ល្បើក កង្កែបនិងក្តាម (កំណាព្យ)

ល្បើក ‹កង្កែប និងក្តាម› គឺជាកំណាព្យ បទពាក្យ៧ធម្មតា ដែលនិពន្ធឡើងដោយ

អត្ថបទកំណាព្យ

កែប្រែ

១-នេះហ្នឹងថ្លាថ្លែងចែងសេចក្តី ល្បើកអរូបីជូនសន្តាន កង្កែបនិងក្តាមតាមលំអាន ដែលអាស្រ័យស្ថានជាមួយគ្នា។ ២-សត្វមានគគោកលើប្រឹថពី ក្នុងទឹកគិរីដែនធារា មានតូចមានធំក្រោមនភា បូព៌ាឧត្តរពោលឱ្យចំ។ ៣-ត្មាតសូមសង្ខេបប្រវត្តិខ្លី បុត្រអ្នកក្រក្រីមិនសម្ងំ ពុកវ៉ា អឹមជាគ្រូបឋម តែងតែស្អាតស្អំជួយដល់កូន។ ៤-បណ្តុះឱ្យកូនត្រូវខិតខំ ចំណេះសន្សំប្រើជាក្បូន ប្រឹងប្រែងទៅថ្លៃចេះមិនសូន្យ សណ្តោងសណ្តូនអនាគត។ ៥-រៀនបានជ្រៅជ្រះមិនត្រូវលាក់ យល់ការជ្រៅរាក់ធ្លាប់ដំលត់ វៀចកុំបោះបង់ក្ងង់ខំពត់ ក្រត្រូវរមត់កុំឱ្យជាន់។ ៦-អ្នកម៉ែគុជ សូត្រជាមេផ្ទះ រូតរះស្ទុះស្ទាហើយរួសរាន់ មិនដែលជេរកូនឬមាត់លាន់ រយពាន់គំនិតក្នុងនាមមេ។ ៧-ពុកចាំម៉ែភ្លេចនៅពេលចាស់ រ៉ាយរ៉ាប់មិនខ្មាសកម្មបុព្វេ ញោមស្រីវង្វេងពុករឹតជ្រេរ អាណោចម៉្លេះទេគ្រួសារខ្ញុំ។ ៨-ឧទ្ទិសមគ្គផលលោកទាំងពីរ ជីវិតសំភីមូលបណ្តុំ ទទូចរាល់ថ្ងៃដង្ហោយសុំ សូមបានសុខុមនៅជាម្លប់។ ៩-បណ្តើមសេចក្តីផងតួអង្គ ពាក្យសត្យពាក្យសង្ឃជាទំនប់ ប្រើបំភ្លឺផ្លូវគេហៅគប់ ថ្ងៃលិចហៅយប់យន់រាត្រី។ ១០-ឯកអង្គទ្រង់នាមអសុរា ភ្នែកលៀនអស្ចារ្យនាលោកិយ ក្នុងទឹកលើគោកតាមមេត្រី ហត្ថាធិបតីធំជាងជើង។ ១១-រស់នៅទឹកសាបនិងទឹកប្រៃ វិស័យមានព៌ណប្រៀបដូចភ្លើង អវយវៈខ្លីមិនឡើងទ្រើង មិនដែលទំនើងនាមជាសត្វ។ ១២-អាចប្រើជាម្ហូបតាមត្រូវការ ស្ងោរស្លអាំងឆាប្រសើរក្តាត់ វាពិតជាគ្មានថ្លើមប្រមាត់ ដាក់កែវបង្កាត់បង្ហាញញាតិ។ ១៣-គ្រួសារមួយនោះរស់ក្នុងដី ញីឈ្មោលសក្ខីមានបុត្រព្រាត ហត្ថាអាវុធមិនដែលឃ្លាត កាយឥតរវាតជាជម្រក។ ១៤-រកស៊ីសុខដុមនិងរមនា មិនដែលមោះមារពៅពន្លក ប្រៀបបានថ្ងៃរះគ្មានពពក សមុទ្ររលកសែនស្ងប់ស្ងាត់។ ១៥-សាងបានកំពែងក្នុងដីជ្រៅ ព្រលាននិត្យនៅជាសម្ងាត់ ការពារសត្រូវកំបាំងបាត់ មិនងាយកម្ចាត់បង់អាត្មា។ ១៦-ក្បែរដងគិរីនិងមាត់អូរ ទ្វេហារមិនថ្ងូរគ្រប់ហេតុការណ៍ ចិញ្ចឹមបីបាច់កូនចៅតា គ្រុំលៀសប្រហារសន្សំទុក។ ១៧-មានភ្លៀងមានផ្គរមិនដែលព្រួយ អាហារជំនួយក្នុងជង្រុក ជំនាន់ក្រោយនោះធាត់ទ្រលុក ដ្បិតម្តាយឳពុកច្នៃបម្រុង។ ១៨-នៅពេលធំឡើងបែកទ្រនំ រកស៊ីមិនជុំឆ្ងាយសូន្យសុង សត្វគ្មានអ្វីចែកដីកេរកុង ផ្តាំផ្ញើដើមចុងជាការស្រេច។ ១៩-បណ្តាំដល់បុត្រមិនមានទាស់ គិតគូរវែងវាស់ជាសម្បាច់ ប្រឹងចិញ្ចឹមគ្នារួមជាសាច់ កុំកាច់បំបាក់ជីវិតគ្រួរ ។ ២០-ក្រចុះកូនអ្ហើយឱ្យតែមាន ខ្ពស់ចុះកុំរានជាតិជងជួរ កុំកាត់ស្រូវស្រែពិសេសមួរ បើក្រចេះសួរមិនគួរស៊ន ។ ២១-ពាក្យទៀងកូនអ្ហើយមិនឈ្នះទ័ល រាប់ញាតិសម្គាល់ចេះលាបលន មារយាទកូនតូចឱ្យចេះពន វាំងននជីវិតរៀនមិនចប់។ ២២-ស្លេះទុកត្រឹមនេះមួយគ្រាសិន មាសឆ្អិនថ្លាថ្លែងមិនទាន់សព្វ នាយរងចេញមកតែបង្កប់ ប្រសប់ហៅប៉ិនបើវ័យឆ្លាត។ ២៣-សត្វទឹកសណ្ឋានដៃជើងបួន មិនដែលរុកគួនឬឧត្បាត ចូលចិត្តច្រៀងលេងតាមក្បួនខ្នាត សង្វាតខ្លួនកប់នឹងធរណី។ ២៤-ពិសេសធ្លាក់ភ្លៀងស្រស់រដូវ ត្រជាក់ពេកកូវលេងសំភី កៀងគូញីឈ្មោលថ្លុកថ្នាលទី ពងពាសខ្ជាខ្ជីតាមវាលកាល។ ២៥-ដងខ្លួនរាងរៅដូចជាមនុស្ស តែចិត្តមិនលុះរឿងអម្បាល សាច់វាធ្វើម្ហូបសាលាដ៍ក្រាល ប្រឡាក់គ្រឿងហាលតាមត្រូវការ។ ២៦-ឆាគ្រឿងឆាផ្អែមតាមតែចិត្ត ឈ្ងុយឆ្ងាញ់កម្រិតតាមចេតនា ស្ងោរជ្រក់ពិសេសមិនធម្មតា អស្ចារ្យមុខម្ហូបនៅផ្ទះហាង។ ២៧-សត្វតូចស្រែកឮព្រោះថ្លើមធំ ឱ្យរាស្រ្តសុខុមស្រូវស្រឡាង ឆីសត្វបំផ្លាញស្រូវតំណាង បច្ចុចាប់ឆ្កាងអាំងក្លែមស្រា។ ២៨-ម្នាលសត្វទាំងទ្វេគូនឹងគ្នា ចាប់ដៃមិនយារវដ្តសង្សារ គ្មានកេរដំណែលជួយអាត្មា រសាត់អន្ធិកាវង្វេងភព។ ២៩-យាត្រាចេញវាលដាច់សង្វែង កណ្តោចកណ្តែងទាំងថ្ងៃយប់ ចុះវាលឆ្លងអូរកាត់ទំនប់ ព្រលឹមព្រលប់ពនេចរ ។ ៣០-ឈ្មោលពោលច្នោះថាពៅសម្លាញ់ ពៅកុំចុះចាញ់នឹងលំហ ថ្មីថ្មោងចាប់ផ្តើមពិតជាក្រ ថ្ងៃមុខក្លាយល្អក្នុងជីវិត។ ៣១-រៀមនឹងថែទាំតែប្អូនមួយ ព្រលឹងកុំព្រួយណាមាសពិត ប្រសិននឿយសោរៀមកៀកជិត បំពេរវរមិត្រជីវាថ្លៃ។ ៣២-ប្អូនឮសំដីសែនអំណរ ថ្វីដ្បិតយើងក្រគ្រាសម័យ ប្អូនទ្រាំលំបាករហូតថ្ងៃ យើងមានតម្លៃជាសត្វលោក។ ៣៣-នឹងស្ម័គ្ររៀមរ៉ាមិនបែរក្រោយ អត់បាយក៏ដោយក៏មានជោគ ទោះអត់អាហារប្រាណយោលយោគ ពិតមិនងុយងោកប្រឹងបន្ត។ ៣៤-គ្រាន់ឮសំដីមានកម្លាំង ប្រយុទ្ធនឹងខ្មាំងស្ទុះចូលស្រ សូមដើរតាមក្រោយគ្រាន់កំដរ កកើតកុះករកូនពូនចៅ។ ៣៥-ដៃគូដូចរៀមមិនស្តាយក្រោយ ប្រាស្រ័យបានស្បើយចាកដំបៅ កាត់វាលខ្សោះខ្យល់ថ្ងៃកម្តៅ មិនដែលសោកសៅចិត្តស្ម័គ្រស្មើ។ ៣៦-លេចវាលចូលព្រៃដាច់សង្វែង ខែប្រាំងក្តៅហែងជូនដំណើរ លូនលោតវារក្រាបឬមួយដើរ រៀមតែងសរសើរកន្និដ្ឋា។ ៣៧-នឿយហត់ស្រេកឃ្លានគ្មានអាស្រ័យ ថ្លើមថ្លៃជួយផងស្រស់ជីវា ដូចចង់សៀតពោះមិនធម្មតា ឬមួយអន្សាពោះគ្រប់ខែ។ ៣៨-ឈ្មោលឱបថើបរឹតពៅសុតន រៀមបានបែរបន់ព្រះគុណម៉ែ សូមជួយទំនុករក្សាថែ មាសស្នេហ៍ក្នុងគ្រានេះតែម្តង។ ៣៩-ធូរស្បើយស្រាកស្រួលសម្ងំបាន ដៃគូ ពិតក្សាន្តរួចចំណង ស្វែងរកចំណីមិនមានហ្មង នួនល្អងកុំយូរប្អូនឈឺផ្សា។ ៤០-អូកៗយល់ព្រមពៅពិសី ស្រដីឆ្លើយតបមិនសង្កា កណ្តូបចង្វិតត្រូវប្រហារ យកមកអាំងឆាគំរាមឃ្លាន។ ៤១-ចំណីច្រើនមុខមកគាប់គួរ ស្របតាមសំណួរមិនបំពាន តម្រូវចិត្តមេហៅជាទាន រុករានរត់រកតាមចិន្តា។ ៤២-បានហូបស្កប់ស្កល់ស្បើយទ័យា ឈឺក្នុងអង្គាចាកអួលផ្សា ពៅសូមអរគុណយោន សង្សារ ខ្ចាត់ភ្លាត់សោកាគ្រានេះឯង។ ៤៣-រាត្រីយប់យន់ចូលមកដល់ ដៃគូខ្វាយខ្វល់ទុក្ខចំបែង ផ្តោះផ្តងចរចារកកន្លែង ស្អែកថ្មីក្តៅហែងសាជាថ្មី។ ៤៤-ឱសឱ!ស្វាមីប្តីសម្លាញ់ មាសសុទ្ធពុំចាញ់ភាពក្រក្រី តែមានពោះពុងជាសក្ខី សូមស្រស់ពិសីពិចារណា។ ៤៥-ដំណើរច្រើនថ្ងៃគ្មានគោលដៅ មិនមានសំណៅឱ្យច្បាស់ការ ដ្បិតពេលចាកចេញគ្មានផែនការ រកកុដិសាលាទីភូមិវាល។ ៤៦-វេលានេះទៅផ្ចង់គំនិត ត្រូវគិតត្រឹមត្រូវចាករោលរាល គួររស់ក្រោមម្លប់ស្លឹកឈើទាល រករូងជម្រាលក្បែរមាត់ព្រែក។ ៤៧-ឬមួយដងអូរបឹងជលសា អាចជ្រកអាត្មាជៀសយំយែក បើព្រានឃើញយើងនឹងលង្វែក ជ្រាជ្រែកជីវិតរំលៀក ស្ថាន។ ៤៧-សំដីពីរោះហើយមានន័យ ប្រពៃសមសួនប្រើការបាន រៀមនឹងត្រាច់ចរសំពៅច្រាន រកទីសុខសាន្តចាកសៅហ្មង។ ៤៩-ពៅកល្យាណីស្រីសែនស្រស់ វាចាឥតខ្ចោះផ្តល់ប្រុសបង ស្អែកព្រឹកស្អែកថ្មីពេលចំបង ទាំងទ្វីត្រសងរកទ្រនំ។ ៥០-ផ្កាយព្រឹករះខ្ពស់ចុងព្រឹក្សា នាំគូសង្សារចាកបន្ទំ ស្វាហាប់ទៅមុខមិនហ៊ានយំ ទោះមេឃរលំភ្នំរលាយ។ ៥១-ជីវិតផ្សងព្រេងរឹតរួតប្រាណ លំឱនលំអានកម្មសម្ពាយ ទឹកចិត្តមោះមុតមិនរោយរាយ ចាំពាក្យតាយាយត្រូវតស៊ូ។ ៥២-រូតស្រូតទៅមុខយ៉ាងសស្រាំ ទោះគ៌ភចុកឆ្អាំមិនរអ៊ូ សម្រាកស៊ីចុកមិននៅយូរ រងូស្ករក្រាមស្អិតរឹងមាំ។ ៥៣-ថ្ងៃបាក់រសៀលតាវៅយំ ថ្ងួចថ្ងូររងំពិបាកទ្រាំ យើងចាកគ្រួសារយ៉ាងលន្លាំ តែយើងត្រូវរាំ ទន្លេកម្ម។ ៥៤-វេហាស៍កុកស្មោញត្រឡប់វៃ ពីព្រៃរកឆីតាមចំណាំ ក្អាកក្អាយឆ្អែតឆ្អន់ជាប្រចាំ ដុតដាំដៃគូគ្រានេះម្តង។ ៥៥-មាត់អូរគងព្រៃហាក់ស្រណម ផ្សែផ្សំទេសភាពជាប់ចំណង បែរមកគូស្នេហ៍កើយផ្តោះផ្តង សាសងសូរសព្ទសព្វសត្វយំ។ ៥៦-ទោចទួញផ្តាំព្រៃស្តាយថ្ងៃលិច ពពិចចេចចាបក្បែរទ្រនំ ពពូលអឺងកងមែកឈើទំ ប្រគំតន្រ្តីមុនសន្ធិយា ។ ៥៧-ចាបចេចចរចាបានចំណី រីហ្វូងបក្សីផ្តាំនិន្រ្ទា សំណេះសំណាលក្សាន្តទ័យា គង្គាស្ងប់ស្ងាត់មច្ឆាពួន។ ៥៨-ទាព្រៃកេកកាកមិនបានកាប់ ក្អែកចាប់ខ្វកៗយ៉ាងសមសួន លលកកុកគ្រូរន្ថើនផ្ទួន កញ្ច្រាវស្រែកស្ទួនជួយជ្រោមជ្រែង។ ៥៩-ក្រសាហូតដាវបម្រុងកាប់ មាន់ទោរសាសព្ទខាងនាយល្វែង ថ្លុំកាច់សំបុកស្រូវជាយគ្រែង វេហាស៍កវែងសត្វននាល។ ៦០-ក្រៀលបង្ហើរសៀងនភាល័យ យល់ន័យរាត្រីស្បៃរោលរាល ពិភពងងឹតស ពពាល ស្រគាលស្រគំគុំ រាត្រី។ ៦១-ពេលព្រលឹមស្វាងសុរិយា សត្វទាំងទ្វិហារស្មោះភក្តី ញញឹមញញែមជីវិតថ្មី នៅនាទឹកដីអូរព្រឹក្សា ៦២-អារម្មណ៍ភ្លឺថ្លាស្រស់អនេក ក្តីសុខចម្លែកក្នុងកាយា ដឹងកាយថ្ងៃនេះស្រាយបន្លា ឱរាធូរស្បើយចិន្តាក្សាន្ត។ ៦៣-គូគាប់លំហែតាមដងព្រៃ នេត្រារំពៃព្រឹក្សាស្ថាន ធ្លាប់រស់តាមវាលខ្សោះស្មសាន មិនបានជួបស្គាល់ធម្មជាតិន័យ។ ៦៤-ទ្វេហារដើរឆ្លងជួរបព្វតា ទឹកចិត្តស្រស់ថ្លាចេញចូលព្រៃ ទឹកចិត្ដជួបញោមញាតិមមៃ លកលៃស្រូបក្លិនស្ថានលំអ។ ៦៥-សប្បាយក្នុងចិត្ដស្រែកច្រៀងលេង បក្សីជាភ្លេងខ្យល់កំដរ ទោចទួញបន្ទរដោយស្មោះសរ ព្រឹក្សាអំណរគិរីស្ដាប់។ ៦៦-រៀមដើរកាត់ព្រៃរៃវាយំ ប្អូនដើរកាត់ភ្នំធំចំណាប់ បក្សីបក្សាខ្ញៀវខ្ញាឆាប់ សាស័ព្ទផ្ដោះផ្ដងរំពងព្រៃ។ ៦៧-ស្វានស្វាទោចទួញលើព្រឹក្សា ទំនងចរចាចិត្ដមមៃ ខ្ទីងខ្ទែតឈរពើងមានគោព្រៃ រៀមរ៉ារំពៃរុករកផ្លូវ។ ៦៨-រមាំងរមាសឈ្លូសនិងក្ដាន់ កើយគូកំណាន់ឆីស្មៅស្បូវ ប្រុងប្រយ័ត្នខ្ពស់ខ្លាចអាស្រូវ ក្អែកបូលឡូវៗកៀងគូស្នេហ៍។ ៦៩-គ្រលីងគ្រលោងគ្រលែងវែក ចោមចិត្តចោលភ្នែកសម្លក់ថ្លែ តាវ៉ៅងោកងុយក្នុងរូងក្បែរ រៃកន្ដឹងរ៉ែចុងព្រឹក្សា។ ៧០-សារិកាខ្មៅគួរស្រឡាញ់ ហិចហើរសស្រាញ់ក្បែរជលសា ផ្ដោះផ្ដងកៀកកើយក្រឡាប់ផ្ងារ ចរចាចេចចាចលាន់អឺងកង។ ៧១-ថ្លាថ្លែងរុក្ខជាតិដុះហមហែ ជ្រៃក្បែរដើមថ្ងាន់ជាលាផង ត្រាចក្រៀលក្រាស់ក្រៃក្រាំងក្រោយខ្នង ស្រឡៅលូតស្រងត្រង់បន្ទាត់។ ៧២-សង្កែស្រគំក្រវាញខ្ទម្ព ក្រវាន់ជិតជុំដើមជន្លាត់ កណ្ដោលក្តាតក្ដុលដុះរាយរាត់ ចាន់ចារញៀតញាត់ដូចរបង។ ៧៣-អង្កាញ់អាង្កោលអង្គាដី ត្រៀបត្រាដូចក្រីសមបំណង ក្របៅស្មាច់ព្នៅភ្នំចំណង ប្រដាំប្រសងគុយវល្លិពេជ្រ។ ៧៤-ដង្កោក្រសាំងដើមភ្លូបាត លាជលាយលាំងសាតដុះរំលេច គូលេនភ្លងភ្លាំងមើលមិនភ្លេច ចង្រៀករោលរេចថែមស្មោងស្មៅ។ ៧៥-ត្រសេកសណ្ដាន់និងដើមរាំង ជម្រករមាំងគ្មានសោកសៅ អំបែងថ្ងៃស្មាច់ស្មោកក្របៅ ឆ្កែស្រែងទ្រង់ខ្មៅនិងសុក្រំ។ ៧៦-ភ្នំភ្លើងជ្រែច្រែះនិងគគីរ អំពិលសំភីលង់អារម្មណ៍ បាយម៉ាតឈើទាលធ្នង់ស្ដុកស្ដម្ភ ដើរចំស្ដុកស្ដុរថ្នាំបុរាណ។ ៧៧-យើងដើរឆ្លងបឹងជួបមច្ឆា ហែបហែលផ្កាប់ផ្ងារតាមលំអាន រ៉ស់ផ្ទក់ត្រីឆ្ដោត្រីក្បាលឡាន ព្រួលប្រាថ្នមប្រាណនិងរាជភូ។ ៧៨-មានត្រីកាហោកាឡាំងហាយ ត្រីក្រោសត្រីក្រាយពោរមូ ក្ដាមខ្យងកំពឹសសម្ងំយូរ ផ្ទោងហែលទាំងគូបណ្ដែតខ្លួន។ ៧៩-ក្អិតចង្វាក្អែកអណ្ដាតឆ្កែ កន្ត្រប់លោតហក់ណាមាសស្ងួន សណ្ដាយសំដិលកាយនឹមនួន ច្រកែងបីបួនហែលត្រសង។ ៨០-អន្ទង់ត្រីក្អុកក្រាញ់អណ្ដែង រីត្រីច្រកែងបណ្ដែតខ្នង ត្រឱនព្រលូងឆ្លូញស្លាតផង កញ្ចុះចូលថ្នងប្រឹងរកផ្លូវ។ ៨១-បន្លែក្នុងទឹកមានច្រើនដែរ ដុះនៅកៀកក្បែរឃើញឥឡូវ ព្រលិតលំចង់តាមរដូវ ត្រកួនកាច់កូវមានសារាយ។ ៨២-កំពីងពួយប្រែស្នេហ៍ថ្នក់ទឹក ប្រហើរពន្លឹកហូបមិនណាយ ច្រាច់ច្រានត្រកៀតដុះរាងអាយ ស្លាបចង្វាកាយរួមស្លាបទា។ ៨៣-មរតកដូនតាមានមិនខ្វះ រៀបរាប់ខ្លះៗជូនពុំងា សប្បាយភ្លេចខ្លួនបានមួយគ្រា ក្រពះទាមទាររកចំណី។ ៨៤-ឆ្លៀតរកសត្វល្អិតតាមដងព្រៃ ចិន្ដាវាងវៃស្ដាប់សំដី សុំអ្នកថែធួនឈ្មោះល្បាញល្បី សក្ខីចាប់បានគ្មានមោះហ្មង។ ៨៥-ម៉ាក់ប្រេងម៉ាក់ប្រាងខ្ពស់អេនក ហត្ថាចម្លែកខ្លីកន្លង មិនអាចធ្វើតាមដូចបំណង ចាប់ចងសត្វល្អិតណាភុំផាន។ ៨៦-ព្រលប់យប់យន់ទន់និន្ទ្រា រូតរះម្នីម្នាដែនស្មសាន រកទីជ្រកពួនសម្រាកបាន កល្យាណផ្ដេកខ្លួនក្រោមព្រឹក្សា។ ៨៧-ប្រាសខ្នងកល់ខ្នើយលង់លក់ទៅ អាធ្រាត្រយប់ជ្រៅនាបព្វតា ចចកលយលូដាស់អាត្មា ជីវាឱបបងមិនមែនពុត។ ៨៨-សន្សើមប្រឹសៗពីរុក្ខា ជោកជាំឧិរាចិត្ដមោះមុត ខ្លាគ្រហ៊ឹមខ្លាំងក៏មិនរត់ រាត្រីលត់ដំផ្សំត្រជាក់។ ៨៩-មាន់ព្រៃរងាវនៅជើងភ្នំ អាអូតស្រែកយំចិត្ដជំពាក់ ខ្លែងស្រាកទីទុយដឹងឮជាក់ ពង្ញាក់អារម្មណ៍ឱ្យព្រឺព្រួច។ ៩០-ព្រលឹមស្រាងស្វាងសុរិយា ខ្ញោកខ្ញាកបក្សាទោចគ្រលួច ស្រណោះសម្លេងស្រួយខ្ញៀវខ្ញា ក្របីស្រែកថ្ងួចទាររកបៅ។ ៩១-ដៃគូរឭកព្រឹកព្រលឹម ភ័ក្ត្រាញញឹមគ្មានសោកសៅ ពត់ខ្លួនពត់ប្រាណក្រោមកម្តៅ សំដៅដែនទីយ៉ាងប្រពៃ។ ៩២-កម្សាន្តស្កប់ស្កល់ក្នុងអាត្មា ចេញចាកយាត្រាពីទ្រូងព្រៃ ស្រូតរូតពីព្រឹកគ្មានមោះមៃ លកលៃត្រឡប់ដែនបឋម។ ៩៣-ស្រីអូកប្រុសឱបរកចំណី ទាន់ព្រឹកឃ្មាតខ្មីរូតលត់ដំ បានឆ្អែតហូបហល់មិនបង្ខំ ផ្សាស្អំចិន្តាវាលជីវិត។ ៩៤-តាំងទីលំនៅៗមិនឆ្ងាយ ដងអូរស្រុកអាយគ្រានេះពិត ក្រាំងពួនក្រោមស្មៅជាគំនិត មិនអាចកាយគិតដូចអ្នកផង។ ៩៥-ហូបចុករាល់ថ្ងៃបានសុខា អាហារមិនខ្វល់គ្រានេះម្តង បំពេញក្រពះគ្មានសៅហ្មង គូរស់ត្រសងគ្មានមៃមោះ។ ៩៦-យប់យន់សម័យគ្រាមួយនោះ ញីចង់តែជុះគ្មានគ្រាលោះ បង្កូកឥតភ្លៀងប្រៀបបញ្ជោះ ផ្អើលសត្វពីងពស់ដេកមិនសុខ។ ៩៧-ជិតខាងធុញថប់ព្រោះអារម្មណ៍ យប់ពួកសម្ងំឱ្យធ្មេចសំកុក ស្អែកជាថ្ងៃថ្មីចេញតត្រុក ចំណីសម្រុកក្រពះឆ្អែត។ ៩៨-រាត្រីចង្អៀតស្រីអូកថ្ងូរ កកាយកកូរច្បាស់ក្រឡែត ជំទាលបំប៉ោងភូមិ ខណ្ឌខេត្ត ច្រែតៗវ៉ោកវ៉ាកពិបាករស់។ ៩៩-ហេតុតែដៃគូគ្មានសន្តាន ផៅផានក៏គ្មានរួមស័ក្តិយស មកនៅក្រោយគេគ្មានទាំងឈ្មោះ កើតការជម្លោះដល់ម្ចាស់ស្រុក។ ១០០-ចៀសអុជចន្លុះប្តឹងត្រកួត ថាសត្វអ្វីឆ្កួតយំអុកឡុក ចង់តែយកស្មៅបង់មាត់ផ្លុក ភ្លឺខំតត្រុកយប់សម្ងំ។ ១០១-បង្កើតរាត្រីសែនអាប់អួ ស្រឡះខ្មៅខ្មួរពោលឱ្យចំ គួរតែអត់ធ្មត់ព្រឹកឡើងច្រំ មិនឱ្យច្រឡំសត្វដទៃ។ ១០២-កោតតែជំទាលមិនចេះខ្មាស ដេកដូចគេដាស់ចេញចាកព្រៃ ណាមួយខ្លាចមនុស្សប្រុងលកលៃ លួចគៃបន្លំចាប់ប្រហារ។ ១០៣-ត្រកួតភូមិបឹងរែងរិះស្តាប់ ចៀសប្តឹងឱ្យចាប់ដ្បិតកិច្ចការ ខាងណាខាងណីគ្មានឈ្មោះចារ ចុះបញ្ជីសារសមាជិក។ ១០៤-ត្រកួតស្បែកក្រិនយូរក្រាស់ក្រៃ មេភូមិចាស់ដៃរែងសម្ពឹក ចិត្តធ្ងន់អនេកមិនវាយឫក ចាត់ចែងល្ងាចព្រឹកមិនរំលង។ ១០៥-សូមទោសបងចៀសដ៏ចំណាន ភូមិកសុខសាន្តព្រោះគ្រប់គ្រង យើងចាប់ដៃគ្នាទំនាក់ទង រស់រងរួចទុក្ខដោយសាមគ្គី។ ‌១០៦-ប្រជុំប្រជរ ជ្រែករាត្រី នាងអូកចៅអីងារនាទី មិនដែលឃើញសោះដែនគិរី ស្រែកខ្លាំងវក់វីរំខានសត្វ។ ១០៧-រៀបរាប់រ៉ាយរ៉ាប់ឱ្យច្បាស់ការណ៍ កុំស្រែកឆ្លេឆ្លាបែកប្រមាត់ រំខានព្រឹកព្រៃឱ្យខ្ចាយខ្ចាត់ ឈឺថ្កាត់ចុកចាប់ឬសប្បាយ។ ១០៨-រស់ក្នុងគ្រួសារមានវិន័យ គិតគូរប្រពៃមិនកំចាយ សហគមន៍ក្រឹត្យអធិប្បាយ ប្រទេសបកស្រាយរយៈច្បាប់។ ១០៩-ចូលស្ទឹងតាមបថស្រុកតាមទេស មិនគួរធ្វាំងធ្វេសបែបចំណាប់ ស្រូតស្រាយបំភ្លឺឱ្យឆាប់ៗ ប្រាយប្រាប់សាច់ញាតិក្នុងព្រៃដែន។ ១១០-សូមទានអភ័យដល់ខ្ញុំម្តង មិនស្គាល់ច្បាប់ច្បងភាពបត់បែន បងចៀសត្រកួតក្តាមកង្ហែន គីង្គក់និងថ្លែនមានសញ្ជាតិ។ ១១១-គ្រួសារថ្មោងថ្មីខ្វះគួរសម ហត្ថាប្រណម្យសួរសាច់ញាតិ ចុះចូលសុំជ្រកមិនចង់ឃ្លាត អាពាធប្រពន្ធទុក្ខចម្លែក។ ១១២-ពោលពិតនាងអូកមានពោះពុង ឈឺចាប់ព្រយុងចេះតែស្រែក មិនចេះទ្រាំទ្រចាំថ្ងៃស្អែក ចង់បែកប្រឹថពីយ៉ាកគេឯង។ ១១៣-មូលហេតុបឋមមានប៉ុណ្ណឹង សូមកុំខេខឹងណាព្រះស្តែង ជាកូនដំបូងមិនចេះក្រែង អ្នកភូមិចំបែងរែងរំខាន។ ១១៤-មេត្តាចារចុះនាមបញ្ជី ជារឿងទីពីរចិត្តមិនក្សាន្ត មិនចង់ច្បាំងច្បាប់ឬភ្លេចប្រាណ ចង់មានចង្ក្រានទ្រនំសុខ។ ១១៥-បងៗសូមជួយយើងខ្ញុំផង ទុក្ខនេះធំផងកុំដាប់ដុក ចម្លងដល់ត្រើយកើតស្រណុក ជៀសកម្មចាប់ចុកសូមមេត្តា។ ១១៦-ម្នាលសត្វទាំងឡាយមើលមុខគ្នា ត្រកួតបញ្ជាយកអាសា កណ្តុរគីង្គក់ប្រញាប់ការ ឆ្មបនៅឯណាត្រូវជួយគ្នា។ ១១៧-កណ្តុរចំណាប់នឹកនាភ្លាម លើកឡើងរូតរាមខណៈគ្រា បងដង្កៀបធំដែនធារា ប្រសប់មិនរាក្នុងសីមា។ ១១៨-ចៀសចាត់កណ្តុរនិងចៅឱប ក្រសាវក្រសោបទ្រនឹបការណ៍ សំដៅទីដ្ឋានអ្នកអាសា ឱបៗមានការសំខាន់ណាស់។ ១១៩-មមីមមើរើមមាយ មមោកជាប់ជាយកកឡើងខះ មមីងមមាំងដ្បិតគេដាស់ ស្មានព្រានពាលប៉ះចូលទន្ទ្រាន។ ១២០-ចៅឱបវន្ទាប្រណម្យករ អំឡុងពេលក្របងជាស្ពាន ជួយដល់ប្រពន្ធយកតែទាន ដោយមានពោះពុងនឹងគ្រប់ខែ។ ១២១-រីម្នាលនេត្រដែកសញ្ជឹងគិត មិនចង់ទៅពិតព្រោះតែខ្សែ ជម្លោះដូនតាអស់ដីស្រែ ត្រកូលកិច្ចកែមិនចង់ជួយ។ ១២២-កណ្តុរអង្វរសាជាថ្មី ដៃធំមិនស្តីថែមមិនព្រួយ បើបងមិនជួយពិតរលួយ បង្កួយថាអើត្រូវពិតហើយ។ ១២៣-ចៅឱបលន់តួតែពីរដង គុណធំចម្បងមាសត្រាណត្រើយ ចូកចែវប្អូនម្តងកុំតោះតើយ គ្រាក្រោយសងគុណខានតែបាន។ ១២៤-គុណធំក្រៃក្រាស់មិនអាចភ្លេច ទោះទូលថ្ងៃលិចក៏មិនក្សាន្ត ដល់ស្ថានស្ងប់សុខតាមលំអាន កតញ្ញូប្រាណមិនភ្លេចសោះ។ ១២៥-មេដៃ ដៃធំបន្ទន់ចិត្ត ញាក់ភ្នែកអាណិតជួយស្រាយដោះ ជម្រុញដៃគូឱ្យជួយប្រោស ដោយចិត្តស័្មគ្រស្មោះគ្រានោះផង។ ១២៦-កូនដៃ ដៃធំរាងទន់ចិត្ត ជំនោរបង្ខិតជាចំណង ស្រុះស្រួលដូចត្រូវផ្លែនិងដង ប្រដាប់ចាប់ចងសំដៅទី។ ១២៧-រីចៅឱបញីឈឺចម្លែក ជំទាលស្ទើរបែកអូរគិរី ជាពងដំបូងលើប្រឹថពី ចង់ក្ស័យជីវីពេលឥឡូវ។ ១២៨-បន់ដូនបន់តាឱ្យឆ្លងផុត វាលធំចង្ហុតចាកអាស្រូវ មិនអាចស្រោចស្រង់ពិតធ្លាក់ផ្លូវ ទំនាយដុតស្បូវនាខែប្រាំង។ ១២៩-ដៃធំជំនាញខាងកាន់ពោះ រូតរះពិគ្រោះប៉ាន់កម្លាំង ឈឺចាប់បែបណាគួរផ្សំផ្សាំង ដើម្បីតតាំងបូតរលូត។ ១៣០-ឱបញីវន្ទាម្រាមទាំងដប់ ប្រសព្វរៀបរាប់ការងារទូត ជួយប្អូនឱ្យរួចឆ្លូវខាលជូត កុំបីពូកពូតក្នុងឱរា។ ១៣១-អង្វរសុំរស់មិនខ្មាសអៀន ដូនតាបង្រៀនជៀសសោកា យកអាសារោគរួចមរណា យើងនឹងឆ្លាក់ចារមួយជីវិត។ ១៣២-យល់អស់ហេតុការណ៍ប្រឹងរូតរះ កាយកេះជំនះមិនញញឹត ញញើមខ្វែងដៃជួយប្រយិត ពឹងហើយពើតពិតជួយបង្កើត។ ១៣៣-បែកញើសសស្រាក់ទាំងឈឺជា ក្តៅមិនរងាកត្តិកខ្នើត ប្រឹងប្រែងដរាបខាងខែអើត ខ្លួនស្រាលស្ងួតស្ងើតសម្រាលក្តី។ ១៣៤-អ្នកផងអបអរដល់ការងារ ដៃតូចគ្នីគ្នាជាសក្ខី ញាតិសត្វអំណរសរសើរខ្មី ចែវជួយលោកិយឱ្យរានរស់។ ១៣៤-ឱបឈ្មោលអរគុណសត្វទាំងឡាយ ជ្រោមជ្រែងចំណាយមិនចំពោះ កែបទចម្រៀងឱ្យពីរោះ មានឈ្មោះសម្លេងលើទឹកដី។ ១៣៥-សូមស្នើជ្រកក្រោមដែនសីមា ជ្រលងបព៌តាមានសិរី អំណាចត្រកួតមិនក្រក្រី បងប្អូនធិបតីរស់រាប់អាន។ ១៣៦-បើមានខុសឆ្គងផងម្តេចម្តា លើសលស់សព្វសារកុំរុញច្រាន ជាសាច់ជាញាតិបានសុខសាន្ត លំអានក្នុងក្រុមភូមិតែមួយ។ ១៣៧-ម្នាលសត្វទាំងអស់បានស្វាគមន៍ មិត្តភក្តិជួបជុំសូមកុំព្រួយ ចេះសាមគ្គីគ្នាជៀសទុក្ខព្រួយ បង្កួយបន្ទរពិតត្រឹមត្រូវ។ ១៣៨-ត្រកួតសរុបន័យយោបល់ កុំបីខ្វាយខ្វល់ពីឥឡូវ រួមរស់ទីនេះមិនអាស្រូវ រដូវពេលាគ្រានោះផង។ ១៣៩-ភូមិផងលាចាកផងគុហា ស្រេកឃ្លានបញ្ជាកម្មចំណង ក្រពះទាមទារឱ្យស៊ីសង បំណងបានរស់ត្រឹមមួយឆ្អែត។ ១៤០-ឱបញីឆ្លងផុតគ្រោះមរណា ខ្លួនប្រាណឈឺផ្សាច្បាស់ក្រឡែត ទោះបីជីវិតសាត់អណ្តែត ឆ្ងាយពីខណ្ឌខេត្តសំណាងរស់។ ១៤១-ញីថ្លែងវាចាមាសជីវិត បងនឿយហត់ពិតក្នុងកិត្តិយស ជួយដល់ត្រកូលឱ្យមានឈ្មោះ ចាកពងពេញពោះកំណើតថ្មី។ ១៤២-ប្អូនសូមអរគុណមាសអនង្គ ចាកផុតសូន្យសុងចិត្តភក្តី បើគ្មានរៀមទេម៉្លោះក្រក្រី ក្លាយជាស្នូលដីហើយមិនដឹង។ ១៤៣-ញីឈ្មោលខិតខំយ៉ាងសកម្ម របរប្រចាំសត្វសុទ្ធសឹង ចំណីផងវាកូនសត្វ ឆ្អឹង ប្រែងប្រឹងសង្វាតដើម្បីរស់។ ១៤៤-រួមរស់រកស៊ីបានសុខដុម ត្រសាយត្រសុំគ្មានមៃមោះ ល្អូកល្អឺនជីវិតក្លិនពីរោះ មានកាយមានឈ្មោះសង្គមសត្វ។ ១៤៥-ពេលាគ្រាមួយឱបញីពោល ទៅកាន់ឱបឈ្មោលក្តុកក្តួលក្តាត់ ឱ!ប្រុសសម្លាញ់មេត្តាចាត់ ស្រីចង់បង្កាត់មិត្តភាព។ ១៤៦-ឱបឈ្មោលឧទានដូច្នោះថា ម្នាលស្រស់ជីវាមានគំនាប តូចចិត្តតូចថ្លើមនឹងខ្ពង់រាប ឬមួយខាតលាភក្នុងចិន្តា។ ១៤៧-ស្រស់ចង់ចេញចាកទៅអរគុណ កាលមានទុកធ្ងន់យកអាសា ដល់បងដៃធំនិងគ្រួសារ ពេលរួចកិច្ចការត្រឡប់វៃ។ ១៤៨-ជូនពៅពិសីទៅបានទេ ឬមិនទំនេរចូលព្រឹកព្រៃ ចាប់សត្វកណ្តូបមេភ្លៀងលៃ ស្តាប់រៃបំពេរស្ងប់អារម្មណ៍។ ១៤៩-ខុសហើយសុតនពៅពុំងា រៀមស្គាល់វេលាណាស័ក្តិសម ស៊ីចុក គ្រួសារការលត់ដំ ចាត់ចំចូលចែវជួយមិនរា។ ១៥០-សម្រាប់ដៃគូស្រស់ចំណាន ជូននួនកល្យាណបានគ្រប់គ្រា នាងទៅពេលណារើសវេលា ពិតមិនមាយានឹងរ៉ាប់រង។ ១៥១-រសៀលត្រជាក់ងាយស្រួលដើរ អារម្មណ៍ប្រហើរបែបទំនង យើងត្រូវតែទៅមិនរំលង ដើមទងប៉ុណ្ណេះប្រុសជីវា។ ១៥២-កុំភ័យព្រលឹងណាមាសស្ងួន ត្រៀមកាយសមសួនកន្និដ្ឋា ឱកាសមកដល់នឹងយាត្រា សេចក្តីប្រាថ្នាគាប់មិនខាន។ ១៥៣-ថ្លែងពីដៃធំនិងដៃគូ មិនដែលជួញជូរចិត្តសាមាន្យ រស់នៅតាមបទបានក្សេមក្សាន្ត លំអានកាយរូងលំនៅផង។ ១៥៤-រកឆីរកទុកយ៉ាងសកម្ម សស្រាំរាល់ថ្ងៃមិនមានហ្មង កូនៗធំៗសល់ប្អូនបង ចម្លងជីវិតវដ្តសង្សារ។ ១៥៥-សួស្តីបងឱបរួមទាំងពីរ ស្រស់បស់សំភីចង់ទៅណា ទីក្រុងជនបទឡើងសាលា ប្រជុំសាច់ការក្រុមមន្ត្រី។ ១៥៦-ម្នាលបងដៃធំពីរអាត្មា មិនបានយាត្រាទៅវិថី ចូលតុចូលតៀមការសិរី យើងជនក្រក្រីសួរសុខទុក្ខ។ ១៥៧-ប្រពន្ធផងខ្ញុំនឹករឿងចាស់ អរគុណបងម្ចាស់ដោយទំនុក ឱ្យរួចរស់រានក្តៅគគុក លើកមុខបានឃើញពន្លឺថ្ងៃ។ ១៥៨-ចង់មកប្រឹក្សាចាររាក់ទាក់ ក្លាយជាមិត្តភក្តិគ្រាសម័យ រាប់អានជិតស្និទ្ធមានតម្លៃ ប្រាស្រ័យចំណងសត្វដូចគ្នា។ ១៥៩-កូនដៃៗធំមានអំណរ ត្រេកអររែងក្តាត់ក្នុងធារា ចងគ្នាជាមិត្តបានយូរយារ វេលាស័ក្តិសមទទួលយក។ ១៦០-ជារឿងធម្មតាការជួយគ្នា មិនដែលរុញរាតែងលៃលក កិច្ចការតូចតាចតែងជួបមក ពន្លកមាសត្រួយកុំសង្កា។ ១៦១-កូនដៃៗធំភ្លេចរឿងចាស់ ដូនតាផ្តាំច្បាស់ត្រូវរក្សា ត្រូវគេបញ្ជោរដុតអាត្មា ចំណងគ្រួសារត្រូវបំភ្លេច។ ១៦២-ចាក់ចេកចាក់ស្ករត្រូវរ៉ូវគ្នា អារម្មណ៍គ្មានរាឬកែគេច ចងមិត្តរាប់អានត្រង់ជានិច្ច ល្អូកល្អឺនពាក្យពេចន៍សណ្តំស្នេហ៍។ ១៦៣-មន្តស្នេហ៍ទឹកដមគ្រួសារឱប ដៃធំក្រសោបគ្មានប្រួលប្រែ លង់នឹងសំដីពិបាកកែ ស្រឡាញ់ស្បថស្បែជាគ្រួសារ។ ១៦៤-នាពេលស្លាប់ចិត្តឱបសម្លាញ់ ចិត្តពៅសស្រាញ់ក្នុងអាត្មា ទីនេះសមរម្យយកជាការ លំនៅសព្វសារប្រសើរក្តាត់។ ១៦៥-រៀមសុំដៃធំរស់នៅផង កូនធំចំណងនាមជាសត្វ ដន្លងនឹងគ្នាមិនបាំងបាត់ ភូមិស្ថាននេះស្ងាត់រស់សុខសាន្ត។ ១៦៦-ឱ !ប្អូនសម្លាញ់រៀមក្រែងចិត្ត គេបានអាណិតរ៉ៅភុំផាន ជួយច្រើនណាស់ហើយពៅកល្យាណ ចំណានហាក់មានបំណងខ្ពស់។ ១៦៧-ពិបាកហាមាត់ថ្លែងវាចា រៀបរាប់សព្វសារចេញពីពោះ រស់លើធារាគួរមានឈ្មោះ សម្លេងពីរោះសង្គមសត្វ។ ១៦៨-ចៅឱបសញ្ជឹងរឹងរែងគិត ស្វែងរកគំនិតមកបង្កាត់ រិះរកពាក្យពិតមកចែងចាត់ សំណាត់ក្នុងភ្នែកចេញចាកឆ្ងាយ។ ១៦៩-ចៅឱបបំពេញចិត្តដៃគូ មិនដែលរអ៊ូចង្អៀតកាយ ឱ្យតែបានស្នើអធិប្បាយ តែងជួយដោះស្រាយមុននិងក្រោយ។ ១៧០-នាយដេកមិនលក់បក់មិនល្ហែ ចង់រស់នៅដែរពៅត្រាណត្រើយ រូងរលោងស្អាតសមដល់ហើយ កុំបង្អង់ឡើយប្រើពេលយូរ។ ១៧១-នាងរត់រកអ្នកនៅសកម្ម ទោះបីរយឆ្នាំនៅតែជូរ រីមេខាតលក្ខណ៍សំដីល្ងូ ជាគូកំបាក់ទន្សា ផង។ ១៧៣-គិតគូរគយគន់រែងចំបែង ព្រះស្តែងច្រអូសដេកកើយខ្នង ទាទាបដេកទ្រុងជាប់ចំណង ជីវិតងាយក្រងឯករាជ្យភាព។ ១៧៤-គិតថាងាយស្រួលមិនលំបាក កំព្រាតោកយ៉ាកខ្លួនទន់ទាប ចែកចាយការស់មានផលលាភ ដូនតាបញ្ជ្រាបក្នុងអារម្មណ៍។ ១៧៥-ស្រុះស្រួលគំនិតគិតប្រវញ្ច ចរចាត្របាញ់ចាប់បង្ខំ រំលែកការរស់ទ្រនំចំ ចាក់ដំទារុណគ្រួដៃធំ។ ១៧៦-យប់យន់រាត្រីចូលមកដល់ ឆីឆ្អែតស្កប់ស្កល់សោយសុខដុម សំណេះសំណាលត្រសាយសុំ ឱបញីញ៉េមញ៉ុមស្រពោនភ័ក្ត្រ។ ១៧៧-ដៃធំទាំងទ្វេតាំងសំណួរ ថាគួរពុំគួរសូមកុំលាក់ ‌‌មានបញ្ហាអ្វីជាប់ជំពាក់ រីករាយរាក់ទាក់នឹងស្រាយដោះ។ ១៧៨-ឮសូរវាចារែងទន្ទឹង ចៅឱបស្ទុះវឹងដូចគេហោះ សូមថ្លែងសំដីពាក្យស្ម័គ្រស្មោះ ចន្លោះប្រហោងសូមមេត្តា។ ១៧៩-សូមរួមសូមរស់ជាមួយផង អ្នកនិងលោកបងគ្រានេះណា ប្រពន្ធផងខ្ញុំប៉ងប្រាថ្នា ផ្ញើកាយសង្ខារនឹងរូបបង។ ១៨០-ដៃធំពីរប្រាណសំលាខ្នឹង ងឿងឆ្ងល់សុទ្ធសឹងហេតុអ្វីចង ជួយឱ្យបានរស់ហើយចំណង ចង់មកអេះខ្នងតាមការស្មាន។ ១៨១-មេដៃៗធំចេញសញ្ញា សូមនួនជីវាដាក់ចិត្តក្សាន្ត ព្រឹកសុរិយាបង្ហើបដាន ឱ្យអ្នកនឹងបានស្បើយអារម្មណ៍។ ១៨២-ត្រជាក់ក្តៅស្អុះម្តងទៀតហើយ ព្រលឹងត្រាណត្រើយឆ្លើយម្តេចសម តាមចិត្តប្អូនស្រីឆ្លើយបង្ខំ ដ្បិតមិនស្រណមរស់ជាមួយ។ ១៨៣-ថ្វីតែសត្វតូចពូជខុសគ្នា ខ្លាចកម្មវេរាប្អូនសែនព្រួយ បុព្វបុរសស្អុយរលួយ បើយើងនឹងជួយជាន់ដានចាស់។ ១៨៤-តាមការរំពឹងមិនបានសុខ អាចរត់តត្រុកចិត្តមិនសះ ពពួកផ្លែល្វាមិនដែលខ្មាស ជាន់មុនផ្តាំច្បាស់សូមកុំគប់។ ១៨៥-ឧសឱ!