វត្តកំពង់ត្រឡាចក្រោម

thumb វត្តកំពង់ត្រឡាចក្រោម កាលពីអតីតកាលមានទីតាំងស្ថិតនៅខេត្តលង្វែក (បច្ចុប្បន្នជាខេត្តកំពង់ឆ្នាំង)។ ព្រះវិហារនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកាលពីថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ១៩១៦ ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់នៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស ដែលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះបាទស៊ីសុវត្ថិ ។ ស្ថាបត្យកម្មដ៏អស្ចារ្យនេះត្រូវបានសាងសង់ដោយឧកញ្ញា ជួន (ឧកញា វាំងវរៈវៀងជ័យ) និងភរិយា ដែលជារដ្ឋមន្ត្រីនៃក្រសួងព្រះបរមរាជវាំង ហិរញ្ញវត្ថុ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះវិហារមានទទឹង១០ម៉ែត្រ និងបណ្តោយ២៣ម៉ែត្រ។ ពិធីសម្ពោធត្រូវបានធ្វើឡើងយ៉ាងឱឡារិកក្នុងរយៈពេល៤ថ្ងៃ។ ដោយគ្មានការសង្ស័យ ទាំងអគារ និងគំនូរ ប្រាកដណាស់វាជាទឹកដៃនៃឧកញ្ញា ទេពនិមិត្តម៉ក់។បច្ចុប្បន្នព្រះវិហារទីនេះមានសភាពទ្រុឌទ្រោមខ្លាំងណាស់ ឯផ្ទាំងគំនូរបុរាណ ដែលមានអាយុកាលជាង១០០ឆ្នាំ ក៏មានលក្ខណៈសឹករលុបបាត់រូបរាងដើមស្ទើរអស់ហើយ។ ពេលលោកអ្នកមកទស្សនាកម្សាន្តសហគមន៍វត្តកំពង់ត្រឡាចក្រោម លោកអ្នកអាចជិះរទេះគោមើលជីវភាព និងទិដ្ឋភាពរស់នៅរបស់សហគមន៍យ៉ាងជក់ចិត្តដិតអារម្មណ៍ជាក់ជាមិនខាន។ ម្យ៉ាងទៀតលោកអ្នកកុំភ្លេចជួយទិញផលិតផលនានារបស់អ្នកភូមិកំពង់ត្រឡាច ដើម្បីរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ និងឱ្យសេដ្ឋកិច្ចមូលដ្ឋានបានដើរខ្លះផង៕