រឿង ផ្កាព្រៃតូច

មានផ្កាព្រៃតូចមួយគុម្ព ដុះនៅតំបន់រហោស្ថានមួយ ដែលមានតែថ្មក្រៀមក្រោះ និងគុម្ពោតតូចៗ ដុះដោយដុបៗ។ រៀងរាល់ថ្ងៃ ដើមផ្កាតូចនោះ តែងតែពោលសួរមេឃថា "តើថ្ងៃណា ខ្ញុំនឹងមាន ឧិកាសលូតលាស់ ខ្ពស់ឡើងទៅហ្ន៎?" មេឃក៏ឆ្លើយទៅវិញ ថា "ឧិផ្កាតូចអើយ! បើសិនអ្នកត្រូវពឹងលើសមត្ថភាពរបស់អ្នកហើយ ដើម្បីដកខ្លួន ទទួលយកពន្លឺថ្ងៃ និងទឹកសន្សើម ដើម្បីនឹងអាចលូតកំពស់របស់ខ្លួនបាន!" ដើមផ្កាតូចឭហើយក៏ប្រឹង បឺតជញ្ជក់នូវពន្លឺថ្ងៃ និងទឹកសន្សើម យ៉ាងអស់ទំហឹង។ ផ្កាក៏លូត កំពស់របស់ខ្លួន ខ្ពស់ជាងមុន ព្រមទាំងបានបញ្ចេញនូវទងផ្កាតូចៗ រីកស្គុះស្គាយ ជាច្រើន។

ថ្ងៃមួយ ស្រាប់តែមានព្រានព្រៃម្នាក់ រត់ដេញទាក់សត្វព្រៃ ហើយក៏បានបោះជើង ជាន់ដើមផ្កាដ៏ទន់នោះ អោយបាក់ដួលដេកទាប រាបដល់ដីវិញ។ ដោយ គិតថាខ្លួននឹងស្លាប់ ផ្កាក៏យំសោកសង្រេង ក្រៃលែង។ គ្រានោះ ផ្កាមិនបានយំ ព្រោះស្តាយជីវិតរបស់ខ្លួនទេ តែស្តាយ ព្រោះមិនបានរស់នៅតទៅទៀត ដើម្បីផ្តល់សោភ័ណត្រកាល ដល់វាល រហោស្ថាន ដ៏សែនក្រោមក្រោះនោះ អោយមានទិដ្ឋភាព ស្រស់ស្អាត ជាបន្តទៅទៀត។ ផ្កាតូចក៏ស្រដីប្រាប់ទៅមេឃថា "ខ្ញុំមិនអាចស្លាប់បានទេ ព្រោះបើខ្ញុំស្លាប់ វាលរហោស្ថាននេះ នឹងក្លាយជាកន្លែងដ៏សែន ក្រៀមក្រោះ គ្មានសោភណ័ជីវិត ជាបន្តទៀតឡើយ។ ដូច្នេះ តើខ្ញុំត្រូវធ្វើ យ៉ាងណាទៅ?" មេឃក៏ឆ្លើយវិញថា "ជីវិតនៅក្នុងដៃរបស់ផ្កា ស្រាប់ទៅហើយ ផ្កាត្រូវរក្សាវា ដោយ កម្លាំងសមត្ថភាពរបស់ផ្កា។ បើផ្កាពិតជាស្រឡាញ់ធម្មជាតិទីនេះមែន ផ្កាក៏ត្រូវស្រឡាញ់ជីវិតខ្លួនឯងដែរ ព្រោះផ្កាជាសោភ័ណមួយ ជាចំណែកធម្មជាតិមួយ ដ៏សំខាន់ នៃវាលរហោស្ថាននេះ។ ដូច្នេះ ផ្កាត្រូវប្រឹងស្រូបយកពន្លឺថ្ងៃ និងសន្សើម សាជាថ្មីទៀត ដូចដែលផ្កាធ្លាប់ប្រឹងព្យាយាម ពីមុនមក។ មិនយូរប៉ុន្មាន ផ្កានឹងបានឃើញជោគជ័យថ្មី មិនខាន ឡើយ។ ហើយនៅពេលនោះឯង ថ្មគ្រួសនិងគុម្ពោត នៃវាល រហោស្ថាន ក៏នឹងមានអំណរ សោមនស្ស ជាអតិបរមា ចំពោះវត្តមានដ៏ត្រកាលរុងរឿង របស់ផ្កាសាជាថ្មីម្តងទៀត ជាមួយពួកគេ!"

កាលបើបានឭដូច្នោះ ផ្កាក៏មានកម្លាំងចិត្តប្រឺសតែម្តង ហើយក៏ប្រវេប្រវា ប្រមូលកម្លាំង ស្រង់យកទឹកសន្សើម និងពន្លឺថ្ងៃ យ៉ាងពេញទំហឹង ដើម្បីជាកម្លាំង បណ្តុះមែកថ្មី លូតទង​ បញ្ចេញស្លឹក ជម្រុញផ្កាថ្មី មិនអោយខកវេលា ឡើយ។ មិនបានប៉ុន្មានផង ផ្កាក៏មានកម្លាំងឈរមាំសាជាថ្មី ហើយក៏លូតលាស់ បញ្ចេញស្លឹក និងទងផ្កាដ៏ស្រស់ស្អាត​ សោភាជាច្រើន មិនចាញ់គ្រាមុនៗ ឡើយ។ ដោយការប្រឹងខិតខំការព្យាយាម មិនស្រកស្រុត ផ្កាព្រៃតូច ក៏បានក្លាយទៅជា បំណែកសំខាន់ជាទីបំផុត នៃសោភណ័ទិដ្ឋភាព ធម្មជាតិដ៏ត្រកាល នៅវាលរហោស្ថាននោះ។


ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