សង្គីតិសូត្រ

សង្គីតិសូត្រ ទី១០

[៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅកាន់ចារិក ក្នុងដែនមល្លៈ ជាមួយនឹងភិក្ខុសង្ឃជាច្រើន គឺភិក្ខុប្រមាណ ៥០០ រូប ទ្រង់​ស្តេច​ទៅដល់ក្រុងឈ្មោះបាវា របស់មល្លក្សត្រទាំងឡាយ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងអម្ពវ័នរបស់ នាយចុន្ទកម្មារបុត្ត (ជាកូនជាងលោហជាតិ) ទៀបក្រុងបាវានោះ។

[៩៣] សម័យនោះឯង ពួកមល្លក្សត្រនៅក្នុងក្រុងបាវា បានសាងនូវសណ្ឋាគារថ្មីៗ ឈ្មោះ ឧព្ភតកៈ មិនទាន់អស់កាលយូរប៉ុន្មាន សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្ស​ណា​មួយ ក៏មិនទាន់បាននៅអាស្រ័យនៅឡើយ។ ពួកមល្លក្សត្រ អ្នកនៅក្នុងក្រុងបាវា បាន​ឮ​ដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងដែនមល្លៈ ជាមួយ​នឹង​ភិក្ខុ​សង្ឃ​ជាច្រើន គឺភិក្ខុប្រមាណ៥០០រូប ទ្រង់ស្តេចមកដល់ក្រុងបាវា គង់នៅក្នុងអម្ពវ័ន របស់នាយចុន្ទកម្មារបុត្ត ទៀបក្រុងបាវា។ ទើបពួកមល្លក្សត្រ អ្នកនៅក្នុងក្រុងបាវា បាន​ចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានអភិវាទ​ព្រះមាន​ព្រះភាគ​ហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះពួកមល្លក្សត្រ អ្នកក្រុងបាវា អង្គុយក្នុងទីដ៏សម​គួរ​ហើយ បានក្រាបបង្គំព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស ពួក​មល្លក្សត្រ​អ្នក​​ក្រុង​បាវា បានសាងនូវសណ្ឋាគារថ្មី ឈ្មោះ ឧព្ភតកៈ មិនទាន់​អស់កាល​យូរ​ប៉ុន្មាន​ក្នុង​ទី​នេះ សមណៈ ឬព្រាហ្មណ៍ ឬជាតិមនុស្សណាមួយ ក៏មិនទាន់បាននៅអាស្រ័យនៅឡើយ សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់សណ្ឋាគារនោះ ជាមុន​ចុះ លុះព្រះមានព្រះភាគ ប្រើប្រាស់ជាមុនរួចហើយ ពួកមល្លក្សត្រ អ្នកក្រុងបាវា នឹងបាន​ប្រើប្រាស់​ជាខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​​សុខ ដល់ពួកមល្លក្សត្រ អ្នកក្រុងបាវា អស់កាលជាយូរអង្វែង។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះឯង ពួកមល្លក្សត្រ អ្នកក្រុងបាវាដឹងថា ព្រះមាន​ព្រះភាគ ទ្រង់ទទួលហើយ ក៏ក្រោកចាកអាសនៈហើយ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចូលទៅរកសណ្ឋាគារ លុះចូលទៅដល់ហើយ បានក្រាលកម្រាល ក្នុង​សណ្ឋាគារពេញទាំងអស់ ហើយតាក់តែងអាសនៈទាំងឡាយ តម្កល់ក្អមទឹក អុច​ប្រទីប​ប្រេង​រួចហើយ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បាន​អភិវាទ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។ លុះពួកមល្លក្សត្រ អ្នកក្រុង​បាវា ឋិតនៅ​ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស សណ្ឋាគារ យើងខ្ញុំព្រះអង្គ ក្រាលដោយកម្រាលសព្វគ្រប់ បានតាក់តែង​អាសនៈ​ទាំងឡាយ​ហើយ បានតម្កល់ក្អមទឹកទុកហើយ បានអុចប្រទីបប្រេងរួចហើយ សូម​ទ្រង់​ព្រះមេត្តា​ប្រោស សូមព្រះមានព្រះភាគ សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះ។

[៩៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ ចីវរ ហើយ​ចូលទៅ​កាន់​សណ្ឋាគារ ជាមួយនឹងភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់លាងព្រះបាទ​ទាំង​គូ​ហើយ ទ្រង់ចូលទៅកាន់សណ្ឋាគារ គង់ផ្អែកនឹងសសរកណ្តាល បែរព្រះភក្ត្រ​ទៅ​ទិស​ខាង​កើត។ ចំណែកខាងភិក្ខុសង្ឃ ក៏លាងបាទា ហើយចូលទៅកាន់សណ្ឋាគារ អង្គុយ​ប្រប​ជញ្ជាំង​ខាងលិច បែរមុខទៅទិសខាងកើត ឆ្ពោះមុខទៅរកព្រះមានព្រះភាគ ចំណែក​ខាង​ពួក​មល្លក្សត្រ នៅក្នុងក្រុងបាវា ក៏លាងព្រះបាទ ចូលទៅកាន់សណ្ឋាគារ អង្គុយ​ប្រប​ជញ្ជាំង​ខាងកើត បែរមុខទៅទិសខាងលិច ឆ្ពោះមុខទៅរកព្រះមានព្រះភាគដែរ។ លំដាប់​នោះ​ឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកមល្លក្សត្រ អ្នកក្រុងបាវា ឲ្យឃើញច្បាស់ ឲ្យ​កាន់​យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដល់យប់ជ្រៅ ហើយទ្រង់តឿនថា ម្នាល​វាសេដ្ឋគោត្រទាំងឡាយ យប់ជ្រៅណាស់ហើយ ចូរអ្នកទាំងឡាយ សំគាល់កាលគួរ ក្នុងកាលឥឡូវនេះចុះ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ទទួលព្រះបន្ទូល​ព្រះមានព្រះភាគ ដោយ​ពាក្យថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកអាសនៈ អភិវាទព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។

[៩៥] លំដាប់នោះឯង កាលដែលពួកមល្លក្សត្រ អ្នកក្រុងបាវា ចៀសចេញទៅ​ហើយ មិនយូរប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់ទតឃើញភិក្ខុសង្ឃនៅស្ងៀមស្ងាត់ ក៏ត្រាស់​ហៅ​ព្រះសារីបុត្តដ៏មានអាយុមកថា ម្នាលសារីបុត្ត ភិក្ខុសង្ឃប្រាសចាក​សេចក្តីងងុយ​ងោក​ងក់ហើយ ម្នាលសារីបុត្ត ចូរអ្នកពន្យល់ភិក្ខុទាំងឡាយ ដោយធម្មីកថាចុះ តថាគត​រោយ​ខ្នងណាស់ តថាគតនឹងតម្រង់ខ្នង (បន្តិច)។ ព្រះសារីបុត្ត ទទួលព្រះពុទ្ធដីកា នៃ​ព្រះមាន​ព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់​ឲ្យ​ក្រាល​សង្ឃាដី មានជាន់៤ ហើយទ្រង់សម្រេច​សីហសេយ្យា ដោយ​ចំហៀង​ព្រះកាយ​ខាង​ស្តាំ តម្រួតព្រះបាទលើព្រះបាទ មានព្រះសតិសម្បជញ្ញៈ ធ្វើនូវ​ឧដ្ឋានសញ្ញា​ទុក​ក្នុង​ព្រះហឫទ័យ។

[៩៦] សម័យនោះឯង និគ្គណ្ឋនាដបុត្ត ទើបធ្វើមរណកាលថ្មីៗ ក្នុងក្រុងបាវា។ ដោយ​កាលកិរិយា នៃនិគ្គណ្ឋនាដបុត្តនោះ ពួកនិគ្រន្ថ (ជាសិស្ស) ក៏បែកគ្នាទៅជាពីរពួក កើតប្រកួតប្រកាន់ ឈ្លោះប្រកែកទាស់ទែង ពោលពាក្យចាក់ដោតគ្នានឹងគ្នា ដោយលំពែង​គឺ​មាត់ថា អ្នកឯងមិនចេះធម្មវិន័យនេះទេ អ្នកឯងនឹងចេះធម្មវិន័យនេះ ដូចម្តេចបាន អ្នក​ឯង​ប្រតិបត្តិខុសទេ យើងជាអ្នកប្រតិបត្តិត្រូវ ពាក្យយើងមានប្រយោជន៍ ពាក្យអ្នកឯង​ឥត​ប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកឯងនិយាយក្រោយវិញ ពាក្យដែល​គេត្រូវ​និយាយក្រោយ អ្នកឯងនិយាយមុនវិញ ពាក្យដែលអ្នកឯងចេះចាំ​មក​ជា​យូរ​អង្វែង​ហើយ ក៏សុទ្ធតែជាពាក្យខុសទទេ ទោសក្នុងវាទៈ របស់អ្នកឯង យើងបានលើក​ឡើង​ហើយ អ្នកឯង យើងសង្កត់សង្កិនបានហើយ ចូរអ្នកឯងទៅសិក្សា ដើម្បី​ដោះស្រាយ​នូវ​ទោស​ក្នុងវាទៈ ឬបើអ្នកឯងអង់អាច ចូរដោះចេញ (ចាកសេចក្តីខុសចុះ)។ សេចក្តី​ស្លាប់​តែ​មួយ ក៏ហាក់ដូចជាប្រព្រឹត្តតាមពួកនិគ្រណ្ឋ ដែលជាសិស្សរបស់នាដបុត្ត។ ពួក​សាវ័ក​របស់​និគណ្ឋនាដបុត្តណា ដែលជាគ្រហស្ថ ស្លៀកពាក់សំពត់ស ពួកសាវ័កទាំងនោះ ក៏​មាន​សេចក្តីនឿយណាយ ធុញទ្រាន់ ជិនឆ្អន់នឹងពួកនិគ្រណ្ឋ ដែលជាសិស្សរបស់នាដបុត្ត ដូចពួកជន ដែលមានសេចក្តីនឿយណាយ ធុញទ្រាន់ ជិនឆ្អន់នឹងធម្មវិន័យ ដែល​គេ​ពោល​ទុក ដោយអាក្រក់ ដែលគេសំដែងទុក ដោយអាក្រក់ មិនមែននិយ្យានិកធម៌ មិន​មែន​ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនមែនជាធម្មវិន័យ ដែលព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ទុកហើយ ជាធម្មវិន័យមានទីពឹងបែកធ្លាយហើយ ជាធម្មវិន័យមិនមាន​ទី​ពឹង​ឡើយ។ លំដាប់នោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាល​អាវុសោ​ទាំងឡាយ និគ្គណ្ឋនាដបុត្ត ធ្វើមរណកាលហើយថ្មីៗ ក្នុងក្រុងបាវា ដោយ​កាល​កិរិយា នៃនិគ្គណ្ឋនាដបុត្តនោះ ពួកនិគ្រណ្ឋ ក៏បែកគ្នាទៅជាពីរពួក។បេ។ ជាធម្មវិន័យ មាន​ទីពឹងបែកធ្លាយហើយ ជាធម្មវិន័យមិនមានទីពឹងឡើយ ម្នាលអាវុសោទាំងឡាយ ដំណើរនោះ ប្រព្រឹត្តទៅក្នុងធម្មវិន័យ ដែលបុគ្គលពោលទុកអាក្រក់ហើយ ដែល​បុគ្គល​ប្រកាស​ទុកអាក្រក់ហើយ មិនមែនជានិយ្យានិកធម៌ មិនមែនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់ មិនមែនជាធម៌វិន័យ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកយ៉ាងនេះឯង។ ម្នាល​អាវុសោ​ទាំងឡាយ ធម៌នេះឯង ព្រះមានព្រះភាគនៃយើងទាំងឡាយ បានពោល​ទុក​ល្អ​ហើយ បានប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ប្រព្រឹត្តទៅដើម្បីស្ងប់រម្ងាប់ ជាធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកហើយ គួរតែយើងទាំងអស់គ្នា សង្គាយនា [ប្រែថា និយាយ ឬពោលដោយសេចក្តីព្រមព្រៀងគ្នា។] ក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរ តាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះ​ឯង​ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បី​អនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែល​ព្រះមានព្រះភាគ​នៃយើង​ទាំងឡាយ ពោលទុកល្អហើយ ប្រកាសទុកល្អហើយ ជានិយ្យានិកធម៌ ប្រព្រឹត្តទៅ​ដើម្បីសេចក្តីស្ងប់រម្ងាប់ ជាធម៌ដែលព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែងហើយ​នោះ ដូចម្តេចខ្លះ គួរយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរ តាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះ​ឯង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បី​អនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

ពួកធម៌មួយៗកែប្រែ

[៩៧] ម្នាលអាវុសោទាំងឡាយ ធម៌១ ដែលព្រះមានព្រះភាគអង្គនោះ ជា​អរហន្ត​សម្មា​សម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយដោយប្រពៃ គួរតែយើង​ទាំង​អស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយធម៌នេះ ឋិតឋេរ​តាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌១នោះ តើដូចម្តេច។ ពួកសត្វទាំងអស់ឋិតនៅបាន ព្រោះអាស្រ័យអាហារ ពួកសត្វ​ទាំង​អស់ឋិតនៅបាន ព្រោះអាស្រ័យសង្ខារ [សំដៅយកអវិជ្ជា តណ្ហា កម្ម អាហារជា​ដើម]។ ម្នាលអាវុសោទាំងឡាយ នេះឯងជាធម៌១ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយ ដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ មិនគួរទាស់ទែងគ្នាឡើយ ព្រហ្មចរិយ​ធម៌​នេះ ឋិតឋេរតាំងនៅអស់កាលជាយូរអង្វែង ដោយហេតុណា ហេតុនោះប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វ​លោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំង​ឡាយ។

ចប់ ពួកធម៌មួយៗ ដែលរាប់ក្នុងការសង្គាយនា។

ពួកធម៌ពីរៗកែប្រែ

[៩៨] ម្នាលអាវុសោទាំងឡាយ មានធម៌ពីរៗ ដែលព្រះមានព្រះភាគអង្គនោះ ជា​អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយ ដោយប្រពៃ យើងទាំង​អស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌ពីរៗ តើអ្វីខ្លះ។ ពួកធម៌ពីរៗនោះ គឺ នាម [ប្រែថា ញុំាងគ្នានឹងគ្នាឲ្យទន់ទៅក្នុងអារម្មណ៍ បានដល់​អរូបក្ខន្ធទាំង៤ គឺវេទនា១ សញ្ញា១ សង្ខារ១ វិញ្ញាណ១ និងព្រះនិព្វាន១។]១ រូប [ប្រែថា វិនាស ថាលំបាក ដោយក្តៅ ត្រជាក់ជាដើម បានដល់មហាភូតរូបទាំង៤ និងឧបាទាយរូប​២៤]១។ អវិជ្ជា [សេចក្តីមិនដឹងក្នុងអរិយសច្ច មានទុក្ខសច្ចជាដើម។]១ ភវតណ្ហា [សេចក្តីប្រាថ្នា សេចក្តី​ត្រេកត្រអាលក្នុងភព។]១ ។ ភវទិដ្ឋិ [បានដល់សស្សតទិដ្ឋិ សេចក្តី​យល់ឃើញថា លោកទៀង។] ១ វិភវទិដ្ឋិ [បានដល់ឧច្ឆេទទិដ្ឋិ សេចក្តីយល់​ឃើញ​ថា សត្វ​ស្លាប់ទៅសូន្យ មិនកើតទៀតឡើយ]១។ សេចក្តីមិនខ្មាសបាប១ សេចក្តីមិនក្តៅនឹងបាប ឬមិនខ្លាចបាប១។ សេចក្តីខ្មាសបាប១ សេចក្តីក្តៅនឹងបាប១។ ភាវៈជាអ្នកដែល​គេប្រដៅ​ក្រ១ ភាវៈជាអ្នកមានមិត្តអាក្រក់១។ ភាវៈជាអ្នកដែលគេប្រដៅងាយ១ ភាវៈជាអ្នក​មានមិត្ត​ល្អ១។ សេចក្តីឈ្លាសក្នុងអាបត្តិ១ សេចក្តីឈ្លាសក្នុងការចេញចាកអាបត្តិ១។ សេចក្តីឈ្លាសក្នុងសមាបត្តិ១ សេចក្តីឈ្លាសក្នុងការចេញចាកសមាបត្តិ១។ សេចក្តីឈ្លាស​ក្នុងធាតុ១ សេចក្តីឈ្លាសក្នុងការធ្វើទុកក្នុងចិត្ត១។ សេចក្តីឈ្លាសក្នុងអាយតនៈ១ សេចក្តី​ឈ្លាស​ក្នុងបដិច្ចសមុប្បាទធម៌១។ សេចក្តីឈ្លាសក្នុងហេតុ១ សេចក្តីឈ្លាស​ក្នុង​មិន​មែន​ហេតុ១។ សេចក្តីស្លូតត្រង់១ ចិត្តទន់១។ សេចក្តីអត់ធ្មត់១ ការប្រព្រឹត្តិល្អ ឬស្លូត​មិន​កោង​កាច១។ ពាក្យពីរោះ១ ការទទួលរាក់ទាក់១។ សេចក្តីមិនបៀតបៀន [បានដល់ករុណា គឺ​សេចក្តី​អាណិត អនុគ្រោះ​សព្វសត្វ។]១ សេចក្តីស្អាត [បានដល់មេត្តា គឺសេចក្តីរាប់អាន​ស្រឡាញ់សព្វសត្វ។]១។ សេចក្តីភ្លាំងភ្លាត់សតិ១ មិនដឹងខ្លួន១។ សេចក្តីរឭក១ ដឹងខ្លួន១។ ភាវៈជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ១ ភាវៈជាអ្នកមិនដឹង​ប្រមាណ​ក្នុង​ភោជន១។ ភាវៈជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ១ ភាវៈជាអ្នកដឹង​ប្រមាណ​ក្នុង​ភោជន១។ កំឡាំង គឺប្រាជ្ញា ជាគ្រឿង​ពិចារណា១ កំឡាំង គឺភាវនា [សំដៅយកពោជ្ឈង្គ ទាំង៧​ប្រការ។]១។ កំឡាំង គឺសតិ១ កំឡាំង គឺសមាធិ១។ សមថៈ (ធម៌សម្រាប់រម្ងាប់ចិត្ត)​១ វិបស្សនា (ប្រាជ្ញាឃើញច្បាស់នូវនាមរូប)១។ សមថនិមិត្ត [ហេតុនៃសេចក្តីរម្ងាប់ចិត្ត បានដល់​សម្មាសមាធិ។]១ មគ្គហនិមិត្ត [ហេតុនៃសេចក្តីព្យាយាម បានដល់​សម្មាវាយាមៈ។]១។ សេចក្តីព្យាយាម [បានដល់សម្មាវាយាមៈ]១ សេចក្តីមិនរាយមាយ [បានដល់​សម្មាសមាធិ]១។ សីលវិបត្តិ១ ទិដ្ឋិវិបត្តិ១។ សីលសម្បទា១ ទិដ្ឋិសម្បទា១។ សេចក្តី​បរិសុទ្ធនៃសីល១ សេចក្តីបរិសុទ្ធនៃទិដ្ឋិ១។ សេចក្តីបរិសុទ្ធនៃទិដ្ឋិ គឺញាណទស្សៈ១ សេចក្តីព្យាយាម នៃបុគ្គលដែលមានសេចក្តីយល់ឃើញតាមពិត [សេចក្តីព្យាយាម ដែល​ប្រកបដោយញាណទស្សនៈនោះ។]១។ សេចក្តីសង្វេគក្នុងហេតុ [បានដល់ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ ព្យាធិទុក្ខ។]ទាំងឡាយ គួរសង្វេគ១ សេចក្តីព្យាយាម [បានដល់​សម្មប្បធាន​ទាំង​៤។] ដោយ​ឧបាយ​របស់​បុគ្គលអ្នកមានចិត្តសង្វេគ១។ សេចក្តីមិនសន្តោស ក្នុងកុសលធម៌ទាំងឡាយ១។ មិន​រួញ​រា ក្នុងសេចក្តីព្យាយាម១។ វិជ្ជា​​[បានដល់វិជ្ជា៣]១ វិមុត្តិ [បានដល់វិមុត្តិពីរ គឺចិត្តស្សអធិមុត្តិ សេចក្តីរួចចាកនីវរណធម៌ នៃចិត្ត បានដល់​អដ្ឋសមាបត្តិ១ ព្រះនិព្វាន១។]១។ សេចក្តីដឹង ក្នុងអរិយមគ្គ ជាគ្រឿងអស់​ទៅ​នៃកិលេស១ សេចក្តីដឹងក្នុងអរិយផល ដែលធ្វើសត្វមិនឲ្យកើតឡើងដោយបដិសន្ធិ​១។ ម្នាលអាវុសោទាំងឡាយ នេះឯងជាពួកធម៌ពីរៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយ ដោយប្រពៃ យើងទាំងអស់គ្នា គួរតែសង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។

ចប់ ពួកធម៌ពីរៗ ដែលរាប់ចូលក្នុងការសង្គាយនា។

ពួកធម៌បីៗកែប្រែ

[៩៩] ម្នាលអាវុសោទាំងឡាយ មានពួកធម៌បីៗ ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកហើយ ដោយប្រពៃ គួរតែយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌បីៗ តើអ្វីខ្លះ? ពួកធម៌បីៗ គឺ ឫសអកុសល៣យ៉ាង គឺលោភៈ ជាឫសនៃអកុសល១ ទោសៈ ជាឫសនៃអកុសល១ មោហៈ ជាឫសនៃអកុសល១។ ឫសកុសល៣យ៉ាងគឺ អលោភៈ ជាឫសនៃកុសល១ អទោសៈ ជាឫសនៃកុសល១ អមោហៈ ជាឫសនៃកុសល១។ ទុច្ចរិត៣យ៉ាងគឺ ទុច្ចរិតដោយកាយ១ ទុច្ចរិតដោយវាចា១ ទុច្ចរិតដោយចិត្ត១។ សុចរិត៣យ៉ាងគឺ សុចរិតដោយកាយ១ សុចរិតដោយវាចា១ សុចរិតដោយចិត្ត១។ សេចក្តី​ត្រិះរិះ​ជា​អកុសល៣យ៉ាងគឺ សេចក្តីត្រិះរិះប្រកបដោយកាម១ សេចក្តីត្រិះរិះប្រកបដោយព្យា​បាទ១ សេចក្តីត្រិះរិះប្រកបដោយការបៀតបៀន១។ សេចក្តីត្រិះរិះជាកុសល៣យ៉ាងគឺ សេចក្តីត្រិះរិះប្រកបដោយការចេញចាកកាម១ សេចក្តីត្រិះរិះ​ប្រកបដោយ​ការ​មិនព្យាបាទ១ សេចក្តីត្រិះរិះប្រកបដោយការមិនបៀតបៀន១។ តម្រិះជាអកុសល៣យ៉ាង​គឺ តម្រិះប្រកបដោយកាម១ តម្រិះប្រកបដោយការព្យាបាទ១ តម្រិះប្រកបដោយ​ការ​បៀត​បៀន១។ តម្រិះជាកុសល៣យ៉ាងគឺ តម្រិះប្រកបដោយការចេញចាកកាម១ តម្រិះ​ប្រកបដោយការមិនព្យាបាទ១ តម្រិះប្រកបដោយការមិនបៀតបៀន១។ សេចក្តី​សំគាល់​ជាអកុសល៣យ៉ាងគឺ សេចក្តីសំគាល់ប្រកបដោយកាម១ សេចក្តីសំគាល់​ប្រកប​ដោយ​ព្យាបាទ១ សេចក្តីសំគាល់ប្រកបដោយការបៀតបៀន១។ សេចក្តីសំគាល់ជាកុសល៣ យ៉ាងគឺ សេចក្តីសំគាល់ប្រកបដោយការចេញចាកកាម១ សេចក្តីសំគាល់ប្រកបដោយ​ការមិនព្យាបាទ១ សេចក្តីសំគាល់ប្រកបដោយការមិនបៀតបៀន១។ ធាតុជាអកុសល៣​យ៉ាងគឺ ធាតុប្រកបដោយកាម [ក្នុងទីនេះ សំដៅយកមិច្ឆាសង្កប្ប គឺតម្រិះខុស។]១ ធាតុប្រកបដោយព្យាបាទ១ ធាតុប្រកបដោយការបៀតបៀន១។ ធាតុជាកុសល៣យ៉ាងគឺ ធាតុប្រកបដោយការចាកចេញកាម [ក្នុងទីនេះ សំដៅយកសម្មាសង្កប្ប គឺតម្រិះ​ត្រូវ]១ ធាតុប្រកបដោយការមិនព្យាបាទ១ ធាតុប្រកបដោយការមិនបៀតបៀន១។ ធាតុ៣​យ៉ាង​ដទៃ​ទៀតគឺ ធាតុប្រកបដោយកាម [ធាតុក្នុងទីនេះ សំដៅយកភព។]១ ធាតុប្រកប​ដោយ​រូប១ ធាតុប្រកបដោយអរូប១។ ធាតុ៣យ៉ាងដទៃទៀតគឺ ធាតុប្រកបដោយរូប១ ធាតុប្រកប​ដោយអរូប១ ធាតុប្រកបដោយសេចក្តីរលត់ គឺ ព្រះនិព្វាន១។ ធាតុ៣​យ៉ាង​ដទៃ​ទៀត គឺ ធាតុយ៉ាងទាប [សំដៅយក​អកុសល​ចិត្តុប្បាទទំាង១២។]១ ធាតុ​យ៉ាង​កណ្តាល [សំដៅយកតេភូមិកធម៌ ក្រៅអំពីអកុសលចិត្តុប្បាទនោះ។]១ ធាតុយ៉ាងឧត្តម [សំដៅយក​នវលោកុត្តរធម៌។]១។ តណ្ហា៣យ៉ាងគឺ កាមតណ្ហា [បានដល់តម្រេក ដែល​ប្រព្រឹត្តទៅក្នុងកាមគុណទាំង៥។] ១ ភវតណ្ហា [សេចក្តីអាល័យក្នុងឈាន ក្នុងរូបភព និងអរូបភព ឬតម្រេកប្រកបដោយសស្សតទិដ្ឋិ។]១ វិភវតណ្ហា [តម្រេក​ប្រកបដោយ​ឧច្ឆេទទិដ្ឋិ។]១។ តណ្ហា៣យ៉ាងដទៃទៀតគឺ កាមតណ្ហា១ រូបតណ្ហា [ឆន្ទរាគ ក្នុងរូបភព។]១ អរូបតណ្ហា [ឆន្ទរាគ ក្នុងអរូបភព។]១។ តណ្ហា៣យ៉ាងដទៃទៀតគឺ រូបតណ្ហា១ អរូបតណ្ហា១ និរោធតណ្ហា [តម្រេកប្រកបដោយឧចេ្ឆទទិដ្ឋិ]១។ សញ្ញោជនៈ ៣យ៉ាងគឺ សក្កាយទិដ្ឋិ [សេចក្តីយល់ខុស មាននៅក្នុងកាយ គឺខន្ធទាំង៥ មានរូបក្ខន្ធជាដើម។]១ វិចិកិច្ឆា [សេចក្តីសង្ស័យ ក្នុងគុណព្រះរតនត្រ័យជាដើម។]១ សីលព្វតបរាមាស [សេចក្តីប្រកាន់ខុស ដោយសីល និងវ័ត គឺប្រកាន់សីល និងវ័តខាងក្រៅ​ព្រះពុទ្ធសាសនា ដែលមិនបរិសុទ្ធ ថាជាបរិសុទ្ធវិញ។]១។ អាសវៈ៣យ៉ាង គឺ កាមាសវៈ [ក្នុងគម្ពីរធម្មសង្គណិថា សេចក្តីត្រេកត្រអាលក្នុងកាម ហៅថា កាមាសវៈ។]​១ ភវាសវៈ​[សេចក្តីត្រេកត្រអាល ក្នុងភព ហៅថា ភវាសវៈ។]១ អវិជ្ជាសវៈ [សេចក្តីមិនដឹង​ក្នុងអរិយសច្ចទាំង៤ជាដើម ហៅថា អវិជ្ជា។ ឯអាសវសព្ទនេះ ប្រែថា ត្រាំនៅអស់កាល​យូរ។]១។ ភព៣យ៉ាងគឺ កាមភព [ប្រទេស ជាទីកើតនៃសត្វ ដែលមានអារម្មណ៍ប្រកប​ដោយ​កាម រាប់តាំងអំពីអវចិនរក រហូតដល់​កាមាវចរទេវលោក។]១ រូបភព [ប្រទេស ជាទីកើតនៃសត្វ ដែលប្រកបដោយរូបជ្ឈាន គឺរូបព្រហ្មទាំង១៦ជាន់។]១ អរូបភព [ប្រទេស ជាទីកើតនៃសត្វ ដែលប្រកបដោយ​អរូបជ្ឈាន គឺអរូបព្រហ្មទាំង៤ជាន់។]១។ ការ​ស្វែងរក៣យ៉ាងគឺ ការស្វែងរកកាម១ ស្វែងរកភព១ ស្វែងរកព្រហ្មចរិយធម៌ [បានដល់​មិច្ឆាទិដ្ឋិ មានសស្សតទិដ្ឋិជាដើម។]១។ មានៈ៣យ៉ាងគឺ មានៈថាអាត្មាអញប្រសើរជាងគេ ១ មានៈថាអាត្មាអញស្មើនឹងគេ១ មានៈថាអាត្មាអញអន់ជាងគេ១។ កាល៣យ៉ាងគឺ អតីតកាល១ អនាគតកាល១ បច្ចុប្បន្នកាល១។ អន្តៈ គឺចំណែក៣យ៉ាងគឺ សក្កាយ [បានដល់ឧបាទានក្ខន្ធទាំង៥។]ជាចំណែក១ ធម៌ជាគ្រឿងកើត [បានដល់​បុរិមតណ្ហា។] នៃសក្កាយជាចំណែក១ ធម៌ជាគ្រឿងរលត់ [បានដល់ព្រះនិព្វាន។] នៃសក្កាយជាចំណែក១។ វេទនា៣យ៉ាងគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា​១។ សេចក្តីលំបាក ៣ យ៉ាងគឺ លំបាកព្រោះសេចក្តីទុក្ខ [បានដល់ទុក្ខវេទនា។] ១ លំបាកព្រោះសង្ខារ [បានដល់ឧបេក្ខាវេទនា។] ១ លំបាកព្រោះសេចក្តីប្រែប្រួល [បានដល់​សុខវេទនា បានសេចក្តីថា បើសេចក្តីសុខប្រែប្រួលទៅហើយ សេចក្តីទុក្ខ​ក៏ត្រឡប់​កើតឡើង​វិញ។] ១ ។ គំនរ ៣ យ៉ាងគឺ សភាវៈខុសដ៏ទៀងទាត់ [បានដល់និយតមិច្ឆាទិដ្ឋិ​និងអនន្តរិយកម្មទាំង៥។] ជាគំនរ ១ សភារៈត្រូវដ៏ទៀងទាត់ [បានដល់​អរិយមគ្គទាំង៤។] ជាគំនរ១ សភារៈមិនទៀងទាត់ [បានដល់ធម៌ដទៃ ចាកធម៌ទាំង៣ពួកនោះ គឺនិយតមិច្ឆាទិដ្ឋិ១ អនន្តរិយកម្ម១ អរិយមគ្គ១។] ជាគំនរ ១ ។ សេចក្តីសង្ស័យ ៣ យ៉ាងគឺ បុគ្គលរមែងសង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធ​នូវ​អតីតកាល ១ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធនូវអនាគតកាល១ សង្ស័យងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះស្រឡះ ព្រោះប្រារព្ធនូវបច្ចុប្បន្នកាល ១ ។ អំពើដែលព្រះតថាគត មិនចាំបាច់រក្សា ឬរវាំងមាន ៣ យ៉ាង គឺ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មានកាយសមាចារបរិសុទ្ធ ព្រះតថាគត គប្បីរក្សា នូវកាយទុច្ចរិតណាថា អ្នកដទៃកុំបីដឹងនូវកាយទុច្ចរិតរបស់អញនេះ កាយទុច្ចរិតនោះ មិនមានដល់​ព្រះតថាគត​ឡើយ ១ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មានវចីសមាចារបរិសុទ្ធ ព្រះតថាគត គ្បីរក្សានូវ​វចីទុច្ចរិតណាថា អ្នកដទៃកុំបីដឹង នូវវចីទុច្ចរិតរបស់អញនេះ វចីទុច្ចរិតនោះ មិនមានដល់​ព្រះតថាគតឡើយ១ ម្នាលអាវុសោទាំងឡាយ ព្រះតថាគត មាន​មនោសមាចារ​បរិសុទ្ធ ព្រះតថាគត គប្បីរក្សានូវមនោទុច្ចរិតណាថា អ្នកដទៃកុំបីដឹង​នូវមនោទុច្ចរិត​របស់អញនេះ មនោទុច្ចរិតនោះ មិនមានដល់ព្រះតថាគតឡើយ១។ កង្វល់ ៣ យ៉ាង គឺ រាគៈ ជាកង្វល់ ១ ទោសៈ ជាកង្វល់១ មោហៈ ជាកង្វល់១។ ភ្លើង​៣យ៉ាង ភ្លើង គឺរាគៈ១ ភ្លើង គឺទោសៈ១ ភ្លើង គឺមោហៈ១។ ភ្លើង ៣ យ៉ាងដទៃទៀត ភ្លើង គឺអាហុនេយ្យបុគ្គល ១ ភ្លើង គឺទក្ខិណេយ្យបុគ្គល ១ ភ្លើង គឺគហបតី ១ ។ ការរាប់នូវ​រូប​ដោយ​ចំណែក ៣ គឺ រូបប្រកបដោយការឃើញផង ប្រកបដោយការប៉ះពាល់ផង [បានដល់​រូបាយតនៈតែមួយយ៉ាង។] ១ រូបមិនប្រកបដោយការឃើញ តែប្រកបដោយ​ការ​ប៉ះពាល់​[បានដល់អាយតនៈទាំង៩ គឺចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជិវ្ហាយតនៈ១ កាយាយតនៈ១ សទ្ទាយតនៈ១ គន្ធាយតនៈ១ រសាយតនៈ១ ផោដ្ឋព្វាយតនៈ១។] ១ រូបមិនប្រកបដោយការឃើញផង មិនប្រកបដោយការ​ប៉ះពាល់ផង [បានដល់សុខុមរូប ក្រៅអំពី​អាយតនៈទាំង១០។] ១។ សង្ខារ ៣ យ៉ាង គឺ បុញ្ញាភិសង្ខារ [បានដល់​ចេតនា១៣ គឺកាមាវចរកុសលចេតនា៨ និងរូបាវចរកុសលចេតនា៥ ប្រព្រឹត្ត​ទៅដោយអំណាច​ភាវនា។]១ អបុញ្ញាភិសង្ខារ [បានដល់អកុសលចេតនា១២។]១ អានេញ្ជាភិសង្ខារ [បានដល់អរូបាវចរកុសលចេតនា៤ ប្រព្រឹត្តទៅដោយអំណាច​ភាវនា។ ឯ​សង្ខារសព្ទនេះ ប្រែថា សភាវៈធ្វើនូវ​សហជាតធម៌ និងសម្បរាយផលធម៌ឲ្យជា​គំនរ។]១។ បុគ្គល៣ ពួក គឺ បុគ្គលជាសេក្ខៈ [បានដល់បុគ្គល៧ពួក មានបុគ្គល​ដល់នូវ​សោតាបត្តិមគ្គជាដើម មានបុគ្គល​ដែលបានដល់​នូវ​អរហត្តមគ្គជាទីបំផុត។]១ បុគ្គល​ជា​អសេក្ខៈ [បានដល់​អរហត្តផល។]១ បុគ្គលមិនមែនជាសេក្ខៈ មិនមែនជាអសេក្ខៈ [បានដល់​បុគ្គល​ជាបុថុជ្ជន។]១។ ភិក្ខុចាស់មាន ៣ ពួក គឺ ចាស់ដោយជាតិ១ ចាស់​ដោយ​ធម៌ ១ ចាស់ដោយការសន្មតិ១។ បុញ្ញកិរិយាវត្ថុ៣យ៉ាងគឺ បុញ្ញកិរិយាវត្ថុ​សម្រេច​ដោយ​ទាន១ បុញ្ញកិរិយាវត្ថុសម្រេចដោយសីល១ បុញ្ញកិរិយាវត្ថុសម្រេចដោយភាវនា១។ ហេតុ​នៃការចោទ៣យ៉ាងគឺ ដោយឃើញ [ឃើញនូវ​ការល្មើសដោយមំសចក្ខុ ឬទិព្វចក្ខុ ហើយចោទ។]១ ដោយឮ [ឮសំដីរបស់បុគ្គល​ដទៃ​ដោយបកតិសោត ឬទិព្វសោត ហើយចោទ។]១ ដោយរង្កៀស [ចោទដោយសេចក្តី​រង្កៀស ព្រោះឃើញ ព្រោះឮ ព្រោះ​ប៉ះពាល់ ដោយឃានបសាទ ជិវ្ហាបសាទ កាយបសាទ។]១។ ការសេពកាម ៣ យ៉ាង ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាមតាំងឡើង ពួកសត្វទាំងនោះ ធ្វើអំណាច​ឲ្យប្រព្រឹត្ត​ទៅ ក្នុងកាមទាំងឡាយ ដែលតាំងឡើង ដូចជាមនុស្សទាំងអស់ និង​ទេវតា​ពួក​[បានដល់​កាមាវចរទេវតាទាំង៤ជាន់ គឺចាតុម្មហារាជិកា១ តាវត្តឹង្ស១ យាមា១ តុសិត១។]​ខ្លះ និងវិនិបាតិក [បានដល់​អបាយិកសត្វទាំង៣ វៀរលែងនរកចេញ។]ពួកខ្លះ នេះជា​ការ​សេពកាមទី១ ម្នាលអាវុសោទាំងឡាយ ពួកសត្វមានកាម ដែលខ្លួននិមិត្តហើយ ពួកសត្វ​ទាំង​នោះ លុះនិមិ្មតហើយ ៗ ក៏ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ក្នុងកាមទាំងឡាយ ដូចជា​ពួក​ទេវតា ក្នុងជាន់និម្មានរតី នេះជាការសេពកាមទី២ ម្នាលអាវុសោទាំងឡាយ ពួកសត្វ​មាន​កាម ដែលទេវតាដទៃនិមិ្មតឲ្យ ពួកសត្វទាំងនោះ ធ្វើអំណាច​ឲ្យប្រព្រឹត្តទៅ ក្នុង​កាម​ទាំងឡាយ ដែលទេវតាដទៃនិមិ្មតឲ្យ ដូចជាពួកទេវតា ក្នុងជាន់បរនិម្មិតវសវត្តី នេះ​ជា​ការ​សេព​កាមទី៣។ ការបានសេចក្តីសុខ ៣ យ៉ាង ម្នាលអាវុសោ មានពួកសត្វ​ធ្វើ​នូវ​សេចក្តីសុខ [អដ្ឋកថា ថា ធ្វើ​សេចក្តីសុខ​ក្នុងបឋមជ្ឈានខាងក្រោមឲ្យកើត ហើយសោយនូវសេចក្តីសុខ ដែលកើត​អំពីផលរបស់ឈានជាខាងលើ។] ឲ្យកើតឡើងរឿយៗ ហើយទទួលនូវសេចក្តីសុខ (នោះ) ដូចជាពួកទេវតា នៅក្នុង​ពួក​ព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី១ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំ ជ្រួតជ្រាប បរិបូណ៌ពាល់ត្រូវដោយសេចក្តីសុខហើយ ពួកសត្វ​ទាំង​នោះ ជួនកាលបន្លឺឧទានក្នុងកាលម្តងៗថា សុខណាស់ហ្ន៎ សុខណាស់ហ្ន៎ ដូចជាពួក​ទេវតា​​នៅក្នុងជាន់អាភស្សរព្រហ្មលោក នេះជាការបាននូវសេចក្តីសុខទី២ ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលជោកជាំ​ជ្រួតជ្រាប បរិបូណ៌ ពាល់ត្រូវដោយ​សេចក្តី​សុខ​ហើយ ពួកសត្វទាំងនោះសន្តោស និងសេចក្តីសុខដ៏ល្អិតប៉ុណ្ណោះ ទទួលសេចក្តីសុខ​ក្នុងចិត្ត ដូចពួកទេវតានៅក្នុងជាន់សុភកិណ្ហព្រហ្មលោក នេះជាការបាន​នូវសេចក្តីសុខទី៣។ បញ្ញា ៣ យ៉ាង គឺ បញ្ញាជារបស់សេក្ខបុគ្គល ១ បញ្ញាជារបស់​អសេក្ខបុគ្គល ១ បញ្ញាជារបស់នេវសេក្ខានាសេក្ខបុគ្គល១។ បញ្ញា៣ យ៉ាងដទៃទៀត គឺ បញ្ញា​សម្រេចមកអំពីការគិត១ បញ្ញាសម្រេចមកអំពីការស្តាប់១ បញ្ញា​សម្រេចមកអំពី​ការ​ចម្រើន១។ អាវុធ៣យ៉ាង បានដល់អាវុធ គឺសុតៈ (ពុទ្ធវចនៈ)១ អាវុធ គឺសេចក្តីស្ងាត់​[ស្ងាត់​កាយ ស្ងាត់ចិត្ត ស្ងាត់ចាកឧបធិ។]១ អាវុធ គឺបញ្ញា១។ ឥន្ទ្រិយ៣យ៉ាងគឺ ឥន្ទ្រិយ​ដែល​កើតឡើង ដល់បុគ្គលអ្នកប្រតិបត្តិ ដោយគិតថា អាត្មាអញ នឹងបានដឹងនូវធម៌ ដែល​មិន​ទាន់បានដឹង (សោតាបត្តិមគ្គបញ្ញា)១ ឥន្ទ្រិយ គឺញាណជាគ្រឿងដឹងច្បាស់ (សោតាបត្តិផល​ញាណ។ល។ អរហត្តមគ្គញ្ញាណ)១ ឥន្ទ្រិយ គឺសេចក្តីដឹង​ក្នុងធម៌ ដែល​បុគ្គល​គួរដឹងច្បាស់ ជាធម៌ដល់នូវទីបំផុត នៃកិច្ចដោយកិរិយាដឹង (អរហត្តផលញ្ញាណ)​១។ ចក្ខុ ៣ យ៉ាង គឺ មំសចក្ខុ [បានដល់​ភ្នែកសាច់ធម្មតា គឺចក្ខុបសាទ។]១ ទិព្វចក្ខុ [បានដល់​ញាណ ដែលអាស្រ័យ​នូវពន្លឺ។]១ បញ្ញាចក្ខុ [បានដល់លោកិយបញ្ញា និងលោកុត្តរបញ្ញា។]១។ សិក្ខា ៣ យ៉ាង គឺ អធិសីលសិក្ខា [បានដល់បាតិមោក្ខ​សំវរសីល។]១ អធិចិត្តសិក្ខា [បានដល់ឈាន ជាទីតាំងនៃវិបស្សនា។]១ អធិប្បញ្ញាសិក្ខា [បានដល់វិបស្សនា]១។ ភាវនា ៣ យ៉ាង គឺ កាយភាវនា [បានដល់កាយរបស់ព្រះ​ខីណា​ស្រព ដែលប្រព្រឹត្តទៅក្នុងទ្វារ​ទាំង៥។]១ ចិត្តភាវនា [បានដល់សមាបត្តិទាំង៨។]១ បញ្ញាភាវនា [បានដល់អរហត្តផលបញ្ញា។]១។ អនុត្តរិយៈ ៣ យ៉ាង គឺ ទស្សនានុត្តរិយៈ [បានដល់វិបស្សនា។] ការឃើញដ៏ប្រសើរ១ បដិបទានុត្តរិយៈ [បានដល់មគ្គ។] សេចក្តី​ប្រតិបត្តិ​ដ៏ប្រសើរ១ វិមុត្តានុត្តរិយៈ [បានដល់ផល។ ន័យមួយទៀតថា ទស្សនានុត្តរិយៈ បានដល់ផល។ បដិបទានុត្តរិយៈ បានដល់មគ្គ។ វិមុត្តានុត្តរិយៈ បានដល់ព្រះនិព្វាន (អដ្ឋកថា)។] ការរួចចាកកិលេសដ៏ប្រសើរ១។ សមាធិ៣យ៉ាងគឺ សមាធិ​ប្រកបដោយ​វិតក្កវិចារៈ [បានដល់បឋមជ្ឈាន។]១ សមាធិមិនមានវិតក្កៈ មានត្រឹមតែវិចារៈ [បានដល់​ទុតិយជ្ឈាន។]១ សមាធិមិនមានវិតក្ក និងវិចារៈ [បានដល់តតិយជ្ឈាន ចតុត្ថជ្ឈាន បញ្ចមជ្ឈាន។]១។ សមាធិ៣យ៉ាងដទៃទៀត គឺ សុញ្ញតសមាធិ១ អនិមិត្តសមាធិ១ អប្បណិហិតសមាធិ១។ សេចក្តីស្អាត ៣ យ៉ាង គឺ សេចក្តីស្អាតដោយកាយ ១ សេចក្តីស្អាតដោយវាចា ១ សេចក្តីស្អាតដោយចិត្ត ១ ។ ច្បាប់ [សេចក្តីប្រតិបត្តិ ធ្វើមនុស្ស​ឲ្យទៅជាអ្នកប្រាជ្ញ។] អ្នកប្រាជ្ញ ៣ យ៉ាង គឺ ច្បាប់អ្នកប្រាជ្ញផ្លូវកាយ ១ ច្បាប់អ្នកប្រាជ្ញផ្លូវវាចា ១ ច្បាប់អ្នកប្រាជ្ញផ្លូវចិត្ត ១ ។ សេចក្តីឈ្លាស ៣ យ៉ាង គឺ សេចក្តីឈ្លាស​​ក្នុងការចម្រើន១ សេចក្តីឈ្លាសក្នុងការវិនាស ១ សេចក្តីឈ្លាសក្នុងឧបាយ [ហេតុ​របស់ផលនោះៗ។]១។ សេចក្តីស្រវឹង៣ យ៉ាង គឺ ស្រវឹងដោយការមិនមានរោគ១ ស្រវឹងដោយវ័យ ១ ស្រវឹងដោយជាតិត្រកូល ១ ។ អធិបតេយ្យ ៣ យ៉ាង គឺ អត្តាធិបតេយ្យ [ការធ្វើខ្លួនឲ្យជាធំ ហើយមិនធ្វើបាប។]១ លោកាធិបតេយ្យ [ការធ្វើលោកឲ្យជាធំ ហើយមិនធ្វើបាប។]១ ធម្មាធិបតេយ្យ [ការធ្វើលោកុត្តរធម៌ឲ្យជាធំ ហើយមិនធ្វើបាប។ ក្នុងគម្ពីរវិសុទ្ធិមគ្គសីលនិទ្ទេសថា បុគ្គលមានប្រាថ្នានឹងលះបង់​នូវ​អំពើ​ដែល​មិនសមគួរ​ដល់ខ្លួន ហើយមានសេចក្តី​គោរពក្នុងខ្លួន ហើយប្រព្រឹត្ត​នូវសីលណា សីលនោះ ហៅថា អត្តាធិបតេយ្យសីល។ បុគ្គល​មានប្រាថ្នានឹង​ចៀសវាងពាក្យនិន្ទាអំពី​សត្វលោក ហើយមានសេចក្តីគោរពចំពោះលោក ហើយប្រព្រឹត្តនូវសីលណា សីលនោះ ហៅថា លោកាធិបតេយ្យសីល។ បុគ្គល​មានប្រាថ្នានឹងបូជានូវធម៌​ដ៏ថ្លៃថ្លា ហើយមានសេចក្តី​គោរព​ក្នុងធម៌ ហើយប្រព្រឹត្ត​នូវសីលណា សីលនោះ ហៅថា ធម្មាធិបតេយ្យសីល។]១។ កថាវត្ថុ៣យ៉ាងគឺ បុគ្គលប្រារព្ធអតីតកាល និយាយពាក្យថា រឿងយ៉ាងនេះ កើតមានក្នុង​អតីតកាល​ហើយ១ បុគ្គលប្រារព្ធអនាគតកាល និយាយពាក្យថា រឿងយ៉ាងនេះ នឹងមាន​ក្នុង​អនាគតកាល១ បុគ្គលប្រារព្ធបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះ និយាយពាក្យថា រឿងយ៉ាងនេះ កើតឡើងក្នុងកាលឥឡូវនេះ១។ វិជ្ជា ៣ យ៉ាង គឺ ញាណជាគ្រឿង​រឭក​ឃើញ​នូវខន្ធបញ្ចកៈ ដែលធ្លាប់នៅអាស្រ័យក្នុងកាលមុន ជាវិជ្ជា ១ សេចក្តីដឹងក្នុងចុតិ និងបដិសន្ធិរបស់ពួកសត្វ ជាវិជ្ជា១ សេចក្តីដឹងក្នុងធម៌ ជាគ្រឿងអស់​ទៅ​នៃអាសវៈ​ទាំងឡាយ ជាវិជ្ជា១។ វិហារធម៌ (ធម៌ជាគ្រឿងនៅ) ៣ យ៉ាង គឺ ទិព្យវិហារ [បានដល់​សមាបត្តិទាំង៨។]១ ព្រហ្មវិហារ [អប្បមញ្ញា៤ គឺមេត្តា១ ករុណា១ មុទិតា១ ឧបេក្ខា១។] ១ អរិយវិហារ [ផលសមាបត្តិ] ១ ។ បាដិហារ ៣ យ៉ាង គឺ ឥទ្ធិបាដិហារ្យ [សេចក្តី​អស្ចារ្យ​ដោយ​ឫទ្ធិ] ១ អាទេសនាបាដិហារ្យ [សេចក្តីអស្ចារ្យដោយទាយចិត្តសត្វដទៃ។] ១ អនុសាសនីបាដិហារ្យ [សេចក្តីអស្ចារ្យដោយការប្រៀនប្រដៅ ដោយសីលសមាធិបញ្ញា។ ចូរមើល​ក្នុងកេវដ្តសូត្រសីលក្ខន្ធវគ្គ។]១។ ម្នាលអាវុសោទាំងឡាយ ពួកធម៌បីៗទាំងនេះ​ឯង ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សម្តែងហើយដោយប្រពៃ គួរយើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ មិនគួរ​ទាស់​ទែង​គ្នាឡើយ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និង មនុស្សទាំងឡាយ។

ចប់ពួកធម៌បីៗ ដែលរាប់ចូលក្នុងការសង្គាយនា។

ពួកធម៌បួនៗកែប្រែ

[១០០] ម្នាលអាវុសោទាំងឡាយ ពួកធម៌បួនៗ ដែល​ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយដោយប្រពៃ គួរតែ​យើងទាំងអស់គ្នា សង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌បួនៗ តើដូចម្តេច។ សតិបដ្ឋាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណារឿយៗ នូវកាយក្នុងកាយ ជាបុគ្គល​មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួនដោយល្អ មានស្មារតី​កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក [សំដៅយកកាយ ឬឧបាទានក្ខន្ធទាំង៥។]១។ ពិចារណារឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ១។ ពិចារណារឿយៗ នូវចិត្ត ក្នុងចិត្ត១។ ពិចារណារឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាបុគ្គលមានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងដោយល្អ មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក១។

[១០១] សម្មប្បធាន៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាង​ឆន្ទៈ [សេចក្តីប្រាថ្នា ឬថាសេចក្តី​ពេញចិត្ត ក្នុងកុសលធម៌។]ឲ្យកើតឡើង សង្វាត ប្រារព្ធ ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីបិទ​អកុសលធម៌ទាំងឡាយដ៏លាមក ដែល​មិនទាន់​កើតឡើង មិនឲ្យកើតឡើងបាន១ ញុំាង​ឆន្ទៈ ឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តី​ព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីលះបង់​នូវ​​អកុសលធម៌ទាំងឡាយដ៏លាមក ដែល​កើតឡើងហើយ១ ញុំាង​ឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីបណ្តុះបណ្តាលកុសលធម៌ទាំងឡាយ ដែល​មិនទាន់​កើតឡើង ឲ្យកើត​ឡើង​១ ញុំាង​ឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ នូវសេចក្តីព្យាយាម ផ្គងចិត្ត តម្កល់ចិត្ត ដើម្បីឲ្យ​​កុសលធម៌ទាំងឡាយ ដែលកើតហើយ ឲ្យឋិតនៅ មិនឲ្យវិនាសទៅ ឲ្យរឹងរឹត​តែ​ចម្រើនឡើង ធំទូលាយ ចម្រើន​ពេញលេញ១។

[១០២] ឥទ្ធិបាទ៤ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើនឥទ្ធិបាទ [ធម៌ ជាជើងនៃឫទ្ធ ឬថា ជាទីតាំង​នៃឫទ្ធ។] ដែលប្រកបដោយឆន្ទសមាធិ [សមាធិ មានឆន្ទៈ​ជាហេតុ ឬថា សមាធិអាស្រ័យ​នូវឆន្ទៈ។] និងបធានសង្ខារ [បានដល់​សម្មប្បធាន​ទាំង៤]១ ចម្រើនឥទ្ធិបាទ ដែលប្រកបដោយវីរិយសមាធិ និងបធានសង្ខារ១ ចម្រើនឥទ្ធិបាទ ដែលប្រកបដោយចិត្តសមាធិ និងបធានសង្ខារ១ ចម្រើនឥទ្ធិបាទ ដែលប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ១។

[១០៣] ឈាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់​នូវបឋមជ្ឈាន ប្រកបដោយ​វិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពី​សេចក្តីស្ងប់ស្ងាត់នោះ១ ភិក្ខុ​ព្រោះស្ងប់ស្ងាត់​ចាកវិតក្កៈ វិចារៈ ក៏បានដល់​នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុង​សន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា​មានសភាពជាចិត្តខ្ពស់ឯក មិនមាន​វិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែល​កើតអំពី​សមាធិ គឺបឋមជ្ឈាន១ ភិក្ខុ​ព្រោះ​នឿយណាយចាកបីតិផង ប្រកបដោយ​ឧបេក្ខាផង មានស្មារតីដឹងខ្លួន​ដោយប្រពៃ​ផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល​ដែល​បាន​នូវតតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌​ជាគ្រឿង​នៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានណា ក៏បានដល់នូវតតិយជ្ឈាន​នោះ១ ភិក្ខុ​ព្រោះ​លះបង់នូវ​សុខផង ព្រោះលះបង់​នូវទុក្ខផង ព្រោះអស់ទៅ​នៃសោមនស្ស និងទោមនស្ស​ក្នុងកាលមុន ក៏បានដល់នូវចតុត្ថជ្ឈាន មាន​អារម្មណ៍​មិនមែន​ជាទុក្ខ មិន​មែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា១។

[១០៤] សមាធិភាវនា [ការធ្វើសមាធិឲ្យដុះដាលឡើង។] ៤យ៉ាង ម្នាលអាវុសោ​ទាំងឡាយ មានសមាធិភាវនា ដែលបុគ្គលចម្រើន ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បី​នៅ​ជាសុខ ក្នុងបច្ចុប្បន្ន១។ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនា ដែលបុគ្គល​ចម្រើន​ហើយ ធ្វើឲ្យ​ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវញាណទស្សនៈ [បានដល់មគ្គញ្ញាណ ផលញ្ញាណ សព្វញ្ញុតញ្ញាណ បច្ចវេក្ខណញ្ញាណ និងវិបស្សនាញាណ]១។ ម្នាលអាវុសោ​ទាំងឡាយ មានសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បី​សតិ និងសម្បជញ្ញៈ១។ ម្នាលអាវុសោទាំងឡាយ មានសមាធិភាវនា ដែលបុគ្គល​ចម្រើន​ហើយ ធ្វើឲ្យ​ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីអស់ទៅ​នៃអាសវៈទាំងឡាយ១។ ម្នាលអាវុសោ​ទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ​ច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បី​​ជាសុខ ក្នុងបច្ចុប្បន្ន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ ហើយបាន​ដល់​នូវ​បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយ​វិចារៈ។បេ។ បានដល់នូវ​ចតុត្ថជ្ឈាន ម្នាលអាវុសោ​ទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ​ច្រើន​ហើយ តែងប្រព្រឹត្តទៅ ដើម្បី​​នៅជាសុខ ក្នុងបច្ចុប្បន្ន។ ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ​ច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បី​​បាននូវ​ញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ធ្វើទុកក្នុងចិត្ត នូវ​អាលោកសញ្ញា [សេចក្តីសំគាល់ក្នុងពន្លឺ។] អធិដ្ឋាន នូវ​ទិវាសញ្ញាថា [សេចក្តី​សំគាល់​ថាថ្ងៃ] ថ្ងៃយ៉ាងណា យប់យ៉ាងនោះ យប់យ៉ាងណា ថ្ងៃយ៉ាងនោះ មានចិត្តបើក​ចេញ​ស្រឡះ ឥតមានអ្វីរួបរឹតបិទបាំង ចម្រើន​ចិត្ត ដែល​ប្រកបដោយពន្លឺ ម្នាលអាវុសោ​ទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ​ច្រើន​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បីបាននូវញាណទស្សនៈ។ ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ​ច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បីសតិ និងសម្បជញ្ញៈ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ វេទនាកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង សញ្ញាកើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង វិតក្កៈ កើតឡើងក៏ដឹង តាំងនៅក៏ដឹង អស់ទៅក៏ដឹង ម្នាលអាវុសោ​ទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គល​ចម្រើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ តែងប្រព្រឹត្តទៅ ដើម្បី​​សតិ និងសម្បជញ្ញៈ។ ម្នាលអាវុសោទាំងឡាយ ចុះសមាធិភាវនា ដូចម្តេច ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ​ច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បី​អស់​ទៅនៃអាសវៈទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកពិចារណារឿយៗ នូវសេចក្តីកើតឡើង និងសូន្យទៅក្នុងឧបាទានក្ខន្ធ​ទាំង៥ថា រូបដូច្នេះ ការកើតឡើង​នៃរូបដូច្នេះ ការរលត់ទៅនៃរូបដូច្នេះ។ វេទនាដូច្នេះ។ សញ្ញាដូច្នេះ។ សង្ខារដូច្នេះ។ វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណ​ដូច្នេះ ការរលត់​ទៅ​នៃវិញ្ញាណដូច្នេះ ម្នាលអាវុសោ​ទាំងឡាយ នេះជាសមាធិភាវនា ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ​ច្រើន​ហើយ តែងប្រព្រឹត្តទៅ ដើម្បី​អស់ទៅ​នៃអាសវៈ​ទាំងឡាយ។

