រឿងសត្វចាបសម្លាប់ដំរីស្ដរ
ដំនើររឿង
កែប្រែមានដំរីស្ដរ ១ ដើររកស៊ីក្នុងព្រៃដាច់ចេញពីហ្វូងតែម្នាក់ឯង ថ្ងៃ ១ បានដើរទៅជួបប្រទះនឹងមេចាប កំពុងតែក្រាបក្រុងកូននៅកណ្ដាលផ្លូវដែលខ្លួនដើរ មេចាបនិយាយអង្វរដំរីថា « សូមលោកអាណិតមេត្តាកុំដើរជាន់កូនខ្ញុំ » ដំរីមិនព្រមទទួលយកពាក្យអង្វរក៏ឆ្លើយតទៅវិញថា អញមិនដឹងមិនស្គាល់អាណាទេអញចេះតែដើរជាន់ ស្លាប់អាណាក៏ដោយ ចាបឯងខ្លួនតូចប៉ុណ្ណេះនឹងធ្វើអ្វីអញបាន បើទុកជាចាបឯងមានចំនួនច្រើនដល់ទៅ ១ ម៉ឺន ក៏អញជាន់ឈ្លីនឹងជើងឆ្វេងអញតែម្ខាងឲ្យស្លាប់ល្អិតល្អោចអស់ឥតសល់មួយដែរ ដំរីថាតែប៉ុណ្ណេះហើយក៏ដើរជាន់កូនចាបខ្ទេចខ្ទីស្លាប់អស់ទៅ មេចាបឃើញកូនស្លាប់ដូច្នោះហើយ ក៏កើតទុក្ខក្ដៅក្រហាយសោកស្ដាយកូនណាស់ ទើបហើរទៅទំលើមែកឈើហើយនិយាយប្រាប់ដំរីថា « ដំរីឯងហ៊ានមើលងាយអញ ដ្បិតតែឃើញអញខ្លួនតូច កំឡាំងតិច ប៉ុន្តែឯងមិនទាន់ដឹងកំឡាំងបញ្ញាអញទេ ចាំមើលអញនឹងធ្វើសងសឹកដល់ឯងវិញ » មេចាបនិយាយរួចហើយក៏ហើរទៅរកពឹងសត្វក្អែកឲ្យទៅចឹកចោះភ្នែកដំរីឲ្យបែកជាដំបៅទាំងសងខាង ក្អែកក៏ទទួលយកអាសាទើបមេចាបទៅពឹងសត្វរុយទៀត ឲ្យរុយពងដាក់ភ្នែកដំរី ឲ្យកើតជាដង្កូវចុះក្នុងភ្នែកទាល់តែខ្វាក់ទាំងពីរ កាលដំរីនោះឈឺភ្នែកបែកខ្វាក់ទាំងពីរងងឹតមើលផ្លូវមិនឃើញហើយ ក៏កើតទុក្ខវេទនា លំបាកនឹងរកស្មៅស៊ី នឹងរកផឹកទឹកក៏ពុំបាន មេចាបឃើញដំរីខ្វាក់ភ្នែកដូច្នោះហើយក៏ទៅពឹងសត្វកង្កែប ឲ្យឡើងទៅយំលើកំពូលភ្នំ ដំរីឮកង្កែបយំ មានចិត្តត្រេកអរដោយសំគាល់ថាមានត្រពាំងទឹក ទើបដើរឡើងទៅលើកំពូលភ្នំ កាលដំរីទៅដល់កំពូលភ្នំហើយ កង្កែបលោតចុះទៅយំក្នុងជ្រោះវិញ ដំរីដើរតាមសំឡេងកង្កែបទៅទៀត លុះដល់មាត់ជ្រោះក៏រអិលជើងរមៀលធ្លាក់ទៅក្នុងជ្រោះស្លាប់ទៅ ឯមេចាបបានដឹងថាដំរីស្លាប់ហើយ ក៏មានចិត្តត្រេកអរណាស់ ។
ឯកសារយោង
កែប្រែប្រជុំរឿងព្រេងខ្មែរភាគទី២