រឿង ភ្នំស្រីវិបុលកេរ្ដិ៍

ភ្នំស្រីវិបុលកេរ្ដិ៍ជាឈ្មោះភ្នំតូចមួយរាងពងក្រពើ មានកំពស់ប្រមាណជា៣០ប្លាយម៉ែត្រ។ សព្វថ្ងៃភ្នំនេះស្ថិតនៅ ក្នុងឃុំបល្ល័ង្គ ស្រុកសូត្រនិគម ខេត្ដសៀមរាប។ នៅជើងភ្នំមានវត្ដមួយអ្នកស្រុកហៅថា “វត្ដត្រាច” អ្នកខ្លះហៅរួមទាំងភ្នំផងថា “ភ្នំវត្ដត្រាច ឬ ភ្នំត្រាច” ក៏មាន ដោយសន្មត់តាមទីកន្លែងនេះ មានដុះដើមត្រាចច្រើន ។ ដំណើរទៅកាន់ភ្នំនេះ ត្រូវទៅតាមផ្លូវជាតិលេខ៦ ពីភ្នំពេញឆ្ពោះទៅសៀមរាប ហើយបែកចូលត្រង់ភូមិរលួស ដែលមាន ផ្សារមួយបត់ចូលទៅខាងឆ្វេងដៃ សរសៀរតាមផ្លូវមុខសាលាស្រុកសូត្រនិគម ។ ចំងាយប្រមាណជា៧គីឡូម៉ែត្រ នៅទិសខាងជើងនៃសាលាស្រុក ក៏នឹងបានដល់ទីនោះ ។ ឯផ្លូវលំនេះសោត មានសភាពស្អាតស្អំ រថយន្ដគ្រប់ធន់អាចចេញ ចូលបានគ្រប់រដូវ ។ កាលបើគេទៅដល់ភ្នំនេះហើយជាបឋម គេប្រទះឃើញវត្ដមួយមានរៀងសមរម្យ នៅកណ្ដាល ធម្មជាតិយ៉ាងស្រស់។ តាមពត៌មានពីអ្នកស្រុកនិយាយថា វត្ដនេះពីដើមនៅលើកំពូលភ្នំឯងណោះទេ ប៉ុន្ដែដោយហេតុ មាននិមិត្ដអាក្រក់ ព្រះសង្ឃចេះតែមានជំងឺ លោកគ្រូចៅអធិការចេះតែអារឹស។ ដូច្នេះហើយបានជាគេរុះរើកុដិសាលា យកមកសង់នៅជើងភ្នំវិញ កាលពីរវាង៤០ឆ្នាំមុននេះ ទុកតែព្រះវិហារមួយនៅលើកំពូលភ្នំរហូតមក មានតែជណ្ដើរពីរទេ ស្រួល ឡើងទៅកាន់កំពូលភ្នំគឺជណ្ដើរខាងលិច និងខាងជើង ។ នៅក្បាលជណ្ដើរខាងលិចមាន ក្លោងទ្វារថ្មបែប រចនាខ្មែរបុរាណ ហើយមានចម្លាក់រូបផ្សេងៗនៅជាប់នឹងថ្មនោះផង ជាពិសេសគឺនៅនឹងផ្ដែរ។ បណ្ដារូបចម្លាក់ទាំងនោះ មានរូបមួយ ទាក់ទងនិងរឿងព្រេងប្រចាំភ្នំនេះ គឺរូបមនុស្សប្រុស ដេកទ្រមឈូស ដែលយើងនឹងអធិប្បាយរឿងជា ហូរហែរទៅខាងមុខ ។ នៅពីមុខព្រះវិហារមានរៀងប្រាសាទបាក់បែក ដែលមានគង់នៅជាប្រាង្គតូចមួយ ជាមួយគំនរថ្ម ដែលធ្លាក់ប្រគីងប្រគងគ្នារុះរាយនៅជុំវិញនោះ។ នៅក្នុងប្រាង្គសិលានេះ គេឃើញមានតំកល់សិវលឹង្គ និង យោនីឧមាភគវតី ដែលឥឡូវនេះមានធូលីឡោមព័ទ្ធ ដោយសារគ្មាននរណាគោរពបូជា ដូចកាលពីជំនាន់ដើមឡើយ ។ ជិតប្រាង្គសិលានេះទៀត មានចេតិយចាស់ៗជាច្រើន ទំនងជាសាងឡើង រាប់រយឆ្នាំមកហើយដែរ តែពុំមែនស្រករគ្នានិងប្រាង្គសិលាទេ គឺក្រោយមកជាច្រើនសតវត្ស ព្រោះបែបរចនារបស់ខ្មែរជំនាន់ក្រុងឧត្ដុង្គ ក្រុងលង្វែកប៉ុណ្ណោះ។ តាមអ្នកស្រុកឱ្យពត៌មានបន្ថែមថា ពីដើមនៅចំពីមុខព្រះវិហារមានរូបថ្មមួយធំ ជារូបមនុស្សស្រី ដេកអាក្រាតខ្លួន អ្នកស្រុកសន្មត់ហៅរូបនាងសន្ធមា ដែលមានឬទ្ធិខ្លាំងក្លាណាស់ ។ ចាស់ៗតំណាលថា បើនរណាមួយដើរទៅមក កាត់មុខនេះ ហើយមិនបានគោរពបូជាទេ រូបនេះនឹងធ្វើឱ្យចុកពោះ ឈឺថ្កាត់ផ្សេងៗមួយរំពេច។ ហេតុនេះហើយ បានជាមកដល់សម័យលោកគ្រូចៅអធិការ ព្រះនាមសៅ (ជាង៤០ឆ្នាំហើយ) លោកឱ្យគេគាស់រំលើងយករូបនេះ ទៅបោះចោលនៅឯក្នុងព្រៃខាងកើតព្រះវិហារ ចំងាយប្រមាណជា៥០០ម៉ែត្រ ។ ចាប់តាំងពីនោះមក រូបនេះក៏លែង បានរុកកួនដល់អ្នកស្រុកភូមិទៀតទៅ តែអ្នកស្រុកមិនដែលហ៊ានទៅចូលក្នុងព្រៃ ចំកន្លែងថ្មចោលឡើយ ។ ដូចនេះ ព្រៃម្ដុំនោះក៏ក្លាយជាព្រៃរហោឋានរហូតមក ។ ឥឡូវយើងងាកបែរទៅអធិប្បាយអំពីរឿងព្រេងម្ដង ។ រឿងព្រេង នេះយើងស្រង់យកតាមសេចក្ដីឱ្យការ របស់លោក គុយ ហួត នៅស្រុកសូត្រនិគម សៀមរាប ដោយផ្សំជាមួយការ ចងចាំនៃអ្នកស្រុកខ្លះទៀតដែលយើងបានស៊ើបសួរផ្ទាល់ មានសេចក្ដីដំណាលថាៈ ព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាម ព្រះបាទយសកេរិ៍្ដ គ្រងរាជនៅដែនសឹម្ពលី មានអគ្គមហេសីព្រះនាមសុវណ្ណមាលា។ ព្រះអង្គមានព្រះទ័យប្រកបដោយ ធម៌ល្អណាស់ ។ ថ្ងៃមួយមានក្សត្រប្រទេសជិតខាងមួយព្រះអង្គ ព្រះនាមភូមោវិលោរាជា មានក្ដីលោភលន់ចង់ពង្រីកអាណាចក្រ ក៏លើករេហ៍ពលមកប្រាថ្នាវាយដណ្ដើមយកទ្រព្យសម្បត្ដិ ក្រុងសឹម្ពលីនេះ ។ ព្រះរាជាដែនសឹម្ពលី ទ្រង់ ជ្រាបហើយក៏នាំព្រះមហេសី ដែលកំពុងមានគត៌ផង ភៀសព្រះអង្គចេញពីព្រះរាជវាំងទៅគង់នៅព្រៃឆ្ងាយ ទុករាជសម្បត្ដិថ្វាយទៅព្រះបាទភូមោវិលោរាជាចុះ ។ សេចក្ដីសំរេចដូច្នេះ មកពីព្រះអង្គទ្រង់ឆ្វេងយល់ថា បើទ្រង់គង់នៅ តបតសង្គ្រាម នឹងបណ្ដាលឱ្យស្លាប់អ្នកស្រុកច្រើនអនេកមិនខាន ហេតុនេះទ្រង់ភៀសចេញតែព្រះអង្គឯង និងព្រះរាជពនិតាទៅទុកឱ្យរាស្ដ្រប្រជាសុខសាន្ដត្រាណ ។ ដូច្នេះព្រះបាទភូមោវិលោរាជា ក៏គ្រប់គ្រងរាជសម្បត្ដិលើដែនសឹម្ពលី នេះទៅ ។ ចំណែកព្រះបាទយសកេរ្ដិ៍ និងព្រះអគ្គមហេសី ទ្រង់យាងភៀសព្រះអង្គទៅក្នុងព្រៃត្រង់តំបន់ភ្នំតូចមួយ (គឺភ្នំស្រី វិបុលកេរនេះឯង )។ ប៉ុន្ដែមិនបានសុខសាន្ដត្រាណឡើយ ពពួករេហ៍ពលព្រះបាទភូមោវិលោរាជា គេតាមមកចាប់ព្រះអង្គបាន នៅពេលដែលទ្រង់យាងរកផ្លែឈើ មើមឈើ ធ្វើព្រះស្ងោយ ។ គេនាំយកព្រះអង្គទៅបង្ខាំងទុក ឯក្នុងប្រទេសខ្លាចក្រែងព្រះអង្គទៅបង្កបានបក្សពួក វាយដណ្ដើមយករាជ្យវិញ ពេលនោះព្រះអគ្គមហេសីក៏ទ្រង់នៅ ត្រមោចត្រមង់មួយព្រះអង្គឯង ណាមួយទ្រង់ពរផ្ទៃជិតគ្រប់ខែហើយផង។ មិនយូរប៉ុន្មានព្រះនាងក៏ប្រសូត្រព្រះរាជបុត្រនៅកណ្ដាលព្រៃបានព្រះរាជបុត្រមួយមានព្រះភក្ដ្រស្រស់បស់ ព្រះរូបឆោមសមរម្យ ដូចព្រះបិតា ដោយសារ ព្រះរូបឆោមល្អឆើតនេះ ព្រះនាងក៏ថ្វាយព្រះនាម រាជឱរសនេះថា ស្រីវិបុលកេរ។ ចំណេរតមក ព្រះជន្មប្រមាណ១៥-១៦ឆ្នាំ ព្រះរាជកុមារតែងតែសាកសួររកជារឿយៗរកព្រះបិតា ។ ព្រះវរាជមាតា ក៏និទានរឿងរបស់ខ្លួនឱ្យព្រះរាជបុត្របានជ្រាបសព្វគ្រប់។ កាលបើទ្រង់ជ្រាបថា វរបិតាទ្រង់គង់ព្រះជន្មនៅឡើយ ហើយកំពង់តែជាប់ក្ដីនៅក្នុងកណ្ដាប់ដៃសត្រូវដូច្នេះ ព្រះរាជកុមារក៏សុំលាព្រះមាតា ទៅតាមរកមួយរំពេច។ ប៉ុន្ដែព្រះនាងទ្រង់ ឃាត់យ៉ាងម៉ឺងមាត់ ព្រោះខ្លាចរាជបុត្រមានគ្រោះថ្នាក់ដល់អាយុជីវិតទៀត ។ ទោះបីព្រះមាតាឃាត់យ៉ាងណា ក៏ព្រះរាជកុមារនៅតែទទូច លុះត្រាតែព្រះមាតាព្រមបើកឱ្យទៅ ដោយប្រគល់នូវព្រះពស្ដ្រ សំរាប់រាជ្យដែលមាន ជាប់មកនិងព្រះអង្គឱ្យទៅ ព្រះរាជបុត្រ ដើម្បីសំរាប់បង្ហាញជាបន្ទាល់ឱ្យស្ដេចបិតាទ្រង់ជឿថា នេះពិតជារាជបុត្រហើយ។ ព្រះនាងផ្ដាំបន្ថែមទៀត ថា “ចូរកូនទៅកុំយូរឱ្យហួសពី៧ថ្ងៃ បើកំណត់៧ថ្ងៃហើយកូនមិនឃើញមកវិញទេ ម្ដាយនឹងបែកទ្រូងស្លាប់មិនខាន” ។ ព្រះរាជកុមារថ្វាយបង្គំលាព្រះមាតារួចស្រេច ក៏ម្នីម្នាតំរង់ទៅដែនពារាណសី ដែលជាទីឃុំឃាំងព្រះបិតាព្រះអង្គ ។ ជួនជាពេលនោះព្រះបាទភូមោវិលោរាជា ចាត់ឱ្យពេជ្ឈឃាតនាំយកព្រះបាទយសកេរ្ដិ៍ ទៅសំលាប់នៅកណ្ដាលព្រះលាន ឃើញដូចនោះព្រះរាជកុមារស្ទុះចូលទៅជិតពួកពេជ្ឈឃាត ហើយសុំឃាត់ថា “សូមអ្នកលែងព្រះវរបិតានេះចុះ ហើយសំលាប់ខ្ញុំជំនួសវិញ ខ្លួនខ្ញុំជាកូន សូមធានាទទួលទោសទាំងអស់នេះ” ។ ពេជ្ឈឃាតទាំងអស់ ក៏ស្រឡាំងកាំងគ្រប់គ្នា ផ្អាកលែងប្រហារអ្នកទោសនេះសិន ហើយជំនុំគ្នា នាំសេចក្ដីទៅក្រាបទូលបង្គំព្រះរាជា សុំសេចក្ដីអនុញ្ញាតិ តើព្រះអង្គ នឹងឆ្វេងយល់យ៉ាងណា ។ កាលណោះព្រះរាជាក៏ទ្រង់អនុញ្ញាតិឱ្យធ្វើឃាតបុត្រាជំនួសចុះ ។ ពេជ្ឈឃាតក៏ដោះលែង ព្រះបាទយសកេរ្ដិ៍ឱ្យរួចខ្លួនទៅ ហើយដាក់ក្ដីកុមារស្រីវិបុលកេរ្ដិ៍ជំនួសវិញ ប៉ុន្ដែពេលនោះជាការអស្ចារ្យណាស់ ដាវរបស់ ពេជ្ឈឃាតប្រែជាទន់ដូចសំឡី ឥតមានគ្រោះថ្នាក់អ្វីដល់ព្រះអង្គឡើយ ។ ដោយសារហេតុចំលែកដូច្នេះ ព្រះបាទភូមោវិលោរាជាទ្រង់យាងចេញទៅទតហេតុអស្ចារ្យនេះ ដោយផ្ទាល់ព្រះនេត្រ តែជាអកុសលដោយអំពើអាក្រក់ ដែលខ្លួនបានប្រព្រឹត្ដិមកពេលនោះ ព្រះធរណីក៏ស្រូបយកព្រះរាជាអធម៌នេះបាត់ទៅ។ ប្រជានុរាស្ដ្រ ព្រមទាំងនាម៉ឺនសព្វមុខ មន្ដ្រីទាំងអស់ កោតស្ញប់ស្ញែងអនុភាពឫទ្ធីបារមី នៃព្រះកុមារស្រីវិបុលកេរ្ដិ៍គ្រប់ៗគ្នា។ ម្ល៉ោះហើយអ្នកស្រុកទាំងអស់ក៏មូលមតិគ្នា ថ្វាយរាជ្យសម្បត្ដិទៅព្រះរាជកុមារ ព្រះអង្គក៏ទ្រង់យល់ព្រមទទទួល ទើបផ្ដើមរៀបចំព្រះរាជពិធីរាជាភិសេក ឡើងក្នុងពេលនោះ។ ប៉ុន្ដែនៅក្នុងរាត្រីស្ងាត់ ព្រះរាជកុមារក្រាបទូលព្រះវរាជបិតា អំពីបណ្ដាំរបស់ព្រះមាតា ដែលទ្រង់ ផ្ដាំថា