រឿងរាជកុលនាងរំសាយសក់

កាលអង្វែងយូរលង់ណាស់មកហើយ កាលណោះប្រទេសកម្ពុជាសព្វថ្ងៃឋិតនៅក្រោមលំហសមុទ្រនៅឡើយ ដោយមានជួរភ្នំដងរែកជាច្រាំងមាត់សមុទ្រ។ មាននារីម្នាក់ឈ្មោះនាងសុវណ្ណមសា រស់នៅក្បែរមាត់សមុទ្រ(តាមជួរភ្នំដងរែកសព្វថ្ងៃ) នាងបានរើសពងសត្វមួយធំចម្លែក យកទៅទុកភ្ញាស់មើលថាជាសត្វអ្វី ។ លុះពងនោះញាស់ក៏ចេញជាកូនក្រពើមួយ នាងក៏ចិញ្ចឹមបីបាច់ទុកស្មើរនឹងកូនបង្កើត ដោយសន្មតឈ្មោះអោយវាថា ៙អាធន៚ ក្រពើនោះឆាប់ធំលូតលាស់រហ័សណាស់ ហើយគោរពនិងចេះស្តាប់បង្គាប់នាងសុវណ្ណមសាទុកដូចជាម៉ែ។ សម័យថ្ងៃមួយមានរាជបុត្រានៃស្តេចផែនដីមួយអង្គនាមចៅរាជកុល មកស្វែងរករៀនមន្តវិជ្ជាការពីសំណាក់តាបសមុនីឥសីនៅតាមព្រៃភ្នំក្បែរលំនៅនាងសុវណ្ណមសា ព្រះអង្គក៏លង់ស្នេហ៍នឹងនាង ហើយនាងក៏ស្រលាញ់ព្រះអង្គវិញដែរ។ លុះកន្លងក្រោយមកពេលព្រះអង្គរៀនចប់សព្វគ្រប់ចំណេះវិជ្ជាហើយក៏លាតាបសជាគ្រូ និងនាងសុវណ្ណមសាជាគូស្នេហ៍ត្រលប់ទៅនគរវិញ ដោយសន្យាថានឹងវិលវិញជាមួយបណ្ណាការចូលស្តីដណ្តឹងនាងតាមច្បាប់ប្រពៃណី ។ ពេលត្រលប់ទៅដល់នគរវិញ មាតាបិតាព្រះអង្គក៏រៀបចំផ្សំផ្គុំព្រះអង្គនិងព្រះនាងរំសាយសក់ដែលជាបុត្រីរបស់ស្តេចត្រាញ់នៅខេត្តច័ន្ទបូរី(ខេត្ត ចាន់តាប៊ូរី ប្រទេសថៃសព្វថ្ងៃ) ហើយក៏រៀបចំកំណត់វេលាដើម្បីទៅចូលដណ្តឹងព្រះនាងតាមរាជបវេណី ដោយចាត់ចែងមានសំពៅដ៏ធំមួយផ្ទុកពេញដោយគ្រឿងបណ្ណាការ មានមាសពេជ្រ កែវកងពិទូរ្យសូរកាន សំពត់សូត្រ អាវសាវស្បៃ វង់ភ្លេង វង់ល្ខោនទុកលេងកំដរតាមផ្លូវ និងផ្កាស្លាទុករៀបចំពិធីមង្គលការ ដោយមានរៀបចំម្ហូបស្បៀងអាហារបរិបូណ៌ឥតខ្វះចន្លោះដូចជាមាន់ទាទាំងទ្រុងៗ បន្លែបង្ការ ជាដើម។ល។ ដល់វេលាត្រូវចេញដំណើរ ព្រះមាតាព្រះបិតា ចៅរាជកុល រួមដំណើរដោយក្រុមបរោហិត មន្ត្រីនានាមានឈ្មោះ តាគ្រាម តាង៉ែន...