វត្តចាក់អង្រែក្រោម
ប្រវត្តិ វត្តចាក់អង្រែក្រោម
កែប្រែវត្តចាក់អង្រែក្រោម ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានព្រំប្រទល់ខាងកើត ជាប់មាត់ទន្លេ ខាងត្បូងជាប់សាខាអគ្គិសនីចាក់អង្រែ ខាងលិចជាប់ផ្លូវជាតិលេខ២ និងខាងជើងជាប់នឹងបុរី៩៩៩ មានទំហំដី បណ្ដោយ១៣៨ម៉ែត្រ ទទឹង១១៩ម៉ែត្រ ស្មើនឹង ១,៦៤ហិកតា ។
១.អំពីលក្ខណៈភូមិសាស្ត្រ
កាលពីដើមឡើយទីនេះ គឺជាទីទួលមួយស្ថិតនៅចន្លោះទន្លេ និងបឹង ហើយមានព្រែកនៅខាងត្បូង ឈ្មោះថា ព្រែកក្ដូនអុក ។ ដោយទីនេះជាទីទួលដែលអាចបង្កើតវត្តបាន ពុទ្ធបរិស័ទក៏បានប្រែក្លាយទីនេះ ទៅជាវត្ត ដើម្បីបានជាទីគោរពបូជាជំនឿព្រះពុទ្ធសាសនា នៅក្នុងឆ្នាំ១៨៤០។
២.អំពីឈ្មោះរបស់វត្ត
ក្រោយពីការបង្កើតឡើងជាវត្ត ព្រះសង្ឃ ពុទ្ធបរិស័ទ បានដាក់ឈ្មោះវត្តនេះពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍
ដ៏សំខាន់ៗពីរគឺ ៖
-ទី១ បើតាមតំណាលរបស់លោកតា លោកយាយ ដែលមានវ័យចាស់ៗបានឱ្យដឹងថា៖ ទ័ពសៀមបានមកឈ្លានពានខ្មែរមកដល់ទីនេះ ពេលនោះពួកសៀមបានប្រយុទ្ធជាមួយកងទ័ពខ្មែរ ហើយប្រជាជនក៏បានចូលរួមប្រយុទ្ធជាមួយកងទ័ពខ្មែរយើង។ ក្នុងការប្រយុទ្ធនោះដោយគ្មានអាវុធ ប្រជាជនបានយកអង្រែបុកស្រូវ មកធ្វើជាអាវុធប្រយុទ្ធជាមួយនឹងកងទ័ពសៀម ។ កងទ័ពសៀមបានចាញ់ហើយដកទ័ពត្រឡប់ទៅវិញ បន្សល់ទុកខ្មោចពួកវាជាច្រើន។ នៅលើសមរភូមិប្រយុទ្ធនោះ គេឃើញមានសេសសល់កំណាត់អង្រែ បាក់ជាកំណាត់ៗជាច្រើន ហើយអ្នកភូមិបានហៅតំបន់នោះថា ភូមិបាក់អង្រែ ចាប់ពីចាក់អង្រែក្រោម រហូតដល់ វត្តកែវព្រះភ្លើង ។
-ទី២ មានមតិខ្លះទៀតបានបញ្ជាក់ផ្សេងទៅវិញថា៖ កាលនោះប្រជាជនបានចាប់និងវាយក្រពើ ដោយប្រើដំបង និងអង្រែ។ ក្នុងការចាប់វាយក្រពើនោះ ធ្វើឱ្យបាក់ដំបង និងអង្រែជាកំណាត់ៗ ទីបំផុតទើបគេចាប់ក្រពើបាន។
ដោយផ្អែកលើទស្សនៈ និងលក្ខណៈភូមិសាស្ត្រខាងលើ គេបានដាក់ឈ្មោះវត្តនេះដំបូងថា វត្តបាក់អង្រែ តាមរឿងដែលបានយកអង្រែធ្វើជាអាវុធប្រយុទ្ធនឹងកងទ័ពសៀម ឬ យកអង្រែធ្វើជាឧបករណ៍ចាប់ក្រពើ ដោយអង្រែនោះត្រូវបានបាក់ជាកំណាត់ៗ។
លុះក្រោយមកពាក្យ “ បាក់ ” បានក្លាយជាពាក្យ “ ចាក់ “ វិញហើយវត្តបាក់អង្រែនេះ ក៏បានក្លាយជា វត្តចាក់អង្រែ ដែរ។ ដោយនៅក្នុងតំបន់នេះមានវត្តចំនួនពីរ មួយស្ថិតនៅមាត់ទន្លេផ្នែកខាងលើ ទើបគេហៅវត្តខាងលើថា វត្តចាក់អង្រែលើ ឯវត្តមួយទៀតស្ថិតនៅជាប់មាត់ទន្លេខាងក្រោមដាក់ឈ្មោះថា វត្តចាក់អង្រែក្រោម ហើយបានប្រើប្រាស់ឈ្មោះនេះជាផ្លូវការតរៀងមក ។
៣.អំពីស្ថានភាពមុនឆ្នាំ ១៩៧៥
តាមការពិនិត្យទិដ្ឋភាពទូទៅ និង ប្រវត្តិនៃការរស់នៅរបស់ប្រជាជន វត្តនេះមិនសូវមានការអភិវឌ្ឍ៍ នោះទេ ព្រោះជីវភាពប្រជាជននៅមានកម្រិតនៅឡើយ។
៤.អំពីស្ថានភាពឆ្នាំ ១៩៧៥ ដល់ ១៩៧៩
