វិគីភីឌា:ការណែនាំអំពីការប្រើប្រាស់ទំព័រពិភាក្សា
ប្រវត្តិសង្ខេប លោក អៀវ កើស (១៩០៥ – ១៩៥០) លោក អៀវ កើស កើតនៅឆ្នាំ ១៩០៥ នៅឃុំសង្កែ ខែត្របាត់ដំបង ជាកូនតែមួយ របស់លោក អៀង ហេង និង អ្នកស្រី ទឹក ។ លោកបានរៀននៅវត្តកណ្ដាល និង សាលាបឋមសិក្សាខែត្របាត់ដំបង នៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ និង សាលាពាណិជ្ជកម្មក្រុងហាណូយ រហូតដល់បានប្រឡងជាប់លេខ ១ ក្នុងឆ្នាំ ១៩២៧ ។ មុននឹងលោកបានផ្ដើមប្រកបអាជីវកម្មជាសហគ្រិនស្ថាបនានៅស្រុកមេមត់ទៅទល់នឹងឆ្នាំ ១៩៣២។ នៅតុលាការខែត្រកំពង់ចាម ក្នុងឆ្នាំ ១៩២៨ លោកបានប្ដឹងឈ្នះក្ដីលើចាងហ្វាងចម្ការកៅស៊ូ ចាឡាង សញ្ជាតិបារាំង ដែលមានបានប្រើអំណាចប្រមាថរូបលោក។ នៅឆ្នាំ ១៩២៩ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកគ្រូ គិម ស៊ិរី ហៅ ពេញ។ លោកមានកូនប្រុសពីរនាក់។ ទោះបីលោកកំពុងប្រកបអាជីវកម្ម ព្រមទាំងមានគ្រួសារហើយក្ដី លោកបានខំឆ្លៀតរៀន ទាល់តែប្រឡងជាប់ក្នុងការប្រជែងយកអាហារូបករណ៍ នៅឆ្នាំ ១៩៣២ ដើម្បីទៅបន្តវិជ្ជានៅវិទ្យាស្ថានគីមី នាប្រទេសបារាំង។ ប៉ុន្តែរដ្ឋាភិបាលបារាំងនៅឥណ្ឌូចិន មិនបានឲ្យលោកចេញទៅរៀនទេ។ ពីឆ្នាំ ១៩៣២ ទៅ ១៩៤១ លោកបានធ្វើជាសហគ្រិនសាធារណការនៅបាត់ដំបង។ ក្នុងពេលនោះ លោកបានចូលជាសមាជិកសភាតំណាងរាស្ត្រខ្មែរ រួចជាសមាជិករងនៅគណៈកម្មការចម្រុះ នៃក្រុមមហាប្រឹក្សាសម្រាប់ការពារផលប្រយោជន៍ខាងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៅប្រទេសឥណ្ឌូចិន និង បានធ្វើជាសមាជិកនៃគណៈកម្មការចម្រុះនៅអមរដ្ឋាភិបាលខ្មែរ។ នៅឆ្នាំ ១៩៤១-១៩៤៥ លោកបានប្រកបមុខរបរលក់ថ្នាំពេទ្យ និង បានធ្វើឧស្សាហកម្មសាប៊ូនៅខែត្របាត់ដំបង។ ក្នុងឆ្នាំ ១៩៤៥ លោកបានមកភ្នំពេញ កាន់តំណែងឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។ ឆ្នាំក្រោយមក លោកបានចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យ និង បានធ្វើជាប្រធានរដ្ឋសភាព្រាងរដ្ឋធម្មនុញ្ញ។ នៅឆ្នាំ ១៩៤៧ លោកបានធ្វើប្រធានរដ្ឋសភាម្ដងទៀតរហូតដល់ឆ្នាំ ១៩៤៩។ លោកបានចូលជាសមាជិកសមាគមសិស្សចាស់ និង មិត្តអនុវិទ្យាល័យ និង វិទ្យាល័យស៊ីសុវត្ថិ សមាគមគិលានសង្គ្រោះចំពោះព្រះសង្ឃ និង គណៈកម្មការវប្បធម៌ ព្រមទាំងបានធ្វើជាទីប្រឹក្សាសមាគមមិត្តសាលាបាលីផងដែរ ។ លោកបានរៀបចំក្បួនជវលេខ និង អង្គុលីលេខខ្មែរ ជាមួយនឹងគណៈកម្មការវប្បធម៌ លោកបានកែសម្រួលអក្សរខ្មែរសម្រាប់អង្គុលីលេខ។ លោកជាអ្នកស្រាវជ្រាវភាសាខ្មែរ ជាកវី ជាអ្នកនិពន្ធសារព័ត៌មានខ្មែរ-បារាំង និង ជាអ្នករៀបរៀងសៀវភៅ«ភាសាខ្មែរ»នេះ។ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់សព្វព្រះទ័យ បានព្រះរាជទាន គ្រឿងឥស្សរិយយសមេដាយមាសព្រះករុណាទ្រង់រាជ្យ និង មេដាយវរសេនាអាណាចក្រកម្ពុជា។ នៅចុងឆ្នាំ ១៩៤៧ លោកបានដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទៅប្រទេសបារាំង។ លុះបានឆ្លៀតព្យាបាលរោគរួច ត្រឡប់មកប្រទេសយើងវិញមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែគ្រាប់បែកដៃមួយបានផ្ទុះឡើងប្រហារជីវិតលោក ក្រោយពេលដែលលោកទើបនឹងបានបិទសម័យប្រជុំគណៈកម្មការនាយក នៃគណបក្សប្រជាធិបតេយ្យ នៅថ្ងៃ ១៤ មករា ១៩៥០ វេលាម៉ោង ៦ ល្ងាច។ ពាក្យបណ្ដាំមុនផុតដង្ហើមរបស់លោក ជាពាក្យជ្រាបដោយធម៌អហិង្សា។ សពលោកបានបូជានៅវត្តបទុមវតីរាជរាម។ ធាតុលោកបានបញ្ចុះនៅវត្តកែវព្រះភ្លើង ក្រុងភ្នំពេញ។
រៀបរៀងដោយញាតិមិត្តនៃសពលោក អៀវ កើស ដកស្រង់៖ សៀវភៅ «ភាសាខ្មែរ» និពន្ឋដោយ លោក អៀវ កើស កូនខ្មែរកម្ពុជាក្រោមជាអ្នកដាក់ប្រវត្តិលោក អៀវ កៀស