វិធីវិទ្យាសាស្ត្រ
វិធីវិទ្យាសាស្ត្រ សម្ដៅយកវិធីសាស្ត្រសិក្សា ឬ ស្វែងយល់អំពីបាតុភូតិ ឬ កម្មវត្ថុសិក្សាណាមួយដោយផ្អែកលើការសង្កេត ពិសោធន៍ វាស់វែង កត់ត្រា ប្រមូលនិងវិភាគទិន្នន័យ និង វាយតម្លៃ ឬ សន្និដ្ឋានតាមសមហេតុសមផល។ វិធីវិទ្យាសាស្ត្រ មានដំណើរការជាប្រព័ន្ធ មានដំណាក់កាលច្បាស់លាស់។ មុខវិជ្ជាជាច្រើនដែលភ្ជាប់នឹងពាក្យវិទ្យាសាស្ត្រ កាលណាគេសិក្សាមុខវិជ្ជានោះតាមបែបវិទ្យាសាស្ត្រ ទោះមុខវិជ្ជាទាំងនោះសិក្សាពីសង្គមក្ដី។ ឧទាហរណ៍ វិទ្យាសាស្ត្រនយោបាយ វិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាសាស្ត្រសុខាភិបាល ជាដើម។ ក្នុងវិធីវិទ្យាសាស្ត្រ គេតែងជួបប្រទះបញ្ញត្តិមួយចំនួនដូចជា ច្បាប់ គោលការណ៍ ទ្រឹស្ដី ស្វ័យសត្យ សម្មតិកម្ម ជាដើម។
ដំណាក់កាលទូទៅនៃវិធីវិទ្យាសាស្ត្រ
កែប្រែ- កំណត់បញ្ហា-បង្កើតសំនួរ(Defining Problem)
- បង្កើតសម្មតិកម្ម(Formulation Hypothesis)
- ពិសោធន៍(Testing Hypothesis)
- វាយតម្លៃសម្មតិកម្ម
ឧទាហរណ៍៖
សំនួរ៖ តើលោហៈរីកឬរួមពេលត្រូវកម្ដៅ?
សម្មតិកម្ម៖ លោហៈរួមនៅពេលត្រូវកម្ដៅ។
ពិសោធន៍៖ យកលោហៈច្រើនប្រភេទទៅដុតកម្ដៅ។ គេសង្កេតឃើញលោហៈរីក។
វាយតម្លៃ៖ សម្មតិកម្មខុស។
ខាងលើនេះ គ្រាន់តែជាឧទាហរណ៍ដើម្បីស្វែងយល់ពីដំណាក់កាល ជាទូទៅប៉ុណ្ណោះ។ វិធីវិទ្យាសាស្ត្រ មានដំណាក់កាលលម្អិតជាច្រើនទៀត។ គួរកត់សម្គាល់ដែរថា ការវាយតម្លៃសម្មតិកម្ម មិនដូចជាការសន្និដ្ឋានឡើយ។ ដូចជា ឧទាហរណ៍ខាងលើលោះត្រាតែលទ្ធផលពិសោធន៍ គាំទ្រសម្មតិកម្មផ្ទុយ (លោហៈរីក កាលណាគេដុតកម្ដៅវា។) ទើបគេអាចសន្និដ្ឋានផ្ទុយបាន។ ប្រសិនបើលទ្ធផលពិសោធន៍ គ្រាន់តែទាត់ចោលសម្មតិកម្ម ហើយមិនគាំទ្រអ្វីផ្សេង គេគ្រាន់តែវាយតម្លៃថាសម្មតិកម្មមិនត្រឹមត្រូវ តែមិនអាចសន្និដ្ឋានអ្វីបានទាំងអស់។ គួរកត់សម្គាល់ដែរថា ការសន្និដ្ឋានដាច់ខាត ១០០% កម្រមានណាស់។ ឧទាហរណ៍ជាក់ស្ដែងគឺ ច្បាប់ទីពីររបស់ញូវតុន ត្រឹមត្រូវចំពោះល្បឿនធម្មតា ក៏ប៉ុន្តែ កាលណាល្បឿនរបស់វត្ថុ ខិតជិតល្បឿនពន្លឺ ច្បាប់ទីពីររបស់ញូវតុន ចាំបាច់ត្រូវកែប្រែ។
ពាក្យដែលគេតែងជួបប្រទះ
កែប្រែ- និយមន័យ៖ និយមន័យ គឺជាការកំណត់ឈ្មោះហៅបញ្ញត្តិមួយ ដោយការដាក់សំណុំលក្ខណៈដែលបញ្ញត្តិនោះត្រូវបំពេញ។ ឧទាហរណ៍ អង្គធាតុ គឺជាអ្វីទាំងឡាយដែលមានម៉ាសនិងមានមាឌ។ សមាសធាតុ ជាអង្គធាតុដែលកើតឡើងពីធាតុគីមីពីរឬច្រើនប្រភេទ។
- ច្បាប់៖ ក្នុងវិទ្យាសាស្ត្រគេហៅវិនិច្ឆ័យ(វិនិច្ឆ័យប្រាប់ទំនាក់ទំនងនៃបញ្ញត្តិពីរ ឬ ច្រើន)មួយថាជាច្បាប់កាលណាខ្លឹមសាររបស់វិនិច្ឆ័យនោះ បានមកពីការសង្កេតឃើញយ៉ាងទៀតទាត់ក្នុងធម្មជាតិ ហើយ គេបានផ្ទៀងផ្ទាត់ថាត្រូវជាច្រើនលើកច្រើនសារ។ ឧទាហរណ៍៖
ច្បាប់ទីពីរញូវតុន ប្រាប់ពីទំនាក់ទំនងនៃ ម៉ាស សម្ទុះ និង កម្លាំងនៃ វត្ថុក្នុងខណៈពេលណាមួយ។
ច្បាប់រក្សាម៉ាស់ ប្រាប់ពីទំនាក់ទំនង នៃម៉ាសអង្គធាតុប្រតិករ មុននិងក្រោយ ប្រតិកម្ម។
- ស្វ័យសត្យ៖ (គេតែងហៅថា ពិតដោយខ្លួនឯង) ស្វ័យសត្យ ជាវិនិច្ឆ័យដែលគេពិតពីធម្មជាតិ ឬ គេសន្មតិឱ្យពិត មិនបាច់បកស្រាយ ឬ ស្រាយបញ្ជាក់ តែពិសេសត្រង់ថា កាលណាគេគោរពតាម ផ្ដល់លទ្ធផលជាក់លាក់ មិនប្រឆាំងនឹងខ្លួនឯង។ មានស្វ័យសត្យខ្លះ គេសន្មតិឱ្យពិតតែ សម្រាប់ការសិកស្សាមួយចំនួនប៉ុណ្ណោះ។ ឧទាហរណ៍ ក្នុងការសិក្សា តក្កវិទ្យា មួយចំនួន គេសន្មតិថា សំណើរផ្ទុយ នឹង សំណើរផ្ទុយ នៃសំណើរមួយ គឺ សំណើរនោះខ្លួនឯង។ (-)(-)=(+) ប៉ុន្តែ ក្នុងប្រព័ន្ធ តក្កវិទ្យាមួយចំនួន ស្វ័យសត្យនេះមិនមាននោះទេ។
- គោលការណ៍៖ គោលការណ៍ អាចជាវិនិច្ឆ័យ ឬ ជាវិធីសាស្ត្រ ដែលគេសន្មតិគ្នាគោរពតាម ដើម្បីពន្យល់បាតុភូតិណាមួយ ហើយអាចយកទៅអនុវត្តនឹងបាតុភូតិប្រហែលគ្នា។ គោលការណ៍មានលក្ខណៈស្រដៀង ច្បាប់ខ្លះ ស្វ័យសត្យខ្លះ តែប្លែកត្រង់ថា គោលការណ៍ជាលក្ខណៈនៃប្រព័ន្ធសិក្សា ជាឧបករណ៍ជំនួយសម្រាប់បង្កើតទ្រឹស្ដី វាយតម្លៃទ្រឹស្ដី ពន្យល់បាតុភូតិ ក្នុងក្របខណ្ឌតូចជាងច្បាប់និងស្វ័យសត្យ ហើយគេអាចជ្រើសរើស គោរពតាមឬមិនគោរពតាម អាស្រ័យនឹងបំណងអ្នកសិក្សា តើចង់បានលទ្ធផលបែបណា។ ឧទាហរណ៍៖ គោលការណ៍របាប់(Counting Principle) គោលការណ៍ទំហៀប (Principle of Relativity)។
- ទ្រឹស្ដី៖ គឺជាការពន្យល់ឬសំណុំនៃការពន្យល់ដែលត្រូវនឹងព្រឹត្តិការណ៍ជាច្រើន ហើយអាចឱ្យគេទាយទុកនូវអ្វីដែលអាចនឹងកើតឡើងបានដោយត្រឹមត្រូវ និងទៀងទាត់ជាញឹកញយ។ ឧទាហរណ៍ ទ្រឹស្ដីទំហៀប(Theory of Relativity)។