វត្តបទុមវតីរាជវរារាម ឬ វត្តបទុមវតី (និយមហៅថា វត្តបទុម ) គឺជាវត្តអារាមខ្មែរបែបព្រះពុទ្ធសាសនាស្ថិតនៅរាជធានីភ្នំពេញ ដែលត្រូវបានកសាងឡើងដោយព្រះបាទពញ្ញាយ៉ាត (១៤០៥ - ១៤៦៧) នៅសតវត្សទី១៥ មានទីតាំងស្ថិតនៅភាគខាងត្បូងព្រះបរមរាជវាំង។ វត្តនេះជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តចាស់ៗចំនួន៥ក្នុងទីក្រុងភ្នំពេញដែលមានដើមកំនើតតាំងសម័យបុរាណ។ វាក៏ត្រូវបានគេស្គាល់ថាជាវត្តបទមផ្កាឈូកផងដែរ ពីព្រោះកាលពីដើម កន្លែងនេះជាកោះតូចមួយព័ទ្ធជុំវិញដោយបឹងផ្កាឈូក។ ឈ្មោះនាពេលបច្ចុប្បន្ននេះត្រូវហៅតាំងពីឆ្នាំ១៨៦៥មកម្ល៉េះ។ ចំពោះសំនង់នាពេលបច្ចុប្បន្ននេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៣៧[]។ នៅក្នុងបរិវេនវត្តមានចេតីយ៍ជាច្រើន ដែលក្នុងក៏មានព្រះអធិធាតុព្រះមហាក្សត្រផងដែរ។

វត្តបទុម (វត្តបទុមវត្តី)
ខ្លោងទ្វារមុខវត្តបទុមវតី
ពត៌មាន
និកាយ ពុទ្ធសាសនាថេរវាទ
(ធម្មយុទ្ធកនិកាយ)
បង្កើត ១៤៤២
ស្ថាបនិក ព្រះបាទពញាយ៉ាត (បរមរាជាទី២)
ប្រទេស កម្ពុជា

ក្លោងទ្វារ:ពុទ្ធសាសនា

រូបចំលាក់បដិមាករដ៏ធំពណ៌លឿង និងពណ៌បែតងនៅខ្លោងទ្វារវត្តនេះ តំណាងអោយនាគរាជ ដែលជាសត្វពស់ក្នុងរឿងព្រេងបុរាណរស់នៅក្រោមដី(subterranean kingdom) និងមានយុទ្ធសិល្ប៍អាចប្រែក្រលាជាមនុស្សលោកបាន។

ព្រះចៅអធិការបច្ចុប្បន្នគឺ ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត

វត្តបុទមមានទីតាំងស្ថិតនៅទិសពាយព្យត្រង់ផ្លូវប្រសព្វនៃវិថីសុធារស និងមហាវិថីព្រះសីហនុ

ឈ្មោះ

កែប្រែ

ប្រវត្តិ

កែប្រែ

វត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី​ឬវត្តបទុម កាលដើមឡើយមានឈ្មោះថា វត្តខ្ពបតាយ៉ង ព្រោះទីនេះជាដីខ្ពប របស់តាយ៉ងអ្នកធ្វើចម្ការ។ វត្តខ្ពបតាយ៉ង ត្រូវបានកសាងឡើងដំណលគ្នានឹងវត្តឧណ្ណាលោម អមសងខាងព្រះបរមរាជវាំង គឺវត្តឧណ្ណាលោមនៅពីខាងជើង​ ហើយវត្តខ្ពបតាយ៉ងនៅពីខាងត្បូងព្រះបរមរាជវាំងប្រមាណ៣០៩ម៉ែត្រ កសាងក្នុងឆ្នាំកុរ​ បញ្ចស័ក ព‍. ស ១៩៨៦ គ. ស ១៤៤៣ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះបរមរាជា (ពញាយ៉ាត)(ព. ស ១៩៣៧ . គ . ស ១៣៩៣ ដល់ ព​. ស ២០០៧ . គ. ស ១៤៦៣ ) សម័យនោះមិនទាន់មានចែកជានិកាយទេ ។