[១០៥] អប្បមញ្ញា៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្ត​ប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទី២ ទី៣ ទី៤ ក៏ដូចគ្នា ផ្សាយទៅកាន់ទិស​ខាង​លើ ខាងក្រោម និងទិសទទឹង [សំដៅយកទិសតូច​ទាំង៤ គឺទិស​អាគ្នេយ៍ ឦសាន និរតី ពាយព្យ។] មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង​១។ មានចិត្តប្រកបដោយករុណា១។ មានចិត្តប្រកបដោយមុទិតា១។ មានចិត្តប្រកប​ដោយ​ឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទី២ ទី៣ ទី៤ក៏ដូចគ្នា ផ្សាយទៅ​កាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង មានចិត្តប្រកបដោយឧបេក្ខា ដ៏ធំទូលាយ រកប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង១។

[១០៦] អរូបជ្ឈាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះ​ការប្រព្រឹត្ត​កន្លងនូវ​រូបសញ្ញា [ប្រែថា សេចក្តីសំគាល់​ក្នុងរូប។ ឯរូបក្នុង​ទីនេះ សំដៅយក​រូបាវចរជ្ឈានផង អារម្មណ៍​របស់រូបាវចរជ្ឈាន​នោះផង។] ដោយប្រការទាំងពួង ព្រោះការ​អស់​បដិឃសញ្ញា [ប្រែថា សេចក្តីសំគាល់កើតឡើង ដោយការប៉ះពាល់ គឺចក្ខុប៉ះពាល់នឹង​រូប​ជាដើម។] ព្រោះការលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា [គឺសញ្ញាផ្សេងៗគ្នា មាន៤៤ គឺកាមាវចរកុសលសញ្ញា៨ អកុសលសញ្ញា១២ កាមាវចរកុសលវិបាកសញ្ញា១១ អកុសល​វិបាកសញ្ញា២ កាមាវចរកិរិយសញ្ញា១១។] ក៏បានដល់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយ​ធ្វើ​ទុកក្នុងចិត្តថា អាកាសមិនមាន​ទីបំផុតដូច្នេះ១ ព្រោះប្រព្រឹត្ត​កន្លងនូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ធ្វើ​ទុកក្នុងចិត្តថា វិញ្ញាណមិន​មានទីបំផុត​ដូច្នេះ១ ព្រោះ​ប្រព្រឹត្តកន្លង​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុក​ក្នុងចិត្តថា វត្ថុតិចតួច​មិនមានដូច្នេះ១ ព្រោះ​ប្រព្រឹត្តកន្លង​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញា​យតនជ្ឈាន សម្រេច​សម្រាន្តនៅ ដោយឥរិយាបថទាំងបួន១។

[១០៧] អបស្សេនធម៌ គឺធម៌ជាទីពឹងផ្អែក៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ពិចារណា​ហើយ ទើបសេពនូវរបស់ដែល​គួរសេព [ការប្រើប្រាស់​បច្ច័យ​មានចីវរជាដើម។]១ ពិចារណាហើយ អត់សង្កត់​នូវហេតុដែលគួរ​អត់សង្កត់ [ការអត់ទ្រាំ​នូវហេតុ មានត្រជាក់ និងក្តៅជាដើម។]១ (ពិចារណា)ហើយ វៀរនូវរបស់​ដែលគួរ​វៀរ [ការ​ចៀសវាងនូវ​សត្វកាច មានដំរីជាដើម។]១ (ពិចារណា)ហើយ បន្ទោបង់នូវហេតុ​ដែល​គួរ​បន្ទោបង់ [ការបន្ទោបង់នូវអកុសលធម៌ មានកាមវិតក្កជាដើម។]១។

[១០៨] អរិយវង្ស [ប្រវេណីនៃព្រះអរិយបុគ្គល មានព្រះពុទ្ធជាដើម។]៤យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស ដោយចីវរណានីមួយ តែង​សរសើរគុណ នៃសេចក្តីសន្តោស ដោយចីវរណានីមួយ មិនដល់នូវការស្វែងរកដែល​មិនសមគួរ ព្រោះហេតុ​តែចីវរ មិនអន្ទះអន្ទែង ព្រោះ​មិនបានចីវរ បានចីវរហើយ មិន​រីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តី​ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញហើយបរិភោគ មិនលើកតម្កើង​ខ្លួនឯង មិន​បង្អាប់អ្នកដទៃ ព្រោះសេចក្តី​សន្តោស ដោយចីវរណានីមួយនោះឯង មួយទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គល​មិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុង​សេចក្តី​សន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោស ដោយបិណ្ឌបាតណានីមួយ តែង​សរសើរគុណ នៃសេចក្តីសន្តោស ដោយបិណ្ឌបាតណានីមួយ មិនដល់នូវការស្វែងរក ដែល​មិនសមគួរ ព្រោះហេតុ​តែបិណ្ឌបាត មិនអន្ទះអន្ទែង ព្រោះ​មិនបានបិណ្ឌបាត បានបិណ្ឌបាតហើយ មិន​រីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តី​ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ ហើយបរិភោគ មិនលើកតម្កើង​ខ្លួនឯង មិន​បង្អាប់​អ្នក​ដទៃ ព្រោះសេចក្តី​សន្តោស ដោយបិណ្ឌបាតណានីមួយនោះឯង ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គល​មិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុង​សេចក្តី​សន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នក​ឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​ជា​អ្នក​សន្តោស ដោយសេនាសនៈណានីមួយ តែង​សរសើរគុណ នៃសេចក្តីសន្តោស ដោយសេនាសនៈណានីមួយ មិនដល់នូវការស្វែងរក ដែល​មិនសមគួរ ព្រោះហេតុ​តែសេនាសនៈ មិនអន្ទះអន្ទែង ព្រោះ​មិនបានសេនាសនៈ បានសេនាសនៈហើយ មិន​រីករាយ មិនជ្រុលជ្រប់ មិនបានឲ្យតណ្ហាគ្របសង្កត់ ជាអ្នកមានសេចក្តី​ឃើញទោស ជាប្រក្រតី មានប្រាជ្ញា ជាគ្រឿងរលាស់ចេញ ហើយបរិភោគ មិនលើកតម្កើង​ខ្លួនឯង មិន​បង្អាប់អ្នកដទៃ ព្រោះសេចក្តី​សន្តោស ដោយសេនាសនៈណានីមួយនោះឯង មួយទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គល​មិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុង​សេចក្តី​សន្តោសនោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់​ហៅ​ថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុ​ជាអ្នកមានការលះកិលេសទាំងពួង ជាទីត្រេកអរ ជាអ្នក​ត្រេកអរ​ហើយក្នុងការលះ មានការចម្រើន [ចម្រើនគុណធម៌ មាននេក្ខម្មជាដើម មានអរហត្តមគ្គជា​ទីបំផុត។] ជាទីត្រេកអរ ជាអ្នកត្រេកអរហើយក្នុងការចម្រើន មិនលើកតម្កើង​ខ្លួនឯង មិន​បង្អាប់អ្នកដទៃ ព្រោះតែខ្លួនមានការលះ ជាទីត្រេកអរ ជាអ្នកត្រេកអរហើយ​ក្នុងការលះ មានការចម្រើន ជាទីត្រេកអរ ត្រេកអរហើយក្នុងការចម្រើននោះឯង មួយវិញទៀត ភិក្ខុណា ជាអ្នកឈ្លាសវៃ ជាបុគ្គល​មិនខ្ជិលច្រអូស មានសម្បជញ្ញៈ មានសតិតាំងនៅមាំ ក្នុង​​ការត្រេកអរ​នោះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះឯង ព្រះមានព្រះភាគ ត្រាស់ហៅថា អ្នកឋិតនៅក្នុងអរិយវង្ស ជាច្បាប់ទំលាប់ចាស់១។

[១០៩] ការព្យាយាមជាគ្រឿង​តំកល់៤យ៉ាង គឺការព្យាយាមក្នុងសេចក្តីសង្រួម១ ការព្យាយាមក្នុងការលះ១ ការព្យាយាម​ក្នុង​ការចម្រើន១ ការព្យាយាមក្នុងការ​រក្សារឿយៗ១។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាម ក្នុងសេចក្តី​សង្រួម​តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ហើយមិនកាន់យក​នូវ​និមិត្ត មិនកាន់យក​នូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គល​ដែល​មិនសង្រួម​ចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុ​មិនសង្រួម​ចក្ខុន្ទ្រិយណា ប្រតិបត្តិ​ដើម្បីសង្រួម​នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវ​ការសង្រួម​ក្នុងចក្ខុន្ទ្រិយ។ ឮសំឡេង​ដោយត្រចៀក។ ធុំក្លិន​ដោយច្រមុះ។ ទទួលរសដោយអណ្តាត។ ពាល់ត្រូវ​សម្ផស្ស ដោយកាយ។ ដឹងធម្មារម្មណ៍ដោយចិត្ត ហើយមិនកាន់យក​នូវ​និមិត្ត មិនកាន់យក​នូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បីជាប់តាមបុគ្គល​ដែល​មិនសង្រួម​មនិន្ទ្រិយនុ៎ះ ព្រោះហេតុ​មិនសង្រួម​មនិន្ទ្រិយណា ប្រតិបត្តិ​ដើម្បីសង្រួម​នូវមនិន្ទ្រិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវ​ការសង្រួម​ក្នុងមនិន្ទ្រិយ ម្នាលអាវុសោទាំងឡាយ នេះ​ព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាម​ក្នុងសេចក្តី​សង្រួម។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការលះ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបណ្តោយ​ឲ្យកាមវិតក្កៈ ដែលកើត​ឡើង​ហើយ ឲ្យអាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន មិនបណ្តោយ​ឲ្យព្យាបាទវិតក្កៈ ដែលកើតឡើងហើយ។បេ។ មិនបណ្តោយ​ឲ្យ​វិហឹសាវិតក្កៈ ដែល​កើតឡើងហើយ អាស្រ័យ​នៅបាន គឺលះបង់។បេ។ មិនបណ្តោយ​ឲ្យអកុសលធម៌​ទាំង​ឡាយដ៏អាក្រក់ ដែលកើត​ឡើង​ហើយរឿយៗ អាស្រ័យនៅបាន គឺលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យកើតមាន ម្នាលអាវុសោទាំងឡាយ នេះព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាមក្នុងការលះ។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការចម្រើន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើន​សតិសម្ពោជ្ឈង្គ ដែល​អាស្រ័យនូវ​វេវេកធម៌ អាស្រ័យនូវវិរាគធម៌ អាស្រ័យ​នូវនិរោធធម៌ ជាធម៌​បង្អោន​ទៅ ដើម្បី​ការលះកិលេស។ ចម្រើនធម្មវិចយសម្ពោជ្ឈង្គ។ ចម្រើនវីរិយសម្ពោជ្ឈង្គ។ ចម្រើនបីតិសម្ពោជ្ឈង្គ។ ចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ។ ចម្រើនសមាធិសម្ពោជ្ឈង្គ។ ចម្រើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ​នូវវិវេកធម៌ អាស្រ័យនូវ​វិរាគធម៌ ចម្រើន​នូវ​និរោធធម៌ ជាធម៌បង្អោនទៅ ដើម្បីលះកិលេស ម្នាលអាវុសោទាំងឡាយ នេះ​ព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាមក្នុងការចម្រើន។ ម្នាលអាវុសោទាំងឡាយ ចុះការព្យាយាមក្នុងការរក្សារឿយៗ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ រក្សារឿយៗ នូវសមាធិនិមិត្តដ៏ល្អ ដែលកើតឡើង​ហើយ គឺអដ្ឋិកសញ្ញា [សេចក្តី​សំគាល់​ក្នុងអដ្ឋិកអសុភ គឺអសុភដែលនៅតែរាងឆ្អឹង។] បុឡុវកសញ្ញា [សេចក្តី​សំគាល់ក្នុង​បុឡុវកអសុភ គឺអសុភដែល​មានដង្កូវចុះ។] វិនីលកសញ្ញា [សេចក្តីសំគាល់​ក្នុងវិនីលកអសុភ គឺអសុភ ដែល​មានសម្បុរ​ខៀវ។] វិច្ឆិទ្ទកសញ្ញា [សេចក្តី​សំគាល់​ក្នុងវិច្ឆិទ្ទកអសុភ គឺអសុភដែលដាច់ពាក់កណ្តាលខ្លួន។] ឧទ្ធុមាតកសញ្ញា [សេចក្តីសំគាល់​ក្នុងឧទ្ធុមាតកអសុភ គឺអសុភដែលហើមប៉ោង។] ម្នាលអាវុសោទាំងឡាយ នេះ​ព្រះមានព្រះភាគ ត្រាស់ហៅថា ការព្យាយាម​ក្នុងការរក្សារឿយៗ។

[១១០] ញាណ គឺសេចក្តីដឹង៤យ៉ាង គឺសេចក្តីដឹងក្នុងធម៌ គឺមគ្គផល១ សេចក្តី​ដឹង​ក្នុងលំនាំ​របស់ញាណនោះ១ សេចក្តីដឹង​ក្នុងកិរិយាកំណត់ចិត្ត របស់​បុគ្គលដទៃ១ សេចក្តី​ដឹង​ក្នុងការសន្មតិ១។ ញាណ គឺសេចក្តីដឹង៤យ៉ាងដទៃទៀត គឺសេចក្តី​ដឹងក្នុងទុក្ខ សេចក្តី​ដឹង​ក្នុងទុក្ខសមុទយ១ សេចក្តីដឹងក្នុងទុក្ខនិរោធ១ សេចក្តីដឹងក្នុងទុក្ខនិរោធគាមិនី​បដិបទា១។

[១១១] អង្គនៃសោតាបត្តិមគ្គ៤យ៉ាង គឺការសេពគប់នូវសប្បុរស១ ការស្តាប់ធម៌របស់​សប្បុរស១ ការធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា១ សេចក្តី​ប្រតិបត្តិ​ធម៌ សមគួរ​ដល់លោកុត្តរធម៌១។

[១១២] អង្គរបស់សោតាបន្នបុគ្គល ៤យ៉ាង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក​ក្នុង​សាសនានេះ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនកម្រើក​ក្នុងព្រះពុទ្ធថា ព្រះមានព្រះភាគ​អង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹងដោយប្រពៃ ចំពោះ​ព្រះអង្គឯង ទ្រង់​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់​នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាស្មើគ្នា ទ្រង់ជាអ្នកទូន្មាន នូវបុរស​ដែល​គួរ​ទូន្មាន ទ្រង់ជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់​ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងមកកាន់ភពថ្មីទៀត ដោយហេតុនេះ១ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក​ក្នុងព្រះធម៌ថា ព្រះបរិយត្តិធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ដែល​បុគ្គល​គប្បីឃើញ​ដោយខ្លួនឯង ជាធម៌​ឲ្យផល មិនរង់ចាំកាល ជាធម៌គួរដល់​ឯហិបស្សវិធី ជាធម៌គួរ​បង្អោន​ចូល​មកទុកក្នុងខ្លួន ជាធម៌ដែល​ពួកវិញ្ញូ​ជន គប្បី​ដឹងច្បាស់​ចំពោះខ្លួន១ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក​ក្នុងព្រះសង្ឃថា ពួក​សាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិល្អហើយ ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិ​ត្រង់ហើយ ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិ​ដើម្បី​ព្រះនិព្វាន ពួកសាវ័ករបស់ព្រះមានព្រះភាគ ប្រតិបត្តិ​គួរហើយ បើរាប់ជាគូនៃបុរស បាន៤គូ បើរាប់​រៀងជាបុរស​បុគ្គល​បាន៨ ពួកសាវ័ករបស់ព្រះមានព្រះភាគនេះ គួរទទួលនូវ​ចតុបច្ច័យ ដែល​គេនាំមកអំពីចម្ងាយ ហើយបូជា គួរទទួល​នូវសក្ការៈ ដែល​គេតាក់តែង​ដើម្បីភ្ញៀវ គួរ​ទទួលនូវទក្ខិណា (ទាន) គួរដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វ​លោក១ ប្រកប​ដោយសីល ជាទីត្រេកអរនៃព្រះអរិយៈ គឺជាសីលមិនដាច់ មិនធ្លុះមិនពពាល មិន​ពព្រុះ ជាភុជិស្សសីល (មិនមែន​ជាខ្ញុំតណ្ហា) ជាសីល​ដែលអ្នកប្រាជ្ញសរសើរ ជាសីល​មិន​ជ្រោកជ្រាកដោយតណ្ហា និងទិដ្ឋិ ជាសីលប្រព្រឹត្តទៅ ដើម្បី​បាននូវ​សមាធិ១។

[១១៣] សាមញ្ញផល [ផលនៃសមណធម៌ ឬផលភ្នួស។] មាន៤យ៉ាង គឺ សោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។

[១១៤] ធាតុ៤យ៉ាង គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។

[១១៥] អាហារ៤យ៉ាងគឺ អាហារ​គួរធ្វើ​ឲ្យជាពំនូត [បានដល់បាយ និងនំ ជាដើម តែង​នាំមកនូវឱជដ្ឋមករូប។] គ្រោតគ្រាតក្តី ល្អិតក្តី១ ផស្សៈ [បានដល់​ផស្សៈ​ទាំង​៦ មានចក្ខុ​សម្ផស្សជាដើម តែងនាំមកនូវវេទនាទាំង៣។] ជាអាហារទី២ មនោសញ្ចេតនា [បានដល់កុសលាកុសលចេតនា ដែលអាស្រ័យ​នឹងចិត្ត ចេតនានោះ ចែកទៅជា៣ គឺបុញ្ញាភិសង្ខារ១ អបុញ្ញាភិសង្ខារ១ អនេញ្ជាភិសង្ខារ១ តែងនាំមកនូវ​បដិសន្ធិក្នុងភព​ទាំង​៣។] ជាអាហារទី៣ វិញ្ញាណ [បានដល់វិញ្ញាណក្ខន្ធ គឺចិត្តតែងនាំមកនូវនាមរូប ក្នុងខណៈនៃបដិសន្ធិ។] ជាអាហារទី៤។

[១១៦] វិញ្ញាណដ្ឋិតិ (ធម្មជាតិ ជាទីតាំងនៅរបស់វិញ្ញាណ) ៤យ៉ាង ម្នាលអាវុសោ​ទាំងឡាយ វិញ្ញាណដែលស្ថិតនៅ ក៏ស្ថិតនៅអាស្រ័យនឹងរូប មានរូបជាអារម្មណ៍ តាំង​នៅ​ក្នុងរូប ចូលទៅអាស្រ័យ​នូវសេចក្តី​ត្រេកអរ តែងដល់នូវសេចក្តី​ចម្រើនលូតលាស់ ធំទូលាយ១។ ម្នាលអាវុសោ​ទាំងឡាយ វិញ្ញាណអាស្រ័យវេទនា១។ ម្នាលអាវុសោ​ទាំងឡាយ វិញ្ញាណអាស្រ័យសញ្ញា១។ ម្នាលអាវុសោ​ទាំងឡាយ វិញ្ញាណ​ដែលស្ថិត​នៅ ក៏ស្ថិតនៅអាស្រ័យ​នឹងសង្ខារ មានសង្ខារ​ជាអារម្មណ៍ តាំងនៅ​ក្នុងសង្ខារ ចូលទៅ​អាស្រ័យ នូវ​សេចក្តីត្រេកអរ តែងដល់នូវ​សេចក្តីចម្រើនលូតលាស់ធំទូលាយ១។

[១១៧] ការលុះអគតិ៤យ៉ាងគឺ បុគ្គលលុះឆន្ទាគតិ១ លុះទោសាគតិ១ លុះ​មោហាគតិ១ លុះភយាគតិ១។

[១១៨] ការកើតឡើងនៃតណ្ហា៤យ៉ាង ម្នាលអាវុសោ​ទាំងឡាយ តណ្ហាកាលកើត​ឡើងដល់ភិក្ខុ តែង​កើតឡើង ព្រោះហេតុតែ​ចីវរ១ ម្នាលអាវុសោ​ទាំងឡាយ តណ្ហា​កាល​កើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែបិណ្ឌបាត១ ម្នាលអាវុសោ​ទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែសេនាសនៈ១ ម្នាលអាវុសោ​ទាំងឡាយ តណ្ហាកាលកើតឡើងដល់ភិក្ខុ តែងកើតឡើង ព្រោះហេតុតែវត្ថុ​ថ្លៃថ្លាយ៉ាង​ក្រៃលែង១ [បានដល់គិលានភេសជ្ជបច្ច័យ មានប្រេង ទឹកឃ្មុំ ទឹកអំពៅជាដើម។]។

[១១៩] បដិបទា៤យ៉ាង គឺបដិបទាជាទុក្ខ ហើយត្រាស់ដឹងបានដោយយឺតយូរ១ បដិបទាជាទុក្ខ ហើយត្រាស់ដឹងបានដោយឆាប់រហ័ស១ បដិបទាជាសុខ តែត្រាស់​ដឹង​បានដោយយឺតយូរ១ បដិបទាជាសុខ ហើយត្រាស់ដឹង​បានដោយឆាប់រហ័ស១។

[១២០] បដិបទា៤យ៉ាងដទៃទៀត គឺ បដិបទាមិនអត់ធន់ (នឹងត្រជាក់ជាដើម)១ បដិបទាអត់ធន់បាន១ បដិបទាទូន្មាន (នូវ​ឥន្ទ្រិយ) បាន១ បដិបទារម្ងាប់ (វិតក្កៈ)បាន១។

[១២១] ចំណែក​ធម៌៤យ៉ាង គឺសេចក្តី​មិនលោភ ជាចំណែកធម៌១ សេចក្តី​មិនព្យាបាទ ជាចំណែកធម៌១ ការនឹករឭកត្រូវ ជាចំណែកធម៌១ ការតាំងចិត្តទុកត្រូវ ជាចំណែកធម៌១។

[១២២] ការសមាទានធម៌៤យ៉ាង ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខ​ក្នុងបច្ចុប្បន្នផង មានផលជាទុក្ខតទៅខាងមុខ [បានដល់សេចក្តីប្រតិបត្តិរបស់​ពួក​អចេល។] ផង១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាទុក្ខ​ក្នុងបច្ចុប្បន្ន តែមានផលជាសុខតទៅខាងមុខ [ការប្រព្រឹត្តព្រហ្មចរិយធម៌ ដ៏បរិសុទ្ធរបស់​បុគ្គល​ដែល​មានកិលេសក្រាស់ មិនអាចនឹងឈោង​ចាប់យកព្រះអរហត្តបាន ហើយក៏ស្រែក​យំ មានមុខ​ទទឹកដោយទឹកភ្នែក។]១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខ​ក្នុង​បច្ចុប្បន្ន តែមានផលជាទុក្ខតទៅខាងមុខ [ការប្រព្រឹត្តធម៌របស់បុគ្គល​ដែល​មានចិត្តធ្លាក់​ចុះទៅ​ក្នុង​កាម។]១ ម្នាលអាវុសោទាំងឡាយ ការសមាទានធម៌ ជាសុខក្នុងបច្ចុប្បន្នផង មានផលជាសុខ​តទៅខាងមុខ [សាសនព្រហ្មចរិយរបស់បុគ្គលខ្លះ បើទុកជាមិនបាន​នូវបច្ច័យ​ទាំង៤ ក៏គង់នៅប្រកបដោយសេចក្តីសុខ ដោយអំណាច​ឈាន និងវិបស្សនា។]ផង។

[១២៣] ធម្មក្ខន្ធ៤យ៉ាង គឺ សីលក្ខន្ធ [ខន្ធក្នុងទីនេះ ប្រែថា គុណសីលក្ខន្ធ ប្រែថា គុណគឺសីល។]១ សមាធិក្ខន្ធ១ បញ្ញាខន្ធ១ វិមុត្តិក្ខន្ធ១។

[១២៤] កំឡាំង៤យ៉ាង គឺកំឡាំង​ព្យាយាម១ កំឡាំង​សតិ១ កំឡាំង​សមាធិ១ កំឡាំង​បញ្ញា១។

[១២៥] អធិដ្ឋា [ធម្មជាតជាទីតាំងនៃបុរស​មានគុណដ៏ក្រៃលែង។]៤យ៉ាងគឺ អធិដ្ឋាន​គឺមគ្គផលបញ្ញា១ អធិដ្ឋាន គឺវចីសច្ចៈ១ អធិដ្ឋាន គឺការលះបង់នូវអាមិសៈ១ អធិដ្ឋាន គឺការរម្ងាប់នូវកិលេស១។

[១២៦] បញ្ហាព្យាករណ៍ (ការឆ្លើយប្រស្នា)៤យ៉ាង គឺ ប្រស្នាដែលគួរឆ្លើយទៅតែម្តង​១ ប្រស្នាដែលគួរសួរតបទៅវិញ ហើយទើបឆ្លើយ១ ប្រស្នាដែលគួរឆ្លើយចែករលែក​ឲ្យពិស្តារ១ ប្រស្នាដែល​គួរបញ្ឈប់​ទុក១។

[១២៧] កម្ម៤យ៉ាង ម្នាលអាវុសោទាំងឡាយ កម្មខ្មៅ [បានដល់​អកុសលកម្មបថ​១០ ឲ្យផលខ្មៅ គឺឲ្យទៅកើតក្នុងអបាយ។]ឲ្យផលខ្មៅក៏មាន១ ម្នាលអាវុសោទាំងឡាយ កម្មស [គឺអកុសលកម្មបទ១០ ឲ្យផលស គឺឲ្យទៅកើតក្នុងសួគ៌។] ឲ្យផលសក៏មាន១ ម្នាលអាវុសោទាំងឡាយ កម្ម​ទាំងខ្មៅទាំងស [គឺអកុសល និងកុសលច្រឡំលាយគ្នា ឲ្យផល​ទាំងខ្មៅ ទាំងស គឺដូច​ជាសត្វខ្លះ ទៅកើតជាសត្វដំរី ដោយអកុសល បានមកដំរីជាមង្គល គេឲ្យនៅជាសុខ​ដោយ​កុសល សត្វខ្លះទៅកើតក្នុងរាជត្រកូល​ដោយកុសល តែត្រឡប់​បានសេចក្តី​ទុក្ខ​វិញ​ដោយអកុសល។​] ឲ្យផលទាំងខ្មៅទាំងសក៏មាន១ ម្នាលអាវុសោទាំងឡាយ កម្ម​មិនខ្មៅ​មិនស [បានដល់មគ្គញ្ញាណទាំង៤។] ឲ្យផលទាំងមិនខ្មៅ ទាំងមិនស តែងប្រព្រឹត្ត​ទៅដើម្បី​អស់កម្ម១។

[១២៨] ធម៌ដែលបុគ្គល​ត្រូវធ្វើឲ្យជាក់ច្បាស់៤យ៉ាង គឺបុព្វេនិវាស (ដែល​ខ្លួន​អាស្រ័យ​នៅក្នុងកាលមុន) ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ១ ចុតូបបាត (ចុតិ និងបដិសន្ធិ) របស់សត្វទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយទិព្វចក្ខុ១ វិមោក្ខ៨ប្រការ ត្រូវធ្វើឲ្យជាក់ច្បាស់​ដោយនាមកាយ១ ធម៌ជាគ្រឿង​អស់ទៅ​នៃអាសវៈទាំងឡាយ ត្រូវ​ធ្វើ​ឲ្យជាក់ច្បាស់ ដោយអរហត្តផលបញ្ញា១។

[១២៩] ឱឃៈ (ធម៌​ជាគ្រឿងពន្លិចសត្វ)៤យ៉ាងគឺ កាមោឃៈ [រាគៈ ប្រកបដោយ​កាមគុណទាំង៥ ហៅថា កាមោឃៈ។]១ ភវោឃៈ [ឆន្ទរាគប្រព្រឹត្តទៅក្នុងរូបភព និងអរូបភព ហៅថា ភវោឃៈ។ មួយទៀតថា សេចក្តីអាល័យក្នុងឈានក្តី រាគប្រកបដោយ​សស្សតទិដ្ឋិក្តី ហៅថា ភវោឃៈដែរ។]១ ទិដ្ឋោឃៈ [ទិដ្ឋិ​៦២ ហៅថា ទិដ្ឋោឃៈ។]១ អវិជ្ជោឃៈ [សេចក្តី​មិនដឹងក្នុង​អរិយសច្ចទាំង៤ ហៅថា អវិជ្ជោឃៈ។]១។

[១៣០] យោគៈ (ធម៌ជាគ្រឿង​ប្រកបសត្វក្នុងវដ្តៈ) ៤យ៉ាង គឺ កាមយោគៈ១ ភវយោគៈ១ ទិដ្ឋិយោគៈ១ អវិជ្ជាយោគៈ១។

