រឿង សំណង់ចុងក្រោយ

ពូសែមជាមេជាងពូកែម្នាក់ ដែលធ្វើការអោយក្រុមហ៊ុនសំណង់ផ្ទះ សំណង់វីឡាមួយ នៅភ្នំពេញ តាំងពី ជំនាន់អ៊ុនតាក់។ នៅខែនេះ គាត់បានមកសុំច្បាប់លាចូលនិវត្តន៍ ព្រោះប្រពន្ធរបស់គាត់មានជម្ងឺ ហើយគាត់ក៏ត្រូវនៅជួយថែរក្សា ទុកអោយកូនៗជាអ្នកចេញធ្វើការ ជួយផ្គត់ផ្គង់ក្រុមគ្រួសារម្តង។ គ្រានោះ នាយករបស់ក្រុមហ៊ុន បានប្រាប់គាត់ថា គេមានគម្រោងសំណង់ផ្ទះឈើធំមួយ អោយគាត់ ជួយសង់ជាចុងក្រោយ។ ពូសែមឭហើយ ក៏ប្រកែកដាច់អហង្ការ។ ប៉ុន្តែក្រុមហ៊ុន​បានទទូចថា នោះគឺជាកិច្ចការកុងត្រាដ៏សំខាន់​ ដែលមិនអាចចៀសបាន ដូច្នោះ ពូសែមក៏ទទួលយក ការងារ ទាំងចិត្តហ្មួហ្មង។ ដោយសារចិត្តមិនចង់ផង ដោយគិតថា នោះជា កិច្ចការបង្ហើយចុងក្រោយផង​ ពូសែមក៏លួចពង្រួញ ផ្ទៃក្រឡាផ្ទះ ដែលកំពុងសង់នោះ អោយតូចជាងមុន លួចគ្រឿងឈើសំណង់ ទៅលក់ យកលុយទិញស្រាជប់លៀង កូនជាង យ៉ាងសប្បាយហឺុហា ខុសរាល់ដង ហើយក៏បង្គាប់កូនជាងអោយធ្វើការរហ័សៗ ខ្ជីខ្ជាៗ យ៉ាងណាៗ អោយរួចតែពីដៃ ដើម្បីប្រញាប់អោយឆាប់ហើយ នឹងអាលគាត់បានឈប់សម្រាក។ គាត់មិនបានគិតទៀតទេ ថាគុណភាពនៃសំណង់ផ្ទះឈើមួយនេះ អាចដួលរលំសង្កត់ម្ចាស់ផ្ទះឡើយ។

ពីរអាទិត្យក្រោយមក ពូសែមនិងកូនជាងបានប្រមូលគ្នា ត្រៀមខ្លួន ទទួលនាយកក្រុមហ៊ុន និងអ្នកត្រួតពិនិត្យកិច្ចការ ដើម្បីមកមើល ផ្ទះថ្មី ដែលទើបនឹងសង់រួចហើយនោះ។ នៅពេលពួកគេចូលមកដល់ នាយកក្រុមហ៊ុន បានដើរចូលទៅ មើលផ្ទះនោះហើយ មិនមានសម្តែងកិរិយា ចាប់ភ្លឹក ថាទំហំផ្ទះធំឬតូចជាងមុន អ្វីបន្តិចឡើយ។ បន្ទាប់មក លោកនាយកក៏ដើរ ទៅរកពូសែម ហើយហុចកូនសោរផ្ទះមួយ អោយគាត់ រួចស្រដីថា ៖

- ពូសែម! ពូបានធ្វើការអោយក្រុមហ៊ុនយើង យ៉ាងពូកែជំនាញបំផុត ជិត២០ឆ្នាំ ហើយបានធ្វើអោយ ក្រុមហ៊ុនយើង ល្បីល្បាញ ខាងសាងសង់ និងលក់ផ្ទះវិឡា បានទទួលប្រាក់ចំណេញរាល់ឆ្នាំ រៀងរហូតមក។ នៅពេលនេះ ក្រុមហ៊ុន សូមជូនផ្ទះមួយខ្នងនេះ ដល់ពូ ជារង្វាន់ចូលនិវត្តន៍។

ភ្លាមនោះ ពូសែម ភ្ញាក់ក្រញាង បើកភ្នែកគ្រលួង ធ្វើមុខភាំង ស្លាក់វាចា និយាយមិនចេញមួយម៉ាត់ សូម្បីពាក្យ ថា "អរគុណ"!!!!



ដោយ អ្នកស្រី កែវ ច័ន្ទបូរណ៍