ពូនភ្នំខ្សាច់

(ត្រូវបានបញ្ជូនបន្តពី វាលុកចេតិយ)

បរិយាយ​ពី​ការ​សាង​វាលុក​ចេតិយ (ពូន​ភ្នំ​ខ្សាច់ ; <វាលុកៈ = ខ្សាច់)

ដោយ​លោក ចាប ពិន

តាង​នាម​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ខ្ញុំ​សូម​បរិយាយ​ពី​ការ​កសាង​វាលុកចេតិយ (ពូន​ភ្នំ​ខ្សាច់ ) ដើម្បី​រំលឹក​ដល់​ទំនៀម​នេះ​ជូន​ជា​សណ្ដាប់​បង​ប្អូន​រួម​ជាតិ ដូច​ត​ទៅ​ខាង​មុខ ៖

ចេតិយ​ដែល​គេ​កសាង​ដោយ​ដី​ខ្សាច់​សុទ្ធ គឺ​គេ​យក​ដី​ខ្សាច់​មក​ចាក់​គរ​ហើយ​ពូន​ឲ្យ​មាន​រូប​ជា​ចេតិយ​ឡើង ហៅ​តាម​ភាសា​បាលី​ថា « វា​លុកចេតិយ » តែ​អ្នក​ផង​តែង​ហៅ​ជា​ភាសា​ខ្មែរ​ថា « ពូន​ភ្នំ​ខ្សាច់ » ព្រោះ​គំនរ​ខ្សាច់​ដែល​ពូន​ឡើង​នោះ​មាន​ស្ថានភាព​ប្រហែល​ភ្នំ ។

វាលុកចេតិយ​នេះ មាន​គតិ​និយម​ថា ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ជា​សក្ការ​បូជា​ដំណាង​ព្រះ​ចូឡាមណី​ចេតិយ នៅ​ស្ថាន​ត្រៃ​ត្រឹង្ស​សួគ៌​ដែល​ពួក​ទេវតា​សាង​បញ្ចុះ​ព្រះ​កេស​ធាតុ (ព្រះ​កេសា) នឹង​ព្រះ​ទាឋា​ធាតុ (ព្រះ​ចង្កូម​កែវ) នៃ​ព្រះ​សម្មាសម្ពុទ្ធ ដែល​សំគាល់​ថា​បាន​ផលា​និសង្ស​ណាស់ ។

ការ​កសាង​វាលុកចេតិយ នៅ​ប្រទេស​កម្ពុជា​យើង មាន​ធ្វើ​ទាំង​ព្រះ​រាជា​​ ទាំង​ប្រជារាស្រ្ត, ទាំង​ពីរ​បែប​នេះ មាន​ទំនៀម​ និង ​របៀប ​ព្រម​ទាំង​ពិធី​ប្រហែល​គ្នា គ្រាន់​តែ​ទំនៀម​ខាង​ព្រះ​រាជា ​ជា​ផ្លូវការ ហៅ​ថា «ព្រះ​រាជ​ពិធី » ឧឡារិក​អធិក​អធម ​ជាង​ពិធី​រាស្រ្ត ។ របៀប​ធ្វើ​ជា​ផ្លូវ​ការ​តែង​ធ្វើ​នៅ​វត្ត​ភ្នំ​ដូនពេញ នឹង​ព្រះ​វិហារ​ព្រះ​កែវ​មក៌ត ដូច​ក្នុង គ.ស. ១៩៥៤ នេះ ធ្វើ​នៅ​វត្ត​ភ្នំ​ដូនពេញ​នៅ​ថ្ងៃ​ទី ៥ និង​ទី ៦ មេសា, ធ្វើ​នៅ​ព្រះ​វិហារ​ព្រះ​កែវ​មក៌ត នៅ​ថ្ងៃ​ទី ៨ និង​ទី ៩ មេសា ។ ព្រះ​រាជ​ពិធី​នេះ​មាន​ពិស្ដារ​ក្នុង​សៀវភៅ​ព្រះ​រាជ​ពិធី​ទ្វា​ទសមាស​ភាគ ១ ដែល​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​រៀបរៀង​បោះពុម្ព​ហើយ មាន​ផ្សាយ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ។

ក្នុង​ទី​នេះ សូម​ពណ៌នា​ដោយ​សង្ខេប​នូវ​ពិធី​រាស្រ្ត ដូច​ត​ទៅ​នេះ ៖

វាលុកចេតិយ គេ​តែង​សាង​នៅ​ទី​ណា ? មាន​ខ្នាត​ប៉ុណ្ណា ? មាន​ទ្រង់​ទ្រាយ​ដូច​ម្ដេច ? សាង​ម្ដង ៗ មាន​ប៉ុន្មាន​តួ​ចេតិយ ? មាន​គ្រឿង​ប្រកប​ដូច​ម្ដេច ?

តាម​បែប​ដើម ឃើញ​ថា ឥត​មាន​កំណត់​ឲ្យ​សាង​នៅ​ទី​ណា​ទេ, តែ​បើ​តាម​ទម្លាប់​ដែល​បុរាណ​បណ្ឌិត​ធ្លាប់​ធ្វើ​មក គឺ​ធ្វើ​នៅ​ទី​ណា​ដែល​មាន​ដី​ខ្សាច់​ល្អ ហើយ​បើ​តាម​ទំនៀម​ទម្លាប់​របស់​ប្រទេស​កម្ពុជា​យើង គេ​ច្រើន​ធ្វើ​នៅ​ទី​វត្ត ដោយ​ទី​នេះ​ជា​ទី​ប្រជុំ​ជន​ផង ដើម្បី​នឹង​ឲ្យ​បាន​ដី​ចូល​វត្ត​ផង, ឯ​ទី​ដទៃ​ក្រៅ​ពី​ទី​នេះ ដូច​នៅ​ដើម​ពោធិ​ជា​ទី​សក្ការ​បូជា​របស់​ប្រជាជន​ជា​ដើម​ ក៏​មាន​ធ្វើ​ខ្លះ​ដែរ តែ​ធ្វើ​ដោយ​តិច ។

គេ​សាង​ក្នុង​វេលា​ណា ?

តាម​រឿង​ប្រារព្ធ​ដើម «មាន​រឿង​ខ្លះ​កំណត់​ថា​ត្រូវ​សាង​គឺ​ធ្វើ​នៅ​វេលា​ចូល​ឆ្នាំ» រឿង​ខ្លះ​គ្រាន់​តែ​ណែនាំ​ឲ្យ​ធ្វើ ឥត​មាន​កំណត់​កាល​វេលា, តែ​តាម​ទំនៀម​របស់​ខ្មែរ ​យើង​តែង​ធ្វើ​ទូទៅ​ទាំង​ស្រុង​ក្នុង​វេលា​ចូល​ឆ្នាំ គឺ​ចំ​ថ្ងៃ​ចូល​ឆ្នាំ ៣ ថ្ងៃ​ក៏​មាន មុន​ឬ​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​បន្តិច​បន្តួច​ដែល​រួម​ហៅ​ថា « រដូវ​ចូល​ឆ្នាំ » ក៏​មាន, ក្រៅ​ពី​រដូវ​នេះ​គេ​ធ្វើ​ចំពោះ​ពេល​បុណ្យ​ចម្រើន​អាយុ​យឺនយូរ នឹង​ចំពោះ​ពេល​ដែល​មាតា​ ឬ ​បិតា​ឈឺ​ធ្ងន់ ដើម្បី​រំដោះ​គ្រោះ, ពីរ​ពេល​ខាង​ក្រោយ​នេះ​មាន​ធ្វើ​តែ​ចំពោះ​ឯកជន​តាម​ពេល​ដែល​មាន​ជា​ការ​ចាំ​បាច់ មិន​មែន​មហាជន​ធ្វើ​ទាំង​ស្រុង​ទេ, បើ​រដូវ​ចូល​ឆ្នាំ​នោះ គេ​ធ្វើ​ទួទៅ​ទាំង​ប្រទេស ។

គេ​សាង​មាន​ខ្នាត ទំហំ ឬ​កំពស់​ប៉ុណ្ណា ?

វាលុកចេតិយ​គ្មាន​តម្រា​ណា​មួយ​កំណត់​ខ្នាត​ជា​កម្រឹត​ថា ទំហំ​ឬ​កំពស់​ដូច​ម្ដេច​ទេ ស្រេច​នៅ​លើ​អធ្យាស្រ័យ​របស់​អ្នក​សាង​ចង់​ធ្វើ​ប៉ុណ្ណា​ក៏​បាន, ហេតុ​នេះ បាន​ជា​ឃើញ​គេ​ធ្វើ​ខ្នាត​តូច ៗ ប៉ុន​ចាន​គោម​ប្រតិស្ឋាន​លើ​តុ​ ឬ ​ថាស​ចំពោះ​ពេល​រំដោះ​គ្រោះ​ក៏​មាន, ខ្នាត​កណ្ដាល​ទំហំ​មូល​ចំនួន ២ – ៣ ហត្ថ កំពស់​ត្រឹម​ចង្កេះ​ក៏​មាន, ខ្នាត​ធំ ៗ ប៉ុន​ធ្នឹម​ស្រូវ​ មាន​​សភាព​​ប្រហែល​ដំបូក​ធំ​ ឬ ​កូន​ភ្នំ​ ក៏​មាន ។

តាម​ដែល​បាន​សង្កេត​មក ខ្នាត​តូច ៗ ដំកល់​លើ​តុ ​ឬ ​ថាស ​គេ​ធ្វើ​ចំពោះ​ឯកជន​ដែល​ធ្វើ​រំដោះ​គ្រោះ​នៅ​ពេល​ដែល​គេ​មាន​ជម្ងឺ​ធ្ងន់, ខ្នាត​កណ្ដាល​ និង ​ខ្នាត​ធំ​ៗ គេ​ធ្វើ​ទួទៅ​ទាំង​ប្រទេស​នៅ​រដូវ​ចូល​ឆ្នាំ ។

គេ​សាង​ម្ដង ៗ ចំនួន​ប៉ុន្មាន​តួ​ចេតិយ ?

វាលុកចេតិយ គ្មាន​តម្រា​ណា​មួយ​កំណត់​បរិមាណ​ថា​ចំនួន​ប៉ុន្មាន​ទេ, តែ​តាម​ទំនៀម​នៅ​ប្រទេស​កម្ពុជា​ បើ​ដើម្បី​រំដោះ​គ្រោះ​ចំពោះ​ឯកជន​ដែល​ធ្វើ​តាម​គ្រឹស្ថាន​របស់​ខ្លួន ឃើញ​គេ​ធ្វើ​តែ​មួយ​ក៏​មាន ដល់ ៣ ឬ ៥ ក៏​មាន ហើយ​គេ​ធ្វើ​តូច ៗ ដាក់​លើ​តុ ​ ឬ​ថាស​ដូច​បរិយាយ​ពី​ខាង​ដើម ការ​ដែល​ធ្វើ​តែ​មួយ ឬ ​ធ្វើ​ដល់ ៣ ឬ ៥ នោះ​សោត ក៏​ឥត​មាន​តម្រា​ណា​មួយ​និយាយ​ដល់ គឺ​ស្រេច​នៅ​លើ​អធ្យាស្រ័យ​អ្នក​ធ្វើ បើ​ធ្វើ​នៅ​ទី​វត្ត ឃើញ​គេ​ព័ទ្ធ​ជុំវិញ​ព្រះ​វិហារ​តាម​ទិស​ទាំង ៨, តែ​ជួន​​កាល ​ឃើញ​គេ​ធ្វើ​នៅ​ទី​សមគួរ​ណា​មួយ ក្នុង​វត្ត ​តែ​ចំនួន ៥ ចេតិយ​ ក៏​មាន គឺ​ធ្វើ​មួយ​ធំ​ខ្ពស់​ចំ​កណ្ដាល (ដែល​តាម​ចាស់ ៗ និយម​ថា​ធ្វើ​ដំណាង​ភ្នំ​ សិនេរុ ​ដែល​ជា​ទី​តាំង​ឋាន​ត្រៃ​ត្រឹង្ស ), តូច ៗ បួន នៅ​ទិស​ទាំង ៤ គឺ​ទិស​បូព៌ ទក្សិណ បស្ចឹម ឧត្ដរ (ដំណាង​ភ្នំ ​យុគន្ធរ ​ដែល​ជា​ទី​តាំង​ឋាន​ចាតុម្មហារាជិកា ) ។

គ្រឿង​ប្រកប​វាលុកចេតិយ​ដូច​ម្ដេច​ខ្លះ ?

តាម​ទំនៀម​ខ្មែរ​យើង កាល​បើ​គេ​ជញ្ជូន​ដី​ខ្សាច់​មក​ចាក់​គរ​ពូន​ឲ្យ​មាន​ទ្រង់​ទ្រាយ​ប្រហែល​ភ្នំ មាន​កំពស់​ និង ​ទំហំ​ធួន​ល្មម​តាម​ដែល​គេ​ត្រូវ​ការ​ឡើង​ហើយ គេ​ច្រើន​យក​​​ក្អម​​មួយ​កំណាត់ ឬ ​យក​ក្អម​ទាំង​មូល​មក​កប់​ឲ្យ​នៅ​ត្រឹម​ក​ ដាក់​​ត្រង់​កំពូល គ្រប់​ចេតិយ ឲ្យ​មាន​សណ្ឋាន​ដូច​ក្បាច់​ក​ចេតិយ​មែន​ទែន, វត្ត​ខ្លះ​ដែល​គេ​រក​ដី​ខ្សាច់​ពុំ​បាន​ហើយ​គេ​ចង់​ឲ្យ​ចម្រើន​ដី​វត្ត​ គេ​យក​ដី​កណ្ដេង​ធ្វើ​ជំនួស​ក៏​មាន ធ្វើ​ហើយ​គេ​ធ្វើ​រាជ​វ័តិព័ទ្ធ​ជុំវិញ​ពី​ក្រៅ​ចេតិយ​ទាំង​នោះ ទុក​តែ​មាត់​ទ្វារ​ចេញ​ចូល ៤ ទិស គេ​ធ្វើ​រាន​ទេព្តា ៨ ដាក់​គ្រប់ ៨ ទិស មាន​រាន​មួយ​ទៀត​គេ​សន្មត​ជា​រាន​ព្រះ​កាល ឬ ​ព្រះ​យមរាជ​ ដាក់​នៅ​ទិស​បូព៌ មាន​ទាំង​ឆត្រ​រួត និង ​ទង់​រលក​ដោត​គ្រប់​រាន​ទាំង​នោះ​ផង ព្រម​ទាំង​បូជា​ដោយ​ផ្កា​ភ្ញី និង ​ស្លាធម៌ ​ទឹក​អប់ ​ជា​ដើម ។

កាល​គេ​ធ្វើ​គ្រឿង​ប្រដាប់​ដូច​រៀបរាប់​ខាង​លើ​នេះ​រួច​ហើយ វេលា​ថ្ងៃ​រសៀល​ទាប ​គេ​យក​ទៀន​ធូប​ទៅ​អុជ យក​ផ្កា​ឈើ​មាន​ពណ៌​ផ្សេង ៗ ទៅ​ដោត​ដាក់​បូជា​ និង ​យក​ទង់​ធ្វើ​ពី​ក្រដាស់​ពណ៌​ផ្សេង ៗ ទៅ​ដោត​បូជា​នៅ​កំពូល​វាលុកចេតិយ​ទាំង​នោះ ហើយ​មាន​អាចារ្យ​ម្នាក់​នាំ​ឧបាសក ឧបាសិកា​ដើរ​ប្រទក្សិណ ៣ ជុំ​ រួច​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល ​ហើយ​យក​សំពត់​ស​ទៅ​ព័ទ្ធ​ឈៀង ដូច​អង្ស័ក​ពី​លើ​វាលុកចេតិយ​ទាំង​នោះ​ រួច​នាំ​សូត្រ​អធិដ្ឋាន​វាលុកចេតិយ​ទាំង​អស់ ដែល​គេ​ហៅ​តាម​សំដី​អ្នក​ស្រុក​ថា «បំបួស​ភ្នំ » ឲ្យ​ថា​​តំណាង​​ព្រះ​​ចូឡាមណី​ចេតិយ​នៅ​ឯ​ឋាន​ត្រៃ​ត្រឹង្ស​សួគ៌​ដោយ​បាលី​ថា ឥមំ វាលុកចេតិយំ ចុឡាមណិចេតិយំ អធិដ្ឋាមិ (ប្រែ​ថា) «ខ្ញុំ​សូម​តាំង​ចិត្ត​អធិដ្ឋាន​ព្រះ​ចេតិយ​ខ្សាច់​នេះ ឲ្យ​ជា​របស់​ដំណាង​ព្រះ​ចូឡាមណី​ចេតិយ » ។

ក្រោយ​ពេល​បំបួស​ភ្នំ, វេលា​យប់​គេ​នាំ​គ្នា​ចូល​វិហារ​ ឬ​ សាលា​បុណ្យ​ ដើម្បី​និមន្ត​ព្រះ​សង្ឃ​សូត្រ​ព្រះ​បរិត្ត រួច​ទេសនា​សាស្រ្ដា​អានិសង្ស​ខ្សាច់ បើ​បុណ្យ​នោះ​គេ​ធ្វើ​ត្រូវ​លើ​ថ្ងៃ​ចូល​ឆ្នាំ លុះ​ចប់​ទេសនា គេ​លេង​ល្បែង​ផ្សេង ៗ តាម​ទម្លាប់​ស្រុក​របស់​គេ មាន​លេង​ឈូង អង្គញ់ ទាញ​ព្រ័ត្រ ច្រៀង​កញ្ឆា​ជា​ដើម, វេលា​ព្រឹក​គេ​អង្គាស​យាគូ ថ្ងៃ​ត្រង់​អង្គាស​ភត្ត​ប្រគេន​ព្រះ​សង្ឃ​ទួទៅ​ទាំង​វត្ត​គ្រប់​បី​ថ្ងៃ ​បី​យប់, នៅ​ថ្ងៃ​គម្រប់ ៤ គេ​និមន្ត​ព្រះ​ធម្មកថិក​ទេសនា​សង្គាយនា​ឆ្លង​បុណ្យ ហើយ​និមន្ត​លោក​បង្សុកូល រួច​ប្រគេន​រណ្ដាប់​ទេយ្យទាន​មាន​សំពត់​សាដក ​ឈើគូស ​​ស្ករ ​តែ​ ជា​ដើម ​ចំពោះ​ព្រះ​សង្ឃ​តាម​សមគួរ​ដល់​សទ្ធា ជា​ការ​សម្រេច​ពិធី​បុណ្យ​សាង​វាលុកចេតិយ ត្រឹម​ប៉ុណ្ណេះ ។