កុំឱ្យហួស៧ថ្ងៃ ឥឡូវយប់នេះគំរប់ទី៧ហើយ ។ ព្រះបាទយសកេរ្ដិ៍និងស្រីវិបុលកេរ្ដិ៍ ក៏ទ្រង់យល់ព្រមព្រៀងគ្នា លួចភៀសព្រះអង្គចេញពីវាំង អត់ឱ្យពួកពលមន្ដ្រីដឹងដានឡើយ។ ចេញផុតពីវាំងហើយ ទ្រង់ខំយាងដោយព្រះបាទា យ៉ាងលឿន កាត់ព្រៃឆ្លងវាល ស្រូតកាត់សំដៅទៅកាន់ទី ដែលព្រះនាងសុវណ្ណមាលាគង់នៅ។ ដោយសារផ្លូវលំបាក ហើយមានចំងាយឆ្ងាយផង ព្រះរាជដំណើរនេះត្រូវប្រព្រឹត្ដិ ទៅអស់រយៈ១យប់១ថ្ងៃ ។ ហេតុនេះហើយទំរាំតែទៅដល់ ព្រះនាងដាច់ខ្យល់ផុតហួសទៅហើយ។ ព្រះរាជកុមារ និងព្រះបិតា ទ្រង់រន្ធត់ព្រះទ័យយ៉ាងខ្លាំង ព្រះអង្គក៏រៀបចំបូជាសពព្រះនាងតាមការគួរ តែដោយព្រះកុមារទ្រង់តំរិះថា “ព្រះមាតាសុគតទៅក៏ដោយសារតែព្រះអង្គ ហេតុនេះគួរតែព្រះអង្គរកវិធីណាសំដែងការប្ដូរផ្ដាច់ ឱ្យសមនិងទឹក ព្រះទ័យរបស់ព្រះមាតា ដែលធ្ងន់ខ្លាំងបំផុតមកលើព្រះអង្គ” ។ ទ្រង់ព្រះតំរិះដូច្នេះ ទ្រង់ក៏តំកល់ព្រះសពមាតាក្នុងមឈូស ហើយលើកមឈូសនេះដាក់លើព្រះឱរ៉ា ដោយព្រះអង្គផ្ទុំ ទ្រមឈូសធ្វើជាថ្ករ។ លុះបូជាព្រះសពនេះទៅ ព្រះអង្គក៏ទ្រង់ក្ស័យព្រះជន្មទៅជាមួយដែរ ។ ឯព្រះបិតាទ្រង់យល់ ដូច្នេះក៏ទ្រង់វិតក្កសោយសោកពន់ប្រមាណ តែព្រះអង្គខំទប់ព្រះចិន្ដា ត្រលប់មកទទួលគ្រប់គ្រងរាជ្យសម្បត្ដិវិញ។ ក្រោយដែលគ្រងរាជ្យហើយ ទ្រង់ក៏ចាត់ចែង ធ្វើប្រាង្គសិលាដើម្បីតំកល់ព្រះបរមអដ្ឋិនៃព្រះអគ្គមហេសី និងព្រះរាជបុត្រ។ ទីដែលដំកល់ព្រះអដ្ឋិនេះហើយ ដែលគេសន្មត់ថា “ភ្នំស្រីវិបុលកេរ្ដិ៍” រហូតមកដល់សព្វថ្ងៃនេះ ។ សេចក្ដីអធិប្បាយមក នេះជារឿងព្រេងដែលអ្នក ស្រុកនិទានតគ្នាពីមាត់មួយទៅមាត់មួយ តែបើតាមពិនិត្យអង្កេតរកហេតុផលវិញ យើងពុំអាចសន្មត់ប្រាកដប្រជាថា ជារឿងត្រូវពិតបានឡើយ ព្រោះធម្មតារឿងនិទានតែងល្អៀង តែងឃ្លៀងឃ្លាតទៅតាមសំដី អ្នកស្រុក តាមជំនឿ អ្នកស្រុកដែលឆ្លងកាត់សតវត្សជាច្រើនមកហើយ។

ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងខ្មែរ