង​ទៀត​ឲ្យ​ទ្រង់​ជ្រាប​ថា ការ​កុរុ​ក្សេត្រ​គ្រា​នេះ​នឹង​ឲ្យ​ផល​ងល់​អបរាជ័យ​របស់​បរប័ក្ស ។ លុះ​ថ្ងៃ​ព្រឹក​ឡើង​មក ក៏​ចេញ​ធ្វើ​ការ​ត​យុទ្ធ​គ្នា​ដូច​ថ្ងៃ​មុន​ៗ ព្រះ​ភក្ត្រ​ភីស្ម​ក្រញូវ​ក្រញឹង​ឡើង​ខឹង​ក្រោធ ​ព្រះ​នេត្រ​ត្រលាន​ក្រឡោត​ស្ទើ​ស្រក់​លោហិត ដោយ​គិត​មក​ដល់​ពាក្យ​កោសរូស​របស់​ទុរយោធន៍ ហេតុ​នោះ​ថ្ងៃ​នេះ គេ​ទើប​ប្ដុរ​ច្បាំង​ដោយ​កម្លាំង​ទោស​មិន​ខ្លាច​ស្លាប់​តាំង​ពី​ព្រឹក​ដល់​ថ្ងៃ​ត្រង់ ពី​ថ្ងៃ​ត្រង់​ដល់​រសៀល គ្មាន​អ្នក​ណា​​នឹង​តទល់​វិរបុរស​នេះ​បាន ពួក​បាណ្ឌព​នាំ​គ្នា​រត់​ប្រសាច​ទៅ​ខាង​មុខ​គេ​ដូច​ហ្វូង​ម្រឹគ រថ​សឹក​ភីស្ម​ដែល​គ្មាន​អ្នក​ទប់​ទល់​បាន​ក៏​បរ​បង្រុស​ពុស​បាសព​ទាហ៊ាន​ដែល​ស្លាប់ នឹង​ដែល​កំពុង​ត្រដាប​ត្រដួស​ទៀប​ស្លាប់​ត្រៀប​ត្រា​ដូច​គេ​ហាល សំដៅ​ទៅ​រក​ពួក​ដែល​តាំង​តស៊ូ​នឹង​ពួក​ដែល​គេច​រត់​ទៅ​ គ្មាន​នរណា​ប៉ះ​មុខ​បាន រហូត​ដល់​យប់​យាម​សន្ធនា​រាត្រី​កាល​ចរ​មក​ដល់ ។ យុធិស្ឋិរ​អ្នក​ទ្រង់​សីល ក៏​ទោមមនស្ស​តូច​ព្រះ​ហឫទ័យ​ពន់​ប្រមាណ ដោយ​បាន​ទត​ព្រះ​នេត្រ​ឃើញ ទីយុទ្ធ​ភូមិ​ដ៏​ស្រប់​ស្រោច​ដោយ​លោហិត​ខ្មោច​ទាហ៊ាន​ដែល​ត្រូវ​អាវុធ​ស្លាប់ នឹង​របួស​ទៀប​ស្លាប់​ច្រាល​ក្រាល​ទាំង​ប្រថពី ព្រះ​ហឫទ័យ​ដ៏​ទន់​របស់​ទ្រង់​ស្ទើ​តែ​នឹង​ទ្រាំ​ទ្រ នឹង​របស់​ដែល​ប្រទះ​ឃើញ​ដោយ​ព្រះ​នេត្រ​ពុំ​បាន ព្រះ​ហឫទ័យ​ស្រពោន ស្ដេច​ទោ​រក​ក្រិណ្ណ​ទាំង​យប់​ងងឹត ហើយ​ត្រាស់​ថា សង្គ្រាម​ដ៏​ពន្លឹក​មុខ​គួរ​ព្រឺ​នេះ មិន​ជា​ផល​ប្រយោជន៍ ការ​លាង​បំផ្លាញ​ញាតិ​មិត្ត​រលំ​រលាយ​គ្មាន​ទី​បំផុត​នេះ ជា​កម៌​របស់​ខ្ញុំ មិត្ត​របស់​យើង​ជា​សត្រូវ​នឹង​យើង ឯ​ការ​ដែល​យើង​កាប់​សម្លាប់​គេ​នោះ ក៏​ឈ្មោះ​ថា​យើង​សម្លាប់​ខ្លួន​យើង​ណឹង​ឯង បាន​ស៊ូ​ច្បាំង​កាប់​សម្លាប់​គ្នា​ឈាម​ជ័រ​ហូរ​ដាប​ទាំង​ម៉្លេះ​មើល​ទោ​យើង​​ក៏​មិន​ឃើញ ជា​នឹង​ជិត​ទៅ​តំរ៉ុយ​នៃ​ជ័យ​ជំនះ​នោះ​ឡើយ ដឹង​ជា​កាល​ណា​នឹង​ដល់​ទី​បំផុត ពួក​កុរុ​ក៏​មិន​ណយ​​ថយ​ត្រង់​ណា​ គេ​នៅ​មាន​ជ័យ​រហូត​មក​ គ្មាន​អ្នក​ណា​នឹង​អាច​​ទប់​ទល់​កម្លាំង​ភីស្ម​អ្នក​ឈ្នះ​គ្រប់​ទិស​នេះ​បាន ការ​ដ៏​នឿយ​ព្រួយ​ទទេ បង់​ជីវិត​ទៅ​ទទេ តស៊ូ​នឹង​កម៌​និយម​ទទេ ទាហ៊ាន​របស់​យើង​ឈាន​ជ័រ​ហុរ​ទទេ រាស្ត្រ​របស់​យើង​លះ​ជីវិត​ឲ្យ​យើង​ទទេ​ជាតិ​ទាំង​លាយ​បាន​លះ​បង់​ជីវិត​នឹង​លោហិត​របស់​គេ ដើម្បី​ឃើញ​ដល់​យើង​ក៏​ទេ ក្រិណ្ណ​អើយ​ខ្ញុំ​ទ្រាំ​មិន​បាន​ហើយ ចូល​ឈប់​ការ​កាប់​សម្លាប់​គ្នា​ដោយ​មិន​រើស​មុខ​ចុះ​ណា ហើយ​ក៏​នឹង​នាំ​គ្នា​ទៅ​នៅ​ព្រៃ​ម្ដង​ទៀត​ចុះ ។ កាល​ក្រោយ​ប្រឹក្សា​នឹង​ក្រិណ្ណ យុធុស្ឋិរ​បាន​ហៅ​ប្រជុំ​វេលា​​អាធាត្រ​ស្ងាត់​ ដើម្បី​នឹង​ចាត់​ការ​រឿង​នោះ​ឲ្យ​សាន​ត្រាន្ត ស្រេច​ការ​ប្រជុំ ទើប​ត្រាស់​ប្រើ​នាយ​ទាហ៊ាន​អ្នក​មុខ​អ្នក​ការ​ខាង​បាណ្ពព​ជា​ច្រើន​អ្នក​ឲ្យ​ទៅ​រក​ភីស្ម ទូល​អង្វរ​សុំ​មេត្តា​កុរុណា​ក្នុង​ការ​ដែល​នឹង​ស្លេះ​លើក​លែង​ធ្វើ​សង្គ្រាម​ត​ទៅ លោក​អ្នក​ចម្បាំង​បូរាណ បាន​បដិសន្ថារ​ទទាក់​ទទួល​ដោយ​សេចក្ដី​ករុណា​ប្រាណី​ជា​បំផុត​តែ​ត្រង់​រឿង​សុំ​សេចក្ដី​មេត្តា​ករុណា​នោះ គេ​ថ្លែង​តប​មក​​វិញ​ថា គេ​នៅ​មាន​ជីវិត​រស់​នៅ​ដ៏រាប​ណា នឹង​ស៊ូ​ច្បាំង​ដណញដើម​យក​ជ័យ​ឲ្យ​ទុរយោធន៍​ដរាប​នោះ គេ​បាន​ប្រណិធាន​ទុក​រឿង​នេះ​ជា​មាំ​មួន ជា​សំដី​អ្នក​ចម្បាំង គឺ​គេ​ប្រណិធាន​ទុក​ថា​នឹង​មិន​ច្បាំង​កាប់​សម្លាប់​សឹក​ដែល​ចាល​ចាញ់ ឬ​សឹក​ដែល​ញ?ម​ចុះ​ចាញ់ ឬ​អស់​កម្លាំង ឬ​ត្រូវ​អាវុធ ឬ​មាន​ជាតិ​កំណើត​ជា​ភេទ​ស្ត្រី ។ ពួក​អ្នក​មុខ​អ្នក​ការ​អំបាល​នោះ នាំ​គ្នា​ត្រឡប់​ទី​បន្ទាយ​វិញ ដោយ​សេចក្ដី​រីករាយ​សម​ប្រាថ្នា ប្រាប់​អរជុន​ថា ឥឡូវ​នេះ​មាន​ផ្លូវ​សង្ឃឹម​នឹង​មាន​ជ័យ​ហើយ ត្បិត​ភីស្ម​បាន​ប្រណិធាន​ទុក​ថា គេ​នឹង​មិន​ច្បាំង​នឹង​បុគ្គល​ភេទ​ជា​ស្រ្តី យើង​មាន​មនុស្ស​យ៉ាង​ដែល​ថា​នេះ​ម្នាក់ នៅ​ក្នុង​កង​ទាហ៊ាន​របស់​យើង លោក​យល់​ដូចម្ដេច​សិខណ្ឌិន សិខណ្ឌិន​គេ​កើត​មក​ជា​ភេទ​ស្ត្រី​ តែ​កាល​នៅ​ឡើយ បាន​ប្ដូរ​ភេទ​នឹង​យក្ស​មួយ ខ្លួន​គេ​ក៏​ក្លាយ​ជា​ភេទ​បុរស ដូច្នេះ​ចូល​ឲ្យ​សិខណ្ឌិន​នៅ​មុខ​នៃ​កង​ទ័ព​យើង ភីស្ម​ឃើញ​ក៏​គង់​ជា​ថយ​ទៅ ចោល​យើង​ទុក​នៅ​ឲ្យ​ជា​ម្ចាស់​ទីយុទ្ធភូមិ​ដោយ​មិន​តាំង​តោង​សង្ស័យ ។ អរជុន​កាល​បាន​ស្ដាប់​ពាក្យ​ប្រឹក្សា​នេះ ក៏​ក្រោធ​ហើយ​ស្រែក​ចេញ​មក​ខ្លាំង​ៗ​ថា អាម៉ាស់​មុខ​លោក​អឺយ អ្នក​ចម្បាំង​ដ៏​សុចរិត​ឯ​ណា​គេ​នឹង​បន្ទាប​ខ្លួន​ទៅ ធ្វើ​ការ​លួច​ល្បក់​ស្ងាត់​កំបាំង​ដុច្នេះ​ឬ​លាក់​សេចក្ដី​ក្លាហាន​ទុក​ក្រោយ​ស្ត្រី ឬ​កូន​ក្មេង យើង​ម្នាក់​ហើយ​​ជា​មិន​ព្រម​ច្បាំង​ដោយ​អាការ​កំឡាច​យ៉ាង​នេះ យក​ឧបាយ​យ៉ាង​មុខ​គួរ​អាម៉ាស់​មុខ ទៅ​ទំលាយ​ភីស្ម​អ្នក​រក​មន្ទិល​គ្មាន វិធី​កោង​នេះ​ធ្វើ​ឲ្យ​ខុច​កេរ្តិ៍​ឈ្មោះ​កិត្តិយស​របស់​យើង ។ ក្រិស្ណ​ក្រោក​ឈរ តប​អរជុន​ថា វា​ដល់​មិគ​សញ្ញី​ដោយ​ព្រហ្ម​លិខិត​ហើយ ថា​ថ្ងៃ​ស្ងែក​នេះ​ភីស្ម​នឹង​ដួល កាល​បើ​គេ​បាន​ច្បាំង​តស៊ូ​នឹង​​អ្នក​ដែល​កេ​ស្រឡាញ់ ដុចម្ដេច អរជុន​អើយ ទ្រង់​ក៏​តោង​ច្បាំង​តស៊ូ​នឹង​ញាតិ​របស់​ខ្លួន​ដូច្នោះ គេ​បាន​សំដែង​ឲ្យ​ទ្រង់​ឃើញ​ហើយ​តើ ក្សត្រ​អ្នក​ចម្បាំង​ត្រូវ​គ្រប់​មុខ​សព្វ​ទិស មិន​ថា​សត្រូវ​ដែល​ខ្លួន​ស្រឡាញ់ ឬ​សត្រូវ​ដែល​ខ្លួន​ស្អប់ តែ​លរ​មក​តោង​លេច​សង​ទៅ​វិញ ខ្ញុំ​សូម​ប្រាប់​ទ្រង់ វា​គ្មាន​បាបកម្ម​អ្វី​ត្រង់​ដែល​ឲ្យ​សិខណ្ឌិន​នាំ​កង​ទាហ៊ាន​របស់​យើង វេលា​ដែល​កើត គេ​កើត​ជា​អ្វី​ក៏​មក​តាម ឥឡូវ​នេះ​ជា​អ្នក​ចម្បាំង​ដូច​គ្នា​នឹង​ទ្រង់ ត្រូវ​តែ​ធ្វើ​ឲ្យ​នាទី​នោះ​បាន​ គ្មាន​ឧបាយ​កល​​យោបល់​កោង យ៉ាង​ដែល​ទ្រង់​នឹក​ក្រែង​នោះ​សោះ ។ កាល​បាន​ស្ដាប់​ពាក្យ​រំឭក​សតិ​ដុច្នោះ​ហើយ អរជុន​ក៏​ចេញ​ច្បាំង​ក្នុង​ថ្ងៃ​ទី ១០ មាន​សិខណ្ឌិន​ជា​អ្នក​នាំ​ទ័ព​នៃ​បាណ្ឌព​ទុរយោធន៍​កាល​ឃើញ​មេទ័ព​ថ្មី​នាំ​ទ័ព​យុធិស្ឋិរ ក៏​ព្យាយាម​អង្វរ​ភីស្ម​ម្ដង​ទៀត ដើម្បី​ឲ្យ​លះ​ដំណែង​មេទ័ព​ឲ្យ​កណ៌ ដោយ​ទ្រង់​យល់​ឃើញ​ថា ក្នុង​រាជការ​ទាហ៊ាន​ត្រូវ​តែ​ផ្លាស់​មេទ័ព​ជា​ដ៏រាប