រឿងសាមកុក
កណ្ឌទី ២០ កែប្រែ
ឡៅពីលុះឃើញកងទ័ពលើកមកពីចម្ងាយ ក្រឡេកឃើញទង់ជ័យសម្រាប់ទ័ពចូឆូ ក៏សំគាល់ថាចូឆូលើកមកខ្លួនឯង ។ បំរើសេះល្បាតមកប្រាប់ឡៅពីថា កងទ័ពអួនសៀរប្រឹក្សាមិនចុះរុះគ្នា នៅរារង់មិនបានចេញច្បាំងនឹងចូឆូទេ ១ ទៀតកងទ័ពចូឆូនោះ នឹងបានឃើញទង់ជ័យសម្រាប់ទ័ពចូឆូក៏ឥតអង្គឺមាន កាលខ្ញុំបាទត្រឡប់មក ប្រទះនឹងកងទ័ព លើកមកជិតស្រុកនេះហើយ ឃើញទង់ជ័យសម្រាប់ទ័ពចូឆូដោយពីមុខតែខ្លួនចុឆូនឹងនៅក្នុងកងទ័ពខាងណោះមិនច្បាស់ប្រាកដ ។
ឡៅពីបានស្ដាប់ដូច្នោះ ក៏ប្រឹក្សានឹងតាន់តេងតាមពាក្យបម្រើសេះហើយថា យើងមានសេចក្ដីសង្ស័យមិនដឹងជាចូឆូនៅខាងទ័ពណា ។ តាន់តែងឆ្លើយថា កលឧបាយចុឆូនោះមានច្រើនប្រការណាស់ កម្រមនុស្សណានឹងដឹងដល់ ដែលកងទ័ពនៅឬារង់បម្រុងនឹងច្បាំងអួនសៀរនោះ គ្មានទង់ជ័យសម្រាប់ទ័ពចូឆូសោះ ខ្ញុំបាទយល់ថា ចូឆូមុខជានៅក្នុងកងទ័ពនោះជាប្រាកដ ឯកងទ័ពដែលលើកមកខាងស្រុកយើងនេះទាហានក៏តិច តែទង់ជ័យសម្រាប់ចូឆូមកផង ដែលចូឆូគិតធ្វើការគ្រានេះប្រាថ្នានឹងឲ្យលោកបារម្ភក្រែងថា ខ្លួនចូឆូមកក្នុងកងទ័ពនេះ ។ ឡៅពីបានស្ដាប់ដូច្នោះក៏ងាកទៅសួរគួនអ៊ូ តៀវហ៊ុយថា ប្អូនទាំងពីរនាក់ តើនរណានឹងយកអាសារចេញទៅធ្វើការ ឲ្យដឹងច្បាស់ហេតុផលជាចូឆូ ឬមិនមក ? ។ តៀវហ៊ុយឆ្លើយទទួលថា ខ្ញុំបាទសូមយកអាសាចេញទៅធ្វើការឲ្យដឹងហេតុ បើជួយនឹងចូឆូ ហើយខ្ញុំបាទនឹងចាប់ខ្លួនចូឆូមកឲ្យបាន ។ ឡៅពីនិយាយតបទៅតៀវហ៊ុយវិញថា ប្អូនឯងនៅក្មេងសេចក្ដីខ្ចីគំនិតណាស់ ទាំងចិត្តថ្លើមក៏រួសរហ័ស នឹងឲ្យទៅមិនបានទេ ។ គួនអ៊ូថា ខ្ញុំបាទសូមយកអាសាចេញទៅធ្វើការ ។ ឡៅពី ថា បើគួនអ៊ូ ចេញទៅយើងល្មមទុកចិត្តបាន ។ គួនអ៊ូ ក៏លាឡៅពីលើកទាហានសេះ ៣ ពាន់ចេញទៅ ពេលនោះទេសកាលជារដូវរងាផងទឹកសន្សើមចុះខ្លាំងណាស់ ទាហានទាំងពួងក៏រងាត្រជាក់ពន់ពេក គួនអ៊ូឧស្សាហ៍នាំទាហានចូលទៅដល់មុខបន្ទាយអងតុង ហើយគួនអ៊ូបេសេះចេញទៅឈរមុខទាហានស្រែកថា នរណាជាមេទ័ព ចូរប្រញាប់ចេញមកយើងនឹងសាកសួរ ។
អងតុងបានឮគួនអ៊ូស្រែកសួរដូច្នោះ ក៏ជិះសេះចេញមកឈរនៅមុខបន្ទាយហើយស្រែកប្រាប់ថា មហាឧបរាជលើកមកដល់ទីនេះហើយ ហេតុម្ដេចខ្លួនទើបមិនចូលមកគំនាប់ ។ គួនអ៊ូតបថា បើមហាឧបរាជមកមែនឲ្យអញ្ជើញចេញមក យើងនឹងថ្លែងសេចក្ដីជម្រាប់លោក ។ អងតុងតបថា ខ្លួនជាអ្នកតូចទាបគួរ ឬនឹងឲ្យមហាឧបរាជចេញមកជួប ។ គួនអ៊ូខឹងណាស់ក៏បរសេះរាំដាវចូលទៅ ។ អងតុងក៏បរសេះរាំលំពែងចេញមកតច្បាំង នឹងគួនអ៊ូបាន ៥ ភ្លេង ។ គួនអ៊ូធ្វើជាញាក់សេះថយរត់ទៅក្រោយ ងតតុងមិនដឹងកលក៏ដេញបណ្ដោយតាមដល់ជើងភ្នំ គួនអ៊ូរាមកតទល់ដល់ជិតគ្នា ទើបលើកដាវឡើងកាប់ឲ្យអងតុងគេចចុះ ហើយគួនអ៊ូក៏ស្ទុះទៅរួបចាប់យកខ្លួនអងតុងបាន ដាក់លើសេះពីក្រោយនាំចូលទៅឲ្យឡៅពី ហើយពណ៌នាឲ្យឡៅពីស្ដាប់គ្រប់ប្រការ ។ ឡៅពីក៏មានចិត្តសោមនស្សប្រីតា តែមិនបានស្គាល់កិរិយាអងតុងច្បាស់ក៏សាកសួរថា អ្នកឯងជានាហ្មឺនចូឆូតំនែងអ្វី ? ហេតុម្ដេចមកធ្វើកលឧបាយក្លែងថា ចូឆូមកនៅក្នុងកងទ័ពនេះ ? អងតុងឆ្លើយថា ខ្ញុំបាទឈ្មោះអងតុងជាសេនាទោរបស់ចូឆូ ឯខ្លួនចូឆូមិនបានមកក្នុងទ័ពនេះទេ ឲ្យខ្ញុំបាទនឹងឡៅតាយលើកទ័ពមក គំនិតខ្ញុំបាទនឹងបានគិតធ្វើកលសឹកខ្លួនឯងក៏ទេ ដែលយកទង់ជ័យសម្រាប់ទ័ពចូឆូលើកមកក្នុងកងទ័ពនេះ ព្រោះចូឆូបង្គាប់ប្រើខ្ញុំបាទខ្លាចអាជ្ញាក៏តាមបង្គាប់ចូឆូ ។ ឡៅពីបានស្ដាប់ ក៏យកគ្រឿងសម្លៀកបំពាក់មួយប្រដាប់មកឲ្យអងតុង ហើយរៀបតុលៀងភោជនាហារឲ្យអងតុងបរិភោគ រួចឲ្យទាហានយកខ្លួនអងតុងទៅឃុំទុក បើចាប់ឡៅតាយបានវេលាណានឹងបានគិតការតទៅទៀត ។ គួនអ៊ូបាននិយាយនឹងឡៅពីថា ខ្ញុំបាទប្រមាណចិត្តលោកឃើញថា លោកនៅបារម្ភខ្លាចចិត្តចូឆូ បានជាមិនសម្លាប់អងតុងចេញ បើដឹងដូច្នេះ ខ្ញុំបាទមិនចាប់ទាំងរស់មកជូនលោកទេ ។ ឡៅពីតបថា ដែលយើងមិនប្រើតៀវហ៊ុយឲ្យចេញទៅនោះ ព្រោះគិតឃើញថាចិតតៀវហ៊ុយរួសរហ័សណាស់ បើចាប់មេទ័ពបានមុខជាសម្លាប់មិនខាន ដែលយើងបានខ្លួនអងតុងមកទុកដូច្នេះ ទោះចូឆូដឹងថាប្រការម្ដេចក៏មានផ្លូវនឹងដោះស្រាយកៃខៃទៅបានដោយងាយ ។
តៀវហ៊ុយក៏ជម្រាបឡៅពីថា គួនអ៊ូទៅចាប់ខ្លួនអងតុងបានមកហើយខ្ញុំបាទនឹងយកអាសាចេញទៅចាប់ខ្លួនឡៅតាយមកជូនលោកទៀត ។ ឡៅពីតបថា ឯឡៅតាយនោះជាចៅហ្វាយស្រុកគុយជីវ កាលចៅហ្វាយខែត្រទាំង ១៨ មណ្ឌល លើកទៅកំចាត់តាំងតុពីគ្រាមុននោះ ឡៅតាយក៏លើកពលទៅធ្វើការជាមួយផង គ្រានោះចូឆូឃើញឡៅតាយមានដំរេះប្រាជ្ញា បានជាប្រើឲ្យធ្វើមេទ័ពលើកមក ដែលប្អូនឯងនឹងលើកទាហានចេញទៅចាប់ខ្លួនឡៅតាយនោះ បងយល់ឃើញថាមិនមែនបានបំណងគិតទេ ។ តៀចហ៊ុយឆ្លើយតបថា នឹងរាប់ទុកជាពូកែដូចម្ដេចថ្វីដៃឡៅតាយប៉ុណ្ណេះ ខ្ញុំបាទនឹងចាប់យកមកឲ្យបាន ។ ឡៅពីថា បងក្រែងប្អូនឯងចេញទៅច្បាំងនឹងធ្វើឲ្យអន្តរាយដល់ជីវិតឡៅតាយតែម្ដង មិនខ្លួនទាំងរស់មកដូចជាគួនអ៊ូ ។ តៀវហ៊ុយថា ខនេះលោកកុំបីវតក្កឡើយ បើខ្ញុំបានសម្លាប់ឡៅតាយក្ដី ឬចាប់ខ្លួនមិនបានទាំងរស់ក្ដី ឲ្យលោកកាត់ក្បាលខ្ញុំចេញ ។ ឡៅពីបានឮដូច្នោះក៏ពេញចិត្តណាស់ ទើបចាត់ទាហានសេះ ៣ ពាន់ឲ្យតៀវហ៊ុយៗ ក៏ លាឡៅពីលើកចេញទៅ ។
ឯឡៅតាយកាលដឹងថា គួនអ៊ូចាប់ខ្លួនអងតុងទៅបាន រួចឃើញតៀវហ៊ុយលើកទ័ពមកទៀត ឡៅតាយក៏នឹងញញើតដៃតៀវហ៊ុយមិនបានចេញច្បាំងប្រុងតែរក្សាបន្ទាយរាយកងទ័ពយាមល្បាតពីក្នុងបន្ទាយ ។ ឯតៀវហ៊ុយ នោះលុះមិនបានឃើញឡៅពីចេញមកច្បាំងសោះ ក៏លើកទាហានចូលទៅដល់មុខបន្ទាយឡៅតាយ ហើយឲ្យទាហានស្រែកជេរជាពាក្យអាស្រូវភាសផ្សេងៗ ។ ឡៅតាយក៏សម្ងំស្ងៀមមិនបានលើកទ័ពចេញច្បាំង ដែលរារង់ដូច្នេះ ៥ថ្ងៃ ។ តៀវហ៊ុយ ក៏គិតកលឧបាយបង្គាប់ទាហានទាំងពួងថា កណ្ដាលយប់ស្ងាត់ក្នុងថ្ងៃនេះ ពេលយាម ៣ ប្លាយ យើងនឹងលើកចូលទៅប្លន់យកបន្ទាយឡៅតាយឲ្យបាន ឲ្យទាហានទាំងអស់ត្រៀមខ្លួនឲ្យស្រេច ។ តៀវហ៊ុយ ផឹកស្រាហើយធ្វើកិរិយាបែបស្រវឹងមិនដឹងខ្លួន ក៏រករឿងយកទោសទាហានម្នាក់ ឲ្យវាយ ប្រហែល ៣០ រំពាត់ ហើយនិយាយនឹងទាហានដែលមានទោសនេះថា ពេលយាម ៣ ប្លាយក្នុងយប់នេះ យើងនឹងកាត់ក្បាលឯងសែនទង់ជ័យ ហើយលើកពលចូលទៅវាយបន្ទាយឡៅតាយ ។ តៀវហ៊ុយ បង្គាប់ឲ្យចងទាហាននោះទុក ។ លុះពេលយាម ១ ប្លាយ តៀវហ៊ុយក៏លបប្រើមនុស្សឲ្យចូលទៅស្រាយចំណងទាហានមានទោសនោះចេញ ទាហាននោះក៏លបរត់ទៅដោយមានចិត្តខឹងក្ដៅនឹងខ្លាចសេចក្ដីស្លាប់ ក៏គេចចូលទៅក្នុងបន្ទាយឡៅតាយ ហើយនាំយករឿងដែលតៀវហ៊ុយគិតនោះប្រាប់ឡៅតាយគ្រប់ប្រការ ។ ឡៅតាយបានស្ដាប់ហើយឃើញរបួសស្លាកស្នាមទាហាននោះជាបន្ទាល់ ក៏គ្មានពិភាល់សង្ស័យសំគាល់ថាពិត ទើបកេណ្ឌទាហានឲ្យចេញទៅពួនបង្កប់ក្រៅបន្ទាយជា ២ កង ក្នុងបន្ទាយនោះគ្មានមនុស្សនៅសោះ ។
តៀវហ៊ុយដឹងថាទាហានដែលមានទោសនោះត្រូវវាយនោះ រត់ទៅហើយក៏គិតថា ហេតុល្អអាក្រក់ទាហាននេះវាគង់រត់ទៅប្រាប់ឲ្យឡៅតាយដឹងមុខជាឡៅតាយនឹងចោលបន្ទាយ ឲ្យទាហានចេញពួនបង្កប់មិនខាន អញនឹងរិះគិតអានត្រួតកលចាប់ខ្លួនឡៅតាយឲ្យបាន ។ លុះដល់ពេលយាម ៣ ប្លាយ តៀវហ៊ុយក៏លើកទាហានញែកគ្នាទៅពួនបង្កប់ជា ២ កង ហើយបង្គាប់ថា បើឃើញពន្លឺភ្លើងឆេះបន្ទាយឡៅតាយ ត្រូវឲ្យលើកគ្នាវាយប្រសព្វខ្ទប់ទាំងសងខាង ខ្លួនតៀវហ៊ុយជាកងកណ្ដាលប្រចាំជូន ហើយបង្គាប់ទាហាន ៣០ នាក់ជាកងមុខចូលឲ្យចូលទៅប្លន់បន្ទាយហើយដុតភ្លើងឆេះឡើង ។
ឯទាហានឡៅតាយដែលពួនបង្កប់ទាំង ២ កង លុះឃើញដូច្នោះ ក៏លើកវាយខ្ទប់ទាំងសងខាង ។ ទាហានតៀវហ៊ុយ ដែលបង្កប់នៅពីខាងក្រៅ នឹងខ្លួនតៀវហ៊ុយ លុះឃើញពន្លឺភ្លើងឆេះឡើងក្នុងបន្ទាយនៃឡៅតាយ ក៏លើកសម្រុកចូលទៅវាយខ្ទប់ជា ៣ ផ្លូវ ។ ចំណែកទាហានឡៅតាយដែលបានឃើញទាហានតៀវហ៊ុយវាយខ្ទប់ពីក្រោយ ហើយចាក់កាប់សម្លាប់ខ្លះរបួសពិការខ្លះ ទាំហានទាំងនោះក៏បែកខ្ចាត់ខ្ចាយទៅខ្លះ ។ តៀវហ៊ុយក៏បរពលចូលប្រយុទ្ធនឹងឡៅតាយបានមួយស្របក់តៀវហ៊ុយក៏ចាប់ខ្លួនឡៅតាយបានហើយឲ្យទាហានចងទុក ។ បណ្ដាទាហានដែលបែកខ្ញែកទៅនោះ ក៏ត្រឡប់ចូលចំណុះចូលតៀវហ៊ុយជាច្រើន តៀវហ៊ុយក៏ឲ្យទាហានស្រូតទៅជម្រាបឡៅពីៗ បានស្ដាប់ក៏មានសេចក្ដីត្រេកអរ ហើយនិយាយនឹងគួនអ៊ូថា តៀវហ៊ុយជាមនុស្សចិត្តស្រាលរហ័សកាចសាហាវណាស់ គ្រានេះគិតកលឧបាយចាប់ខ្លួនឡៅតាយបាន ដែលតៀវហ៊ុយមានសតិបញ្ញាគិតឃើញបានការដូច្នេះដោយបុណ្យសំណាងរបស់យើងៗ មានសេចក្ដីសប្បាយចិត្តណាស់ ។
លុះវេលាព្រឹកឡើង ឡៅពីក៏នាំគួនអ៊ូចេញទៅទទួលដល់ក្រៅលំពែងស្រុក តៀវហ៊ុយឃើញឡៅពី, គួនអ៊ូទៅដល់ក៏ចូលមកគំនាប់ ហើយនិយាយថា បងតិះដៀលថា ខ្ញុំបាទជាមនុស្សចិត្តរហ័ស ឥឡូវខ្ញុំបាទចេះរិះគិតឧបាយចាប់ខ្លួនឡៅតាយបាន បងបានឃើញដំរេះប្រាជ្ញាខ្ញុំបាទហើយឬ ? ។ ឡៅពី តបថា បើបងមិនសង្កត់សង្កិនប្អូនឯងយ៉ាងនេះទេប្អូនឯងក៏ភ្លើនចិត្ត ណាឡើយនឹងរីះគិតចាប់ខ្លួនឡៅតាយបាន ។ តៀវហ៊ុយក៏អស់សំណើច ទើបឡៅពីចុះពីលើសេះចូលទៅស្រាយចំណងឡៅតាយចេញ ហើយនិយាយថា ដែលប្អូនយើងបានទៅធ្វើដល់ទីនេះ អ្នកចូរអភ័យទោសចុះកុំបីប្រកាន់ឡើយ " និយាយហើយឡៅពីក៏នាំឡៅតាយចូលទៅក្នុងស្រុក ហើយឲ្យរៀបតុលៀងភោជនាហារ ប្រើបម្រើឲ្យទៅនាំខ្លួនអងតុងពីក្នុងឃុំនាំមកបរិភោគជាមួយនឹងឡៅតាយ ។
ជនជាសំឡាញ់មកកាន់ផ្ទះនៃជនណា ដើម្បីកិច្ចការណាមួយ ជននោះឈ្មោះថា ជាអ្នកមានបុណ្យ ជាអ្នកមានកល្យាណធម៌ជាអ្នកគួរគេសសើរ នៅនាលោកនេះ ។ បញ្ចតន្ត្រៈ
កណ្ឌទី ២១ កែប្រែ
រឿងសាមកុកទុកជាយុទ្ធសាស្ត្រអ្នកវាងវៃឆ្លាសបើបានអាន នឹងចេះឧបាយកលចំណានទាំងមានសន្ដានស្នេហាជាតិ ។
ឯទីប្រឹក្សាទាំងពួងក៏និយាយនឹងឡៅពៀវថា យីអេងពោលទ្រគោះមើលងាយលោកខ្លាំងណាស់ ហេតុម្ដេចបានជាលោកមិនសម្លាប់ចេញ ? ។ ឡៅពៀវតបថាយើងដឹងដំណឹងថា យីអេងនេះមានដំរេះប្រាជ្ញា តែជាមនុស្សគ្មានអធ្យាស្រ័យសោះ, កាលនៅក្នុងស្រុកហ៊ូតោនោះ ក៏បានពោលទ្រគោះមើលងាយចូឆូជាច្រើនលើក ចូឆូឧស្សាហ៍ទ្រាំអត់សង្កត់ចិត្តមិនបានសម្លាប់យីអេង ព្រោះរអែងខ្លាចមនុស្សទាំងពួង នឹងគរហានិន្ទាប្រការ ១ ទៀតបើមានអ្នកឯណាចូលមកយកអាសាធ្វើការជាមួយផង ក៏រមែងស្ទើរចិត្តដ្បិតឃើញសម្លាប់មនុស្សល្អ បានជាចូឆូក្រែងប្រើយ៉អេងមកបញ្ចុះបញ្ចូលយើង ប្រាថ្នាដើម្បីនឹងខ្ចីដៃយើងឲ្យសម្លាប់យីអេងចេញ នឹងឲ្យសេចក្ដីអាក្រក់នោះធ្លាក់មកលើយើង ៗ ត្រូវក្លែងឲ្យយីអេងទៅបញ្ចុះបញ្ចូលហងច ព្រោះហងចចិត្តស្រាលរហ័សគ្មានអ្វីទប់ បើយីអេងទៅនិយាយទ្រគោះបោះបោកឲ្យហងចប្រការម្ដេច ហងចក៏នឹងសម្លាប់យីអេងមិនខាន បើដំណឹងនេះដឹងទៅដល់ចូឆូវេលាណា ឃើញថាចូឆូនឹងកោតខ្លាចគំនិតយើងថា យើងដឹងដល់គំនិតចូឆូ ។
ទីប្រឹក្សាទាំងពួងក៏សរសើរឡៅពៀវថា មានប្រាជ្ញាឈ្លាសវៃស្រដីថា លោកគិតនេះត្រូវល្អណាស់ ។ ខណៈនោះ មានបំរើអ៊ួនសៀវកាន់សំបុត្រមកឲ្យឡៅពៀវ សេចក្ដីថា "ឲ្យឡៅពៀវជួយគិតការទំនុកបំរុងផែនដី" ។ ឡៅពៀវក៏ប្រឹក្សានឹងសេនាទាហានទាំងពួងថា ចូឆូនឹងអ៊ួនសៀវជាសត្រូវនឹងគ្នា ឥឡូវចូឆូនឹងអ៊ួនសៀវឲ្យមកបញ្ចុះបញ្ចូលយើងទាំងសងខាង តើអ្នកទាំងពួងនឹងយល់ឃើញប្រការម្ដេច ? ។
ហាន់សុងឆ្លើយថា ចូឆូនឹងអ៊ួនសៀវគ្រានេះជាទោសទាស់ធ្វើសង្គ្រាមនឹងគ្នា បើលោកមិនចូលទៅខាងណា នឹងគិតឲ្យជាប្រយោជន៍ ចូរមើលកលការ បើឃើញខាងណាភ្លាត់ចំណាប់ត្រូវលោកលើកកងទ័ពទៅព្រួតវាយខាងណោះយកស្រុកឲ្យបាន តែខ្ញុំបាទខ្លាចក្រែងនៅខ ១ ថាចូឆូនោះមានសតិបញ្ញាច្រើនណាស់ ឈ្លាសយល់ទាំងក្បួនពិជ័យសង្គ្រាមស្ទាញស្ទាត់ជាងអ៊ួនសៀវ ហើយចេះចិញ្ចឹមរក្សាមនុស្សល្អមានលក្ខណៈតាមវិជ្ជានឹងថ្វីដៃមនុស្សទាំងពួងក្នុងផែនដី ក៏ចុះចូលទៅនៅនឹងចូឆូជាច្រើនមិនដាច់សោះ ខ្ញុំបាទយល់ឃើញថា ចូឆូនោះ នឹងធ្វើការសឹកសង្គ្រាមគង់មានជ័យជំនះអ៊ួនសៀវមិនខាន បើចូឆូបានស្រុកគីជីវហើយមុខជាលើកកងទ័ពទៅវាយយកស្រុកធំ ៗ ខាងទិសឯកើតរហូតដល់ស្រុកកាំងតាំង ទោះយ៉ាងណាក៏តទល់នឹងចូឆូមិនបាន សូមឲ្យលោកស្ម័គ្ររាប់អានចូលទៅខាងចូឆូចុះ មុខជាចូឆូនឹងទំនុកបំរុងលោកជាប្រក្រតីតទៅ ។
ឡៅពៀវឆ្លើយថា បើដូច្នោះចូរអ្នកចេញទៅស៊ើបស័ព្ទស្ដាប់ការណ៍ក្នុងក្រុងហ៊ូតោចុះ បើដឹងការណ៍យ៉ាងណាហើយ ចូរអ្នកវិលត្រឡប់មកប្រាប់យើង ៗ នឹងបានត្រិះរិះគិតការណ៍នេះតទៅទៀត ។ ហាន់សុងជំរាបថាដែលលោកនឹងប្រើឲ្យទៅយ៉ាងម្ដេច ខ្ញុំបាទមិនទទឹងនឹងប្រាសាទទេ ខ្លាចតែព្រះចៅហៀនតេនឹងជប់លៀង ឲ្យខ្ញុំធ្វើនាហ្មឺនខាងក្នុង នឹងមិនបានត្រឡប់មកជាភឿនស្លាប់រស់ជាមួយនឹងលោក មុខជាលោកមានសេចក្ដីសង្ស័យនឹងខ្ញុំបាទ ។ ឡៅពៀវតបថា ដែលអ្នកនិយាយដូច្នេះគួរហើយ តែថាទោះបីយើងនឹងនៅឆ្ងាយពីគ្នាយ៉ាងណា ក៏ត្រូវឲ្យមានចិត្តស្រឡាញ់គ្នាយ៉ាងជិតស្និទ្ធដូចជីវិត ១, ដែលអ្នកនឹងទៅនោះ បើបានដឹងកិច្ចរាជការអ្វី ៗ ខ្លួនមិនបានមក ក៏ត្រូវផ្ញើសំដីដោយសំបុត្រលិខិតមកដល់យើងឲ្យដឹង ដើម្បីនឹងបានគិតការតទៅ ។
ហាន់សុងក៏លាឡៅពៀវចូលទៅស្រុកក្រុង លុះដល់ហើយក៏ចូលទៅគំនាប់ចូឆូ ៗ ឃើញហាន់សុង ទៅដល់ក៏ទទួលដោយអំណរគួរសមណាស់ សាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល ហើយតាំងឲ្យធ្វើជានាហ្មឺនខ្ញុំរាជការក្នុងព្រះចៅហៀនតេ ហើយឲ្យស្រុកឡេងឡេងឡើងស្ដាប់បង្គាប់ហាន់សុង។ ស៊ុនហុកទើបចូលមកខ្សិបចូឆូថា ខ្ញុំបាទឃើញថាឡៅពៀវប្រើហាន់សុងឲ្យមកស៊ើបស្ដាប់ការជាសម្ងាត់ ខ្លួនហាន់សុងមិនទាន់មានគុណបំណាច់អ្វីនឹងលោកសោះ ហេតុម្ដេចបានជាលោកតាំងហាន់សុងឲ្យធ្វើនាហ្មឺនបានខែត្រឡេងឡេងឡើងស្ដាប់បង្គាប់ ប្រការ ១ យីអេងដែលទៅបញ្ចុះបញ្ចូលឡៅពៀវនោះ ក៏នៅមិនទាន់បានសេចក្ដីអ្វីមកដល់លោក ៗ ក៏មិនបានសួរការណ៍នេះដល់ហាន់សុងសោះ ។ ចូឆូតបថា "យីអេងនោះអាក្រក់ជួជាតិប្រមាថមើលងាយយើងជាច្រើន យើងមានចិត្តខឹងក្ដៅនៅដរាប បើនឹងសម្លាប់វាចេញមនុស្សទាំងពួងនឹងគរហានិន្ទាថា យើងមានវាសនាធ្វើធំកំហែងអ្នកតូច បានជាយើងប្រើឲ្យទៅបញ្ចុះបញ្ចូលឡៅពៀវ ប្រាថ្នានឹងខ្ចីដៃឡៅពៀវឲ្យសម្លាប់យីអេងចេញ ដែលនឹងសួរដំណឹងនោះ ក៏មិនជាការប្រយោជន៍អ្វី" ហើយចូឆូក៏បង្គាប់ហាន់សុងឲ្យវិលទៅស្រុកកេងជីវវិញ ឲ្យបញ្ចុះបញ្ចូលទៅពៀវមកចូលធ្វើរាជការនឹងយើងឲ្យបាន ។
ហាន់សុងទទួលពាក្យចូឆូហើយក៏លាត្រឡប់ទៅស្រុកកេងជីវ លុះទៅដល់ហើយក៏អធិប្បាយរឿងដែលចូឆូនិយាយ នឹងតាំងខ្លួនឲ្យធញវើនាហ្មឺននោះឲ្យឡៅពៀវស្ដាប់គ្រប់ប្រការ ហើយថា ចូឆូនោះមានចិត្តធូរទូលាយរួសរាយរាប់អានមនុស្សទាំងពួង គួរណាស់លោកនឹងចូលទៅធ្វើរាជការជាមួយផង សូមឲ្យលោកចាត់យកសំបុត្ររបស់លោកចូលទៅថ្វាយជាខ្ញុំព្រះចៅហៀនតេ នឹងបានធ្វើរាជការជានាហ្មឺនតទៅ ។ ឡៅពៀវបានឮដូច្នោះក៏ខឹងណាស់និយាយថា "ខ្លួនមិនយកសេចក្ដីអាថ៌កំបាំងរបស់យើងទៅប្រាប់ចូឆូហើយឬ ? បានជាចូឆូតាំងឲ្យខ្លួនបានធ្វើជានាហ្មឺន, ដែលខ្លួនគិតធ្វើការយ៉ាងនេះ ក៏ឃើញថាទូរយសនឹងយើង" ហើយបង្គាប់ឲ្យចាប់ខ្លួនហាន់សុងទៅសម្លាប់ ។ ហាន់សុងឆ្លើយថា ខ្ញុំបាននឹងគិតប្រទូសរ៉ាយនឹងលោកក៏ទេ នឹងបានលះបង់ចោលលោកក៏ទេ ហេតុម្ដេចលោកត្រឡប់លះបង់ចោលខ្ញុំបាទវិញ ។
កេងលៀងបានឮដូច្នោះ ក៏និយាយនឹងឡៅពៀវថា កាលលោកប្រើហាន់សុងឲ្យទៅនោះ ហាន់សុងក៏បានឆ្លើយជំរាបលោកទុកថា ដែលលោកឲ្យចូលទៅស្រុកក្រុងក្រែងលោកនៅមានសេចក្ដីសង្ស័យ លោកក៏បានថាមិនមានសង្ស័យអ្វីទេ បានជាហាន់សុងទៅ ឥឡូវហាន់សុងត្រឡប់មកវិញ ជូនដំណឹងកិច្ចរាជការឲ្យលោកជ្រាបតាមពិត, ដែលលោកប្រើឲ្យគេសម្លាប់ហាន់សុងចេញ មិនគួរសោះ ។ ឡៅពៀវយល់ថាខ្លួនគិតខុសក៏ព្រមលើកទោសហាន់សុង ។ ខណៈនោះទទួលបំរើសេះមកប្រាប់ឡៅពៀវថា យីអេងដែលទៅនិយាយបញ្ចុះបញ្ចូលហងចចៅហ្វាយស្រុកកាំងហែនោះ ហងចរៀបតុលៀងអាហារឲ្យយីអេងបរិភោគតាមទំនៀម លុះសេពសុរាស្រវឹងផងគ្នា ហងចក៏សួរយីអេងថា ក្នុងក្រុងហ៊ូតោនោះ អ្នកបានឃើញនាហ្មឺនណាមានសតិបញ្ញាជ្រៅទូលាយខ្លះ យីអេងប្រាប់ថា ខុងយ៉ុងនឹងអៀវពីវ ២ នាក់នេះ សុទ្ធតែមានដំរេះចេះគិតគូរគ្រាន់បើ ក្រៅពីនេះមិនឃើញមាននរណាសោះ ហងចថាដំរេះខុងយ៉ុងនឹងអៀវពីវហើយនឹងដំរេះយើងនេះ អ្នកឯងឃើញយ៉ាងម្ដេចពីគ្នាខ្លះ ? យីអេងថា ដំរេះអ្នកឯងនេះឧបមាដូចជាដុំថ្មនៅក្នុងខ្ទមទេពារ័ក្ស ទោះនឹងមានគេមកសែនព្រេនថាប្រការម្ដេច ដុំថ្មនោះក៏មិនចេះឆ្លើយតនឹងអ្នកដែលបួងសួងនោះឡើយ ឧបមាដូចជាសំពះដុំឈើ ១ កំណាត់ ហងចបានឮដូច្នោះក៏ខឹងខ្លាំងណាស់ ហូតក្រប៊ីចេញហើយក៏លើកឡើងកាប់យីអេង ៗ ជេរប្រទេចហងចទាល់តែដាច់ខ្យល់ស្លាប់ ។ ឡៅពៀវបានស្ដាប់ដូច្នោះក៏មានចិត្តអាណិតយីអេងណាស់ ប្រើមនុស្សឲ្យទៅរៀបសង្ការសពកប់យីអេង ទុកនៅតំបន់អ៊េងប៊ូជីវ ឯឡៅពៀវនោះក៏មិនបានគិតនឹងចូលទៅខាងចូឆូទេ ។
កាលចូឆូឮដំណឹងថាយីអេងស្លាប់ ក៏អស់សំណើចហើយនិយាយថា យីអេងនេះជាមនុស្សអាក្រក់ណាស់ មាត់របស់វាជាអាវុធសម្លាប់ខ្លួនវាទៅឯង ។ ខណៈនោះចូឆូនៅចាំស្ដាប់ដំណឹងឡៅពៀវ តែមិនបានដំណឹងប្រការម្ដេចសោះ ទើបប្រមូលសេនាទាហានទាំងពួងនឹងលើកទ័ពទៅវាយយកស្រុក កងជីវ ។ ស៊ុនហុកក៏ហាមឃាត់ចូឆូថា អ៊ួនសៀវមានកំឡាំងច្រើនណាស់ ទាំងឡៅពីក៏ប្រែគំនិតចិត្តចេញពីលោកទៅផង មុខជាចូលគំនិតគ្នានឹងអ៊ួនសៀវ ត្រូវតែគិតបង្ក្រាបអ៊ួនសៀវនឹងឡៅពីឲ្យរៀបទាបចេញសិន សឹមលើកទ័ពទៅប្រាបប្រាមឡៅពៀវនឹងបានដោយងាយ ។ ចូឆូយល់ឃើញត្រូវ ក៏គិតថានឹងលើកកងទ័ពទៅច្បាំងនឹងអ៊ួនសៀវ,ឡៅពី, តែសេចក្ដីនេះចូឆូមិនទាន់ប្រឹក្សានឹងអ្នកឯណាក៏បង្អង់នៅស្ងៀម ។ លុះព្រះចៅហៀនតេ្ដេចទៅគង់ក្នុងស្រុកហ៊ូតោបាន ៥ ព្រះវស្សាហើយ ខណៈនោះជាទេសកាយខែមាឃចូលឆ្នាំចិន ចូឆូនឹងនាហ្មឺនមុខមន្ត្រីខ្ញុំរាជការទាំងឡាយ តាក់តែងធូបទៀនមានផ្កាឈើនឹងគ្រឿងប្រដាប់ចូលទៅក្រាបបង្គំគាល់ព្រះចៅហៀនតេតាមទំនៀម។ តាំងស៊ិននឹងមន្ត្រីទាំងពួង ឃើញចូឆូធ្វើឫកពាមិនកោតខ្លាចមិនចង់ថហវាយបង្គំព្រះចៅហៀនតេ នាហ្មឺនដែលមានចិត្តសុចរិតទៀងត្រង់នឹងផែនដីក៏នាំគ្នាខឹងក្ដៅនឹងចូឆូជាច្រើន លុះព្រះចៅហៀនតេស្ដេចយាងចូលហើយ ចូឆូនឹងបណ្ដាខ្ញុំរាជការតូចធំក៏នាំគ្នាត្រឡប់ទៅផ្ទះ ឯតាំងស៊ិននោះ តាំងពីក្រោយឡៅពីលើកទ័ពចេញទៅ ទាំងម៉ាថេងក៏លើកទ័ពចេញទៅក្រុងសេលៀងទៀត តាំងស៊ិននឹងជូហុក, ជូឡាន់, តាំងអ៊ិប, ង៉ោហួនលបគិតគ្នារាល់ ៗ ថ្ងៃដើម្បីនឹងរំលាយបំផ្លាញចូឆូ តែមិនសមតាមសេចក្ដីប្រាថ្នា ទាំងអស់គ្នាក៏មានបរិវិតក្កទុក្ខទោមនស្សមិនដេក មិនស៊ីឲ្យសប្បាយ, តាំងស៊ិននោះក៏បណ្ដាលជម្ងឺក្ដៅក្រហាយដេកឈឺក្នុងផ្ទះ ។
ព្រះចៅហៀនតេទ្រង់ជ្រាបថា តាំងស៊ិនមានជម្ងឺឈឺ ក៏ត្រាស់ប្រើកៀតប៉ឹងជាពេទ្យហ្លួងឲ្យទៅព្យាបលអាការរោគតាំងស៊ិន កៀតប៉ឹងក៏ទៅព្យាបាលទាំងពេលយប់ពេលថ្ងៃ ឃើញតាំងស៊ិនដេកដកដង្ហើមធំរឿយ ៗ ក៏ដឹងថាមិនមែនជម្ងឺធម្មតាគឺរោគឈឺចិត្ត កៀតប៉ឹងមិនអាចសួរសាកប្រការម្ដេច លុះព្រឹកឡើងថ្ងៃ ១ នោះ កៀតប៉ឹងក៏និយាយនឹងតាំងស៊ិនថា ថ្ងៃនេះខ្ញុំបាទសុំលាលោកទៅ ស្អែកសឹមត្រឡប់មកវិញ ។ តាំងស៊ិនក៏និយាយគាត់ថា ថ្ងៃនេះអ្នកកុំអាលទៅឡើយ នៅដេកនឹងយើងមួយយប់សិន តាំងស៊ិនក៏ឲ្យរៀបតុៈលៀងអាហារ ហើយអញ្ជើញកៀតប៉ឹងមកផឹកស្រាជាមួយគ្នា ។ តាំងស៊ិនបរិភោគកាលណា ក៏គិតដល់សេចក្ដីដែលគិតទុកនោះឲ្យព្រួយរំខានពន់ប្រមាណណាស់ ធ្វេសស្មារតីទំរេតខ្លួនលក់លើកៅអីភាំងទៅ យល់សប្ដិឃើញថា "ជូហុក, ជូឡាន់, តាំងអ៊ិប, ង៉ោហួន ៤ នាក់នេះ នាំគ្នាមករកតាំងស៊ិនឯផ្ទះហើយប្រាប់ថា ឥឡូវអ៊ួនសៀវនឹងឡៅពីលើកទាហាន ១០ ម៉ឺនចូលមកពីខាងទិសឯត្បូង ម៉ាថេងនឹងហាន់ស៊ុយលើកទាហាន ៧២ ម៉ឺនចូលមកពីទិសឯជើង នឹងមកវាយយកស្រុកហ៊ូតោ ឯចូឆូក៏លើកទាហានចេញទៅតទល់ខាងក្រៅកំពែងស្រុកទាំង ២ តំបន់ ក្នុងស្រុកនោះនៅតែចូឆូនឹងកូនទាហានប្រមាណ ៩ – ១០ នាក់ តាំងស៊ិននឹងមន្ត្រី ៤ នាយក៏ពាក់ក្រិសជិះសេះកាន់អាវុធគ្រប់ដៃ ហើយលើកទាហានទៅដល់មុខផ្ទះនោះ ឃើញចូឆូកំពុងអង្គុយផឹកស្រា តាំងស៊ិនក៏បរសេះដម្រង់ចូលទៅយកក្រប៊ីកាប់ក្បាលចូឆូដាច់ធ្លាក់ពីលើស្មាស្លាប់ ហើយតាំងស៊ិនជេរចូឆូថាធាក្បត់" ខណៈនោះតាំងស៊ិនក៏មានចិត្តត្រេកអរសប្បាយ ភ្ញាក់ដឹងខ្លួនហើយក៏នៅជេរចូឆូមិនឈប់មាត់ ។
កៀតប៉ឹងបានឃើញតាំងស៊ិនមមើជេរចូឆូដូច្នោះ ក៏ដឹងថា តាំងស៊ិនមានចិត្តស្អប់ចូឆូ ប្រុងនឹងប្រទូសរ៉ាយចូឆូ កៀតប៉ឹងក៏ជជីកសួរតាំងស៊ិនថា លោកប្រុងធ្វើអន្តរាយមហាឧបរាជឬ ! ខ្ញុំនឹងនាំយកសេចក្ដីនេះទៅប្ដឹងឲ្យមហាឧបរាជជ្រាប ។ តាំងស៊ិនបានឮកៀតប៉ឹងថាដូច្នោះ ក៏ភ័យស្លុតស្មារតីមិនឆ្លើយតបថាអ្វីសោះ ។ កៀតប៉ឹងឃើញតាំងស៊ិនភ័យខ្លាចដូច្នោះក៏និយាយថា លោកកុំភ័យខ្លាច ខ្ញុំបាទថាដូច្នេះព្រោះចង់ពិសោធចិត្តលោកទេ សព្វថ្ងៃនេះខ្ញុំបាទគ្រាន់តែធ្វើពេទ្យ តែដួងចិត្តគិតនឹងតបស្នងគុណព្រះចៅហៀនតេជាដរាប ដែលខ្ញុំបាទមកនៅព្យាបាលរោគលោកយូរថ្ងៃ ហើយមិនបានដឹងប្រាកដថា រោគលោកនោះកើតអំពីអ្វី ឃើញលោកចេះតែដកដង្ហើមធំរឿយ ៗ ខ្ញុំបាទក៏មិនអាចហ៊ានសួរ ឥឡូវខ្ញុំបាទបានឃើញលោកមមើជេរចូឆូ ក៏ត្រូវគ្នានឹងដកដង្ហើមធំ ឯការដែលលោកគិតទុកប្រការម្ដេចនោះ ចូរលោកកុំលាក់ឡើយប្រាប់ខ្ញុំបាទឲ្យត្រង់មកចុះ បើល្មមខ្ញុំបាទនឹងទទួលធ្វើបាន ខ្ញុំបាទក៏ទទួលយកអាសា ។
តាំងស៊ិនបានឮកៀតប៉ឹងនិយាយដូច្នោះក៏យំហើយថា យើងបារម្ភតែចិត្តនាក់នឹងមិនដូចមាត់និយាយ "បើលោកសង្ស័យខ្ញុំបាទនឹងធ្វើឲ្យជាបន្ទាល់ច្បាស់" និយាយហើយកៀតប៉ឹងក៏យកក្រប៊ីកាត់ម្រាមដៃ ឲ្យលោហិតហូរចេញមកដាក់លាយនឹងស្រាក្នុងពែង ហើយលើកឡើងស្បថសច្ចាថា "ខ្ញុំបាទមានចិត្តសុចរិតត្រង់នឹងផែនដី បើមានសេចក្ដីវៀចក្លែងបញ្ឆោតលោក ក៏សូមឲ្យជីវិតខ្ញុំបាទអន្តរាយដោយអាវុធផ្សេង ៗ ចុះ" លុះសច្ចាហើយកៀតប៉ឹងក៏ផឹកអស់ទៅ ។ តាំងស៊ិនបានឃើញកៀតប៉ឹងស្បថសច្ចាជាទីអស្ចារ្យដូច្នោះក៏អស់សង្ស័យ ទើបយកឡាយព្រហស្តមកបង្ហាញឲ្យកៀតប៉ឹងមើល ហើយថា "ដែលយើងរួមគំនិតគិតគ្នានឹងកំចាត់ចូឆូចេញនោះ ៧ នាក់ទាំងខ្លួនយើង ឥឡូវឡៅពីនឹងម៉ាថេងក៏ចេញពីស្រុកក្រុងអស់ទៅហើយ នៅតែយើងនឹងមន្ត្រីមានឈ្មោះ ៤ នាក់បានជាគិតការមិនធ្លុះធ្លាយ យើងក៏ទៅជាឈឺព្រោះហេតុនេះ ។ កៀតប៉ឹងឃើញឡាយព្រហស្តព្រះចៅហៀនតេ ហើយស្ដាប់ពាក្យតាំងស៊ិននិយាយដូច្នោះ ក៏ឆ្លើយតបថា ការដែលគិតនឹងធ្វើអន្តរាយចូឆូនោះ ទុក្ខជាកិច្ចធុរៈលើខ្លួនខ្ញុំបាទចុះនឹងទទួលយកអាសា ។
តាំងស៊ិនសួរថា អ្នកនឹងគិតធ្វើយ៉ាងណា ? ។ កៀតប៉ឹងឆ្លើយថា ចូឆូនោះរមែងមានរោគឈឺក្បាល ហៅខ្ញុំបាទទៅមើលជានិច្ច បើចូឆូឈឺទៀតវេលាណា ខ្ញុំបាទនឹងទៅព្យាបាលប្រកបថ្នាំឲ្យផឹកដាក់ថ្នាំបំពុលបញ្ចូលផង បើចូឆូផឹកហើយគង់នឹងស្លាប់ ការណ៍ដែលខ្ញុំបានគិតនេះឃើញថាមិនលំបាកដល់សេនាទាហាន ។ តាំងស៊ិនបានឮដូច្នោះក៏សោមនស្សក្នុងចិត្តទើបឆ្លើយថា អ្នកមានសេចក្ដីសត្យកតញ្ញូនឹងម្ចាស់ផែនដីប្រាកដ, រាជសម្បត្តិនេះនឹងមិនអន្តរាយឡើយ គុណគាប់ដ៏ប្រសើរនឹងមានដល់ខ្លួនអ្នកទៅឯមុខ ។ លុះវេលាព្រឹក កៀតប៉ឹងក៏លាតាំងស៊ិនទៅផ្ទះវិញ ។
ខណៈនោះតាំងស៊ិនមានសេចក្ដីសប្បាយរីករាយចិត្តណាស់ ជម្ងឺឈឺថ្លាត់ទាំងប៉ុន្មានក៏រលាយបាត់សូន្យអស់ទៅ ទើបដើរចុះទៅមើលសួនផ្កា ក្រឡេកឃើញខេងតេងជាបាវស្និទ្ធ អង្គុយនិយាយគ្នានឹងនាងអ៊ិន - អេង ដែលជាភរិយាបន្ទាប់ក្នុងទីស្ងាត់ តាំងស៊ិនខឹងណាស់ហៅមនុស្សបំរើឲ្យចាប់ខ្លួនខេងតេងបាន ហើយហូតក្រប៊ីគិតនឹងកាប់ខេងតេងឲ្យស្លាប់ ។ ភរិយាធំតាំងស៊ិនឃើញវឹកវរឡើង ក៏ចុះទៅឃាត់សុំជីវិតខេងតេង តាំងស៊ិនក៏ឲ្យវាយខេងតេងយ៉ាងទម្ងន់ហើយដាក់ច្រវាក់ទុក លុះវេលាពាក់កណ្ដាលអាធ្រាត្រ ខេងតេងក៏កាច់សោររត់រួចទៅនៅនឹងចូឆូ យកសេចក្ដីអាថ៌កំបាំងដែលតាំងស៊ិនគប់គិតគ្នានឹងអ្នក ៥ នាក់នោះប្រាប់ចូឆូគ្រប់ប្រការ ។ ចូឆូបានស្ដាប់ច្បាស់ក៏ឲ្យយកខ្លួនខឹងតេងទៅលាក់បំពួនទុកក្នុងផ្ទះ ។ ឯតាំងស៊ិននោះលុះព្រឹកឡើងដឹងថា ខេងតេងរត់បាត់គិតថា ប្រហែលវាវត់ទៅនៅខែត្រក្រៅ មិនបាននឹងគិតឲ្យស៊ើបសួរតាមរក ។ លុះថ្ងៃមួយចូឆូក៏គិតកលឧបាយធ្វើជាឈឺក្បាល ទើបប្រើបំរើឲ្យទៅហៅកៀតប៉ឹងពេទ្យហ្លួងមករក្សារោគ បំរើក៏ទៅហៅកៀតប៉ឹង ៗ ក៏គិតថា "អាសត្រូវរាជសម្បត្តិវានឹងស្លាប់ក្នុងគ្រានេះហើយ" កៀតប៉ឹងចូលទៅក្នុងផ្ទះយកថ្នាំពិលពុលលាក់ទៅជាមួយ ។ ចូឆូឃើញកៀតប៉ឹងទៅដល់ ក៏គន់មើលប្រាមដៃឃើញកំបុត ១ សមដូចពាក្យខេងតេងប្រាប់ ក៏មិនបានសាកសួរថាម្ដេច ។
ចូឆូនិយាយនឹងកៀតប៉ឹងថា ឥឡូវយើងឈឺក្បាលខ្លាំងណាស់ ចូរអ្នកប្រកបថ្នាំកែឲ្យរសាយរោគយ់ងចុះ យើងនឹងឲ្យបំណាច់រង្វាន់ ។ កៀតប៉ឹងថា "លោកឈឺគ្រានេះខ្ញុំបាទនឹងប្រកបថ្នាំតែ ១ យ៉ាងជូនលោកពីសា រោគលោកក៏នឹងរសាយស្រឡះ" ហើយកៀតប៉ឹងក៏យកថ្នាំដាក់ក្នុងពែងដាំឲ្យរីងបន្តិច លុះឃើញចូឆូងាកមុខចេញ ក៏យកថ្នាំពិសពុលនោះដាក់បញ្ចូល ហើយចាក់ចេញល្មមបានកន្លះពែងទើបលើកហុចទៅឲ្យចូឆូផឹក ។ ចូឆូដឹងកលកៀតប៉ឹងក៏ធ្វើជាព្រងើយមិនបានទទួលថ្នាំនោះ ។ កៀតប៉ឹងថា មហាឧបរាជពីសាថ្នាំនេះទៅចុះទាន់នៅក្ដៅ ដើម្បីឲ្យបែកញើសខ្លះ រោគលោកនឹងសះជា ។ ចូឆូតបថា ខ្លួនអ្នកជាពេទ្យហ្លួងរមែងដឹងទម្លាប់ទំនៀមគ្រប់សព្វហើយ បើព្រះមហាក្សត្រទ្រង់ព្រះឈួន ពេទ្យថ្វាយឱសថវេលាណាត្រូវឲ្យពេទ្យនោះឬនាហ្មឺនរក្សាព្រះអង្គធៀបថ្នាំជាមុន, បើមាតាបិតាឈឺ ពេទ្យប្រកបថ្នាំឲ្យផឹកត្រូវឲ្យកូនភ្លក់ល្បងថ្នាំជាមុន ឥឡូវខ្លួនយើងជាមហាឧបរាជ ខ្លួនអ្នកជាពេទ្យធ្លាប់រាប់អានស្និទ្ធស្នាលនឹងយើង អ្នកប្រកបថ្នាំឲ្យយើងផឹក អ្នកត្រូវផឹកល្បងឲ្យយើងឃើញជាមុនសិន ទើបយើងផឹកជាក្រោយ ។
កៀតប៉ឹងតបថា ប្រសាសន៍លោកថាដូច្នេះក៏គួរណាស់ហើយ តែខ្ញុំបាទយល់ថាលោកក៏ធ្លាប់ទុកចិត្តខ្ញុំបាទមកពីដើម ឥឡូវលោកឈឺ ខ្ញុំបានប្រកបថ្នាំជូនលោកពិសារ លោកនឹងឲ្យខ្ញុំបាទដែលមិនឈឺទទួលទានជាមុននោះថ្នាំនេះតិចណាស់ នឹងអស់ទៅ រោគលោកក៏មិនសះជា ។ ចូឆូក៏ធញវើព្រងើយកន្តើយមិនព្រមទទួលផឹក ។ កៀតប៉ឹងឃើញចូឆូរង្កៀសសង្ស័យមិនទទួលផឹកថ្នាំដូចរាល់ដង ក៏សំគាល់ក្នុងចិត្តថា ចូឆូដឹងដល់គំនិតដែលខ្លួនគិតទុក ទើបចាប់ស្លឹកត្រចៀកចូឆូជាប់ហើយយកពឺងលើកឡើងច្រកឲ្យចូឆូផឹក ។ ចូឆូយកដៃទាត់ពែងធ្លាក់ពីដៃទៅបែក កំពប់ថ្នាំទៅលើឥដ្ឋដោយអំណាចថ្នាំពិសនោះឥដ្ឋក៏បែកខ្ទេច ។ មនុស្សបំរើទាំងពួងឃើញដូច្នោះ ក៏បបួលគ្នាចូលចោមចាប់ខ្លួនកៀតប៉ឹងចងជាប់ ។ ចូឆូបានចំណាប់ឃើញច្បាស់ជាកៀតប៉ឹងដាក់ថ្នាំពិស ក៏និយាយថា "អញមិនមែនឈឺអ្វីទេ អញពិសោធឯងចង់ដឹងទេតើ ឥឡូវអញឃើញថាឯងប្រទូសរ៉ាយអញជាប្រាកដ" ទើបបង្គាប់ទាហាន ២០ នាក់ឲ្យនាំខ្លួនកៀតប៉ឹងទៅឯសួនច្បារ ហើយចងស្នឹងវាយកៀតប៉ឹងយ៉ាងសហ័សសួរពិចារណាថា ខ្លួនឯងជាពេទ្យដែលគិតការទាំងនេះ អញក៏ឃើញថាលើសគំនិតប្រាជ្ញាឯង តើនរណាប្រើឯងឲ្យធ្វើដូច្នេះ ចូរឯងឆ្លើយប្រាប់ឈ្មោះឲ្យច្បាស់តាមត្រង់ អញនឹងលើកទោសឯង ។
កៀតប៉ឹងត្រូវវាយឈឺឆាប់ជាទម្ងន់ណាស់ ក៏មិនបានខ្លាចសេចក្ដីស្លាប់ស្រែកគំហកតបថា ខ្លួនឯងធ្វើល្មើសជាខ្មាំងសត្រូវនឹងរាជសម្បត្តិ បានជាអញគិតធ្វើការដូច្នេះ មិនមែននរណាមកបង្គាប់ប្រាប់អញធ្វើទេ ព្រោះហេតុថាផែនដីសព្វថ្ងៃក្ដៅគ្រប់ដើមស្មៅវល្លិឈើព្រៃទាំងពួង បានជាអញគិតសម្លាប់ឯងចេញ ទោះនរណា ៗ គេក៏ប្រុងតែនឹងប្រហារជីវិតឯងដូចអញដែរ តែមិនទាន់បានឱកាសនឹងធ្វើបាន ជីវិតអញនឹងស្លាប់ ហើយឯងមិនត្រូវមកសួរធ្វើអ្វីឡើយ ។ ចូឆូបានឮដូច្នោះក៏ខឹងណាស់ឲ្យវាតកៀតប៉ឹងតាំងពីព្រឹកដល់ថ្ងៃត្រង់ ទាល់តែខ្នងនោះបែករលួយហូរឈាមស្រោចអស់ទាំងខ្លួន កៀតប៉ឹងក៏មិនឆ្លើយដាក់គូកន ។ ចូឆូបារម្ភក្រែងកៀតប៉ឹងនឹងស្លាប់សាបសូន្យរឿងរ៉ាវ ក៏ឲ្យយកខ្លួនកៀតប៉ឹងទៅឃុំទុកជាមាំមួន លុះវេលាព្រឹកឡើងចូឆូក៏បង្គាប់ឲ្យរៀបតុលៀងអាហារឲ្យអញ្ជើញនាហ្មឺនសព្វមុខមន្ត្រីតូចធំទៅជួបជុំបរិភោក្ដា ។ ឯជូហុក, តាន់អ៊ិប, ងោហួន ៤ នាក់នេះ ក៏គិតព្រមគ្នាថា បើយើងមិនទៅចូឆូនឹងសង្ស័យ នាហ្មឺនទាំង ៤ នាក់ក៏ទៅព្រមគ្នានឹងនាហ្មឺនទាំងពួង តែតាំងស៊ិននោះឲ្យដំណឹងថាឈឺទៅមិនរួច ។
ខណៈកាលនាហ្មឺនមុខមន្ត្រីទាំងពួងកំពុងបរិភោគអាហារ ចូឆូក៏និយាយថា "អស់លោកផឹកស្រាមិនសូវរួសរាយ យើងមានមនុស្សម្នាក់ប្លែកនឹងឲ្យយកមកឲ្យអស់លោកមើលលេង" ថាហើយក៏ប្រើទាហានឲ្យឃុំនាំយកខ្លួនកៀតប៉ឹងចេញមក ចូឆូក៏និយាយនឹងនាហ្មឺនទាំងពួងថា "មានពួកក្បត់គប់គិតគ្នានឹងអាកំណាចម្នាក់នេះ នឹងធ្វើអន្តរាយដល់ព្រះចៅហៀនតេហើយធ្វើប្រទូសរ៉ាយដល់យើងផង ឥឡូវទេពតាមិនបានចូលទៅខាងមនុស្សអាក្រក់ បណ្ដាលឲ្យយើងចាប់ខ្លួនបាន យើងនឹងសួរពិចារណាវា ឲ្យអស់លោកចាំស្ដាប់ចុះ" ចូឆូក៏ឲ្យវាយកៀតប៉ឹងទៀតទាល់តែសន្លប់ ហើយឲ្យរឹតរួតទាល់តែដឹងខ្លួនឡើងវិញ ។ កៀតប៉ឹងនៅមិនបានញញើតខាំធ្មេញញេញមុខសំឡក់ ហើយជេរចូឆូជាពាក្យអាស្រូវភាសផ្សេង ៗ ហើយថា "ហេតុម្ដេចឯងមិនសម្លាប់អញទៅ ទុកអញធ្វើអ្វីទៀត ។ ចូឆូថា ពីដើមវាគប់គិតគ្នានឹងពួក ៦ នាក់ ឯក្រោយឯងទៅចូលរួមគំនិតទៀតទើបត្រូវជា ៧ នាក់ ដើមគំនិតគឺឈ្មោះអ្វី ? បានជាឯងមិនចង្អុលឲ្យច្បាស់ ។ កៀតប៉ឹងក៏មិនឆ្លើយតបសោះ ចូឆូខឹងណាស់ឲ្យវាយទៀតហើយពិចារណាសួរ កៀតប៉ឹងរឹងតែមិនឆ្លើយដាក់ដល់ម្នាក់ណា ។
ឯជូហុក, ជូឡាន់, តាំងអ៊ិប, ងោហួន, អង្គុយបរិភោគអាហារ ឃើញចូឆូឲ្យវាយពិចារណាកៀតប៉ឹងដូច្នោះ អ្នកទាំង ៤ ក៏មិនបានជាសុខ ឧបមាដូចជាគេអង្គុយលើចំរូងបន្លាឬលើភ្លើងគុក ទាំងទឹកមុខក៏ស្លឺតស្លាំងគ្មានឈាមសោះ ចេះតែសំឡឹងមើលមុខគ្នាទៅវិញទៅមក ។ ចូឆូឃើញកៀតប៉ឹងមិនឆ្លើយដាក់ដល់គូកនដូច្នោះ ក៏បង្គាប់ឲ្យយកខ្លួនទៅដាក់គុកដូចដើម ។ នាហ្មឺនមុខមន្ត្រីទាំងឡាយនោះ លុះបរិភោគរួចហើយទាំងអស់គ្នាក៏លាចូឆូចុះទៅ ។ ចូឆូទើបថា អ្នកទាំងពួងនឹងទៅក៏ទៅចុះ តែជូហុក, ជូឡាន់, តាំងអ៊ិប, ងោហួន ៤ នាក់នេះត្រូវឲ្យបង្អង់នៅសិន យើងនឹងប្រឹក្សាការរាជការផង ។ នាហ្មឺនទាំង ៤ បានឮដូច្នោះ ក៏ស្លុតរន្ធត់ចិត្តបាត់ព្រលឹងពីក្នុងខ្លួន ចាំចិត្តទៅអង្គុយអាជ្ញាចូឆូ ៗ ក៏សួរនាហ្មឺនទាំង ៤ នាក់ថា អ្នកប្រឹក្សាការអ្វីខ្លះនៅផ្ទះតាំងស៊ិន ។ នាហ្មឺនទាំង ៤ ឆ្លើយថា ខ្ញុំបាទនឹងបានទៅប្រឹក្សាការអ្វីនៅផ្ទះតាំងស៊ិនក៏ទេ ។
ចូឆូជជីកសួរថា បើខ្លួនមិនបានទៅប្រឹក្សាគ្នានៅផ្ទះតាំងស៊ិនទេ ចុះព្រៃសដែលសរសេរអក្សរនឹងឈាមនោះ សេចក្ដីដូចម្ដេចខ្លះ ? ។ នាហ្មឺនទាំង ៥ នាក់ឆ្លើយថា ព្រៃសដែលសរសេរសេចក្ដីដូចម្ដេចខ្លះ នោះខ្ញុំមិនបានដឹងឃើញទេ ។ ចូឆូក៏បង្គាប់ឲ្យយកខ្លួនខឹងតងដែលជាបាវតាំងស៊ិននោះចេញមកប្រទល់មុខគ្នា ខេងតងក៏ឆ្លើយថា នាហ្មឺនទាំង ៤ នាក់នេះហើយដែលបានរួមគំនិតគិតគ្នាលើផ្ទះតាំងស៊ិន ។ នាហ្មឺនទាំង ៤ មិនទទួល ។ ខេងតងឆ្លើយថា ដើមដំបូងជូហុកទៅរកតាំងស៊ិនមុន លុះជូឡាន់, តាំងអ៊ិប, ងោហួន, ម៉ាថេងឡើងទៅក្រោយ ជូហុកខ្លាចក៏ស្ទុះចូលទៅពួនក្នុងវាំងនន រួចតាំងស៊ិនយកឡាយព្រហស្តដែលសរសេរនឹងព្រៃសនោះមកឲ្យមើល ហើយនិយាយគ្នាព្រមរួមគំនិតគិតការនោះថា នឹងធ្វើអន្តរាយដល់មហាឧបរាជ ជូហុកទើបចេញមកនិយាយជាមួយគ្នាទៀត តាំងស៊ិននឹងនាហ្មឺន ៥ នាក់ ក៏ធ្វើសំបុត្រចុះនាមទុកជាមួយគ្នា ហេតុម្ដេចអ្នកទាំង ៤ នៅមិនទទួល?។ ជូហុកជំរាបចូឆូថា ខេងតងនេះលបសហាយនឹងភរិយាតូចតាំងស៊ិន លុះតាំងស៊ិនចាប់បានឲ្យវាយផ្ចាលរួចដាក់ច្រវាក់ទុក ខេងតងមានចិត្តអាឃាដព្យាបាទតាំងស៊ិន លួចរត់មកបាន ក៏យកសេចក្ដីបង្គាប់មកប្ដឹងពោលទោសតាំងស៊ិនថានឹងគិតប្រទុសរ៉ាយមកមហាឧបរាជ សូមកុំឲ្យមហាឧបរាជជឿស្ដាប់ពាក្យវាជាមនុស្សអាក្រក់ ។
ចូឆូថា ព្រោះខ្លួនវាមិនបានចូលគំនិតគិតជាមួយនឹងខ្លួនរាល់គ្នាបានជាខ្លួនថាវាជាមនុស្សអាក្រក់ ឯត្រង់តាំងស៊ិនគិតឲ្យកៀកប៉ឹងយកថ្នាំពិសមកឲ្យយើងផឹក នោះខ្លួនទាំង ៤ នាក់ដឹងឮឃើញដែរឬទេ ? ។ នាហ្មឺនទាំអ ៤ ក៏ឆ្លើយថា ខ្ញុំបាទមិនបានដឹងទេ ។ ចូឆូថា "រឿងទាំងអស់នេះខ្លួនមិនទទួលដឹងសោះ បើដូច្នោះយើងនឹងស៊ើបសួរតទៅទៀត បើបានសេចក្ដីដូចយើងដឹង យើងនឹងប្រហារជីវិតខ្លួនទាំង ៤ នាក់ចេញ" ថាចេញក៏បង្គាប់ទាហានថា វេលានេះយប់ហើយ ឲ្យយកនាហ្មឺន ៤ នាក់ទៅដាក់គុកទុកឲ្យខ្ជាប់ខ្ជួន ។ ទាហានក៏ចាប់ខ្លួននាហ្មឺនទាំង ៤ ទៅធ្វើទោសតាមបង្គាប់ចូឆូ ។
លុះព្រឹកឡើង ចូឆូក៏នាំទាហានទៅសួរតាំងស៊ិនឯផ្ទះ តាំងស៊ិនដឹងក៏ចេញមកទទួលចូឆូឡើងទៅអង្គុយទីសមគួរ ។ ចូឆូក៏សួរតាំងស៊ិនថាពីម្សិលមិញយើងឲ្យមកអញ្ជើញអ្នកទៅស៊ីលៀង ហេតុម្ដេចបានជាអ្នកមិនទៅ ? ។ តាំងស៊ិនឆ្លើយតបថា ខ្ញុំបាទឈឺមិនទាន់ជា បើនឹងទៅក្រែងរោគបណ្ដាលឡើងវិញ ។ ចូឆូសួរថា ដែលអ្នកឯងថាឈឺនោះ យើងក៏ដឹងអស់ហើយ មិនមែនឈឺដោយរោគអ្វីក៏ទេ គឺអ្នកឯងឈឺចិត្តដ្បិតគិតការមិនសម្រេចដូចប្រាថ្នា ។ តាំងស៊ិនបានស្ដាប់ដូច្នោះ ក៏ភ័យស្លុតស្មារតីមិនឆ្លើយថាដូចម្ដេចសោះ ។ ចូឆូក៏សួរតាំងស៊ិនថា សេចក្ដីដែលកៀតប៉ឹងគិតធ្វើប្រទូសរ៉ាយដល់យើងនោះ អ្នកឯងដឹងឬទេ ? ។ តាំងស៊ិនឆ្លើយថា ខ្ញុំបាទមិនដឹងសោះ ។ ចូឆូអស់សំណើចហើយថា ខ្លួនមិនដឹងក៏ជាហើយ ។ ចូឆូប្រើទាហានឲ្យទៅនាំកៀតប៉ឹងមកឯផ្ទះតាំងស៊ិន ។ កាលកៀតប៉ឹងមកដល់ក្រឡេកឃើញចូឆូ ក៏ស្រែកជេរថាអាសត្រូវរាជសម្បត្តិ អាឯងឲ្យនាំអញមកនិយាយការអ្វីទៀត ។
ចូឆូនិយាយនឹងតាំងស៊ិនថា ពួកម៉ាកផងខ្លួនដែលរួមគំនិតគិតការជាមួយគ្នានឹងធ្វើប្រទូសរ៉ាយយើងនោះ ៥ នាក់ ឥឡូវចាប់បាន ៤ នាក់ហើយ យើងដាក់គុកទុក តែម្នាក់ទៀតនៅមិនទាន់បានខ្លួន ។ តាំងស៊ិនថា ខ្ញុំបាទនឹងបានគប់គិតនឹងអ្នកឯណាក៏ទេ ។ ចូឆូក៏សួរកៀតប៉ឹងថានរណាប្រើឯងឲ្យយកថ្នាំពិសទៅដាក់ឲ្យអញផឹក ? ។ កៀតប៉ឹងថា នរណាក៏បានប្រើអញក៏ទេ ។ ចូឆូខឹងណាស់ឲ្យវាយកៀតប៉ឹងម្ដងទៀតយ៉ាងខ្លាំង ។ តាំងស៊ិនឃើញចូឆូឲ្យវាយកៀតប៉ឹងដូច្នោះ ក៏បង្កើតឲ្យក្ដៅក្នុងចិត្តដូចអង្គុយលើគំនរភ្លើង ។ ចូឆូក៏សួរកៀតប៉ឹងទៀតថា ពីដើមម្រាមដៃឯងគ្រប់ ១០ ហេតុម្ដេចនៅសល់តែ ៩ ? ។ កៀតប៉ឹងថា អញកាត់ម្រាមដៃអញ ១ ចេញ សច្ចាស្បថថា នឹងសម្លាប់អាឯងឲ្យបាន ។
ចូឆូខឹងណាស់ ទើបបង្គាប់ឲ្យទាហានកាប់ម្រាមដៃកៀតប៉ឹងអស់ទាំង ៩ ហើយ និយាយថា ឯងកាត់ម្រាបដៃអស់ ១ ឯងនៅធ្វើអញមិនបាន ឥឡូវអញឲ្យកាត់ម្រាមដៃឯងអស់ ៩ ទៀត ឯងត្រូវខំគិតធ្វើអញឲ្យបានតាមគំនិតឯងចុះ ។ កៀតប៉ឹងថា មាត់អញនៅមានអណ្ដាត អញក៏នៅល្មមនឹងជេរម៉ែអាឯងបានទៀត ។ ចូឆូក៏បង្គាប់ទាហានឲ្យកាត់អណ្ដាតកៀតប៉ឹង ៗ ក៏ស្រែកថា អាឯងកុំធ្វើឲ្យអញលំបាកពេកឡើយ ស្រាយអញចេញចុះអញនឹងបញ្ចេញសេចក្ដីទាំងអស់ឲ្យដឹង ។ ចូឆូបានស្ដាប់ក៏ឃាត់ហាមទាហាន ហើយបង្គាប់ឲ្យស្រាយចំណងចេញ ។ កៀតប៉ឹងក្រោកឡើងបែរមុខទៅរកព្រះបរមរាជវាំង ហើយក៏ក្រាបថ្វាយបង្គំព្រះមហាក្សត្រថា "ខ្លួនទូលព្រះបង្គំជាខ្ញុំផែនដី ឥឡូវមានអាខ្មាំងសត្រូវវាធ្វើឲ្យចលាចលដល់រាជសម្បត្តិ ទូលព្រះបង្គំជាខ្ញុំគិតនឹងទំនុកបំរុងផែនដី ដើម្បីបំផ្លាញរំលាយអាខ្មាំងឲ្យបានតែមិនសមតាមសេចក្ដីប្រាថ្នា" ថាហើយក៏បោកក្បាលនឹងសសរសិលាបែកស្លាប់នៅទីនោះ ។ ចូឆូឃើញដូច្នោះ ក៏ឲ្យទាហានពន្លះសាច់កៀតប៉ឹងចេញជាដុំ ៗ ហើយកាត់ក្បាលយកទៅដោតផ្ចាលកណ្ដាលផ្លូវជាទីប្រជុំជន ។
ហើយចូឆូក៏ប្រើទាហានទៅយកខ្លួនខេងតេងមក ហើយសួរតាំងស៊ិនថា អ្នកឯងស្គាល់ឈ្មោះអានេះឬទេ ? ។ តាំងស៊ិនឃើញខេងតេងច្បាស់ក៏នឹកខឹងណាស់ ទើបប្រាប់ចូឆូថា "អានេះជាបាវខ្ញុំបាទជាមនុស្សទុរជន គិតប្រទូសរ៉ាយលួចប្រពន្ធខ្ញុំបាទ ៗ នឹងទុកវាមិនបាន" ហើយតាំងស៊ិនក៏ហូតក្រប៊ីលើកឡើងនឹងកាប់ខេងតេង ។ ចូឆូក៏ឲ្យទាហានដណ្ដើមយកក្រប៊ីបាន ហើយនិយាយថា ខេងតេងនេះជាដើមចោទទៅពោលទោសថា ខ្លួននឹងនាហ្មឺនមានគ្នា ៥ នាក់ រួមគំនិតគិតគប់គ្នានឹងប្រទូសរ៉ាយយើង ឯនាហ្មឺនដែលនៅក្នុងក្រុង ៤ នាក់នោះយើងចាប់ខ្លួនបានហើយ បានពិចារណាសួរក៏ឆ្លើយទទួលតាមពាក្យសត្យ, ដែលខ្លួនមកធ្វើជាខឹងគិតសម្លាប់ចោទផងខ្លួនចេញនោះ ខ្លួនគិតនឹងបំបាត់ភស្ដុតាងសូន្យទៅឬ ? ។ តាំងស៊ិនថា ខ្ញុំបាទនឹងបានគប់គិតនឹងអ្នកឯណាប៉ងប្រទុសរ៉ាយលោកក៏ទេ ។
ចូឆូក៏បង្គាប់ទាហានឲ្យឡើងទៅរើមើលលើផ្ទះតាំងស៊ិនបានសំបុត្រដែលសរសេរចុះព្រមនាមដោយលោហិតនឹងព្រៃស ហើយនឹងសំបុត្រដែលចុះឈ្មោះសញ្ញាសច្ចាស្បថនឹងគ្នានោះ នាំមកឲ្យចូឆូ ៗ ទទួលយកមកមើលសំបុត្រទាំង ២ ច្បាប់ ក៏ដឹងច្បាស់ជាសំបុត្រក្នុងព្រៃសនោះជាឡាយព្រះហស្ដព្រះចៅហៀនតេត្រាស់បង្គាប់ឲ្យធ្វើ សំបុត្រដែលសញ្ញាចុះឈ្មោះនោះមានឈ្មោះឡៅពីផង ហើយចូឆូថា "អាពួកនេះឧបមាដូចជាសត្វតិរច្ឆាន គួរឬមកគិតប្រទូសរ៉ាយអញ" ទើបឲ្យទាហានរឹបយករបស់ទ្រព្យតាំងស៊ិនអស់ពីលើផ្ទះ ហើយឲ្យចាប់យកខ្លួនតាំងស៊ិននឹងភរិយាបុត្រនឹងស្ម័គ្របក្សពួកទាំងប៉ុន្មាន នាំទៅដល់ផ្ទះចូឆូ ៗ ក៏យកសំបុត្រទាំង ២ ច្បាប់នោះបង្ហាញឲ្យទីប្រឹក្សាទាំងពួងមើល ហើយថា ព្រះចៅហៀនតេគិតឲ្យធ្វើប្រទូសរ៉ាយយើងជាអ្នកមានគុណបំណាច់ ឥឡូវយើងត្រូវនីរទេសចេញពីរាជសម្បត្តិ ចាត់យកពូជព្រះរាជវង្សដែលមានសតិបញ្ញាមកតាំងជាម្ចាស់ផែនដីជំនួសវិញ តើអ្នកទាំងអស់គ្នានឹងយល់ឃើញប្រការម្ដេច ? ។
ធៀយ៉ុកឆ្លើយថា សព្វថ្ងៃនេះរាជការក្នុងទីក្រុងនឹងអាណាខែត្រខាងក្រៅទាំងពួង ក៏ជាកម្មសិទ្ធិនៃលោក ព្រោះលោកធ្វើការអ្វីក៏កាន់យកព្រះរាជតម្រាស់ព្រះចៅហៀនតេជាប្រមាណ នាហ្មឺនសព្វមុខមន្ត្រីក្នុងក្រុងនឹងខែត្រក្រៅ ក៏នៅកោតក្រែងបង្គាប់បញ្ជាលោកទាំងអស់ គ្រានេះផែនដីក៏នៅមិនទាន់រាបទាប ដែលលោកនឹងឲ្យនីរទេសព្រះចៅហៀនតេចាករាជសម្បត្តិនោះ បើដឹងទៅដល់អាណាខែត្រខាងក្រៅហើយ ក៏គង់នឹងលើកកងទ័ពចូលមកខ្ទប់ប្រសព្វគ្នា ធ្វើអន្តរាយដល់លោក ៗ ក៏នឹងមានសេចក្ដីលំបាក, ដែលខ្ញុំបាទជំរាបលោកដូច្នេះ សូមឲ្យលោកត្រិះរិះមើលតាមការណ៍គួរចុះ ។
ចូឆូយល់ត្រូវផង ក៏បង្គាប់ទាហានទាំងពួងឲ្យទៅចាប់ភរិយាបុត្រនឹងបក្សពួកនាហ្មឺន ៤ នាក់នោះនាំមក ហើយឲ្យយកខ្លួនតាំងស៊ិននឹងនាហ្មឺន ៤ នាក់ នូវភរិយាបុត្រស្ម័គ្របក្សពួក ប្រហែល ៧០០ ប្លាយនាក់ទៅប្រហារជីវិតក្រៅកំពែងក្រុងហ៊ូតោ ។ នាហ្មឺនមុខមន្ត្រីនូវអាណាប្រជានុរាស្ត្រទាំងឡាយឃើញដូច្នោះ ក៏មានសេចក្ដីអាណិតអាណាថយំយែកស្រក់ទឹកភ្នែករាល់គ្នា ។ ខណៈកាលចូឆូសម្លាប់តាំងស៊ិននឹងប័ក្សពួកចេញអស់ហើយ ក៏នៅមិនអស់កំហឹង ទើបសៀតក្រប៊ីចូលទៅក្នុងព្រះបរមរាជវាំង ប្រាថ្នាដើម្បីនឹងសម្លាប់នាងតាំងគុយហ៊ុយជាប្អូនតាំងស៊ិន ដែលជាព្រះស្នំព្រះចៅហៀតតេ ។
