រឿងមហាភារតយុទ្ធ ភាគទី៩៖ពួកកុរុចូលជាន់ដែនវិរាដ

ក្នុង​រវាង​ឆ្នាំ​ទី​បំផុត​នៃ​ការ​និរទេស​បាណ្ឌវ​ក្សត្រិយ៍ ទុរយោជន៍​បាន​ព្យាយាម​ស៊ើប​រក ទី​សំណាក់​ពាក់​ពួន​លាក់​ខ្លួន​ពួក​បាណ្ឌវ​ជានិច្ច ចំណែក​ឯ​បាណ្ឌវ​ក្សត្រិយ៍​ក៏​ពឹង​ពួន​លាក់​ខ្លួន​យ៉ាង​សុខុម គ្មាន​អ្នក​ណា​ដឹង​ដំណឹង​ឬ​ឮ​រហើប​រហាយ​សោះ​ដូច​ប្រាកដ​ហើយ​ខាង​ដើម គ្រប់ ៗ ពួក​កង​ក្រវែល​ដែល​ទុរយោជន៍​ប្រើ​ទៅ​ឲ្យ​ក្រវែល​ស៊ើប​រក​ដំណឹង​នោះ បាន​ត្រឡប់​វិល​ទៅ​វិញ​ដោយ​ប្រាស​ចាក​ផល​ដែល​បំណង​ប៉ង​ទុក ទៅ​ថ្លែង​ការណ៍​ថ្វាយ​ទុរយោជន៍​ថា ពួក​គេ​បាន​ខ្មី​ឃ្មាត​ចេញ​ទៅ​ស៊ើប​រក​ខ្លួន​គ្រប់​កន្លែង​ដែល​មនុស្ស​អាស្រ័យ​នៅ និង​ក្នុង​ដែន​ដង​ព្រៃ​រហោ​ឋាន​មិន​បាន​ប្រទះ​យុធិស្ឋិរ ឬ​គ្រាន់​តែ​ឮ​ដំណឹង​រសិប​រសៀប​សោះ ទុរយោជន៍​ទ្រង់​សម្គាល់​ថា សត្វ​សាហាវ​ក្នុង​ព្រៃ​គង់​ខាំ​ស៊ីបាណ្ឌវ​ក្សត្រិយ៍​ទាំង​ប្រាំ​ទៅ​ហើយ ព្រោះ​ពួក​ដែល​ត្រូវ​និរទេស​ចាក​និវេស​ស្ថាន​ទៅ​ដើរ​ព្រៃ មិន​ដែល​រួច​ពី​ខ្លា​ខាំ​ស៊ី ទុរយោជន៍​រឹត​តែ​ជឿ ហើយ​ទុក​ចិត្ត​ជា​ខ្លាំង​ឡើង​រាល់​វេលា​ថា ពួក​បាណ្ឌវ​គ្មាន​ខ្លួន​ហើយ ទាំង​នេះ​ព្រោះ​ព្រះ​ហឫទ័យ​របស់​ទ្រង់​ប្រាថ្នា​តែ​ឲ្យ​គូ​បដិបក្ស​សូន្យ​ទៅ​អំពី​ផែនដី ទើប​ស្រូត​ទុក​ដាក់​ឲ្យ​ទៅ​ជា​ដូច​នេះ​ដូច​នោះ​ជា​មុន​ឯ​ទោណ​អាចារ្យ គ្មាន​ចិត្ត​ព្យាបាទ​បំណង​ស៊ី​សាច់​ច្របាច់​ឈាម​ដូច​នោះ​ទេ ទាំង​ភីស្ម ដែល​មាន​ព្រះ​កេសា​ស្កូវ​ព្រោង ក៏​ដូច​គ្នា មិន​ទ្រង់​ជឿ​សោះ​ថា​បាណ្ឌវ​ក្សត្រិយ៍​អស់​ព្រះ​ជន្ម ព្រះ​អង្គ​មាន​ព្រះ​ជន្មាយុ​កាល ៨០ ឆ្នាំ​ហើយ កិច្ចការ​ទាំង​ពួង​ទ្រង់​ត្រិះ​រិះ​រក​ហេតុ​ផល​ឲ្យ​ឃើញ​ជាក់​ស្ដែង​សព្វ​គ្រប់ ទើប​បញ្ចេញ​វាចា​ក្នុង​រឿង​នេះ ក៏​ទ្រង់​រំឭក​ថា កុំ​អាល​សន្និដ្ឋាន​ដោយ​រួស​រាន់​ហួស​ទៅ ទ្រង់​ទុក​ព្រះ​ហឫទ័យ​ថា ពួក​បាណ្ឌវ​កាល​នោះ ក៏​ឈ្មោះ​ថា​មាន​ពួក​ច្រើន​នៅ​ក្នុង​ខ្លួន​សត្វ​សាហាវ​យង់ឃ្នង មិនមែន​មក​ប្រឡង​រិទ្ធិ​ពាធា​យាយី​បាន​ដោយ​ងាយ ៗ ទេ ទ្រង់​អាច​តស៊ូ​មនុស្ស​ឬ​សត្វ​សាហាវ​រាប់​ដោយ​ចំនួន​រយ​ពាន់ នាយ​ខ្មាន់​ធ្នូ​យ៉ាង​អរជុន​ជឿ​ថា គង់​ជា​មិន​ត្រូវ​សឹក​លបប្រទុស្តរាយ​បាន ព្រះ​ហឫទ័យ​ភីស្ម ទ្រង់​ព្រួយ​តែ​ទុរយោជន៍​វិញ ក្រែង​សត្រូវ​លប​វាយ​បាន ដោយ​មិន​ដឹង​ខ្លួន ព្រោះ​មក​ប្រមាទ​ជឿ​ថា សត្វ​សាហាវ​ខាំ​បាណ្ឌវ​ក្សត្រិយ៍​ស្លាប់​បង់​ហើយ ក្រិបាចារ្យ និង​ភីស្ម គេ​មិន​បាន​សំងំ​ទុក​តែ​ក្នុង​ចិត្ត កាល​ទុរយោជន៍​ត្រាស់​សួរ​រឿង​នេះ ក៏​ក្រាប​ទូល​មូល​មតិ​តាម​ត្រង់ ៗ ចំពោះ​ព្រះ​ភក្ដ្រ​ថា ៖

