»អំពីវត្ត

វត្តព្រះពុទ្ធមានបុណ្យ ជាទីសក្ការៈបូជាមួយក្នុងចំណោមវត្តជាច្រើននៅរាជធានីភ្នំពេញ ដែលមានដំណើរ[]ដើមទងដូចតទៅនេះ ៖

»ទីតាំងភូមិសាស្រ្ត

វត្តព្រះពុទ្ធមានបុណ្យ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ មានផ្ធៃដី ១០៤ម x ១២៥ម ស្មើនឹង១.៣ ហិកតា ។ ទីតាំងខាងមុខ ជាប់រង្វង់មូល​នាងគង្ហីង និងពហុកីឡាដ្ឋានជាតិ អូឡាំពិក, ខាងត្បូង​ជាប់ស្ថានីយ៍ទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ, ខាង​ជើងជាប់បូរីកីឡា និងខាងក្រោយជាប់ផ្លូវលេខ៣៣៦ ។

»ប្រវត្តិសង្ខេប

តាមការដំណាលតៗគ្នា បានឲ្យដឹងថា វត្តព្រះពុទ្ធមានបុណ្យត្រូវបានកសាងឡើង នៅ លើទីតាំងមួយជិតវត្តស្រះចកបច្ចុប្បន្ន ត្រង់បន្ទាយទាហានជើងក្រហម ។ ក្រោយមក​ពួកអាណានិគមបារាំង តម្រូវយកទីនោះធ្វើបន្ទាយ បានឲ្យវត្តរុះរើមកទីតាំងថ្មីវិញ ស្ថិត​នៅស្ថានីយរថភ្លើងសព្វថ្ងៃ ។

នៅឆ្នាំ១៩២១ បារាំងបានឲ្យរុះរើចេញទៀត ដើម្បីយកទីនោះធ្វើស្ថានីយរថភ្លើង ដូច្នោះ​ហើយទើប ព្រះសង្ឃ ពុទ្វបរិស័ទបានរុះរើមកកសាងនៅទីតាំងសព្វថ្ងៃនេះ ។

ទីតាំងថ្មី ដើមឡើយជាត្លុក ត្រពាំង អូរ មានលក្ខណៈភូមិសាស្រ្តស្មុកស្មាញ មិនសមជាទី​អារាមឡើយ តែដោយការរុះរើម្ដងជាពីរដង ព្រះសង្ឃនិងពុទ្ធបរិស័ទ បានពុះពារគ្រប់ ការលំបាក ប្រឹងកែច្នៃទីនេះឲ្យមានលក្ខណៈសមរម្យ ជាទីអារាម និងជាទីសក្ការៈបូជា​របស់ពុទ្ធបរិស័ទ ។

មិនយូរប៉ុន្មាន ទីវត្តថ្មីនេះ ក៏មានការរីកចំរើន មានកុដិ មានព្រះវិហារ ,ឧបដ្ឋានសាលា​ និងសំណង់ផ្សេងៗទៀតជាច្រើន ហើយប្រការដែលគួរឲ្យកត់សម្គាល់ វត្តបានកសាង​ឈាបនដ្ឋានមួយបន្ទាប់ពីវត្តឧណ្ណាលោម ដើម្បីសម្រួលដល់សេចក្ដីត្រូវការរបស់​ប្រជាជន ។

