[៥០០] ​ខ្ញុំ​បានស្តាប់មកយ៉ាងនេះ ។ សម័យ​មួយ​ ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់គង់នៅក្រោម​អជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ។ សម័យ​នោះ​ឯង មារមានចិត្តបាប ជាប់តាម​ព្រះ​មាន​ព្រះ​ភាគ អស់៧ឆ្នាំ រមិលមើល​ទោស តែ​មិន​បានឃើញទោសឡើយ ។

[៥០១] គ្រា​នោះ​ មារមានចិត្តបាប ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ លុះចូល​ទៅ​ដល់​ហើយ​ ក៏​ពោល​នឹង​ព្រះ​មាន​ព្រះ​ភាគ ដោយគាថា ដូច្នេះថា

ព្រះ​អង្គត្រូវ​សេចក្តី​សោកគ្របសង្កត់ ទើបសញ្ជប់សញ្ជឹងនៅក្នុងព្រៃឬ ​ព្រះ​អង្គ​ប្រាថ្នា​នូវ​ទ្រព្យបានឈ្នះ​ហើយ​ឬ ឬក៏​ព្រះ​អង្គធ្វើ​អំពើអាក្រក់ណា​មួយ​ ក្នុងស្រុកទេដឹង ព្រោះហេតុអ្វី ​ព្រះ​អង្គ​មិន​យកពួកជនធ្វើជាមិត្ត មិត្ត​របស់​ព្រះ​អង្គ រមែង​មិន​សម្រេច​ដោយ​ហេតុណា​មួយ​ឡើយ ។

[៥០២] ​ព្រះ​អង្គត្រាស់តបថា តថាគត ជីកឫសគល់​សេចក្តី​សោកទាំងអស់​ហើយ​ ​មិន​មានអំពើអាក្រក់ ​មិន​សោកសៅ សញ្ជប់សញ្ជឹងទេ ម្នាលមារ តថាគត ឈ្នះ​នូវ​តណ្ហា គឺ​សេចក្តី​លោភ ក្នុងភពទាំង​អស់​ហើយ​ ជាអ្នក​មិន​មានអាសវៈ តែងស្មឹងស្មាធិ៍ ។

[៥០៣] មារតបថា ជនទាំងឡាយណា តែង​ពោល​នូវ​របស់​ណាថា នេះ​របស់​អញ​ ដូច្នេះក្តី ​ពោល​ថា ​អញ​ ដូច្នេះក្តី បើ​ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ មាន​ក្នុង​របស់​នុ៎ះដែរ បពិត្រសមណៈ ​ព្រះ​អង្គ​មិន​រួចចាកវិស័យ​របស់​ខ្ញុំ​ឡើយ ។

[៥០៤] ​ព្រះ​អង្គត្រាស់ថា ពួកជន ​ពោល​ដៅយក​របស់​ណា ​របស់​នោះ​ ​មិន​មាន​ដល់តថាគតទេ ពួកជនណា​ពោល​ថា (​អញ​ដូច្នេះ) ពួកជន​នោះ​ ​មិន​ដូច​តថាគតទេ ម្នាលមារ អ្នកឯងចូរដឹងយ៉ាងនេះ​ចុះ​ អ្នកឯង ​មិន​ឃើញផ្លូវ​នៃ​តថាគតទេ ។

[៥០៥] មារទូលថា ប្រសិនបើ​ព្រះ​អង្គបាន​នូវ​ផ្លូវ ​ដែល​ព្រះ​អង្គ​បានត្រាស់ដឹង​ហើយ​ ជាផ្លូវដ៏ក្សេម ជាផ្លូវសម្រាប់​ទៅ​កាន់​ព្រះ​និព្វាន ​ឈ្មោះ​អមតៈ ចូរ​ព្រះ​អង្គ ចេញ​ទៅ​ ចូរ​ព្រះ​អង្គ​ទៅ​ចុះ​ ​ព្រះ​អង្គជាបុគ្គលម្នាក់ឯង ប្រៀនប្រដៅបុគ្គលដទៃ​ ដូចម្តេចកើត ។

[៥០៦] ​ព្រះ​អង្គត្រាស់ថា ពួកជនណា ប្រាថ្នា​ទៅ​កាន់ត្រើយ គឺ​ព្រះ​និព្វាន លះបង់​នូវ​ព្រះ​និព្វាន ​ដែល​មិន​មែនជាឱកាសនៃមច្ចុ តថាគត កាលបើពួកជន​នោះ​ សួរ​ហើយ​ ​នឹង​ប្រាប់ថា ធម្មជាតណាជា​របស់​ពិត ធម្មជាត​នោះ​ ​មិន​មានឧបធិក្កិលេស​ឡើយ ។

[៥០៧] មារ​ពោល​តបថា បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ ស្រុក ឬនិគម មានស្រះបោក្ខរណីនៅជិត ក្នុងស្រះ​នោះ​ មានក្តាម១ បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ សម័យ​នោះ​ឯង ពួកក្មេងប្រុស ឬក្មេងស្រី ច្រើននាក់ នាំគ្នាចេញ​ទៅ​អំពីស្រុក ឬនិគម​នោះ​ ចូលសំដៅ​ទៅ​រក​ស្រះបោក្ខរណី លុះចូល​ទៅ​ដល់​ហើយ​ ទើបស្រង់ក្តាម​នោះ​ អំពី​ទឹក មកដាក់លើគោក បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ ក្តាម​នោះ​ លា​នូវ​ជើងណាៗ ពួកក្មេង​ប្រុស ឬក្មេងស្រី ក៏យក​កំណាត់ឈើ ឬអំបែង មកកាច់បំបាក់ កម្ទេចចោល ​នូវ​ជើង​នោះ​ៗ​ទៅ​ បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ លុះក្តាម​នោះ​ មានជើងទាំងអស់ ត្រូវគេ​កាច់​បំបាក់ កម្ទេចចោល យ៉ាងនេះ​ហើយ​ ក៏​មិន​គួរ​នឹង​ចុះ​កាន់ស្រះបោក្ខរណី​នោះ​ ឲ្យដូច​ជាក្នុងពេលមុនបានទៀតឡើយ មានឧបមាដូចម្តេចមិញ បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ មានឧបមេយ្យដូចយ៉ាងអំពើណា​មួយ​ ​ដែល​ជាចម្រូងចម្រាស់ ជាទំនាស់ ញាប់ញ័រ អំពើទាំងអស់​នោះ​ ​ព្រះ​មាន​ព្រះ​ភាគ បានកាច់បំបាក់ កម្ទេចចោល​ហើយ​ បពិត្រ​ព្រះ​អង្គដ៏​ចម្រើន​ ក្នុងកាលឥឡូវនេះ ​ខ្ញុំ​ព្រះ​អង្គ ​មិន​គួរ​នឹង​ចូល​ទៅ​រមិលមើល​ទោស ចំពោះ​ព្រះ​មាន​ព្រះ​ភាគបានទៀតឡើយ ។

[៥០៨] គ្រា​នោះ​ឯង មារមានចិត្តបាប ក៏បាន​ពោល​គាថា ​ដែល​គួរ​នឿយ​ណាយ​នេះ ក្នុងសំណាក់នៃ​ព្រះ​មាន​ព្រះ​ភាគថា

ក្អែក ឃើញថ្ម​ដែល​មានសម្បុរដូចខ្លាញ់ខាប់ ហើរក្រឡឹងជុំវិញ ដោយគិត​ថា ​យើង​នឹង​បាន​នូវ​អាហារទន់ ក្នុងទីនុ៎ះ អាហារឆ្ងាញ់ ​នឹង​គប្បីមាន លុះ​ក្អែក​នោះ​ ​មិន​បាន​នូវ​អាហារឆ្ងាញ់ ក្នុងទី​នោះ​ហើយ​ ក៏ព្យាយាមហើរចេញ​ទៅ​ បពិត្រ​ព្រះ​គោតម ​យើង​ក៏នឿយណាយ ដូចជាក្អែក ​ដែល​ចួប​ប្រទះ​នឹង​ថ្ម ដូច្នោះ​ដែរ ។

លុះមារមានចិត្តបាប បាន​ពោល​គាថា ​ដែល​គួរនឿយណាយនេះ ក្នុង​សំណាក់​នៃ​ព្រះ​មាន​ព្រះ​ភាគរួច​ហើយ​ ក៏គេចចេញពីទី​នោះ​ ​ទៅ​អង្គុយពែនភ្នែន​លើផែនដីនៅស្ងៀម អៀនអន់ ឱនក ដាក់មុខ​ចុះ​ សញ្ជប់សញ្ជឹង ​មិន​ក្លៀវក្លា គូស​ផែនដីដោយកំណាត់ឈើ ក្នុងទីជិតនៃ​ព្រះ​មាន​ព្រះ​ភាគ ។

ឯកសារយោង កែប្រែ

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > មារសំយុត្ត