និងក្រុមតន្ត្រីរបាំល្ខោនរាជបរិវា ចុះសំពៅចាកចេញទៅកាន់ស្រុកច័ន្ទបូរីទៅ។ និយាយពីនាងសុវណ្ណមសារាល់ថ្ងៃតែងអង្គុយរង់ចាំមើលផ្លូវចៅរាជកុលនាមាត់សមុទ្រក្រែងសំពៅចៅរាជកុលចូលមករកនាង ចាំបាត់ៗ ខុសពីសន្យាជាមួយនាងធ្វើអោយនាងមានចិត្តឆួលក្តៅខឹងនឹងប្រុសក្បត់សម្តី ។ ពេលនោះនាងក៏ក្រលេកឃើញសំពៅចៅរាជកុលរំកិលខ្លួននៅលើលំហសមុទ្រ នាងត្រេកអរជាខ្លាំង តែក្តីអំណរនោះត្រូវខកខានទៅវិញនៅពេលឃើញសំពៅបានបើកហួសចេញពីនាងទៅមុខទៀត នាងកើតក្តីក្តៅក្រហាយក៏ប្រើក្រពើអាធនជាកូនអោយទៅកៀងបំផ្លាញសំពៅ ។ អាធនក៏ប្រើបានដូចចិត្តស្ទុះហែលសំដៅទៅរកសំពៅមិនបង្អង់។ ទៅដល់ជិតសំពៅក្រពើក៏ផុសឡើងធ្វើអោយមនុស្សម្នាក្នុងសំពៅផ្អើលជ្រួលច្របល់ភ័យខ្លាច នឹងក្រពើដ៏ធំមហិមានោះ ចៅរាជកុលយល់ជាក់ច្បាស់ថាជាក្រពើកូនចិញ្ចឹមរបស់នាងសុវណ្ណមសា ក៏និយាយលួងក្រពើកុំអោយធ្វើបាបមនុស្សក្នុងសំពៅ តែជាការឥតប្រយោជន៍ក្រពើមិនស្តាប់ឡើយព្រោះស៊ីបាយអ្នកណាត្រូវយកអាសាអ្នកនោះ អាធនក៏មុជចុះហើយហែលឡើងមកគាស់សំពៅអោយផ្អៀង ចំណែកក្រុមពលសំពៅភ័យណាស់ក៏លើកបោះអណ្តើក មាន់ទាទាំងទ្រុងៗទៅអោយក្រពើស៊ីបង្អាក់កុំអោយមកយារយីសំពៅ ។ សំពៅបានផ្អៀងកាន់តែខ្លាំង ក្តោងសំពៅក៏សណ្តករំលំទៅម្ខាង សំពៅហៀបនឹងលេចចៅរាជកុលក៏លើកដៃបួងសួងដល់វត្ថុសក្តិសិទ្ធិថាបើទ្រង់ពិតជាគូព្រេងពីអតីត និងព្រះនាងរំសាយសក់មែនសូមអោយជួយសង្គ្រោះមនុស្សក្នុងសំពៅនេះផង។ និយាយទៅដល់នាងរំសាយសក់ជាអ្នកមានបុណ្យបារមីមានសក់ទិព្វវែងអាចច្បូតស្រូបមហាសាគរអោយរីងជាដីគោករឺដីគោកទៅជាទឹកវិញក៏បាន ព្រះនាងក៏ទ្រង់ញាណហើយចេញមកជួយស្រូបយកទឹកសមុទ្រ។ សំពៅកំពុងលិចមនុស្សម្នាភ័យឆោឡោខ្លះធ្លាក់ទឹកលង់ស្លាប់ជាច្រើន ...ទឹកសមុទ្រក៏ខះរីងអស់ សំពៅក៏ផ្អៀងកឿងជាប់នឹងដីភក់ លុះក្រោយមកសំពៅនោះក៏រឹងក្លាយទៅជាភ្នំមានរូបរាងជាសំពៅផ្អៀងរហូតមកដល់សព្វថ្ងៃ ត្រង់រោងល្ខោនក្នុងសំពៅក៏កើតជាល្អាងហៅថាល្អាងល្ខោន ដោយមានផ្លូវរូងមួយភ្ជាប់គ្នាទៅកាន់កន្លែងតែងខ្លួនក៏កើតជាល្អាងតែងខ្លួន ។ កន្លែងផ្ទុកផ្កាស្លាក៏កើតជាល្អាងផ្កាស្លាមានថ្មដុះដូចផ្កាស្លា ។ ត្រង់ក្បាលសំពៅពេលក្តោងបាក់រលំក៏បំបែកក្បាលសំពៅអោយបែកជា២ជាប់ឈ្មោះថាជ្រោះរណ្តៅក្តោង ។ នៅក្បែរគ្នានោះជាស្ថានីយផ្ទុកប្រេង ក៏ក្លាយជាល្អាងស្ថានីយ និងល្អាងអណ្តូងប្រេង (នៅក្រោមម្តុំប្រាង្គ)។ រីឯក្តោងក៏កើតជាភ្នំក្តោង។ ត្រង់កន្លែងនាងរំសាយសក់ច្បូតស្រូបទឹកសមុទ្រដីក៏របើករំជួយកើតជាជួរភ្នំរដេបរដុប មានឈ្មោះភ្នំរំសាយសក់ ភ្នំព្រះរាជទ្រព្យ ភ្នំបង្គន់ ភ្នំជីហង់ ភ្នំដីស-ក្រហម ភ្នំចាក់អង្កាម ភ្នំក្រោល ភ្នំបាណង់ ភ្នំបាណន់ជាដើម ទៅតាមរឿងព្រេងក្រោយៗតមកទៀត...។ ចំណែកមាន់ទាទាំងទ្រុងក៏កើតជាភ្នំ២ផ្សេងគ្នានៅក្បែរៗគ្នាហៅថាភ្នំទ្រុងមាន់ ភ្នំទ្រុងទា។ តាគ្រាមតាង៉ែន...ក៏ស្លាប់អណ្តែតទៅកើតជាភ្នំតាគ្រាម តាង៉ែន។ ក្រពើមុនស្លាប់ក៏ខំរើបំរះគោះកន្ទុយកើតជាបឹង១ហៅថាបឹងកន្ទុយក្រពើ និងដកដង្ហើមធំកើតជាបឹងច្រមុះក្រពើ លុះវាស្លាប់ទៅក៏កើតជាភ្នំក្រពើដោយមើលទៅមានរូបរាងជាក្រពើបេះបិត (នៅកក្រពើមានដីល្អាងមួយមានពណ៌ក្រហមដូចឈាមដែលរាជកុលខ្ញាល់ហើយគប់ចាក់សំលាប់ក្រពើ) នៅជាប់ភ្នំក្រពើមានភ្នំមួយឈ្មោះភ្នំអណ្តើក។ ក្រោយឃើញវិនាសកម្មដែលជាស្នាដៃនាងសុវណ្ណមសាបែបនេះ ចៅរាជកុលក៏បញ្ជារអោយពលសេនាទៅចាប់នាងសុវណ្ណមសាយកមកប្រល័យជីវិតចោល។ គេក៏សំលាប់នាងកាត់ក្បាលគ្រវែងចោលកើតជាភ្នំមួយឈ្មោះភ្នំសងក្បាល ហៅយារៗមកជាសងក្បាន ឯដៃនាងយកទៅចោលជាប់ឈ្មោះភ្នំដងរែកដល់សព្វថ្ងៃ ពោះវៀននាងក៏យកទៅចិញ្ច្រាំចោលហៅទីវាលនោះតមកថាវាលចិញ្ច្រាំពោះ ហើយយោនីនាងក៏គេជៀគ្រវែងចោលកើតជាភ្នំក្រពាយនាង ហៅក្លាយទៅជាភ្នំបន្ទាយនាងដល់សព្វថ្ងៃ។

ចៅរាជកុលនិងនាងរំសាយសក់ក៏សោយរាជ្យបន្តពីបិតានិងគ្រប់គ្រងដែននគរខ្មែរដោយសុខដុមតរៀងមក។៚

រឿងរ៉ាវស្តីពីប្រវត្តិទាក់ទងនិងភ្នំសំពៅក្នុងរឿងចៅរាជកុលនិងនាងរំសាយសក់ក៏សន្មតថាចប់ត្រឹមនេះ។

ដោយគង់ មុនីរ័ត្ន ហៅតូរ៉ូ

ភ្នំពេញ ១៨តុលា២០១៥