[១៣១] វិសំយោគៈ (ធម៌ជាគ្រឿងដោះសត្វ)៤យ៉ាង គឺធម៌ជាគ្រឿង​ដោះសត្វ ចាក​កាមយោគៈ [សំដៅយកអសុភជ្ឈាន ឬអនាគាមិមគ្គ]១ ធម៌ជាគ្រឿង​ដោះសត្វ​ចាកភវយោគៈ [អរហត្តមគ្គ។]១ ធម៌ជាគ្រឿង​ដោះសត្វ​ចាកទិដ្ឋិយោគៈ [សោតាបត្តិមគ្គ។]១ ធម៌ជាគ្រឿងដោះសត្វ ចាកអវិជ្ជាយោគៈ [អរហត្តមគ្គ (អដ្ឋកថា)។]១។

[១៣២] ធម៌ជាគ្រឿងចងព័ទ្ធ៤យ៉ាងគឺ អភិជ្ឈាជាគ្រឿង​ចងព័ទ្ធកាយ [សំដៅយក​នាមកាយ និងរូបកាយ]១ ព្យាបាទជាគ្រឿង​ចងព័ទ្ធកាយ១ សេចក្តីប្រកាន់ខុស ដោយសីល និងវ័ត ជាគ្រឿង​ចងព័ទ្ធកាយ១ សេចក្តីប្រកាន់មាំថា ពាក្យនេះជាពាក្យពិត ពាក្យដទៃ​ជាពាក្យទទេ ជាគ្រឿង​ចងព័ទ្ធកាយ១។

[១៣៣] ធម្មជាតជាគ្រឿងប្រកាន់មាំ៤យ៉ាង គឺ កាម ជាគ្រឿងប្រកាន់មាំ១ មិច្ឆាទិដ្ឋិ ជាគ្រឿងប្រកាន់មាំ១ ការប្រកាន់មាំដោយសីលព្វត១ ការប្រកាន់​មាំដោយពោលថាខ្លួន១។

[១៣៤] កំណើត​៤យ៉ាងគឺ កំណើតរបស់សត្វ​ដែល​កើតក្នុងស៊ុត១ កំណើត​របស់​សត្វ​ដែលកើត​ក្នុងទឹក១ កំណើតរបស់សត្វ​ដែលកើត​ក្នុងទីស្មោកគ្រោក១ [កំណើត​របស់​សត្វ ដែលកើត​លើទីដេក ឬទី​ស្មោកគ្រោក មានត្រីស្អុយជាដើម។] កំណើតរបស់​សត្វ​ដែល​អណ្តែត​ទៅកើតភ្លាម១។

[១៣៥] ការចុះកាន់គភ៌ (របស់សត្វ)៤យ៉ាង ម្នាលអាវុសោទាំងឡាយ សត្វ​ពួកខ្លះ​ក្នុង​លោកនេះ ចុះកាន់​ផ្ទៃ​មាតា ក៏មិនដឹងខ្លួន ឋិតនៅក្នុងផ្ទៃ​មាតាក៏មិនដឹងខ្លួន សម្រាល​ចាកផ្ទៃ​មាតា ក៏មិនដឹង​ខ្លួនទៀត នេះជាការចុះកាន់គភ៌ទី១ [បានដល់លោកិយ​មនុស្សជា​ប្រក្រតី]។ ម្នាលអាវុសោទាំងឡាយ មួយទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា​ដឹងខ្លួន តែនៅក្នុងផ្ទៃមាតា មិនដឹងខ្លួន សម្រាល​ចាកផ្ទៃ​មាតា ក៏មិនដឹង​ខ្លួនដែរ នេះជាការចុះកាន់ផ្ទៃមាតា [បានដល់អសីតិមហាសាវ័ក]ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា​ក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន តែសម្រាលចាកផ្ទៃមាតា មិនដឹងខ្លួន នេះជាការចុះកាន់គភ៌ [បានដល់អគ្គសាវ័កទាំងពីរ និងព្រះបច្ចេកពោធិសត្វ]​ទី៣។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត សត្វពួកខ្លះក្នុងលោកនេះ ចុះកាន់ផ្ទៃមាតា​ក៏ដឹងខ្លួន នៅក្នុងផ្ទៃមាតា ក៏ដឹងខ្លួន សម្រាល​ចាកផ្ទៃមាតា ក៏ដឹងខ្លួន នេះជាការចុះកាន់គភ៌ [បានដល់​ព្រះសព្វញ្ញុពោធិសត្វ]​ទី៤។

[១៣៦] ការបាននូវអត្តភាពមាន៤យ៉ាង ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែងធ្វើខ្លួនឲ្យ​ស្លាប់ ចេតនា​របស់អ្នកដទៃពុំបានធ្វើឲ្យស្លាប់​ឡើយ ក្នុងការបាន​នូវ​អត្តភាព​ណា ការបាននូវអត្តភាព​នោះ រមែង​មាន [បានដល់កំណើតខិឌ្ឌាបទោសិកទេវតា ជាទេវតាវិនាសខ្លួនដោយល្បែង ហៅថា ស្លាប់ដោយចេតនារបស់ខ្លួន មិនស្លាប់​ដោយចេតនារបស់អ្នកដទៃ។]១។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់អ្នក​ដទៃ រមែង​ធ្វើខ្លួន​ឲ្យស្លាប់ ចេតនារបស់ខ្លួន​មិនបានធ្វើ​ឲ្យស្លាប់ឡើយ ក្នុងការបាន​នូវ​អត្តភាពណា ការបាននូវ​អត្តភាពនោះ រមែងមាន១។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន រមែង​ធ្វើខ្លួន​ឲ្យស្លាប់ ទាំងចេតនារបស់អ្នកដទៃ ក៏រមែងធ្វើ​ឲ្យស្លាប់ ក្នុងការបាន​នូវ​អត្តភាពណា ការបាននូវ​អត្តភាពនោះ រមែងមាន [បានដល់កំណើត​មនោបទោសិកទេវតា ជាទេវតា​វិនាសដោយ​ចិត្តរបស់ខ្លួន​ឯង។]១។ ម្នាលអាវុសោទាំងឡាយ ចេតនារបស់ខ្លួន ក៏មិន​ធ្វើ​ឲ្យ​ស្លាប់ ចេតនារបស់អ្នកដទៃ ក៏​មិនធ្វើ​ឲ្យស្លាប់ដែរ ក្នុងការបាន​នូវ​អត្តភាពណា ការបាននូវ​អត្តភាពនោះ រមែងមាន [បានដល់កំណើតទាំងឡាយ មានចាតុម្មហារាជិកទេវតា​ជាដើម ជាទេវតាមិនស្លាប់ដោយ​ចេតនារបស់ខ្លួន និងចេតនារបស់បុគ្គលដទៃ។]១។

[១៣៧] សេចក្តីបរិសុទ្ធរបស់ទក្ខិណា [ជាឈ្មោះរបស់ទាន (អដ្ឋកថា)។]មាន​៤យ៉ាង ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីទាយក (អ្នកឲ្យ) មិនបរិសុទ្ធ​អំពី​បដិគ្គាហក (អ្នកទទួល)១។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពីបដិគ្គាហក មិន​បរិសុទ្ធអំពីទាយក១។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាមិនបរិសុទ្ធអំពីទាយក មិនបរិសុទ្ធ​អំពី​បដិគ្គាហក១។ ម្នាលអាវុសោទាំងឡាយ ទក្ខិណាបរិសុទ្ធអំពី​ទាយកផង អំពី​បដិគ្គាហកផង១។

[១៣៨] សង្គហវត្ថុ [ហេតុនៃការសង្គ្រោះ។]មាន៤យ៉ាង គឺការឲ្យ១ ការចរចាពាក្យ​ជាទីស្រឡាញ់១ ការប្រព្រឹត្ត​ឲ្យជាប្រយោជន៍១ ភាវៈ​ជាបុគ្គល​មានខ្លួន​ស្មោះស្មើ [ការរួម​សុខ រួមទុក្ខជាមួយគ្នា មានអង្គុយលើអាសនៈជាមួយគ្នា ដេកលើគ្រែ​ជាមួយគ្នា និងបរិភោគ​ជាមួយគ្នា ជាដើម។]១។

[១៣៩] វោហារមិនមែន​ជារបស់​ព្រះអរិយៈ មាន៤យ៉ាងគឺ ពាក្យកុហក១ សំដីញុះញង់១ សំដីទ្រគោះ១ សំដីរោយរាយឥតប្រយោជន៍១។

[១៤០] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាង គឺ ការវៀរចាកពាក្យកុហក១ ការវៀរចាកសំដីញុះញង់១ ការវៀរចាក​សំដី​ទ្រគោះ១ ការវៀរចាកសំដី​រោយរាយ ឥត​ប្រយោជន៍១។

[១៤១] វោហារមិនមែនជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ មិនឃើញ​ថាឃើញ​១ មិនឮ ថាឮ១ មិនប៉ះពាល់ [សំដៅយកការហិតក្លិនដោយច្រមុះ លិទ្ធជញ្ជាប់​ដោយ​អណ្តាត ពាល់​ត្រូវ​សម្ផស្សដោយកាយ។] ថាប៉ះពាល់១ មិនដឹងច្បាស់ ថាដឹងច្បាស់១។

[១៤២] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ មិនឃើញ​ថាមិន​ឃើញ​១ មិនឮ ថាមិនឮ១ មិនប៉ះពាល់ ថាមិនប៉ះពាល់១ មិនដឹងច្បាស់ ថាមិន​ដឹង​ច្បាស់១។

[១៤៣] វោហារជាមិនមែនជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ ឃើញ​ថាមិន​ឃើញ​១ ឮ ថាមិនឮ១ បានប៉ះពាល់ ថាមិនបានប៉ះពាល់១ ដឹងច្បាស់ ថាមិន​ដឹង​ច្បាស់១។

[១៤៤] វោហារជារបស់ព្រះអរិយៈ មាន៤យ៉ាងដទៃទៀត គឺ ឃើញ​ថា​ឃើញ​១ ឮ ថាឮ១ ប៉ះពាល់ ថាប៉ះពាល់១ ដឹងច្បាស់ ថា​ដឹង​ច្បាស់១។

[១៤៥] បុគ្គលមាន៤ពួក ម្នាលអាវុសោទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ១។ ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម ដើម្បី​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ១។ ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ​ផង ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ ប្រកប​ព្យាយាម​ដើម្បី​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ​ផង១។ ម្នាល​អាវុសោ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ មិន​ប្រកប​ព្យាយាម ដើម្បី​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ មិន​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ មិន​ប្រកប​ព្យាយាម ដើម្បី​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ បុគ្គល​នោះ​ឈ្មោះ​ថា មិន​ធ្វើ​ខ្លួន​ឱ្យ​ក្ដៅ មិន​ធ្វើ​បុគ្គល​ដទៃ​ឱ្យ​ក្ដៅ ជា​អ្នក​លែង​មាន​សេចក្ដី​ស្រេក​ឃ្លាន មាន​ទុក្ខ​រលត់​ហើយ មាន​សេចក្ដី​ត្រជាក់​កើត​ហើយ ទទួល​នូវ​សេចក្ដី​សុខ មាន​ខ្លួន​ដូច​ជា​ព្រហ្ម​នៅ​ក្នុង​បច្ចុប្បន្ន​នេះ១។

[១៤៦] បុគ្គល​មាន៤ពួកដទៃទៀត ម្នាលអាវុសោទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួន មិនប្រតិបត្តិដើម្បី​ប្រយោជន៍​អ្នកដទៃ១។ ម្នាលអាវុសោទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍អ្នក​ដទៃ មិនប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោក​នេះ មិនប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួន មិនប្រតិបត្តិដើម្បី​ប្រយោជន៍​អ្នកដទៃ១។ ម្នាលអាវុសោទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ ប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួនផង ដើម្បី​ប្រយោជន៍​អ្នកដទៃផង១។

[១៤៧] បុគ្គល​មាន៤ពួកដទៃទៀតគឺ បុគ្គល​ងងឹត មានងងឹត​ប្រព្រឹត្តទៅខាងមុខទៀត [បុគ្គលកើតក្នុងត្រកូលថោកទាប ហើយប្រព្រឹត្តទុច្ចរិតទៀត។]១ បុគ្គលងងឹត តែ​មានពន្លឺ​ប្រព្រឹត្ត​ទៅខាងមុខ [បុគ្គល​កើតក្នុងត្រកូលថោកទាប តែប្រព្រឹត្ត​សុចរិត។]១ បុគ្គល​មានពន្លឺ តែមានងងឹត ប្រព្រឹត្តទៅខាងមុខ [បុគ្គលកើតក្នុងត្រកូលខ្ពង់ខ្ពស់ តែប្រព្រឹត្ត​ទុច្ចរិត។]១ បុគ្គល​មានពន្លឺ មានពន្លឺប្រព្រឹត្តទៅខាងមុខទៀត [បុគ្គល​កើតក្នុងត្រកូល​ខ្ពង់ខ្ពស់ ហើយប្រព្រឹត្ត​សុចរិត។]១។

[១៤៨] បុគ្គល​មាន៤ពួកដទៃទៀត គឺ សមណៈមិនកម្រើក [សោតាបន្នសមណៈ]១ សមណៈដូចផ្កាឈូកក្រហម [សកទាគាមិសមណៈ]១ សមណៈដូចផ្កាឈូកស [អនាគាមិសមណៈ]១ សមណៈជាអ្នកទន់​ល្អិតល្អក្នុងពួកសមណៈ [អរហន្តសមណៈ]១។ ម្នាលអាវុសោទាំងឡាយ ពួកធម៌បួនៗនេះឯង ដែល​ព្រះមានព្រះភាគ​អង្គនោះ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ហើយដោយប្រពៃ យើងទាំងអស់គ្នា គួរសង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បី​សេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដល់ទេវតា និងមនុស្សទាំងឡាយ។

ចប់ ពួកធម៌បួនៗ ដែលរាប់​ចូលក្នុងការសង្គាយនា។

ពួកធម៌ប្រាំៗកែប្រែ

[១៤៩] ម្នាលអាវុសោទាំងឡាយ ពួកធម៌ប្រាំៗ ព្រះមានព្រះភាគ​អង្គនោះ ជា​អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់​ទ្រង់សំដែង​ហើយដោយប្រពៃ យើង​ទាំងអស់គ្នា គួរសង្គាយនាក្នុងធម៌ទាំងនោះ។បេ។ ដើម្បី​សេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌ប្រាំៗ តើដូចម្តេច។ ខន្ធ៥យ៉ាង គឺ រូបក្ខន្ធ១ វេទនាខន្ធ១ សញ្ញាខន្ធ១ សង្ខារក្ខន្ធ១ វិញ្ញាណក្ខន្ធ១។

[១៥០] ឧបាទានក្ខន្ធ៥យ៉ាង គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។

[១៥១] កាមគុណ៥យ៉ាង គឺ រូបទាំងឡាយដែល​គប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាព​ជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃ​សេចក្តីត្រេកអរ១។ សំឡេង​ទាំងឡាយ ដែល​គប្បីដឹងដោយត្រចៀក១។ ក្លិនទាំងឡាយ ដែល​គប្បីដឹងដោយច្រមុះ១។ រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត១។ សម្ផស្សទាំង​ឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត មានសភាព​ជាទីស្រឡាញ់ អាស្រ័យនូវកាម ជាហេតុនៃ​សេចក្តីត្រេកអរ១។

[១៥២] គតិ៥យ៉ាងគឺ នរក១ កំណើតតិរច្ឆាន១ ប្រេតវិស័យ១ ពួក​មនុស្ស១ ពួក​ទេវតា១។

[១៥៣] សេចក្តីកំណាញ់៥យ៉ាងគឺ កំណាញ់អាវាស១ កំណាញ់ត្រកូល១ កំណាញ់​លាភ១ កំណាញ់សេចក្តីសរសើរ [ថា កំណាញ់​សេចក្តីសរសើរ ឬកំណាញ់​ពណ៌សម្បុរក៏បាន។]១ កំណាញ់ធម៌១។

[១៥៤] នីវរណៈ៥យ៉ាងគឺ កាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១។

[១៥៥] សំយោជនៈ ជាចំណែក​ខាងក្រោម៥យ៉ាងគឺ សក្កាយទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វតបរាមាសៈ១ កាមច្ឆន្ទៈ១ ព្យាបាទៈ១។

[១៥៦] សំយោជនៈ ជាចំណែក​ខាងលើ៥យ៉ាង គឺរូបរាគ១ អរូបរាគ១ មានៈ១ ឧទ្ធច្ចៈ១ អវិជ្ជា១។

[១៥៧] សិក្ខាបទ៥យ៉ាង គឺ ការវៀរចាកការសម្លាប់សត្វ១ ការវៀរចាកការ​កាន់​យកទ្រព្យ ដែលគេមិនបានឲ្យ១ ការវៀរចាកការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ១ ការវៀរចាកការនិយាយកុហក១ ការវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ ព្រោះ​ផឹកទឹក​ស្រវឹង​គឺសុរា និងមេរ័យ១។

[១៥៨] អភព្វដ្ឋាន (ហេតុដែល​មិនគួរ)៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុជា​ខីណាស្រពមិនគួរ ដើម្បីក្លែងញុំាង​សត្វឲ្យធ្លាក់ចុះចាកជីវិត១ ភិក្ខុជា​ខីណាស្រពមិនគួរ ដើម្បីកាន់យកទ្រព្យ ដែលគេមិនឲ្យដោយចំណែក​គឺចិត្តលួច១ ភិក្ខុជា​ខីណាស្រពមិនគួរ ដើម្បីសេពមេថុនធម្ម១ ភិក្ខុជា​ខីណាស្រពមិនគួរ ពោលសម្បជានមុសាវាទ១ ភិក្ខុជា​ខីណាស្រពមិនគួរបរិភោគនូវរបស់​ដែលខ្លួន​ធ្វើសេចក្តី​សន្សំទុក និងកាមទាំងឡាយ ដូចកាល​ខ្លួននៅជាគ្រហស្ថ ក្នុងកាលពីដើម១។

[១៥៩] សេចក្តី​វិនាស ៥ យ៉ាង​គឺ សេចក្តី​វិនាស​ញាតិ១ សេចក្តី​វិនាស​ភោគសម្បត្តិ​១ សេចក្តី​វិនាស​ព្រោះ​រោគ ១ សេចក្តី​វិនាស​សីល ១ សេចក្តី​វិនាស​ទិដ្ឋិ ១ ។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិន​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​ញាតិ​ក្តី ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​ភោគៈ​ក្តី ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​ដោយ​រោគ​ក្តី (នោះ​ទេ) ។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ៗ កើត​ក្នុង​អបាយ​ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុ​តែ​សេចក្តី​វិនាស​សីល ឬព្រោះ​តែ​សេចក្តី​វិនាស​ទិដ្ឋិ។ ​

[១៦០]​សេចក្តី​បរិបូណ៌ ៥ យ៉ាង​គឺ បរិបូណ៌ដោយ​ញាតិ១ បរិបូណ៌ដោយ​ភោគៈ​​១ បរិបូណ៌ដោយភាពមិនមានរោគ១ បរិបូណ៌ដោយ​សីល ១ បរិបូណ៌ដោយ​ទិដ្ឋិ១។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិន​ទៅ​កើត​​ក្នុង​សុគតិសួគ៌ទេវលោក ព្រោះ​ហេតុ​តែ​បរិបូណ៌ដោយ​ញាតិ​ក្តី ព្រោះ​ហេតុ​តែបរិបូណ៌ដោយ​ភោគៈ​ក្តី ព្រោះ​ហេតុ​តែបរិបូណ៌ដោយភាព​មិនមាន​រោគ​ក្តីនោះ​ទេ។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួក​សត្វ​លុះ​បែក​ធ្លាយ​រាង​កាយ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​តែង​បានទៅកើត​ក្នុងសុគតិសួគ៌ទេវលោក ព្រោះ​ហេតុ​តែបរិបូណ៌ដោយ​សីល ឬព្រោះ​ហេតុតែ​បរិបូណ៌ដោយ​ទិដ្ឋិ។

[១៦១] ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្ដសីល ៥យ៉ាង ម្នាលអាវុសោទាំងឡាយ ក្នុងលោកនេះ បុគ្គលទ្រុស្ដសីល វិបត្តិចាកសីលនេះ តែងដល់នូវ​សេចក្ដី​វិនាស នៃ​សម្បត្តិ​យ៉ាង​ធំ មានសេចក្ដីប្រមាទជាហេតុ នេះជា​ទោសនៃសីលវិបត្តិ របស់បុគ្គល​ទ្រុស្តសីលទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិត្តិសព្ទអាក្រក់ របស់​បុគ្គល​ទ្រុស្ដ​សីល វិបត្តិចាកសីល រមែងផ្សាយទៅសព្វទិស នេះជា​ទោសនៃសីលវិបត្តិ របស់បុគ្គល​ទ្រុស្តសីលទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល ចូលទៅរកបរិស័ទណាៗ ទោះខត្តិយបរិស័ទក្ដី ព្រាហ្មណបរិស័ទក្ដី គហបតិបរិស័ទក្ដី សមណបរិស័ទក្ដី រមែងមិនក្លៀវក្លា មានមុខឱនចុះ នេះជា​ទោសនៃសីលវិបត្តិ របស់​បុគ្គល​​ទ្រុស្តសីលទី៣។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល តែងវង្វេងធ្វើមរណកាល នេះជា​ទោសនៃសីលវិបត្តិ របស់បុគ្គល​ទ្រុស្តសីលទី៤។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្ដសីល វិបត្តិចាកសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក នេះជា​ទោសនៃសីលវិបត្តិ របស់បុគ្គល​ទ្រុស្តសីលទី៥។

[១៦២] អានិសង្សនៃសីលសម្បទា៥យ៉ាង ម្នាលអាវុសោទាំងឡាយ ក្នុងលោកនេះ បុគ្គល​មានសីល បរិបូណ៌ដោយសីល រមែង​បាននូវគំនរទ្រព្យច្រើន មាន​សេចក្ដី​មិន​ប្រមាទ​ជាហេតុ នេះជា​អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី១។ ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត កិត្តិសព្ទដ៏ពីរោះរបស់បុគ្គលមានសីល បរិបូណ៌​ដោយ​សីល តែងផ្សាយទៅសព្វទិស នេះជា​អានិសង្ស នៃសីលសម្បទា របស់​បុគ្គល​មាន​សីល​ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល ចូលទៅ​រក​បរិស័ទណាៗ ទោះបីជាខត្តិយបរិស័ទក្ដី ព្រាហ្មណបរិស័ទក្ដី គហបតិបរិស័ទក្ដី សមណ​បរិស័ទ​ក្ដី រមែងក្លៀវក្លា មិនមានមុខឱនចុះ នេះជា​អានិសង្ស នៃសីលសម្បទា របស់​បុគ្គល​មាន​សីលទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌​ដោយ​សីល រមែងមិនវង្វេង ធ្វើមរណកាល នេះជា​អានិសង្ស នៃសីលសម្បទា របស់​បុគ្គល​មាន​សីល​ទី៤។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្ដីស្លាប់ទៅ តែងបានទៅកើតក្នុងសុគតិ សួគ៌ ទេវលោក នេះជា​អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីលទី៥។

[១៦៣] ម្នាលអាវុសោទាំងឡាយ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវ​តម្កល់ធម៌៥យ៉ាង ទុកក្នុងខ្លួនហើយសិមចោទភិក្ខុដទៃ ដោយគិតថា អាត្មាអញ នឹងនិ​យាយ​ក្នុងកាលគួរ មិននិយាយ​ក្នុងកាលមិនគួរ១ អាត្មាអញ និយាយ​ដោយពាក្យពិត មិន​និយាយ​ដោយពាក្យមិនពិត១ អាត្មាអញនិយាយ ដោយពាក្យផ្អែមល្ហែម មិននិយាយ​ដោយពាក្យទ្រគោះ១ អាត្មាអញនិយាយ ដោយពាក្យប្រកបដោយប្រយោជន៍ មិន​និយាយ​​ដោយពាក្យមិនប្រកបដោយប្រយោជន៍១ អាត្មាអញនិយាយ ដោយចិត្តប្រកប​ដោយមេត្តា មិននិយាយ​ដោយចិត្ត​ប្រកបដោយទោស១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ​អ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតម្កល់ធម៌៥ប្រការនេះ ទុកក្នុងខ្លួន​ហើយទើប​ចោទ​ភិក្ខុដទៃ​បាន។

[១៦៤] អង្គនៃភិក្ខុដែល​មានសេចក្តីព្យាយាម មាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​​ក្នុង​សាសនា​នេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹងរបស់​ព្រះតថាគតថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេសហើយ ទ្រង់ត្រាស់ដឹង​ដោយប្រពៃ ចំពោះ​ព្រះអង្គឯង ទ្រង់បរិបូណ៌​ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាប​ច្បាស់​នូវ​ត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាស្មើគ្មាន ទ្រង់ជាអ្នក​ទូន្មាន នូវបុរសដែលគួរ​ទូន្មានបាន ទ្រង់​ជាគ្រូរបស់ទេវតា និងមនុស្សទាំងឡាយ ទ្រង់​បាន​ត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែង​មកកាន់ភពថ្មីទៀត ដោយហេតុនេះៗ១ ជាអ្នក​មិនមានអាពាធ មិនមានសេចក្តីទុក្ខ ប្រកបដោយតេជោធាតុ ចាស់ល្មម មិនត្រជាក់​ពេក មិនក្តៅពេក យ៉ាងកណ្តាល គួរដល់​សេចក្តីព្យាយាម១ មិនមែនជាអ្នកលេងបោកប្រាស់ មិនមានមាយា ជាអ្នក​ធ្វើឲ្យជាក់ច្បាស់ នូវខ្លួនគួរ​តាមពិត ក្នុងសំណាក់​ព្រះសាស្តា ឬក្នុងសំណាក់​សព្រហ្មចារីទាំងឡាយ ដែលជាអ្នក​ចេះដឹង១ ជាបុគ្គល​ប្រារព្ធព្យាយាម ដើម្បីលះបង់នូវធម៌ ជាអកុសល ដើម្បីញុំាង​កុសលធម៌ ឲ្យដុះដាលឡើង ជាបុគ្គលមានកំឡាំងចិត្ត មានសេចក្តីសង្វាតដ៏មាំ មិនដាក់ធុរៈចោល​ក្នុង​កុសលធម៌ទាំងឡាយ១ ជាអ្នកមានប្រាជ្ញា ប្រកបដោយ​ប្រាជ្ញា ដែលអាច​នឹងកំណត់ [បានខាង​ឱទយព្វយញ្ញាណ ក្នុងវិបស្សនា។] នូវសេចក្តី​កើត និងសេចក្តីរលត់បាន ជាបញ្ញា​ដ៏បរិសុទ្ធ ជាបញ្ញាអាចទំលុះទំលាយ នូវគំនរនៃលោភៈជាដើម ជាបញ្ញា​ញុំាង​សត្វឲ្យ​ដល់នូវកិរិយាអស់ទៅ​នៃទុក្ខដោយប្រពៃ១។

[១៦៥] សុទ្ធាវាស [ទីនៅរបស់​សត្វដ៏បរិសុទ្ធ គឺព្រះអនាគាមី និងព្រះខីណាស្រព។] មាន៥យ៉ាងគឺ អវិហៈ១ អតប្បៈ១ សុទស្សៈ១ សុទស្សី១ អកនិដ្ឋ១។

[១៦៦] អនាគាមិបុគ្គល៥ពួកគឺ លោកដែលបរិនិព្វានក្នុងពាក់កណ្តាលអាយុ [បុគ្គលដែលមិនកន្លងពាក់កណ្តាលអាយុ ហើយដល់នូវ​ព្រះអរហន្ត ជាទីរំលត់នូវកិលេស​ក្នុងពាក់កណ្តាលអាយុ។]១ លោកដែលបរិនិព្វានដោយកន្លងហួសពាក់កណ្តាលអាយុ [បុគ្គលដែលប្រព្រឹត្តកន្លងពាក់កណ្តាល​អាយុ ហើយដល់នូវ​ព្រះអរហត្ត ជាទីរំលត់​នូវកិលេស។]១ លោកដែលបរិនិព្វាន ដោយមិនមានសេចក្តីព្យាយាម [បុគ្គលដែលមិនលំបាក ដោយសេចក្តីព្យាយាម ហើយដល់​នូវព្រះអរហត្ត ជាទីរំលត់​នូវកិលេសដោយស្រួល។]១ លោកដែលបរិនិព្វាន ដោយសេចក្តី​ព្យាយាមយ៉ាងខ្លាំង [បុគ្គលដែលលំបាក ដោយសេចក្តីព្យាយាម ហើយដល់​នូវព្រះអរហត្ត ជាទីរំលត់​នូវកិលេសដោយលំបាក។]១ លោកដែល​មានខ្សែខាងលើ ហើយទៅកាន់​អកនិដ្ឋភព [បុគ្គល​ដែលកើតក្នុងជាន់សុទ្ធាវាសទាំង៥ តាំងអំពីអវិហៈ រហូត​ដល់អកនិដ្ឋភព]១។