ចន្លោះពេលនោះ គឺជាស្ថានការមួយដែលប្រទេសជាតិធ្លាក់នៅក្នុងការគ្រប់គ្រង របស់ពួកបន ប៉ុល ពត គឺវត្តត្រូវបានគេបោះបង់ចោល ហើយពួក ប៉ុល ពត បានយកកុដិមួយធ្វើជាទីស្នាក់ការទ័ពរបស់ពួកវា សំណង់ក្រៅពីនោះត្រូវបានពួកវាបំផ្លាញចោលទាំងស្រុង។
៥.អំពីស្ថានភាពក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩
ក្រោយថ្ងៃរំដោះ ទីវត្តទាំងមូលនៅសល់តែកុដិមួយប៉ុណ្ណោះ ។ រីឯសំណង់ផ្សេងៗទៀតក្រៅពីនេះ ត្រូវបាន ប៉ុល ពត បំផ្លិចបំផ្លាញខ្ទិចខ្ទីគ្មានសល់ ។
បន្ទាប់មកពុទ្ធបរិស័ទបានឯកភាពគ្នា បើកវត្តគោរពបូជាជំនឿព្រះពុទ្ធសាសនាឡើងវិញ តាមគោលនយោបាយ របស់រណសិរ្យសាមគ្គីសង្គ្រោះជាតិ-កម្ពុជា នៅក្នុងឆ្នាំ ១៩៨០ ។
ក្រោយពីការបង្កើតវត្តឡើងវិញ ព្រះសង្ឃ ពុទ្ធបរស័ទ សប្បុរសជន ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាជួសជុលកុដិដែលនៅសល់ និងកសាងសំណង់ថ្មីបន្ថែមទៀត ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ តាមលទ្ធភាពដែលវត្តអាចធ្វើបាន ។
រយៈពេលចុងក្រោយនេះ ព្រះសង្ឃ ពុទ្ធបរស័ទ សប្បុរសជននានា បានរួមគ្នាកសាងសំណង់ថ្មីៗជាច្រើនរួមមាន៖ ផ្លូវបេតុងក្នុងបរិវេណវត្ត បន្ទប់អនាម័យ សាលាធម្មសភា សាលានិច្ចភត្ត កុដិកម្ពស់ពីរជាន់ ឈាបនដ្ឋាន អគារបណ្ណាល័យ របង ខ្លោងទ្វារ និង មួយអន្លើដោយសំណង់ព្រះវិហារថ្មីមួយទៀត ដែលបានកសាងឡើងតាមរចនាប័ទ្មព្រះពុទ្ធសាសនា មានក្បូរក្បាច់រចនាស្រស់ត្រកាល រក្សាបាននូវវប្បធម៌ អរិយធម៌របស់ជាតិ ទុកជាកេរ្ដិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយ ប្រើប្រាស់និងសិក្សាស្វែងយល់តទៅ។ ហើយព្រះវិហារថ្មីនេះមានទំហំ បណ្ដោយ៤២.៤២ម៉ែត្រ ទទឹង២៦ម៉ែត្រ កម្ពស់៤៦.៥៦ម៉ែត្រ(ពីរជាន់) បានចាប់ផ្ដើមកសាងនៅថ្ងៃ១៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៥៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃ ១៥កើត ខែកក្ដិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃច័ន្ទ ទី២៧ ខែវិច្ឆកា ឆ្នាំ២០២៣ ការកសាងព្រះវិហារថ្មីនេះបានចំណាយពេលវេលាចំនួន ១០ឆ្នាំ និង៩ខែ។
សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ បានដឹកនាំធ្វើពិធីសីមាកម្ម ហើយសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
៦.អំពីព្រះចៅអធិការ
ចាប់តាំងពីការកកើតវត្ត រហូតមកដល់បច្ចុប្បន្ននេះ ព្រះគ្រូចៅអធិការដែលបានដឹកនាំកសាងវត្ត ហើយគេអាចចាំឈ្មោះបាន មានចំនួន ៦ព្រះអង្គគឺ៖
១/ ព្រះអង្គ កែវ អឹម
២/ ព្រះអង្គ ... គង់
៣/ ព្រះអង្គ ចាប់ វ៉ាន់
៤/ ព្រះឧបាលិវង្ស ងួន យី ព្រះរាជាគណថ្នាក់ត្រី
៥/ ព្រះបវរសត្ថា កៅ ពុទ្ធា ព្រះរាជាគណថ្នាក់ចត្វា
៦/ ព្រះគ្រូខន្តិមុនី គឹម នី ព្រះគ្រូចៅអធិការបច្ចុប្បន្ន