ទ្រង់​យល់​ឃើញ​ថា មេ​ទ័ព​តែ​ម្នាក់​នាំ​ទាហ៊ាន​ចេញ​ច្បាំង​រាល់​ៗ ថ្ងៃ មិន​ផ្លាស់​ខ្លះ​ដូច្នោះ ជា​ការ​ប្រាប់​សេចក្ដី​ខាត​ខ្វះ​មេទ័ព ដែល​ខ្លាំង​ពូកែ​ក្នុង​កង​ទ័ព​កុរុ ទ្រង់​ឃើញ​ថា ការ​ផ្លាស់​មេទ័ព​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សម្រើប​ចិត្ត​ពល​ទាហ៊ាន​ប៉ុណ្ណោះ នៅ​ធ្វើ​ពួក​សឹក​ញញើត​ថ្វី​ដៃ​មេទ័ព​ថ្មី​នោះ​ផង កាល​ទ្រង់​ឃើញ​ពួក​បាណ្ឌព​រើស​មេទ័ព​ថ្មី ទ្រង់​ក៏​ចង​ដំណើរ​តាម​យ៉ាង​គេ ទ្រង់​ឃើញ​ថា ដែល​ធ្វើ​ដូច្នោះ ជា​អាការ​សំដែង​ថា ទ្រង់​នៅ​មាន សេចក្ដី​មុខ​នឹង​សឹក ទើប​ទ្រង់​អង្វរ​ភីស្ម​ម្ដង​ទៀត ឲ្យ​ប្រគល់​ដំណែង​នោះ​ឲ្យ​កណ៌ តែ​ភីស្ម​ដាច់​អហំការ​ថា​ថ្ងៃ​នេះ នឹង​កម្រាប​ពួក​បាណ្ឌព​ឲ្យ​រាប​ទាល់​តែ​បាន ឬ​មិន​ទេ​ក៏​ស្លាប់​ក្នុង​ទី​យុទ្ធ​ភូមិ​ប៉ុណ្ណោះ កុំ​បាច់​រំខាន​ព្រះ​ហឫទ័យ​ទៅ​ឡើយ ការ​សម​ប្រាថ្នា របស់​​ព្រះ​អង្គ​នោះ​នៅ​មិន​ឆ្ងាយ​ទេ ។ ពោល​ពាក្យ​អំបាល​នេះ​ហើយ វីរបុរស​ជារា​ក៏​បរ​រថ​ស្ដា​ចេញ​ទៅ​ពោល​ឡក​ឡឺយ​ឲ្យ​អរជុន អ្នក​ចម្បាំង​ទាំង​ពីរ​ប្រាណ​ក៏​ចាប់​តស៊ូ​គ្នា​ដូច​បាយុ ក្បួន​សង្គ្រាម​ពី​កាល​ណា​មក​មិន​ដែល​មាន​ដូច​យ៉ាង​នេះ ភីស្ម​នឹង​ងរជុន ១ គូ​នេះ ជា​អ្នក​ចម្បាំង​ឯក រក​បុគ្គល​ប្រៀប​គ្មាន គេ​តស៊ូ​គ្នា​គ្រា​នេះ​បាន​បញ្ចេញ​ស្នៀត​គ្រប់​យ៉ាង មុខ​គួរ​មើល​ជា​បំផុត ពួក​ទាហ៊ាន​ទាំង​សង្ខាង​ជា​ច្រើន​ពាន់ នាំ​គ្នា​មក​ឈរ​ដំកង់​ជុំវិញ​ទី​នោះ ដើម្បី​មើល​ការ​តស៊ូ​រវាង​វីរបុរស​ទាំង​ពីរ ។ កាល​ការ​តស៊ូ​គ្នា​ដល់​កម្រិត​ជាន់​ខ្ពស់​បំផុត​ហើយ ខណ​នោះ​សិខណ្ឌិន​លេច​ធ្លោ​ចូល​មក​ព្រួត​វាយ​ភីស្ម​ពី​ខាង​ក្រោយ​ដោយ​មិន​ដឹង​ខ្លួន លុះ​ភីស្ម​ក្រឡេក​ទៅ​ឃើញ​ ក៏​រឮក​ឃើញ​ដល់​ពាក្យ​បដិញ្ញា​ដែល​ថា ​នឹង​មិន​ច្បាំង​តស៊ូ អ្នក​ដែល​កើត​មក​​ជា​ភេទ​ស្ត្រី កាល​រឭក​​ដល់​សំដី​នោះ​ហើយ ដៃ​របស់​គេ​ក៏​សម្រប​ចុះ​​ដង​ធ្នូ​ក៏​ធ្លាក់​ចុះ​អំពី​ដៃ ភីស្ម​វេលា​នោះ​បើ់​នឹង​ប្រៀប​ទៅ វិស័យ​ដូច​ដំបូក