[១៦៧] ចេតោខីលៈ (សេចក្តីរឹងត្អឹងរបស់ចិត្ត) មាន៥យ៉ាង ម្នាលអាវុសោទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លាក្នុងព្រះ​សាស្តា។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិន​ជ្រះថ្លា​ក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ មិនឱនទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បី​ព្យាយាម ជាគ្រឿង​ប្រកបរឿយៗ ដើម្បីព្យាយាម​ជាប់តទៅ ចិត្តរបស់ភិក្ខុណា មិន​ឱន​ទៅ ដើម្បីព្យាយាមដុតកំដៅកិលេស ដើម្បីព្យាយាម​ជាគ្រឿង​ប្រកបរឿយៗ ដើម្បី​ព្យាយាម​ជាប់តទៅ នេះជាសេចក្តី​រឹងត្អឹង​នៃចិត្តទី១ របស់ភិក្ខុនោះ។ ម្នាលអាវុសោទាំង​ឡាយ មួយ​ទៀត ភិក្ខុសង្ស័យ ក្នុងព្រះធម៌១។ ភិក្ខុសង្ស័យ ក្នុងព្រះសង្ឃ១។ សង្ស័យ ងឿងឆ្ងល់​ក្នុងសិក្ខា១។ ភិក្ខុក្រោធ អាក់អន់ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹតត្អឹង​ក្នុង​សព្រហ្មចារីបុគ្គលទាំងឡាយ។ ម្នាលអាវុសោទាំង​ឡាយ ភិក្ខុណាជាបុគ្គល​ក្រោធ អាក់​អន់​ចិត្ត មានចិត្តត្រូវទោសៈខ្ទាំងខ្ទប់ មានចិត្តរឹតត្អឹង ​ក្នុង​សព្រហ្មចារីបុគ្គលទាំងឡាយ ចិត្តរបស់​ភិក្ខុនោះ រមែង​មិនឱនទៅ ដើម្បី​ព្យាយាមដុតកំដៅកិលេស ដើម្បី​ព្យាយាម​ជាគ្រឿង​ប្រកបរឿយៗ ដើម្បី​ព្យាយាម​ជាប់តទៅ ចិត្តរបស់ភិក្ខុណា មិនឱនទៅ​ដើម្បី​ព្យាយាមដុតកំដៅកិលេស ដើម្បី​ព្យាយាមជាគ្រឿង​ប្រកបរឿយៗ ដើម្បី​ព្យាយាម​ជាប់​តទៅ នេះជាសេចក្តី​រឹងត្អឹង នៃចិត្តទី៥របស់ភិក្ខុនោះ។

[១៦៨] ចំណងរបស់ចិត្តមាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ មិន​ទាន់​ប្រាស​ចាក​តម្រេក មិន​ទាន់​ប្រាស​ចាក​ចំណង់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រឡាញ់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រេក​ឃ្លាន មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ក្រវល់​ក្រវាយ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ទាំង​ឡាយ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា មិន​ទាន់​ប្រាស​ចាក​តម្រេក មិន​ទាន់​ប្រាស​ចាក​ចំណង់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រឡាញ់ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ស្រេក​ឃ្លាន មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ក្ដៅ​ក្រហាយ មិន​ទាន់​ប្រាស​ចាក​សេចក្ដី​ប្រាថ្នា​ក្នុង​កាម​ទាំង​ឡាយ ចិត្ត​របស់​ភិក្ខុ​នោះ រមែង​មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​ត​ទៅ ចិត្ត​របស់​ភិក្ខុ​ណា មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​តទៅ នេះ​ជា​ចំណង​នៃ​ចិត្ត​ទី១ របស់​ភិក្ខុ​នោះ។ ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​មិន​ទាន់​ប្រាស​ចាក​តម្រេក​ក្នុង​កាយ។ សេចក្តីបំប្រួញ។ ភិក្ខុ​មិន​ទាន់​ប្រាស​ចាក​តម្រេក​ក្នុង​រូប។ សេចក្តីបំប្រួញ។ ម្នាលអាវុសោ​ទាំង​ឡាយ ​មួយ​ទៀត ភិក្ខុ​បរិភោគ​ត្រា​តែ​ឆ្អែត​ពេញ​ពោះ ហើយ​ប្រកប​រឿយៗ នូវ​សេចក្ដី​សុខ​ក្នុង​ទី​ដេក នូវ​សេចក្ដី​សុខ (ព្រោះ​ដេក​ប្រែ​ប្រួល​ខាង​ស្ដាំ​ខាង​ឆ្វេង) នូវ​សេចក្ដី​សុខ ព្រោះ​​ដេក​​លក់លង់។ ម្នាល​អាវុសោ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ព្រោះ​ប្រាថ្នា​នូវ​ពួក​ទេវតា​ជាន់​ណាមួយ​ថា ដោយ​សីល ឬ​វ័ត ដោយ​សេចក្ដី​ព្យាយាម ឬ​ព្រហ្មចារ្យ​នេះ​ឯង សូម​ឱ្យ​អាត្មា​អញ​បាន​ជា​ទេវតា (មាន​សក្ដិ៍​ធំ) ឬ​ទេវតា (មាន​សក្ដិ៍​តូច) ណា​មួយ។ ម្នាល​អាវុសោ​ទាំង​ឡាយ ភិក្ខុ​ណា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ​ព្រោះ​ប្រាថ្នា​នូវ​​ពួក​ទេវតា​ណា​មួយថា ដោយ​សីល ឬ​វ័ត ដោយ​ព្យាយាម ឬ​ព្រហ្មចារ្យ​នេះ​ឯង សូម​ឱ្យ​អាត្មា​អញ ​បាន​ជា​ទេវតា​(មាន​សក្ដិ៍​ធំ) ឬ​ទេវតា (មាន​សក្ដិ៍​តូច) ណា​មួយ ចិត្ត​របស់​ភិក្ខុ​នោះ រមែង​មិន​ឱន​ទៅ ដើម្បី​ព្យាយាម​ដុត​កម្ដៅ​កិលេស​ដើម្បី​ព្យាយាម​ជា​គ្រឿង​ប្រកប​រឿយៗ ដើម្បី​ព្យាយាម​ជាប់​តទៅ នេះ​ជា​ចំណង​របស់​ចិត្ត​ទី៥។

[១៦៩] ឥន្ទ្រិយមាន៥យ៉ាង គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជីវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១។

[១៧០] ឥន្ទ្រិយ​មាន៥ដទៃទៀត គឺសុខិន្ទ្រិយ១ ទុក្ខិន្ទ្រិយ១ សោមនស្សិន្ទ្រិយ១ ទោមនស្សិន្ទ្រិយ១ ឧបេក្ខិន្ទ្រិយ១។

[១៧១] ឥន្ទ្រិយ​មាន៥ដទៃទៀត គឺសទ្ធិន្ទ្រិយ១ វីរិយិន្ទ្រិយ១ សតិន្ទ្រិយ១ សមាធិន្ទ្រិយ១ បញ្ញិន្ទ្រិយ១។

[១៧២] និស្សារណីយធាតុ (ធាតុដែលគួរ​រលាស់ចេញ) មាន៥យ៉ាង ម្នាលអាវុសោ​ទាំងឡាយ កាលដែលភិក្ខុក្នុងសាសនានេះ ធ្វើទុកក្នុងចិត្តនូវកាមទាំងឡាយ ចិត្តរមែង​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់នៅ ក្នុងកាមទាំងឡាយ តែបើកាលភិក្ខុ​នោះ ធ្វើទុកក្នុងចិត្តនូវនេក្ខម្មៈ (ការចេញចាកកាម) ចិត្តរមែងស្ទុះទៅ ជ្រះថ្លាតាំងនៅ​ចុះស៊ប់​ក្នុងនេក្ខម្មៈ ចិត្តរបស់​ភិក្ខុនោះ ឈ្មោះ​ថាទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញ​ហើយ ចាកកាមទាំងឡាយ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់​ក្តៅក្រហាយ តែងកើត​ឡើងព្រោះកាម​ជាបច្ច័យ ភិក្ខុនោះ រួចហើយ​ចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ​រមែង​មិនទទួល​នូវវេទនា​នោះ នេះ​ជាការ​រលាស់​ចេញនូវកាមទាំងឡាយ ដែល​ព្រះមានព្រះភាគសំដែង​ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើ​ទុកក្នុងចិត្ត នូវព្យាបាទ ចិត្តរមែង​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងព្យាបាទ តែបើភិក្ខុនោះ ធ្វើ​ទុក​ក្នុងចិត្ត នូវ​សេចក្តីមិនព្យាបាទ ចិត្តរមែង​ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុងការ​មិន​ព្យាបាទ ចិត្តរបស់ភិក្ខុនោះ ឈ្មោះ​ថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញ​ហើយចាកព្យាបាទ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់​ក្តៅក្រហាយ តែងកើត​ឡើងព្រោះព្យាបាទ​ជាបច្ច័យ ភិក្ខុនោះ រួចហើយ​ចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែង​មិនទទួល​នូវវេទនា​នោះ នេះ​ជាការ​រលាស់​ចេញ នូវព្យាបាទ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុធ្វើ​ទុកក្នុងចិត្ត នូវសេចក្តីបៀតបៀន ចិត្តរមែង​មិនស្ទុះទៅ មិន​ជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងការបៀតបៀន តែបើភិក្ខុនោះ ធ្វើ​ទុក​ក្នុងចិត្ត នូវការមិនបៀតបៀន ចិត្តរមែង​ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុងការ​មិនបៀតបៀន ចិត្ត​របស់ភិក្ខុនោះ ឈ្មោះ​ថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញ​ហើយចាកការបៀតបៀន អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់ ​ក្តៅ​ក្រហាយ តែងកើត​ឡើង ព្រោះការបៀតបៀនជាបច្ច័យ ភិក្ខុនោះ រួចហើយ​ចាក​អាសវៈ​ទាំង​ឡាយនោះ ភិក្ខុនោះ រមែង​មិនទទួល ​នូវវេទនា​នោះ នេះ​ជាការ​រលាស់​ចេញ នូវ​ការបៀតបៀន ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កាលដែលភិក្ខុ ធ្វើ​ទុកក្នុងចិត្ត នូវរូបទាំងឡាយ ចិត្តរមែង​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុលជ្រប់ នៅក្នុងរូបទាំងឡាយ តែបើភិក្ខុនោះ ធ្វើ​ទុក​ក្នុងចិត្ត នូវអរូប​ចិត្តរមែង​ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុងអរូប ចិត្តរបស់ភិក្ខុនោះ ឈ្មោះ​ថា ទៅល្អ​ហើយ អប់រំល្អហើយ ចេញល្អហើយ រួចល្អហើយ ប្រាសចេញ​ហើយចាក​រូប​ទាំងឡាយ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់​ក្តៅក្រហាយ តែងកើត​ឡើង​ព្រោះ​រូប ​ជាបច្ច័យ ភិក្ខុនោះ រួចហើយ​ចាករូបទាំងឡាយនោះ ភិក្ខុនោះ រមែង​មិនទទួល​នូវ​វេទនា​​នោះ នេះ​ជាការ​រលាស់​ចេញ នូវរូបទាំងឡាយ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ១។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត កាលដែលភិក្ខុធ្វើ​ទុក​ក្នុងចិត្ត នូវសក្កាយៈ (បញ្ចក្ខន្ធ) ចិត្តរមែង​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនជ្រុល​ជ្រប់ នៅក្នុងសក្កាយៈ តែបើភិក្ខុនោះ ធ្វើ​ទុក​ក្នុងចិត្ត នូវការរលត់ទៅនៃសក្កាយៈ ចិត្តរមែង​ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុងការរលត់ទៅនៃសក្កាយៈ ចិត្តរបស់ភិក្ខុនោះ ឈ្មោះ​ថា ទៅល្អហើយ អប់រំល្អហើយ ចេញល្អហើយ រួចស្រឡះហើយ ប្រាសចេញ​ហើយ​ចាកសក្កាយៈ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់ ​ក្តៅក្រហាយ តែងកើត​ឡើងព្រោះសក្កាយ​ជាបច្ច័យ ភិក្ខុនោះ រួចហើយ​ចាកអាសវៈទាំងឡាយនោះ ភិក្ខុនោះ រមែង​មិនទទួល​នូវវេទនា​នោះ នេះ​ជាការ​រលាស់​ចេញ នូវសក្កាយៈ ដែល​ព្រះមាន​ព្រះភាគ សំដែង​ហើយ១។

[១៧៣] វិមុត្តាយតនៈ (ហេតុជាគ្រឿងរួច) មាន៥យ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ឬសព្រហ្មចារីបុគ្គលណាមួយ ដែលគួរដល់ឋានៈជាគ្រូ រមែងសំដែងធម៌​ដល់​ភិក្ខុ ក្នុងសាសនានេះ។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ឬសព្រហ្មចារីបុគ្គល​ណា​មួយ ដែលគួរដល់ឋានៈជាគ្រូ រមែងសំដែងធម៌​ដល់​ភិក្ខុ យ៉ាងណាៗ ភិក្ខុនោះ រមែង​ជា​អ្នកដឹងច្បាស់នូវអត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌នោះយ៉ាងនោះៗ។ បាមោជ្ជៈ (សេចក្តី​រីករាយ) រមែងកើតដល់ភិក្ខុនោះ ដែល​ជាអ្នកដឹងច្បាស់នូវអត្ថ ដឹងច្បាស់នូវធម៌ លុះភិក្ខុ​មានសេចក្តីរីករាយហើយ បីតិក៏រមែង​កើតឡើង កាលបើចិត្តប្រកបដោយបីតិ​ហើយ នាមកាយក៏ស្ងប់រម្ងាប់ ភិក្ខុមាននាមកាយស្ងប់រម្ងាប់ហើយ រមែង​ទទួលនូវ​សេចក្តី​សុខ លុះប្រកបដោយសេចក្តីសុខហើយ ចិត្តក៏រមែង​តម្កល់មាំ នេះជា វិមុត្តាយតនៈ ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះសាស្តា ឬសព្រហ្មចារីបុគ្គល​ណាមួយ ដែលគួរ​ដល់​ឋានៈជាគ្រូ មិនសំដែងធម៌​ដល់​ភិក្ខុទេ តែថា ភិក្ខុនោះ រមែងសំដែងធម៌​ដែល​ខ្លួន​បានស្តាប់​មកហើយយ៉ាងណា បានរៀនមកហើយយ៉ាងណា ដោយសេចក្តីពិស្តារ ដល់​ជនទាំងឡាយដទៃ។ សេចក្តីបំប្រួញ។ តែថាភិក្ខុនោះ ធ្វើនូវការស្វាធ្យាយន៍នូវធម៌ ដែល​ខ្លួន​បានស្តាប់មកហើយយ៉ាងណា បានរៀន​មកហើយយ៉ាងណា ដោយសេចក្តី​ពិស្តារ។បេ។ តែថា ​ភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗដោយចិត្ត ជញ្ជឹងក្នុងចិត្ត​រឿយៗ ចំពោះធម៌ ដែលខ្លួន​បានស្តាប់មកហើយយ៉ាងណា រៀន​មកហើយយ៉ាង​ណា។បេ។ តែថា សមាធិនិមិត្តណាមួយ ក៏ភិក្ខុនោះរៀនយកដោយល្អ ធ្វើទុកក្នុង​ចិត្ត​ដោយល្អ ពិចារណា​ដោយល្អ ចាក់ធ្លុះដោយល្អ ដោយប្រាជ្ញាបាន។ ម្នាលអាវុសោ​ទាំងឡាយ សមាធិនិមិត្តណាមួយ ដែលភិក្ខុរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ពិចារណា​ដោយ​ល្អ ចាក់ធ្លុះដោយល្អ ដោយប្រាជ្ញាយ៉ាងណាៗ ភិក្ខុនោះ រមែងជាអ្នក​​ដឹងច្បាស់នូវ​អត្ថផង ដឹងច្បាស់នូវធម៌ផង ក្នុងធម៌​នោះយ៉ាងនោះៗ។ កាលភិក្ខុនោះ​​​​បានដឹងច្បាស់នូវ​អត្ថ បានដឹងច្បាស់នូវធម៌ហើយ បាមោជ្ជៈ រមែងកើតឡើង លុះ​បាមោជ្ជៈ​​កើតឡើងហើយ បីតិរមែងកើតឡើង កាលបើចិត្ត​ប្រកបដោយបីតិហើយ នាមកាយ ក៏រមែង​ស្ងប់រម្ងាប់ ភិក្ខុ​មាននាមកាយស្ងប់រម្ងាប់ហើយ តែងទទួល​នូវ​សេចក្តី​សុខ កាលភិក្ខុទទួលសេចក្តីសុខ​ហើយ ចិត្តក៏តំកល់មាំ នេះជាវិមុត្តាយតនៈទី៥។

[១៧៤] សញ្ញា (សេចក្តីសំគាល់) ញុំាងវិមុត្តិ [សំដៅយកព្រះអរហត្ត] ឲ្យចាស់ក្លា មាន៥យ៉ាងគឺ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់ថាទុក្ខ ក្នុងរបស់មិនទៀង១ សេចក្តីសំគាល់ថា មិនមែនរបស់ខ្លួន ក្នុងរបស់ប្រកបដោយទុក្ខ១ សេចក្តីសំគាល់ ក្នុងធម៌ ជា​គ្រឿង​លះ១ សេចក្តីសំគាល់ក្នុងធម៌ ជាគ្រឿងនឿយណាយ១។ ម្នាលអាវុសោ​ទាំងឡាយ ពួកធម៌​ប្រាំៗនេះឯង ដែលព្រះមានព្រះភាគ​អង្គនោះ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែង​ទុកហើយដោយប្រពៃ យើងទាំង​អស់គ្នា គប្បីសង្គាយនា ក្នុងធម៌ទាំងនោះ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

ចប់ ពួកធម៌ប្រាំៗ ដែលរាប់ចូលក្នុងការសង្គាយនា។

ពួកធម៌ប្រាំមួយៗកែប្រែ

[១៧៥] ម្នាលអាវុសោទាំងឡាយ ពួកធម៌ប្រាំមួយៗ ដែលព្រះមានព្រះភាគ​អង្គ​នោះ។បេ។ ជាសម្មាសម្ពុទ្ធ ទ្រង់សំដែងទុកដោយប្រពៃ យើងទាំងអស់គ្នា គប្បីសង្គាយនា ក្នុងធម៌ទាំងនោះ។បេ។ ដើម្បី​សេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌ប្រាំមួយៗ តើដូចម្តេច។ អាយតនៈខាងក្នុង៦យ៉ាងគឺ អាយតនៈគឺ ភ្នែក១ អាយតនៈគឺ ត្រចៀក១ អាយតនៈគឺ ច្រមុះ១ អាយតនៈគឺ អណ្តាត១ អាយតនៈគឺ កាយ១ អាយតនៈគឺ ចិត្ត១។

[១៧៦] អាយតនៈខាងក្រៅ៦យ៉ាងគឺ អាយតនៈគឺ រូប១ អាយតនៈគឺ សំឡេង១ អាយតនៈគឺ ក្លិន១ អាយតនៈគឺ រស១ អាយតនៈគឺ សម្ផ័ស្ស១ អាយតនៈគឺ ធម៌ [បានដល់​វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងអនិទស្សនរូប (រូបមើល​មិនឃើញ) និងអបដិឃរូប (រូប​ប៉ះពាល់មិនបាន) និងអសង្ខតធាតុ (និព្វាន)។ អាយតនវិភង្គ អភិធម្ម។]១។

[១៧៧] ប្រជុំនៃវិញ្ញាន៦យ៉ាង គឺចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។

[១៧៨] ប្រជុំនៃផស្សៈ៦យ៉ាង គឺចក្ខុសម្ផ័ស្ស១។បេ។ មនោសម្ផ័ស្ស១។

[១៧៩] ប្រជុំនៃវេទនា៦យ៉ាង គឺវេទនាកើតអំពីចក្ខុសម្ផស្ស័១។បេ។ វេទនាកើតអំពី​មនោសម្ផ័ស្ស១។

[១៨០] ប្រជុំនៃសញ្ញា៦យ៉ាងគឺ រូបសញ្ញា១។បេ។ ធម្មសញ្ញា១។

[១៨១] ប្រជុំនៃសញ្ចេតនា [បានដល់សង្ខារក្ខន្ធ។ សញ្ចេតនា ប្រែថា គិត ចំណុចចិត្ត ក្លែង តាក់តែង ធ្វើ។]៦យ៉ាងគឺ រូបសញ្ចេតនា១។បេ។ ធម្មសញ្ចេតនា១។

[១៨២] ប្រជុំនៃតណ្ហា៦យ៉ាង គឺ រូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១។

[១៨៣] អគារវៈ (សេចក្តីមិនគោរព)​៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនមានសេចក្តីគោរព មិនមានសេចក្តី​កោតក្រែង ក្នុងព្រះសាស្តា១ មិនមានសេចក្តីគោរព មិនមានសេចក្តី​កោតក្រែងក្នុងព្រះធម៌១ មិនមានសេចក្តីគោរព មិនមានសេចក្តី​កោតក្រែងក្នុងព្រះសង្ឃ១ មិនមានសេចក្តីគោរព មិនមានសេចក្តី​កោតក្រែងក្នុងសិក្ខា១ មិនមានសេចក្តីគោរព មិនមានសេចក្តី​កោតក្រែងក្នុងអប្បមាទធម៌១ មិនមានសេចក្តីគោរព មិនមានសេចក្តី​កោតក្រែងក្នុងបដិសន្ថារៈ១។

[១៨៤] សគារវៈ (សេចក្តីគោរព) ​៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែង ក្នុងព្រះសាស្តា១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែងក្នុងព្រះធម៌១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែងក្នុងព្រះសង្ឃ១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែងក្នុងសិក្ខា១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែងក្នុងអប្បមាទធម៌១ ប្រកបដោយសេចក្តីគោរព ប្រកបដោយសេចក្តី​កោតក្រែងក្នុងបដិសន្ថារៈ១។

[១៨៥] សោមនស្សុបវិចារ (ធម៌ជាគ្រឿង​គន់គិតប្រកបដោយសោមនស្ស) ៦យ៉ាងគឺ បុគ្គលឃើញរូបដោយភ្នែក ក៏គន់គិត​នូវរូប ដែលគួរជាទីតាំង នៃសោមនស្ស១។ ស្តាប់សម្លេង​ដោយត្រចៀក…១។ ធុំក្លិនដោយច្រមុះ..១។ ទទួលរសដោយអណ្តាត..១។ ពាល់ត្រូវ​សម្ផស្សដោយកាយ..១។ ដឹងច្បាស់​នូវធម្មារម្មណ៍ដោយចិត្ត ក៏គន់គិត​នូវធម្មារម្មណ៍ ដែលគួរជាទីតាំង នៃសោមនស្ស១។

[១៨៦] ទោមនស្សុបវិចារ (ធម៌ជាគ្រឿង​គន់គិតប្រកបដោយទោមនស្ស) ៦យ៉ាងគឺ បុគ្គលឃើញរូបដោយភ្នែក ក៏គន់គិត​នូវរូប ដែលគួរជាទីតាំង នៃទោមនស្ស១។ ស្តាប់សម្លេង​ដោយត្រចៀក…១។ ធុំក្លិនដោយច្រមុះ..១។ ទទួលរសដោយអណ្តាត..១។ ពាល់ត្រូវ​សម្ផស្សដោយកាយ..១។ ដឹងច្បាស់​នូវធម្មារម្មណ៍ដោយចិត្ត ក៏គន់គិត​នូវធម្មារម្មណ៍ ដែលគួរជាទីតាំង នៃទោមនស្ស១។

[១៨៧] ឧបេក្ខូបវិចារ (ធម៌ជាគ្រឿង​គន់គិតប្រកបដោយឧបេក្ខា) ៦យ៉ាងគឺ បុគ្គលឃើញរូបដោយភ្នែក ក៏គន់គិត​នូវរូប ដែលគួរជាទីតាំង នៃឧបេក្ខា១។ ស្តាប់សម្លេង​ដោយត្រចៀក…១។ ធុំក្លិនដោយច្រមុះ..១។ ទទួលរសដោយអណ្តាត..១។ ពាល់ត្រូវ​សម្ផស្សដោយកាយ..១។ ដឹងច្បាស់​នូវធម្មារម្មណ៍ដោយចិត្ត ក៏គន់គិត​នូវធម្មារម្មណ៍ ដែលគួរជាទីតាំង នៃឧបេក្ខា១។

[១៨៨] សារាណីយធម៌ (ធម៌គួររលឹក) ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនានេះ តម្កល់នូវកាយកម្មប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំង​ទី​ចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីសាមគ្គី ដើម្បីឯកីភាព (ភាព​តែពួកមួយ១)។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​តម្កល់នូវវចីកម្ម ប្រកប​ដោយ​មេត្តា១។ ភិក្ខុតម្កល់នូវមនោកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីទាំងឡាយ ទាំង​ទី​ចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក។បេ។ ប្រព្រឹត្តទៅដើម្បីឯកីភាព១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកបរិភោគមិនចែកមុខរបស់ ឬបុគ្គល [អដ្ឋកថា ថា មានពីរយ៉ាង គឺចែកមុខអាមិស ថា អាត្មាអញ នឹងឲ្យវត្ថុប៉ុណ្ណេះ មិនឲ្យប៉ុណ្ណេះ១ ចែក​មុខបុគ្គលថា ឲ្យដល់អ្នកនោះ មិនឲ្យដល់អ្នកនោះ១។ ការបរិភោគវៀរចាកហេតុទាំងពីរនេះ ឈ្មោះថា បរិភោគមិនចែកមុខរបស់ ឬបុគ្គល គឺខ្លួន​បរិភោគយ៉ាងណា ក៏ឲ្យគេយ៉ាងនោះ ហើយមិនរើសមុខបុគ្គល​ផង។]ដោយលាភទាំង​ឡាយ ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយហោចទៅ សូម្បីលាភត្រឹមតែ​របស់​ដែលមានក្នុងបាត្រ គឺជាអ្នកមានការបរិភោគ ជាសាធារណៈ ដោយសព្រហ្មចារី​ទាំងឡាយ ដែលមានសីល នេះជាធម៌គួររលឹក។បេ។ ប្រព្រឹត្តទៅ ដើម្បីឯកីភាព។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមាន​សីលស្មើគ្នា ដោយសព្រហ្មចារីទាំង​ឡាយ ក្នុងសីលទាំងឡាយ ដែលជាសីល​មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីល​រួចខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិនមានតណ្ហា និងទិដ្ឋិ ប៉ះ​ពាល់បាន ជាសីលប្រព្រឹត្តទៅដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌​គួររលឹក។បេ។ ប្រព្រឹត្តទៅដើម្បីឯកីភាព។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តីយល់ឃើញស្មើគ្នា នឹងសព្រហ្មចារីធម៌ទាំងឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោច​ស្រង់សត្វ ប្រព្រឹត្តទៅដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នក​ធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាធម៌គួររលឹក ធ្វើសេចក្តី​ស្រឡាញ់ ធ្វើសេចក្តី​គោរព ប្រព្រឹត្តទៅ ដើម្បីសង្គ្រោះគ្នា ដើម្បី​មិនទាស់ទែងគ្នា ដើម្បី​សាមគ្គី ដើម្បីឯកីភាព។