ទូល​ព្រះ​បង្គំ​មាន​សេចក្ដី​កង្វល់​អំពល់​ចិត្ត គិត​ដល់​រឿង​និរាស​ភ័យ​នៃ​ព្រះ​អង្គ​ពន់ពេក មិន​សូវ​ជា​ទៅ​នឹក​ដល់​បាណ្ឌវ​ក្សត្រិយ៍​ដែល​ជឿ​ថា​ប្រាស​ចាក​ភ័យ មាន​ជីវិត​រស់​នៅ​ដល់​សព្វ​ថ្ងៃ​នោះ​ទេ ព្រះ​ករុណា ព្រោះ​ទោះបី​អាក្រក់​ល្អ ក៏​ជា​រឿង​របស់​គេ ក៏​ឥឡូវ​ឆ្នាំ​ទី ១៣ នៃ​ការ​និរទេស​ទៀប​នឹង​អស់​ហើយ គួរ​តែ​ព្រះ​អង្គ​ព្យាយាម​ផ្សះ​ផ្សារ​ការ​បាក់​បែក​គ្នា​ជា​យូរ​ឆ្នាំ​ហើយ​នេះ ឲ្យ​ដាច់​ស្រេច​ទៅ នឹង​បាន​ជា​ផ្លូវ​សុខ​កាយ​សប្បាយ​ចិត្ត មិន​តោង​ភ្ញាក់​ផ្អើល​តទៅ មិន​ដូច​នោះ​នឹង ..... តែ​ទូល​ព្រះ​បង្គំ​ក្រែង​ព្រះ​ហឫទ័យ​ដែល​នឹង​ក្រាប​ទូល​រឿង​ពិត ដែល​វា​និង​មក​ផ្ដាច់​ជីវិត​យក​ទៅ​ក្នុង​ថ្ងៃ​ឯ​ណា​នីមួយ​ក្នុង​វេលា​ក្រោយ ។ ចារបុរស1 ដែល​ទុរយោជន៍​ប្រើ​ឲ្យ​ទៅ​ស៊ើប បាន​សេចក្ដី​ល្អិត​ល្អ​មក​ហើយ តែ​កាល​ឃើញ​ថា ខ្លួន​ប្រកែក​នឹង​គេ​មិន​រួច ទើប​ក្រាប​ទូល​ថា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​បាន​ពត៌មាន​ដ៏​ល្អ គួរ​នឹង​នាំ​មក​ក្រាប​ទូល​ឲ្យ​ទ្រង់​ជ្រាប យុធិស្ឋិរ​អស់​ព្រះ​ជន្ម​ហើយ​ជា​ប្រាកដ នៅ​មាន​ពត៌មាន​ល្អ​ជាង​នោះ​ទៀត គឺ​កិច្ចក​កុមារ ប្អូន​ថ្លៃ​ព្រះ​ចៅ​វិរាដ ក៏​ស្លាប់​ដោយ​ដៃ​មនុស្ស​កំណាច​ប្រហារ​បង់​ហើយ ទូល​ព្រះ​បង្គំ​ត្រេកអរ​នឹង​សង្ឃឹម​ទុក​ថា មិន​ប៉ុន្មាន​ថ្ងៃ ទង់ជ័យ​នៃ​ពួកកោរព​ដ៏​ថ្កើង​រិទ្ធិ នឹង​ទៅ​ប្រតិស្ឋាន​លើ​កំពូល​ប្រាសាទ ព្រះ​ចៅ​វិរាដ​រលាស់​កន្ទុយ​យ៉ាង​រំភើយ ។ ទុរយោជន៍​នឹក​ញញឹម​ប្រប្រិម​ក្នុង​កមល​ហឫទ័យ ដូច​យ៉ាង​កូន​ក្មេង​កំពុង​ពេញ​ពាល ត្រាស់​ឲ្យ​រៀប​កងទ័ព​ត្រៀម​ទុក​ដើម្បី​នឹង​លើក​ទៅ​វាយ​ក្រុង​វិរាដ ឲ្យ​សព្វ​គ្រប់​ព្រម​ទាំង​ទាហាន​ទាំង​គ្រឿង​យុទ្ធ​ភ័ណ្ឌ ។ ត​មក​ពីរ​បី​វេលា កង​ទ័ព​កុរុ​មាន​សុសរម័ន អ្នក​ក្លៀវក្លា​រឹងរិទ្ធិ​ក្រៃក្រៀង​ហ៊ាន​ជា​មេ​ទ័ព បាន​លើក​ទ័ព​យាត្រា​ត្រង់​ទៅ​ក្រុង​វិរាដ សុទ្ធ​តែ​កងទ័ព​ដែល​បាន​តាក់តែង​យ៉ាង​ឯក​គ្រប់​ប្រការ ចាត់​យ៉ាង​ផ្ចិត​ផ្ចង់​តាំង​ពី​ផែនទី​សម្រាប់​ដើរ​ទ័ព​ចូល​ទៅ​វាយ​និង​ការពារ​ខ្លួន រហូត​ដល់​ឡេវ​អាវ​ពល​ទាហាន ចាត់​ល្អ​រៀបរយ​ដោយ​បែប ៗ គ្រប់​យ៉ាង តាំង​ពី​កាល​ណា​មក កងទ័ព​កុរុ​ដែល​លើក​ចេញ​ពី​ក្រុង​ទៅ មិន​ដែល​សម្ដែង​អាការ​ក្លា​រីករាយ ហើយ​នឹង​បំណង​យក​ជ័យជម្នះ​ដូច​នេះ រឿង​សេចក្ដី​ស្លាប់​កណ្ដាល​សង្គ្រាម​នោះ គេ​មិន​បាន​គិត​យក​មក​ជា​អារម្មណ៍​ក្នុង​ចិត្ត​សោះ​ឡើយ គេ​បញ្ជូន​ចិត្ត​ឈោង​ចំពោះ​ដល់​ទី​យុទ្ធ​ភូមិ​ឥត​មាន​រួញរា មាន​តែ​ស្រើប​ស្រាល​សាទរ​ហ៊ោ​កញ្ចៀវ​អឺងអាប់​ស្ទើរ​ដាច់​ផែន​ពសុធា សេចក្ដី​ក្លាហាន​ដូច​នេះ លោក​វាយ​តម្លៃ​ថ្លៃ​ជាង​សេចក្ដី​ប្រាថ្នា​នៃ​អ្នក​មាន​ចិត្ត​លោភ​គិត​តែ​ខាង​បាន ។ គ្រា​នោះ​ព្រះ​ចៅ​វិរាដ​បាន​ទទួល​ថ្លែង​ការណ៍​ថា សឹក​លើក​ចូល​មក​ជាន់​ដែន​វិរាដ ទ្រង់​មាន​បញ្ជា​ឲ្យ​រួបរួម​ទាហាន ដើម្បី​នឹង​លើក​ទៅ​តទល់​សឹក​នឹង​កម្ចាត់​ឲ្យ​ជ្រុះ​ស្រឡះ​ទៅ​អំពី​ដែន កុំ​ឲ្យ​សឹក​ចូល​មក​ដល់​ក្រុង​ជា​មុន​ទ្រង់​ដំណើរ​កងទ័ព​ទៅ​ទទួល​សឹក​នៅ​ទី​កណ្ដាល​វាល​ធំ កងទ័ព​ទាំង​សង​ខាង​បាន​មក​ប្រទះ​ប្រទល់​មុខ​គ្នា​នៅ​ទី​នោះ ឈប់​បង្អង់​ស្ងៀម​ចាំ​ស្ដាប់​អាណត្តិ​សញ្ញា នឹង​ចូល​ធ្វើ​ការ​ត​យុទ្ធ​គ្នា កងទ័ព​ទាំង​សង​ខាង​ឈរ​ប្រឈម​ទល់​មុខ​គ្នា បីដូច​ជា​ថា អ្នក​បញ្ជា​កងទ័ព​ទាំង​សង​ខាង កំពុង​តាំង​គ្រឿង​ថត​រូប​កងទ័ព​មុខ​របស់​ខ្លួន​ដូច​នោះ មួយ​ស្របក់​សុសរម័ន អ្នក​បញ្ជាការ​កងទ័ព​កុរុ​ស្រែក​ប្រកាស​ថា ច្បាំង រន្ទះ​សម្លេង​ឮ​ច្បាស់​ទៅ​ដល់​កងទ័ព​ម្ខាង លំដាប់​នោះ​កូន​សរ​ដូច​គ្រាប់​ភ្លៀង ក៏​រត់​វឺវូ​លើ​នភាកាស ពួយ​ប្រជួស​ប្រច្រាស​គ្នា​ទៅ​ត្រង់​ទិស​ទាំង​សង​ខាង​ទំគិច​គ្នា​ឮ​សូរ​ឆាត ៗ ឆាប់ ៗ ក្នុង​កណ្ដាល​វេហា កូន​សរ​ខ្លះ​ក៏​ទៅ​ត្រូវ​រាង​កាយ​ទាហាន​ខាង​សឹក កូន​សរ​ខ្លះ ក៏​ធ្លាក់​ដល់​ដី​ឥត​មាន​ត្រូវ​ការ​បច្ចា​មិត្រ ទាំង​ពីរ​ពួក​ក៏​សង្ខុញ​ចាប់​ជិត​ប្រកិត​ចូល​ទៅ​កល់​បីដូច​លលក​សមុទ្រ បុក​រុក​លោ​លោត​ចូល​ទៅ​ប្រហារ​គ្នា​នូវ​គ្នា​ដោយ​កូន​សរ កាន់​តែ​ក្រាស់​ឡើង ៗ ដោយ​លំដាប់ ឮ​សូរ​សព្ទ​អ៊‍ឹកធឹក​គឹកកង​ខ្លាំង​ឡើង ៗ ស្ទើរ​កក្រើក​អំពើក​ទាំង​ផែន​ពសុធា ចុង​ក្រោយ​មក​យោធា​ទាំង​សង​ខាង​ក៏​ចូល​ប្រឡូក​តស៊ូ​គ្នា ដោយ​ដាវ​លំពែង​អាវុធ​ខ្លី​សម្រាប់​ដៃ ។ មេ​ទ័ព​ទាំង​សង​ខាង មិន​តែ​ដេញ​ពល​ក្នុង​បង្គាប់​បញ្ជា​ខ្លួន​ឲ្យ​ចូល​ប្រឡូក​គ្នា​ប៉ុណ្ណោះ ខ្លួន​ឯង​ទាំង​ពីរ​ប៉ែក​បាន​ច្បាំង​ផង​ដូច​យ៉ាង​ពល​ទាហាន​កូន​សរ​មេទ័ព​ខាង​កុរុ​បាញ់​មក​ត្រូវ​ព្រះ​កាយ​ព្រះ​រាជា​វិរាដ មាន​របួស​បន្តិច សូម្បី​ត្រូវ​មាន​របួស​ហើយ​ក្ដី ទ្រង់​ក៏​នៅ​សម្ដែង​សេចក្ដី​ក្លាហាន​ច្បាំង​រឿយ​ទៅ ដើម្បី​នាំ​សម្រើប​ចិត្ត​ពល​ទាហាន​ច្បាំង​តទៅ សូម្បី​ទ្រង់​យក​ព្រះ​ហឫទ័យ​​ទុក្ខ​ដាក់​ម្ល៉ោះ​ក្ដី ក្នុង​ជាន់​ដំបូង​នេះ នឹង​ផ្ទឹម​មុខ​ទាហាន​កុរុ​មិន​បាន ព្រោះ​កងទ័ព​វិរាដ​ទន់​ហាត់ ឬ​ថា​មិន​សូវ​ប្រសប់​ក្នុង​យុទ្ធ​វិធី​ក៏​ថា​បាន សេចក្ដី​ខ​នេះ​ធ្វើ​ឲ្យ​ឃើញ​ផល​ក្នុង​ខណៈ​នោះ គឺ​ទាហាន​ក្រុង​វិរាដ​ចេះ​តែ​ថយ​ក្រោយ រុក​ទៅ​មុខ​ទើស​ទើ​ទៅ​មិន​រួច ថយ​ទៅ​តាំង​មាំ​ហើយ​ក៏​របេះ ៗ ថយ​ចូល​ទៅ​ទៀត ក្នុង​មិន​យូរ​ប៉ុន្មាន ក៏​ថយ​ផាយ​ទៅ​តែ​ម្ដង ទាល់​តែ​ឃើញ​ថា ទប់​ទល់​កុរុ​មិន​នឹង ។ ត​មក​បន្ដិច សុសរម័ន ចាប់​ព្រះ​រាជា​វិរាដ​បាន​ក្នុង​ទី​ចម្បាំង​ពន្ធនាការ​នាំ​យក​ទៅ​ទុក​ក្នុង​កងទ័ព​កុរុ ទាហាន​កុរុ​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​គ្មាន​ស្រែក​ហ៊ោ ជយោ ៗ ឮ​សូរ​សព្ទ​គឹកកង​ស្ទើរ​ផ្អៀង​ផែន​ប្រថពី កាល​ចាប់​បាន​ព្រះ​ចៅ​វិរាដ​ទៅ​ហើយ ឈ្មោះ​ថា​ចប់ ១ ភ្លេង​ប៉ុណ្ណោះ ការ​ដែល​មើល​ទៅ​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្លួន​ដ៏​ជា​កំពូល​ទ័ព ជាប់​អន្ទាក់​នៅ​ក្នុង​កណ្ដាប់​ដៃ​សឹក​នោះ​ឯង ជា​អណត្តិ​សញ្ញា​មក​ដាស់​តឿន​ចិត្ត​អ្នក​បង្គាប់​ការ​គ្រប់​ជាន់ ឲ្យ​ក្រើន​ពល​ទាហាន​ដែល​កំពុង​ស្លុត ត្រឡប់​ជា​មាន​ព្យាយាម​រៀង​ខ្លួន ដើម្បី​នឹង​ច្បាំង​យក​ជ័យជម្នះ​មក​វិញ​ត្រា​តែ​បាន ពួក​ទាហាន​វិរាដ​ព្យាយាម​ច្បាំង​រុករាន​ដោយ​មាន​ក្លាហាន យ៉ាង​មិន​គិត​ជីវិត​ដើម្បី​ជួយ​ម្ចាស់​របស់​គេ ឲ្យ​រួច​អំពី​អន្ទាក់​នៃ​អរិរាជ​សត្រូវ ខ្មួល​ខ្មាញ់​ចូល​ទៅ មួយ​លើក​ហើយ​មួយ​លើក​ទៀត ក៏​មិន​កើត​ផល​សម្រេច​ទៅ​បាន ដោយ​កម្លាំង​សឹក​កំពុង​ឃឹកឃាក់​ខ្លាំង​ណាស់ ការ​សែល​បែក​ផាយ​ថយ​មក​រាល់​ដង មុខ​គួរ​ឲ្យ​ទាហាន​រអា​ចិត្ត​តែ​មិន​ដូច​នោះ ត្រឡប់​ជា​ធ្វើ​ឲ្យ​ទាហាន​អស់​នោះ កើត​មាន​ក្លា​ឡើង ចូល​វាយ​មួយ​ហ៊ឺ​ទៀត កល់​បីដូច​ជា​លលក​សមុទ្រ​គ្រា​ត្រូវ​ពាយុ​បោក​បក់ ការ​ច្បាំង​ក្នុង​លើក​នេះ​ឃើញ​ថា ស្រុះ​គ្នា​ហើយ​ឃើញ​ញឹក​ដូចជា​ឡើង ៗ គេ​មិន​បាន​រួម​កម្លាំង​ព្រួត​គ្នា​វាយ​ដោយ​អន្លើ ៗ ដូច​កាល​មុន គេ​ពង្រីក​ថែវ​ទាហាន​រាយ​រហូទ​ទី​ចម្បាំង ក្នុង​ទី​បំផុត​ទ័ព​កុរុ​មាន​អាការ​ធុញ​ក្នុង​ចិត្ត​កើត​សេចក្ដី​រទីស​រទាស