ភក្តីស្រីសម្លាញ់ សូមកុំចុះចាញ់ក្តីរលប់ សត្វធាតុដូចគ្នាគួរគោរព ព្រឹកល្ងាចថ្ងៃយប់យកអាសា។ ១៨៦-បើរស់ជាគ្នាក៏ម៉្យាងដែរ អាចជួយមាសស្នេហ៍តាមត្រូវការ ចំណីចំណុករួមផលា សក្តាអំណាចលើម្ចាស់ផ្ទះ។ ១៨៧-ឱ!សំឡាញ់ចិត្តស្រីរែងគិត បានផ្តល់គំនិតឱ្យជាសះ កុំឱ្យផុងជ្រៅទើបបានដាស់ កម្មក្រាស់ប្រសិនគិតមិនឆ្ងាយ។ ១៨៨-ត្រូវបង្កើនមិត្តថយសត្រូវ ត្រូវបង្ហាញផ្លូវទើបរសាយ បើជួយអ្នកក្រត្រូវឱ្យបាយ បើជួយអ្នកឆ្ងាយឱ្យស្នាក់នៅ។ ១៨៩-ពាក្យចាស់បុរាណមានតម្លៃ ទ្រព្យស្រណោះដៃណាពាលពៅ ឈើកោងវល្លិព័ទ្ធកុំបៀតភ្លៅ កុំយកជ័រព្នៅមកក្លៀកត្បៀក។ ១៩០-ស្រីឱ្យយោបល់ប៉ុណ្ណោះឯង ស្រេចលើព្រះស្តែងចេះស៊កសៀត គោរពសិទ្ធិគ្នាជៀសបៀនបៀត ម្តងទៀតពិបាកស្រាយបញ្ហា។ ១៩១-រៀមដឹងរៀមយល់សព្វសេចក្តី សូមកែវប្រណីស្ងួនសង្សារ ពីពេលនេះទៅសម្រេចការ ឱ្យគ្រួសារនេះស្នាក់អាស្រ័យ។ ១៩២-ស្អែកថ្មីរកឆីជាធម្មតា កង្កែបចាត់ការគ្មានសំចៃ ចង្រិតកណ្តូបត្រូវប្រល័យ យកមួយឈ្នះដៃដ្បិតក្រពះ។ ១៩៣-រីសត្វដៃធំនាមជាក្តាម អូសស្នូកដានស្នាមប្រឹងរូតរះ រកខ្យងនិងខ្ចៅទាន់ថ្ងៃរះ ជំនះឧបសគ្គក្នុងជីវិត។ ១៩៤-បំពេញការងារមិនដែលហ្មង ទាំងគូត្រសងព្រៃជុំជិត មិនឆ្ងាយលំនៅសំណាក់ពិត ប្រព្រឹត្តកសាងអំពើល្អ។ ១៩៥-ចំណេរក្រោយមកជ្រេរចំណាស់ ក្តាមឈឺមិនសះជួយអ្នកក្រ ដីឯងផ្ទះឯងពាងក្រឡ កង្កែបផ្លែងសរ ដោយវាតទី។ ១៩៦-ពោលសំដីកោងដេញដៃធំ កុំនៅពូនផ្តុំដែននភី ល្មមពេលចាកចេញពីគិរី អូសគូទខ្ទេចខ្ទីផ្ទះសម្បែង។ ១៩៧-ក្តាមញីក្តាមឈ្មោលមើលមុខគ្នា កង្កែបលីលាពោលមិនក្រែង សុំគេសំណាក់ចេះចាត់ចែង ហេតុអ្វីសម្តែងពាក្យអប្រិយ។ ១៩៨-ក្តាមឈ្មោលវាចាទាំងកំហឹង ក្រពើសុទ្ធសឹងនាលោកិយ លន់តួអង្វរពេលក្រក្រី ឆ្អែតមានទឹកដីចិត្តខ្លាំងក្លា។ ១៩៩-មួយលើកពីរលើកដែលបានជួយ រលួយផ្អែមល្ហែមពិគ្រោះការ លុះធាត់ទ្រលុកចង់ប្រហារ ដេញម្ចាស់របាឱ្យចេញក្រៅ។ ២០០-ក្តាមញីពេបជ្រាយដាក់ចៅវ៉ែប មិនគួរនឹងសេពឱ្យដំបៅ ទំនៀមដូនតាបានប្រដៅ កុំជួយពូជខ្លៅនាំឈឺផ្សា។ ២០១-មកដេញម្ចាស់ផ្ទះមិនអៀនខ្លួន មិនគួរនឹមនួនពោលសង្កា ពួតដៃមិនខ្មាសព្រៃព្រឹក្សា កង្កែបឯណាកាយរូងកើត។ ២០២-ក្តាមមិនសុខចិត្តប្រឹងម្ចាស់ស្រុក ត្រកួតសំកុកក្ងៀកកអើត មកមានការអ្វីសស្លាក់ស្លើត ហេតុអ្វីបានផើតមកទីអាយ។ ២០៣-រាប់តាមដំណើរមិនឱ្យភ្លាត់ កង្កែបរាយរាត់នាំរឿងណាយ ផ្តល់ទីជម្រកមានទឹកបាយ ឥឡូវប្រែក្លាយទាមទារដី។ ២០៤-គេបណ្តេញយើងចូរចុះចោល ភូមិស្ថានក្រុមក្រោលគ្មានប្រណី ដូនតាចែកឱ្យជាសក្ខី ហេតុអ្វីមេស្រុកបោះត្រាឱ្យ។ ២០៥-មេស្រុកភូមិថ្មីជាសត្វថ្លាន់ ដេកលើដើមថ្ងាន់ឫកតោះតើយ សំណៅដល់មាត់ត្របាក់ហើយ មិនដែលខ្វល់ឡើយសុខទុក្ខរាស្រ្ត។ ២០៦-ត្រកួតយល់ការសេចក្តីជាក់ ស្គាល់ខុសជ្រៅរាក់ភក់ឬមាស ស្យែស្យង់មួយភ្លែតមិនទីសទាស នឹកថារមាសអាចជួយបាន។ ២០៧-ដំបូងដៃត្រូវជួយផ្សះផ្សា កូនភូមិម្តេចម្តាពិតជាក្សាន្ត ក្តាមទៅវិញចុះយើងជួយច្រាន តាមកិច្ចលំអានមេដឹកនាំ។ ២០៨-បោលផងរត់ផងមិនងាកក្រោយ ទុកយូរបណ្តោយរលកគ្រាំ ទំនាស់វិវាទក្តៅជៀមជាំ ញីញាំទន្រ្ទាននាភូមិក។ ២០៩-លេចវាលចូលព្រៃប្រញាប់ស្រូត លឿនដូចអាដូតកាត់លំហ រឿងមិនគួរកើតឱ្យយ៉ាកក្រ គួរកែលំអរបៀបណា។ ២១០-រកគិតនិយាយបានរួចរាល់ តែមិនប៉ះពាល់រឿងហឹង្សា សន្តិវិធីចំណាត់ការ សម្តែងវាចាសត្វល្មើសគុណ។ ២១១-បងឱបញីឈ្មោលមានមុខមាត់ សាច់រលីងធាត់ដ៏លើសលន់ ភូមិស្ថានសុខនេះបងមកមុន ឬមួយជាទុនផងសត្វក្តាម។ ២១២-អេ!បងត្រកួតបានសុខទេ ហេតុអ្វីគ្នាន់គ្នេរញើសរហាម ឬមួយជាបក្សពួកបងក្តាម រសេមរសាមរសោកហើយ។ ២១៣-យើងបានក្តីសុខមិនសប្បាយ ដ្បិតអ្នកពីឆ្ងាយត្រៀមយកខ្នើយ សុំគេជ្រកកោនឱ្យទ្រូងស្បើយ មិនគួរណាឡើយចង់វាតទី។ ២១៤-កាលពីដើមឡើយសាត់អណ្តែត សំដីចច្រែតមិនខ្ជាខ្ជី ស៊ីឆ្អែតស្កប់ស្កល់កោងគ្មានពីរ ចង់យកគិរីទ្រាប់អង្គុយ។ ២១៥-ម្នាលបងត្រកួតបងយល់ខុស ខ្ញុំគ្មានកំហុសស្តាប់ទីទុយ គាត់ផ្តល់គំនិតធ្វើជានុយ បងថ្លាន់ពាំពុយបោះត្រាភ្លាម។ ២១៦-យើងមានទឹកតាងជាសក្ខី បងក្តាមមានអ្វីមិនរិះរាម ចេញពីទីនេះជៀសទាក់ទាម យើងមិនគំរាមមេភូមិទេ។ ២១៧-នាងកង្កែបញីញកញៀតទៀត ត្រកួតកុំឆ្លៀតឆ្នោតភូមិល្វេ បោះឆ្នោតលើកក្រោយយើងគ្នាន់គ្នេរ គ្រប់គ្រងបំពេរខានតែបាន។ ២១៨-ត្រកួតសែនក្តៅក្នុងឱរា គិតថាពេលនេះចាញ់កល្យាណ ធ្វើឱ្យឈឺចាប់ដ្បិតសាមាន្យ អារម្មណ៍មិនក្សាន្តពាក្យសំដី។ ២១៩-អរគុណទំនុកបានប្រដៅ យើងស្គាល់សខ្មៅណាពិសី យើងលាសិនហើយអ្នកមានថ្មី ថ្ងៃមួយក្រម៉ី ញាត់ញ៉ុកគូទ។ ២២០-ត្រកួតឈឺចាប់ហឬទ័យ ប្រញាប់លកលៃស្រូតហើយរូត ទៅប្រាប់បងក្តាមការងារទូត កត្តិតខាលជូតពិបាកម៉្លេះ។ ២២១-ដើររត់ៗរែងរិះគិត គួររកគំនិតផ្តល់ចំណេះ កុំឱ្យនិគមនេះរបេះ ចៅក្តាមមុខសេះពិបាកគន់។ ២២២-ដកដង្ហើមធំសម្លឹងមេឃ ដោយគិតសង្វេគការលោភលន់ ខំជួយពួកគេក្លាយទ៌ុជន ក្នុងគ្រានេះយន់ពិបាកយល់។ ២២៣-បងក្តាមទាំងពីរនៅជិតខ្ញុំ កាយរូងសុខុមចាកអំពល់ ដេកគិតរួចគូរណានិមល រសាយអំពល់ពីចិន្តា។ ២២៤-ដៃធំទាំងពីរឱនមុខជ្រប់ ដូចសត្វចូលលប់យ៉ាប់យ៉ឺនការ ចំបែងស្តាយកេរពីដូនតា គួរណាអាត្មាគេកម្ចាត់។ ២២៥-កូនដៃឱបប្តីទ្រហោយំ ក្នុងចិត្តគំនុំមិនបង់បាត់ ជួយសម្រាលកូនជួយបង្កាត់ សំណាត់ចូលភ្នែព្រោះជួយគេ។ ២២៦-ដៃធំអង្វរមាសស្រស់ស្ងួន នឹមនួនកុំភ័យណាមាសមេ កើតមកសត្វមែនខុសរំពេ យើងត្រូវរិះរេសាងទ្រនំ។ ២២៧-លួងផងលោមផងកាយបណ្តើរ លំនៅប្រសើរយ៉ាងសមរម្យ នៅជិតត្រកួតញាតិជិតជុំ ជំនំសាច់ការសម្រាលទុក្ខ។ ២២៧-ពេលរាត្រីកាលចូលមកដល់ សោកសល់គងថ្ងាសក្តីបុករុក ញាតិមិត្តភូមិផងរកទំនុក កិច្ចក្តៅគគុកក្នុងឱរា។ ២២៨-សហគមន៍សត្វប្រមូលផ្តុំ មានថ្លុំចៀសថ្លែនរួមវាចា កណ្តុរបង្កួយទើបយល់ការណ៍ កង្ហែនចេតនាត្រូវតស៊ូ។ ២២៩-គីង្គក់សន្តាននឹងកង្កែប មុតមាំមិនអែបថ្វីជាពូ ធ្វើខុសទទួលមិននៅយូរ ជួញជិតជួញជូរកុំសេពគប់។ ២៣០-យកគុណជាទោសមិនដែលឮ ចង់ជួញផ្លែស្ពឺទាំងព្រលប់ ភ្លឺស្រែមានស្រាប់ម្តេចកាយទប់ ចង់ជប់លំនៅមិននឿយហត់។ ២៣១-ថ្លុំលើកដៃឡើងសូមនិយាយ រីករាយនឹងជួយក្តាមកម្សត់ ប្តឹងផ្តល់តវ៉ាពាក្យសម្បថ បងជួយប្រាកដមិនរុញរា។ ២៣២-ប្អូនទៅពេលណាខាំជើងបង ហោះហើរចម្លងពៅពុំងា កាន់ស្ថានមន្រ្តីក្តាប់ធារា មិនមែនផ្លែល្វាសម្បុរចាយ។ ២៣៤-មិនស្តាយវេលាជួយដល់អ្នក ដ្បិតចិត្តជំពាក់ក្តីជិនណាយ លោភៈទោសៈក្នុងអង្គកាយ យើងត្រូវកំចាយឱ្យបង់ខ្ចាត់។ ២៣៥-កណ្តុរពោលថាច្បាមសុទ្ធសឹង សុំខឹងគ្រានេះរួមកម្ចាត់ ទោសជាក្រពើធ្លាយចេញបាត់ ថ្លាន់ពួកគេស្ងាត់និងទីទុយ។ ២៣៥-រកច្រកណាចេញជួយបងក្តាម រសេមរសាមកុំងោកងុយ សាងទីតាំងសិនរឹងបង្គុយ ប្រើរុយនាំសារមានប្រយោជន៍។ ២៣៦-បង្កួយគ្រហែមក្បាលងីកងើក ក្រហមដូចល្ងើកមាំមិនសើច ចង់ដាំទឹកជ្រក់ស្រោសស្បែកបោច ឱ្យខ្លោចចង្រុះគ្រានេះម្តង។ ២៣៦-រកខុសរកត្រូវកុំខ្ចីឈប់ ព្រលឹមព្រលប់កំពឹសស្រង សហគមន៍យើងជួយប្អូនបង ចម្លងដល់ត្រើយភូមិសុខសាន្ត។ ២៣៧-ថ្លែនលៀនអណ្តាតថ្លិនវាចា កិច្ចការប្តឹងផ្តល់ចិត្តមិនក្សាន្ត គិតឱ្យល្អិតល្អត់ហើយតាមដាន កល្យាណកុំចេះថុយប្រថាន។ ២៣៨-រកច្រកចេញណាប្រសើរក្តាត់ តែត្រូវកម្ចាត់ខានតែបាន ទុកមិនចំណេញនាំឈឺប្រាណ កុំស្មានកង្កែបបែរថយក្រោយ។ ២៣៩-រួបរួមកម្លាំងភាពងាយស្រួល រឹងប៉ឹងជ្រួលជ្រើមសឹមបង់បោយ បង្វិលបីជុំកុំតោះតើយ កាយកើយដេកគិតនិយាយស្តី។ ២៤០-កង្ហែនបងប្អូននឹងកង្ហិច មុខជូរដូចក្តិចលេងសំដី សម្លឹងកោះត្រើយភូមិសាស្ត្រដី វាយខ្មាំងអប្រិយឈ្នះដល់ដប់។ ២៤០-សិក្សាសាវតារពួកក្រុមបក្ស ច្រវាក់បណ្តាញឱ្យគ្រប់សព្វ ឬមួយយើងប្រើជនបង្កប់ បែបស្ងប់សុខសាន្តហើយបានផល។ ២៤១-កង្កែបសត្វឆ្លាតខាងលើកជើង ឱ្យសត្វស្រុកយើងរសាប់សល់ ជំនូនខាន់ខៅត្រូវបានផ្តល់ ខ្វាយខ្វល់ដោយសារខ្លួនសច្ចៈ។ ២៤២-ចៀសសម្តែងការព្រួយបារម្ភ ដ្បិតថ្លាន់សម្ងំសម្លឹងចាក់ ចង្ហាន់ទៅថ្វាយហល់ដេកស្លាក់ តែងឆ្លាក់លោភៈអត្ម័នកាយ។ ២៤៣-គួររកអ្នកជួយខ្សែស្មោះត្រង់ ពាក្យសត្វពាក្យសង្ឃអធិប្បាយ ឱ្យគេអាចយល់ពេលចំណាយ ស្រស់ស្រាយស្រុះស្រួលផងជំនួយ។ ២៤៤-យើងខំជម្រុញលើកកម្ពស់ ក្តាមកិត្តិយសល្អលើកស្ទួយ គំរូសណ្តោសលោកតែមួយ មិនគួរប្រាណព្រួយកង្កែបស្វិត។ ២៤៥-បងប្អូនអាពីងមិននៅស្ងៀម ប្រុងប្រៀបខ្សែត្រៀមនិងតាំងចិត្ត សន្តិវិធីចរចាក្រឹត្យ មិនចង់បង្ខិតឱ្យចាកក្រម។ ២៤៦-ជាសត្វតូចពិតតែចិត្តខ្លាំង ពុះពារតតាំងបានស័ក្តិសម បើគេជិះជាន់ឬមួយច្រំ រួមចិត្តសន្សំត្រូវក្រោកឈរ។ ២៤៧-រកវិធីសាស្រ្តក្តៅគគុក តែការវាយលុកទប់ជំហរ មិនប្រើហឹង្សាវាយទល់ទ្រ ពង្រស្វាយជ្រុំពាក្យសំដី។ ២៤៨-ពស់ថាពីងពោលពិតត្រឹមត្រូវ ចាកក្តីអាស្រូវនាដែនដី ដោះស្រាយបញ្ហាទាន់ថ្មីៗ ស្រដីហាមាត់ត្រូវរិះគិត។ ២៤៩-ចង្កើះមួយបាច់កាច់មិនបាក់ រៀបចំចានស្រាក់ប្រើគំនិត ដាក់ម្ហូបដាក់បាយបន្លែជិត ស្លាបព្រារឹងរឹតគ្រប់កិច្ចការ។ ២៥០-កុំអាលវាយស្មៅបង្អើលពស់ ចាត់ចំដំឈ្មោះរឿងសព្វសារ ទំនុកច្បាប់ច្បងចងអក្ខរា ប្តឹងផ្តល់ម្តេចម្តាសមហេតុផល។ ២៥១-គេមានបង្អែកពិបាកចាត់ គិតគូរដុសខាត់ជៀសសោកសល់ វាយឱ្យចំៗកៀកប្រាណដល់ តម្កល់ភស្តុតាងសាក្សីជាក់។ ២៥២-យោបល់ទាំងអស់សុទ្ធល្អៗ ក្តាមមានអំណរចិត្តជំពាក់ សហគមន៍សត្វរួមរាក់ទាក់ ណែនាំជ្រៅរាក់និងផែនការ។ ២៥៣-ថ្លែងអំណរគុណញាតិសន្តាន ជុំវិញចង្រ្កានរួមចេតនា យើងនឹងតស៊ូលុះដល់ត្រា ទិសដៅប្រាថ្នាទើបបានក្សាន្ត។ ២៥៤-ត្រូវម៉ាច់មិនខុសពាក្យសំដី កង្កែបអប្រិយនឹងបាត់ដាន ក្តាមសត្វវ័យឆ្លាតបានសុខសាន្ត ពេលមួយនឹងបានសាយអារម្មណ៍។ ២៥៦-រួមយោបល់មកយើងយល់ថា ត្រកួតចាត់ការឱ្យស្អាតស្អំ ស្ម័គ្ររួមដំណើរមិនបង្ខំ ចាត់ចូលទៅចំប្តឹងសត្វថ្លាន់។ ២៥៧-មិនបោះសន្ទូចរំលងភ្នំ ដើរតាមផ្លូវលំណាសំខាន់ គេមិនស្តាប់យើងកុំប្រកាន់ យើងកាន់បណ្តឹងរត់បន្ត។ ២៥៨-ត្រកួតនឹងក្តាមរៀបបង្វិច មានម្ហូបច្រើនតិចទុកកំដរ ចម្អែតអាហារនាពេលក្រ ត្រាច់ចរដំណើរទៅជួបថ្លាន់។ ២៥៩-ទៅជួបមេស្រុកតាមបំណង សួស្តីលោកបងកុំប្រកាន់ ខ្ញុំនាំក្តាមមកកិច្ចដុកដាន់ កង្កែបសាន់វ៉ាន់ចង់វាតទី។ ២៦០-ត្រហេមត្រហមមានការអ្វី សួស្តីៗប្អូនទាំងពីរ ចង់ប្តឹងតវ៉ាកុំខ្ជាខ្ជី យាយីរំខានពេលវេលា។ ២៦១-ដើមចោទរាយការណ៍រហូតចប់ ថ្លាន់ដេកលក់ស្កប់សម័យគ្រា ស្រមុកលាន់ខុរហើយពុំងា ដើមចោទគ្នីគ្នាសែនហួសចិត្ត។ ២៦២-ចាំតាំងពីព្រឹកដល់ថ្ងៃត្រង់ ពត់ខ្លួនអែនអង់ច្រអូសកិត មិនចង់ដោះស្រាយតាមក្រមក្រឹត្យ ដោយដ្បិតសំណែនឆ្អែតស្កប់ស្កល់។ ២៦៣-នេះហ្នឹងសម្តែងថ្លែងសេចក្តី យើងយល់រឿងក្តីគ្មានចម្ងល់ ប្អូនក្តាមគ្មានអ្វីសំអាងផល កំណល់សាក្សីក្រដាសស្នាម។ ២៦៤-កង្កែបសត្វឆ្លាតមានភស្តុតាង អក្ខរាសំអាងបោះត្រាដាម រីឯក្តាមវិញគ្មានស្លាមស្នាម គ្មានមួយចំអាមសម្រាប់រស់។ ២៦៥-ក្តាមតាំងតវ៉ាដូច្នេះណា រួមរស់គ្រួសារមានកេរ្តិ៍ឈ្មោះ គេស្គាល់គ្រប់គ្នាកិត្តិយស ហើយមិនដែលឈ្លោះឈ្លានពានគេ។ ២៦៦-សត្វថ្លាន់មិនស្តាប់បរិយាយ យើងមិនសប្បាយគ្មានពេលទេ បើមិនសុខចិត្តសូមរិះរេ មាសមេទីទុយកំពុងចាំ។ ២៦៧-ខឹងមិនបានលាព្រោះសំដី អាក្រក់អាក្រីដូចចំណាំ ត្រូវមានសំណែនជួយចិញ្រ្ចាំ ត្រឹមស្កាំមិនស្កល់មិនខ្ចីដឹង។ ២៦៨-សម្រាកអាស្រ័យម្ហូបអាហារ យល់ជាក់កិច្ចការមិនប៉ុណ្ណឹង វែងឆ្ងាយហូរហែយារសុទ្ធសឹង តែយើងត្រូវប្រឹងកុំថយក្រោយ។ ២៦៩-អរគុណចំពោះបងត្រកួត ទោះចាញ់ត្រូវព្រួតកុំកន្តើយ ត្រូវរកច្រកចេញកុំបណ្តោយ ដង្ហើយរកគិតគំនិតថ្មី។ ២៧០-ត្រឡប់វិលវៃលំនៅស្ថាន តែចិត្តមិនក្សាន្តណាពិសី ក្តៅក្តីក្តុកក្តួលនាលោកិយ ដ្បិតអីពស់ថ្លាន់កាន់កង្កែប។ ២៧១-សត្វរស់ភូមិផងជួយអាណិត អារម្មណ៍ចងចិត្តនឹងសត្វវ៉ែប មិនគួរជួយសោះឱ្យហែហែប