ដំបូងឡើយវត្តនេះ មានឈ្មោះថា វត្តព្រះពុទ្ធ តែក្រោយមកក៏ត្រូវបានផ្លាស់ឈ្មោះថា វត្តព្រះពុទ្ធមានបុណ្យ វិញ ព្រោះអាស្រ័យហេតុដ៏អស្ចារ្យមួយ គឺពេលដែលព្រះសង្ឃ​និងពុទ្ធបរិស័ទ ដង្ហែព្រះពុទ្ធរូបធំ (ព្រះជីវ៍) មួយព្រះអង្គធ្វើអំពីថ្មតាន់ ពីទីវត្តចាស់​ មក​កាន់​ទីតាំងថ្មី​ ត្រូវឆ្លងកាត់ព្រែកដែលមានស្ពានចាស់ទ្រុឌទ្រោមមួយ ដែលមិនអាចទ្រ​ទម្ងន់​ និងដង្ហែ​បាន ហើយពុទ្ធបរិស័ទក៏ធ្វើការបួងសួងតេជៈបារមីព្រះពុទ្ធថា សូមព្រះ​អង្គ​ជួយទ្រទ្រង់ស្ពាននេះកុំឲ្យបាក់ស្រុត ហើយសូមឲ្យការដង្ហែនេះ បានទៅដល់ទីកំណត់​ ។ ក្បួនដង្ហែក៏បានឆ្លងកាត់ដោយសុវត្ថិភាព បន្ទាប់ពីការបួងសួងរួច ។

ដោយហេតុដ៏អស្ចារ្យនេះ ព្រះសង្ឃ ពុទ្ធបរិស័ទ ក៏ជឿជាក់ ជ្រះថ្លាថា ព្រះពុទ្ធអង្គនេះ ពិត​ជាមានតេជៈបុណ្យបារមី​ប្រាកដមែន ក៏សម្រេចដាក់ឈ្មោះវត្តដែលកសាងនៅទីតាំងថ្មី​នេះ​ថា វត្តព្រះពុទ្ធមានបុណ្យ រហូតដល់សព្វថ្ងៃ ។

នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៩ វត្តត្រូវបានបោះបង់ចោល គ្មានព្រះសង្ឃ ពុទ្ធបរិស័ទ​បំពេញបុណ្យកុសលទៀតឡើយ ហើយទីវត្តទាំងមូលត្រូវបានពួក ប៉ុល ពត យកទៅ​ប្រើប្រាស់ខុសពីគោលដៅពុទ្ធសាសនា ។

នៅឆ្នាំ ១៩៧៩ ក្រោយថ្ងៃរំដោះ ៧មករា វត្តនេះមាននៅសល់អាគារខ្លះៗ ដូចជាកុដិ ពីរបី​ខ្នង និងឈាបនដ្ឋានមួយ ហើយតមកវត្តក៏ត្រូវបានយកធ្វើជាសាលារៀនបឋមសិក្សា ។ តែដោយផ្អែកលើគោលនយោបាយ របស់រណសិរ្សសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយ​សម្ដេចទាំងបី វត្តក៏បានបើកឡើងវិញ ឲ្យគោរពបូជាតាមប្រពៃណីព្រះពុទ្ធសាសនា នៅ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៩០ ដោយមានសម្ដេចព្រះឧត្តមមុនី ហេង លាងហោ ជា​ចៅអធិការ រហូតដល់សព្វថ្ងៃនេះ ។

បន្ទាប់ពីបើកឲ្យប្រើប្រាស់មក វត្តក៏មានព្រះសង្ឃគង់នៅ និងមានពុទ្ធបរិស័ទគ្រប់ទិសទី​អញ្ជើញមកបំពេញកុសល រហូតទីវត្តទាំងមូលពេញទៅដោយសំណង់ពុទ្ធសាសនា​យ៉ាងច្រើន មានព្រះវិហារ កុដិ ឧបដ្ឋានសាលា ចេតិយ ខ្លោងទ្វារ របងវត្ត និងបណ្ណាល័យ​មួយខ្នងកំពុងសាងសង់ ។ ដទៃពីនេះ ព្រះសង្ឃ អាចារ្យ គណៈកម្មការ ក៏បានរៀបចំ ផ្ទៃ​វត្តទាំងមូលឲ្យមានសោភណភាព តាមរយៈការចាក់កា្រលបេតុង និងដាំដើមរុក្ខជាតិ​នានាជាលម្អផងដែរ ។


  1. https://wpbinfo.wordpress.com/about/