តាម​ទំនៀម​វាលុក​ចេតិយ​ដែល​គេ​បាន​អធិដ្ឋាន (បំបួស) ហើយ​គេ​កាន់​ថា​បាន​ឡើង​ពេញ​ជា​ពុទ្ធ​ចេតិយ​មែន ៗ នរណា​មួយ​ទៅ​រំលាយ​ព្រះ​ចេតិយ​នោះ​មុន​គេ​ផ្សឹក​ចេញ គេ​ទុក​ថា​ជា​មាន​ទោស​ធ្ងន់​ណាស់, ដោយ​ហេតុ​នេះ កាល​ធ្វើ​បុណ្យ​ឆ្លង​ហើយ អាចារ្យ​ក៏​ផ្សឹក​ចេញ​ភ្លាម​ដោយ​ភាសា​បាលី​ថា ឥមំ វាលុកចេតិយំ បច្ចក្ខាមិ (ប្រែ​ថា) «ខ្ញុំ​ផ្សឹក​ឥឡូវ​នេះ​វាលុកចេតិយ​នេះ គឺ​ដក​ចិត្ត​ចេញ​លែង​កាន់​ថា​ជា​វាលុកចេតិយ​ហើយ » ។ ក្រោយ​ពី​នោះ ​ទោះ​នរណា​រំលាយ​ក៏​គ្មាន​ទោស​ពៃរ៍​អ្វី​ទេ ​ហើយ​គេ​យក​ដី​ខ្សាច់​ភ្នំ​នោះ​ទៅ​ស្ថាបនា​ជា​វត្ថុ​អ្វី ៗ ក្នុង​វត្ត​តាម​ត្រូវការ ។

មាន​សូត្រ​មួយ​ឈ្មោះ​ មហា​សំការ​សូត្រ សំដែង​ពី​ដើម​កំណើត​រឿង​បុណ្យ​សាង​វាលុកចេតិយ​ថា​បាន​ផលានិសង្ស​ណាស់ មាន​សេចក្ដី​ដូច​ស្រង់​មក​ដោយ​សង្ខេប​ត​ទៅ​នេះ​ថា ៖

សម័យ​មួយ ព្រះ​បរម​សាស្ដា​ទ្រង់​ប្រថាប់​ក្នុង​វត្តជេតពន ទ្រង់​សំដែង​ឆ្លើយ​ប្រស្នា​ព្រះ​បាទ ​បសេនទិកោសល ​ថា ៖ មហា​បពិត្រ ! អ្នក​ដែល​បាន​សាង​វាលុកចេតិយ​ បាន​បូជា ​វាលុក​ចេតិយ ដោយ​វត្ថុ​ផ្សេង ៗ មាន​ផ្កា​ភ្ញី​ គ្រឿង​ក្រអូប ​និង ​ទៀន ​ធូប ​ជាដើម ​បាន​ផល​ច្រើន តែង​បាន​ទៅ​កើត​ក្នុង​ត្រកូល​ក្សត្រ ​ត្រកូល​ព្រាហ្មណ៍ ។ ល ។

អ្នក​ដែល​បាន​ដោះ​លែង​សត្វ​ក្នុង​ឱកាស​សង្រ្កាន្ត​ចូល​ឆ្នាំ​ថ្មី រមែង​មាន​អាយុ​យឺនយូរ​មាន​សេចក្ដី​សុខ​ច្រើន អ្នក​ណា​បាន​ផ្ងូត​ទឹក​មាតា​បិតា ​គ្រូ​ឧបជ្ឈាយ៍​ អាចារ្យ ក្ដី បាន​រក្សា​សីល​ក្ដី បាន​ជីក​ស្រះ​ក្ដី បាន​សង់​ស្ពាន​ក្ដី បាន​ធ្វើ​ផ្លូវ​ថ្នល់​ក្ដី ។ល។ ព្រះ​ចតុ​លោក​បាល​តែង​កត់​ឈ្មោះ​អ្នក​នោះ​ទុក​លើ​ផែន​មាស, បើ​អ្នក​ណា​មិន​ស្គាល់​គុណ​ព្រះ​ពុទ្ធ ​ព្រះ​ធម៌ ​ព្រះ​សង្ឃ ​មិន​ធ្វើ​បុណ្យ ធ្វើ​តែ​បាប ព្រះ​ចតុ​លោក​បាល តែង​កត់​ឈ្មោះ​អ្នក​នោះ​ទុក​លើ​ស្បែក​ឆ្កែ ។ល។

ក្រៅ​ពី​ មហា​សំការ​សូត្រ​ ដែល​ថ្លែង​មក​ខាង​លើ​នេះ មាន​រឿង​និទាន ២ ទៀត​សុទ្ធ​តែ​និយាយ​ពី​ដើម​កំណើត នៃ​ការ​កសាង​វាលុកចេតិយ​ទាំង​អស់​គឺ ៖

និទាន​ទី ១ ដំណាល​ពី​ព្រះ​ពោធិសត្វ​នាម​បារិកៈ ជា​ឈ្មួញ​សំពៅ​ បើក​សំពៅ​ទៅ​ជួញ​បាន​ឃើញ​ផ្នូក​ខ្សាច់​ល្អ​នៅ​ឆ្នេរ​សមុទ្ទ ក៏​បបួល​ពាណិជ​​ឯ​ទៀត កសាង​ជា​វាលុក​ចេតិយ​ឧទ្ទិស​ជា​តំណាង​ព្រះ​ចូឡាមណី​ចេតិយ​នៅ​ឋាន​ត្រៃត្រឹង្ស​សួគ៌ ដែល​បញ្ចុះ​ព្រះ​កេសា ​និង​ ព្រះ​ចង្កូម​កែវ ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ បាន​បេះ​ផ្កា​ឈើ​បូជា បាន​ដើរ​ប្រទក្សិណ ៣ ជុំ ហើយ​បើក​សំពៅ​ចេញ​ទៅ ។ លុះ​ បារិក​ពោធិសត្វ ​និង​ ឈ្មួញ​ទាំង​នោះ​រំលាង​បញ្ចក្ខន្ធ​ទៅ ​បាន​ទៅ​កើត​ជា​ទេវបុត្រ​នៅ​ឋាន​សួគ៌ច្រើន​ជាតិ ច្យុត​ពី​ឋាន​សួគ៌មក ​កើត​ជា​ស្ដេច​ចក្រពត្តិ ជា​ស្ដេច​ឯករាជ្យ​ច្រើន​ជាតិ, ទី​បំផុត​បារិកពោធិសត្វ ​បាន​ត្រាស់​ជា​ព្រះ​ពុទ្ធ, ឈ្មួញ​ឯ​ទៀត​បាន​ជា​ពុទ្ធ​សាវ័ក​ដោយ​អំណាច​ផល ​ដែល​បាន​សាង​វាលុកចេតិយ​នោះ​ឯង ។

និទាន​ទី ២ ដំណាល​ថា​នេសាទ​ម្នាក់ សម្លាប់​សត្វ​ចិញ្ចឹម​ជីវិត​តាំង​ពី​ក្មេង​រហូត​ដល់​ចាស់​មិន​ដែល​ធ្វើ​បុណ្យ​ម្ដង​សោះ, ថ្ងៃ​មួយ​កំពុង​តែ​លី​លំពែង ស្ពាយ​បាយ​កញ្ចប់​ចេញ​ទៅ​ព្រៃ​ស្វែង​រក​សត្វ មាន​ភិក្ខុ ១ រូប​សុំ​ចង្ហាន់, ដោយ​លោក​ទទូច​សុំ​មិន​លែង​សោះ នេសាទ​ក៏​ពូត​បាយ ១ ពំនូត​ប្រគេន​ទៅ ។ លុះ​នេសាទ​ស្លាប់​ទៅ​ ត្រូវ​ពួក​យមបាល​ចាប់​ខ្លួន​ទៅ​សួរ​ពី​រឿង​ធ្វើ​បុណ្យ​បាប​កាល​នៅ​ជា​មនុស្ស, នេសាទ​តប​ថា​មិន​បាន​ធ្វើ​បុណ្យ​សោះ ធ្វើ​តែ​បាប យមបាល​ក៏​ចាប់​នេសាទ​បោះ​ទៅ​ក្នុង​ភ្លើង​នរក, នេសាទ​ក្រឡេក​ឃើញ​ភ្លើង​សម្បុរ​ដូច​ត្រៃ​ចីវរ ក៏​នឹក​ដល់​ទាន​របស់​ខ្លួន​ទើប​ឆ្លើយ​ប្រាប់​ថា កាល​ខ្លួន​នៅ​ជា​មនុស្ស​បាន​ធ្វើ​ទាន​បាយ ១ ពំនូត​ដល់​ភិក្ខុ ១ រូប​ដែរ ។ យមបាល​ប្រាប់​ថា បើ​ដូច្នោះ​ អ្នក​ឯង​ត្រូវ​បាន​ឡើង​ទៅ​កើត​ឯ​ឋាន​សួគ៌ ៧ ថ្ងៃ, ដល់​ថ្ងៃ​ទី ៨ យើង​នឹង​យក​អ្នក​ឯង​មក​ទម្លាក់​នរក​វិញ ។ នេសាទ​ក៏​បាន​ទៅ​កើត​ឯ​ឋាន​សួគ៌ ឈ្មោះ អន្នំ​លោក​កង្សិនី​ទេវបុត្រ មាន​វិមាន មាន​បរិវារ មាន​នាង​ សុវណ្ណ​ឱរ៉ៃ​ ជា​ទេពី ។ អន្នំ​លោក​កង្សិនី​ទេវបុត្រ​សោយ​សុខ​បាន ៦ ថ្ងៃ នឹក​ដល់​ពាក្យ​យមបាល​ក៏​ទោមនស្ស ចូល​ទៅ​ដេក​យំ, នាង​ សុវណ្ណ​ឱរ៉ៃ​ សាក​សួរ​ដំណើរ​ដើម​ទង ​ក៏​ប្រាប់​តាម​ដំណើរ ។ នាង​ថា បើ​ដូច្នេះ​ យើង​ត្រូវ​សាង​វាលុកចេតិយ ហើយ​ធ្វើ​បុណ្យ​ឆ្លង​ ទើប​រួច​ចាក​កម្មពៀ​នោះ ។ អន្នំ​លោក​កង្សិនី​ទេវបុត្រ​ក៏​ចាត់​ការ​កសាង​វាលុក​ចេតិយ​ស្រេច​ក្នុង​ថ្ងៃ​ទី ៧ ។

ដល់​ថ្ងៃ​ទី ៨ ពួក​យមបាល​ទៅ​រក, នាង​ សុវណ្ណ​ឱរ៉ៃ​ ប្រាប់​ថា ស្វាមី​យើង​បាន​កសាង​វាលុកចេតិយ​ បាន​ធ្វើ​បុណ្យ​ឆ្លង បាន​រួច​ស្រឡះ​ចាក​កម្ម​ពៀរ​ហើយ បើ​អ្នក​នៅ​តែ​ត្រូវ​ការ​យក​ខ្លួន​ទៅ​ធ្វើ​ទោស​ទៀត ​ចូរ​អ្នក​រាប់​គ្រាប់​ខ្សាច់ ១ ពែង​នេះ​សិន​បើ​រាប់​អស់​ទើប​យក​ទៅ​បាន ។ ពួក​យមបាល​ក៏​រាប់​តាំង​ពី​ព្រឹក​ដល់​ថ្ងៃ​ត្រង់ គ្រាប់​ខ្សាច់​ដែល​រាប់​ហើយ​ដាក់​ក្រៅ​ពែង​កំពស់​ចុង​ត្នោត ក្នុង​ពែង​នៅ​តែ​ពេញ​ដដែល ពួក​យមបាល​ចាញ់​ចំណេះ​ក៏​ត្រឡប់​ទៅ​យមលោក​វិញ ។ អន្នំ​លោក​កង្សិនី​ទេវបុត្រ​បាន​នៅ​ក្នុង​ឋាន​សួគ៌​ដរាប​មក ដោយ​អំណាច​អានិសង្ស​កសាង​វាលុកចេតិយ​នោះ​ឯង ។

និទាន​ទី ៣ ដំណាល​ថា មាន​ក្មេង​ម្នាក់​ចេះ​តែ​ទៅ​ពូន​ភ្នំ​ខ្សាច់​លេង​នៅ​ផ្នូក​ខ្សាច់​ក្បែរ​ផ្ទះ​ដោយ​តាំង​ចិត្ត​ជា​បុណ្យ​តាម​និស្ស័យ​ក្មេង ពូន​ហើយ​ដេក​ននៀល​ដី​ខ្សាច់​ក្បែរ​ភ្នំ​នោះ​រាល់​ថ្ងៃ ទាល់​តែ​អ្នក​ស្រុក​គេ​ហៅ​ក្មេង​នោះ​ថា «ចៅ​កំជិល​ខ្សាច់ » ។