ខណ​នោះ​ស្រាប់​តែ​​កូន​សរ​របស់​អរជុន ក៏​រត់​ប្រសាច​មក​ចាក់​ដោត​រាង​កាយ​ភីស្ម​មុត​សុះ​សព្វ​អន្លើរ ទោះ​បី​ដូច្នោះ​ក្ដី​វីរបុរស​ជរា សក់​ស្កូវ​សរ​ព្រោង​ទាំង​សិរ ក៏​ឈរ​ចង្គ្រឹង​រឹង​ក្រអឺត​លើ​រថ​បីដូច​បព្វតា លោហិត​ហូរ​ស្រោច​អាត្មា ឥត​មាន​សំដែង​អាការ​ទុរុនទុរា យូរ​បន្តិច​ក៏​មាន​អាការ​ឲ្យ​ងងឹត​មុខ តែ​សម្លឹង​ក៏​ឈរ​ខ្ជាប់​នឹង​កន្លែង ក្នុង​ទី​បំផុត​គេ​ដឹង​ខ្លួន​ថា ការ​ប្រឹង​របស់​គេ​ឈ្មោះ​ថា បាន​ប្រឹង​ប្រែង​ហើយ ការ​ប្រឹង​ប្រែង​យក​កេរ្តិ៍​ឈ្មោះ​ជាតិ​អ្នក​យុទ្ធនា​ទុក​របស់​គេ ដល់​ទី​បំផុត​ប៉ុណ្ណោះ​ហើយ គេ​ក៏​ដួល​ចុះ​កណ្ដាល​ស្នាម​យុទ្ធនា ដួល​យ៉ាហ​ក្សត្រិយ៍​ជាតិ​អ្នក​ចម្បាំង​តាំង​តែ​ចូល​កាន់​ស្នាម​យុទ្ធ​តស៊ូ​សឹក​សង្គ្រាម​គ្មាន​ល្ហែរ រហូត​ដល់​ទី​បំផុត​នេះ ឥត​មាន​ថ្ងូរ​ឥត​មាន​ដក​ដណ្ហើម​ធំ ទាំង​មិន​ព្រម​ឲ្យ​អ្នក​ណា​ដក​ព្រួញ​ធ្នូ​ដែល​ដោយ​នឹង​ខ្លួន​ច្រុង​ច្រាង​នោះ​ចេញ ថ្មម​ទុក​តោង​ពូក​គ្រែ​រង​កាយ​គ្រា​ដេក ។ ភីស្ម​កំពូល​ពល ដេក​ទាំង​ព្រួញ​ធ្នូ​ស្កះ​យ៉ាង​នេះ ក្នុង​ទី​យុទ្ធភូមិ ព្រះ​សុរិយន​ក៏ទន់​ទាប​បិទ​បាំង​បព្វតា ដួង​តារា​ក៏​រឿង​រះ​ព្រាង​ព្រាយ​ក្នុង​អម្ពរ បញ្ចេញ​រស្មី​ត្រជាក់​ទន់​ៗ មក​សម្ផស្ស​មុខ ដ៏​ស្រស់​របស់​លោក​មេទ័ព​ដែល​ដួល​នោះ ។ អ្នក​ចម្បាំង​ជរា​ដេក​យ៉ាង​សង្ហារ ព្រម​ដោយ​យស​នឹង​បរិវារ​គ្មាន​យក​ចិត្ត​ទៅ​ចាប់​នឹង​សេចក្ដី​ឈឺ​ រោល​រាល​ក្នុង​កាយ​ជា​អារម្មណ៍​សោះ បាន​សន្ធនា​ប្រាស្រ័យ​រីករាយ​នឹង​អ្នក​ទាំង​ពួង​ដែល​ទៅ​ចោម​រោម​ជុំ​ខ្លួន ដើម្បី​សំដែង​សេចក្ដី​សោក​ស្រណោះ​អ្នក​កាន់​ទុក្ខ​ទាំង​ពួង រួម​ទាំង​អរជុន​និង​យុធិស្ឋិរ ក៏​រាប់​ចូល​ក្នុង​ចំនួន​នោះ​ដែរ ទុរយោធន៍​ព្រម​ទាំង​បង​ប្អូន​របស់​ព្រះ​អង្គ បាន​ស្ដេច​ប្រញាប់​មក​កាន់​ទី​នោះ សន្សិម​ៗ​ចូល​ទៅ​ប្រថាប់​ខាង​អ្នក​ចម្បាំង​ដែល​ដួល ដួល​តែ​មិន​ទាន់​ស្លាប់ ។ ភីស្ម​ប្រាស្រ័យ​រីក​រាយ​នឹង​ទុរយោធន៍​មុន