មិន​ស្មើ​ភាគ​ការ​មាន​ជ័យជម្នះ កើត​សេចក្ដី​រាយ​ក្នុង​ជាន់​ដំបូង​នោះ ត្រឡប់​ជា​រោយរៀវ​អន្ដរធាន​ទៅ សឹក​ខាង​ក្រុង​វិរាដ​ឡើង​ចុង​ដៃ កាន់​តែ​មាន​កម្លាំង​ហ៊ឹក​ហ៊ាក់​គ្រប​មក​លើ​ខ្លួន លំដាប់​នោះ ពល្លក (នេះ​ជា​នឆាម​ប្លមរបស់​ភីម គ្រា​ប្លម​ខ្លួន​ទៅ​នៅ​ក្នុង​វិរាដ) បាន​ទៅ​ជួយ​ព្រះ​ចៅ​វិរាដ​ឲ្យ​របូត​រួច​មក​បាន ពួក​សេនា​ទាហាន​របស់​ទ្រង់ នាំ​គ្នា​ហ៊ោ​គឹកកង​រំពង​ទាំង​ទី​យុទ្ធភូមិ ដោយ​មាន​ជ័យ ម្ដង​នេះ​ជា​វារ​ព្រះ​រាជា​វិរាដ​និង​ធ្វើ​ការ​សង​សឹក​វិញ ទាហាន​វិរាដ​ចូល​វាយ​កាន់​តែ​ស្រុះ​គ្នា ហើយ​ញឹក​ឡើង​ព្រិប ៗ ឃើញ​បាន​ផល​ល្អ​ឡើង​ដោយ​លំដាប់ ទាល់​តែ​ទ័ព​កុរុ​ទ្រ​មិន​បាន បែក​ខ្ចាត់ខ្ចាយ​ផាយ​ចូល​ក្រុង​ហស្ថិបុរ ចាប់​បាន​សុសរម័ន​មេទ័ព​កុរុ​បាន តែ​ដើម្បី​នឹង​សម្ដែង​មេត្តា​ចិត្ត ព្រះ​រាជា​វិរាដ​ត្រាស់​ឲ្យ​លែង​ខ្លួន​គេ ទៅ​នគរ​ដើម​វិញ ។ ទ័ព​កុរុ​ដែល​ទុរយោជន៍​បញ្ជូន​ទៅ​ធ្វើ​សង្គ្រាម​និង​ក្រុង​វិរាស ដោយ​ចិត្ត​មនោ​មាន​ក្លាហាន ក៏​ចប់​ចុះ​ដោយ​ប្រការ​តែ​ប៉ុណ្ណេះ​ម្ដង ។ តែ​សង្គ្រាម​ដែល​ទន់ទាប​ចាញ់​ប្រៀប​គេ​គ្រា​នេះ មុខ​គួរ​ទម្លាយ​សេចក្ដី​ព្រហ៊ើន​យង់ឃ្នង​របស់​ទុរយោជន៍​ឲ្យ​ថយ​ចុះ តែ​មិន​ដូច​នោះ ត្រឡប់​ធ្វើ​ជា​ឲ្យ​ទុរយោជន៍​កំរើប​រិទ្ធិ​ណាស់ ឡើង​ជាង​មុន​ទៅ​ទៀត ប្រញាប់​រួបរួម​កងទ័ព​បាន​ល្មម​ការ​ហើយ ការ​លើក​ក្បួន​ទ័ព​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ក្រុង​វិរាដ​ម្ដង​ទៀត​ជា​គ្រា​ទី ២ ដោយ​រួសរាន់ គ្រា​នេះ​ទ្រង់​នាំ​ទ័ព​ដោយ​ព្រះ​អង្គ​ឯង ទុរយោជន៍​លើក​ទ័ព​ទៅ​គ្រា​នេះ ចំពោះ​ត្រូវ​នឹង​វេលា​ដែល​ព្រះ​រាជា​វិរាដ​មាន​រាជកិច្ច តោង​ស្ដេច​ចេញ​ចាក​ព្រះ​នគរ​ទៅ ដំណឹង​ទ័ព​ដឹង​ដល់​សេនាបតី​របស់​ព្រះ​អង្គ គេ​បាន​ប្រជុំ​គ្នា​ជំនួស​ព្រះ​នេត្រ​ព្រះ​ស្រោត ដើម្បី​ប្រឹក្សា​រឿង​ដែល​នឹង​ចាត់​ការ​តស៊ូ​មហា​ភ័យ​ដែល​កើត​ឡើង​ក្នុង​បច្ចុប្បន្ន​បន្ទាន់​វេលា ក្នុង​រវាង​ដែល​ព្រះ​រាជា​របស់​គេ​មិន​នៅ ព្រះ​រាជ​បុត្រ រជ្ជទាយាទ​បាន​ទទួល​ដំណែង​ជា​អ្នក​បង្គាប់​បញ្ជា​កងទ័ព ពេញ​កិត្តិយស គេ​បាន​ត្រៀម​សេះ ដំរី និង​គ្រឿង​យុទ្ធ​ភ័ណ្ឌ​គ្រប់​មុខ​គ្រប់​យ៉ាង​ដោយ​រួសរាន់ ទាំង​កេណ្ឌ​ទាហាន​បញ្ចូល​ថ្មី​ឡើង​ទៀត បំពេញ​ចំនួន​ដែល​ខ្វះ​ខាត​ក្នុង​កាល​សង្គ្រាម​គ្រា​មុន​ឲ្យ​ធួន​ការ​ដែល​ប្រមើល​ទុក