ថ្ងៃ​មួយ ព្រះ​ឥន្ទ​បើក​ទិព្វ​ចក្ខុ​មក​ឃើញ​ចៅ​កំជិល​ខ្សាច់​ពូន​ភ្នំ​ខ្សាច់​ ក៏​ចាត់​ឲ្យ​នាង​ទេពធីតា ១ រូប​មក​ធ្វើ​ជា​ភរិយា, តាំង​ពី​បាន​ភរិយា​ហើយ ​ចៅ​កំជិល​ខ្សាច់​បាន​ប្រពន្ធ​ល្អ​ណាស់ ។ ទទួល​វេលា​នោះ​ព្រះ​រាជា​ម្ចាស់​ផែនដី ទ្រង់​ព្រះ​ទិវង្គត គ្មាន​ព្រះ​រាជ​បុត្រ​ត​រាជ​សម្បត្តិ ពួក​សេនាបតី​គិត​ឃើញ​ថា ចៅ​កំជិល​ខ្សាច់​គួរ​ធ្វើ​ព្រះ​រាជា ក៏​ចាត់ការ​ផ្សង​បុស្ប​រថ (រថ​ផ្កា) រក​អ្នក​មាន​បុណ្យ បុស្បរថ​រត់​ទៅ​ត្រូវ​លើ​ចៅ​កំជិល​ខ្សាច់ ទើប​គេ​នាំ​គ្នា​អញ្ជើញ​ទៅ​សោយ​រាជ្យ អភិសេក​នាង​ទេព​ធីតា​ជា​អគ្គមហេសី ។

សូត្រ ​និង​ និទាន​ខាង​លើ​នេះ សុទ្ធ​តែ​ជា​សាស្រ្ដា​ស្លឹករិត​ ជា​គម្ពីរ​តែង​ឡើង​ខាង​ក្រោយ, មហា​សំការ​សូត្រ​ភាសា​បាលី និទាន​ទាំង ៣ សម្រាយ​ភាសា​ខ្មែរ អ្នក​ផង​តែង​ហៅ​និទាន​ទាំង​នោះ​ថា «សាស្រ្ដា​អានិសង្ស​ខ្សាច់ », សាស្រ្ដា​ទាំង​នោះ​បើ​មិន​មួយ​ក៏​មួយ ​ធម្ម​កថិក​ច្រើន​យក​មក​ទេសនា​នៅ​ពេល​ធ្វើ​បុណ្យ​កសាង​វាលុកចេតិយ ព្រោះ​ហេតុ​នេះ​ទើប​ខ្មែរ​យើង​​​មាន​​សទ្ធា​ជ្រះ​ថ្លា​នាំ​គ្នា​ធ្វើ​បុណ្យ​នេះ​ជាប់​ជា​ប្រពៃណី​រៀង​មក​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ។

បណ្ដា​សូត្រ​ និង​ និទាន ដែល​មាន​និយាយ​ពី​ការ​កសាង​វាលុកចេតិយ​ទាំង​ប៉ុន្មាន ដូច​បាន​ស្រង់​មក​ថ្លែង​ដោយ​សង្ខេប​ខាង​លើ​នេះ មហា​សំការ​សូត្រ និទាន​បារិក​ពោធិសត្វ និង​ និទាន​ចៅ​កំជិល​ខ្សាច់​គ្រាន់​តែ​សំដែង​ថា ពូន​ភ្នំ​ខ្សាច់​ផ្ដាច់​កម្មពៀរ, ព្រោះ​ហេតុ​នេះ​បាន​ជា​ជន​សាមញ្ញ​និយម​ជឿ​តាម​និទាន​នេសាទ​ថា ពូន​ភ្នំ​ខ្សាច់​ផ្ដាច់​បាប, តែ​សម្រាប់​ជន​ជា​បណ្ឌិត​ ដែល​យល់​ការណ៍​ពិត​តាម​គោល​ពុទ្ធ​វចនៈ មិន​និយម​ដូច្នោះ​ទេ​បើ​ពូន​ភ្នំ​ខ្សាច់​ក៏​ពូន​ឧទ្ទិស​ថ្វាយ​ជា​តំណាង​ព្រះ​ចូឡាមណី​ចេតិយ​ត្រង់ ៗ យក​ផលា​និសង្ស​ ដើម្បី​បាន​សេចក្ដី​សុខ សេចក្ដី​ចម្រើន​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ ។

បរិយាយ​ពី​ទំនៀម​សាង​វាលុកចេតិយ ( ពូន​ភ្នំ​ខ្សាច់ ) ចប់​ដោយ​សង្ខេប​ត្រឹម​ប៉ុណ្ណេះ ។ សកម្មភាព​នៃ​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខ្មែរ