វិទ្យាល័យហ៊ុនសែនខ្ចៅ
ប្រវត្តិសង្ខេបរបស់វិទ្យាល័យហ៊ុនសែនខ្ចៅ
វិទ្យាល័យ ហ៊ុន សែន ខ្ចៅ កាលដើមឡើយជាសាលាឧបសម្ព័ន្ធសាលាកម្រិតសិក្សាទី២ ពាមជីកង ។
សាលានេះមានកំណើតចាប់ពីតាំងពីឆ្នាំ ១៩៨០-១៩៨១ កាលនោះពុំទាន់មានអគារសិក្សានៅឡើយទេ គឺដាក់ជាបណ្ដោះអាសន្ននៅសាលាកម្រិតសិក្សាទី១ ថ្លុកជ្រៅ ដោយមានសិស្សចំនួនសរុប ៣០ នាក់ ក្នុងនោះស្រី ០៩ នាក់ ។ បុគ្គលិកសិក្សាចំនួន ៣ នាក់ ស្រី ០ នាក់ ។
នៅឆ្នាំសិក្សា ១៩៨០-១៩៨១ ក្នុងស្រុកកងមាសមានសាលាកម្រិតសិក្សាទី២ ចំនួន៣ កន្លែងសាលាកម្រិតសិក្សាទី២ ស្ដៅសាលាកម្រិតសិក្សាខ្ចៅ និងសាលាកម្រិតសិក្សាពាមជីកង ។ លុះដល់ឆ្នាំសិក្សា ១៩៨១-១៩៨២ សាលាត្រូវបានដកខ្លួនមកបោះទីតាំងនៅកន្លែងសព្វថ្ងៃ ដែលមានទំហំត្រឹមតែ ១០១៥ ម៉ែត្រការ៉េក្រោយមកដោយមានការទំនាក់ទំនងរវាងរដ្ឋអំណាចក្នុងឃុំខ្ចៅ ឃុំសូរគង ឃុំរាយប៉ាយ ឃុំរកាអារ យើងមានទីធ្លាទូលាយប្រមាណ ២៤៣.៣៦ ម៉ែត្រការ៉េ ។ ទីតាំងសាលាគឺ ស្ថិតនៅដីស្រែក្រហេងក្រហូង ដីទំនាបដក់ទឹកគ្មានដើមឈើ។ លុះដល់ឆ្នាំសិក្សា ១៩៨៦- ១៩៨៧ សាលាត្រូវបានប្ដូរឈ្មោះទៅជាសាលាមធ្យមសិក្សាកម្រិត១ ខ្ចៅ (ថ្នាក់ទី៦.៧.៨) សិស្សសរុបចំនួន ១០២១ នាក់ ក្នុងនោះស្រីចំនួន ៤០២ នាក់ ចែកចេញជា ២៣ ថ្នាក់។ មានបុគ្គលិកសិក្សាសរុប ២៩ នាក់ ស្រី ៤ នាក់ បុគ្គលិកការិយាល័យ ៨ នាក់ ស្រី ០ នាក់ បុគ្គលិកបង្រៀន ២១ នាក់ ស្រី ៤ នាក់ ។ នៅឆ្នាំសិក្សា ១៩៩៦-១៩៩៧ សាលាបានប្រែឈ្មោះពីសាលាមធ្យមសិក្សាកម្រិត១ ខ្ចៅ ទៅជាអនុវិទ្យាល័យ ហ៊ុន សែន ខ្ចៅ (មធ្យមសិក្សាបឋមភូមិ មានថ្នាក់ទី ៧.៨.៩) សិស្សសរុបមាន ៨៣៤ នាក់ ស្រី ៣១០ នាក់ ចែកចេញជា ១៨ បន្ទប់ បុគ្គលិកសិក្សាមាន ៧៨ នាក់ ស្រី ២១ នាក់ ក្នុងនោះបុគ្គលិកការិយាល័យ ៨ នាក់ ស្រី ០ នាក់ បុគ្គលិកបង្រៀន ៧០ នាក់ ស្រី ២១ នាក់ ។ លុះដល់ឆ្នាំសិក្សា ២០០៨-២០០៩ អនុវិទ្យាល័យ ហ៊ុន សែន ខ្ចៅ បានក្លាយជាវិទ្យាល័យ ហ៊ុន សែន ខ្ចៅ តាមប្រកាសលេខ ២៨៨ អយកប្រក ស្ដីពីការពង្រីកអនុវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ទៅជា វិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្ថិតនៅក្នុងភូមិ ថ្លុក ជ្រៅ ឃុំ ខ្ចៅ ស្រុក កងមាស ខេត្ត កំពង់ចាម ចុះថ្ងៃទី ១១ ខែ កុម្ភៈ: ឆ្នាំ ២០០៩ ។ នៅក្នុងឆ្នាំ ២០១៧-២០១៨ នេះ វិទ្យាល័យថ្មីដែលកើតនៅលើទឹកដីចាស់នេះមានសិស្សសរុបចំនួន ១២៣១ នាក់ស្រី ៦៧៧ នាក់ ចែកជា ២៨ បន្ទប់ ក្នុងមធ្យមសិក្សាបឋមភូមិមានថ្នាក់ទី៧.៨.៩ មាន ១២ ថ្នាក់ចំនួនសិស្សសរុប ៥៧៦នាក់ ស្រី ៣២០ នាក់ ផ្នែកមធ្យមសិក្សាមានថ្នាក់ទី ១០.១១.១២ មាន ១៦ ថ្នាក់ ចំនួនសិស្សសរុប ៦៥៥ នាក់ ស្រី ៣៥៧ នាក់ បុគ្គលិកចំនួន ៥៤ នាក់ ស្រី ២៦ នាក់ ក្នុងនោះគ្រូកម្រិតឧត្តមចំនួន ១៤ នាក់ ស្រី៥ នាក់ គ្រូបឋមចំនួន ៦នាក់ ស្រី នាក់ ។ បុគ្គលិកទីចាត់ការចំនួន ១០ នាក់ ស្រី ៤ នាក់ ។ អគារសិក្សាពេលបង្កើតនៅវិទ្យាល័យដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវអគារកាត់ដេរ ១ខ្នង ស្មើ ៥ បន្ទប់ អគារ ២ ជាន់ ស្មើ១២ បន្ទប់ អគារទីចាត់ការ ១ ខ្នងស្មើ ៣ បន្ទប់ ។
សព្វថ្ងៃនេះ (២០១៧-២០១៨) វិទ្យាល័យមានអគារសិក្សាទាំងអស់ ៨ អគារ ៖ -អគារ ១ ខ្នង ៦ បន្ទប់ ឥដ្ឋប្រក់ក្បឿង អំណោយ ស.ហ.ស ឆ្នាំ ១៩៩៦ -អគារ ២ ខ្នង ៨ បន្ទប់ ឥដ្ឋប្រក់ក្បឿង អំណោយមូលនិធិសង្គម ឆ្នាំ ១៩៩៧ -អគារ ១ ខ្នង ២ បន្ទប់ ឥដ្ឋប្រក់ក្បឿង អំណោយសប្បុរសជន -អគារ ១ ខ្នង ៥ បន្ទប់ ឥដ្ឋប្រក់ស័ង្កសី អំណោយ ស.ហ.ស ឆ្នាំ ២០០៣ -អគារ ១ ខ្នង ៥ បន្ទប់ ឥដ្ឋប្រក់ក្បឿង អំណោយ ស.ហ.ស ឆ្នាំ ២០០៨ -អគារទីចាត់ការ ១ ខ្នង ៥ បន្ទប់ ឥដ្ឋប្រក់ក្បឿង អំណោយ ស.ហ.ស ឆ្នាំ ២០០៨ -អគារ ២ ជាន់ ១២ បន្ទប់ ឥដ្ឋប្រក់ក្បឿង អំណោយ ស.ហ.ស ឆ្នាំ ២០០៨ ចំនួនថ្នាក់រៀន ២៨ ថ្នាក់ ចំនួនបន្ទប់រៀន ៣០ បន្ទប់ ។
ឯកសារយោង http://hunsenkchao.blogspot.com/2018/03/blog-post.html?m=1