រឿង ត្រពាំងបឹងតេ

នៅឃុំសង្កែសាទម ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ មានត្រពាំងមួយអ្នកស្រុកហៅថា “ត្រពាំងបឹងតេ” ។ ត្រពាំង នេះមានលក្ខណៈប្លែកដែលនាំឱ្យអ្នកស្រុកជិតខាង និងអ្នកដំណើរណាដែលបានទៅដល់ទីនោះ ចាប់អារម្មណ៏គ្រប់ៗគ្នា។ ទំហំត្រពាំង មិនជាធំប៉ុន្មានទេ ប្រមាណជាមាត់រង្វះ១០០ម៉ែត្រប៉ុណ្ណោះ។ មាត់ត្រពាំងជុំវិញ មានកក់ដុះខ្នាន់ខ្នាប់ ពុំដែលមានសត្វធាតុណាមួយចូលទៅស៊ីរុករានឡើយ ឯដីត្រង់កក់ដុះនោះមានសភាពទន់ជ្រាយល្មមដើរបានឥតផុងជើងទេ តែទៅដល់កណ្ដាលត្រពាំងបែរជាមានត្រឹបមួយដុំ ដុះស្មៅខ្លះ កក់ខ្លះ ហើយដីនោះជាភក់មមោកស្មោះ។ បើគេ ចង់ឆ្លងត្រឹបនោះ ទាល់តែយកឈើវែងៗដាក់គងរួចដើរសួរពីលើឈើនោះទើបបាន។ មានអ្នកស្រុកនិយាយបន្ថែម ទៀតថា កាលជំនាន់បារាំងនៅជាអាណាព្យាបាលប្រទេសខ្មែរ កាលនោះបារាំងទៅពិនិត្យមើលប្រុងនឹងធ្វើស្ពានឆ្លង ហើយបុកសសរស្ពានចំកណ្ដាលត្រពាំង។ ពេលនោះ គេឃើញមានផ្សែងហុយៗចេញពីត្រឹបនេះមក។ លុះគេពិនិត្យ សង្កេតក្នុងត្រឹបកណ្ដាលនេះ ឃើញមានថ្មខាងក្នុងពណ៌សក្បុស ហើយនៅចន្លោះៗថ្មនោះមានទឹកថ្លាហូររហែងៗចេញ ពីរន្ឋថ្មផង។ គម្រោងការស្ថាបនាស្ពានពីជំនាន់នោះ ក៏ពុំបានសំរេចឡើយ។ ដោយឃើញមានលក្ខណះប្លែក ហើយជាធម្មតានៅស្រុកខ្មែរយើង តែមានទីកន្លែងប្លែកៗយ៉ាងនេះ ប្រាកដជាមានរឿងព្រេងនិទានប្រចាំទីកន្លែងនោះជាមិនខាន ហេតុនេះក្រុមជំនុំទំនៀមទំលាប់ខ្មែរ ដែលត្រូវរាវរកឯកសារតម្កល់ទុក ក៏បានអំពាវនាវស៊ើបសួររករឿងព្រេង ស្ដីពី ត្រពាំងបឹងតេនេះឡើង។ ជាភ័ព្វល្អលោក ខាញ៉ុញ ស្នងការក្រុមព្រះនរគរបាលជាតិ លោកបានយកចិត្ដទុកដាក់ ជួយរាវរករឿងនោះផង ព្រោះលោកធ្លាប់ទៅឃើញផ្ទាល់នឹងភ្នែក កាលដែលលោកទៅបំពេញមុខការនៅខេត្ដកំពង់ស្ពឺ។ មិនយូរប៉ុន្មានលោកយកប្រដាប់ថតសម្លេងមួយ មកចាក់ជូនក្រុមជំនុំស្ដាប់ ដែលលោកបានថតសំលេងរបស់លោក ទូច-វ៉ាន់ ភ្នាក់ងាររបស់ក្រុមព្រះនគរបាលក្រុងកំពង់ស្ពឺ និទានជាហូរហែរអំពី រឿងព្រេងនិទាននេះ។ ដំបូងលោក ទូច-វ៉ាន់ បញ្ជាក់ពីពេលវេលាថា កាលនោះលោកត្រូវបានរាជការខេត្ដ ចាត់ឱ្យទៅបំពេញបេសកម្មតាមស្រុកនានាក្នុង ខេត្ដកំពង់ស្ពឹ ជាមួយដំណើរពិនិត្យការនៃលោកប្រមុខខេត្ដ។ ពេលយប់មួយនៅសំណាក់ឃុំសង្កែសាទម លោកក៏បាន ទៅសួរអ្នកស្រុកដែលបានមកចោមរោមថា ពូ មីង ណាចេះចាំរឿងរ៉ាវអ្វី សុំនិទានមកចែកចាយគ្នាស្ដាប់កែអផ្សុក។ កាលនោះមានតាម្នាក់អាយុ៧០បា្លយបានឆ្លើយថា គាត់ចេះរឿងត្រពាំងបឺងតេ ព្រោះគាត់ធ្លាប់ស្ដាប់ម្ដាយគាត់ និទាន ពីដើមមក។ រឿងនោះមានសេចក្ដីសង្ខេបដូចតទៅនេះ ៖ កាលពីបុរាណព្រេងព្រឺទ្ឋយូរយារណាស់មកហើយ មានសេដ្ឋីម្នាក់មានទ្រព្យយ៉ាងស្ដុកស្ដម្ភ មានភូមិកររស់នៅត្រពាំងបឺងតេនេះ។ សេដ្ឋីទាំងពីរនាក់ប្ដីប្រពន្ឋពិតមែនតែមានសម្បតិ្ដ ប៉ុន្ដែមានចិត្ដកំណាញ់ពន់ពេកណាស់។ ភោគសម្បតិ្ដចូលមកទាំងអម្បាលម៉ាន មិនងាយចំណាយឱ្យរបេះទៅវិញទេ ទោះបីជាការចំណាយនោះ ជាការចំណាយចាំបាច់ក៏ដោយ ហើយពុំសូវចេះយោគយល់មុខអ្នកក្រខ្សត់ទាំងឡាយផង។ សេដ្ឋីមាន កូនពីរនាក់ ប្រុសបង ស្រីប្អូន ដែលជាទីពេញចិត្ដណាស់ ទៅណាមកណាម្ដងៗមានរទេះពិសេសដែលបិទ មាសដាំពេជ្រដាំត្បូងភ្លឺឆ្អិនឆ្អៅ ជាហេតុនាំឱ្យអ្នកស្រុកទូទៅនឹកស្ងើចដល់ភោគសម្បតិ្ដសេដ្ឋីនោះពន់ពេកណាស់ មានមនុស្សជាបរិវារ៥០០នាក់ ព្រមទាំងគោ រទេះសេះ ដំរី៥០០ មួយមុខៗជាធនធានផង នៅក្នុងស្រះខាងក្រោយផ្ទះ ដែលទឹកថ្លាឆ្វេងសំរាប់ជាទីសំរាកលំហែរទុក្ខនៃគ្រួសារនេះ មានចិញ្ចឹមក្រពើមួយយ៉ាងធំ។ ប្របមាត់ស្រះដីទួលមួយ កន្លែងដែលជាទីតាំងខ្ទមអ្នកតារក្សាក្រពើរក្សាភូមិករនោះទាំងមូល។ គ្រួសារសេដ្ឋីកី្ដ គ្រួសារអ្នកព្រៀងលានជិតខាងក្ដី រមែងមកបែរបន់អ្នកតានេះ ឱ្យបានសម្រេចសមប្រាថ្នារៀងៗខ្លួន។ ថ្ងៃមួយ សេដ្ឋីនិយាយពិគ្រោះនិងភរិយាថាៈ ឱភាណអើយ! កូនប្រុស កូនស្រីយើងធំល្មមមានគូស្រកររៀងខ្លួនហើយ ប៉ុនែ្ដខ្ញុំគិតទៅឃើញថា បើយើងទៅដណ្ដឹងកូន អ្នកដទៃមកផ្សំផ្គុំនឹងកូនប្រុសយើង ឬកូនស្រីយើងជាគូនឹងកូនអ្នកដទៃទៅឃើញថា យើងពិតជាលំបាកខាតបង់ ចែករំលែកទ្រព្យសម្បត្ដិជាមិនខាន។ ហេតុនេះ កុំឱ្យលំបាកគួរតែយើង រៀបផ្សំផ្គុំកូនស្រីកូនប្រុសយើងទាំងពីរជាប្ដីប្រពន្ឋ តែម្ដងទៅ ដើម្បីនៅថែទាំសម្បត្ដិយើងតទៅ។ កាលបើប្រពន្ឋបានស្ដាប់ប្ដីហើយ សមនឹងចិត្ដមច្ចរិយៈកំណាញ់របស់គាត់ផងក៏ព្រមព្រៀងតាមប្ដី ហើយក៏ចាត់ការធ្វើរោងក្រសាលអញ្ជើញភ្ញៀវជិតឆ្ងាយ មកក្នុងពិធីអាពាព៍ពិពាហ៍កូនប្រុសស្រីនេះ។ កាន់តែជិតដល់ថ្ងៃ់ណាស់ហើយ ប្រពន្ឋសេដ្ឋីនឹកស្ដាយប្រាក់កាសដែលនឹងចំណាយទិញ ម្ហូបអាហារក្នុងពេលរៀបចំការកូន ទើបគាត់នឹកឃើញគំនិតមួយនិយាយពិគ្រោះទៅវិញថាៈ ឱភាណអើយ ក្នុងពេលរៀបការកូនយើងនេះ ខ្ញុំសា្ដយប្រាក់កាសទិញម្ហូបអាហារណាស់ បើយើងកាប់គោ ក្របីក៏ឃើញថានឹងខាតបង់សត្វដែលជួយធ្វើការរកស៊ីយើង។ ដូច្នេះខ្ញុំយល់ថា បើយើងសម្លាប់ក្រពើដែលយើងចិញ្ចឹមនៅក្នុងស្រះក្រោយផ្ទះ យកវាមកធ្វើជាម្ហូបលៀងភ្ញៀវវិញ ខ្មុំយល់ថាមិនខាតបង់ឡើយ ព្រោះក្រពើសព្វថ្ងៃគ្មានបានរកស៊ីអ្វីយើងទេ។ សេដ្ឋីឮពាក្យប្រពន្ឋនិយាយដូច្នេះ ពេញចិត្ដណាស់ ទើបម្នីម្នាចាត់ឱ្យសំលាប់ក្រពើធ្វើអាហារទទួលភ្ញៀវ។ យប់មួយនាងតីយល់សប្ដិឃើញ អ្នកតារក្សាក្រពើមកប្រាប់ថា “តីឯងកុំស៊ីការកូនសេដ្ឋីឱ្យសោះណា! ព្រោះការនេះគេកាប់ក្រពើយកសាច់លៀងភ្ញៀវ ហើយតីឯងចាំមើលចុះ អ្នកណាស៊ីការនេះខ្លះ នឹងឃើញទាន់ ហន់ភ្លាមជាមិនខាន់”។ នាងតីភ្ញាក់ឡើងរួចសញ្ជឹងគិតតែម្នាក់ឯង។ លុះដល់ថ្ងៃគេរៀបការគគ្រឹកគគ្រេង មានភ្ញៀវជិតខាងមកអ៊ូអរ នាងតីគេចវេះចេញពីផ្ទះបាត់ទៅ។ ពេលកំពុងស៊ីផឹកអ៊ូអរជួបជុំគ្នានោះ ស្រាប់តែព្រះធរណីស្រុតទាំងផែន ចំត្រង់ផ្ទះសេដ្ឋី ដែលកំពុងការកូនលិចបាត់អស់។ នាងតី កាលបើឃើញហេតុអស្ជារ្យដូច្នេះ នាងព្រួយចិត្ដរលឹកអាល័យដល់ចៅហ្វាយក្មេងៗទាំងពីនាក់ ដែលធ្លាប់មានចិត្ដសន្តោសមេត្ដាដល់ខ្លួនកាលមុនរៀងមក។ ស្វាងពីសោកសៅហើយ នាងនឹកដល់គុណអ្នកតាដែលបានមកប្រាប់នាងឱ្យជៀសផុតគ្រោះថ្នាក់។ ម្ល៉ោះហើយនាងក៏កោរសក់ថ្វាយអ្នកតា ជាការតបស្នងសងគុណអ្នកតាវិញ។ មុននឹងកោរ នាងចុះទៅក្នុងស្រះ កក់សក់ឱ្យជោក គឺស្រះជាលំនៅរបស់ក្រពើប្របនឹងខ្ទមអ្នកតា។ ហេតុនេះហើយទើបបានជា ស្រះនេះសព្វថ្ងៃអ្នកស្រុកហៅថា “ត្រពាំងកក់” គឺជាត្រពាំងដែលនាងតីកក់សក់។ រូចនាងឡើងទៅលើទួលកោរសក់ទៀត បានជាទួលនោះគេឱ្យឈ្មោះថា “ទួលកោរសក់ នាងតី” ដែលក្លាយមកថា “ទួលកោរនាងតីៗ” ជាប់រហូតមក សព្វថ្ងៃ។ ដោយនឹកអាល័យម្ចាស់ស្រី-ប្រុស ពុំមានភ្លេច នាងតីក៏ទៅតាំងលំនៅក្បែរកន្លែងព្រះធរណីស្រូបផ្ទះសេដ្ឋី ដែលស្រុតទៅជាត្រពាំងធំមួយ គឺជាត្រពាំងដែលគេហៅថា “ត្រពាំងបឹងតេ” សព្វថ្ងៃនេះ។ មិនយូរប៉ុន្មានមានបុរស ម្នាក់មកទាក់ទងស្ដីដណ្ដឹងនាងតីធ្វើជាប្រពន្ធ បាននៅជាមួយគ្នាជាសុខសាន្ដប្រកបរបរដំណាំដាំដុះផ្សេងៗ។ ដល់នាងតី មានផ្ទៃពោះបាន៦ខែ បុរសនោះក៏នឹកឃើញការនឿយណាយក្នុងកងទុក្ខនាលោកិយ៏ ក៏លួចរត់ចោលប្រពន្ធទៅបួស ធ្វើជាអ្នកសច្ចំនៅឯភ្នំខ្ចោល។ ចំណែកនាងតី នាងនៅតែម្នាក់ឯង រហូតដល់គ្រប់ខែហើយក៏សម្រាលបានកូនប្រុសមួយ។ វេលាប្រសូត្របុត្រ អ្នកភូមិជិតខាងមកជួយអបអរសាទរ ក៏សន្មត់នាមកូនប្រុសនេះថា “បុត្ដកុមារ”។ កាលបើចម្រើន វ័យបាន១៣ឆ្នាំ បុត្ដកុមារចេះតែសួររកឪពុក លុះសួរញឹកញាប់ពេក ម្ដាយក៏ប្រាប់តាមត្រង់ថា “ឪពុកឯងទៅបួស ចម្រើនភាវនាឯភ្នំខ្ចោលនោះទៅហើយ បើឯងចង់ឃើញត្រូវដើរស្វែងរកក្នុងព្រៃនោះ កាលបើឃើញហើយ ឯងត្រូវ លើកពីរឿងដើមរបស់ម្ដាយនៅពេលដែលជួបនឹងឪពុកឯងកាលពីដំបូងនោះប្រាប់ឱ្យហូរហែរទើបស្គាល់”។ នាងនិយាយរឿងដើមប្រាប់កូនសព្វគ្រប់ហើយ កូនក៏លាចេញទៅ។ បុត្ដកុមារស្វែងរកឪពុកអស់ពេលយ៉ាងយូរក្នុងព្រៃ ទើបបានប្រទះឃើញតាបសមួយអង្គ គង់ភាវនានៅក្រោមដើមឈើលើផែនថ្មមួយផ្ទាំងធំ។ កុមារថ្វាយបង្គំហើយក៏រ៉ាយរ៉ាប់ សព្វគ្រប់ ឱ្យតាបសស្ដាប់។ តាបសមិនទាន់ជឿថាកូនទេ ក៏អធិដ្ឋានថា “ប្រសិនបើកុមារនេះជាកូនខ្ញុំមែន កាលណាខ្ញុំ ទះកុមារមួយដៃទៅសុំឱ្យកុមារអណែ្ដតមកលើស្មាខ្ញុំ។ ថាហើយតាបសយកដៃស្ដាំទះទៅ ស្រាប់តែកុមារអណែ្ដតមកនៅលើស្មាឆ្វេងដូចសេចក្ដីប្រាថ្នា ទើបតាបសជឿថាជាកូនខ្លួនពិតតាំងពីនោះមក។ តាបសចាប់បង្រៀនវិជ្ជាសិល្ប៍សាស្រ្ដ ដល់កូនជារៀងរាល់ថ្ងៃ លុះប្រមាណជាច្រើនឆ្នាំតមក កូនក៏សុំលាឪពុកទៅរកម្ដាយវិញ ឪពុកគ្មានអ្វីជាប្រសើរទុកជា កេរឡើយ មានតែគ្រាប់ត្រសក់បីគ្រាប់ហុចទៅឱ្យកូន ហើយផ្ដាំថា “គ្រាប់ត្រសក់បីគ្រាប់នេះ” នឹងផ្ដល់កិត្ដិ្ដយសយ៉ាងធំឱ្យកូននៅពេលខាងមុខជាប្រាកដ ដល់កូនដាំទៅហើយបានជាផ្លែដំបូង ត្រូវតែបេះផ្លែនេះយកទៅថ្វាយសេ្ដចកុំខាន ឯកន្លែងដាំត្រូវដាំនៅមាត់ត្រពាំង ដែលជាលំនៅដ្ឋានរបស់ម្ដាយឯង ហើយត្រូវសន្មត់កន្លែងនោះថា “បឹងតីៗ” តាម ឈ្មោះម្ដាយឯងរហូតទៅ។ កុមារថ្វាយបង្គំឪពុកបីដង លាធ្វើដំណើរចេញទៅរកម្ដាយដែលកាន់តែចាស់ ហើយក៏ប្រាប់ម្ដាយឱ្យសន្មត់នាមត្រពាំងក្បែរផ្ទះនេះហៅថា បឹងតីៗ តាមបណ្ដាំឪពុកបានជាសព្វថ្ងៃនេះ ក្លាយទៅជា “បឹងតេ” ទៅវិញ។ រឿងរ៉ាវដើមនៃបឹងតេ មានតែប៉ុណ្ណេះឯង គឺកើតមកពីបណ្ដាំតាបសឬសី សន្មត់តាមឈ្មោះនាងតី ដែលជាអ្នកស្ថិតនៅមាត់ត្រពាំង គឺជាកន្លែងដែលព្រះធរណីស្រុត ស្រូបយកពួកសេដ្ឋីទ្រឹស្មូរខុសប្រពៃណី នេះឯង។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