រឿង ពូសុខបាត់ពូថៅ

ពូសុខបាត់ពូថៅរកមិនឃើញ ស្រាប់តែប្រទះឃើញក្មេងភូមិម្នាក់ ដើរឈ្ងោកៗ សរសៀរតាមផ្លូ វកៀនរបងផ្ទះ របស់អ្នកជិតខាងម្នាក់។ គាត់លួចតាមមើលកុមារពីក្រោយ ដោយមានចិត្តសង្ស័យទៅលើក្មេងនោះខ្លាំងណាស់ តែពុំអាចចោទកុមារនោះបាន ព្រោះគ្មានភស្តុតាង។ វេលាក្រោយៗមក ពូសុខកើនចិត្តស្អប់ក្មេងនោះ បន្តិចម្តងៗ រហូតដល់មិនអោយកូនចៅ របស់គាត់ទៅលេងចូលជាមួយឡើយ សូម្បីតែក្នុងថ្ងៃបុណ្យ។ នៅថ្ងៃមួយ គាត់រើក្រោលគោសំអាត ក៏ប្រទះឃើញពូថៅរបស់គាត់នៅទីនោះ មិនដឹងថា គាត់ភ្លេចចោលនៅទីនោះ តាំងពីអង្កាល់។ ពេលនោះពូសុខ មានអារម្មណ៍ថា គាត់កំពុងមានបាបនៅក្នុងចិត្ត ដែលត្រូវលាងជម្រះ។

បើពូសុខជារូបយើងវិញ តើយើងគួរធ្វើដូចម្តេច?



ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