អែបឡែបចុះចូលនឹងផ្គាប់ផ្គុន។ ២៧២-សត្វសហគមន៍ដេកមិនលក់ ដូចភ្លើងងំភ្នក់ក្តៅលើសលន់ ដូចរដូវកាលទឹកជំនន់ គ្រប់គ្នាទន់ភ្លន់ក្លាយអល់អាក់។ ២៧៣-ក្រុមសត្វគិតគ្នារត់ទៅមុខ ទោះជួបកលយុគធ្លាក់យសស័ក្តិ ណាត់ជួបទីទុយទីសំណាក់ មិនដែលមានបក្សពួកនាទី។ ២៧៤-ព្រឹកព្រាងថ្ងៃរះចេញដំណើរ ខ្លះរត់ខ្លះដើរចិត្តមមី ត្រកួតក្តាមពស់វារទាំងឈ្មោលញី ចៀសជូនរមណីបួនអង្គា។ ២៧៥-នឹកថាម្តងនេះបានជោគជ័យ ទឹកចិត្តមមៃថានឹងជា ដឹងអ្វីចៃចុនម្តងនេះគ្រា ទីទុយរងាធ្លាក់ខ្លួនក្រ។ ២៧៦-ទទួលសំណែនបែងសំណូក ឱ្យថ្លាន់ចែវចូកលេងកំដរ តូចទាបចែកតិចចិត្តស្មោះសរ ឈប់ឆីបបរក្នុងគ្រាយ៉ាក។ ២៧៧-សត្វបួននាំគ្នាជួបមេខណ្ឌ មានក្តាន់និរសាបានចាករ៉ាក សួរនាំកិច្ចការនិងសំណាក លំបាកកង្កែបសូមប្តឹងផ្តល់។ ២៧៨-សូមចាំបន្តិចត្មាតនឹងដាស់ ជម្រាបលោកម្ចាស់ពីហេតុផល ចាំត្រង់នេះហើយកុំសោកសល់ ចម្ងល់ចម្លើយនឹងបានដឹង។ ២៧៩-ក្តាន់ថ្លែងរៀបរាប់គ្មានចន្លោះ ទីទុយមិនស្មោះសត្យសុទ្ធសឹង ខាន់ខៅស្អេកស្កះជាសំណឹង ឥឡូវយើងប្រឹងកង្កែបឈ្នះ។ ២៨០-ចាំតាំងថ្ងៃត្រង់បាក់រសៀល រហូតសត្វក្រៀលចូលសំពះ ចេញជួបគេទៅសូមរូតរះ រលាំងរលះយន់រាត្រី។ ២៨១-មានបណ្តាស័ក្តិពិបាកជួប ជំនួបចុនក្រពីរឿងក្តី គ្មានទ្រនាប់ដៃមិនខ្វល់អ្វី លេងសើចឥតបីចិត្តរហាច។ ២៨២-កំប្លុកកំប្លែងសត្វស្រុកយើង ទីទុយពើតពើងមានអំណាច អ្នកមានការអ្វីប្រសេសសាច យើងចង់តែកាចឱ្យស្គាល់ដៃ។ ២៨៣-ក្តាមលើកហត្ថាផ្ចង់ប្រណម្យ ពាក្យសត្វពាក្យសមណាម្ចាស់ថ្លៃ កង្កែបវាតយកទីអាស្រ័យ ច្រើនថ្ងៃណាស់ហើយទានមេត្តា។ ២៨៤-រៀបរាប់ពីគល់រហូតចុង ងងឹតសូន្យសុងគុណជីវា សូមជួយយើងម្តងយកអាសារ នឹងសម្រេចការមិនភ្លេចគុណ។ ២៨៥-យើងយល់សេចក្តីពិតទាំងស្រុង មិនបាច់កាច់កុងចិត្តផ្គាប់ផ្គុន មានក្រដាសស្នាមជៀសទារុណ គ្មានលក្ខណ៍ជាទុនមិនបានការ។ ២៧៦-យើងកាត់សេចក្តីមានភស្តុតាង អំណះអំណាងគ្រប់សព្វសារ គ្មានពាក្យសំណៅមានចេតនា បា្រថ្នាបំផ្លាញពេលវេលា។ ២៧៧-ក្តាមស្រែកគ្រលួចគុណម្ចាស់ថ្លៃ ហេតុអ្វីចរណៃចេញបញ្ជា មិនស្តាប់ហេតុផលសត្វគ្រប់គ្នា រស់នៅយូរយារសួរត្រកួត។ ២៧៨-ត្រកួតអះអាងគេមិនស្តាប់ លេងអុកសាសព្ទក្តាន់អំនួត សត្វសហគមន៍ស្ទើរចង់ឆ្កួត ទីទុយរឹតរួតវង្វេងព្រៃ។ ២៧៩-ត្រឡប់ទៅវិញកុំមកទៀត កុំមកស៊កសៀតនាំមោះមៃ កុំពោលផ្តេសផ្តាសជីស្លឹកគ្រៃ កង្កែបមមៃរស់ឧត្តម។ ២៨០-សត្វមើលមុខគ្នាបែបឡឹងឡង់ ទីទុយចំណង់ចិត្តបង្ខំ កាលគ្រាដើមឡើយក្រស្អាតស្អំ ឥឡូវសម្ងំដ្បិតលាភា។ ២៨១-សត្វអស់សង្ឃឹមប្រញាប់វៃ ភូមិស្ថានទីទៃមិនលោះលា ឆ្អែតនឹងមេខណ្ឌគ្រប់ៗគ្នា មិនគួរបញ្ជាដេញមុខស្រស់។ ២៨២-ក្តាមមុខជ្រីញជ្រួញស្ទើរចង់ស្លាប់ ធ្លាប់តែស្វាហាប់មិនញ៉េះញ៉ោះ ចាញ់ក្តីពីរដងញញឹមខ្មោះ ស្រណោះប្រិមប្រិយគ្រាសុខសាន្ត។ ២៨៣-ទៅជួបដៃតូចរាយការណ៍គ្រប់ ទីទុយលើសលប់ចិត្តសាមាន្យ មិនជួយពួកយើងបែរដេញប្រាណ សល់ដានឈឺចាប់កាន់អួលក្តៅ។ ២៨៤-ដៃតូចដង្ហោយអង្អែលប្តី សូមសិរសីកុំសោកសៅ តស៊ូទៅទៀតឈប់សោកសៅ ប្រដៅសត្វខូចពិបាកពិត។ ២៨៥-ចងចិត្តរកខុសហើយនឹងត្រូវ ដប់ឆ្នាំអាស្រូវនៅតែគិត ថយមួយជំហានរកគំនិត វរមិត្ររកផ្លូវចូលតាមខ្សែ។ ២៨៦-សម្រាករកស៊ីតាមធម្មតា ថ្ងៃក្រោយចាត់ការកុំប្រួលប្រែ មើលកូនចៅម្តងនិងរួមថែ មាសស្នេហ៍កុំបីឈឺចាប់ថ្វី។ ២៨៧-អរគុណស្រស់ស្រីពៅជីវា ជាសះឈឺផ្សាដ្បិតពិសី អង្វរលួងលោមដល់ចិត្តប្តី ក្រក្រីឱ្យតែមានមេត្តា។ ២៨៨-ចំណេរក្រោយមកខំរកឆី ទាំងប្រពន្ធប្តីតាមចេតនា អាស្រ័យបានសុខគ្រប់អាត្មា ជីវាមួយភ្លែតប្រាំបីឆ្នាំ។ ២៨៩-ត្រកួតចាស់ទៅវេនកំប្រុក អារម្មណ៍មិនសុខចិត្តសស្រាំ គ្រាមួយរំញោចខុសចំណាំ ដុតដាំហ្វូងសត្វមកជួបជុំ។ ២៩០-កំប្រុកប្រមូលថ្លែនក្តាមខ្យង ត្រយងស្មោញក្រៀលចៀសប្រជុំ ទន្សោងគោព្រៃ រៃយោលយំ ខ្ទីងខ្ទែតសមរម្យមានប្រវឹក។ ២៩១-ស្ងើនស្ងាបពីងពស់កន្ថឹកផង ដំរីចំបងមកធ្វើសឹក រកយុត្តិធម៌រួមដៃដឹក មិនត្រូវស៊ីផឹកមិនបានការ។ ២៩២-សត្វតូចសត្វធំគ្រប់ចំនួន គេណែនាំខ្លួមមកពីណា នាទីជាសត្វតាមប្រការ អញ្ជើញវាចាសត្វត្រកួត។ ២៩៣-ថ្វីដ្បិតយើងចាស់តែមិនចាញ់ សម្លាញ់ចិត្តក្តាមកត់ត្រាស្ងួត ជាច្រើនឆ្នាំហើយចាំមិនឆ្កួត ថ្ងៃនេះយើងពួតដៃជាថ្មី។ ២៩៤-យុទ្ធសាស្ត្រម្តងនេះការចូលរួម តាំងចិត្តសង្រួមចាកក្រក្រី បើកយុទ្ធនាការរួមបក្សី សត្វរូងក្នុងដីជាកម្លាំង។ ២៩៥-សត្វស្លាបជើងបួនក៏ទៅដែរ រួមចិត្តដង្ហែមិនពួនបាំង ព្យូហយាត្រាចូលតតាំង អហឹង្សាច្បាំងយុត្តិធម៌។ ២៩៦-នាចុងខែខ្នើតថ្ងៃខាងមុខ ផែនការគគុកកុំញាប់ញ័រ ត្រូវត្រួសត្រាយផ្លូវស្រាយខ្សែវល្លិ យកជ័រចាកចេញសហគមន៍។ ២៩៧-ថ្ងៃនោះកំប្រុកមេដឹកនាំ ទឹកមុខមុតមាំខ្លាំងរមទម្យ យើងជួយយោបល់រឿងជំនំ ប្រគំគំនិតរួមសម្បាច់។ ២៩៨-សត្វតូចសត្វធំយល់លក្ខខណ្ឌ មិនត្រូវប្រកាន់ហើយហាមហាច់ រួមធ្វើការម្តងចិត្តឱ្យដាច់ បំណាច់ចូលរួមត្រូវពុះពារ។ ២៩៩-កង្កែបឯកាគេមិនរាប់ បក្សពួកទម្លាប់តែងរងា សប្បាយគ្មានញាតិរួមប្រជា ចរឹតខុសគ្នាសត្វដទៃ។ ៣០០-សេពគប់ពស់ថ្លាន់និងទីទុយ ពូកែភរឈ្ងុយក្នុងព្រឹកព្រៃ បោកស៊ីបោកចុកចិត្តមមៃ ស្គាល់ន័យតែពាក្យមិនស្កល់ស្កប់។ ៣០១-ថ្ងៃមត់ថ្ងៃណាត់ចូលមកដល់ កំប្រុកខ្វាយខ្វល់ទាំងគ្រប់សព្វ ការងារម្តងនេះរត់ចំប្រប់ កំណប់កិត្តិយសនៅហ្នឹងមុខ។ ៣០២-ត្រកួតនិងក្តាមត្រៀមជាស្រេច បំណាច់បំណងក្តៅគគុក ប្រមូលគ្នីគ្នាសម្រុករុក ទំនុកមិនស្រាយតោងទាមទារ។ ៣០៣-នៅមុខទីលានបងទីទុយ ជើងបួនបន្ទ្រុយដូចខ្សែយារ ដំរីឈ្លូសប្រើសមិនកំព្រា ក្អែកខ្មៅជាគ្នាចចកក្តាន់។ ៣០៤-ទន្សោងគោព្រៃខ្ទីងរមាស ពើងខ្លួនពេញពាសឆ្អើមសត្វថ្លាន់ ភ្លេចភ្លាំងតោកយ៉ាកលាភប្រកាន់ ចង់ហាន់ប្រឡាក់ម្ទេសអំបិល។ ៣០៥-ក្តាមអ្នកនាំមុខក្រុមខ្យងខ្ចៅ ក្នុងចិត្តដំបៅទីទុយខិល បំភ្លេចរឿងចាស់ពេលឈឺកិល កោរសក់ត្រងិលស្គាល់ដៃម្តង។ ៣០៦-អណ្តើកកន្ធាយចៀសកន្ថឹក ថាត្រូវសងសឹកគ្រានេះផង ដុំដោលនិងថ្លុំថាចាប់ចង