ព្រោះ​ព្រះ​ហឫទ័យ​កង្វល់​បលិពោធ​នឹក​តែ​ទុរយោធន៍​ប៉ុណ្ណោះ​ជាង​គេ ទ្រង់​ឲ្យ​ឱវាទ​ទុរយោធន៍​ជា​ច្រើន​យ៉ាង​ដោយ​តម្រិះ​ថា បច្ឆិម​វាចារ​របស់​គេ​ក្នុង​​បំផុត​នេះ ប្រហែល​ជា​ធ្វើ​ឲ្យ​ចាប់​ចិត្ត​ចាប់​ថ្លើម​ដ៏​រឹង​រុស​របស់​ទុរយោធន៍ ជាង​ដែល​ហើយ​មក​ហើយ ទើប​ថ្លែង​សុន្ទរកថា​ថា ចុរ​ស្ដាប់​ពាក្យ​ខ្ញុំ​ក្នុង​កាល​ឥឡូវ​នេះ ទុរយោធន៍​អឺយ ចូល​ស្ដាប់​ពាក្យ​បណ្ដាំ​មុន​ស្លាប់​របស់​ញាតិ​អ្នក​ភក្ដី ថា​បើ​ទ្រង់​នៅ​មាន​ព្រះ​ហឫទ័យ​សំវេគ​វេទនា​ខ្លះ​ដែរ​សោត ក៏​ចូល​ឲ្យ​លើក​លែង​កាប់​សម្លាប់​ពពួក​ញាតិ​ដោយ​ដៃ​របស់​ខ្លួន​ខ្លួន​នេះ​ចេញ កុរុ​ខត្តិរាជ​អឺយ ចូរ​ទុក​ជីវិត​បណ្ដា​ក្សត្រិយ៍​អ្នក​ក្លាហាន​ដែល​ជាប់​តាម​ព្រះ​អង្គ​មក​ក្នុង​រាជការ​កម្រាល​សិក​សង្គ្រាម ក្នុង​យាម​សុខ​និង​យាម​ទុក្ខ កុំ​ឲ្យ​ជាតិ​កុរុ​ដ៏​ក្លាហាន​នេះ​សាប​សូន្យ​ទៅ​ឡើយ ចូរ​បង្វឹល​អាណាចក្រ​ឥន្ទ្រ​បថ​ដ៏​ជា​របស់​ដ៏​ជា​របស់​គេ​ដោយ​យុត្តិធម៌​នោះ ឲ្យ​ដល់​យុធិស្ឋិរ​អ្នក​ទ្រង់​សីល​បរិសុទ្ធ នឹង​ទ្រង់​ស័ត្យ​រក​ទី​ទំនៀល​មិន​បាន​វិញ​ទៅ សុំ​ឲ្យ​ពួក​កុរុ​នឹង​បាណ្ឌុវ​នៅ​ជា​សុខ នឹង​ជា​មិត្រ​ភាព​ផង​គ្នា​មួយ​គ្រា​ទៀត​ចុះ នេះ​ជា​ពាក្យ​សុំ​គ្រា​ទី​បំផុត​របស់​ខ្ញុំ ។ ទុរយោធន៍​មាន​សេចក្ដី​សំវេគ​វេទនា​​អាណិត​លោក​មេទ័ព​អ្នក​ទៀប​មរណ​នេះ​ណាស់​ណា​តែ​បច្ឆិម​វាចារ​របស់​លោក​មេទ័ព​នោះ​ជា​អសារ​ឥត​ការ ក្នុង​កមហឫទ័យ​ទុរយោធន៍​មិន​ទទួល​អើ​ឲ្យ​ផង ព្រះ​ហឫទ័យ​ទ្រង់​បង្អោន​ទៅ តែ​ក្នុង​ការ​លាង​ពួក​បាណ្ឌព​ឲ្យ​រលីង​ទៅ ហើយ​នឹង​កោង​រិប​យក​អាណា​ចក្រ​របស់​គេ​ហេតុ​ដូច្នោះ ទ្រង់​តាំង​ព្រះ​ហឫទ័យ​នឹង​ធ្វើ​សង្គ្រាម​ត​ទៅ ស៊ូ​ទាល់​សល់​ទាហ៊ាន​តែ​ម្នាក់​កាន់​ធ្នូ​ស៊ូ​អរិរាជ​សត្រូវ​ទើប​ឈប់ ។ ខណ​នោះ កណ៌​ក៏​ចុរ​មក​រក​វិរបុរស​អ្នក​ទៀប​មរណ កណ៌​មិន​ចូល​ចិត្ត​នឹង​ភិស្ម នឹក​ឫស្យា​តម្រិះ​​វិជ្ជា​ដ៏​វិសេស​របស់​គេ​នឹង​តំណែង​យស​សក្តិ​ដ៏​ខ្បស់​ដែល​គេ​ស្ដី​ក្នុង​វេលា​នេះ ខណ​ដែល​លោក​មេទ័ព​ជរា​ដេក​ចាំ​ទទួល​មច្ចុរាជ គូ​សត្រូវ​ចាស់​ក៏​ភ្លេច​រឿង​ប្រកួត​អួត​ឫទ្ធិ៍​គ្នា បាន​មក​សំដែង​ពាក្យ​លា​នឹង​មេត្តា​ចិត្ត សន្សិម​ៗ​ចូល​មក​ដើម្បី​មិន​ឲ្យ​ខ្ទាំង​ខ្ទប់​ចិត្ត​លោក​​មេទ័ព ភីស្ម​បាន​ឮ​សូរ​ជើង​ដើរ​ក៏​ហៅ​ឲ្យ​ចូល​មក​ជិត​ខ្លួន និយាយ​យ៉ាង​ផ្អែម​ល្ហែម​ទឹក​សំដី​ពេញ​ទៅ​ដោយ​ស្នេហា​ប្រាណី​ថា " យើង​ធ្លាប់​ជា​អ្នក​ប្រកួត​គ្នា​តាំង​តែ​កាល​ណា​ៗ មក​ហើយ ឫស្យា​សតិ​បញ្ញា នឹង​កិត្តិយស​កេរ្តិ៍​ឈ្មោះ​របស់​គ្នា​នៅ​គ្នា នឹង​បំណង​តែ​យក​ជីវិត​គ្នា​ជា​និច្ច ក្នុង​វេលា​នេះ សុំ​អហោសិកម្ម​ឈប់​ឫស្យា​ព្យាបាទ​អាឃាត​គ្នា​ចុះ​ណា យើង​មាន​សេចក្ដី ១​ខរ ដែល​នឹង​បច្ចេញ​ឲ្យ​អ្នក​ស្ដាប់ តែ​យើង​ក្រែង​ជីវិត​​របស់​យើង​ផុត​ទៅ​​មុន​សេចក្ដី​ចប់ តែ​ទោះបី​ម្ដេច​ក្ដី ក៏​និយាយ​សេចក្ដី​ស្ងាត់​កំបាំង​របស់​អ្នក ដែល​ខ្ញុំ​បិទ​បាំង​មក​យូរ​ហើយ អរជុន​នេះ​មិន​មែន​អ្នក​ខ្លាំង​ពូកែ​ជាង​អ្នក តែ​យ៉ាង​ឯង​ណា​និមួយ​ទេ គេ​មិន​ទន់​ជាង​អ្នក​ក្នុង​វិជ្ជា​ចម្បាំង ឬ​សក្តិ​ត្រកូល​ក៏​មិន​ខ្ពង់​ខ្ពស់​ជាង​អ្នក ព្រោះ​អ្នក​ក៏​ជា​ជារិ​ក្សត្រិយ៍​ជាប់​ខ្សែ​ហោហិត​ជា​មួយ​គ្នា​នឹង​គេ អ្នក​ឯង​ឱរស​ព្រះ​នាង​កុន្តី នឹង​សូរ្យទេព កាល​ព្រះ​នាង​ប្រសូត្រ​អ្នក​មក​ ខណ​ព្រះ​នាង​នៅ​ក្រមុំ សូរ្យទេព​ជា​ជនករ​របស់​អ្នក កាល​នៅ​ជា​កុមារ​នោះ​គេ​យក​អ្នក​ទៅ​ចោល​លើ​ផែន​ថ្ម ដើម្បី​ឲ្យ​ស្លាប់​បង់ ដើម្បី​នឹង​ចៀសចាក​សេចក្ដី​អាម៉ាស់​មុខ​នៃ​មាតា​របស់​អ្នក​គ្រា​នោះ​មាន​នាយ​សារថិ​ម្នាក់​បាន​ទៅ​ប្រទះ​ក៏រើស​យក​ខ្លួន​ទៅ​ផ្ទះ​ចិញ្ចឹម​ជា​បុត្រ​របស់​គេ​មក​ដូច្នេះ អរជុន​ក៏​ជា​បង​ប្អូន​របស់​អ្នក​ឯង ឯ​សង្គ្រាម​ដែល​ធ្វើ​វេលា​នេះ ជា​សង្គ្រាម​រវាង​វង្ស​ញាតិ​យើង​នឹង​ឯង នេះ​ជា​ការ​មិន​គប្បី អំពី​នេះ​ទៅ​ធុរ​របស់​អ្នក​ដែល​នឹង​គប្បី​នាំ​សង្គ្រាម​ទៅ​កាន់​សេចក្ដី​ចប់​ស្រេច​អស់​ទៅដោយ​ឆាប់ " ។ កណ៌​ភ្ញាក់​ខ្លួន ដោយ​ដែល​ភីស្ម​បើក​សេចក្ដី​ស្ងាត់​​កំបាំង​នៃ​ជាតិ​កំណើត​របស់​ខ្លួន តែ​មាន​សេចក្ដី​អំណរ​ក្នុង​ត្រង់​ខរ​ដែល​ថា គេ​ជា​កូន​នាយ​សាថិ​ត្រកូល​ថោក​ទាប​នោះ មិន​ពិត​ទៅ​ហើយ​សំឡេង​ដំនៀល​អស់​នេះ នឹង​គ្មាន​ត​ទៅ តែ​អន់​ចិត្ត​ត្រង់​ដែល​តោង​រាប់​អរជុន​ជា​បង​ប្អូន​ក្នុង​ពពួក​មនុស្ស​ក្នុង​សកលលោក​នេះ​អរជុន​ជា​អ្នក​ចម្បាំង​ដែល​គេ​កន្រ្ទិសឫស្យា​ស្អប់​បំផុត អរជុន​ជា​សឹក​សត្រូវ​នឹង​គ្នា ដែល​គេ​ចង់​តែ​ក្រញិច​ឲ្យ​ខ្តេច​បាត់​ទៅ តាំង​តែ​នៅ​កុមារ​តូច ចូល​ប្រលង​រះ​អាវុធ​គ្នា គេ​មាន​សេចក្ដី​ឫស្យា​អរជុន​ច្រើន ទើប​កើត​ចា​សេចក្ដី​បំណង​​ដោយ​ចំពោះ នឹង​កាច់​គូ​សត្រូវ​នេះ ឲ្យ​រាប​ទាល់​តែ​បាន ព្រោះ​ហេតុ​នោះ​ពាក្យ​ភីស្ម​ដែល​សុំ​ឲ្យ​គេ​នាំ​សង្គ្រាម​ទៅ​កាន់​សេចក្ដី​ចប់​ស្រេច​អស់​ទៅ នោះ​ចូល​ទៅ​សម្ផស្ស​ហឫទ័យ​កណ៌​តិច​ណាស់ ស្មើ​នឹង​ដែល​សម្ផស្សហឫទ័យ​ទុរយោធន៍​ដូច្នោះ ។ ភីស្ម​ផ្ទំ​ទាំង​ព្រួញ​ធ្នូ​ស្កះ​ខ្លួន​យ៉ាង​ព្រងើយ មាន​អ្នក​យាម​រក្សា​ការ​ជុំវិញ រង់ចាំ​ដល់​វេលា​របស់​គេ​នឹង​ដំណើរ​ទៅ​តាម​យថាកម្ម ។ អាស្រ័យ​ការ​បង្វឹក​បង្ហាត់​ចិត្ត​របស់​គេ បាន​យ៉ាង​អស្ចារ្យ​លោក​មេទ័ព​អ្នក​គ្មាន​បាន បាន​រង​វេលា​ស្លាប់​ឲ្យ​យូរ​ទៅ​ដល់​ថ្ងៃ​ពេញបូរណ៌មី​ខាង​មុខ កាល​ដល់​អភិលក្ខិតកាល​នោះ លោក​មេទ័ព​សម្ងម​សម្ងាត់​ បង្អោន​ចិត្ត​ដ៏​ក្លាហាន​របស់​គេ​ថ្វាយ​ព្រះ​ជា​ម្ចាស់​អ្នក​ទ្រង់​សាង​មក ។ ខាង​ពួក​កោរព បាន​ហៅ​ប្រជុំប្រឹក្សា​ការ​សង្គ្រាម​ម្ដង​ទៀត​ក្នុង​ប្រជុំ​គ្រា​នេះ គេ​បាន​រើស​យក​លោក​អាចារ្យ ទោណ ជា​មេទ័ព​កុរុ​ជំនួស​ភីស្ម ពួក​បាណ្ឌព​បាន​ដឹង​ដំណឹង​នេះ ក៏​ភ័យ​ហេតុ​ថា ទោណ​ជា​អាចារ្យ​របស់​គេ គេ​ឃើញ​បាបកម្ម​ក្នុង​ការ​ដែល​ធ្វើ​សង្គ្រាម​តស៊ូ​នឹង​គ្រូ ព្រោះ​រាង​កាយ​របស់​គ្រូ​នោះ ក្នុង​សម័យ​ឥណ្ឌា​បូរាណ រាប់​អាន​ថា​ជា​របស់​សក្តិ​សិទ្ធិ៍​ធ្វើ​ប្រទុស្ត​មិន​បាន ។


ឯកសារយោង កែប្រែ

សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម

តំនភ្ជាប់ក្រៅ កែប្រែ

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត