ពញាសង្គ្រាមកែវ (ពញា ជាសក្ដិ, សង្គ្រាម ជាងារ, កែវ ជាឈ្មោះ) លោកត្រូវបានតែងតាំងជារាជទូតរបស់ព្រះស្ដេចកនទៅចរចាផ្អាកសង្គ្រាមនឹងព្រះចន្ទរាជា

សង្គ្រាមកែវ
ពញាសង្គ្រាមនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ក្នុងការិយាល័យ
ដើមសតវត្សទី១៦
ព្រះមហាក្សត្រស្រីជេដ្ឋា
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
កែវ

លើកទៅវាយបន្ទាយកំពង់សៀម និង ការចរចា កែប្រែ

កងទ័ព ​សម្ដេចចៅពញា​ចន្ទរាជា​ជា​អម្ចាស់​ផែនដី​ត្រើយ​ខាងលិច​ចេញពី​បន្ទាយ​មក​ចាប់​បាន​ខ្លួន​សត្រូវ​ប្រមាណ ​៥០០ ​នាក់។ លុះ​ជួបជុំ​នាយកង​ទ័ពជើងទឹក ជើង​គោក​គ្រប់​គ្នា ព្រមទាំង​ឈ្លើយ និង​ស្បៀង​អាហារ សាស្ត្រាវុធ និង​ទូក​ចំបាំង​ ១៥០ ​នោះហើយ​ក៏​នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​បរមបពិត្រ​ជា​អម្ចាស់ជីវិតលើត្បូង។ ព្រះ​បរមខត្តិយាមហា​ចន្ទរាជា ទ្រង់​ជ្រាប​គ្រប់​ប្រការ ទ្រង់​ព្រះ​អំណរ​ណាស់បាន​ប្រោស​ព្រះ​រាជទាន​រង្វាន់​ដល់​សេនា​ទាហាន​តាម​សមគួរ។ សម្ដេច​ព្រះបាទ​ស្រីជេដ្ឋា​អម្ចាស់​ផែនដី​ទិស​ខាងកើត​កាល​ទ្រង់​ជ្រាប​ថា ចៅពញា​ស្រាល ចៅពញា​លំពាំង ជា​ក្មួយ​បរាជ័យ​រហូត​ដល់​ស្លាប់ ខូច​ទាំង​ទូកចំបាំង​​ដូច្នោះ​ហើយ​ទ្រង់​ព្រះ​ពិរោធ​ណាស់ ទ្រង់​រើស​យក​កូន​សម្ដេចចៅហ៊្វា​កៅ​ពីរ​នាក់​មក​គឺ​ឈ្មោះ​ពេជ​១ តាំង​ជា​ចៅពញា​ស្រាល (ទី​ក្រឡាហោម) ឈ្មោះ​ក្រេះ​១ តាំង​ជា​ចៅពញា​លំពាំង (ទី​ចក្រី) និង​ចៅពញា​វៀង ទី​យមរាជ (កុយ) រួម​ជា ​៣ នាយ​ឲ្យ​លើកទ័ព​ទៅ​ច្បាំង​នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជជា​ទ័ព​អម្ចាស់​ត្រើយ​ខាងលិច។ សម្ដេច​ព្រះ​ជ័យ​ជេដ្ឋា​ទ្រង់​ផ្ដាំ​ថា បើ​សម្ដេចចៅ​ពញា និង ឧកញ៉ា​យមរាជ​បែក​ទៅ​ហើយឲ្យ​ឃុំ​ពល ​២០០០០ ​នាក់ទៅ​ចោម​បន្ទាយ​ខេត្ត​កំពង់សៀម​ទៀត។ មេកង​ធំ​ទាំង ​៣ ​នាក់​ទទួល​ព្រះរាជ​តំរាស់​ហើយ​ក៏​ថ្វាយបង្គំ​លា​លើកទ័ព​ឆ្លង​ទៅ​ចោម​បន្ទាយ​រាយ​ទ័ព​ច្បាំង នឹង​កងទ័ព​សម្ដេចចៅពញា​យោធា​នរិន្ទ ឧកញ៉ា​យមរាជ តាម​ត្រាស់​បង្គាប់។ ទ័ព​ទាំង​សងខាង​ច្បាំង​គ្នា​ជា​ច្រើន​ដង ច្រើន​គ្រាម្ដង​ចាញ់​ម្ដង​ឈ្នះ ពុំ​បាន​សំរេច​ជ័យ​ជំនះ​ទៅ​ខាង​ណាៗ​ឡើយ។ លុះដល់​ខែ​ជេស្ឋជិត​ដល់​ពេល​ឲ្យ​រាស្ដ្រ​ធ្វើស្រែ សម្ដេច​ស្រីជេដ្ឋា​ ស្ដេច​ពិជ័យ​នគរ ​ទ្រង់​ឲ្យ​បន្ថយ​មេទ័ព​ទាំង​ ៣ ​នោះ​ចូល​ទៅសំរាក​ខ្លួន​វិញ ទើប​ទ្រង់​ព្រះ​តំរិះ​ថា តាំងពី​ធ្វើសង្គ្រាម​នឹង​ពញា​ចន្ទ​មក​នេះ ការ​ខូចខាត​ទ្រព្យសម្បត្ដិ និង​ស្បៀង​អាហារ អាណា​ប្រជានុរាស្ដ្រ​ក៏​អស់​ជា​ច្រើន ដូច្នោះ​គួរតែ​យើង​បែក​ចែក​ផែនដី យក​សេចក្ដីសុខ​វិញ​ជា​ការ​ល្អ​ជាង ។ លុះ​ត្រង់​ឈ្វេងយល់​យ៉ាងនេះ ហើយ​ទើប​ទ្រង់​ឲ្យ​តែង​ព្រះរាជសារ​ដាក់​ក្នុង​បំពង់​មាស​តំកល់​លើ​ពានមាស​ ពិសេស​ថ្លៃថ្លា​ប្រពៃ​ល្អ ហើយ​ទ្រង់​ត្រាស់​ប្រើ​ពញាសង្គ្រាមកែវជា​រាជទូត​ ពញារក្សាសម្បត្តិឯម ជា​ឧបទូត ព្រះជំនាញអាវុធគាមជា​ត្រី​ទូតឲ្យ​យក​ព្រះរាជសារ​ចុះទូក​ង បាំង​សប្បធន​ ៣​ លើក ព្រះ​ពាន​ព្រះរាជសារ​នោះ​មក​ថ្វាយ​សម្ដេចព្រះ​ចន្ទរាជា។ រាជទូត ឧបទូត ឆ្លង​មក​ដល់​ដែន​កំពង់សៀមប៉ង​នឹង​ឡើងគោក​ដើម្បី​យក​ព្រះរាជសារ​ទៅ​ថ្វាយ​ព្រះ​បរម​ខត្តិយាមហា​ ចន្ទរាជាធិរាជ ខណៈនោះ​ម៉ឺន​ជំនិត​ស​ទ្រង់សួរ​ជា​ព្រះ​ញាតិ​ដែល​នាំ​រេហ៍ពល​ ៣០០ ​នាក់​ដើរ​ល្បាត​ដូច​សព្វដង កាល​ឃើញ​រាជទូត​ទាំង​ ៣​ ដែល​យក​ព្រះរាជសារ​មក​ហើយ​ក៏​ស្រែក​ឲ្យ​ពល​ចូលចាប់។ រាជទូត​ទាំង ​៣ ​នាក់​ក៏​ប្រយុទ្ធ​គ្នា​នឹង​ទ័ព​ល្បាតធ្វើ​ឲ្យ​ធ្លាក់​បំពង់​ព្រះរាជសារ និង​ព្រះ​ពានមាស​នោះ​ទៅ​ក្នុង​ទឹក។ ទ័ព​ល្បាត​ចាប់​យក​បាន តែ​រាជទូត ឧបទូត ត្រី​ទូត ទាំង​បី​នាក់ និង​ពល​ ១០០​ នាក់ ចំណុះ​ទូក​ទាំង​ ៣​ នោះនាំ​ទៅ​ក្រាបទូល​ថ្វាយ​រាយ​សេចក្ដី​គ្រប់​ប្រការ។ សម្ដេចព្រះ​បរម​ក្សត្រ​មហា​ចន្ទរាជា​ ទ្រង់​ព្រះ​វិនិច្ឆ័យ​ទោស​ឧកញ៉ាម៉ឺន​ ជំនិត​ស ទ្រង់​សួរ​ថា “ដែល​ឧកញ៉ាម៉ឺន​ចាប់​បំរើ​សត្រូវ​ដែល​មក​ជា​រាជទូត ឧបទូត ត្រី​ទូត​នេះ ទាស់​នឹង​ព្រះ​ច្បាប់​សំរាប់​ស្រុក​អំពី​បុរាណ​រាជ​ប្រវេណី​ហើយ​ត្រូវ​តែ​មានទោស ទើប​ទ្រង់​ប្រោស​ឲ្យ​ចុះ​ព្រះរាជអាជ្ញា (ឲ្យ​វាយ​ខ្នង) ២៤​ ខ្វាត់​ម្នាក់ឲ្យ​ដាក់​ឃ្នាង​បណ្ដើរ​អាក្រោស​ឧកញ៉ាម៉ឺន​ជំនិត “ស” ទ្រង់ “សួ” ៣​ ជុំ​បន្ទាយទ័ព។ លុះ​ធ្វើ​ទោស​រួច​ស្រេច​ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ត្រាស់​សួរ​ទៅ​ទូត​ទាំង​ ៣​ ថា ឯង​មកនេះ​តើ​ដោយ​ប្រការ​ម្ដេច? រាជទូត​យក​សេចក្ដី​ក្រាប​បង្គំ​ទូល​ថា ទូលព្រះបង្គំ​ជា​រាជបំរើ​ព្រះករុណា​ត្រើយ​ខាងកើត​ស្ដេច​ឲ្យ​នាំ​ព្រះរាជសារមក​ថ្វាយ​ល្អងធូលី​ជា​ម្ចាស់ផែនដី​ប៉ែក​ខាងលិច ប៉ុន្ដែ​ឥឡូវនេះ​ព្រះរាជសារ​នោះ​ធ្លាក់ទឹក​បាត់​ក្នុង​គ្រា​ដែល​ចោមចាប់​នោះអស់​ទៅ​ហើយ តែ​នៅ​ចាំ​សេចក្ដី​ខ្លះៗ បើ​នឹង​ក្រាបទូល​ទៅ​ក្រែង​សេចក្ដី​នោះ​ពុំ​សព្វគ្រប់។ ហេតុនេះ​សូម​ទ្រង់​ព្រះ​រាជទាន​ទោស។ សម្ដេចព្រះ​ចន្ទរាជា​ស្ដេច​ទ្រង់​ប្រោស​ឲ្យ​ទូត​ទាំងនោះ​ទូល​ព្រះ​អង្គ​តាម​ចាំ​រៀងខ្លួន​ចុះ។ រាជទូត​ត្រើយ​ខាងកើត​ ក៏​ទូល​ថា ដ្បិត​ហ្លួង​ជា​ម្ចាស់​លើ​ត្បូង ​ទូលព្រះបង្គំជាខ្ញុំ​មាន​ព្រះ​ហឫទ័យ​ប្រណី​រាស្ដ្រ​ដែល​វិនាសស្លាប់បាត់បង់​ជា​ច្រើន​ក្នុង​សង្គ្រាម​ដែល​បាន​ធ្វើ​មក​ជា​ច្រើន​ឆ្នាំ​នោះ។ ឥឡូវនេះ​ ហ្លួង​ជា​ម្ចាស់​លើ​ត្បូង​​ទូលព្រះបង្គំ​ជាខ្ញុំ​ស្ដេច​មាន​ព្រះ​ ហឫទ័យ​ចង់​បញ្ឈប់​សង្គ្រាមសុំ​ចង​ជា​ព្រះរាជ​មេត្រី​ចែក​ផែនដី និង​ម្ចាស់​ត្រើយ​ខាង​លិច​ឲ្យ​ស្មើគ្នា។ បើ​ទ្រង់​ព្រះករុណា​វិសេស​ជា​អម្ចាស់​លើ​ត្បូង​ខាង​នេះ​ទ្រង់​យល់ព្រម​ល្មម​ផង​នោះ ព្រះពុទ្ធ​សាសនា និង​អាណាប្រជានុរាស្ដ្រ​នឹង​បាន​សុខក្សេមក្សាន្ដ​តទៅដោយសារ​ព្រះ​សតិ​ប្រាជ្ញា ទ្រង់​ព្រះករុណា​ពិសេស​ទាំង​ពីរ​អង្គ​បំរុង​រាស្ដ្រ​ឲ្យ​សុខ​ជា​ព្រះ​កិត្ដិយស​ប្រសើរ។ សម្ដេចព្រះ​បរម​រាជ​បរមបពិត្រ​ជា​អម្ចាស់​ត្រាស់​ថា ក្រុង​កម្ពុជា​រាជធានី​នេះ​ជា​ព្រះរាជ​សម្បត្ដិ​អំពី​ព្រះ​បរម​រាជ​អយ្យកោ អយ្យិកា​យើង​រៀង​មក។ ឯ​ព្រះស្ដេច​កន អម្ចាស់​ឯង​នោះ​ប្រៀប​ដូច​ជា​ចោរមក​លួច​ផែនដី​យើង ហើយ​មក​សុំ​ចែក​សម្បត្ដិ​នឹង​ម្ចាស់ទ្រព្យ​នេះ ​តើ​ឯង​ឃើញ​ថា​គប្បី​ហើយ​ ឬ? ប៉ុន្ដែ​ឥឡូវនេះ បើ​ម្ចាស់​ឯង​ចង់​ឈប់​សង្គ្រាម​ក៏​ឈប់​តាម​ចិត្ដ​ចុះ។ តែ​ថា​ឲ្យ​ម្ចាស់​ឯង​ថយ​ទៅ​ជា​មុន​ចុះចាំ​អញ​ថយ​ទៅ​ជា​ក្រោយ។ មាន​ព្រះ​បន្ទូល​ចប់​ហើយ ស្ដេច​ព្រះ​រាជទាន​ពាន​មួយ​ជា​ជំនួស​ ព្រះ​ពានមាស​ដែល​ធ្លាក់ទឹក​នោះ​ទៅ​ទូត​ទាំង ​៣ ​នាក់​វិញ។ រាជទូត​ត្រើយ​ខាងកើត​ទាំង ​៣ ​នាក់​ក្រាប​បង្គំ​លា​ចេញ​ទៅ​ចុះទូក​ងឲ្យ​ពួក​ស៊ី​ផាយ​អុំ​ឆ្លង​ទៅ​ក្រាប​បង្គំ​ទូល​អម្ចាស់​ខ្លួន​សព្វ​ សេចក្ដី។ សម្ដេចព្រះ​ស្រីជេដ្ឋា​ក្រុង​ពិជ័យ​នគរ (ស្ដេច​កន) ទ្រង់​ជ្រាប​ហើយ​ឃើញ​ថាពុំ​សមប្រកប​តាម​ព្រះ​ហឫទ័យ​ដែល​ទ្រង់​ប្រាថ្នា​ទេ ទ្រង់​ព្រះ​ពិរោធ​ណាស់តែ​ក្លែង​ធ្វើ​ជា​ទ្រង់​ព្រះ​សំរួល​ហើយ​ត្រាស់​ថា ចៅពញា​ចន្ទរាជា​ដែល​លួច​មក​វាយ​ស្រុក​ខេត្ត​ខាងលិច​នេះ តែ​ត្រូវជា​ចោរ​ដែរ ឬ​ពុំ​មែន​ជា​ចោរ​ទេ? ព្រះ​រាជទូត​ទាំង ​៣ ​ក្រាប​បង្គំ​ទូល​ថាទូលព្រះបង្គំ​ទាំងឡាយ​នឹកឃើញ​ថានឹង​តប​ទូល​ទៅ​វិញ​ដែរ តែបើ​នឹង​ទូល​តបត​សេចក្ដី​ទៅ​វិញ ដូច្នេះពុំ​ហ៊ាន​ដ្បិត​នៅ​គ្នា​តិច​ពេក ហើយ​ទូលព្រះបង្គំ​ទាំងឡាយ​បាន​រួចខ្លួន​មក​នេះ ក៏​ព្រោះតែ​បុណ្យ​បារមី​សម្ដេច​ជា​អម្ចាស់​គ្រប់គ្រង​ហើយ​ទើបបាន​រួច​មកនេះ។ សម្ដេចព្រះ​ស្រីជេដ្ឋា​ទ្រង់​ព្រះ​សណ្ដាប់​សព្វគ្រប់​ហើយ ព្រះ​អង្គ​ចាត់​ចៅហ្វាយស្រុក និង​កងទ័ព​ឲ្យ​នៅ​រក្សា​បន្ទាយ​មាត់​ឃ្មុងបន្ទាយស្រី​សឈរ ហើយ​ព្រះ​អង្គ​លើកទ័ព​ត្រឡប់​ទៅ​ក្រុង​ពិជ័យ​នគរ​វិញ។ សម្ដេចព្រះ​បរមបពិត្រ​ជា​ម្ចាស់ផែនដី​ប៉ែក​ខាងលិច​ទ្រង់​ជ្រាប​ថា ព្រះស្ដេច​កន​លើកទ័ព​ត្រឡប់​ទៅ​មុន ហើយ​ទើប​ព្រះ​អង្គ​បង្គាប់​ចៅហ្វាយស្រុក​ឲ្យ​នៅ​រក្សា​បន្ទាយ​កំពង់សៀម បារាយណ៍ ជើងព្រៃ រួច​ស្ដេច​លើកទ័ព​ត្រឡប់​មក​បន្ទាយ​ខេត្ត​បរិបូណ៌​វិញ។ ព្រះ​អង្គ​លើក​ហួស​ទៅ​ខេត្ត​ពោធិ៍សាត់​ទៀត ហើយ​ត្រាស់​ឲ្យ​ពល​ធ្វើ​ដំណាក់​តូច​ធំ ប្រក់​ស្លឹកមាន​សន្ធិយា​ចុង​រោង​ទី​ក្រៅ​ក្នុង។

ឯកសារយោង កែប្រែ

  • ឯកសារមហាបុរសខ្មែរ
យសស័ក្ដិខ្មែរ
មុនដោយ
មិនស្គាល់
ពញាសង្គ្រាមនៃក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ
ដើមសតវត្សទី១៦
តដោយ
មិនស្គាល់