សម័យក្រោយមកទៀតក្នុងរជ្ជកាលសម្តេចព្រះសុគន្ធបទព្រមទាំងព្រះរាជាក្រោយៗទៀតក៏បោះបង់ចោលទីក្រុងភ្នំពេញទៅសាងទីក្រុងថ្មីនៅទួលបាសាន(ឆ្នាំរោង សំរិទ្ធិស័ក ព.ស ២០៥២ គ.ស ១៥០៨ ម.ស ១៤៣០ ច.ស ៨៧០) និងទីផ្សេងៗទៀត វត្តខ្ពបតាយ៉ងនេះក៏ស្ងប់ស្ងាត់ការកសាងទៅវិញ រហូតដល់ក្លាយជាវត្តនៅក្នុងព្រៃ សូម្បីតែភិក្ខុ សាមណេរ មួយអង្គគង់នៅក៏គ្មានផង ហើយត្រូវអ្នកស្រុកបោះបង់ចោលរាប់រយឆ្នាំមកហើយ គេស្គាល់ឈ្មោះតែក្នុងព្រះរាជពង្សាវតាតែប៉ុណ្ណោះ​ ចំណែកទីតាំងពិតគឺមានតែរោងឧបោសថប្រក់ស្លឹកនិងព្រះជីរ៍មួយអង្គ ថ្មសន្លឹកសីមាមួយផ្ទាំង នៅក្នុងព្រៃទួលខ្ពស់មួយ ដែលក្បែរនោះពីខាងកើតមានខ្ពបតូចមួយវែង ដែលតាយ៉ងជីកយកទឹកស្រោចដំណាំគាត់ ហើយអ្នកស្រុកក៏តែងតែមកដងទឹកនេះយកទៅប្រើប្រាស់ ។

រហូតមកដល់ឆ្នាំឆ្លូវ សប្តស័ក ព. ស ២៤០៨ គ. ស ​១៨៦៥ សម្តេចព្រះនរោត្តមបោះបង់

ចោលក្រុងឧត្តុង្គមកកសាងក្រុងភ្នំពេញជាលើកទីពីរ ទ្រង់ត្រាស់បង្គាប់អោយគេដឹកឈើពីក្រុងឧត្តុង្គមកកសាងព្រះវិហារ កុដិ សាលា នៅទីទួលនោះ ទ្រង់អោយគេជីកគូ ស្នាមភ្លោះខាងជើង ខាងត្បូង ខាងលិចវត្ត​ ចាក់ដីពង្រីកទួល និងជីកខ្ពបចាស់នោះអោយជ្រៅជាងមុន រួចហើយអោយដាំដើមឈូកក្នុងគូស្នាមភ្លោះទាំងបីជ្រុងវត្ត។លុះរៀបចំវត្តបានសមគួរហើយ ក៏ធ្វើបុណ្យបញ្ចុះសីមា ឆ្លងវិហារ កុដិ សាលា និងប្រែឈ្មោះពីវត្តខ្ពបតាយ៉ង មកជា វត្តបទុមវតីរាជវរារាម វិញ មានន័យថា វត្តមានឈូកជារបង ជាអារាមដ៏ប្រសើររបស់ព្រះរាជា ជាប់រហូតមក ។

តមកថ្ងៃអង្គារ ១០រោច ខែមាឃ​ ឆ្នាំកុរនព្វស័ក ព.ស ២៤៣០ គ.ស ១៨៨៧ សម្តេចព្រះនរោត្តមទ្រង់បានទទួលព្រះពោធិព្រឹក្ស ព្រមទាំងព្រះបរមសារីរិកធាតុ  ព្រះអរហន្តធាតុពីប្រទេសស្រីលង្កា ក៏ទ្រង់ប្រារព្ធពិធី បុណ្យ៣ថ្ងៃ ដាំព្រះមហាពោធិព្រឹក្សនោះនៅមុខព្រះវិហារវត្តបទុមវតីរាជវរារាម។

