រឿង ជម្រើសជីវិត

នាយប្រឿនអាយុ១៧ឆ្នាំហើយ។ ម្តាយរបស់ប្រឿនស្លាប់ទៅ តាំងតែពីគេនៅជាទារកតូចនៅឡើយ។ ចំណែកឪពុករបស់យុវជនយើង ជាអ្នករកស៊ីដាប់ថ្មភ្នំ ធ្វើចម្លាក់ លក់ចិញ្ចឹមជីវិត។ តាំងពីប្រពន្ធស្លាប់ទៅ ឪពុករបស់ប្រឿន មិនមានរៀបការប្រពន្ធថ្មីទៀតទេ គិតតែពីប្រឹងដាប់ថ្មភ្នំ សន្សំប្រាក់ចិញ្ចឹមកូន ព្រោះចង់អោយកូនបានចូលរៀន មានការសិក្សាខ្ពស់នឹងគេ។ ចៃដន្យ គាត់មានជម្ងឺគ្រុនចាញ់ធ្ងន់ធ្ងរ ក៏ត្រូវប្រមូលប្រាក់ ដែលសន្សំទុក ទាំងឡាយនោះ យកទៅចាយវាយព្យាបាលជម្ងឺអស់ទៅ។ ឯជម្ងឺរបស់គាត់វិញ ក៏មិនបានប្រសើរមកវិញទៀត។ មុននឹងចែកស្ថានទៅ​ ឪពុកប្រឿន បានផ្តាំកូនប្រុសថា ៖

- តាំងចិត្តអោយក្លាហានណា៎កូន! ពេលអត់ពីឪពុកទៅ​ កូនមានជម្រើសពីរ ដែលត្រូវជ្រើសរើស! មួយគឺ កូនអាចជ្រើសរើស យកភាពមាំមួនរឹងប៉ឹង តស៊ូនឹងឆាកជីវិតបន្តទៅទៀត មិនថាលំបាកយ៉ាងណាក៏ដោយ ឬក៏ទីពីរ ជ្រើសរើសយកភាពទន់ខ្សោយ ហើយចុះចាញ់ជីវិត ដោយមិនចាំបាច់ប្រឹងតស៊ូអ្វីទាំងអស់! ចំណែកលទ្ធផល នៃការជ្រើសរើសផ្លូវណាមួយ ល្អឬអាក្រក់ ជារបស់កូនទាំងស្រុងហើយ!

ថាបានតែប៉ុននេះ ឪពុករបស់ប្រឿនក៏លាចាកលោកទៅ ទុកចោលអោយប្រឿនរស់នៅតែម្នាក់ឯង រហូតតមក។

ដោយជីវភាពខ្វះខាត ប្រឿនបានបង្ខំចិត្តឈប់រៀន ហើយទៅរកស៊ី ធ្វើការជាជាងដាប់ថ្ម ដូចឪពុករបស់ខ្លួនដែរ ព្រោះគិតថា នេះជារបរដែលខ្លួនមានជំនាញ ទេពកោសល្យពូកែស្រាប់ហើយ។

ស្រាប់តែថ្ងៃមួយនោះ...

- ជួយផងៗ! នាយប្រឿនត្រូវថ្មចម្លាក់ រលំធ្លាក់សង្កត់ជាប់មួយកំណាត់ខ្លួនហើយ! ឆាប់ជួយគ្នា គាស់លើកថ្មនោះឡើងមក ពួកយើង!

នាយប្រឿនមានការឈឺចាប់ក្នុងខ្លួនខ្លាំងណាស់ ចុកអួលរហូតនិយាយមិនចេញ សូម្បីមួយម៉ាត់។ រីឯភ្នែកវិញក៏ស្រវាំង មើលអ្វីក៏មិនឃើញដែរ តែនាយអាចស្តាប់ឭ សម្លេងប្រកូកខ្ញៀវខ្ញារបស់អ្នកភូមិ ដែលរត់ព្រោងព្រាត មកជួយលើកថ្មចេញពីខ្លួនរបស់នាយ។ មានខ្លះស្រែកថា ៖

- អាប្រឿនវាដេកស្តូកស្តឹងអត់កម្រើកយ៉ាងហ្នឹង ប្រហែលជាមិនមានសង្ឃឹមទេ​មើលទៅ។

ឭប្រយោគនោះភ្លាម ប្រឿននឹកឃើញដល់ សំដីឪពុកដែលផ្តាំ មុនពេលចែកស្ថានទៅ ថានាយមានជម្រើសពីរ សម្រាប់ជីវិតរបស់ខ្លួន តើនាយគួរជ្រើសរើស យកមួយណា? យកស្លាប់ ឬក៏យករស់? ភ្លាមនោះ ស្រាប់តែប្រឿន មានកម្លាំងចិត្ត ប្រឺសតែម្តង​ ហើយប្រឹងស្រែកនៅក្នុងអារម្មណ៍ តែម្នាក់ឯង ថា ៖

- ខ្ញុំនៅស្តាប់ឭ ពួកពូៗ បងៗនិយាយច្បាស់ៗ យ៉ាងហ្នឹង មានន័យថា ខ្ញុំមិនទាន់ស្លាប់ទេ។ ដូច្នេះ មានន័យថា ខ្ញុំកំពុងតែមានជីវិត! មានជីវិត! មានជីវិតនៅឡើយទេ។ តែ ហេតុដូចម្តេច ក៏ពូម្នាក់នោះបែរជា ឆាប់អស់សង្ឃឹមមុនខ្ញុំ ដែលជាម្ចាស់ខ្លួន ដែលរបួសនោះ ទៅវិញ?

រំពេចនោះ ស្រាប់តែប្រឿនឭ អ្នកស្រុកម្នាក់ទៀតពោលថា ៖

- ទោះជួយយកថ្មចេញផុត ក៏មិនមានសង្ឃឹមថា នឹងអាចជួយវាអោយរស់វិញដែរ ក្មួយអើយ!

គ្រាន់តែឭសំដីនេះភ្លាម ប្រឿនខឹងឆេវតែម្តង ថែមទាំងគិតបន្តថា ៖

- ហេតុដូចម្តេចក៏ពូៗ បងៗ នាំគ្នាប្រមាថរាសីខ្ញុំយ៉ាងហ្នឹង? ខ្ញុំពិតជាមិនអាចស្លាប់បានទេ ខ្ញុំត្រូវតែប្រឹង តស៊ូ! តស៊ូ! ស៊ូងើបឡើង ដើម្បីនាំភស្តុតាង មកបញ្ជាក់ថា ខ្ញុំនៅមានជីវិត! ខ្ញុំនៅមានស្មារតី ហើយខ្ញុំក៏ទាន់បាក់ទឹកចិត្ត អស់ក្តីសង្ឃឹម យ៉ាងងាយៗ ដូចគាត់ទាំងឡាយនោះដែរ។ ខ្ញុំត្រូវតែរស់! រស់ដើម្បីជំនះ នូវសំដីនិងភាពអស់សង្ឃឹមរបស់ពួកគាត់ ទាំងឡាយនោះ។

ពេលនោះ ប្រឿនប្រមូលកម្លាំងអស់ទំហឹង ប្រឹងស្រែកលាន់វ៉ាសឡើងយ៉ាងខ្លាំង ធ្វើអោយអស់អ្នកភូមិ ដែលឈរចោម ជួយលើកថ្មសូន មួយដុំធំនោះ ភ្ញាក់ក្រញាងឡើង ទាំងអស់គ្នា។

- ព្រះអើយ! នាយប្រឿននៅរស់ទេវើយ ពួកយើង! ឆាប់ប្រឹងឡើង ទាំងអស់គ្នា ហក៎ ហ៊ឹប! លើក!! ហ៊ឹប!

នៅពីក្រោមដុំថ្មសូន នាយប្រឿនខំប្រឹងប្រមូលអស់កម្លាំងទាំងឡាយ ដែលមាននៅក្នុងខ្លួន ប្រឹងតម្លើងសុពលភាពសាច់ដុំ ជួយជម្រុញកំសួល នៃការលើកដុំថ្មនោះ កាន់តែឆាប់បានផុតពីខ្លួនរបស់នាយ។ ទីបំផុត ថ្មសូនក៏ត្រូវបានព្រមៀលផុត ចេញពីខ្លួនរបស់នាយប្រឿន ដោយជោគជ័យ។

- ខ្ញុំរស់ហើយ!​ នាយប្រឿនស្រែកយ៉ាងខ្លាំង តាមកម្លាំងដែលមាននៅសល់ទាំងប៉ុន្មាន ក្នុងខ្លួន។



ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