សទ្ធា
(បា.),(សំ.) (ស័ត-ធា) (ឝ្រទ្ធា) ជំនឿ ។ សេចក្ដីជឿបុណ្យ, ជឿបាប, ជឿកម្ម, ជឿផល : មានសទ្ធាមុតមាំ; ឲ្យទានដោយសទ្ធា ។
សទ្ធាចរិត : អ្នកដែលមានចរិតជឿងាយ, អ្នកដែលឆាប់ជឿងាយៗ ។
សទ្ធាចរិយា : ដំណើរប្រព្រឹត្តដោយការជឿ ឬ នៅក្នុងការជឿស្ដាប់ ។
សទ្ធាចិត្ត : ចិត្តដែលប្រកបដោយសទ្ធា ។
សទ្ធាចេតសិក : សទ្ធាដែលរាប់ជាចេតសិកមួយ ក្នុងពួកចេតសិក ៥២ (ព. អ.) ។
សទ្ធាទេយ្យ : របស់ដែលគេឲ្យដោយសទ្ធា, ចតុប្បច្ច័យដែលទាយកប្រគេនបព្វជិតដោយសទ្ធា (ព. វិ. ពុ.) ។
សទ្ធាធន : (--ធន់) ទ្រព្យគឺសទ្ធា, សទ្ធាដែលទុកថាជាទ្រព្យរបស់មនុស្ស ។
សទ្ធាធិក : (បា. <សទ្ធា + អធិក “ក្រៃលែង, លើសលុប”) អ្នកដែលអធិកដោយសទ្ធា គឺពោធិសត្វដែលបំពេញបារមីដោយសទ្ធាដ៏លើសលុប ។
សទ្ធាធិមុត្ត : (បា. < សទ្ធា + អធិមុត្ត “ដែលបង្អោនទៅ, ដែលចុះចិត្តស៊ប់”) អ្នកដែលចុះចិត្តស៊ប់ក្នុងសទ្ធា, អ្នកដែលជឿស៊ប់ ។
សទ្ធាបព្វជិត : អ្នកបួសដោយសទ្ធា ។
សទ្ធាសម្បន្ន : (--ស័ម-ប័ន) អ្នកដែលបរិបូណ៌ដោយសទ្ធា; បើស្ត្រីជា សទ្ធាសម្បន្នា (--ស័ម-បុ័ន-ន៉ា) ។
សទ្ធាសម្បយុត្ត : (--ស័មប៉ៈយុត) ចិត្តដែលប្រកបដោយសទ្ធា; បុគ្គលអ្នកប្រកបដោយសទ្ធា ។
សទ្ធិន្រ្ទិយ : (ស័ត-ធិន-ទ្រី; បា. < សទ្ធា + ឥន្រ្ទិយ) ឥន្រ្ទិយគឺសទ្ធា (សទ្ធាដែលរាប់ថាជាធំមួយរបស់សត្វលោក) ។ល។