រឿងមហាភារតយុទ្ធ ភាគទី៧៖ការនិរទេសបាណ្ឌវក្សត្រិយ៍

បាណ្ឌវ​ក្សត្រិយ៍ បង​ប្អូន​ទាំង​ប្រាំ​អង្គ ព្រម​ដោយ​ទ្រៅបទី​ទេវី ត្រូវ​គេ​និរទេស​ចាក​ភារា ក៏​ស្ដេច​នាំ​គ្នា​លីលា​ចាក​ក្រុង​សន្សឹម ៗ ទៅ​បែរ​ព្រះ​ភក្ដ្រ​ឆ្ពោះ​សំដៅ​អារញ្ញ​ប្រទេស​ដែន​ព្រៃ ព្រះ​ភក្ដ្រ​ស្លក់​ស្លាំង ព្រះ​ឱស​ស្ងួត​ក្រៀម ព្រះ​នេត្រ​អាប់​ឥត​រស្មី អ្នក​ដែល​ប្រទះ​ឃើញ​ស្ដេច​តាម​ផ្លូវ តាម​ព្រៃ ក៏​ដក​ដង្ហើម​ធំ​រាល់ ៗ គ្នា ស្ដេច​នាំ​គ្នា​យាត្រា​តត្រុក​ទៅ​មិន​មាន​ចរចា ហាក់​ដូចជា​ថា បើ​ព្រះ​ឱស្ឋ​ចេញ​ទៅ​សោត ក្រែង​ហួស​កម្លាំង ហឫទ័យ​នឹង​ទទួល​ទ្រាំ​ទ្រ​បាន នៅ​វេលា​មួយ​នោះ ទើប​មួយ​អង្គ​ក្នុង​ពួក​នោះ មាន​បន្ទូល​ចេញ​មក​ថា អរជុន​ក្នុង​រវាង​នេះ​ទៅ​ទល់​នឹង​វេលា​ដែល​ខ្ញុំ​បាន​ឃើញ​ក្បាល​ទុរយោជន៍​ដោត​នៅ​ចុង​ព្រះ​សែង​ធួន​នេះ ខ្ញុំ​នឹង​មិន​បាន​នូវ​សេចក្ដី​ស្ងប់​នឹង​សុខ​ជា​ដាច់​ខាត ។ សហទេព ក៏​គិត​ឃើញ​ប្រហែល​គ្នា ទើប​ឆ្លើយ​ឆ្លង​សំដី​ប្រណិធាន​របស់​ខ្លួន​ទៅ​ថា ខ្ញុំ​នឹង​មិន​តម្លោះ​ធ្នូ​នេះ ត្រា​តែ​ព្រួញ​ធ្នូ​នេះ​បាន​ស៊ី​សាច់​ផឹក​ឈាម អាចោរ​កំណាច អម្បាល​នោះ​ជា​មុន​សិន ។ អង្គ​ទី​បួន នឹក​ក្ដៅ​ក្នុង​ព្រះ​ហឫទ័យ​ណាស់ ចង់​ពោល​ពាក្យ​សម្បថ​ទុក​ជា​ច្រើន​យ៉ាង ទើប​លើក​ព្រះ​ហស្ថ​ដ៏​មាំ​ឡើង​ពោល​ថា ដៃ​នេះ​នឹង​មិន​សម្រាក​ឲ្យ​សប្បាយ ត្រា​តែ​លាង​អា​ពួក​កំណាច​ចិត្ត​ទមិឡ ឲ្យ​រលីង​ទៅ​អំពី​ផែន​ធរណី ។ ចំណែក​ឯ​យុធិស្ឋិរ មិន​ត្រាស់​ថា​ដូចម្ដេច​ឡើយ ដាក់​ព្រះ​ភក្ដ្រ​ស្រងូត ខណៈ​ដែល​អនុភាព​តាំង​សេចក្ដី​បំណង​ទុក​ផ្សេង ៗ គ្នា ព្រះ​អាការ​មើល​ទៅ​ស្រងូត ពេញ​ទៅ​ដោយ​សេចក្ដី​ជញ្ជឹង​ដូចជា​មិន​ដឹង​ជា​មាន​ហេតុ​ការណ៍​អ្វី​ខាង​ក្រៅ ចំពោះ​ដឹង​តែ​ហេតុ​ក្នុង​ចិត្ត​ប៉ុណ្ណោះ ស្ដេច​ដំណើរ​ទៅ​តាម​មាគ៌ា ព្រះ​សិរ​ឱន​ក្រងុល​រុល​តែ​ទៅ​មុខ​នឹង​ក្រឡេក​មើល​នាយ​អាយ​សោះ ព្រះ​ភក្ដ្រ​ជោក​ទៅ​ដោយ​អស្សុជល យូរ ៗ ក៏​ដក​ដង្ហើម​ធំ​ម្ដង ។ ឯ​ទ្រៅបទី​ទេវី​សោត មើល​ទៅ​មុខ​គួរ​អាសូរ​ជាង​ស្ដេច​ប្រុស ៗ អស់​នោះ នាង​ទ្រង់​សំពត់​អំបោះ មិន​ទ្រង់​សំពត់​អំបោះ និង​ទ្រង់​សំពត់​ព្រែ​ដូច​ស្ដេច​ស្រី​ក្នុង​ព្រះ​នគរ ព្រះ​កេសា​របស់​នាង​វែង​សំយាក​លើ​ស្មា​ព្រះ​នេត្រា​គយ​គន់​មើល​តែ​ទៅ​ដី មិន​ងើប​ងើយ​ងាក​មើល​ទៅ​ទី​ដទៃ ហាក់បី​ដូចជា​ថា សេចក្ដី​អាម៉ាស់​មុខ​ដែល​នាង​បាន​ទទួល​មក​សង្កត់​ព្រះ​ហឫទ័យ​មិន​អាច​នឹង​មើល​ទៅ​ទី​ដទៃ​បាន តែ​ខំ​មើល​ក៏​នឹង​ទ្វេ​ចំនួន​ច្រើន​ឡើង ។ នាង​ដើរ​ហាល​កំដៅ​ថ្ងៃ​ជា​រាល់​ទិវា ឥត​មាន​វេលា​ណា​ដែល​ហៅ​ស្រួល ត្រូវ​តែ​កំដៅ​សូរ្យ​រង្សី​គ្មាន​អ្វី​បិទបាំង​ព្រះ​សិរ ឲ្យ​ស្រន់​អក់​ក្ដៅ​ក្នុង​អង្គ ភក្ដ្រ​ផង់​របស់​នាង​ត្រូវ​ខ្យល់​បក់​បោក​មក​តាម​ផ្លូវ ក៏​ក្រៀម​ក្រស់​អស់​រាសី លុះ​ចូល​វេលា​សន្ធិយា​រាត្រី​កាល​ណា ទឹក​សន្សើម​ក៏​ធ្លាក់​បំព្រំ​បី​ដូចជា​ស្រប់​ស្រោច​ភក្ដ្រ​នាង ហូរ​ហៀរ​រហាម​លាយ​គ្នា​នឹង​អស្សុជល​ធារា នាង​ខំ​យាត្រា​តាម​ព្រះ​ភស្ដា​មុខ​គួរ​វេទនា​មា​ល្បាយ ។ ដើរ​ផ្លូវ​ទៅ​គ្រា​នោះ កាល​កន្លង​ទៅ​ក៏​ច្រើន​ទិវា​រាត្រី​ក្នុង​ទី​បំផុត ក៏​បាន​ដល់​ព្រៃ​ធំ ១ ឈ្មោះ​ថា កនកវ័ន ក្នុង​ព្រៃ​នោះ​ងងឹត​ណាស់​ណា នាំ​ឲ្យ​ទ្រង់​សម្គាល់​ទៅ​ថា យប់​សន្ធិយា​មក​ដល់​ឆាប់​ខុស​ប្រក្រតី ដើម​ប្រឹក្សា​ក្នុង​ព្រៃ​នោះ​ដុះ​ដិត​ជិត​គ្នា កម្រ​ព្រាន​ព្រៃ​ណា​នឹង​ជ្រៀត​ជើង​ចូល​ទៅ​បាន នរណា​មួយ​ឈាន​ចូល​ទៅ​ហើយ ដែល​មិន​ត្រូវ​បន្លា​មុត - ធ្ពក់ ឬ​ប៉ាស់​នឹង​ដើម​ឈើ​នោះ​គ្មាន​ដែល​លំបាក​ជាង​នេះ​ទៅ​ទៀត ក៏​គឺ​ផ្លូវ​ក្នុង​ព្រៃ​នោះ​ពេញ​ទៅ​ដោយ​ដុំ​ថ្ម ធំ​តូច​រដិប​រដុប​ទំគិច ជំពុប​ប៉ះ​ព្រះ​បាទ​ក្សត្រិយ៍ បង​ប្អូន​អម្បាល​នោះ​រហូត​ទៅ ជួន​កាល​ជជ្រុល​ជជ្រក​បោក​ប៉ះ​ទៅ​លើ​ឈើ លើ​ថ្ម ជួន​កាល​ក៏​ភ្លាត់​ធ្លាក់​ទៅ​ក្នុង​ជង្ហុក ព្រះ​បាទ​ដែល​ទន់​ត្រសូល​រាល់ ៗ អង្គ ក៏​ដាច់​ដោច​រលាត់​ជាំ​ដាំ​ខ្ទេចខ្ទី​មិន​មាន​ទី​ស្រួល​ត្រង់​ណា ទោះបី​ម៉្លោះ​ក្ដី ព្រៃ​ធំ​ត្រឈៃ​នោះ​បាន​ជាទី​អាស្រ័យ​ម្លប់​មួយ​យ៉ាង​មិន​ត្រូវ​កំដៅ​ថ្ងៃ​ចែងចាំង ព្រោះ​បាំង​ទៅ​ដោយ​ស្លឹក​ឈើ​តែ​ទាំង​ពីរ​យ៉ាង កម្រ​នឹង​វិនិច្ឆ័យ​ទៅ​ថា​យ៉ាង​ណា​លំបាក​ជាង​យ៉ាង​ណា ព្រោះ​កំដៅ​ថ្ងៃ​ក៏​ដុត​កំដៅ​កាយ​ឲ្យ​ក្រៀមក្រស់​អាប់​អស់​រាសី បន្លា​សោត​ក៏​មុត​ធ្ពក់​រលាត់​ដាច់​សាច់​ចេញ​ឈាម ។ ទី​នោះ​តែ​ព្រលប់​ព្រិល ៗ ក៏​ងងឹត​ដូចជា​យប់​ជ្រៅ​ទៅ​ហើយ រាត្រី​សត្វ​ក៏​ចេញ​ចាក​អំពី​ទី​លំនៅ​យាស​យំ​ទ្រហឹង តាម​ភេទ​ភាសា គោចរ​រក​ស៊ី​លក្នុង​ព្រៃ​ធំ​សំ​សាន បាណ្ឌវ​ក្សត្រិយ៍​ត្រូវ​គេ​និរទេស​ចាក​និវេសន៍​វាំង​ជ័យ តោង​ដើរ​ព្រៃ​មក​ដល់​ត្រង់​នេះ តោង​ប្រទះ​នឹង​ភ័យ​ក្នុង​ព្រៃ​មុខ​គួរ​ស្ញែង​នេះ​ម្ដង​ទៀត