ល្បែងសី
ល្បែងសី ជាល្បែងមួយប្រភេទសម្រាប់មនុស្សប្រុសកំលោះ ឬចំណាស់ៗ លេងនៅទីវាលនាពេលថ្ងៃរសៀលត្រជាក់នៅរដូវរំហើយ ឬនៅពេលបុណ្យទានផ្សេងៗ ភាគច្រើនគេលេងនៅតាមនាទីវត្តអារាម ។
ប្រភេទផ្សេងៗនៃសី
កែប្រែសីមាន ៣ យ៉ាងគឺ ៖
ក. សីមីលោង
ខ. សីដក់
គ. សីពែន
សីទាំង ៣ យ៉ាងមានប្រដាប់សម្រាប់លេង និងរបៀបលេងប្លែកពីគ្នា ដូចរៀបរាប់តទៅនេះ៖
សីមីលោង
កែប្រែក. សីមីលោង វត្ថុដែលគេយកមកធ្វើសីនេះ គឺគេយកបន្ទះផ្ដៅ ឬរំពាក់មកចាក់ជាក្រឡាភ្នែកក្រួច ឲ្យមានសណ្ឋានមូលប្រមាណប៉ុនត្រឡោកដូងធុនតូច ហើយគេនាំគ្នាទាត់លេង ។
សកម្មភាពនៃអ្នកលេងសីមីលោង ដូចក្នុងរូបភាពខាងក្រោមនេះ:
អ្នកលេងសីមីលោងគេបបួលគ្នាចំនួន ៤ ទៅ ៥ នាក់ ដែលគេស្ម័គ្រឲ្យមកឈរដំកង់ជាវង់មូលធំ ឬតូច តាមចំនួនមនុស្សតិចច្រើន ។ ពេលលេងគេចែកជាគូៗ អ្នកណាគូនឹងអ្នកណា ត្រូវឈរទល់មុខអ្នកនោះ ។ មុនដំបូងអ្នកលេងម្នាក់ដែលមានសីនឹងដៃ ក៏តាំងចាប់ផ្ដើមបោះសីទៅឲ្យគូរបស់ខ្លួន គូនោះក៏ទទួលទាត់ដោយខ្នងជើង លុះទាត់ហើយសីនោះក៏អណ្ដែតឡើងខ្ពស់ ហើយធ្លាក់មកវិញ ពេលធ្លាក់នោះ ជួនក៏ចំអ្នកទាត់នោះវិញ ជួនក៏ចំអ្នកដទៃ ហើយអ្នកដែលសីធ្លាក់មកចំនោះក៏ទទួលទាត់ឡើងភ្លាម ។ ចំណែកអ្នកឯទៀតៗ គេត្រៀមខ្លួនចាំ ដោយសម្លឹងប្រុងប្រយ័ត្នភ្នែកជានិច្ច បំរុងតែនិងទាត់នៅពេលដែលសីធា្លក់មកចំខ្លួន ។ ម្នាក់ៗដែលសីធ្លាក់មកចំខ្លួន គេតែងតែស្ទុះទៅទាត់បញ្ជូនទៅឲ្យគូរបស់គេ ។ ប៉ុន្តែជួនក៏បានទៅចំគូរបស់ខ្លួន ជួនក៏ធ្លាក់ទៅចំគូរបស់អ្នកដទៃ ម្លោះហើយគេដណ្ដើមគ្នាទាត់តែរៀងៗខ្លួន ។
សីដក់
កែប្រែខ. សីដក់ គេធ្វើដោយបន្ទះផ្ដៅ ឬរំពាក់ ឲ្យមានសណ្ឋានដូចសីមីលោងដែរ ប្លែកតែសីដក់គេធ្វើឲ្យមានទំហំ និងមានក្រឡាធំជាង សីមីលោងបន្តិច ។ សីដកមានរបៀបលេងស្រដៀងនឹង សីមីលោងដែរ ប្លែកតែសីមីលោងគេទាត់ដោយខ្នងជើង ឯសីដក់គេគះដោយកែងដៃ ដោយក្បាលជង្គង់ ដោយស្មា និងដោយក្បាល ។
សកម្មភាពរបស់អ្នកលេងសីដក់ ដូចរូបភាពនេះ:
សីពែន
កែប្រែគ. សីពែន គេធ្វើដោយស្លាបសត្វ និងស្បែក ឬស្រកាត្រី គឺពាក់ស្បែកឬស្រកាត្រីត្រួតគ្នា ៣ ឬ ៤ ជាន់ ចៀរជាសណ្ឋានមូល ចោះចំកណ្ដាល ជាប្រហោងហើយយកស្លាបសត្វ ៤ ឬ ៥ ដែលខ្លីៗល្មមមកជ្រំឲ្យស្មើ រួចសកគល់ស្លាបនោះទៅក្នុងរន្ធស្បែក ឬស្រកាត្រីនោះ ហើយបត់ទៅខាងៗ ដោយចងខ្សែលួសឆ្មារភ្ជាប់ទៅនឹងស្បែក ឬស្រកាត្រីនោះ ការពារមិនឲ្យរបួត រួចគេយកទៅទាត់ ។