កើត​រជោ​រជើប​ជ្រួល​ទួទាំង​ព្រះ​រាជាណាចក្រ សូម្បី​តែ​ស្រី​ក៏​មាន​ភាគ​ជំនួយ​ការ​ទ័ព​តាម​កម្លាំង​និង​សេចក្ដី​អាច​របស់​ខ្លួន ត្រង់​នេះ​គួរ​សរសើរ​សេចក្ដី​សាមគ្គី​អ្នក​ស្រុក​វិរាដ ។ កាល​ត្រៀម​ការ​ព្រម​ស្រេច​ហើយ ក៏​បាន​ដំណឹង​រាជការ​សឹក​មក​ម្ដង​ទៀត​ថា សឹក​លើក​ចូល​មក​ជាន់​ដែន​ហើយ កង​ទាហាន​រក្សា​ក្រុង​ក៏​ម្នីម្នា​លើក​ទៅ​ធ្វើ​ការ​រាំងរា​ទប់​អំពី​ចម្ងាយ កុំ​ឲ្យ​ចូល​មក​ដល់​ក្រុង ។ កង​ទ័ព​ទាំង​ពីរ​បាន​ប្រទះ​គ្នា​ម្ដង​ទៀត ភាព​នៃ​ការ​ប្រយុទ្ធ​បាន​ដំណើរ​ទៅ​យ៉ាង​គ្រា​មុន ផ្លាស់​គ្នា​ឈ្នះ​ចាញ់​ជា​ធម្មតា សេនា​ទាហាន​ទាំង​ពីរ​ពួក​មាន​ចំនួន​ច្រើន​អនេក​អនន្ត ចូល​ត​យុទ្ធ​គ្នា​ខ្មួលខ្មាញ់​ឥត​ស្រាកស្រាន្ត ប្រហែល​ហាក់ដូច​លលក​សមុទ្រ ដេញ​គ្នា​ពពូន​ពពាន ប្រទះ​ប្រទាក់​គ្នា​ម្ដង ៗ ឮ​សូរ​គគ្រឹក​គគ្រាំ សម្លេង​ស្រែក​បង្អៅ សម្លេង​ថ្ងូរ ទ្រហោ​យំ ពាក្យ​ស្បថ ពាក្យ​ប្រមាទ​មើល​ងាយ ពាក្យ​ផរុស​វាទ​ជេរ​ប្រទេច​នានា ទ្រហឹង​អឺងកង​ទាំង​ដែន​យុទ្ធភូមិ ។ ខណៈ​ដែល​កំពុង​ច្បាំង មាន​រឿង​ចម្លែក​មួយ​យ៉ាង ដែល​ជាតិ​អ្នក​ចម្បាំង​គេ​មិន​ធ្លាប់​ប្រព្រឹត្ត ព្រះ​រាជ​បុត្រ​ព្រះ​ចៅ​វិរាដ​អ្នក​ជា​កំពូល​ទ័ព បញ្ជា​ការ​កងទ័ព​ធំ​ខាង​វិរាដ ឃើញ​ទាហាន​កាប់​សម្លាប់​គ្នា​ឈាម​ច្រាល ក៏​ក្រាប​ជាន់ ខូច​ព្រះ​ហឫទ័យ​ទប់​ពុំ​បាន ស្ដេច​លប​ចុះ​អំពី​រថសឹក គេច​ចេញ​ចាក​ទី​ចម្បាំង បែរ​ព្រះ​ភក្ដ្រ​សំដៅ​បូរី លុះ​ស្ដេច​រត់​ទៅ​មួយ​ស្របក់​ហើយ នាយ​សារថី​របស់​ទ្រង់ ទើប​ដឹង​ថា​ស្ដេច​បាត​ទៅ​អំពី​ព្រះ​រាជរថ​ក្នុង​ជាន់​ដំបូង​ដែល​ងាក​ទៅ​ទៅ​មិន​ឃើញ​គេ ស្មាន​ថា​ព្រះ​រាជ​កុមារ​គង់​សុគត​ដោយ​ថ្វី​ដៃ​បច្ចា​មិត្រ តែ​មិន​ឃើញ​លោហិត​ជាប់​នៅ​នឹង​ព្រះ​ទីនាំង​ទ្រង់​ដល់ ១ ដំណក់​សោះ នាំ​ឲ្យ​គេ​ឆ្ងល់​ហើយ​សន្និដ្ឋាន​ថា គង់​ស្ដេច​រត់​ទៅ​ជា​ប្រាកដ ទាហាន ១ ពួក​នេះ បាន​ទទួល​បង្គាប់​ឲ្យ​ទៅ​តាម​អញ្ជើញ​ស្ដេច​មក​កាន់​ទី​យុទ្ធភូមិ យូរ​បន្តិច​ក៏​ឃើញ​ព្រះ​រាជ​កុមារ​កំឡាច ត្រូវ​ទាហាន​ឃុំ​ខ្លួន​ដូច​អ្នក​ទោស ឬ​ដូច​ឈ្លើយ​សឹក នាំ​មក​កាន់​ទី​ចម្បាំង​វិញ ពួក​ពល​ទាហាន​របស់​ទ្រង់​ពោល​ស៊កសៀត​ថា មិន​គួរ​ឡើយ​នឹង​មក​សម្ដែង​សេចក្ដី​កំឡាច​ក្នុង​វេលា​កិត្តិយស​ខ្ពស់​មុខ ឬ​គ្រា​ត៧ព​ចូល​ច្រមុះ​ដូច​នេះ​សូម្បី​តែ​នាយ​សារថី​របស់​ទ្រង់ ក៏​អត់​គំរោះ​គំរាម​មិន​បាន​ថា​ក្រឡេក​ឃើញ​តែ​ឈាម ក៏​មុខ​ឡើង​ស្លេក​ស្លាំង ព្រលឹង​ផាយ​បាត​ដូច​ស្ត្រី​នាយ​សារថី​អ្នក​បរ​រថសឹក​នៃ​ព្រះ​រាជ​កុមារ រមែង​មាន​និស្ស័យ​ជា​អ្នក​ចម្បាំង ហើយ​ច្រើន​តែ​ជោរ អ្នក​ចម្បាំង​ដូច​គ្នា​នឹង​អ្នក​អង្គុយ​លើ​រថ​នោះ អ្នក​ចម្បាំង​កម្លោះ​តូច​ពោល គឺ​នាយ​សារថី​នេះ គេ​អាក់​ខាន​កាន់​អាវុធ​នៅ​ដៃ​យូរ​ណាស់​ហើយ គេ​គិត​ឃើញ​ថា ការ​ដែល​គេ​នឹង​ចេញ​មុខ​ធ្វើ​ទៅ​នោះ​ជា​ការ​សំខាន់ តែ​នឹក​បារម្ភ​ក្រែង​ព្រះ​រាជ​កុមារ​មេទ័ព​នឹង​គេច​រត់​ទៅ​ទៀត សឹក​នឹង​ចាប់​ខ្លួន​បាន ក៏​បរ​រថ​កាត់​ទៅ​ជ្រុង​ទី​ចម្បាំង​ដាន​ម្ខាង​ដល់​ទៅ​ដើម​ឈើ​ធំ​ស៊ុំ​ទ្រុម​ក៏​ឡើង​ទៅ​លើ​ដើម​ឈើ​នោះ យក​ធ្នូរ​សរ​និង​បំពង់​ព្រួញ​ដ៏​ក្រស់ក្រាស់​របស់​គេ​សឹង​លាក់​ទុក​មក​យូរ​ហើយ ៗ ក៏​ចុះ​មក​រក​ចៅហ្វាយ​ឡើង​បរ​រថ​ទៅ តាំង​ចិត្ត​នឹង​មក​ជួយ​តស៊ូ​រាជ​សត្រូវ របស់​ចៅហ្វាយ​នាយ ដោយ​កូន​សរ​ដែល​ច្រេះ​ចាប់​ក្រាំង​នោះ​ទាល់​តែ​ឃើញ​ខ្មៅ​ឃើញ​សរ ទើប​ទូល​ថា ទូល​បង្គំ​នឹង​បង្ហាញ​ទ្រង់​បាញ់ សេះ​វា​នឹង​នាំ​រថ​ទៅ​ឯ​ណា ក៏​តាម​តែ​វា មើល​ចុះ​ទាហាន​កងទ័ព​ខាង​សឹក​លោះ​ទៅ​ច្រើន​ណាស់​ហើយ ។ ទូល​ដូច​នោះ​ហើយ ក៏​លើក​សរ​ឡើង​បាញ់​ចេញ​ទៅ​ជា​ច្រើន​ព្រួញ ព្រួញ​មួយ​ទៅ​ធ្លាក់​នៅ​មុខ​ព្រះ​ភក្ដ្រ​ភី​ស្ម កូន​សរ​មួយ​ទៀត​ទៅ​ធ្លាក់​ទៀប​ជើង​ទោណ​អាចារ្យ​ខាង​កង​ទ័ព​កុរុ ។ ទោណ​អាចារ្យ​ភ្ញាក់​ខ្លួន លាន់​មាត់​ថា ច្បាស់​ហើយ​កាល​ឃើញ​កូន​សរ​បាញ់​មក​ត្រង់​ចំពោះ​ហើយ គេ​ចាប់​កូន​សរ​នោះ​បាន នឹង​ស្គាល់​ខ្លួន​អ្នក​បាញ់​ផង នឹង​ថា​កូន​សរ​ដែល​ធ្លាក់​ទៀប​ជើង​គេ​នោះ អ្នក​បាញ់​មិន​បាន​តម្រង់​ក្បាល​គេ អ្នក​បាញ់​បំណង​ឲ្យ​គ្រាន់​តែ​ជ្រិះ​ជើង​ប៉ុណ្ណោះ ងាក​ទៅ​រក​ទុរយោជន៍​អ្នក​ជា​ស្ដេច​សឹក ទូល​ថា ឥឡូវ​នេះ ទូល​បង្គំ​មាន​សេចក្ដី​បារម្ភ ក្នុង​រឿង​ដែល​នឹង​ដណ្ដើម​យក​ជ័យ កូន​សរ​នេះ​មិនមែន​កូន​សរ​អ្នក​ដទៃ​ឆ្ងាយ គឺ​កូន​សរ​អរជុន​ជា​សិស្ស​អ្នក​មាន​ថ្មី​ដៃ​របស់​ទូល​ព្រះ​បង្គំ សិស្ស​នេះ​បើ​ទោះបី​នៅ​ក្នុង​ទី​ប្រទល់​មុខ​គ្នា​ម្ខាង​ម្នាក់ គួរ​បាញ់​ទៅ​ត្រូវ​ជា​ប្រាកដ ក៏​មាន​បំណង​នឹង​បាញ់​ឲ្យ​ត្រូវ​ខ្លួន​ទូល​បង្គំ តែ​នេះ​គេ​ចង់​សម្ដែង​សេចក្ដី​គោរព​ដល់​អាចារ្យ​ចាស់​របស់​គេ ទើប​បាញ់​សរ​មក​ឲ្យ​គ្រាន់​តែ​ឆិត​ជើង ជា​ការ​គំនាប់​ជំនួស​ខ្លួន ។ ទុរយោជន៍ មាយា​ទ្រង់​សំរួល​ក្នុង​កល ក្នុង​ព្រះ​ហឫទ័យ​មាន​សេចក្ដី​អំណរ​លន់​លើស ដែល​បាន​មក​ជួប​ព្រះ​ញាតិ អ្នក​ត្រូវ​និរទេស​ចាក​និវេសនស្ថាន តាម​ខ​សន្យា​ជា​យូរ​មក​ហើយ​នោះ ទ្រងហ់​អំណរ​ទាំង​នេះ ដោយ​ទ្រង់​តម្រិះ​ថា ល្អ​ហើយ ជួប​គ្នា​គ្រា​នេះ យើង​នឹង​បាន​ន្ថែម​ទោស​និរទេស​គេ​ទៅ​ទៀត ១២ ឆ្នាំ ។ ទុរយោជន៍ ក៏​បញ្ចេញ​សេចក្ដី​ត្រេកអរ​ក្នុង​ព្រះ​ហឫទ័យ​ឲ្យ​ភីស្ម​ស្ដាប់​តែ​ខាង​ភីស្ម​មិន​ចង់​រវល់ មិន​ចូល​ចិត្ត​នឹង​រឿង​សាង​មហា​ស្ថាន​លើ​នភតល2 (គំនិត​ឆ្កួត) ហើយ​មិន​ចង់​ចូល​ទៅ​នៅ​ក្នុង​មហា​ស្ថាន​ដូច​នោះ ដែល​អ្នក​ដទៃ​និម្មិត​ឡើង ខណៈ​ដែល​គេ​កំពុង​សន្ទនា​ជា​មួយ​នឹង​ទុរយោជន៍​នោះ រថសឹក​ស្ដេច​សឹក​ក្រុង​វិរាដ ត្រង់​ស្លេវ​មក​ក្នុង​ទី​នោះ ឮ​សូរ​សន្ធឹក​គគ្រឹក​ហាក់​ដូច​ផ្គរ​លាន់ ថ្លែង​សរ​បាច​ប្រសាច​ធ្លាក់​មក​ចុះ​ក្នុង​កណញដាល​កងទ័ព​កុរុ​ដូច​គ្រាប់​ភ្លៀង គ្រាប់​ភ្លៀង​គឺ​កូន​សរ​នោះ​មិន​ចំពោះ​តែ​ធ្លាក់​ទៅ​ខាង​មុខ បាន​ធ្លាក់​បាច​ប្រសាច​ទៅ​ខាង​ឆ្វេង​ខាង​ស្ដាំ​រថសឹក ដែល​បរ​សំដៅ​ទៅ​ទិស​នោះ ៗ រថសឹក​ដ៏​ពន្លឹក​នោះ ចូល​លិក​លុយ​ដេញ​ពល​ខាង​បច្ចាមិត្រ​បែក​ញែក​ធ្លុង​ទៅ ជាន់​ពល​ទាហាន​ស្លាប់​ត្រៀប​ត្រា​កណ្ដាល​ទី​ចម្បាំង គ្រា​នោះ​នាយ​សារថី​អ្នក​មាន​ថ្វី​ដៃ ទើប​ទូល​ស្ដេច​សឹក​ថា តោង​ច្បាំង​សឹក​យ៉ាង​នេះ មើល​ចុះ ពល​ទាហាន​បែក​ខ្ចាយ​ទៅ​ហើយ ពល​ទាហាន​របស់​ទ្រង់ ថា​ជា​អ្នក​មាន​ជ័យ ។ ព្រះ​រាជ​ឱរស​ព្រះ​ចៅ​វិរាដ​អ្នក​ជា​កំពូល​ទ័ព​នៃ​ក្រុង​វិរាដ ក៏​មាន​ជ័យជម្នះ​សឹក​ដោយ​ប្រការ​ដូច​នេះ សំឡេង​និកររាស្ត្រ​សព្ទ​សាធុការ​កង​រំពង កណ្ដាល​ពួក​សេនា​ទាហាន​ដែល​ត្រូវ​អាវុធ​មុត​ជា​ទម្ងន់ ស្រែក​ថ្ងូរ​រលូង​នោះ ពួក​អ្នក​ស្រុក​ក៏​ហូរហៀរ​ច្រៀត​បៀត​គ្នា​មក​ពាស​ពេញ​ផ្លូវ​ថ្នល់ ដើម្បី​សម្ដែង​សេចក្ដី​អំណរ​ក្នុង​រឿង​មាន​ជ័យ កាល​ស្រេច​ការ​កម្រាប​សឹក​ហើយ អង្គ​ក្សត្រិយ៍​សឹក​ប្រទេស​វិរាដ​ក៏​ស្ដេច​ឡើង​ប្រថាប់​លើ​រថ​សឹក អធឹក​ទៅ​ដោយ​ចតុរង្គ​និកាយ​ត្រឡប់​ថ្កាន​រាជធានី ទ្រង់​សន្ទនា​រីករាយ​ជា​មួយ​នឹង​នាយ​សារថី​អ្នក​ភក្ដី​របស់​ព្រះ​អង្គ មក​តាម​ថ្នល់​ក្នុង​ព្រះ​នគរ ។

ឯកសារយោង កែប្រែ

សៀវភៅរឿងមហាភារតយុទ្ធ ចងក្រងនិងរៀបរៀងដោយ ព្រះស្នេហាសារ ទេព ក្រសេម

តំនភ្ជាប់ក្រៅ កែប្រែ

វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត