វិទ្យាល័យ​​បុរី​​១០០ខ្នង

វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង ចាប់ផ្តើមឆ្នាំសិក្សាដំបូង​នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨២ មាន​ឈ្មោះថា​សាលា​មធ្យមសិក្សាកម្រិតទី១បូរី១០០ខ្នង ស្ថិត​នៅភូមិទឹកថ្លា ឃុំទឹកថ្លា ស្រុកឬស្សីកែវ មានទំហំ ៦៦៧០ម៉ែត្រការ៉េ មាន​ប្រជាជន​រស់នៅ​​ឡូកឡំ​ចំនួន​៥គ្រួសារ មាន​អគារថ្ម១ខ្នង​ ប្រក់ស័ង្កសី៣បន្ទប់ មិនសមស្របតាមនិយាម​គរុកោសល្យ ជាអតីតឃ្លាំងដាក់ចំណីសត្វ និងជាទ្រុងជ្រូក​ពីសង្គមចាស់។ ឆ្នាំសិក្សា១៩៨២-៨៣ សាលានេះ​មានគ្រូសរុបចំនួន​៨នាក់  សិស្ស២២៤នាក់ ចែកជា៤ថ្នាក់ គឺថ្នាក់​ទី៥ ទាំងអស់(សិស្សប្រឡងជាប់​៥៥.៦៦%)  ដែលកាលនោះ​សាលានេះ​ដឹកនាំដោយ​លោកនាយក ជួង សាល់ (ជំនាន់ទី១)។

មកដល់ឆ្នាំ១៩៩២  ដឹកនាំដោយលោក អ៊ុំ មុនី (ជំនាន់ទី២) គ្រូបង្រៀនមានចំនួន២១នាក់ ស្រី១៣នាក់ សិស្ស​៤៥៥នាក់ ស្រី១៨៧នាក់ ចែកជា៩ថ្នាក់ ក្នុងនោះថ្នាក់ទី៦​មាន​២ថ្នាក់ ទី៧មាន៣ថ្នាក់ និងទី៨ មាន៤ថ្នាក់(សិស្សប្រឡងជាប់​៦៣.៣៣%)​។ ដំណើរការ​គ្រប់គ្រង ការរៀន និងបង្រៀន​១០ឆ្នាំ​ កន្លងមកនេះ​មាន​ការ​បង់​វិភាគទាន​ពី​មាតាបិតាសិស្ស បុណ្យផ្កាសាមគ្គី ថវិកា​​ពីសហគមន៍ វត្តអារាម និង សប្បុរសជនផងដែរ។

.ឆ្នាំ១៩៩៨  សាលានេះត្រូវ​បានប្តូរឈ្មោះជា អនុវិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង មាន អគារ​សិក្សា២ខ្នង ១៤បន្ទប់ ស្មើនឹង២៤ថ្នាក់ សាងសង់ថ្មីទាំងស្រុង ដោយក្រុមហ៊ុន(EVG) បន្ទាប់​ពី​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុងសាលា​ចំនួន៥គ្រួសារ​រួចរាល់​នាឆ្នាំ១៩៩៧ ហើយ​មូលនិធិសង្គមបានកសាងអគារសិក្សាថ្ម​១ខ្នង​១០​បន្ទប់បន្ថែមទៀតនៅឆ្នាំ២០០៣ ក្រោមការដឹកនាំ​របស់​លោក​នាយក សែម សាវុធ​​ (ជំនាន់ទី៣)។ សិស្ស​សរុបមានចំនួន១១១៨នាក់ ស្រី៥០២នាក់ ចែកជា២៤ថ្នាក់ (សិស្សប្រឡងជាប់​៦២.៣៤%)។

នៅឆ្នាំ២០១០​សាលានេះ​ត្រូវបានដំឡើងជា វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង (​ប្រកាសលេខ​២៣២៦ អយក.ប្រក.​ចុះ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០) ​ដឹកនាំ​ដោយលោកនាយក ភោគ ផលបុណ ​(ជំនាន់ទី៤) ជំនួសលោកសែម សាវុធ ដែលចូលនិវត្តន៍ គឺគ្រូបង្រៀនមានចំនួន៧៤នាក់ ស្រី២៣នាក់  សិស្ស​១១៤០នាក់ ស្រី៥៥៩នាក់ ចែកជា២៧ថ្នាក់ ក្នុងនោះថ្នាក់ទី៧​មាន​៧ថ្នាក់ ទី៨មាន៧ថ្នាក់ និងទី៩មាន៤ថ្នាក់ ។

សម្រាប់​ឆ្នាំ​សិក្សា ២០១៦-២០១៧ វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង មាន​ទីតាំង ស្ថិត​នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​ភូមិ​ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ លើផ្ទៃដី​៣៧៦៥ម៉ែត្រការ៉េ មានភូមិចំនួន១០ចំណុះឲ្យសាលា មានអគារសិក្សា២ខ្នង មាន២០បន្ទប់​។ បុគ្គលិកសរុបមានចំនួន ១៣៩នាក់ ស្រី​៥៥នាក់ សិស្សសរុប ២០៨៣នាក់ ស្រី​១០២២នាក់ ដែលដឹកនាំ​ដោយ​លោក​នាយក ភោគ ផលបុណ។ នៅ​ឆ្នាំ​២០១៧​សិស្ស​ប្រឡងជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ៩៥.២០% និងមធ្យមសិក្សា​ទុតិយភូមិ ៦៦.៦៦%។

ស្ថានភាពបច្ចុប្បន្ន ២០១៧ - ២០១៨

វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នង មាន​ទីតាំង ស្ថិត​នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​ភូមិ​ទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ  មានអគារសិក្សា៣ខ្នង អគារA មាន១០បន្ទប់(សម្រាប់​ទីចាត់ការនិងរដ្ឋបាល) អគារB មានកម្ពស់៥ជាន់ ២០បន្ទប់(ជំនួយឥតសំណងពីជប៉ុន​ទើបសង់រួច) និងអគារC មាន១០បន្ទប់​។ បុគ្គលិកសរុបមានចំនួន ១៣៩នាក់ ស្រី​៥៧នាក់​។​ សិស្សសរុប ២១៦៦នាក់ ស្រី​១០៨០នាក់ ចែកជា៤៦ថ្នាក់ ក្នុងនោះថ្នាក់ទី៧​មាន​៨ថ្នាក់ សិស្សសរុប៣៨៦នាក់ ស្រី១៩០នាក់​ ទី៨មាន៦ថ្នាក់ សិស្សសរុប២៩០នាក់ ស្រី១២៩នាក់ និងទី៩មាន៦ថ្នាក់ សិស្សសរុប២៧៦នាក់ ស្រី១៣៤នាក់ ថ្នាក់ទី១០​មាន​១០ថ្នាក់ សិស្សសរុប​៤៦០នាក់ ស្រី២១៩នាក់ ទី១១មាន៨ថ្នាក់ សិស្សសរុប៣៣៤នាក់ ស្រី១៨៦នាក់ និងទី១២មាន៨ថ្នាក់ សិស្សសរុប៤១០នាក់ ស្រី២២២នាក់។