ថ្ងៃពុធ ១រោច ខែពិសាខឆ្នាំរកា ឯកស័ក ព.ស ២៤៥២ ច.ស ១២៧១ ត្រូវនឹងថ្ងៃទី៨ ខែឧសភា គ.ស ១៩០៩ ក្នុងរជ្ជកាលនៃព្រះបាទសម្តេចព្រះស៊ីសុវត្ថិ (ព្រះបរមរាជានុកោដ្ឋ)សម្តេចព្រះមង្គលទេពាចារ្យ អៀម ប្រារព្ធពិធីបុណ្យបញ្ចុះព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុនៅថ្នាក់ខាងលើ ឯព្រះអដ្ឋិធាតុនៃសម្តេចព្រះសុគន្ធាធិបតី ប៉ាន បញ្ចុះថ្នាក់ខាងក្រោមក្នុងព្រះចេតិយធំដែលសម្តេចបានដឹកនាំកសាងមានកំពស់៣៣ម៉ែត្រ សណ្ឋាន៤ជ្រុងនៅខាងត្បូងព្រះវិហារ(គេហៅព្រះចេតិយ៨ទិស)មានចេតិយតូចៗជាបរិវារអមគ្រប់ជ្រុងទាំង៤      មួយៗកំពស់៦ម៉ែត្រ មានប្រាង្គគ្រប់ទាំង៤ជ្រុងរំលេចក្បូរក្បាច់រចនាយ៉ាងប្រណីត។

នៅក្នុងឆ្នាំឆ្លូវ នព្វស័ក ព.ស២៤៨០ ​គ.ស ១៩៣៧ ក្នុងរជ្ជកាលនៃព្រះបាទសម្តេច ព្រះស៊ីសុវត្ថិមុនីវង្ស ព្រះមង្គលទេពាចារ្យ ស៊ុក ផ្តើមរុះរើព្រះវិហារចាស់ចេញ កសាងព្រះវិហារថ្មី។

ព្រះវិហារថ្មីនោះកសាងរហូតមកដល់សម័យសម្តេចព្រះសុធម្មាធិបតី អ៊ុង ស្រី ក្នុងរជ្ជកាលនៃព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ទើបហើយស្រេចក៏ធ្វើបុណ្យសម្ពោធឆ្លង នៅថ្ងៃ សៅរ៍១៥កើត ខែផល្គុន ឆ្នាំមមីចត្វាស័ក ព.ស ២៤៨៥ ច.ស ១៣០៤ ត្រូវនឹងថ្ងៃទី២០ ខែមិនាគ.ស១៩៤២ ។ សម័យនោះវត្តបទុមវតីរាជវរារាមជាវត្តធំខាងគណៈធម្មយុត្តិក និកាយ ។

នៅក្នុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ វត្តនេះត្រូវបានបោះបង់ចោលម្តងទៀត ដោយសាររបបកម្ពុជាប្រជាធិបតេយ្យ បណ្តេញផ្សឹកព្រះសង្ឃគ្មានសល់ គម្ពីរដីកាសស្ត្រា ក្បួនច្បាប់ សំណង់ផ្សេងៗត្រូវបំផ្លិចបំផ្លាញ បាត់ភាពអ៊ូអរ បាត់សម្លេងធម៌ វត្តបទុមវតីទៅជាស្ងាត់ជ្រងំ​ ដុះស្មៅដុះព្រៃឡើងវិញ។

ក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ ដល់ ១៩៨៩ វត្តនេះជាទីសំណាក់នៃកងទ័ពវៀតណាម។

លុះដល់ឆ្នាំ១៩៨៩ ក្រោយពីមានព្រះពុទ្ធសាសនា មានព្រះសង្ឃឡើងវិញ ទើបប្រមុខដឹកនាំប្រទេស មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បាននិមន្តសម្តេចព្រះពោធិវ័ង្ស   នន្ទ ​ង៉ែត មកពីវត្តលង្កាកុសុមារាម មកគង់នៅដើម្បីដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទរហូតមក។ ចាប់ពីពេលនោះមកវត្តបទុមវតីរាជវរារាមក៏ក្លាយជាវត្តរបស់ព្រះសង្ឃគណៈមហានិកាយ មានព្រះសង្ឃមកគង់នៅរៀនសូត្រកាន់តែច្រើនឡើងៗ។

ឆ្នាំ ១៩៩១ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានធ្វើមាតុភូមិនិវត្តន៍ ក៏សុំឲ្យ សម្តេចព្រះសុគន្ធាធិបតី ប៊ូ គ្រី សម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយមកគង់នៅវត្តបទុមវតីដែរ តែមានចំនួនតែមួយកុដិប៉ុណ្ណោះ រហូតមកទល់សព្វថ្ងៃមានព្រះសង្ឃតែ​២០ ទៅ៣០ អង្គទេ ចំណែកខាងគណៈមហានិកាយវិញក្នុងមួយឆ្នាំមានព្រះសង្ឃមកគង់នៅរៀនសូត្រជាង៤០០អង្គ ឯនិស្សិត ពី ៦០០ ទៅ ៧០០នាក់។

បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះចៅអធិការ ព្រមទាំងព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ បានពង្រឹងធម៌ វិន័យ បដិបត្តិ សិក្សា អប់រំប្រកបដោយការសន្តោសដ៏ខ្ពង់ខ្ពស់ ធ្វើឲ្យនិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យរាប់រយនាក់ជាបន្តបន្ទាប់។  ឯខាងពុទ្ធចក្រក៏មានព្រះសង្ឃចេះដឹងច្រើនអង្គ បាន សរសេរសៀវភៅផ្សព្វផ្សាយអប់រំ ជាគ្រូ សាស្ត្រាចារ្យ ជាធម្មកថិកទេសនា មានចំនួនច្រើនជាងវត្តដទៃក្នុងប្រទេសកម្ពុជា។ដោយមានការសហការយ៉ាងល្អ ជាមួយព្រះសង្ឃគ្រប់ព្រះអង្គ រាជរដ្ឋាភិបាល មន្ត្រីរាជការ ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ទាំងឡាយក្នុងវត្តត្រូវបានរៀបចំយ៉ាងល្អគួរឲ្យជ្រះថ្លា មានការរៀបចំទីធ្លាវត្ត ប្រព័ន្ធទឹក ប្រព័ន្ធលូ​ ផ្លូវថ្នល់ សួនច្បារ របង សំណង់ផ្សេងៗ កុដិចាស់ៗទាំងឡាយ ត្រូវបានកសាងជាថ្មី និងជួសជុលកែលម្អបំពេញបន្ថែមតាមតម្រូវការជាក់ស្តែង។ ដំណាក់កាលចុងក្រោយនេះ (២០១៤.២០១៥)បាននឹងកំពុងកសាងឧបដ្ឋានសាលាដ៏ធំទូលាយ ស្រស់ស្អាត ដើម្បីឆ្លើយតបតាមតម្រូវការរបស់ពុទ្ធបរិស័ទសម្រាប់បំពេញបុណ្យកុសល និងកម្មវិធីផ្សេងៗនៃសាសនានិងសង្គម។

 
រូបបដិមាព្រះពុទ្ធក្នុងសាលាធម្មសភាវត្តបទុមវតី

ភូមិសាស្ត្រ

កែប្រែ
 
សាលាធម្មសភាវត្តបទុមវតី

ក្នុងចំណោម​ វត្ត ៤៦៧៦វត្ត(២០១៤)​ និងទួល អាស្រម ទីបូជនីយដ្ឋានយ៉ាងច្រើនដែលជាទីគោរពសក្ការ: នៃប្រជាជនកម្ពុជា ក្នុងនោះ វត្តបទុមវតីរាជវរារាមក៏ជាវត្តអារាមដ៏ពិសិដ្ឋមួយក្នុងព្រះរាជណាចក្រកម្ពុជា ដែលមានប្រវត្តិជាប់ទាក់ទងជាមួយនឹងការកកើតឡើងនៃរាជធានីភ្នំពេញ។ វត្តនេះមាន បណ្តោយ ពីខាងលិចទៅខាងកើត ២៦០ម៉ែត្រ និងទទឹង ពីខាងជើងទៅខាងត្បូង ២០២ម៉ែត្រ ស្ថិតនៅ សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ

សូមមើលផងដែរ

កែប្រែ

ឯកសារយោង

កែប្រែ
  1. គេហទំព័រក្រសួងទេសចរណ៍អំពីវត្តបុទម[តំណភ្ជាប់ខូច] (ភាសាអង់គ្លេស)

តំណភ្ជាប់ខាងក្រៅ

កែប្រែ