សកម្មភាពរបស់អ្នកលេងសីពែន ដូចក្នុងរូបភាពនេះ:
របៀបលេងសីពែន គេបបួលគ្នាឲ្យបានចំនួនតាំងពី ២ នាក់ឡើងទៅ មកឈរដំកង់ជារង្វង់មូល ទល់មុខគ្នាជាគូៗ គឺអ្នកណាគូនឹងអ្នកណា ត្រូវឈរទល់មុខគ្នានឹងអ្នកនោះ ។ កាលបើឈរស្រួលបួលហើយ ម្នាក់ដែលកាន់សីនៅដៃក៏បោះសីទៅឲ្យម្នាក់ទៀត ដែលជាគូរបស់គេ គូនោះក៏ទទួលទាត់ដោយបាតជើង គឺគេលើកជើងឡើងហើយរលាស់បត់ត្រង់កជើងឲ្យបាតជើងខ្វេរឡើងលើ ដូចគេអង្គុយពែនទើបគេហៅថា ‹សីពែន› ។ ពេលទាត់គេទាត់តម្រង់ឲ្យចំសីៗ ក៏អណ្ដែតឡើង ហើយធ្លាក់ចុះមកវិញ បើធ្លាក់មកចំអ្នកណា អ្នកនោះគេទាត់បន្តឡើងទៀត ,បើធ្លាក់មកចំអ្នកទាត់ដដែលវិញ អ្នកនោះក៏ទទួលទាត់វិញដែរ ។ បើសីធ្លាក់មកចំអ្នកណាហើយអ្នកនោះទទួលទាត់មិនត្រូវ ឬក៏សីនោះធ្លាក់ឆ្ងាយអំពីអ្នកលេងទាំងអស់គ្នា នាំឲ្យអ្នកលេងរត់ទៅទទួលទាត់មិនទាន់ សីក៏ធ្លាក់ដល់ដី បើធ្លាក់ក្បែរកន្លែងអ្នកណាជាងគេ អ្នកនោះគេរើសបោះទៅឲ្យគូរបស់គេ ដើម្បីឲ្យទាត់តទៅទៀត ។ ពេលដែលសីធ្លាក់មកម្ដងៗទាំងអស់គ្នាតែងតែសម្លឹងមើលទៅសីគ្រប់ៗគ្នា ក្រែងធ្លាក់មកចំខ្លួន ជួនក៏អ្នកទាំង ២ នាក់នឹកត្រូវគ្នា គឺនាក់ម្នាក់នឹកថា សីធ្លាក់មកចំខ្លួន ម្នាក់ទៀតក៏ថា ចំខ្លួនដែរ នាំឲ្យស្ទុះទៅទាត់ដណ្ដើមគ្នាក៏មាន ។
ម្នាក់ៗដែលសីធ្លាក់មកចំហើយ តែងតែមានចិត្តនឹកថា នឹងទាត់បង្វែរទៅឲ្យគូរបស់ខ្លួនៗ តែជួនកាលក៏បានសម្រេច ជួនកាលក៏មិនបានសម្រេចដែរ ដោយសីនោះមិនទៅចំដូចបំណង ។
សីពែននេះ គេទាត់ឬគះ បានតែដោយបាតជើង,ភ្នែកគោលកែងជើង,កែងដៃ, ក្បាលជង្គង់,ក្បាល,ស្មា ប្រហែលសីដក់ដែរ តែគេហាមផ្ដាត់មិនឲ្យទាត់ដោយខ្នងជើង ឬទះដោយបាតដៃឡើយ ។
ល្បែងសីទាំង ៣ មុខនេះ បើអ្នកលេងសុទ្ធតែប៉ិនប្រសប់ ក្នុងពេលទាត់មួយលើកៗ សីមិនសូវធ្លាក់ដល់ដីទេ យូរៗទើបមានធ្លាក់ដល់ដីម្ដង ។
ល្បែងសី ជាកីឡាដ៏ប្រសើរមួយរបស់ខ្មែរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាលនេះ ក៏នៅតែមានតម្លៃនៅឡើយ ហើយជាកីឡាហាត់ប្រាណមួយយ៉ាង ខាងកាយសម្បទា ប្រហែលនឹងកីឡាបាល់ទាត់ដែរ ៕