ឝិវសោម
ព្រាហ្មណ៍បណ្ឌិតឝិវសោម (រជ្ជកាលព្រះបាទឥន្ទ្រវម៌្មទី១) លោកបណ្ឌិតនេះជាអ្នកចេះចាំស្ទាត់នូវក្បួនច្បាប់ទាំងឡាយខាងផ្នែកអក្សរសាស្ត្រ និងមន្តវិជ្ជាផ្សេងៗ។ លោកបានចងក្រងជារឿងរ៉ាវ និងក្បួនខ្នាតជាច្រើនមាន រឿងមហាភារតយុទ្ធ ក្បួនវេយ្យាករណ៍ជាដើម។ លោកបានទទួលការប្រោសប្រណីពីសំណាក់ព្រះមហាក្សត្រខ្មែរសម័យនោះ និងជារាជគ្រូផ្ទាល់នៃ ព្រះបាទឥន្ទ្រវម៌្មទី១។ ស្នាដៃរបស់លោកបានគង់នៅនឹងសិលាចារឹក ប្រាសាទកណ្ដាលដើមដែលយើងស្រង់បានសេចក្ដីបន្តិចដូចខាងក្រោម៖
«…សូម្បី បើលាក់ខ្លួនពួនអាត្មាក្នុងព្រៃស្ងាត់ក៏ដោយ រាជសត្រូវភ្លឺស្វាងដោយប្រទីបជ័យជំនះរបស់ព្រះអង្គ រត់ចូលមកជ្រកក្រោមព្រះបាទ ហាក់ដូចជាខ្លាចក្រែងព្រះអង្គចាប់បានជាថ្មីទៀត។…»
ពាក្យយ៉ាងខ្លីខាងលើនេះ អ្នកនិពន្ធឝិវសោម សរសើរបារមី ព្រះបាទឥន្ទ្រវម៌្មទី១ ដែលមានឫទ្ធានុភាពនាំឲ្យរាជសត្រូវនៅគ្រប់ទិសទីសុខចិត្តនាំគ្នាមកចុះញ៉មក្រោមព្រះចេស្ដាព្រះអង្គ។[១]
ព្រាហ្មណ៍វាមឝិវ ដែលជាចៅព្រាហ្មណ៍ សិវកៃវល្យ និងជាសិស្សព្រាហ្មណ៍ ឝិវសោម ដែលមានគោរម្យងារថា កម្រតេងឝិវាស្រមចាស្ស (កម្រតេងសិវាស្រមចាស់)។ ស្ដេចអញវាមឝិវ មានគោរម្យងារថា កម្រតេង ឝ្រិវាស្រមន៑ម្យង៑ (កម្រតេងសិវាស្រមក្មេង)។