[១៨៩] មូលហេតុនៃសេចក្តីវិវាទ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ មានសេចក្តីក្រោធ ចងសេចក្តីក្រោធទុក។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា​មាន​សេចក្តីក្រោធ ចងសេចក្តីក្រោធទុក ភិក្ខុនោះមិនមានសេចក្តី​គោរពកោត​ក្រែង ក្នុង​ព្រះសាស្តាខ្លះ មិនមានសេចក្តីគោរពកោតក្រែង ក្នុងព្រះធម៌ខ្លះ មិនមាន​សេចក្តី​គោរព​កោតក្រែង ក្នុងព្រះសង្ឃខ្លះ ជាអ្នកមិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាខ្លះ។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុណាមួយ មិនមានសេចក្តីគោរព កោតក្រែង ក្នុងព្រះសាស្តា ក្នុង​ព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ជាអ្នកមិនធ្វើ​ឲ្យបរិបូណ៌ក្នុងសិក្ខា។ ភិក្ខុនោះ រមែង​បង្កវិវាទក្នុងសង្ឃ ដែលជាវិវាទកើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បី​មិនជាសុខដល់ជនច្រើន ដើម្បីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ បើលោក​ទាំងឡាយ ឃើញមូលហេតុនៃវិវាទ មានសភាព​យ៉ាងនេះខាងក្នុង ឬខាងក្រៅហើយ។ ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយត្រូវព្យាយាម ដើម្បី​លះមូលហេតុនៃវិវាទ ដ៏​លាមកនោះចេញ។ ម្នាលអាវុសោទាំងឡាយ បើលោកទាំងឡាយ មិនឃើញ​មូលហេតុនៃ​វិវាទមានសភាព​យ៉ាងនេះ ខាងក្នុង ឬខាងក្រៅទេ។ ម្នាលអាវុសោទាំងឡាយ លោកទាំង​ឡាយ ត្រូវប្រតិបត្តិ ដើម្បី​មិនឲ្យមូលហេតុនៃវិវាទ ដ៏លាមកនោះជាប់តាម​តទៅ។ ការលះ​មូល​ហេតុនៃវិវាទដ៏លាមកនុ៎ះ រមែង​មានយ៉ាងនេះ ការមិនមានមូលហេតុ​នៃវិវាទ​ដ៏លាមក​នុ៎ះ ជាប់តាមតទៅ រមែង​មានយ៉ាងនេះ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណ និងវាយឫកស្មើ១។ ជាអ្នកមានសេចក្តីឫស្សា និងកំណាញ់១។ ជាអ្នកអួតអាង មានពុតត្បុត១។ ជាអ្នកមានប្រាថ្នាលាមក មានទិដ្ឋិខុស១។ ជាអ្នកស្ទាបអង្អែលតែទិដ្ឋិរបស់ខ្លួន ជាអ្នកប្រកាន់មាំ កម្រនឹងលះបង់បាន១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាអ្នកស្ទាបអង្អែល​តែទិដ្ឋិ​របស់​ខ្លួន ជាអ្នកប្រកាន់មាំ លះបង់​បានដោយក្រ ភិក្ខុនោះរមែង​មិនគោរព មិនកោតក្រែង ក្នុង​ព្រះសាស្តាខ្លះ មិនគោរព មិនកោតក្រែងក្នុងព្រះធម៌ខ្លះ មិនគោរព មិនកោតក្រែងក្នុង​ព្រះសង្ឃខ្លះ មិនជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុណា​មួយ ជាអ្នកមិនគោរព មិនកោតក្រែងក្នុងព្រះសាស្តាខ្លះ ក្នុងព្រះធម៌ខ្លះ។បេ។ ក្នុងព្រះសង្ឃ​ខ្លះ។បេ។ មិនធ្វើឲ្យពេញលេញក្នុងសិក្ខាខ្លះ។ ភិក្ខុនោះ រមែង​បង្កវិវាទក្នុងសង្ឃ ដែលជាវិវាទកើតឡើង ដើម្បី​មិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បី​មិនជាសុខដល់ជន​ច្រើន ដើម្បីមិនចម្រើនដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ បើអ្នក​ទាំងឡាយ ពិចារណាឃើញ​មូលហេតុនៃវិវាទ មានសភាព​យ៉ាងនេះ ខាងក្នុង ឬខាងក្រៅហើយ។ ម្នាលអាវុសោ​ទាំងឡាយ លោកទាំងឡាយ ត្រូវព្យាយាម ​លះមូលហេតុនៃវិវាទ ដ៏​លាមកនោះឯង​ចេញ។ ម្នាលអាវុសោទាំងឡាយ បើលោកទាំងឡាយ មិនពិចារណាឃើញ ​មូលហេតុនៃ​វិវាទ​មានសភាព​យ៉ាងនេះ ខាងក្នុង ឬខាងក្រៅទេ។ ម្នាលអាវុសោទាំងឡាយ លោក​ទាំងឡាយ ត្រូវប្រតិបត្តិ ដើម្បីមិនឲ្យមានមូលហេតុ នៃវិវាទដ៏លាមកនោះឯង ជាប់​តាមតទៅបាន។ ការលះមូលហេតុនៃវិវាទដ៏លាមកនុ៎ះ រមែងមានយ៉ាងនេះ ការមិនមាន​មូលហេតុនៃវិវាទ ដ៏លាមកជាប់តាមតទៅ រមែង​មានយ៉ាងនេះ១។

[១៩០] ធាតុ៦យ៉ាងគឺ ធាតុដី១ ធាតុទឹក១ ធាតុភ្លើង១ ធាតុខ្យល់១ ធាតុអាកាស១ ធាតុវិញ្ញាណ១។

[១៩១] និស្សារណីយធាតុ៦យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ​យ៉ាងនេះថា មេត្តាចេតោវិមុត្តិ ខ្ញុំបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បាន​ធ្វើ​ឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អ​ហើយ តែថា ព្យាបាទ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន។ ភិក្ខុត្រូវនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ មេត្តាចេតោវិមុត្តិ ដែល​ភិក្ខុចម្រើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំ​ហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា ព្យាបាទនៅតែគ្របសង្កត់ចិត្តភិក្ខុនោះ ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះមេត្តាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់​ចេញ​នូវព្យាបាទ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ​យ៉ាងនេះថា ករុណាចេតោវិមុត្តិ ខ្ញុំបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ ​ធ្វើ​ឲ្យដូចជាយានហើយ ធ្វើ​ឲ្យ​ជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អ​ហើយ តែថា សេចក្តីបៀត​បៀន នៅតែគ្របសង្កត់ចិត្តខ្ញុំបាន។ ភិក្ខុត្រូវនិយាយ​ឃាត់​ភិក្ខុ​នោះ​ថា លោក​កុំនិយាយ​យ៉ាង​នេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់​ព្រះមាន​ព្រះភាគ​ឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការ​មិន​ល្អទេ ព្រះមាន​ព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោ​ទាំង​ឡាយ ការនេះមិនមែន​ជាហេតុ មិនមែនជាបច្ច័យទេ ករុណាចេតោវិមុត្តិ ដែល​ភិក្ខុ​ចម្រើន​ហើយ បានធ្វើ​ឲ្យច្រើន​ហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំ​ហើយ សន្សំទុក​ហើយ ប្រារព្ធល្អហើយ តែថា សេចក្តីបៀតបៀន នៅតែ​គ្រប​សង្កត់​ចិត្ត​ភិក្ខុនោះបាន ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះករុណា​ចេតោវិមុត្តិ​នុ៎ះ ជាគ្រឿងរលាស់ចេញ​នូវសេចក្តីបៀតបៀន១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ និយាយ​យ៉ាងនេះថា មុទិតាចេតោវិមុត្តិ ខ្ញុំបានចម្រើនហើយ បាន​ធ្វើឲ្យ​ច្រើនហើយ បាន​ធ្វើ​ឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធ​ល្អ​ហើយ តែថា សេចក្តីមិនត្រេកអរ នៅតែគ្របសង្កត់ចិត្តខ្ញុំបាន។ ភិក្ខុត្រូវនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោល​បង្កាច់​ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមាន​ព្រះពុទ្ធដីកា​យ៉ាង​នេះ​សោះ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ មុទិតា​ចេតោ​វិមុត្តិ ដែល​ភិក្ខុបានចម្រើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំ​ហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា សេចក្តី​មិន​ត្រេកអរ នៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោ​ទាំងឡាយ ព្រោះមុទិតាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ​នូវសេចក្តី​មិនត្រេកអរ១។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ​យ៉ាងនេះថា ឧបេក្ខាចេតោវិមុត្តិ ខ្ញុំបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បាន​ធ្វើ​ឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំង​ហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អ​ហើយ តែថា រាគៈ នៅតែគ្រប​សង្កត់​ចិត្ត​ខ្ញុំបាន។ ភិក្ខុត្រូវនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំនិយាយ​យ៉ាង​នេះ​ឡើយ លោកដ៏មាន​អាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់ព្រះមានព្រះភាគ​ឡើយ ព្រោះការ​ពោល​បង្កាច់​ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមាន​ព្រះពុទ្ធដីកា​យ៉ាង​នេះ​សោះ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ឧបេក្ខាចេតោវិមុត្តិ ដែល​ភិក្ខុបានចម្រើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជា​យាន​ហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំ​ហើយ សន្សំទុកហើយ ប្រារព្ធល្អហើយ តែថា រាគៈនៅតែគ្របសង្កត់ចិត្តភិក្ខុនោះបាន ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោ​ទាំងឡាយ ព្រោះឧបេក្ខាចេតោវិមុត្តិនុ៎ះ ជាគ្រឿងរលាស់ចេញ​នូវរាគៈ១។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ​យ៉ាងនេះថា អនិមិត្តាចេតោវិមុត្តិ (អរហត្តផល​សមាបត្តិ) ខ្ញុំបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ បាន​ធ្វើ​ឲ្យដូចជា​យាន​ហើយ ធ្វើឲ្យ​ជាទីតាំងហើយ តម្កល់មាំហើយ សន្សំទុកហើយ ប្រារព្ធល្អ​ហើយ តែថា ខ្ញុំនៅ​តែ​មាន​វិញ្ញាណ ដែលរលឹកតាមនូវនិមិត្ត។ ភិក្ខុត្រូវនិយាយ​ឃាត់ភិក្ខុនោះថា លោក​កុំនិយាយ​យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់​ព្រះមាន​ព្រះភាគ​ឡើយ ព្រោះការពោលបង្កាច់ព្រះមានព្រះភាគ ជាការមិនល្អទេ ព្រះមាន​ព្រះ​ភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែន​ជា​ហេតុ មិនមែនជាបច្ច័យទេ អនិមិត្តាចេតោវិមុត្តិ ដែល​ភិក្ខុបានចម្រើនហើយ បានធ្វើ​ឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយានហើយ ធ្វើឲ្យជាទីតាំងហើយ តម្កល់មាំ​ហើយ សន្សំ​ទុកហើយ ប្រារព្ធល្អហើយ តែថា ភិក្ខុនោះនឹងមានវិញ្ញាណ​រលឹក​តាមនូវនិមិត្ត ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះអនិមិត្តាចេតោវិមុត្តិនុ៎ះ ជាគ្រឿង​រលាស់​ចេញ​នូវនិមិត្តទាំងអស់១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុង​សាសនានេះ និយាយ​យ៉ាង​នេះ​ថា កាលបើសេចក្តីប្រកាន់​របស់ខ្ញុំ​ថា អាត្មាអញ​មានដូច្នេះ អស់រលីងទៅហើយ ខ្ញុំក៏​ពិចារណា​មិនឃើញថា របស់ឈ្មោះនេះ គឺអាត្មាអញ នៅមាន ដូច្នេះដែរ តែថា ប្រួញ​គឺ​សេចក្តី​សង្ស័យ ងឿងឆ្ងល់ នៅតែ​គ្របសង្កត់​ចិត្តខ្ញុំបាន។ ភិក្ខុ​ត្រូវ​និយាយ​ឃាត់ភិក្ខុនោះថា លោក​កុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាងនេះឡើយ កុំពោល​បង្កាច់ព្រះមានព្រះភាគឡើយ ព្រោះការពោលបង្កាច់ព្រះមាន​ព្រះភាគ ជាការមិនល្អទេ ព្រះមានព្រះភាគ មិនមានព្រះពុទ្ធដីកាយ៉ាងនេះសោះ។ ម្នាលអាវុសោទាំងឡាយ ការនេះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ កាលបើ​សេចក្តីប្រកាន់របស់​ភិក្ខុនោះថា អាត្មាអញ មាន ដូច្នេះ អស់រលីង​ទៅហើយ ភិក្ខុនោះ ក៏ពិចារណា​មិនឃើញថា របស់ឈ្មោះ​នេះ គឺអាត្មាអញ នៅមាន​ដូច្នេះដែរ តែថាប្រួញ គឺសេចក្តី​សង្ស័យ ងឿងឆ្ងល់ នៅតែ​គ្របសង្កត់​ចិត្តភិក្ខុនោះ ហេតុនេះ​មិនដែលមាន។ ម្នាលអាវុសោទាំងឡាយ ព្រោះការគាស់រំលើងសេចក្តីប្រកាន់ថា អាត្មានៅ​មាន ដូច្នេះនុ៎ះ ចេញបាន ជាគ្រឿង​រលាស់ចេញនូវប្រួញ គឺសេចក្តី​សង្ស័យ ងឿងឆ្ងល់បាន១។

[១៩២] អនុត្តរិយៈ (ធម្មជាត​ប្រសើរបំផុត) មាន៦យ៉ាង គឺ ទស្សនានុត្តរិយៈ (ប្រសើរ​បំផុតដោយការឃើញ)១ សវនានុត្តរិយៈ (ប្រសើរ​បំផុតដោយការស្តាប់)១ លាភានុត្តរិយៈ (ប្រសើរ​បំផុតដោយការបាន)១ សិក្ខានុត្តរិយៈ (ប្រសើរ​បំផុតដោយ​ការ​សិក្សា)១ បារិចរិយានុត្តរិយៈ (ប្រសើរ​បំផុតដោយការបម្រើ)១ អនុស្សតានុត្តរិយៈ (ប្រសើរ​បំផុតដោយការរលឹករឿយៗ)១។

[១៩៣] ទីតាំងនៃ​អនុស្សតិមាន៦យ៉ាង គឺ​ពុទ្ធានុស្សតិ១ ធម្មានុស្សតិ១ សង្ឃានុស្សតិ១ សីលានុស្សតិ១ ចាគានុស្សតិ១ ទេវតានុស្សតិ១។

[១៩៤] ធម៌ជាគ្រឿង​នៅដ៏ទៀងទាត់ (របស់ព្រះខីណាស្រព) មាន៦យ៉ាង ម្នាល​អាវុសោ​ទាំងឡាយ​ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ ក៏មិនត្រេកអរ មិនអន់​ចិត្ត គឺជាបុគ្គល​នៅព្រងើយ តែមានសតិ និងសម្បជញ្ញៈ១។ ឮសំឡេង​ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។បេ។ ទទួលរសដោយអណ្តាត។បេ។ ពាល់ត្រូវ​សម្ផ័ស្សដោយ​កាយ។បេ។ ដឹងធម្មារម្មណ៍​ដោយចិត្ត មិនត្រេកអរ មិនអន់ចិត្ត គឺជាបុគ្គល​នៅព្រងើយៗ តែមានសតិ និងសម្បជញ្ញៈ១។

[១៩៥] អភិជាតិ (កំណើត) មាន៦យ៉ាង ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ (ត្រកូលទាប) ហើយប្រព្រឹត្តធម៌ខ្មៅ (ទុច្ចរិត) ទៀត១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើតក្នុងត្រកូលខ្មៅ ហើយ​ប្រព្រឹត្ត​ធម៌ស (សុចរិត)។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើត​ក្នុង​ត្រកូល​ខ្មៅ ហើយ​ប្រព្រឹត្ត​ធម៌មិនខ្មៅ មិនស គឺព្រះនិព្វាន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើតក្នុងត្រកូលស (ត្រកូលខ្ពស់) ហើយ​ប្រព្រឹត្ត​ធម៌ស១។ ម្នាល​អាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើតក្នុងត្រកូលស ហើយ​ប្រព្រឹត្ត​ធម៌ខ្មៅ១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកខ្លះ​ក្នុងលោកនេះ កើតក្នុងត្រកូលស ហើយ​ប្រព្រឹត្ត​ធម៌មិនខ្មៅ មិនស គឺព្រះនិព្វាន។

[១៩៦] និព្វេធភាគិយសញ្ញា (សេចក្តីសំគាល់នូវធម៌ បែរទៅជិតព្រះនិព្វាន) មាន​៦យ៉ាងគឺ សេចក្តីសំគាល់ថាមិនទៀង១ សេចក្តីសំគាល់​ក្នុងរបស់ដែល​មិនទៀង ថាជាទុក្ខ១ សេចក្តីសំគាល់ក្នុងរបស់ជាទុក្ខ ថាមិនមែន​ជារបស់ខ្លួន១​សេចក្តីសំគាល់​ក្នុង​របស់គួរលះបង់១ សេចក្តីសំគាល់ក្នុងរបស់គួរនឿយណាយ១ សេចក្តីសំគាល់ក្នុងធម៌ជាគ្រឿង​រំលត់​ទុក្ខ១។ ម្នាលអាវុសោទាំងឡាយ នេះឯងធម៌ពួកប្រាំមួយៗ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកល្អហើយ យើងទាំងអស់​គ្នា ត្រូវសង្គាយនា​ធម៌ពួក​ប្រាំមួយៗ​នោះ។បេ។ ដើម្បី​សេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

ចប់ ពួកធម៌ប្រាំមួយៗ ដែលរាប់ចូលក្នុងការសង្គាយនា។

ពួកប្រាំពីរៗកែប្រែ

[១៩៧] ម្នាលអាវុសោទាំងឡាយ មានធម៌ពួកប្រាំពីរៗ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងទុកល្អហើយ យើងទាំង​អស់​គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួកប្រាំពីរៗនោះ។បេ។ ដើម្បី​សេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ពួក៧ ដូចម្តេចខ្លះ។ អរិយទ្រព្យ​មាន​៧យ៉ាងគឺ ទ្រព្យគឺសទ្ធា១ ទ្រព្យគឺ សីល១ ទ្រព្យគឺ ហិរិ១ ទ្រព្យគឺឱត្តប្បៈ១ ទ្រព្យគឺ សុតៈ១ ទ្រព្យគឺ ចាគៈ១ ទ្រព្យគឺបញ្ញា១។

[១៩៨] ពោជ្ឈង្គមាន៧យ៉ាងគឺ សតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១​សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខា​សម្ពោជ្ឈង្គ១។

[១៩៩] សមាធិបរិក្ខារ (ធម៌​ជាបរិវារសមាធិ) មាន៧យ៉ាងគឺ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១។

[២០០] អសទ្ធម្ម (ធម៌របស់អសប្បុរស) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ មិនជឿ១ មិនខ្មាសបាប១ មិនខ្លាចបាប១ មានការចេះដឹង​តិច១ ខ្ជិលច្រអូស១ ប្រហែស១ អប្បឥតប្រាជ្ញា១។

[២០១] សទ្ធម្ម (ធម៌របស់សប្បុរស) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ជាអ្នកជឿ១ ខ្មាសបាប១ ខ្លាចបាប១ មានការចេះដឹងច្រើន១ ផ្តើម​សេចក្តី​ព្យាយាម១ ប្រុសស្មារតី១ មានប្រាជ្ញា១។

[២០២] សប្បុរិសធម៌ មាន៧យ៉ាង (ទៀត) ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ជាអ្នកស្គាល់នូវហេតុ១ ជាអ្នកស្គាល់នូវផល (របស់ហេតុ)១ ជាអ្នកស្គាល់ខ្លួន១ ជាអ្នកស្គាល់ប្រមាណ (ក្នុងភោជន)១ ជាអ្នកស្គាល់កាលគួរ១ ជាអ្នកស្គាល់បរិស័ទ១ ជាអ្នកស្គាល់បុគ្គល (គួរ​គប់ និងមិនគួរគប់)១។

[២០៣] និទ្ទសវត្ថុ [ប្រែថា ហេតុនៃភិក្ខុមានអាយុ១០ឆ្នាំ។ តែពាក្យនេះ លោកសំដៅ​យកព្រះខីណាស្រព ព្រោះលោកសូម្បីបរិនិព្វាន​ពីអាយុ១០ឆ្នាំ ក៏លោកលែង​មានអាយុ១ឆ្នាំ​តទៅ​ខាងមុខទៀត។ មិនត្រឹមតែ១០ឆ្នាំ​ប៉ុណ្ណោះឡើយ សូម្បី៩ឆ្នាំ (រហូតដល់) ១ថ្ងៃ ឬ១យាម ក៏លែងមាន ព្រោះលោក​លែងមានបដិសន្ធិទៀត (អដ្ឋកថា)។] មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានបំណងដ៏ក្លៀវក្លា ក្នុងការ​សមាទានសិក្ខា មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការសមាទានសិក្ខាតទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុងការពិចារណាធម៌ មិនប្រាសចាកសេចក្តីស្រឡាញ់​ក្នុង​ការ​ពិចារណា​ធម៌តទៅ១​មានបំណងដ៏ក្លៀវក្លា ក្នុងការកំចាត់បង់នូវ​ឥច្ឆា គឺតណ្ហា មិន​ប្រាស​ចាកសេចក្តីស្រឡាញ់ ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហាតទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុង​ការស្ងប់ស្ងាត់ មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការស្ងប់ស្ងាត់​តទៅ១ មាន​បំណង​ដ៏ក្លៀវក្លា ក្នុងការប្រារព្ធព្យាយាម មិនប្រាសចាកសេចក្តីស្រឡាញ់ ក្នុងការប្រារព្ធ​ព្យាយាម​តទៅ១ មានបំណងដ៏ក្លៀវក្លា ក្នុងការ​រលឹក និងភាវៈនៃខ្លួន​មានប្រាជ្ញាចាស់ មិន​ប្រាសចាក​សេចក្តីស្រឡាញ់ ក្នុងការរលឹក និងភាវៈ​នៃខ្លួន​មានប្រាជ្ញាចាស់តទៅ១ មាន​បំណងក្នុងការត្រាស់ដឹងដោយទិដ្ឋិ គឺឃើញនូវ​មគ្គ មិនប្រាសចាក​សេចក្តីស្រឡាញ់ ក្នុងការត្រាស់ដឹង​ដោយទិដ្ឋិតទៅ១។

[២០៤] សញ្ញាមាន៧យ៉ាងគឺ អនិច្ចសញ្ញា១ អនត្តសញ្ញា១ អសុភសញ្ញា១ អាទីនវសញ្ញា១ បហានសញ្ញា១ វិរាគសញ្ញា១ និរោធសញ្ញា១។

[២០៥] កំឡាំងមាន៧យ៉ាង គឺ កំឡាំងសទ្ធា១ កំឡាំងព្យាយាម១ កំឡាំងហិរ១ កំឡាំងឱត្តប្បៈ១ កំឡាំងសតិ១ កំឡាំងសមាធិ១ កំឡាំងបញ្ញា១។

[២០៦] វិញ្ញាណដ្ឋិតិ (ទីតាំងនៃវិញ្ញាណ) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី១។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាក្នុងពួកព្រហ្ម ដែលកើតក្នុង​ជាន់​បឋមជ្ឈានភូមិ នេះជាវិញ្ញាណដ្ឋិតិទី២។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយ​ដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិទី​៣។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូច​ពួក​ទេវតា​ជាន់សុភកិណ្ហៈ នេះជាវិញ្ញាណដ្ឋិតិទី៤។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ ចូល​កាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លង​បង់​នូវពួករូបសញ្ញា ព្រោះវិនាសទៅ នៃពួក​បដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុង​ចិត្ត នូវពួក​នានត្តសញ្ញា ដោយប្រការទាំងពួង នេះជាវិញ្ញាណដ្ឋិតិទី៥។ ម្នាលអាវុសោទាំងឡាយ មាន​ពួកសត្វ កន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូល​កាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយគិតថា វិញ្ញាណមិនមានទីបំផុត នេះជា​វិញ្ញាណដ្ឋិតិ​ទី៦។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ កន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ហើយចូលកាន់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយគិតថា វត្ថុតិចតួចមិនមាន នេះជាវិញ្ញាណដ្ឋិតិទី៧។

[២០៧] បុគ្គលគួរទទួលនូវទក្ខិណាទាន មាន៧ពួកគឺ លោកជាឧភតោភាគវិមុត្ត១ បញ្ញាវិមុត្ត១ កាយសក្ខី១ ទិដ្ឋិប្បត្ត១ សទ្ធាវិមុត្ត១ ធម្មានុសារី១ សទ្ធានុសារី [ចូរមើលសេចក្តី​ពន្យល់ក្នុង​សម្បសាទនីយសូត្រ ទីឃនិកាយ បាដិកវគ្គ។]១។

[២០៨] អនុសយក្កិលេស មាន៧យ៉ាងគឺ កាមរាគានុស័យ១ បដិឃានុស័យ១ ទិដ្ឋា​នុស័យ១ វិចិកិច្ឆានុស័យ១ មានានុស័យ១ ភវរាគានុស័យ១ អវិជ្ជានុស័យ១។

[២០៩] សញ្ញោជនៈ [ហៅថា សំយោជនៈក៏បាន។] មាន៧យ៉ាងគឺ កាមសញ្ញោជនៈ១ បដិឃសញ្ញោជនៈ១ ទិដ្ឋិសញ្ញោជនៈ១ វិចិកិច្ឆាសញ្ញោជនៈ១ មានសញ្ញោជនៈ១ ភវរាគសញ្ញោជនៈ១ អវិជ្ជាសញ្ញោជនៈ១។

[២១០] អធិករណសមថៈ មាន៧យ៉ាងគឺ ធម៌សម្រាប់រម្ងាប់នូវអធិករណ៍ ដែល​កើត​ឡើងហើយៗ សង្ឃត្រូវឲ្យសម្មុខាវិន័យ១ ត្រូវឲ្យ​សតិវិន័យ១ ត្រូវឲ្យអមូឡ្ហវិន័យ១ ត្រូវ​ធ្វើ​តាម​សេចក្តីប្តេជ្ញា១ យេភុយ្យសិកា១ តស្សបាបិយសិកា១ តិណវត្ថារកៈ [ចូរមើល​ក្នុងសមថក្ខន្ធកៈ ប៉ែក​វិន័យសៀវភៅទី១០។]១។ ម្នាលអាវុសោទាំងឡាយ នេះឯង​ជាពួក​ធម៌​ប្រាំពីរ ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​ត្រាស់សំដែង​ទុកដោយប្រពៃហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួក៧​នោះ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។

ចប់ ពួកធម៌ប្រាំពីរៗ ដែលរាប់ចូល​ក្នុងការសង្គាយនា។

ពួកប្រាំបីៗកែប្រែ

[២១១] ម្នាលអាវុសោទាំងឡាយ​មានធម៌ពួកប្រាំបីៗ ដែលព្រះមានព្រះភាគ អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់​ត្រាស់សំដែង​ទុកល្អហើយ ពួកយើង​ទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួកប្រាំបី​នោះ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។ ពួកធម៌​ប្រាំបី តើដូចម្តេច។ មិច្ឆត្តៈ (ភាវៈដែលខុស) មាន៨យ៉ាង គឺមិច្ឆាទិដ្ឋិ១ មិច្ឆាសង្កប្បៈ១ មិច្ឆាវាចា១ មិច្ឆាកម្មន្តៈ១ មិច្ឆាអាជីវៈ១ មិច្ឆាវាយាមៈ១ មិច្ឆាសតិ១ មិច្ឆាសមាធិ១។

[២១២] សម្មត្តៈ (ភាវៈដែលត្រូវ) មាន៨យ៉ាង គឺសម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១។

[២១៣] បុគ្គលទទួលនូវទក្ខិណាទាន មាន៨ពួក គឺលោកអ្នកដល់នូវ​សោតៈ​ហើយ១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល១ ជាសកទាគាមី១ ប្រតិបត្តិ​ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល១ ជាអនាគាមី១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​អនាគាមិផល១ ជាអរហន្ត១ ប្រតិបត្តិដើម្បីធ្វើឲ្យជាក់ច្បាស់ នូវភាវៈជាអរហន្ត១។

[២១៤] កុសីតវត្ថុ (ហេតុរបស់​បុគ្គលខ្ជិល) មាន៨យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ត្រូវធ្វើការងារ ភិក្ខុនោះមានគំនិតយ៉ាងនេះថា ការងារហ្នឹងឯង អាត្មាអញ នឹងត្រូវធ្វើ តែថាបើអាត្មាអញ ធ្វើការងារទៅហើយ កាយនឹងលំបាក ណ្ហើយ​ចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម ដើម្បីដល់​នូវគុណ​វិសេស ដែល​ខ្លួន​មិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវគុណវិសេស ដែលខ្លួន​មិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបាន​ធ្វើការងារហើយ ភិក្ខុនោះ​មាន​គំនិត​យ៉ាង​នេះ​ថា អាត្មាអញ បានធ្វើការងាររួចហើយ តែថាកាលដែលអាត្មាអញ​កំពុង​ធ្វើ​ការងារ កាយក៏លំបាកទៅហើយ ណ្ហើយចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិន​ប្រុង​ប្រៀប​ព្យាយាម …នេះជា កុសីតវត្ថុ ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​ត្រូវ​ដើរផ្លូវ ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងដើរផ្លូវ តែថា​បើអាត្មាអញ​ដើរ​ផ្លូវ កាយ​នឹងលំបាក ណ្ហើយចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀប​ព្យា​យាម …នេះជា កុសីតវត្ថុ ទី៣។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរផ្លូវរួច​ហើយ ភិក្ខុនោះ មានគំនិត យ៉ាងនេះថា អាត្មាអញ បានដើរផ្លូវរួចហើយ តែថា កាលដែល​អាត្មា​អញកំពុង​ដើរផ្លូវ កាយក៏លំបាកទៅហើយ ណ្ហើយចុះ អាត្មាអញដេកសិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម …នេះជា កុសីតវត្ថុ ទី៤។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបាន​ភោជនសៅហ្មង ឬថ្លៃថ្លា ឲ្យ​បរិបូណ៌ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាល​ដែលដើរ​ទៅកាន់​ស្រុក ឬនិគម មិនបានភោជន​សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌​ដរាបដល់​ឆ្អែត​សោះ កាយរបស់​អាត្មាអញនេះ ក៏លំបាកទៅហើយ ធ្វើការងារមិនកើត ណ្ហើយចុះ អាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម …នេះជា កុសីតវត្ថុ ទី៥។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បាន​ភោជន​សៅហ្មង ឬថ្លៃថ្លា ​បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កាល​ដែលដើរ​ទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជន​សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់​អាត្មាអញ ក៏ធ្ងន់ ធ្វើការងារ​មិន​កើត ទំនងដូចជាសណ្តែក ​ដែលត្រូវទឹក ណ្ហើយចុះ អាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏​ដេក មិនប្រុងប្រៀបព្យាយាម …នេះជា កុសីតវត្ថុ ទី៦។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុកើតអាពាធតិចតួច ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានកើត​អាពាធ​តិចតួច​នេះហើយ មានទំនងនឹងដេកបាន បើដូច្នោះ អាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀបព្យាយាម …នេះជា កុសីតវត្ថុ ទី៧។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុសះស្បើយអំពីជម្ងឺហើយ ទើបនឹងសះស្បើយ​អំពីជម្ងឺ​មិន​យូរ​ប៉ុន្មាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ សះស្បើយអំពីជម្ងឺហើយ តែសះ​ស្បើយ​អំពីជម្ងឺមិនយូរប៉ុន្មាន កាយរបស់អាត្មាអញ នៅមិនទាន់​មានកំឡាំង ធ្វើការងារមិន​កើត ណ្ហើយចុះ អាត្មាអញ​ដេក​សិន។ ភិក្ខុនោះ ក៏ដេក មិនប្រុងប្រៀប​ព្យា​យាម ដើម្បី​ដល់​​នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីបាន​នូវគុណវិសេស ដែលខ្លួនមិន​ទាន់​បាន ដើម្បីធ្វើឲ្យជាក់ច្បាស់​​នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើ​ឲ្យជាក់ច្បាស់ នេះជា កុសីតវត្ថុ ទី៨។

[២១៥] អារព្ភវត្ថុ (ហេតុ​របស់បុគ្គល​ប្រុងប្រៀបព្យាយាម) មាន៨យ៉ាង ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវធ្វើការងារ ភិក្ខុនោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ នឹងត្រូវធ្វើការងារ តែថាបើអាត្មាអញ ធ្វើការងារទៅ នឹងធ្វើទុក​ក្នុងចិត្ត​នូវ​សាសនា របស់​ព្រះពុទ្ធទាំងឡាយ ​មិនបានស្រួលឡើយ ណ្ហើយចុះ អាត្មាអញប្រុង​ប្រៀបព្យាយាម ដើម្បីដល់​​នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីបាន​​នូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បី​ធ្វើឲ្យជាក់ច្បាស់​​នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម ដើម្បី​ដល់​​នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាន​​នូវគុណវិសេស ដែលមិនទាន់បាន ដើម្បី​ធ្វើឲ្យជាក់ច្បាស់​​នូវគុណវិសេស ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ​ជា​អារព្ភវត្ថុ ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានធ្វើការងាររួចហើយ ភិក្ខុនោះ មានគំនិតយ៉ាង​នេះថា អាត្មាអញ បានធ្វើការងាររួចហើយ កាលដែល​អាត្មាអញ​ធ្វើ​ការងារ ក៏មិនអាចធ្វើទុក​ក្នុងចិត្ត ​នូវ​សាសនា របស់​ព្រះពុទ្ធទាំងឡាយបាន ណ្ហើយចុះ គួរអាត្មាអញ ប្រុង​ប្រៀបព្យាយាម។បេ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម …នេះ​ជា​អារព្ភវត្ថុ ទី២។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​ត្រូវ​ដើរផ្លូវ ភិក្ខុនោះ មានគំនិត​យ៉ាង​នេះថា អាត្មាអញ នឹងត្រូវដើរផ្លូវ កាល​បើអាត្មាអញ នឹងដើរផ្លូវ មិនងាយ​ធ្វើទុក​ក្នុងចិត្ត ​នូវ​សាសនា របស់​ព្រះពុទ្ធទាំងឡាយបាន ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀប​ព្យា​យាម។បេ។  ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម…នេះជា អារព្ភវត្ថុ ទី៣។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុដើរផ្លូវរួច​ហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ​បាន​ដើរ​ផ្លូវរួចហើយ កាលដែល​អាត្មា​អញ​កំពុងដើរផ្លូវ មិនអាចធ្វើទុក​ក្នុងចិត្ត ​នូវ​សាសនា​របស់​​ព្រះពុទ្ធទាំងឡាយ ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀប​ព្យា​យាម។បេ។  ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម …នេះជា អារព្ភវត្ថុ ទី៤។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត មិនបាន​ភោជនសៅហ្មង ឬថ្លៃថ្លា ដរាបដល់ឆ្អែត ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ ដើរ​ទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត មិនបានភោជន​សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌​ដរាប​ដល់​ឆ្អែត​កាយ​របស់​អាត្មាអញក៏ស្រាល គួរធ្វើការងារបាន ណ្ហើយចុះ អាត្មាអញប្រុងប្រៀប​ព្យាយាម។បេ។ ភិក្ខុនោះក៏ប្រុងប្រៀបព្យាយាម …នេះជា អារព្ភវត្ថុ ទី៥។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុដើរទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បាន​ភោជនសៅហ្មង ឬថ្លៃថ្លា ​បរិបូណ៌ដរាបដល់ឆ្អែត ភិក្ខុនោះមានគំនិតយ៉ាងនេះថា អាត្មាអញ បានដើរ​ទៅ​កាន់​​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជន​សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាបដល់ឆ្អែត កាយរបស់​អាត្មាអញ មានកំឡាំង ល្មមធ្វើការងារ​បាន ណ្ហើយចុះ អាត្មាអញប្រុងប្រៀប​ព្យា​យាម។បេ។  ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម នេះជា អារព្ភវត្ថុ ទី៦។ ម្នាលអាវុសោ​ទាំង​ឡាយ មួយទៀត ភិក្ខុកើតអាពាធតិចតួច ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ កើតអាពាធ​តិចតួច​នេះហើយ អាពាធ របស់អាត្មាអញ គង់​មានទំនង​ចម្រើនឡើងមិនខាន ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀប​ព្យា​យាម។បេ។  ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម …នេះជា អារព្ភវត្ថុ ទី៧។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុបានសះស្បើយ​អំពីជម្ងឺ​ហើយ លុះស្បើយអំពីជម្ងឺមិនទាន់យូរប៉ុន្មាន ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានសះស្បើយអំពីជម្ងឺហើយ តែសះស្បើយអំពីជម្ងឺមិនទាន់យូរប៉ុន្មាន អាពាធរបស់​អាត្មាអញ គង់​មានទំនងរើឡើងវិញ ណ្ហើយចុះ អាត្មាអញ ប្រុងប្រៀប​ព្យា​យាម ដើម្បី​ដល់​នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលមិនទាន់បានធ្វើ​ឲ្យជាក់​ច្បាស់។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាន​នូវ​គុណវិសេស ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលមិនទាន់​បាន​ធ្វើ​ឲ្យជាក់​ច្បាស់ នេះជា អារព្ភវត្ថុ ទី៨។

[២១៦] ទានវត្ថុមាន៨យ៉ាង គឺ បុគ្គល​ឲ្យទាន ព្រោះបុគ្គលស្រាប់តែមកដល់១ ឲ្យ​ទាន​​ព្រោះខ្លាច (គេតិះដៀល ឬខ្លាចអបាយភូមិ)១ ឲ្យទានដោយគិតថា គេធ្លាប់​ឲ្យ​ដល់​អាត្មាអញហើយ១ ឲ្យទានដោយគិតថា គេនឹងឲ្យដល់អាត្មាអញវិញ១ ឲ្យទាន​ដោយគិត​ថា ទានជាការឲ្យសម្រេចប្រយោជន៍១ ឲ្យទាន​ដោយគិតថា អាត្មាអញ មិនបាន​ចំអិន​ជន​ទាំង​នេះ មិនបានចំអិន កាលបើអាត្មាអញបានចំអិន មិនគួរ​នឹងមិនឲ្យទាន ដល់ពួក​ជន​ដែល​មិនបានចំអិនទេ១ ឲ្យទាន​ដោយគិតថា កាលបើអាត្មាអញ ឲ្យទាននេះទៅហើយ កិត្តិសព្ទដ៏ល្អ រមែងខ្ចរខ្ចាយទៅ១ ឲ្យទានដើម្បី​ជាគ្រឿង​ប្រដាប់ចិត្ត ទាំងជា​បរិវារ​របស់​ចិត្ត១។

[២១៧] ទានុបបត្តិ (ការកើតឡើង ព្រោះទាន) មាន៨យ៉ាង ម្នាលអាវុសោ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កា​កម្រង គ្រឿង​ក្រអូប គ្រឿងលាប ទីដេក ទីនៅ និងវត្ថុសម្រាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គល​នោះ ឲ្យវត្ថុណា ប្រាថ្នាយកវត្ថុនោះវិញ (ព្រោះ) បុគ្គលនោះ ឃើញ​ខត្តិយមហាសាលក្តី ព្រាហ្មណមហាសាលក្តី គហបតិមហាសាលក្តី ដែលឆ្អែតស្កប់ស្កល់ មូលមិត្ត បម្រើ​ដោយ​កាមគុណ៥ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះ​មានរាងកាយ​បែក​ធ្លាយ​​បន្ទាប់អំពី​សេចក្តីស្លាប់ទៅ សូមឲ្យ​ទៅកើតរួម ជាមួយនឹង​ខត្តិយ​មហាសាល ឬព្រាហ្មណមហាសាល ឬក៏គហបតិមហាសាល។ បុគ្គលនោះ ក៏តម្កល់​ចិត្ត​នោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក។ ចិត្តរបស់បុគ្គល​នោះ ផុតស្រឡះ​ចាក​កាមគុណដ៏ថោកទាប តែមិនចម្រើនឡើង [សំដៅយកចិត្ត ដែលមិនបាន​ចម្រើន ដើម្បី​ប្រយោជន៍​ដល់មគ្គ និងផល ដែលលើសលុបជាង​សម្បត្តិខត្តិយមហាសាល ជាដើមនោះ (អដ្ឋកថា)។]តទៅ តែងប្រព្រឹត្តទៅ ដើម្បី​កើត ក្នុងទីដែលខ្លួនប្រាថ្នានោះ។ តែខ្ញុំពោលនូវ​ដំណើរនោះ ចំពោះបុគ្គល​មានសីល មិនពោលចំពោះបុគ្គល​ទ្រុស្តសីលឡើយ។ ម្នាល​អាវុសោទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គល​មានសីល រមែង​សម្រេចបាន ព្រោះ​សេចក្តី​តាំងចិត្តនោះ ជារបស់បរិសុទ្ធ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គល​ពួក​ខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កា​កម្រង គ្រឿងក្រអូប គ្រឿងលាប ទី​ដេក ទីនៅ និងប្រដាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យវត្ថុណា ប្រាថ្នា​យក​វត្ថុនោះវិញ បុគ្គលនោះបានឮថា ពួកទេវតាក្នុងឋាន​ចាតុម្មហារាជិកៈ មានអាយុ​វែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះ​មានរាងកាយបែកធ្លាយ ខាងមុខបន្ទាប់អំពី​សេចក្តីស្លាប់ទៅ សូមឲ្យ​ទៅកើត​រួមជា​មួយ​នឹងពួកទេវតា​ក្នុងឋាន​ចាតុម្មហារាជិកៈ។ បុគ្គលនោះ ក៏តាំង​ចិត្ត​នោះទុក អធិដ្ឋាន​ចិត្ត​នោះ​ទុក អប់រំចិត្តនោះទុក ចិត្តរបស់បុគ្គល​នោះ ផុតស្រឡះ​ចាក​កាមគុណ ដ៏ថោកទាប តែមិនចម្រើនឡើងតទៅ តែងប្រព្រឹត្តទៅ ដើម្បី​កើតក្នុងទីដែលខ្លួនប្រាថ្នានោះ។ តែ​ខ្ញុំ​ពោល​នូវ​ដំណើរនោះ ចំពោះបុគ្គល​មានសីល មិនពោលចំពោះបុគ្គល​ទ្រុស្តសីលឡើយ។ ម្នាល​អាវុសោទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គល​មានសីល រមែង​សម្រេចបាន ព្រោះ​សេចក្តី​​​តាំងចិត្តនោះ ជារបស់បរិសុទ្ធ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គល​ពួក​ខ្លះ ក្នុងលោកនេះ ឲ្យទានបាយ ទឹក សំពត់ យាន ផ្កា​កម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍។ បុគ្គលនោះ ឲ្យរបស់ណា ប្រាថ្នា​យករបស់នោះវិញ បុគ្គលនោះ បានឮថា ពួកទេវតាក្នុងឋាន​តាវត្តិង្ស។បេ។ ពួកទេវតា​ក្នុងឋានយាមៈ។បេ។ ពួកទេវតា​ក្នុងឋានតុសិត។បេ។ ពួកទេវតាក្នុង​ឋាន​និម្មានរតី។បេ។ ពួកទេវតាក្នុងឋានបរនិម្មិតវសវតី មានអាយុវែង មានសម្បុរល្អ មាន​សេចក្តី​សុខច្រើន។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះ​មានរាងកាយ​បែក​ធ្លាយ​ខាង​មុខ​បន្ទាប់​​អំពី​សេចក្តីស្លាប់ទៅ សូមឲ្យ​ទៅកើតរួមជាមួយនឹងពួកទេវតា​ក្នុង​ឋាន​បរនិម្មិតវសវតី្ត។ បុគ្គលនោះ ក៏តាំងចិត្ត​នោះទុក អធិដ្ឋានចិត្តនោះទុក អប់រំ​ចិត្ត​នោះ​ទុក ចិត្តរបស់បុគ្គល​នោះ រួចស្រឡះ​ចាក​កាមគុណដ៏ថោកទាប តែមិន​ចម្រើន​ឡើង​តទៅ តែងប្រព្រឹត្តទៅ ដើម្បី​កើតក្នុងទីដែលខ្លួនប្រាថ្នានោះ។ តែខ្ញុំពោលនូវ​ដំណើរនោះ ចំពោះ​​បុគ្គល​​មានសីល មិនពោលចំពោះបុគ្គល​ទ្រុស្តសីលឡើយ។ ម្នាល​អាវុសោ​ទាំងឡាយ សេចក្តីតាំងចិត្ត របស់បុគ្គល​មានសីល រមែង​សម្រេចបាន ព្រោះ​សេចក្តី​តាំងចិត្តនោះ ជា​របស់​បរិសុទ្ធ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ឲ្យ​ទាន​បាយ ទឹក សំពត់ យាន ផ្កា​កម្រង គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងប្រដាប់​ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ ឲ្យរបស់ណា ប្រាថ្នាយករបស់នោះវិញ បុគ្គល​នោះ បានឮថា ពួកទេវតា​ក្នុងព្រហ្មលោក មានអាយុវែង មានសម្បុរល្អ មានសេចក្តី​សុខ​ច្រើន។ បុគ្គលនោះ មានគំនិតយ៉ាងនេះថា ឱហ្ន៎ អាត្មាអញ លុះ​មានរាងកាយ​បែក​ធ្លាយ​ខាង​មុខ​បន្ទាប់​​អំពី​សេចក្តីស្លាប់ទៅ សូមឲ្យ​ទៅកើតរួម​ជា​មួយ​នឹងពួកទេវតា​ក្នុង​ព្រហ្មលោក។ បុគ្គលនោះ ក៏តាំងចិត្ត​នោះទុក អធិដ្ឋានចិត្តនោះទុក អប់រំចិត្តនោះទុក ចិត្ត​របស់បុគ្គល​នោះ រួចស្រឡះ​ចាក​កាមគុណដ៏ថោកទាប តែមិន​ចម្រើន​ឡើង​ទៅ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​កើត ក្នុងទីដែលខ្លួនប្រាថ្នានោះ។ តែខ្ញុំពោលនូវ​ដំណើរ​នោះ ចំពោះ​បុគ្គល​​មាន​សីល មិនពោលចំពោះបុគ្គល​ទ្រុស្តសីលឡើយ ពោលចំពោះ​តែបុគ្គល​​ប្រាសចាករាគៈ មិនពោល​ចំពោះ​បុគ្គល​ប្រកបដោយរាគៈឡើយ។ ម្នាលអាវុសោ​ទាំងឡាយ សេចក្តី​តាំងចិត្ត​របស់បុគ្គល​មានសីល រមែង​សម្រេចបាន ព្រោះ​សេចក្តី​តាំងចិត្តនោះ ជា​របស់​ប្រាសចាករាគៈ១។

[២១៨] លោកធម៌​មាន៨យ៉ាងគឺ លាភ១ អលាភ១ យស១ អយស១ និន្ទា១ សរសើរ១ សុខ១ ទុក្ខ១។

[២១៩] បរិស័ទមាន៨ពួកគឺ ខត្តិយបរិស័ទ១ ព្រាហ្មណបរិស័ទ១ គហបតិបរិស័ទ​១ សមណបរិស័ទ១ ចាតុម្មហារាជិកបរិស័ទ១ តាវត្តឹសបរិស័ទ១ និម្មានរតិបរិស័ទ១ ព្រហ្ម​បរិស័ទ១។

[២២០] អភិភាយតនៈ មាន៨យ៉ាងគឺ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវរូបខាង​ក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់​នូវរូបទាំងនោះ ដែលមានសម្បុរល្អ និង​សម្បុរអាក្រក់ មានប្រមាណតិច ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី១។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវរូបខាង​ក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់​នូវរូបទាំងនោះ ដែលមានសម្បុរល្អ និង​សម្បុរអាក្រក់ រកប្រមាណមិនបាន ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី២។ បុគ្គល​ពួកមួយ មិនមាន​សេចក្តី​សំគាល់ ​​នូវរូបខាង​ក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់​នូវរូបទាំងនោះ ដែល​មាន​សម្បុរ​ល្អ និង​សម្បុរអាក្រក់ មានប្រមាណតិច ហើយមាន​សេចក្តី​សំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី៣។ បុគ្គល​ពួកមួយ មានសេចក្តី​សំគាល់​​នូវអរូបខាង​ក្នុង ឃើញនូវពួករូបខាងក្រៅ គ្របសង្កត់​នូវរូបទាំងនោះ ដែលមាន​សម្បុរ​ល្អ និង​សម្បុរអាក្រក់ រកប្រមាណមិនបាន ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញឃើញដូច្នេះ នេះជា អភិភាយតនៈ ទី៤។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវ អរូបខាង​ក្នុង ឃើញនូវ​ពួក​រូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរ​ខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ ប្រៀបដូចផ្កា​ត្រកៀតខៀវ មានសម្បុរ​ខៀវ ដ៏​ឆ្លុះចេញ​នូវសម្បុរ​ខៀវ មានពន្លឺខៀវ ពុំនោះសោត ប្រៀបដូចសំពត់​ខៀវ កើតក្នុង​ក្រុង​ពារាណសីនោះ រលីងទាំងពីរខាង មានពណ៌ខៀវ ដ៏ឆ្លុះចេញនូវពណ៌ខៀវ មានពន្លឺខៀវ យ៉ាងណាមិញ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវ​អរូបខាងក្នុង ឃើញនូវពួក​រូបខាង​ក្រៅ ដែលជារូបខៀវ មាន​សម្បុរ​ខៀវ ដ៏ឆ្លុះចេញនូវសម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់​នូវរូបទាំងនោះ ហើយមាន​សេចក្តី​សំគាល់​​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៥។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវ​អរូបខាង​ក្នុង ឃើញ​នូវ​ពួករូប​ខាងក្រៅ ដែលជារូបលឿង មានពណ៌លឿង ដ៏ឆ្លុះ​ចេញ​នូវ​ពណ៌លឿង មានពន្លឺលឿង ប្រៀបដូចផ្កាកណ្ណិកាលឿង មានពណ៌លឿង ដ៏​ឆ្លុះចេញ​នូវ​ពណ៌លឿង មានពន្លឺលឿង ពុំនោះសោត ប្រៀបដូចសំពត់លឿង កើតក្នុង​ក្រុង​ពារាណសី​នោះ រលីងទាំងពីរខាង មានពណ៌លឿង ដ៏ឆ្លុះចេញនូវពណ៌លឿង មានពន្លឺលឿង យ៉ាងណាមិញ បុគ្គល​ពួក​មួយ មានសេចក្តីសំគាល់ នូវ​អរូបខាងក្នុង ឃើញនូវពួក​រូបខាង​ក្រៅ ដែលជារូបលឿង មានសម្បុរលឿង ដ៏ឆ្លុះចេញ នូវសម្បុរលឿង មានពន្លឺលឿង គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា អភិភាយតនៈ ទី៦។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវ​អរូបខាង​ក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ដ៏ឆ្លុះ​ចេញ​នូវសម្បុរក្រហម មានពន្លឺក្រហម ប្រៀបដូច​ផ្កាច្បារក្រហម មានពណ៌ក្រហម ដ៏​ឆ្លុះចេញ​នូវ​ពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត ប្រៀបដូចសំពត់ក្រហម កើតក្នុង​ក្រុង​ពារាណសី​នោះ រលីងទាំងពីរខាង មានពណ៌ក្រហម ដ៏ឆ្លុះចេញនូវពណ៌ក្រហម មានពន្លឺក្រហម យ៉ាងណាមិញ បុគ្គល​ពួក​មួយ មានសេចក្តីសំគាល់ នូវ​អរូបខាងក្នុង ឃើញនូវ​ពួក​​រូបខាង​ក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម ដ៏ឆ្លុះចេញ​នូវសម្បុរក្រហម មានពន្លឺក្រហម គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះ​ឯង នេះជា អភិភាយតនៈ ទី៧។ បុគ្គល​ពួកមួយ មានសេចក្តីសំគាល់​នូវ ​អរូបខាង​ក្នុង ឃើញ​នូវពួករូបខាងក្រៅ ដែលជារូប ស មានសម្បុរ ស ដ៏ឆ្លុះ​ចេញ​នូវសម្បុរ ស មានពន្លឺ​ស ប្រៀបដូចផ្កាយព្រឹក ស មានពណ៌ ស ដ៏​ឆ្លុះចេញ​នូវ​ពណ៌ ស មានពន្លឺ ស ពុំនោះ​សោត ប្រៀបដូចសំពត់ កើតក្នុង​ក្រុង​ពារាណសី​នោះ រលីងទាំងពីរខាង មានពណ៌ ស ដ៏ឆ្លុះចេញនូវពណ៌ ស មានពន្លឺ ស យ៉ាងណាមិញ បុគ្គលពួកមួយ មិនមានសេចក្តី​សំគាល់​នូវរូបខាងក្នុង ឃើញនូវពួក​រូបខាង​ក្រៅ ដែលជារូប ស មានសម្បុរ ស ដ៏ឆ្លុះចេញនូវសម្បុរ ស មានពន្លឺ ស គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ យ៉ាងនេះឯង នេះជា ​អភិភាយតនៈ ទី៨។

[២២១] វិមោក្ខមាន៨យ៉ាងគឺ បុគ្គលរមែង​ឃើញ នូវរូបទាំងឡាយបាន នេះជា វិមោក្ខ​ទី១។ បុគ្គលពួកមួយ មានសេចក្តីសំគាល់​នូវ​អរូបខាងក្នុង ឃើញនូវ​ពួករូប​ខាងក្រៅ នេះជា វិមោក្ខ ទី២។ សេចក្តីជឿស៊ប់ ចំពោះកសិណដ៏ល្អ នេះជា វិមោក្ខ ទី៣។ ព្រោះ​ការកន្លង នូវ​ពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវ​នានត្តសញ្ញា ដោយប្រការទាំងពួង បុគ្គល រមែងចូលកាន់ អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ នេះជា វិមោក្ខ ទី៤។ បុគ្គល​កន្លង នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់វិញ្ញាណ​ញ្ចា​យតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ នេះជាវិមោក្ខទី៥។ បុគ្គលកន្លងនូវ វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ អាកិញ្ចញ្ញា​យតន​ជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចប​ន្តួច​មិនមាន ដូច្នេះ នេះជា វិមោក្ខទី ៦។ បុគ្គលកន្លង​នូវ អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ នេវសញ្ញា​នាសញ្ញា​យតនជ្ឈាន នេះជា វិមោក្ខ ទី៧។ បុគ្គលកន្លងនូវ នេវសញ្ញានាសញ្ញា​យតនជ្ឈាន ដោយប្រការទាំងពួង រមែងចូលកាន់ សញ្ញាវេទយិតនិរោធ នេះជា វិមោក្ខ ទី៨។ ម្នាលអាវុសោទាំងឡាយ ធម៌ពួកប្រាំបីនេះឯង ដែលព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែង​ទុកល្អហើយ ពួកយើង​ទាំងអស់គ្នា ត្រូវ​សង្គាយនា ក្នុងធម៌ពួកប្រាំបីនោះ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

ចប់ ពួកធម៌ប្រាំបីៗ ដែល​រាប់ចូលក្នុងការសង្គាយនា។

ពួកប្រាំបួនៗកែប្រែ

[២២២] ម្នាលអាវុសោទាំងឡាយ ធម៌ពួកប្រាំបួនៗ ដែលព្រះមានព្រះភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែង​ទុកល្អហើយ រមែង​មានប្រាកដ ពួកយើង​ទាំងអស់គ្នា ត្រូវ​សង្គាយនា ក្នុងធម៌ពួកប្រាំបួននោះ។បេ។ ដើម្បី​សេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ពួក​ប្រាំបួន ដូចម្តេចខ្លះ។ អាឃាតវត្ថុ (ហេតុនៃ​សេចក្តីគុំគួន) មាន៩យ៉ាងគឺ បុគ្គល​ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើ​មិនជាប្រយោជន៍ ដល់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើ​មិនជា​ប្រយោជន៍ ដល់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើ​មិនជា​ប្រយោជន៍ ដល់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើ​មិនជា​ប្រយោជន៍។ កំពុងប្រព្រឹត្ត នូវអំពើ​មិនជាប្រយោជន៍។ នឹងប្រព្រឹត្ត នូវអំពើ​មិនជា​ប្រយោជន៍ ដល់បុគ្គលជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់អញ។ ចងអាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើ​ជាប្រយោជន៍។ កំពុង​ប្រព្រឹត្ត នូវអំពើ​ជា​ប្រយោជន៍។ នឹង​ប្រព្រឹត្ត នូវអំពើ​ជាប្រយោជន៍ ដល់បុគ្គល​មិនជាទីស្រឡាញ់ មិនជា​ទី​គាប់​ចិត្ត របស់អញ។

[២២៣] អាឃាតប្បដិវិន័យ (ការកំចាត់បង់​អាឃាត) មាន៩យ៉ាង គឺ បុគ្គល​កំចាត់​បង់នូវ​អាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្ត​ហើយ នូវអំពើមិន​ជាប្រយោជន៍​ដល់​អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិ​អំពើ​មិនជាប្រយោជន៍នោះ អាត្មាអញ គប្បី​បានក្នុង​បុគ្គល​នុ៎ះអំពីណា។ បុគ្គល​កំចាត់​បង់នូវ​អាឃាត ដោយគិតថា ជនឯណោះ កំពុង​ប្រព្រឹត្ត​នូវអំពើមិន​ជាប្រយោជន៍​ដល់​អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិ​អំពើ​មិនជា​ប្រយោជន៍នោះ អាត្មាអញ គប្បី​បាន ក្នុង​បុគ្គល​នុ៎ះអំពីណា។ បុគ្គល​កំចាត់​បង់នូវ​អាឃាត ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើមិន​ជាប្រយោជន៍​ដល់​អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិ​អំពើ​មិនជាប្រយោជន៍នោះ អាត្មាអញ គប្បី​បានក្នុង​បុគ្គល​នុ៎ះអំពីណា។ បុគ្គល​កំចាត់​បង់នូវ​អាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្ត​ហើយ នូវអំពើមិន​ជាប្រយោជន៍​។ កំពុង​ប្រព្រឹត្តនូវអំពើ​មិនជាប្រយោជន៍។ នឹងប្រព្រឹត្ត​នូវអំពើ​មិនជាប្រយោជន៍ ដល់បុគ្គល​ជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់អាត្មាអញ ព្រោះ​ហេតុ​នោះ ការប្រព្រឹត្តិ​នូវអំពើ​មិនជាប្រយោជន៍នោះ អាត្មាអញ គប្បី​បានក្នុង​បុគ្គល​នុ៎ះ​អំពី​ណា។ បុគ្គល​កំចាត់​បង់ នូវ​អាឃាត ដោយគិតថា ជនឯណោះ បានប្រព្រឹត្ត​ប្រយោជន៍។ កំពុងប្រព្រឹត្តប្រយោជន៍។ នឹងប្រព្រឹត្ត​ប្រយោជន៍ ​ដល់បុគ្គល​មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មាអញ ព្រោះហេតុនោះ ការប្រព្រឹត្តិ​នោះ អាត្មាអញ គប្បី​បានក្នុង​បុគ្គល​នុ៎ះអំពីណា។

[២២៤] សត្តាវាសៈ (ប្រទេស​ជាទីនៅរបស់សត្វ) មាន៩យ៉ាង ម្នាលអាវុសោ​ទាំង​ឡាយ ពួកសត្វមានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួក​មនុស្ស​ទេវតាពួកខ្លះ និង​វិនិបាតិកៈពួកខ្លះ នេះជា សត្តាវាស ទី១។ ម្នាលអាវុសោទាំងឡាយ ពួកសត្វ​មានកាយ​ផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចពួក​ទេវតា ក្នុងជាន់​ព្រហ្មលោក ដែលកើត​ក្នុងជាន់​បឋមជ្ឈានភូមិ នេះជា សត្តាវាស ទី២។ ម្នាលអាវុសោទាំងឡាយ ពួកសត្វ​មានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួក​ទេវតា ក្នុងជាន់អាភស្សរៈ នេះជា សត្តាវាស ទី៣។ ម្នាល​អាវុសោទាំងឡាយ ពួកសត្វ​មានកាយដូចគ្នា មាន​សញ្ញា​ដូចគ្នា ដូចពួក​ទេវតា ក្នុងជាន់​សុភកិណ្ហៈ នេះជា សត្តាវាស ទី៤។ ម្នាលអាវុសោទាំងឡាយ ពួកសត្វ​ឥតសញ្ញា មិនដឹង​ច្បាស់ (នូវ​អារម្មណ៍) ដូចពួកទេវតា ជាអសញ្ញិសត្វ នេះជា​សត្តាវាស ទី៥។ ម្នាលអាវុសោ​ទាំងឡាយ ពួកសត្វចូលកាន់​អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាស​មិនមាន​ទី​បំផុត ដូច្នេះ ព្រោះកន្លងបង់នូវ​ពួករូបសញ្ញា ព្រោះ​វិនាស​ទៅនៃពួក​បដិឃសញ្ញា ព្រោះមិន​ធ្វើទុកក្នុងចិត្ត នូវពួក​នានត្តសញ្ញា ដោយប្រការ​ទាំងពួង នេះជា សត្តាវាស ទី៦។ ម្នាលអាវុសោទាំងឡាយ ពួកសត្វកន្លងបង់នូវ​អាកាសា​នញ្ចាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណ​មិនមាន​ទីបំផុត ដូច្នេះ នេះជា សត្តាវាស ទី៧។ ម្នាល​អាវុសោ​ទាំង​ឡាយ ពួកសត្វកន្លងបង់នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយចូល​កាន់​​អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុបន្តិចបន្តួចមិនមាន ដូច្នេះ នេះជា​សត្តាវាស​ទី ៨។ ម្នាលអាវុសោ​ទាំងឡាយ ពួកសត្វកន្លងបង់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ហើយ​ចូល​កាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុនេះស្ងប់រម្ងាប់ វត្ថុនេះប្រសើរ ដូច្នេះ នេះជាសត្តាវាសទី៩។

[២២៥] អក្ខណអសម័យ នៃការនៅ​ប្រព្រឹត្តព្រហ្មចារ្យ មាន៩យ៉ាង ម្នាលអាវុសោ​ទាំងឡាយ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ កើតឡើងហើយ ក្នុងលោក​នេះផង ធម៌ដែល​​ធ្វើកិលេស​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌ ដែលព្រះសុគត ប្រកាសទុក ព្រះអង្គក៏បានសំដែង​ហើយផង។ តែបុគ្គល​នេះ ទៅ​កើតក្នុងនរក នេះជា អក្ខណអសម័យ នៃការ​នៅប្រព្រឹត្ត​ព្រហ្មចារ្យទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ កើតឡើង​ហើយ​ក្នុង​​លោក​ផង ធម៌ដែល​ធ្វើកិលេស​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌ ដែលព្រះសុគត ប្រកាសទុក ព្រះអង្គក៏បានសំដែង​ហើយផង។ តែបុគ្គល​នេះ ទៅកើតក្នុងកំណើតតិរច្ឆាន។បេ។ ទៅកើតក្នុងបិត្តិវិស័យ។បេ។ ទៅកើត​ក្នុង​អសុរកាយ។បេ។ ទៅកើតក្នុងពួកទេវតា មានអាយុវែងណាមួយ។បេ។ ទៅកើតក្នុង​ពួក​មិលក្ខជន ជាអ្នក​មិនដឹងការខុសត្រូវច្បាស់លាស់ ក្នុងពួក​បច្ចន្តិមជនបទ ដែលជា​ប្រទេស​គ្មាន​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទៅដល់។ បានកើត​ក្នុងមជ្ឈិមជនបទហើយ តែអ្នក​នោះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរឹតថា ទានដែល​បុគ្គល​ឲ្យហើយ គ្មានផល របស់​ដែលគេបូជាហើយ គ្មានផល ការបូជាធំ គ្មានផល ការបូជាតូច គ្មានផល ផល និងវិបាក​របស់កម្ម ដែលសត្វ​ធ្វើល្អ ធ្វើអាក្រក់ មិនមាន លោកនេះមិនមាន លោកដទៃ​មិនមាន មាតា​មិនមាន បិតាមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ពួកសមណព្រាហ្មណ៍ ក្នុង​លោកជាអ្នក​ព្រមព្រៀង​គ្នា ប្រតិបត្តិដោយល្អ ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោកនេះ និងលោក​ខាងមុខ ព្រោះដឹងច្បាស់​ដោយខ្លួនឯង ហើយឲ្យអ្នកដទៃ​បានត្រាស់​ដឹងផង មិនមាន។ បានកើត​ក្នុងពួកមជ្ឈិមជនបទហើយ តែជាបុគ្គល​អប្ប​ឥតប្រាជ្ញា ល្ងង់ខ្លៅ ជាមនុស្សគ មិនអង់អាច ដើម្បីដឹង​សេចក្តី នៃសុភាសិត និង​ទុព្ភាសិត​បាន នេះជា អក្ខណអសម័យ នៃការ​នៅប្រព្រឹត្ត​ព្រហ្មចារ្យទី៨។ ម្នាលអាវុសោទាំងឡាយ មួយទៀត ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ មិនកើតឡើងក្នុងលោកផង ធម៌ធ្វើនូវសេចក្តី​ស្ងប់​រម្ងាប់កិលេស ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត​ទ្រង់ប្រកាស​ទុក ព្រះអង្គក៏មិនបានសំដែងផង។ តែបុគ្គល​នេះ បានកើត​ក្នុង​មជ្ឈិមជនបទ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជាមនុស្សគ អង់អាច ដើម្បីដឹង​សេចក្តី ​នៃសុភាសិត និងទុព្ភាសិតបាន។ នេះជា អក្ខណអសម័យ នៃការ​នៅប្រព្រឹត្ត​ព្រហ្មចារ្យទី៩។

[២២៦] អនុបុព្វវិហារៈ (ធម៌ជាគ្រឿង​នៅ ដែលបុគ្គល ​ត្រូវចូល​តាមលំដាប់​ឈាន) មាន​៩យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ស្រឡះ​ចាកកាម​ទាំង​ឡាយ ស្ងាត់ស្រឡះ ចាក​អកុសលធម៌ទាំងឡាយ ហើយចូលបឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើត​អំពីវិវេក១ ព្រោះរម្ងាប់​វិតក្កៈ និង​វិចារៈទាំងឡាយ រមែងចូលទុតិយជ្ឈាន ជាឈាន​កើតក្នុង​សន្តាន​នៃខ្លួន ជាទីជ្រះថ្លា គឺ​សទ្ធា​មានភាវៈជាចិត្តប្រសើរឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែល​កើត​អំពីសមាធិ១ ព្រោះអស់ទៅនៃបីតិ ប្រកបដោយ​ឧបេក្ខាផង មានសតិសម្បជញ្ញៈផង ទទួល​នូវសេចក្តី​សុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល​ចូល​តតិយជ្ឈាននោះថា បុគ្គលនោះ ប្រកបដោយឧបេក្ខា មានសតិនៅជាសុខ ដោយអំណាច​តតិយជ្ឈានណា បានចូលតតិយជ្ឈាន (នោះ)១ ព្រោះលះសុខផង លះទុក្ខផង អស់​សោមនស្ស និងទោមនស្ស ក្នុងកាលមុន ចូលចតុត្ថជ្ឈាន មិនទុក្ខ មិនសុខ មានសតិដ៏​បរិសុទ្ធដោយឧបេក្ខា១ ព្រោះកន្លង​បង់នូវ​ពួករូបសញ្ញា អស់ពួក​បដិឃសញ្ញា មិនធ្វើ​ទុក​ក្នុង​ចិត្តនូវពួក​នានត្តសញ្ញា ដោយប្រការទាំងពួង ចូលអាកាសានញ្ចាយតនជ្ឈាន ដោយ​គិតថា អាកាស​មិនមានទីបំផុតដូច្នេះ១ កន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយ​គិតថា វិញ្ញាណ​មិនមាន​ទី​បំផុត​ដូច្នេះ១ កន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួង ហើយ​ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយ​គិតថា វត្ថុអ្វីតិចតួច ​មិនមាន ដូច្នេះ១ កន្លងនូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួង ហើយ​ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន​១ កន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រ​ការ​ទាំងពួង ហើយចូល​សញ្ញាវេទយិតនិរោធ១។

[២២៧] អនុបុព្វនិរោធ (ធម៌ជាគ្រឿង​រលត់ដោយលំដាប់ឈាន) មាន​៩យ៉ាងគឺ កាល​បុគ្គល​ចូលបឋមជ្ឈាន កាមសញ្ញារលត់១ កាលដែលចូល​ទុតិយជ្ឈាន វិតក្កវិចារៈ​រលត់១ កាលដែលចូលតតិយជ្ឈាន បីតិរលត់១ កាលដែលចូល​ចតុត្ថជ្ឈាន អស្សាសៈ និង​បស្សាសៈរលត់១ កាលដែលចូល​អាកាសានញ្ចាយតនជ្ឈាន រូបសញ្ញារលត់១ កាល​ដែលចូល​វិញ្ញាណញ្ចាយតនជ្ឈាន អាកាសានញ្ចាយតនសញ្ញារលត់១ កាលដែល​ចូល​អាកិញ្ចញ្ញាយតនជ្ឈាន វិញ្ញាណញ្ចាយតនសញ្ញារលត់១ កាល​ដែលចូល​នេវសញ្ញា​នាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញារលត់១ កាល​ដែលចូល​សញ្ញាវេទយិតនិរោធ សញ្ញា និងវេទនារលត់១។ ម្នាលអាវុសោទាំងឡាយ នេះឯង​ជាធម៌ពួក​៩ ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញ​ច្បាស់ ត្រាស់សំដែងទុកល្អហើយ ពួកយើង​ទាំងអស់គ្នា ត្រូវសង្គាយនា ក្នុងធម៌ពួក​៩នោះ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្ស​ទាំងឡាយ។ សេចក្តីបំប្រួញធម៌ពួក៩។

ចប់ ពួកធម៌ប្រាំបួនៗ ដែលរាប់ចូលក្នុង​ការសង្គាយនា។

ពួកធម៌ដប់ៗកែប្រែ

[២២៨] ម្នាលអាវុសោទាំងឡាយ មានធម៌ពួក១០​ ដែល​ព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប​ច្បាស់ ឃើញច្បាស់​ត្រាស់សំដែង​ទុកល្អហើយ ពួកយើង​ទាំងអស់គ្នា ត្រូវសង្គាយនាក្នុងធម៌ពួក​១០នោះ។បេ។ ដើម្បីសេចក្តីចម្រើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ពួក១០ ដូចម្តេចខ្លះ។ នាថករណធម៌ (ធម៌​គ្រឿង​ធ្វើនូវ​ទីពឹង) មាន១០យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរ ឃើញភ័យ​ចំពោះ​ទោសទាំងឡាយ សូម្បីមាន​ប្រមាណ​តិច សមាទានសិក្សា ​ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសីល សង្រួម​ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរ ឃើញភ័យ​ចំពោះ​ទោស​ទាំងឡាយ សូម្បីមាន​ប្រមាណ​តិច សមាទានសិក្សា​ក្នុងសិក្ខាបទទាំងឡាយណា នេះជា​នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ជាពហុស្សូត ចាំពុទ្ធវចនៈ ដែល​ខ្លួន​បានស្តាប់ហើយ សន្សំពុទ្ធវចនៈ ដែលខ្លួន​បានស្តាប់ហើយ។ ពួកធម៌ណា មាន​ពីរោះខាងដើម មានពីរោះក្នុងកណ្តាល មានពីរោះ​ក្នុងទីបំផុត ប្រកាស​នូវព្រហ្មចារ្យ ប្រកប​ដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធបរិបូណ៌​សព្វគ្រប់ ភិក្ខុនោះ បានស្តាប់​ច្រើន បានចាំរត់មាត់ រំពឹង​ដោយចិត្តចាក់ធ្លុះ ដោយសេចក្តីយល់​នូវធម៌​មានសភាព​ដូច្នោះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាពហុស្សូត។បេ។ ចាក់ធ្លុះ​ដោយសេចក្តីយល់ណា នេះជា​នាថករណធម៌ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានមិត្រល្អ មាន​សំឡាញ់​​ល្អ មានបុគ្គល​ស្និទ្ធស្នាលល្អ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានមិត្រល្អ មាន​សំឡាញ់ល្អ មានបុគ្គលស្និទ្ធស្នាល្អណា នេះជា នាថករណធម៌ ១។ ម្នាលអាវុសោ​ទាំង​ឡាយ មួយទៀត ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយ​ពួកធម៌ ជាគ្រឿង​ធ្វើនូវ​ភាវៈជាអ្នកប្រដៅងាយ ជាអ្នកអត់ធន់ ទទួល​យកពាក្យប្រៀនប្រដៅ ដោយ​ចំណែក​ខាងស្តាំ [ស្តាំជាប៉ែកខាងល្អ ឆ្វេងជាប៉ែកខាងអាក្រក់ អ្នកប្រព្រឹត្ត​ល្អ ហៅថា ប្រព្រឹត្ត​ខាងស្តាំ អ្នកប្រព្រឹត្ត​ខុស ហៅថា ប្រព្រឹត្តឆ្វេង។]។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកដែលគេប្រដៅងាយ ប្រកបដោយ​ពួកធម៌ ជាគ្រឿង​ធ្វើនូវ​ភាវៈជា​អ្នក​ប្រដៅ​ងាយ ជាអ្នកអត់ធន់ ទទួល​យកពាក្យប្រៀនប្រដៅ ដោយ​ចំណែក​ខាងស្តាំណា នេះជា​នាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត កិច្ចអ្វីដែល​បុគ្គលត្រូវធ្វើ ទោះបី​ធំ ឬតូច របស់ពួក​សព្រហ្មចារីណា ភិក្ខុជាអ្នកឈ្លាស មិនខ្ជិលច្រអូស ក្នុងកិច្ចទាំងនោះ ប្រកប​ដោយ​ការពិចារណា ជាឧបាយក្នុងកិច្ចនោះ អាចធ្វើបាន អាចចាត់ចែងបាន។ ម្នាលអាវុសោទាំងឡាយ កិច្ចអ្វីៗ ដែលបុគ្គល​ត្រូវធ្វើ របស់​ពួកសព្រហ្មចារីណា ភិក្ខុ​។បេ។ អាចចាត់ចែងបានណា នេះជា នាថករណធម៌ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ ជាអ្នកមាន​សំដី​គួរស្រឡាញ់ មានសេចក្តីរីករាយដ៏លើស​លុប ក្នុងអភិធម្ម ក្នុងអភិវិន័យ [ក្នុងធម៌ គឺសុត្តន្តបិដក អភិធម្ម គឺសត្តបករណ វិន័យ គឺ​ឧភតោវិភង្គ អភិវិន័យ គឺខន្ធកបរិវារ ឬថា ធម៌គឺសុត្តន្តបិដក អភិធម្ម គឺមគ្គផល វិន័យ គឺ​វិនយបិដកទាំងអស់ អភិវិន័យ គឺការរម្ងាប់​កិលេស (អដ្ឋកថា)។]។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តីប្រាថ្នាក្នុងធម៌ ជាអ្នកមាន​សំដី​គួរស្រឡាញ់ មានសេចក្តីត្រេកអរដ៏លើស​លុប ក្នុងអភិធម្ម ក្នុងអភិវិន័យណា នេះជា នាថករណធម៌​១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបានណា នេះជា នាថករណធម៌ ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានព្យាយាម ប្រារព្ធហើយ ដើម្បីលះបង់ពួកអកុសលធម៌ ដើម្បីចម្រើន​ពួកកុសលធម៌ ជាអ្នកមានកំឡាំងចិត្ត មានសេចក្តី​សង្វាតមាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌​ទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានព្យាយាម ប្រារព្ធហើយ ដើម្បីលះបង់​ពួក​អកុសលធម៌ ដើម្បីចម្រើន​ពួកកុសលធម៌ ជាអ្នកមានកំឡាំងចិត្ត មានសេចក្តី​សង្វាតមាំមួន មិនដាក់ធុរៈចោល ក្នុងកុសលធម៌​ទាំងឡាយណា នេះជានាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានសតិ ប្រកបដោយសតិ និងភាវៈជាបុគ្គល​មានប្រាជ្ញាចាស់ក្លាក្រៃលែង ជាអ្នករលឹកបាន រលឹក​បានរឿយៗ នូវការងារដែលបាន​ធ្វើ​យូរហើយក្តី និយាយយូរហើយក្តី។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសតិ ប្រកបដោយ​សតិ និងភាវៈជាបុគ្គល​មានប្រាជ្ញាចាស់ក្លាក្រៃលែង ជាអ្នករលឹកបាន រលឹក​បានរឿយៗ នូវការងារ ដែលបាន​ធ្វើ​យូរហើយក្តី និយាយយូរហើយក្តីណា នេះជានាថករណធម៌១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងឆ្លុះ​យល់នូវសេចក្តីចម្រើន និងសេចក្តីវិនាស ជាប្រាជ្ញាចាក់ធ្លុះដ៏ប្រសើរ ដល់នូវសេចក្តីអស់​ទៅនៃទុក្ខដោយប្រពៃ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿង​ឆ្លុះ​យល់នូវសេចក្តីចម្រើន និងសេចក្តីវិនាស ជាប្រាជ្ញាចាក់ធ្លុះដ៏ប្រសើរ ដល់នូវ​សេចក្តីអស់​ទៅ នៃទុក្ខដោយប្រពៃណា នេះជានាថករណធម៌១។

[២២៩] កសិណាយតនៈមាន១០យ៉ាង គឺ បុគ្គលម្នាក់ ចាំបាននូវបឋវីកសិណ ទាំង​ទិសខាងលើ ខាងក្រោម និងទិសទទឹង​តាមលំដាប់ រកប្រមាណមិនបាន។ បុគ្គលម្នាក់ ចាំបាន​នូវ​អាបោកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​តេជោកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​វាយោកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​នីលកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​បីតកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវលោហិតកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​ឱទាតកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​អាកាសកសិណ។បេ។ បុគ្គលម្នាក់ ចាំបាន​នូវ​វិញ្ញាណកសិណ ទាំងទិសខាងលើ ខាងក្រោម និងទិសទទឹង តាមលំដាប់​រក​ប្រមាណមិនបាន។

[២៣០] អកុសលកម្មបថមាន១០យ៉ាង គឺបាណាតិបាត១ អទិន្នាទាន១ កាមេសុមិច្ឆាចារៈ១ មុសាវាទ១ បិសុណាវាចា១ ផរុសវាចា១ សម្ផប្បលាបៈ១ អភិជ្ឈា១ ព្យាបាទ១ មិច្ឆាទិដ្ឋិ១។

[២៣១] កុសលកម្មបថមាន១០យ៉ាង គឺចេតនាវៀរចាកបាណាតិបាត១ ចេតនា​វៀរចាកអទិន្នាទាន១ ចេតនាវៀរចាកកាមេសុមិច្ឆាចារៈ១ ចេតនាវៀរចាកមុសាវាទ១ ចេតនាវៀរចាកបិសុណាវាចា១ ចេតនាវៀរចាកផរុសវាចា១ ចេតនាវៀរចាក​សម្ផប្បលាបៈ​១ មិនមានអភិជ្ឈា១ មិនមានព្យាបាទ១ សម្មាទិដ្ឋិ១។

[២៣២] អរិយវាសៈ (ធម៌ជាគ្រឿងនៅរបស់ព្រះអរិយៈ) មាន១០យ៉ាង ម្នាល​អាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានអង្គ៥ លះបង់ហើយ១ ប្រកប​ដោយ​ឆឡង្គុបេក្ខា១ មានកិរិយារក្សាធម៌តែមួយ១ មានធម៌ជាគ្រឿងពឹងផ្អែក៤យ៉ាង១ លះបង់​សច្ចៈ ដែលបុគ្គល​ប្រកាន់ផ្សេងៗគ្នា១ មានការស្វែងរកនូវវត្ថុទាំងពួង លះបង់ហើយ​ដោយប្រពៃ១ មានសេចក្តីត្រិះរិះមិនសៅហ្មង១ មានកាយសង្ខារ​ស្ងប់រម្ងាប់​ហើយ១ មានចិត្តរួចស្រឡះ​ហើយដោយល្អ១ មានប្រាជ្ញារួចស្រឡះហើយដោយល្អ១។ ម្នាលអាវុសោទាំងឡាយ ឯភិក្ខុ​មានអង្គ៥ លះបង់ហើយ តើដូចម្តេច។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកលះបង់កាមច្ឆន្ទៈ១ លះបង់​ព្យាបាទ១ លះបង់​ថីនមិទ្ធៈ១ លះបង់​ឧទ្ធច្ចកុក្កុច្ចៈ១ លះបង់វិចិកិច្ឆា១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមាន​អង្គ៥ លះបង់ហើយដោយអាការយ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកប​ដោយ ​ឆឡង្គុបេក្ខា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូប​ដោយចក្ខុ ក៏មិនសោមនស្ស មិន​ទោមនស្ស ជាបុគ្គល​ព្រងើយកន្តើយ មានសតិ និង​សម្បជញ្ញៈ។ ឮសំឡេង​ដោយត្រចៀក។ ធុំក្លិន​ដោយច្រមុះ។ ទទួលរសដោយអណ្តាត។ ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ។ ដឹងធម្មារម្មណ៍​ដោយចិត្ត ក៏មិនមានសោមនស្ស មិនមានទោមនស្ស ជាបុគ្គល​ព្រងើយកន្តើយ មានសតិ និងសម្បជញ្ញៈ។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុប្រកបដោយ ​ឆឡង្គុបេក្ខា ដោយអាការ​យ៉ាងនេះឯង។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុមានកិរិយា​រក្សា​ធម៌តែមួយ តើដូចម្តេច។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយ​ចិត្ត មានសតិ ជាគ្រឿង​រក្សាទុក។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុមានកិរិយា​រក្សាធម៌​តែមួយ ដោយអាការ​យ៉ាងនេះឯង។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុមានធម៌ ជាគ្រឿង​ពឹងផ្អែក​៤យ៉ាង តើដូចម្តេច។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាហើយ ទើប​សេពវត្ថុ ដែល​គួរសេព១ ពិចារណា​ហើយ ទើប​អត់សង្កត់​វត្ថុ ដែលគួរអត់សង្កត់១ ពិចារណាហើយ ទើប​វៀរវត្ថុ​ដែលគួរវៀរ១ ពិចារណាហើយ ទើប​បន្ទោបង់វត្ថុ ដែល​គួរ​បន្ទោបង់១។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុមានធម៌ ជាគ្រឿង​ពឹងផ្អែក​៤យ៉ាង ដោយ​អាការយ៉ាងនេះឯង។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុលះបង់សច្ចៈ ដែលបុគ្គល​ប្រកាន់​ផ្សេងៗគ្នា តើដូចម្តេច។ ម្នាល​អាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាននាំចេញ បន្ទោបង់ លះចោល ខ្ជាក់ចេញ ផ្តាច់ចេញ លះបង់ រលាស់ចោល នូវសច្ចធម៌ ដែល​បុគ្គល​ប្រកាន់ផ្សេងគ្នាច្រើនយ៉ាង របស់ពួកសមណព្រាហ្មណ៍ជាច្រើននោះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុលះបង់សច្ចៈ ដែលបុគ្គល​ប្រកាន់ផ្សេងៗគ្នា ដោយ​អាការ​យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ​មាន​ការស្វែងរក លះបង់ហើយដោយល្អ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ លះបង់​ការស្វែងរកកាម លះបង់​ការស្វែងរកភព លះបង់​ការស្វែងរក​ព្រហ្មចារ្យ [សំដៅយកការលះ អន្តគ្គាហិកទិដ្ឋិ (អដ្ឋកថា)]។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានការស្វែងរក លះបង់ហើយដោយល្អ ដោយ​អាការ​យ៉ាងនេះឯង។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុមានសេចក្តីត្រិះរិះ​មិនសៅហ្មង តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ លះបង់សេចក្តីត្រិះរិះ​ក្នុងកាម លះបង់​សេចក្តីត្រិះរិះ​ក្នុងព្យាបាទ លះបង់សេចក្តីត្រិះរិះ ក្នុងការបៀតបៀន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានសេចក្តី​ត្រិះរិះ​មិនសៅហ្មង ដោយអាការយ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមាន​កាយសង្ខារ​ស្ងប់រម្ងាប់ហើយ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលកាន់​ចតុត្ថជ្ឈាន មិនទុក្ខមិនសុខ មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ព្រោះលះបង់​សុខផង លះបង់ទុក្ខផង ព្រោះ​អស់​សោមនស្ស និងទោមនស្សក្នុងកាលមុន។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានកាយសង្ខារ​ស្ងប់រម្ងាប់ហើយ ដោយអាការយ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្ត​រួចស្រឡះ​ហើយដោយល្អ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានចិត្តរួចស្រឡះហើយ ចាក​រាគៈ មានចិត្តរួចស្រឡះហើយ ចាក​ទោសៈ មានចិត្តរួចស្រឡះហើយ ចាក​មោហៈ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ ដោយអាការ​យ៉ាងនេះ​ឯង។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានប្រាជ្ញារួចស្រឡះហើយដោយល្អ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់ថា រាគៈ អាត្មាអញ លះបង់​បានហើយ គាស់រំលើង​ឫស​ចេញហើយ ធ្វើឲ្យលែង​កើតទៀត ដូចដើមត្នោត (កំបុត​ក) ហើយ ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា ដឹងច្បាស់ថា ទោសៈ អាត្មាអញ លះបង់​​បានហើយ គាស់រំលើង​ឫស​ចេញហើយ ធ្វើឲ្យលែង​កើតទៀត ដូចដើមត្នោត (កំបុត​ក) ហើយ ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា ដឹងច្បាស់ថា មោហៈ អាត្មាអញ លះបង់​បានហើយ គាស់រំលើង​ឫស​ចេញហើយ ធ្វើឲ្យលែង​កើតទៀត ដូច​ដើម​ត្នោត (កំបុត​ក) ហើយ ធ្វើមិនឲ្យមាន មិនឲ្យកើតឡើងតទៅជាធម្មតា។ ម្នាលអាវុសោទាំងឡាយ ភិក្ខុមានចិត្តរួចស្រឡះហើយដោយល្អ ដោយអាការ​យ៉ាង​នេះឯង។

[២៣៣] អសេក្ខធម៌ (ធម៌របស់​អសេក្ខបុគ្គល) មាន១០យ៉ាង គឺ សម្មាទិដ្ឋិ ជា​អសេក្ខធម៌១ សម្មាសង្កប្បៈ ជាអសេក្ខធម៌១សម្មាវាចា ជាអសេក្ខធម៌១ សម្មាកម្មន្តៈ ជាអសេក្ខធម៌១ សម្មាអាជីវៈ ជាអសេក្ខធម៌១ សម្មាវាយាមៈ ជាអសេក្ខធម៌១ សម្មាសតិ ជាអសេក្ខធម៌១ សម្មាសមាធិ ជាអសេក្ខធម៌១ សម្មាញាណៈ ជាអសេក្ខធម៌១ សម្មាវិមុត្តិ ជាអសេក្ខធម៌១។ ម្នាលអាវុសោទាំងឡាយ នេះឯងធម៌ពួក​១០ ដែល​ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សំដែងទុក​ស្រេច​ហើយ ពួកយើងទាំងអស់គ្នា ត្រូវសង្គាយនា មិនត្រូវទាស់ទែងគ្នា ក្នុងធម៌ទាំងនោះ ព្រហ្មចរិយ​ធម៌នេះ ដែលនឹងតាំងនៅមាំ ឋិតនៅអស់កាលយូរ រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ​ដល់សត្វលោក ដើម្បី​សេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

ចប់ ពួកធម៌ដប់ៗ ដែលរាប់ចូលក្នុងការសង្គាយនា។

[២៣៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង ត្រាស់នឹង​ព្រះសារីបុត្ត​ដ៏មានអាយុថា ម្នាលសារីបុត្ត ល្អហើយ ល្អហើយ ម្នាលសារីបុត្ត អ្នកបានសំដែង​សង្គីតិបរិយាយ ដល់ភិក្ខុទាំងឡាយ ជាការប្រពៃ​ពេកណាស់។ លុះព្រះសារីបុត្ត បានសំដែង​សូត្រនេះចប់។ ព្រះសាស្តា ក៏បានពេញ​ព្រះហឫទ័យ​ហើយ។ ភិក្ខុទាំងឡាយនោះ ក៏មានចិត្ត​ត្រេកអរ នឹងភាសិត របស់ព្រះសារីបុត្ត​ដ៏​មានអាយុ។

ចប់ សង្គីតិសូត្រ ទី១០។

ឯកសារយោងកែប្រែ

ព្រះត្រៃបិដក > ទីឃនិកាយ

(ព្រះត្រៃបិដក ភាគ ១៩​ ទំព័រទី ២១៥ ដល់ ២៥៣ ​សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ)