រឿង ក្អែក១ ជាក្អែក១០

កាលពីព្រេងនាយមានមានបុរស២នាក់ ម្នាក់ឈ្មោះថា អាខិល ហើយម្នាក់ឈ្មោះថាអាខូច បុរសទាំងពីររស់នៅស្រុកទីទៃពីគ្នា ហើយមានគំនិតដោយ ខ្លួន។ អាខូចជុះអាចម៏ដាក់១ពាង ហើយយកអាចម៏ល័ក្ខបិទភ្ចិតយ៉ាងល្អមិនឱ្យក្លិនចេញក្រៅបាន។ អាខិលធ្វើកាំបិត ១ផ្លែ ប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងមួយលូក។ អាខិលស្ពាយកាំបិតនោះដើរលក់ អាខូចក៏ពុនពាងអាចម៏ នោះដើរទៅលក់ដែរ។ អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្ដាលផ្លូវ អាខូចពពាយនាយថា “អ្នកអើយ ទិញផ្អករបស់ខ្ញុំទៅពិសារ ផ្អកចាវយ៉ាងល្អ ស្ងោរក៏បានចំហុយក៏បានឆ្ងាញ់ណាស់។ អាខិលឆ្លើយថា “ទាស់តែលក់ ដាវមិនដាច់ គ្មានលុយទិញ បើខ្ញុំដូរជាដាវនេះ ព្រមដូរទេ?។ អាខូចឃើញដាវនេះវែង ក៏ឆ្លើយថា “ដូរក៏ដូរ ”។ អាខិលប្រគល់ដាវឱ្យអាខូចហើយអួតថា “ដាវខ្ញុំនេះមុតបំផុត មេដែករបស់ខ្ញុំផង បើត្រូវការម្ដងចាំហូតកាប់ អ្នកឯងកុំ ប្រញាប់ហូតមើល បើហូតលព្រើលៗ ស៊កទៅវិញមិនចុះទេ ដាវខ្ញុំពូកែ ខ្ញុំស្ដាយរបស់ខ្ញុំ បើកុំតែខែនេះក្រម្ហូបណាស់ កុំអីខ្ញុំមិនដូរទេ។ អាខូចក៏ប្រគល់ពាងអាចម៏ទៅឱ្យអាខិល ហើយហាមថា “ផ្អកខ្ញុំក៏នឹងដែរ ដល់ពេលស៊ីចាំបើកយក មកចំហុយកុំអាលបើកមើលក្រែងវាស្អុយរុយបែង ក្រែងវាស្អុយក្មសស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់ នឹកឃើញជីដូន ជីតាបានតែខ្វាស៊ីឆៅ។ អ្នកទាំងពីរបែកគ្នាទៅដល់ផ្ទះរៀងខ្លួន ហើយតឿនប្រពន្ធថា “ដណ្ដាំបាយទៅអញបានផ្អក ” ប្រពន្ធថា “បានផ្អកពីណា?។ អាខិលថា “ដូរដាវគេៗថាផ្អកចាវឆ្ងាញ់ពិសារណាស់។ ប្រពន្ធ ក៏ពេញចិត្ដនឹកថា “ប្ដីចេះ ធ្វើកាំបិតដូរផ្អក” ស្ទុះភ្លែតទៅលាងចានដួសបាយ ហើយកាន់កាំបិតយ៉ាងកំរិលក៏កិលទៅជិតពាងផ្អកយកកាំបិតគាស់ អាចម៏ល័ក្ខនោះ បើកឡើងហើយលូកបាន១ក្ដាប់ដាក់ផ្លាប់ទៅក្នុងចាន សល់នៅក្នុងដៃប៉ុន្មានក៏ដាក់ផ្លប់ភ្លក់មើល ងើប មុខឡើងលើ់ថា “យើ ផ្អកចាវអ្វីក៏ស្អុយដូចអាចម៏ គ្មានឆ្អឹង គ្មានសាច់ កខ្វិចកខ្វក់ ហ្មត់ផងយ៉ាងហ្នឹង ធ្វើផ្អកត្រីអ្វី?។ ប្ដីថា “ក្រែងត្រីពោ។ ប្រពន្ធក៏លូកកូរាវរកក្បាល លូកបានពាក់កណ្ដាល ក្អួតចង្អោរជាង២០វក។ ដឹងជាក់ជាអាចម៏មិន មែនផ្អក មកបន្ទោសទៅម្ចាស់ដើម ឆ្អើមលេបបាយមិនរួច។ និយាយពីអាខូចត្រេកអរណាស់ ដើរទៅផ្ទះអួតប្រាប់ ប្រពន្ធថា “អាចម៏មួយពាងដូរបានដាវ១ដែរ ” ទទួលខឹងនឹងឆ្កែវាច្រាសស្លឹកគ្រៃ កន្ដ្រាក់ដាវនោះលោតដល់ដីបំរុងនឹង កាប់ឆ្កែសំលាប់ ក៏ចាប់ដកដាវហូតខ្វាច់ឃើញផ្លែដាវនេះខ្លីកំប៉ិច គេចឡើងទៅលើផ្ទះបង្ហាញប្រពន្ធមើលសើចទាំង ពីនាក់ សើចហើយប្រាប់ប្រពន្ធថា “ប្រាជ្ញអានេះ ស្មើនឹងអញៗទៅបបួលវាធ្វើសំឡាញ់ គ្រាន់រកស៊ីពីរនាក់នឹងបានមាស ប្រាក់ដោយងាយ។ លុះទៅប្រទះនឹងអាខិលដើរពីនាយ សើចពព្រាយនិយាយសួរថា “ឯងទៅណា? ”។ អាខិលឆ្លើយ ថា “អញមកសុំឯងធ្វើសំឡាញ់។ អាមួយក៏ថា “អញមកសុំឯងធ្វើក្លើដែរ” ហើយក៏សុខចិត្ដដើរពីនាក់ទៅដល់ផ្ទះមហា សេដ្ធីម្នាក់ចាស់ជរាឈឺស្លាប់ គេដាក់ក្នុងក្ដារមឈូស បំរុងបូជាថ្ងៃស្អែក ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលា នោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថា “អ្នកណាស្លាប់បានជាគេយំ?” គេប្រាប់ថា “មហាសេដ្ធីស្លាប់។ អាទាំងពីរ នាក់គិតគ្នាថា “ឯងត្រូវក្លែងសំបុត្រ១ច្បាប់ទៅប្រាប់គេថា មហាសេដ្ធីឱ្យមកយកទ្រព្យរបស់អញបន្លំលបចូលដេកក្នុង មឈូសពីលើខ្មោចសេដ្ធីស្ដីតនឹងអ្នកឯង។ អាមួយក៏ទៅបន្លំដេកដូចគំនិត។ អ្នកនៅជិតមិនបានឃើញមិនបានដឹង ដ្បិត ភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំង សូត្រព្រះធម៍ កូនចៅតួចធំរវល់តែយំសោក។ អាខូចដើរកក្រដាស់បានធ្វើសំបុត្រ ក្លែងកាន់ដើរទៅសំដែងសូត្រឱ្យគេស្ដាប់ថា សំបុត្រពីមហាសេដ្ធីមកប្រាប់ថា “ចៅខូចកំសត់តាំងពីតូចជាកូនធម៍ ឥឡូវ អាពុកជរាហើយ កូនអើយចូរ! ទៅយករបស់ទ្រព្យទុកចាយឱ្យសប្បាយចិត្ដចុះ។ កូនចៅប្រុសស្រីគេមិនសុខចិត្ដ ព្រោះត្បិតគ្មានត្រា គ្មានហត្ថលេខាសេដ្ធី។ អាខូចឆ្លើយថា “ខ្ញុំសូមសន្យានឹងអស់កូនចៅ អញ្ចើញទៅហៅ ទៅសួរលោក ចុះ បើលោកស្ដីនោះ ខ្ញុំត្រង់ពិត បើលោកស្ងៀមនោះខ្ញុំក្លែងបញ្ឆោតទេ ”។ កូនសេដ្ធីស្ទុះភ្លាមទៅស្រែកហៅឪពុក។ អាខិលឆ្លើយថា “អើ! ”។ កូនសួរថា “ឪពុកបានឱ្យកូនធម៌មកយករបស់មែនឬ?” ។ អាខិលឆ្លើយថា “អើ! កូនអញ ឈ្មោះអាខូចវាមកហើយឬ?។ កូនឆ្លើយថា “ទានប្រុស! មកហើយ ”។ អាខិលថា “អើ ! មើលយករទេះមួយធំក្របី មួយនឹមទឹមរទេះ នោះហើយយកមាសប្រាក់កែវកងសំពត់អាវ វាល់ផ្ទុកក្នុងរទេះឱ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មាន ឱ្យវាយកចុះ។ កូនចៅស្រីប្រុសចាញ់ឧបាយកលអាខិលអាខូច ក៏ខឹងខ្មោចសេដ្ធីស្លាប់ហើយចេះស្ដីហៅអស្ចារ្យ ឥឡូវ នឹងបើក្ដារឱ្យច្បាស់ ចាស់ៗហាមប្រាមថា “មើលមុខខ្មោចមិនបានខ្លាចដេកយប់មមើមមាយ ម្លោះហើយក៏ជឿជាក់ យកសំពត់ អាវស្លៀកពាក់ និងកន្ទេលពូកខ្នល់ខ្នើយ ហើយថែមតុថាសចានល្អៗ អំបិលប្រហុក៤ក្រឡ អង្ករ៥ការុង ដាក់ផ្លុកទៅឱ្យអាខូចអាខិល បង្វិលរទេះយ៉ាងធំជជែកយំទឹកភ្នែកឱ្យដោយខឹងដោយបញ្ឆោតទាំងស្រីប្រុស ហើយក៏ដឹក ក្របី១នឹមទឹមរទេះប្រគល់ទៅឱ្យអាខូច។ អានោះត្រេកអរឡើងបរទេះចេញទៅ អ្នកទាំងអស់ដែលនៅតែជ្រួលមិន ស្រួលចិត្ដ ព្រោះត្បិតខឹងនិងស្ដាយ។ អាខិលលួចមើលនាយអាយលបចេញប្រិច រត់តាមទៅបន្ដិចក៏ទាន់រទេះ ហើយ និយាយគ្នាថា “យើងបានទ្រព្យរបស់តែទាស់ឃ្លានបាយ បើឈប់ដណ្ដាំបាយនៅរៀងអាយក្រែងមិនស្ងាត់ ខ្លាចចោរតាម មកប្លន់យកទ្រព្យ១រទេះ បើដូច្នេះឯងឈប់ចាំអញៗទៅសុំបាយគេខ្លះយកមកឱ្យឯង។ អាមួយព្រម ហើយអាមួយក៏ ដើរទៅរកថ្នាំតាមផ្លូវ យកមកលាយបាយឱ្យពុលស្លាប់អន្ដរាយ នឹងយកទ្រព្យរបស់នោះតែម្នាក់ឯង។ ឯអាមួយនៅ ចាំរទេះក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុងឱ្យត្រូវអានោះស្លាប់នឹងយកទ្រព្យតែម្នាក់ឯងដែរ។ វេលានោះ អាមួយទៅសុំបាយ គេស៊ីៗរួចហើយ សុំំមួយចានផ្ញើរសំឡាញ់ គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឱ្យមានទាំងត្រីអាំងផង។ អានោះក៏លា គេដើរចេញមក ហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នារនោះស្លាប់ អាមួយដើរប្រញាប់ចាប់យក បាយស៊ីមិនដឹងថាមានថ្នាំពុល ក៏ពុលស្លាប់បន្ទាប់គ្នា។ ឯក្របីនោះក៏អូសរទេះចូលក្នុងព្រៃ រតេករតាកទៅជ្រកក្នុងទឹក ត្រញំងដាច់ខ្សែទាមដេកត្រាំទឹកនៅទីនោះទៅ។ ដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅ ឃើញទ្រព្យរបស់ទាំងអស់នៅ ក្នុងព្រៃ នឹកម្ដងភ័យនឹកម្ដងអរថា ឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនដូចនេះទេ ដូច្នេះ បើលៃលកយកទៅធ្វើជារបស់ ខ្លួនក្រែងពុំបានសុខក៏រុញរទេះសំរុកទៅទុកក្នុងព្រៃ ចងក្របីជាប់ត្រឡប់ទៅផ្ទះវិញ ហើយក៏ពិសោធន៏មាយាទប្រពន្ធ ដោយគិតថា “បើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទុកជារបស់ខ្លួន បើនិយាយ អ្វីមិនចេះលាក់នឹងយករបស់ទាំងនោះ ទៅជូនរាជការផែនដីប្រយោជន៏ដើម្បីឱ្យសុខខ្លួន។ គិតហើយទៅដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថា “អញជុះអាចម៏មិញៗ មានសត្វក្អែកមួយហើរចេញពីក្ដិត តែឯងអាណិតបិទមាត់ឱ្យឈឹង កុំឱ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀកគេវា បែកការណ៏អាក្រក់ណាស់ កើតមានជំនុំជម្រះសួរទៅសួរមកហើយ គ្មានទាំងសាក្សីបានដឹងនឹងអាងក្រែងគេយកអញ ទៅឆ្កាង ឬយកទៅដាក់គុក ”។ ប្រពន្ធមិនលាក់ទុកក៏ដើរប្រាប់គេថា “មានក្អែកពីហើរចេញពីក្ដិតប្ដីអញ តែឯងកុំមាត់ ”មេមួយទៀតមិនអត់ទៅប្រាប់គេថែមថា ក្អែក៥ប្រាប់លើសៗតគ្នាដរាបដល់ក្អែក១។ រឿងនោះក៏ជ្រួតជ្រាបដល់ ព្រះមហាក្សត្រទ្រង់ចាត់ប្រើអាមាត្យឱ្យស្រាវជ្រាវរកដល់បុរសនោះ បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទង់ឆ្ងល់ត្រាស់សួរ ថា “មែន ឬ មិនមែន ”។ បុរសក្រាបទូលថា “ ទួលព្រះបង្គំ កុហកប្រពន្ធចង់ដឹងចិត្ដព្រោះដ្បិតឃើញទ្រព្យច្រើន។ បុរសនោះក្រាបទួលដូចខាងលើ ហើយក្រាបបង្គំលាទៅទឹមរទេះយកទៅថ្វាយស្ដេចៗស្ដេចទ្រង់ព្រះរាជទានឱ្យបុរស នោះពាក់កណ្ដាលៗដាក់ឃ្លាំង។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងនិទានខ្មែរ