ថ្លែនរៃសំណងចងការដើម។ ៣០៧-ទោចទួញហៅញាតិលាន់ព្រឹក្សា ស្វានស្វាមកច្រើនក្រៃសម្បើម ស្វាងសុរិយាចាកសន្សើម ចាប់ផ្តើមកិច្ចការអហឹង្សា។ ៣០៨-មគ្គុទ្ទេសធំសត្វត្រកួត ចុកចាប់ពេញសួតលេបឈឺផ្សា ដឹកនាំសន្តានមិនធម្មតា មើលសភាពការណ៍ចាកមួរហ្មង។ ៣០៩-នាំមុខលលកចាបសត្វព្រាប មើលទីខ្ពស់ទាបសួរចម្លង គ្រលីងគ្រលោងមានបំណង ចឹកទីទុយផងនិងបោចសក់។ ៣១០-សារិកាកែវនិងខ្លែងស្ទាំង នាំគ្នាហើរវាំងមិនដំអក់ ក្រសាននាលនិងត្រដក់ ត្រយងដូចប៉្រក់ថែមសត្វក្រៀល។ ៣១១-រីកុកនិងស្មោញចិត្តត្របាញ់ តែងខ្នាញ់នឹងថ្លាន់ត្រូវឆ្កឹះឆ្កៀល តស៊ូម្តងនេះរូតរះរៀល ទោះបាក់រសៀលរុលមិនរា។ ៣១២-ទាព្រៃមាន់ទឹកនិងមាន់ទោរ ក្រោកឈរជ្រងោចរលីលា តម្រែតម្រង់មុខធារា ស្លឹកឈើម្នីម្នាចងបដា។ ៣១៣-សត្វគ្រលែងវែកនិងតាវៅ ក្នុងចិត្តផ្សាក្តៅនាមបក្សា ឈឺឆ្អាលនឹងក្តាមសព្វប្រការ តែអនិច្ចាគេបន្លំ។ ៣១៤-ជួបជុំហ្វូងសត្វផ្តើមកិច្ចការ កំប្រុកចរចាយ៉ាងស្រណម ជាជួរឈរច្រូងរបងដំ បដាហែហំស្រែករំពង។ ៣១៥-ប្រគល់ដែនដីឱ្យសត្វក្តាម មិនត្រូវការច្បាមខុសទំនង ចំណាត់ការខុសកើតជាព្នង រស់រងកើតទុក្ខមិនសុខឡើយ។ ៣១៦-កង្កែបបោលក្ឌូងជាន់ពស់ថ្លាន់ ទីទុយសាន់វ៉ាន់គ្មានចម្លើយ ពឹងពស់នាគរាជឱ្យជួយឆ្លើយ ឥន្ទ្រីយ៍ជាខ្នើយនិងសត្វតោ។ ៣១៧-រីឯសត្វខ្លាបក្សតែមួយ ថាមិនបាច់ព្រួយហើយមិនសោ យើងជាមន្ត្រីមិនត្រូវឆ្តោរ ក្រមាល់បល់បោនាំឆ្គាំឆ្គង។ ៣១៨-នាគរាជព្រួសពិសថែមវាថា សំណៅអក្ខរាត្រូវទំនង ក្តាមឯណោះទេណាទងវង មិនចេះឃុំគ្រងដែនទឹកដី។ ៣១៩-ក្តាមឮដូច្នោះស្ទើរស្រក់ឈាម តាំងចិត្តរិះរាមគ្រាក្រក្រី ក្រោកឈរតស៊ូប្តូរមេឃដី មិនត្រូវប្រណីចោរពាធា។ ៣២០-ក្តាមលះសម្លេងរំពងព្រៃ ដណ្តើមជាញជ័យគ្រប់ៗគ្នា ក្តៅខ្យល់ព្យុះភ្លៀងគ្រុនរងា ក្នុងគ្រានេះម្តងប្រឡងដៃ។ ៣២១-ពុះពារប្រឈមច្រើនថ្ងៃយប់ ព្រលឹមព្រលប់នាសម័យ មិនចាញ់ដោយងាយណាចរណៃ តែមិនប្រល័យបែបហឹង្សា។ ៣២២-កិច្ចការតានតឹងចំបែងក្តាត់ កំប្រុកចែងចាត់សេកឆីស្លា បញ្ជាទន្សាយកូនប្រសា ទៅគាល់ទេវតាស្ថានព្រះឥន្ទ។ ៣២៣-ទន្សាយគ្រានោះបានដំណឹង ភ្លាមៗប្រែងប្រឹងភ្លេចចុកក្បិន បោលបានមួយយោជន៏សម្រាកសិន ក្រពះមិនកិនទើបឆីរួច។ ៣២៣-ទន្សាយទន្សាបោលប្រិបប្រូច រប៉ិលរប៉ូចចិត្តអង្គួច ដោះស្រាយមិនបានក្តាមពិតថ្ងួច ត្រកួតត្រកួចមុខគួរខ្នាញ់។ ៣២៤-ត្រូវជួយដោះកុនខានតែបាន យុត្តិធម៌ថ្កានមិនចុះចាញ់ ទៅជួបទេវតាយ៉ាងសស្រាញ់ ថានែក!សំឡាញ់យើងមានណាត់។ ៣២៥-ទេវតាបើកផ្លូវមិនងាកក្រោយ មិនទុកបណ្តោយនាំឈឺថ្កាត់ ព្រះឥន្ទរវល់ឆីស្លាបាត់ បានតែមួយម៉ាត់ទន្សាយដល់។ ៣២៦-បពិត្រគុណម្ចាស់ថ្លៃកន្លង ក្នុងគ្រានេះម្តងកើតសោកសល់ កង្កែបអ្នកថ្មីមកសោយផល ក្តាមម្ចាស់ខ្វាយខ្វល់មិនសុខចិត្ត។ ៣២៧-កើតរឿងកើតរ៉ាវពេញប្រឹថពី សត្វនាំគ្នាគ្នីមកបង្ខិត ទាមទារឱ្យផ្ទេរកម្មសិទ្ធិ បង្ខិតទីទុយទទួលស្គាល់។ ៣២៨-តោខ្លាឥន្ទ្រីយ៍ពស់នាគរាជ កាន់ជើងមមាចជាបន្ទាល់ សូមទ្រង់មេត្តាព្រះពិភ័ល រងាន់រងាល់ស្គាល់ហត្ថា។ ៣២៩-ឈប់សិនចាំយើងឈ្វេងទតមើល ហេតុអ្វីក៏ព្រើលហួសមាត្រា បំពានលើច្បាប់ចាកក្រមការ យើងត្រូវចាត់ការឱ្យដឹងដៃ។ ៣៣០-ព្រះឥន្ទទ្រង់យល់គ្រប់កិច្ចការ ចាត់ឱ្យលេខារួមប្រាស្រ័យ សរសេរលាយលក្ខណ៍ទឹកមាត់ប្រៃ ចុតហ្មាយកែខៃទាន់វេលា។ ៣៣១-កាន់ស ជ ព្រ រត់មិនងាក លាមករាយរាគបែបខ្ជីខ្ជា ទៅកាន់ស្ថានទីសត្វគ្រប់គ្នា ហើយស្រែកបញ្ជាចាំស្តាប់មេ។ ៣៣២-សត្វផងរែងឆ្ងល់នឹងទន្សាយ បាត់ទៅណាឆ្ងាយខុសបុព្វេ កាលដើមមានរឿងមិនដែលល្វេ តែងតែរិះរេមិនដែលខ្ជិល។ ៣៣៣-រវល់ប្រឡែងនឹងត្រីក្រាញ់ ត្របាញ់ចង់ឆីស្លឹកអំពិល ទន្សោងការកូនភូមិព្រងិល ព្រះឥន្ទទាត់ព្រិលនៅលើមេឃ។ ៣៣៤-ទន្សាយគ្រហែមឱ្យសត្វស្តាប់ ចូលខ្លួនប្រញាប់យូរសង្វេគ ភាគីសងខាងកុំយូរពេក ព្រះឥន្ទហែកមេឃឃើញហេតុការណ៍។ ៣៣៥-នេះស ជ ព្រនៅក្នុងដៃ ធ្វើខុសប្រល័យឱ្យសោកា ទន្ទ្រានច្បាប់សត្វឱ្យមរណា លោភៈមោហាគ្រានេះផង។ ៣៣៦-សាទូរលេខពីព្រះអង្គ ទីទុយថ្លាន់ផង់ សូន្យតែម្តង ទុកមិនចំណេញស្រាយចំណង ក្រពើចាប់ចងប្រហារម៉ត់។ ៣៣៧-ភូមិស្ថានផងក្តាមមានសិរី កសាងជាថ្មីចាកកម្សត់ ត្មាតខ្លានាគរាជលោកកំណត់ តោឥន្ទ្រីយ៍ក្បត់និរទេស។ ៣៣៨-សត្វានុសត្វទូលបញ្ជា កុំឱ្យល្អៀងឃ្លាឬធ្វាំងធ្វេស ចាត់ការតាមកិច្ចមិនគេចវេស ផ្លែម្ទេសកុំភ្លេចជូនសេកសត្វ។ ៣៣៩-កំប្រុកប្រេកប្រូចការចំបង ស ជ ព្រ ចងជៀសបាំងបាត់ កម្ទេចសំណល់និងកម្ចាត់ មិនមែនសម្ងាត់ឃើញភ្នែកស្រស់។ ៣៤០-សត្វសហគមន៍សប្បាយក្រៃ រាំលេងទាំងថ្ងៃជុំវិញកោះ រៃរ៉ែប្រគំបីយប់ស្មោះ ថ្លុំវាយស្គរដោះមិនធុញទ្រាន់។ ៣៤១-ក្រៀលអ្នកបន្ទរពេញព្រឹក្សា រីសត្វក្រសាលេងស្គរជាន់ ហូបចុកឆ្អែតសល់ទល់រងាន់ សោភ័ណជីវិតមានសាមគ្គី។ ៣៤២-ក្តាមថ្លែងអំណរជូនសន្តាន ដែលបានចុះជួយក្នុងនាទី រាប់អានបន្តក្នុងគិរី ព្រៃព្រឹកប្រឹថពីភូមិស្ថានផង។ ៣៤៣-កង្កែបនិងក្តាមសូមលាលាត លាមិនចង់ឃ្លាតដ្បិតចំណង បើដើរផ្លូវខុសដោះស្រាយចង ខុសម្តងកែកុនទាន់ព្រឹកព្រាង។ ៣៤៤-សាងផលទទួលបានសុទ្ធផល ហូបហល់លើទុក្ខពិបាកលាង សោយកម្មរងកលផលឱ្យរាង អ្នកនាងកុំត្រាប់ល្ងិតរងោក។ ៣៤៥-មុននឹងបញ្ចប់ពរអំពាវ សម្តេចជំទាវលោកស្រី-លោក កញ្ញា ប្រិយមិត្តមានគគោក ចាករោគបានសុខគ្មានហ្មងសៅ។ ៣៤៦-សូមបានក្តីសុខៗក្នុងកាយ សុខគ្មានខ្វល់ខ្វាយរោយដំបៅ លាភមានលាភបានលាភក្នុងក្រៅ ខាន់ខៅបុណ្យបាបប្រពៃណី។ ៣៤៧-ជូនពរយាយតាទាំងសព្វគ្រប់ មន្ត្រីជំទប់ស្មៀននាទី ស្រុកខណ្ឌនិងខេត្តផងមន្ទីរ តាំងចិត្តសំភីបម្រើជាតិ។ ៣៤៨-វារៈមួយខែយ៉ាងប្រពៃ ដាក់ចិត្តលកលៃមិនដែលឃ្លាត ប្រមូលអារម្មណ៍ទោះអាពាធ ញោមញាតិគិតគូរសូមបញ្ចប់។ ៣៤៩-ត្មាតវ៉ា ប៊ុណ្ណនីសូមអគុណ ប្រសិនលើសលន់ចិត្តស្ងៀមស្ងប់ ទិតៀនស្ថាបនាត្អូញត្អែរស្អប់ ប្រសប់រិះគន់គួរកុំកាច់។ ៣៥០-ថ្ងៃដប់ប្រាំមួយឧសភា ពេលាពីរពាន់ដប់ពីរស្រេច ម៉ោងដប់មួយព្រឹកបានសម្រេច បំណងបំណាច់គ្រានេះហោង។