វត្តក្តុលដូនទាវ
វត្តប្រាប្បច្ចាមិត្រហៅវត្តក្ដុល ឬ វត្តក្តុលដូនទាវ ស្ថិតនៅភូមិក្ដុល សង្កាត់ដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខាងកើតទល់ស្ទឹង សង្កែ ខាងលិចជាប់អូរ ខាងត្បូងទល់ថ្នល់កៅស៊ូ មានចំងាយប្រមាណ ៤គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ ឈ្មោះដើមហៅថាវត្តប្រាប្បច្ចាមិត្រ វត្តនេះបានកសាងឡើងតាំងពីឆ្នាំ ១៨៤៥ ដោយលោកឧកញ្ញាបឌិន។ ហេតុដែលមានឈ្មោះ ថាវត្តប្រាប្បច្ចាមិត្រ ព្រោះទីនោះជាទីលានកន្លែងហ្វឹកហាត់ទ័ព និងដោយឧកញ្ញាបដិនចេញទៅធ្វើសឹក សង្គា្រមបង្រ្កាបពួកបច្ចាមិត្ត បានទទួលជ័យជំនះ ដោយលោកបានធ្វើពាក្យសច្ចាថាបើកាលណាធ្វើសឹកឈ្នះសត្រូវនឹងយកទីលានហ្វឹកហាត់ទ័ពនេះកសាងវត្ត ឧទ្ទិសចំពោះ ពុទ្ធសាសនា ការតាំងចិត្តនិង ក្ដីប្រាថ្នារបស់លោកក៏បានសំរេច។[១]
ហើយបានដាក់ងារវត្តនេះឈ្មោះថាវត្តប្រាប្បមិត្ររហូតមកដល់សព្វថ្ងៃ ម៉្យាងវិញទៀតចំពោះពាក្យវត្តក្ដុល ដែលគេតែងនិយមហៅខាងក្រៅព្រោះក្នុងសម័យនោះមានដើមក្ដុល ដុះនៅតាមដងព្រែកក្ដុល ទើបមានអ្នកស្រុកក្នុងសម័យនោះនិយមហៅថាវត្តក្ដុលតៗគ្នាមក។ ពីឆ្នាំ១៨៤៨ ក្រោយពីឧកញ្ញាបឌិនលោកទទួលមរណៈភាពទៅ មានព្រះគ្រូចៅអធិការ៤អង្គទៀត គ្រប់គ្រងវត្តនេះបន្តបន្ទាប់គ្នា គឺព្រះនាមអិម ព្រះគ្រូបានកសាងបោតនិងកុដិមួយចំនួន ព្រះនាមព្រំ ព្រះគ្រូបានកសាងចេតិយប្រាសាទ១ ព្រះនាម អ៊ុង អ៊ឹម ព្រះគ្រូបានកសាងខឿនព្រះវិហារ និងកុដមួយចំនួន ព្រះនាមជូ ក្រឹង ព្រះគ្រូបានកសាងខឿនព្រះវិហារ ក្លោងទ្វាវត្តសាលាធម្មសភា និងជួសជុលព្រះវិហារ។
ប៉ុន្តែជាអកុសល ក្នុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ទីអារាមវត្តនេះ មានសភាពស្ងាត់ជ្រងំ ប្រែក្លាយជាទីលានហាលស្រូវ បញ្ជាន់ស្រូវ ជង្រុកស្រូវ និងរោងជាងដេរ និងសមិទ្ធិផលមួយចំនួនក្នុងវត្ត ចេតិយរួមកុដិព្រះសង្ឃ ខ្លះត្រូវបានពួកប៉ុលពត កំទេច ចាប់ផ្សឹកព្រះសង្ឃបង្ខំធ្វើការ និងទារុណកម្មយ៉ាងធ្ងន់ធ្ងរ។ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្ស សាមគ្គីសង្គ្រោះ ជាតិកម្ពុជាបច្ចុប្បន្នជា រណសិស្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និង គណបក្សប្រជាជនកម្ពុជា ព្រះពុទ្ធសាសនា ត្រូវបានបង្កើត អោយមានឡើងវិញ វត្តក្ដុលក៏ដូចជាវត្តដ៏ទៃផ្សេងទៀតទូទាំងប្រទេសដែរ។
នៅឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៩៣ ក្រោមការដឹកនាំថ្នាក់ខេត្ត បានអោយពុទ្ធបរិស័ទ ចំណុះជើងវត្តមួយចំនួនជួយកាប់ឆ្កាព្រៃបោសសំអាត និងជួសជុលទីអារាមនេះឡើងវិញ សម្រាប់ព្រះសង្ឃគង់នៅជាទីសក្ការៈរបស់ពុទ្ធបរិស័ទនិងចាត់តាំងអោយព្រះតេជគុណ ឡាច ឆែម ធ្វើជាចៅអធិការវត្ត ហើយរៀបចំអោយមានគណៈកម្មការអាចារ្យវត្ត ដើម្បីអោយងាយស្រួលដល់ ពុទ្ធបរិស័ទចំណុះជើងវត្ត ប្រតិបត្តិពិធីបុណ្យទានតាមទំនៀមបុណ្យជាតិ និងបុណ្យសាសនា។ ពីឆ្នាំ ១៩៩៤ ដោយគំនិតដ៏ឆ្លាតវៃ និងការប៉ិនប្រសប់របស់ព្រះគ្រូចៅអធិការ សុច សឿម ធ្វើអោយទីដ្ឋាន មិនតែប៉ុណ្ណោះព្រះគ្រូក៏បានចាត់តាំងអោយមានគ្រូសូត្រស្ដាំ-ឆ្វេង សុទ្ធសឹងជាអ្នកមានទេពកោសល្យអោយមកជួយបំរើការងារខ្លះចំនួសព្រះអង្គ។ ជាពិសេសព្រះគ្រូបានរៀបចំរចនាសម្ព័ន្ធ គណៈកម្មការអាចារ្យវត្តអោយមានតម្លាភាព ស្នាព្រះហស្ដព្រះគ្រូជាច្រើនដូចជា ជួសជុលព្រះវិហារ ប្រក់ដំបូលព្រះវិហារ កសាងកុដិជាច្រើនឡើងវិញ និងកសាង សាលា ភត្ត័ ។ បុព្តហេតុទាំងនេះហើយ ធ្វើអោយកិត្តិស័ព្ទ និង កិត្តិនាមវត្តប្រាប្បច្ចាមិត្រ ហៅវត្តក្ដុល ល្បីរន្ទឺរហូតមកទល់សព្វថ្ងៃនេះ។
ឯកសារយោង
កែប្រែ- ↑ "ប្រវត្តិវត្តប្រាប្បច្ចាមិត្រហៅវត្តក្ដុល". មណ្ឌលព័ត៌មានទេសចរណ៍. Archived from the original on 2022-11-20. Retrieved 2022-11-20.