ត្រង់​ផ្លាស់​ប្ដូរ​គ្នា​ទៅ​ចាំ​យាម ប្រយ័ត្ន​ការ​អន្តរាយ​ឲ្យ​រាល់ ៗ អង្គ មាន​វេលា​ផ្ទំ​សម្រាក​ព្រះ​កាយ​បាន​មួយ​ស្របក់ ៗ មួយ​អង្គ​គ្រាន់​មាន​កម្លាំង​នឹង​ចេញ​ដើរ​ទៅ​ពី​ព្រលឹម ផ្ទំ​បន្តិច​បន្តួច​យ៉ាង​គេ​រត់​ភ័យ​បាន​ធ្វើ​រត្តិ​សម័យ​ឲ្យ​កន្លង​ទៅ​រហូត​ដល់​ភ្លឺ​ដោយ​ប្រការ​ដូច​នេះ ។ លុះ​ព្រឹក​ឡើង បាណ្ឌវ​ក្សត្រិយ៍​នៅ​និទ្រា​នៅ​ឡើយ ព្រោះ​ក្នុង​អរញ្ញ​ប្រទេស​នោះ​ងងឹត​សូន្យ​សុង គ្មាន​ពន្លឺ​លេច​ចូល​ទៅ​ប្រាប់​ម៉ោង​វេលា មិន​ឃើញ​ខែ​មិន​ឃើញ​ផ្កាយ ជា​គ្រឿង​សម្គាល់​ឲ្យ​ដឹង​រាត្រី​កាល ថា​គោចរ​ទៅ​ហើយ​បាន​ប៉ុណ្ណេះ​ប៉ុណ្ណោះ​ យាម​ប៉ុណ្ណេះ​យាម​ប៉ុណ្ណោះ​នាឡិកា សង្កេត​ដឹង​បាន​តែ​ដោយ​អាស្រ័យ​សម្លេង​សត្វ​ព្រៃ បាណ្ឌវ​ក្សត្រិយ៍​ដើរ​ដេក​នៅ​ក្នុង​ព្រៃ​នកវ័ន​នោះ ទំរាំ​តែ​លេច​ចេញ​វាល​ក៏​ច្រើន​ទិវា​រាត្រី​តែ​ជា​ប៉ុន្មាន​យប់​ប៉ុន្មាន​ថ្ងៃ​ទ្រង់​ចាំ​មិន​បាន ព្រោះ​នឿយ​យ៉ាក​លំបាក​ព្រះ​កាយ​ពល​ដោយ​ត្រេច​វិលវល់​ក្នុង​ព្រឹក្ស​ព្រៃ​អស់​កម្លាំង​ល្ហិតល្ហៃ ព្រះ​ហឫទ័យ​ស្ញុល​ទៅ​តាម​គ្នា ទាល់​តែ​ភ្លេច​គិត​នឹក​ដល់​រឿង​ថ្ងៃ-ខែ​ដែល​កន្លង​ទៅ ដែល​ចាំ​បាន​ខ្លះ​ក៏​ស្រពិច​ស្រពិល ។ ថ្ងៃ​នោះ ទ្រង់​តើន​ឡើង​ហើយ ក៏​នាំ​គ្នា​ដើរ​ឆ្ពោះ​សំដៅ​ទៅ​ទិស​លើ មាន​មួយ​ថ្ងៃ​នោះ ក៏​ទៅ​ដល់​ជាយ​ព្រៃ ទៅ​ដល់​ដោយ​មិន​ទាន់​ដឹង​ខ្លួន បាន​ឃើញ​ពន្លឺ​ឆ្លុះ​មក​ខាង​មុខ​ក្នុង​រយៈ​ឆ្ងាយ​ប្រហែល​គ្នា​នឹង​ពន្លឺ​ដែល​ឆ្លុះ​ចូល​ទៅ​ក្នុង​អណ្ដូង​ដ៏​ជ្រៅ ទ្រង់​មាន​សេចក្ដី​សង្ឃឹម និង​ធូរ​ក្នុង​ហឫទ័យ​តែ​រាល់ ៗ អង្គ ក៏​នាំ​គ្នា​រូត​រះ​ដើរ​សំដៅ​ទៅ​ត្រង់​ពន្លឺ​នោះ មួយ​ស្របក់​ក៏​ចេញ​ផុត​អំពី​ព្រៃ​ធំ ទៅ​ដល់​ទី​ដែល​ឃើញ​ពន្លឺ​អំពី​ចម្ងាយ ទី​នោះ​ជា​ទី​វាល​ខ្សាច់​ធំ ឥត​មាន​ព្រឹក្សា​សូម្បី​មួយ​ដើម​ដុះ​នៅ​ទី​នោះ​សោះ​ឡើយ ការ​ដែល​នឹង​ដើរ​កាត់​វាល​ខ្សាច់​ទៅ​នោះ ជា​ការ​លំបាក​មិន​តិច នឹង​ទៅ​បាន​ក៏​តែ​សត្វ​ឱដ្ឋ​ដែល​ជា​សត្វ​ធន់ធា សម្រាប់​បាណ្ឌវ​ក្សត្រិយ៍ ឃើញ​ជា​លំបាក​ជាង​ដើរ​រុករុល​ក្នុង​ព្រៃ​ទាំង​ដប់​ភាគ​ជា​ប្រាកដ ព្រោះ​ថា​ទ្រង់​មាន​រាង​កាយ​ទន់​ល្វេងល្វើយ​ស្បើយ​កម្លាំង​ដោយ​ដើរ​ផ្លូវ​មក​ជា​យូរ​ថ្ងៃ​ណាស់​ហើយ កំដៅ​ថ្ងៃ​សោត​ក៏​ក្ដៅ​ដល់​ទី​នឹង​ដាក់​ជើង​សម្ផស្ស​ដី​ស្ទើរ​ពុំ​បាន លំបាក​ជាង​ដើរ​ក្នុង​ព្រៃ​ទាំង​ដប់​ភាគ ពន្លឺ​ព្រះ​អាទិត្យ​ដែល​ចាំង​មក​ត្រូវ​គ្រួស ឬ​ថ្ម​តូច ៗ ក៏​បែង​ចែក​ជា​រស្មី​ឆ្លុះ​ព្រាត ៗ ចាំង​ចូល​ក្នុង​ចក្ខុ​បីដូច​ជា​កញ្ចក់​ត្រូវ​រស្មី​ព្រះ​អាទិត្យ ធ្វើ​ឲ្យ​ងងឹត​ព្រិល​ដើរ​ពុំ​បាន សេចក្ដី​ក្ដៅ​ធ្វើ​ឲ្យ​ស្ងួត​ក​ស្រេក​ទឹក ឯ​រឿង​ទឹក​ផឹក​ក្នុង​ទី​នោះ​ក៏​រក​គ្មាន​ឃើញ​ទំនង​ថា​និង​មាន​ត្រង់​ណា​សោះ​ឡើយ ទ្រង់​សម្គាល់​ក្នុង​ព្រះ​ហឫទ័យ​ថា មុខ​ជា​នឹង​ដួល​ដាច់​ខ្យល់​ស្លាប់ ក្នុង​កណ្ដាល​វាល​នោះ​ជា​មិន​ខាន ព្រោះ​អស់​ព្រះ​កាយ​ពល​ល្ហិតល្ហៃ​ពេញ​បន្ទុក​មក​ហើយ ក្រែង​នឹង​លើក​ជើង​ឈាន​ដើរ​ទៅ​ទៀត​ពុំ​រួច ដើម​ព្រៃ​ព្រឹក្សា​រ៉ុយ ៗ ដែល​មាន​នៅ​ទៀប​ទី​នោះ​សោត ក៏​មិន​ជា​ទី​ត្រជាក់​ដូច​ក្នុង​ព្រៃ​ធំ ព្រះ​ពាយ​បក់​បោក​ដោយ​ទាំង​កំដៅ​ថ្ងៃ មក​ប៉ះ​ពាល់​ភក្ដ្រ​ស្ងួត​ក្រៀម ក៏​រឹប​វឹប​តែ​ក្រំ​ក្រៀម​ស្ងៀម​ណាស់​ទៅ​ទៀត ទោះ​បី​ម៉្លោះ​ក្ដី​ទ្រង់​ក៏​បបួល​បង​ប្អូន​ព្យាយាម​ដើរ​ឆ្លង​វាល​ខ្សាច់ ឬ​ហៅថា ទន្លេ​ខ្សាច់​ទៅ​ទាល់​តែ​ព្រលប់​ទៀប​យប់​អស្ដង្គត វេលា​នោះ​ទ្រង់​បាន​ឃើញ​អាស្រម​មួយ​ខ្នង​តូច មាន​ព្រៃ​ឈើ​នឹង​ស្រះ​ទឹក​ថ្លា​នៅ​ជា​ខាង​កើត​ជាទី​ត្រជាក់​ត្រជុំ​សប្បាយ ល្មម​នឹង​បំបាត់​ទុក្ខ​វេទនា​ដែល​នឿយ​ព្រួយ​មក​តាម​មាគ៌ា​បាន​ខ្លះ ទើប​ទ្រង់​ដើរ​ចូល​ទៅ​កាន់​ទី​នោះ​សំចត​នៅ​ក្នុង​អាស្រម នឹង​អាស្រ័យ​ទឹក​នៅ​ក្នុង​ស្រះ​នោះ​គ្រាន់​នឹង​រក្សា​ជីវិត​ទុក ១ គ្រា​សិន ។ អាស្រម​នោះ តាំង​នៅ​ក្នុង​ញក​ភ្នំ​ហិមាល័យ បាណ្ឌវ​ក្សត្រិយ៍​តាំង​ព្រះ​ហឫទ័យ​នឹង​អាស្រ័យ​នៅ​ក្នុង​អាស្រម​នេះ​រហូត​កាល ១២ ឆ្នាំ តាម​កំណត់​និរទេស មាន​ភ្នំ​បែប​ជា​បរិវារ​ព័ទ្ធ​ជុំ​វិញ ពាស​ពេញ​ទៅ​ដោយ​ប្រឹក្សា​លតា​ជាតិ​ផ្សេង ៗ ជា​ដង្គុម​ត្រសុំ​ត្រសាយ​សាខា ជា​រយ៉ា​រំយោល​យោង​យោន​មាន​ទាំង​ស៊ុំ​ទ្រុម​គុម្ព​ឈើ​ស្លឹក​ជិត​ងងឹត​សូន្យ​សុង មុខ​គួរ​ខ្លាច​ព្រឺព្រួច ព្រៃ​នោះ​ឯង​ធម្មជាតិ​តាក់តែង​ឡើង ដូច​នេះ មិន​ដែល​មាន​នរណា​អាច​ឈាន​ជើង​ចូល​ទៅ​កាប់​កាត់​ឈើ​ព្រៃ​នោះ​សោះ​ឡើយ តាំង​ពី​ណា ៗ មក​ហើយ មិន​ដែល​ឮ​សម្លេង​មនុស្ស​ណា​មួយ ដើរ​ចូល​ទៅ​វីវរ​ក្នុង​មហា​វ័ន​នោះ​ដល់​ម្ដង​ឡើយ​រាល់ ៗ រដូវ ព្រៃ​ព្រឹក្សា​នោះ​ចេះ​តែ​លូត​លាស់​ខៀវ​ស្រស់​ជា​ធម្មតា គួរ​ជាទី​ទស្សនា​នៃ​អ្នក​ដែល​បាន​ទៅ​យង់​យល់ ឬ​ម្យ៉ាង​វិញ​ទៀត គួរ​ហៅថា​ជា​ទី​ត្រជាក់​ភ្នែក ក្នុង​គិម្ហរដូវ​ក៏​មិន​សុវ​ក្ដៅ​ពេក ក្នុង​ហេមន្ត​រដូវ​ក៏​មិន​សូវ​រងារ​ណាស់ តែ​យក​ស្រួល​បំផុត​ក្នុង​វស្សន្ត​រដូវ​ត្រូវ​ភ្លៀង​ធ្លាក់​ជាទី​ត្រេជាក់​ត្រជំ​ជាង​រដូវ​ទាំង​ពួង មេឃ​មីរ​បិទ​បាំង​សូរិយាកាស រមែង​ឲ្យ​កើត​ស្រទំ​ស្រទន់​ត្រជាក់​អាកាស​ធាតុ ទាំង​ម្លប់​ដោយ​ស្លឹក​ព្រៃ​ព្រឹក្សា​ជាតិ​អំបាល​នោះ​បាំង​ខាំង​ខណ្ឌ​មួយ​ជាន់​ទៀត ក៏​រីត​តែ​ធ្វើ​ឲ្យ​ត្រជាក់​ផែន​ពសុធា មាន​ទាំង​សន្សើម​នឹង​ទឹក​ភ្លៀង​ធ្លាក់​រៀង ៗ រ៉ុយ ៗ ប្រប្រុយ​ចុះ​មក ប្រស់​ព្រំ​លើ​គុម្ព​ឈើ​តូច​ធំ​ទាំងឡាយ ត្រិណ​ជាតិ​បាន​ទទួល​សេចក្ដី​ត្រជាក់​ត្រជុំ​នៃ​ធម្មជាតិ ក៏​លូត​លាស់​ខៀវ​ស្រស់​ងងឹត​ដាស​ទៅ​ទាំង​ផ្ទៃ​ធរណី មើល​ទៅ​គួរ​ជាទី​ទស្សនា កល់​បីដូច​ជា​ព្រំ​ចៀម​ធំ​ដែល​បុគ្គល​យក​ទៅ​ក្រាល​ទុក​នៅ​ទី​នោះ មាន​ទាំង​ហ្វូង​សត្វ​ចតុប្បាទ​យំគឹក​កង​រំពង​ព្រៃ ច្រឡំ​លាយ​ទៅ​ដោយ​សម្លេង​បក្សី​យំ​ច្រេវ​ច្រាវ​អឹង​អាប់​ទាំង​ផែន​វនាល័យ ពន់​ពី​នោះ​មាន​ទាំង​ជ្រលង​ដង​អូរ ទឹក​ហូរ​ចុះ​ទៅ​តាម​ចន្លោះ​ថ្ម ឮ​សន្ធឹក​ឈូ ៗ ឆរ ៗ ដោយ​អន្លើ ៗ ទី​ខ្លះ​ក៏​ហូរ​ចាក់​ទៅ​ប៉ះ​លើ​ផែន​សិលា​ខ្ទាត​គ្រាប់​ប្រប្រុយ​ហុយ​ជា​ផ្សែង ជួន​កាល​ហូរ​ប៉ះ​ទៅ​លើ​ផែន​ថ្ម ហើយ​ហូរ​ចូល​ទៅ​ភ្លាំង ៗ ភ្លុង ៗ ច្រស់​ខូង​ជា​អន្លង់​និង​រអាង ផុត​ពី​នោះ​ទៅ​ក៏​ហូរ​សាច​រាច​ជ្រួត​ជ្រាប​ទៅ​តាម​គុម្ព​ឈើ គល់​ព្រឹក្សា​ទាំងឡាយ​សម្រាប់​ជប់​លៀង​ព្រឹក្សា​លតា​ជាតិ​ទាំង​ពួង ឲ្យ​ល្អ​ខៀវ​ស្រស់​ជានិច្ច​រាល់​រដូវ​កាល ន័យ​ថា​ព្រៃ​នោះ​ជាទី​អាស្រ័យ​នៅ​នៃ​ទេពារ្ហស​ទាំងឡាយ ជួន​កាល​មើល​ទៅ​ប្រហែល​ហាក់​ភាព​ចម្លង​នៃ​និរយ​ភូមិ​ជា​ពន្លឹក មុខ​គួរ​ព្រឺ​ព្រួច​ក្នុង​កោមល​ហឫទ័យ ។ ទី​បំផុត​នៃ​ការ​ដើរ​ព្រៃ​នៃ​បាណ្ឌវ​ក្សត្រិយ៍ ក៏​ឈប់​ត្រឹម​នេះ​ឃើញ​សម​គួរ​តាម​កំណត់​ការ​សញ្ញា​និរទេស​ហើយ បាណ្ឌវ​ក្សត្រិយ៍​បាន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​នោះ ១២ ឆ្នាំ ពេញ​តាម​កម្រិត​អាស្រ័យ​ផ្លែ​ឈើ មើល​ឈើ បន្លែ​ព្រៃ​នឹង​សាច់​សត្វ ដែល​ទ្រង់​ថ្លែង​សរ​បាន​មក​ជា​អាហារ​ចិញ្ចឹម​ជីវិត ។ នា​ថ្ងៃ ១ នោះ​ក្នុង​រវាង​ដែល​នៅ​ព្រៃ អរជុន​ភ្នក​នឹក​ដល់​រឿង​ដើម ទើប​និយាយ​ចេញ​មក​ថា ខ្ញុំ​នៅ​មាន​សេចក្ដី​ឆ្ងល់​ថា មនុស្ស​ណា​មួយ​នឹង​មាន​សេចក្ដី​ក្រំ​ក្រៀម ទុក្ខ​ទ្រម​ដូច​យ៉ាង​ខ្ញុំ​ខ្លះ យើង​ព្រាត់​ព្រាក​ចាក​ព្រះ​នគរ ចាក​សម្បត្តិ នឹង​គណ​ញាតិ​តូច​ធំ​ទាំងឡាយ រាល់ ៗ ថ្ងៃ​ដែល​កន្លង​ទៅ មាន​តែ​ទ្វេ​សេចក្ដី​សោក​សៅ​របស់​យើង​ឲ្យ​ពេញ​ពោរ​ឡើង បីដូច​ជា​ថា​ចេះ​តែ​មន្ថែម​ទុក្ខ​សោក​មក​លើ​យើង​ឲ្យ​ព្រៀប​ជានិច្ច​និរន្តរ៍ កាល​នាង​ទ្រៅបទី​ទេវី​ចូល​មក​ក្នុង​ប្រជុំ ហើយ​ត្រូវ​គេ​ចាប់​សម្រាត​សំពត់​នាង​ផ្ចាញ់​ផ្ចាល​ឲ្យ​យើង​អាម៉ាស់​មុខ​អ្នក​តូច​អ្នក​ធំ​ទាំង​ពួង ការ​ប្រមាទ​មើល​ងាយ​គ្នា​ក្នុង​ទី​ប្រជុំ​ជន​ដូច​នេះ ឈ្មោះ​ថា​ប្រមាទ​ដោយ​ក្លាហាន ហួស​ចិត្ត​ស្ត្រី​ដែល​ពេញ​ទៅ​ដោយ​សេចក្ដី​អៀន​ខ្មាស​នឹង​ទប់​ទល់​បាន យ៉ាង​ទេវី​នឹង​ទ្រាំ​បាន​ឬ អើ​ម្ដេច​គ្រា​នោះ ខ្ញុំ​ក៏​មិន​ក្របែល​អាពួក​កំណាច​អស់​នោះ​ឲ្យ​ខ្ទេច​ទៅ​តែ​អនិច្ចា ទាល់​តែ​ស្មើ​នេះ​មក​ហើយ នឹង​ទៅ​រាវ​រក​យក​រឿង​ដែល​កន្លង​ទៅ​ហើយ​មក​និយាយ តើ​នឹង​មាន​ប្រយោជន៍​អ្វី ។ ភីម បាន​ឮ​ដូច​នោះ​ទើប​និយាយ​ផង​ថា មិន​តែ​ប៉ុណ្ណោះ ក្ដារ​ដែល​លេង​គ្នា​គ្រា​ក្រោយ​បំផុត​នោះ មិន​តែ​ធ្វើ​វិចរណ​របស់​យើង​ឲ្យ​ងងឹត​ទៅ​ប៉ុណ្ណោះ វា​ធ្វើ​ទាំង​ចក្ខុ​របស់​យើង​ឲ្យ​ងងឹត​ទៅ​ផង ក្នុង​ខណៈ​នោះ​យើង​ឃើញ​ផល​អាក្រក់​បាន​ក្រឡែត ៗ យើង​ក៏​នៅ​តែ​ភ្នាល់​នឹង​គេ ទាល់​តែ​បោះ​ធេង​រលីង​ដូចជា​គជ ឥឡូវ​នេះ​នឹង​ជា​ប្រយោជន៍​អី ដែល​មក​យំ​ស្ដាយ​ទឹក​ដោះ​ដែល​កំពប់​អស់​ទៅ​ហើយ​។ អើ ក៏​កាល​ខត្តិយ​រាជ​លើក​លែង​ត្រង់​សច្ច និង​ធម្ម ហើយ​ទៅ​ប្រព្រឹត្ត​ក្នុង​បទ​ដែល​វិន័យ​ហាម​មិន​ឲ្យ​ប្រតិបត្តិ ក៏​បាន​ឈ្មោះ​ថា ទ្រង់​លើក​លែង​ជា​ក្សត្រិយ៍​គ្រង​រាជ្យ កម៌​ប្រកាស​មក​ថា រាជ​សម្បត្តិ និង​រាជ​អាណា​ចក្រ​នៃ​ខត្តិយ​រាជ​នោះ រមែង​ត្រូវ​គេ​រឹប​យក​ខ្លួន​ខត្តិយ​រាជ​នោះ ៗ សោត​ក៏​រមែង​អានុភាព​នោះ​ធ្វើ​ទោស​ឲ្យ​ត្រង់​ជីវិត​ដោយ​បទ​សន្ដោស មាន​អាការ​ដូចជា​អ្នក​ទោស​ដែល​លោក​នរទេស ឲ្យ​ទៅ​នៅ​ព្រៃ​ព្រោះ​ហេតុ​តែ​ល្បែង​ខ​ត្រង់​នេះ​ក្នុង​ព្រះ​គម្ពីរ​របស់​យើង ពោល​ទុក​ថា ការ​លេង​ភ្នាល់​ជា​ការ​បាប​មិន​ដូច​នោះ​ឬ ឥឡូវ​យើង​បាន​ទទួល​វិបាក សម​តាម​គម្ពីរ​ពោល​ទុក​មែន​ឬ​ទេ យើង​ខូច​ព្រះ​នគរ​ខូច​ឥស្សរភាព ខូច​សព្វ​សារពើ​គង់​នៅ​តែ​ជីវិត​ដែល​រក​កិត្តិយស​គ្មាន​សោះ​ប៉ុណ្ណោះ យើង​ទៅ​អួត​ភ្នាល់​នឹង​គេ​មិន​មាន​គិត​អស់​ប៉ុន្មាន​អស់​ទៅ ចេះ​តែ​កើប​កោយ​ចាក់​ទៅ​ទាល់​រលីង​ក្រើង ហ្នឹង​គឺ​សេចក្ដី​ឆ្កួត​របស់​យើង មិន​មែន​ឬ ឥឡូវ​យើង​ជាប់​នៅ​ក្នុង​ផុក​ផុង​ហើយ មិន​មែន​ឬ តែ​ជា​រឿង​ដែល​កន្លង​ទៅ​ហើយ មិន​គួរ​និង​នាំ​មក​នីយាយ​ថ្វី ឲ្យ​តែ​វា​បែក​ពពុះ​មាត់​ឥត​អំពើរ យើង​ធ្វើ​ខ្លួន​យើង​មិន​ស្រួល​ឯង ឲ្យ​មនុស្ស​ទាំង​លោក​សើច​ឡក​ឡឺយ​បាន ៗ បន្ទាប​ខ្លួន​ចូល​ទៅ​លេង​ស្កា ទាល់​តែ​ចាញ់​អស់​ទ្រព្យ​ធមធាន ហើយ​មិន​ស្កប់ ថែម​ទាំង​ព្រម​ឲ្យ​គេ​និរទេស​ខ្លួន​ព្រោះ​ល្បែង​នោះ​ទៀត​ផង ខ​សញ្ញា​ការ​និរទេស​ពួក​យើង​នេះ វា​ធ្ងន់​ខ្លួន​ពេក​ណាស់ ចង​រឹត​យើង​មាំ​ពេក​រើ​ខ្លួន​មិន​រួច ស្មើ​ដូចជា​ឲ្យ​ទៅ​ស្លាប់​ក៏​ថា​បាន ។ នកុល កាល​បាន​ស្ដាប់​ភីម អភិប្រាយ​សព្វ ៗ ក៏​ទ្រង់​ព្រះ​កន្សែង​ដោយ​មក​រំពឹង​ដល់​ហេតុ​ការណ៍​ទៅ​ខាង​មុខ ដែល​នឹង​ត្រូវ​បាន​ប្រសព្វ​ក្នុង​ថ្ងៃ​ត ៗ ទៅ ទ្រង់​ឈឺ​ចិត្ត​ជា​បំផុត ទើប​មាន​បន្ទូល​ថា ឱ​គ្រា​គ្រោះ​ថ្នាក់​វិបត្តិ​សាត់​មក​ដល់​បុរស​ឯ​ណា​និមួយ​ឃុំ​សតិ​ទុក​បាន នឹង​ចោល​ទូក​ដែល​កំពុង​លិច​មុន​របស់​ដទៃ តែ​នោះ​វា​អស់​ផ្លូវ​តែ​ខៃ​ហេតុការណ៍​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ហើយ វៀរ​លែង​តែ​សាច់​របស់​គេ ។ សហ​ទេព​ថែម​មក​ទៀត​ថា ឱ​ព្រះ សម្លេង​ដែល​ទ្រៅបទី​ថ្ងូរ​ក្នុង​បន្ទប់​ប្រជុំ​រដ្ឋ​មន្ត្រី​នោះ វា​ឮ​ជាប់​ត្រចៀក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​ទេវី​ត្រាស់​ត្រូវ​ច្បាប់​ហើយ ព្រះ​រាជ​ស្វាមី​របស់​នាង ធ្លាក់​ទៅ​ក្នុង​ឋានៈ​ជា​ទាសាហើយ រមែង​គ្មាន​អំណាច​តាម​ផ្លូវ​ច្បាប់​ដែល​នឹង​លក់​នាង ឬ​នឹង​យក​នាង​ទៅ​ដាក់​ភ្នាល់ ម្ដេច​យើង​មិន​លើក​ច្បាប់​ត្រង់​នេះ​ឡើង​ជជែក ហើយ​សុំ​ឲ្យ​ការ​ដំណើរ​ទៅ​តាម​នោះ តែ​គ្រា​នោះ​កំពុង​ជ្រួល ទាំង​គេ​ទាំង​ឯង​ប្រហែល​ជា​គ្មាន​នរណា​ទាន់​នឹក​ឃើញ វរ​តែ​ទៅ​គិត​អាណិត​នាង​តែ​រាល់​គ្នា អ្នក​តូច​អ្នក​ធំ​បណ្ដា​ដែល​នៅ​ក្នុង​ទី​ប្រជុំ​នោះ​ជា​ច្រើន អត់​មិន​បាន​នាំ​គ្នា​ទឹក​ភ្នែក​ទៅ​តាម ៗ គ្នា វៀរ​លែង​តែ​ទុយោជន៍​ប៉ុណ្ណោះ ខ្ញុំ​ចង់​ដឹង​ណាស់​ចិត្ត​ថ្លើម​វា​ដូច​ម្ដេច​ហ្ន៎ ។ យុធិស្ឋិរ អង្គុយ​ស្ដាប់​អនុជន​ទាំង​បួន​សន្តនា​គ្នា​រហូត​មក​ដល់​វេលា​នេះ ដោយ​មិន​ចង់​យល់​ទាស់ តែ​អត់​មិន​បាន​ទើប​ពោល​ជា​ផ្លូវ​ប្រលោម​ចិត្ត​ប្អូន​ថា