រឿងព្រះពាន់
រឿង ព្រះពាន់ (នៅខេត្តព្រៃវែង) ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ១៣១ - ១៣៤ បើគេធ្វើដំណើរតាមផ្លូវជាតិលេខ ១ ពីភ្នំពេញទៅស្វាយរៀង, ដល់ទៅផ្សារតូចមួយ គេហៅថា ផ្សារល្វា ក្នុងឃុំល្វា ស្រុកកំពង់ត្របែក (ព្រៃវែង) ចុះទៅខាងស្ដាំដៃ (ទៅត្បូង) តាមផ្លូវលំប្រមាណជា ៥ គ.ម. ចុះទៅទៅខាងស្ដាំដៃ (ទៅលិច) តាមផ្លូវរទេះ ឬក៏ទៅតាមភ្លឺស្រែអ្នកស្រុក ចម្ងាយប្រមាណជា ៣ គ.ម. ទៀត នឹងបានឃើញដើមឈើខ្ពស់ៗ "នោះគឺជាព្រះពាន់" ។ បើយើងសួរអ្នកស្រុកនៅក្នុងភូមិជិតខាង គេនឹងប្រាប់យើងថា "នោះគឺជាព្រះពាន់" ។ លុះយើងចូលដល់បុរាណដ្ឋាននេះ នឹងបានឃើញអាស្រមមួយ សង់ដោយឈើប្រក់ក្បឿង របៀបជាសាលា ។ នៅក្នុងសាលានេះមានឃើញព្រះពុទ្ធរូប ដែលគេតម្កល់លើបល្ល័ង្កយ៉ាងរៀបរយ ។ ក្រៅអំពីព្រះពុទ្ធរូបដែលគង់លើបល្ល័ង្ក មានព្រះពុទ្ធរូបជាច្រើនរយអង្គទៀត ដែលគេរចនាជាប់ទៅនឹងដុំថ្មមួយ កម្ពស់ប្រមាណ ១ ម. ទំហំ ១ ម. រាងរៀវទៅលើ, ព្រះពុទ្ធរូបនេះហើយ ដែលគេហៅថា "ព្រះពាន់" ។ បានជាគេហៅថា "ព្រះពាន់" ដោយមានរឿងព្រេង ដែលចាស់ៗ ដំណាលតៗ មកថា ៖ កាលពីអតីតកាលកន្លងយូរអង្វែងណាស់ហើយនោះ មានត្រកូលមួយមិនប្រាកដថាឈ្មោះអ្វី បានរស់នៅក្នុងទីនោះ ។ កាលអំណើះឥតអំពីប្ដីទៅ ប្រពន្ធបានរួមរស់ជាមួយកូនប្រុសម្នាក់ រកស៊ីចិញ្ចឹមជីវិត ដោយការធ្វើស្រែ ជារបរប្រចាំគ្រួសារ ។ រៀងរាល់ព្រឹក, ម្ដាយតែងតែឲ្យកូនប្រុសនេះទៅភ្ជួររាស់ឯស្រែ លុះដល់ថ្ងៃបន្តិច ទើបម្ដាយទូលបាយសម្លយកទៅឲ្យកូនឯស្រែនោះ ជាខាងក្រោយ ។ ថ្ងៃមួយ ដោយម្ដាយមានជាប់រវល់ ក្នុងកិច្ចការផ្ទះជាច្រើនផង ដោយអាងថាកូន ប្រហែលជាមិនទាន់ឃ្លានបាយណាស់ណាផង ក៏បង្អែបង្អង់ឲ្យយឺតយូរបន្តិចជាងរាល់ថ្ងៃ ។ ចំណែកកូនប្រុស ដែលទៅភ្ជួររាស់ឯស្រែនោះ ឃ្លានបាយណាស់ ទទឹងមើលផ្លូវម្ដាយ ស្ទើរក្រហមភ្នែក មិនឃើញម្ដាយយកបាយទៅឲ្យសោះ ក៏បានពោលពាក្យប្រមាថមើលងាយជាច្រើន ដោយពាក្យពុំសមរម្យ ។ ម្ដាយ កាលដែលបានរួចរវល់អស់ហើយ ក៏រៀបចំដួសបាយដាក់ត្រឡោក ហើយញាត់ឲ្យណែន ដោយគាត់គិតថា : កាលណាកូនគាត់ស៊ីបាយរួចហើយ យកត្រឡោកនេះដងទឹកផឹកតែម្ដង ជាការងាយស្រួលជាងដាក់បាយនឹងចាន, ព្រោះបើយកចាន ហើយយកត្រឡោកថែមទៀតនោះ នាតែឲ្យច្រើន លំបាកនឹងយកមកវិញ ។ កូនកំលោះគាត់ ដែលកំពុងឃ្លានបាយខ្លាំង កាលបើបានឃើញម្ដាយ ទូលបាយតែបន្តិចដាក់ក្នុងត្រឡោក យកទៅឲ្យខ្លួនដូច្នោះ នឹកខឹងណាស់ ដោយស្មានថាខ្លួនស៊ីមិនឆ្អែត ក៏និយាយពាក្យដ៏ទ្រគោះ ទាំងជ្រុលហួសដល់វាយដំម្ដាយ លុះត្រាម្ដាយសន្លប់បាត់ស្មារតីក្នុងពេលនោះ ។ លុះដល់ស៊ីបាយក្នុងត្រឡោកនោះទៅ វាស៊ីមិនអស់ ទើបដឹងថា ខ្លួនធ្វើនេះខុសហើយ ងាកមកសុំខមាទោសម្ដាយវិញ ។ ម្ដាយ ឆ្លើយតបថា : ម្ដាយគ្មានទោសឲ្យកូនទេ គឺជាទោសរបស់វដ្ដៈទេ បើកូនចង់បានរួចកម្មពៀរនេះ ត្រូវកូនកសាងព្រះពុទ្ធរូប ១ ពាន់ នៅលើផ្ទាំងថ្មដាមួយយ៉ាងធំ កាលណាបើព្រះពុទ្ធរូបទាំងនេះ របេះរលុបរលាយបាត់កាលណា ពេលនោះ ទើបកូនរួចអំពីកម្មពៀរនេះ ។ ម្ដាយផ្ដាំរួចស្រេចហើយ ក៏ធ្វើមរណកាលទៅកាន់បរលោកទៅ ។ កូនប្រុសនេះ ក៏បានធ្វើតាមបណ្ដាំម្ដាយ ដោយយកដុំថ្មមួយធំ មករចនាជាព្រះពុទ្ធរូបជុំវិញជាជាន់ៗ ជាច្រើនរយអង្គ ហើយតម្កល់ទុកក្នុងកន្លែងនេះ រហូតមកដល់សព្វថ្ងៃនេះ ។ នៅរៀងរាល់ឆ្នាំ អ្នកស្រុកជិតខាង គេតែងនាំគ្នាទៅធ្វើបុណ្យទានផ្សេងៗ នៅកន្លែងនេះ ពុំដែលខាន ។