ចំណែកព្រះចៅហៀនតេត្រាស់ប្រឹក្សានឹងព្រះនាងហុកហៅ ជាព្រះអគ្គមហេសីនឹងនាងតាំងគុយហ៊ុយថា "យើងឲ្យសំបុត្រទៅតាំងស៊ិនជាយូរខែហើយ នៅមិនទាន់បានសេចក្ដីជាយ៉ាងម្ដេចសោះ" ទទួលក្រឡេកទៅឃើញចូឆូសៀតក្រប៊ីដើរចូលមក ព្រះចៅហៀនតេស្លុតព្រះទ័យភ័យណាស់ មិនបានត្រាស់ថាប្រការម្ដេច ។ ចូឆូមិនបានថ្វាយបង្គំតាមសមគួរ ក៏និយាយទូលព្រះចៅហៀនតេថា តាំងស៊ិនគិតប្រទូសរ៉ាយទូលបង្គំជាខ្ញុំ ព្រះអង្គទ្រង់ជ្រាបឬទេ ? ។ ព្រះចៅហៀនតេបានស្ដាប់ចូឆូសួរដូច្នោះ ទើបក្លែងត្រាស់ថា តាំងតុះធ្វើការអាក្រក់នឹងផែនដី គេបបួលគ្នាសម្លាប់ចេញហើយ ហេតុម្ដេចមហាឧបរាជមកថាតាំងតុះមកគិតប្រទូសរ៉ាយទៀត ។ ចូឆូទើបស្រែកយ៉ាងខ្លាំងថា ហេតុម្ដេចទ្រង់យករឿងតាំងតុះដែលស្លាប់ទៅហើយនោះមកប្រារព្ធវិញដូច្នេះ ? ។ ព្រះចៅហៀនតេបានឮចូឆូស្រែកដូច្នោះក៏ស្លុតព្រះទ័យហើយត្រាស់ថា តាំងស៊ិនគិតប្រទុសរ៉ាយប្រការម្ដេចនោះយើងមិនបានដឹងទេ ។ ចូឆូថា ព្រះអង្គសរសេរអក្សរដោយលោហិតឲ្យទៅតាំងស៊ិននោះភ្លេចអស់ហើយឬ ? ។ ព្រះចៅហៀនតេក៏មិនត្រាស់តបថាប្រការម្ដេច ។
ចូឆូក៏បង្គាប់ពេជ្ឈឃាដឲ្យចាប់នាងតាំងគុយហ៊ុយ ដែលជាប្អូនតាំងស៊ិនយកទៅសម្លាប់ ព្រះចៅហៀនតេត្រាស់ថា នាងតាំងគុយហ៊ុយមានគភ៌បាន ៥ ខែមកហើយ មហាឧបរាជចូរឈ្វេងយល់មកដល់យើង កុំបីសម្លាប់នាងនោះឡើយ ។ ចូឆូថា ព្រះអង្គឲ្យតាំងស៊ិនគិតប្រទូសរ៉ាយទូលព្រះបង្គំជាខ្ញុំ ដោយសារមានទេពធីតាជួយទូលព្រះបង្គំជាខ្ញុំ ទើបបានដឹងការទាំងពួងមិនឲ្យទូលព្រះបង្គំជាខ្ញុំដល់នូវសេចក្ដីស្លាប់ ប្រសិនព្រះអង្គនឹងយកស្រីម្នាក់នេះទុកតទៅមុខ គង់នឹងមានអន្តរាយដល់ទូលព្រះបង្គំជាខ្ញុំពុំខាន ។ ព្រះនាងហុកហៅអគ្គមហេសីមានព្រះសវនីយ៍នឹងចូឆូថា មហាឧបរាជអាណិតទៅចុះកុំអាលសម្លាប់នាងតាំងគុយហ៊ុយឡើយ ចូរយកទៅដាក់គុកទុកក្នុងផ្ទះត្រជាក់សិន បើប្រសិនប្រសូត្របុត្ររួចកាលណាសិមសម្លាប់ចេញចុះ ។ ចូឆូតបថា នឹងយកឈាមសរសៃវាទុកធ្វើអ្វី បើបុត្រវាធំឡើងវាក៏មិនលែងធ្វើបាបព្យាបាទប្រទូសរ៉ាយដល់ទូលព្រះបង្គំឡើយ ។ នាងតាំងគុយហ៊ុយក៏អង្វរករចូឆូថា បើមហាឧបរាជមិនទុកជីវិតខ្ញុំទេ សុំកុំឲ្យកាប់ខ្ញុំនឹងអាវុធឲ្យលំបាកឡើយ ចូរយកព្រៃសមកចងរិតកឲ្យស្លាប់តាមប្រក្រតីចុះ ។ ចូឆូក៏ឲ្យយកព្រៃសមកធ្វើតាមពាក្យនាងថា ។ ព្រះចៅហៀនតេក៏ទ្រង់ព្រះកន្សែងសោកា ហើយត្រាស់នឹងព្រះនាងតាំងគុយហ៊ុយថា ខ្លួននាងនឹងស្លាប់ទៅហើយក៏កុំបីមានកំហឹងខឹងគុំគួននឹងយើងឡើយ ។ ព្រះចៅហៀនតេនឹងព្រះនាងហុកហៅនាងតាំងគុយហ៊ុយសោកាពិលាប អាឡោះអាល័យគ្នាទៅវិញទៅមក ។ ចូឆូឃើញដូច្នោះក៏ស្រែកគំហកថា "គប់គិតគ្នានឹងធ្វើប្រទូសរ៉ាយគេ លុះគេចាប់បានមកធ្វើជាយំយែកអាឡោះអាល័យគ្នា" ហើយចូឆូក៏បង្គាប់ពេជ្ឈឃាដឲ្យឃុំនាំខ្លួននាងតាំងគុយហ៊ុយ ចេញទៅដល់ក្រៅទ្វារព្រះបរមរាជវាំង ឲ្យយកព្រៃសចងរិតបំពង់កទាល់តែដាច់ខ្យល់ស្លាប់ ។ ចូឆូបង្គាប់នាហ្មឺនសព្វមុខមន្ត្រីខាងក្រុមវាំងនឹងខន្ទីថា "ចាប់តាំងពីត្រឹមនេះតទៅ កុំឲ្យពួកព្រះរាជវង្សចេញចូលទៅមកខាងក្នុងព្រះបរមរាជវាំង បើអ្នកណាចង់ចូលចេញឲ្យយកសេចក្ដីប្ដឹងយើងជាមុន បើយើងយល់ព្រមទើបចេញចូលបាន បើភ្នាក់ងារណាមិនហាមប្រាមដូច្នេះទេ យើងនឹងឲ្យចុះទោសប្រហារជីវិត" ហើយបង្គាប់ចោហងឲ្យប្រជុំទាហាន ៣ ពាន់ កាន់កាប់រក្សាព្រះបរមរាជវាំងនឹងទ្វារ កុំឲ្យព្រះរាជវង្សចូលទៅខាងក្នុងបាន ។
ចូឆូក៏ចេញមកផ្ទះហើយប្រឹក្សានឹងធៀយ៉ុកថា តាំងស៊ិននឹងពួក ៥ នាក់ដែលគិតប្រទូសរ៉ាយយើងនោះ យើងក៏សម្លាប់ចេញអស់ហើយ នៅតែឡៅពីនឹងម៉ាថេង យើងនឹងគិតធ្វើប្រការម្ដេច ទើបនឹងបានខ្លួនមកសម្លាប់ចេញ ? ។ ធៀយ៉ុកឆ្លើយថា ម៉ាថេងដែលទៅនៅស្រុកសែលៀងនោះមានទាហានច្រើនណាស់ បើលោកនឹងលើកទ័ពទៅវាយយកវេលានេះ ស្រុកយើងក៏ជាកង្វល់ឯក្រោយ សូមឲ្យលោកចាត់រកអ្នកមានដំរេះប្រាជ្ញាទៅបញ្ចុះបញ្ចូលម៉ាថេងឲ្យត្រឡប់ចូលមកស្រុកវិញ កុំឲ្យដឹងខ្លួនទាន់ថាលោកសម្លាប់តាំងស៊ិននឹងគូកននោះឡើយ បើគិតដូច្នេះហើយខ្ញុំបានយល់ឃើញថា ម៉ាថេងមិនទាន់ដឹងការណ៍ក៏នឹងចូលមកមិនខាន រួចសិមលោកឲ្យចាប់ខ្លួនសម្លាប់ចេញនឹងបានដោយងាយ ឯឡៅពីនោះទៅនៅស្រុកឈីជីវប្រមូលសេនាទាហាននឹងចាំទទួលកងទ័ពលោក ឥឡូវទាហានអ៊ួនសៀវនឹងទាហានយើងក៏នៅតាំងរាំងរាគ្នានៅតំបន់គួរត មុខជាឡៅពីនឹងឲ្យមានសំបុត្រទៅគិតនឹងអ៊ួនសៀវឲ្យជាពួកជាមួយគ្នា បើលោកលើកកងទ័ពទៅច្បាំងនឹងឡៅពីវេលាណា គង់អ៊ួនសៀវនឹងលើកមកវាយយកក្រុងហ៊ូតោជាប្រាកដ នរណានឹងតទល់នឹងអ៊ួនសៀវក៏កម្រក្រក្រៃណាស់ ។ ចូឆូតបថា ឡៅពីនោះជាមនុស្សមានសតិបញ្ញា បើនឹងបង្អង់ឲ្យយូរការក៏នឹងមានកំឡាំងច្រើនឡើង ឧបមាដូចកូនសត្វបក្សីកំពុងតែដុះក្រាស មិនទាន់មានស្លាបនឹងហើរ បើយើងនឹងស្ងៀមទុកឲ្យនៅក្នុងសម្បុកដូច្នេះ កាលណាដុះរោមនឹងស្លាបព្រមហើយក៏នឹងហើរទៅផ្លូវឆ្ងាយបាន ទោះនឹងប្រាថ្នាចាប់ខ្លួនក៏កម្រណាស់ អ៊ួនសៀវនោះមានទាហានច្រើនក៏មែន តែដម្រេះប្រាជ្ញាតិច ទោះនឹងគិតការអ្វី យើងមិនត្រូវខ្លាច ។
អំពីអ្នកនិពន្ធ កែប្រែ
ឧកញ៉ាវិបុលរាជសេនា នូ - កន ប្រែរៀបរៀង