កុំ​ណា៎ កុំ​តូច​ចិត្ត​ទៅ​ថ្វី យើង​បាន​ស្បត់​ទុក​ហើយ​ថា នឹង​ធ្វើ​ការ​កែ​កំហឹង​វិញ​ត្រា​តែ​បាន ក្នុង​ថាន​នេះ​ក្សត្រិយ៍ យើង​ត្រូវ​តែ​បដិបត្តិ​បការ​ឲ្យ​សម​ដែល​បាន​ប្រណិធាន​ទុក​រាល់​មាត់ ទាំង​នេះ​ព្រោះ​កម្ម​របស់​យើង ៗ តោង​ទទួល​សោយ​ទុក្ខ​វេទនា​អំបាល​នេះ យើង​នឹង​គេច​ចៀស​ទៅ​ណា​ក៏​មិន​រួច របស់​ដែល​ត្រូវ​វិប័ត្ត ក៏​ត្រូវ​តែ​វិប៍ត្ត របស់​ដែល​វិប័ត្ត​ហើយ​សោត ក៏​វប័ត្ត​រូច​ទៅ​ហើយ មុខងារ​របស់​យើង​វេលា​នេះ​មាន​តែ​ចៀស​វាង​ភ័យ ពឹង​ពួន​មុខ​ទៅ​តាម​ខ​សញ្ញា​បន្តិច​ទៀត​ប៉ុណ្ណោះ សេចក្ដី​លំបាក​តោក​យ៉ាក​របស់​យើង ក៏​ស្បើយ​អស់​ហើយ ។ ខ​សញ្ញា ដែល​បាណ្ឌវ​ក្សត្រិយ៍​ត្រូវ​បដិបត្តិ​វេលា​នេះ ឈ្មោះ​ថា​អស់​ហើយ នៅ​តែ​ត្រង់​លាក់​ខ្លួន​ពួន​ភ័យ រក្សា​ខ្លួន​ទុក​ឲ្យ​បាន លុះ​គិត​ឃើញ​ដូច​នោះ​ហើយ បាណ្ឌវ​ភាតា ក៏​នាំ​គ្នា​ផ្លាស់​ទី​កន្លែង​រឿយ​ទៅ ចេញ​ចាក​ទី​នេះ ទៅ​កាន់​ទី​នោះ​ដូចជា​មនុស្ស​កំសត់​ដើរ​ដេក​ព្រៃ​ក៏​ប្រហែល​គ្នា ការ​ដែល​ត្រេច​ពនេចរ​ទៅ​ដូច​នេះ រមែង​មាន​ភ័យ​ជុំវិញ​ខ្លួន រមែង​នឿយ​លំបាក​កាយ​ជា​ធម្មតា ព្រោះ​មាន​សភាព​ដ៏​ជា​ធម្មតា​របស់​កាយ តែង​អន្ទោល​ទៅ​តាម​កាយ នឹង​ចៀស​វាងផុត​ទៅ​មិន​បាន គឺ​ត្រូវ​កំដៅ​ថ្ងៃ សេចក្ដី​ក្រហល់​ក្រហាយ​ស្រេក​ទឹក​ឃ្លាន​អាហារ សេចក្ដី​នឿយ​ព្រួយ​ព្រះ​កាយ​ពល ព្រះ​បាទ​ដែល​ធ្លាប់​តែ​ទន់​ត្រសូល ក៏​ទៅ​ជា​ក្រស់​ក្រិន​ពុល​ពង​បន្លា​មុត ជំពប់​ប៉ះ​បែក​ចេញ​លោហិត របស់​អំបាល​នេះ​ជា​ទុក្ខ​វេទនា រាល់​គ្រា​ដែល​ទ្រង់​នាំ​គ្នា​សញ្ចរ​ពី​ត្រង់​នេះ​ទៅ​ត្រង់​ណោះ ។ វា​មួយ​នោះ ទ្រង់​យក​អាវុធ​សម្រាប់​អង្គ ទៅ​លាក់​ទុក​លើ​មែក​ឈើ ហើយ​នាំ​គ្នា​ចូល​ទៅ​កាន់​ក្រុង​វិរាជ ដើម្បី​នឹង​លាក់​ខ្លួន​ពួន​ពឹង​អាត្មា​នៅ​ក្នុង​ក្រុង​នោះ ឲ្យ​ផុត​ភ័យន្តរាយ ព្រោះ​ហេតុ​ថា តាម​ខ​សញ្ញា​ការ​និរទេស បញ្ញត្តិ​ទុក​ថា បើ​ពួក​គោរព​ទៅ​ប្រទះ​ឃើញ​ខ្លួន​ក្នុង​រវាង​សន្យា​នេះ​សោត ពួក​បាណ្ឌវ​តោង​ត្រឡប់​ទៅ​ដើរ​ព្រៃ​ជា​ថ្មី​វិញ ១២ ឆ្នាំ​ទៀត ខ​ត្រង់​នេះ​ពួក​បាណ្ឌវ​ត្រូវ​បតិបត្តិ​និង​ប្រយ័ត្ន​អង្គ​ឲ្យ​មែនទែន​តាម​ការ ។

ឯកសារយោង កែប្រែ

សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម

តំនភ្ជាប់ក្រៅ កែប្រែ

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត