សភាតំណាងប្រជាជននៃរបបកម្ពុជាប្រជាធិបតេយ្យ
ក្រោយពីក្ដាប់អំណាចបានទាំងស្រុងនាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាពុំមានរដ្ឋាភិបាល ដឹកនាំជាក់ស្ដែងទេគឺមានតែរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា ជារដ្ឋាភិបាលតាមព្រិត្តិន័យតែគ្មានអំណាចពិតប្រាកដ ដែលបង្កើតតាំងពីឆ្នាំ១៩៧០មកម្ល៉េះ ដឹកនាំដោយសម្ដេច សីហនុ។ ខ្មែរក្រហមបានបន្តប្រើប្រាស់សម្ដេចនរោត្តម សីហនុតាំងពីដើមឆ្នាំ១៩៧០ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ១៩៧៦ ជាពេលដែលព្រះអង្គបានលាលែងពីតំណែង ព្រះប្រមុខរដ្ឋ។ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញថ្មីមួយដែលជាច្បាប់កំពូលរបស់ប្រទេសត្រូវបានគេប្រកាសឱ្យដឹង។ ពុំមានអ្នកណាម្នាក់ដឹងច្បាស់អំពីដំណើរការតាក់តែងរដ្ឋធម្មនុញ្ញរបស់របបថ្មីនេះទេ។ នៅក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញនេះបានបញ្ជាក់ថា អត្ថបទរដ្ឋធម្មនុញ្ញត្រូវបានអនុម័តដោយសមាជិកអង្គសន្និបាតជាតិលើក ទី៣ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧៥ ស្របតាមសេចក្ដីសម្រេចរបស់មហាសន្និបាតជាតិពិសេស ដែលបានប្រារព្ធឡើងនាថ្ងៃទី២៥-២៦ និង២៧ ខែមេសា ឆ្នាំ១៩៧៥ នៅទីក្រុងភ្នំពេញ។
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៧៦ មេដឹកនាំខ្មែរក្រហមបានបើកអង្គប្រជុំការងារមូលដ្ឋានមួយ ដោយមានការចូលរួមពីសមមិត្តលេខា (ប៉ុល ពត) សមមិត្តអនុលេខា (នួន ជា) សមមិត្តហែម (ខៀវ សំផន) និងថ្នាក់ដឹកនាំមួយចំនួនទៀត។ របៀបវារៈគោលរបស់កិច្ចប្រជុំគឺបញ្ហាបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦។ អង្គប្រជុំបានលើកឡើងអំពីរដ្ឋធម្មនុញ្ញរបបចាស់ឆ្នាំ១៩៤៧ ដែលជារបស់ស្តេច និងរដ្ឋធម្មនុញ្ញមួយទៀតរបស់ពួកអាក្បត់ (សាធារណរដ្ឋខ្មែរ)។ ឥឡូវនេះពួកគេត្រូវមានរដ្ឋធម្មនុញ្ញមួយដែលជារបស់ពួកគេផ្ទាល់។ ជាមួយគ្នានេះ ពួកគេក៏ត្រូវការរៀបចំបោះឆ្នោតជ្រើសរើសសភាតំណាងប្រជាជនទៀត។ ពួកគេយល់ថា ការបង្កើតបាននូវរដ្ឋធម្មនុញ្ញជាតិមួយគឺជាការបញ្ចប់ជាស្ថាពរតាមផ្លូវច្បាប់នូវរបបចាស់។ ដូច្នេះ ពួកគេត្រូវការសភាប្រជាជនដែលជាអង្គការធ្វើច្បាប់ និងតែងតាំងរដ្ឋាភិបាលថ្មីដែលជាអង្គការអនុវត្តច្បាប់។ ធ្វើបានដូច្នេះទើបពួកគេអាចបំបាត់របបចាស់បានទាំងស្រុង [1]។
ចំពោះដំណើរការនៃការបោះឆ្នោត អង្គការបានសម្រេចថា «មិនត្រូវរៀបចំការបោះឆ្នោតតាមរបៀបនាយទុនទេ។ យើងប្រើផ្តាច់ការវណ្ណៈអធនរបស់យើង។ តែយើងក៏ត្រូវរៀបចំបោះឆ្នោតឲ្យបានស្រួល ដើម្បីកុំឲ្យខ្មាំងវាឆ្លៀតវាយយើង។ ម៉្យាងទៀត សកលលោកក៏រង់ចាំមើលយើងដែរ។ យើងចង់បង្ហាញថា យើងឈ្នះហើយ តែយើងមិនច្រងេងច្រងាងយើងធ្វើសមរម្យ ទាំងខាងក្នុងប្រទេស ទាំងខាងក្រៅប្រទេស»។ រីឯសភាតំណាងប្រជាជនវិញ អង្គការបានលើកឡើងថា «គ្មានលក្ខណៈដូចសភាចាស់ទេ។ តំណាងរបស់យើងរស់នៅជាប់នឹងប្រជាជន ធ្វើការជាមួយប្រជាជន ដោះស្រាយជីវភាពប្រជាជន។ ដល់ប្រជុំម្តង ឬពីរដងក្នុងមួយឆ្នាំ ឬមានប្រជុំពិសេសទើបអញ្ជើញមកប្រជុំ។ ទន្ទឹមនេះ យើងចាត់តាំងគណៈអចិន្ត្រៃយ៍របស់សភាមួយសម្រាប់ដំណើរការជាប្រចាំនៅភ្នំពេញ។ សមមិត្តដែលមកធ្វើតំណាងមិនមែនជាបញ្ហាយសសក្តិ៍ឬមុខមាត់ទេ។ កុំឲ្យមានសតិអារម្មណ៍នេះ។ កុំឲ្យបែកបាក់សាមគ្គីគ្នា»។
ដូចការគ្រោងទុក ការបោះឆ្នោតមួយបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦។ មានបេក្ខជន៥១៥រូប បានចូលរួមប្រកួតសម្រាប់អាសនៈទាំង២៥០ ក្នុងនោះអាសនៈ១៥០ ត្រូវបានបោះឆ្នោតដោយកសិករ ៥០ដោយកម្មករ និង៥០ទៀតដោយកងទ័ព។ ពួកគេបានអះអាងថា មានអ្នកទៅបោះឆ្នោតរហូតដល់៩៨%។
គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនកម្ពុជាមានសមាជិកចំនួន១០នាក់ ដែលមានលោក នួន ជា ជាប្រធាន លោក ងួន កង ជាអនុប្រធានទី១ និងលោក ពៅ ស៊ូ ជាអនុប្រធានទី២ ហើយសមាជិកមានលោកស្រី រស់ នឹម លោក ស ស៊ាន លោក ម៉ី ឆាំ លោក ខេង សុខ លោកម៉ាត់ លី លោក ថង ស៊ី និងលោក រស់ ព្រាប [2]។
រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យរួមមាន១៦ជំពូក និង២១មាត្រា ហើយជំពូកខ្លះមានត្រឹមតែ១មាត្រាតែប៉ុណ្ណោះ។ ជំពូក១ និយាយអំពីរបបរដ្ឋ មានតែមួយមាត្រា និង៣ កថាខណ្ឌ។ ជំពូកនេះបានចែងថា រដ្ឋកម្ពុជាគឺជារដ្ឋមួយឯករាជ្យ ឯកភាព សន្តិភាព អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធណា អធិបតេយ្យ ប្រជាធិបតេយ្យ ក្នុងបូរណភាពដែនដីរបស់ខ្លួន។ រដ្ឋកម្ពុជាជារដ្ឋរបស់ប្រជាជន ពួកកម្មករ កសិករ និងពលករកម្ពុជាផ្សេងទៀតទាំងអស់។ រដ្ឋ កម្ពុជាមានឈ្មោះផ្លូវការថា កម្ពុជាប្រជាធិបតេយ្យ។
ជំពូក២ មានតែមួយមាត្រាគត់និងពីរកថាខណ្ឌ ចែង អំពីរបបសេដ្ឋកិច្ច និយាយអំពីកម្មសិទ្ធិរបស់ប្រជាជន និងសមូហភាពទៅលើមធ្យោបាយផលិតកម្ម។ មានតែរបស់របរប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះដែលស្ថិតនៅជាកម្មសិទ្ធិផ្ទាល់របស់ឯកជន។
ជំពូក៣ដែលមានតែមួយមាត្រា និង២វាក្យខណ្ឌ មានចែងអំពីវប្បធម៌របស់ប្រទេសកម្ពុជាប្រជាធិបតេយ្យ ដែលមានលក្ខណៈជាតិ ប្រជាជន និង ចម្រើនស្អាតស្អំដើម្បីបម្រើភារកិច្ចការពារប្រទេស និងកសាងប្រទេសកម្ពុជាឱ្យបានរុងរឿង សំបូរសប្បាយ។ វាក្យខណ្ឌទី២នៃមាត្រាក៏បានចែងថា វប្បធម៌ថ្មីនេះប្រឆាំងដាច់ខាតនឹងវប្បធម៌ពុករលួយ ប្រតិកិរិយា របស់វណ្ណៈជិះជាន់ ផ្សេងៗ និងរបស់អាណានិគមនិយម ចក្រពត្តិនិយមនៅកម្ពុជា។
ជំពូកទី៤ ដែលចែងអំពីរបបដឹកនាំ និងធ្វើការងារ។ ជំពូកនេះដែលមានតែមួយមាត្រាដែលចែងយ៉ាងខ្លីថា កម្ពុជាប្រជាធិបតេយ្យអនុវត្តរបបសមូហភាពក្នុងការដឹកនាំ និងធ្វើការងារ។
អំណាចធ្វើច្បាប់ (នីតិប្បញ្ញត្តិ) មានចែងក្នុងជំពូក៥ ដែលមានបីមាត្រា។ មាត្រា៥បានចែងថា អំណាចធ្វើច្បាប់ជាអំណាចរបស់សភាតំណាងប្រជាជន កម្មករ កសិករ និងពលករកម្ពុជាផ្សេងទៀតទាំងអស់។ សភានេះមានឈ្មោះជាផ្លូវការថា “សភាតំណាងប្រជាជនកម្ពុជា” ដែលមានសមាជិកទាំងអស់២៥០នាក់ ដែលតំណាងឱ្យប្រជាជន កម្មករ កសិករ និងពលករកម្ពុជាផ្សេងទៀត និងតំណាងឱ្យកងទ័ពបដិវត្តន៍កម្ពុជា។ តំណាងកសិករមាន១៥០នាក់ តំណាងកម្មករមាន៥០នាក់ និងតំណាងកងទ័ពបដិវត្តន៍មាន៥០នាក់នៅក្នុងសភាតំណាងប្រជាជនកម្ពុជានេះ។ មាត្រា៦ក្នុងជំពូក៥ដដែលបានចែងអំពីការបោះឆ្នោតទូទាំងប្រទេសដោយផ្ទាល់ និងដោយសម្ងាត់ក្នុងរយៈកាល ៥ឆ្នាំមួយដង ដើម្បីជ្រើសរើសសមាជិកសភាតំណាងប្រជាជនកម្ពុជា។ មាត្រា៧ដែលជាមាត្រាចុងក្រោយនៃជំពូក៥ បានកំណត់អំពីភារៈសម្រេចច្បាប់ និងកំណត់គោលនយោបាយផ្សេងៗក្នុងប្រទេសនិងក្រៅប្រទេសរបស់កម្ពុជា ប្រជាធិបតេយ្យ ដោយសភាតំណាងប្រជាជន។
ជំពូក៦ ដែលចែងអំពីអង្គការអនុវត្តច្បាប់ (នីតិប្រតិបត្តិ) មានតែមាត្រាមួយប៉ុណ្ណោះគឺមាត្រា៨ ដែលមានពីរវាក្យខណ្ឌ។ រដ្ឋាភិបាលជាអង្គការមានភារកិច្ចអនុវត្តច្បាប់ និងអនុវត្ត មាគ៌ានយោបាយទាំងអស់របស់សភាតំណាងប្រជាជនកម្ពុជា។ រដ្ឋាភិបាលត្រូវបានជ្រើសតាំងឡើងដោយសភាតំណាងប្រជាជនកម្ពុជា ហើយត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខសភាតំណាងប្រជាជនកម្ពុជា ក្នុងកិច្ចដំណើរការទាំងអស់របស់ខ្លួនទាំងក្នុងប្រទេស ទាំងក្រៅប្រទេស។
អំណាចតុលាការមានចែងក្នុងនៅជំពូក៧ ដែលមាន២ មាត្រា។ មាត្រា៩ដែលមានពីរវាក្យខណ្ឌ បានចែងថា តុលាការជាតុលាការរបស់ប្រជាជន តំណាងយុត្តិធម៌របស់ប្រជាជន ការពារយុត្តិធម៌របស់ប្រជាជន ការពារសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់ប្រជាជន ហើយផ្ដន្ទាទោសដល់ គ្រប់សកម្មភាពដែលប្រឆាំងនឹងរដ្ឋរបស់ប្រជាជន ឬដែលល្មើសនឹងច្បាប់រដ្ឋរបស់ប្រជាជន។ តុលាការគ្រប់ជាន់ថ្នាក់ត្រូវសភាតំណាងប្រជាជនជ្រើសរើស និងតែង តាំង។ មាត្រា១០ក្នុងជំពូក៧ដដែលនេះ មានចែងអំពីបទល្មើសច្បាប់រដ្ឋប្រជាជន ដែលមានពីរប្រភេទធំៗគឺ៖ ១- ប្រភេទដែលត្រូវផ្ដន្ទាទោសកម្រិតខ្ពស់បំផុតគឺចំពោះសកម្មភាពប្រឆាំង និងបំផ្លិចបំផ្លាញដែលមានលក្ខណៈជាខ្សែសង្វាក់ ហើយគ្រោះថ្នាក់ដល់រដ្ឋប្រជាជន និង២- ប្រភេទដែលត្រូវអប់រំ កសាង ក្នុងក្របខណ្ឌអង្គការរដ្ឋ ឬក្នុងក្របខណ្ឌអង្គការប្រជាជន ចំពោះប្រភេទល្មើសក្រៅពីប្រភេទទី១។
ជំពូកទី៨ចែងអំពីគណៈប្រធាន មានមាត្រាតែមួយគត់ (មាត្រា១១) ដែលមាន៣វាក្យខណ្ឌ។ កម្ពុជាប្រជាធិបតេយ្យមានគណៈប្រធានរដ្ឋមួយ (ប្រធានាធិបតី) ដែលត្រូវបានជ្រើសរើស និងតែងតាំងឡើងដោយសភាតំណាង ប្រជាជនកម្ពុជាក្នុងរយៈកាល៥ឆ្នាំម្ដង។ គណៈប្រធានរដ្ឋមានភារៈតំណាងឱ្យរដ្ឋកម្ពុជាប្រជាធិបតេយ្យ នៅក្នុងប្រទេសនិង ក្រៅប្រទេស ក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យ ហើយនិងតាមច្បាប់និងមាគ៌ានយោបាយរបស់សភាតំណាងប្រជាជនកម្ពុជា។ គណៈប្រធានរដ្ឋមានសមាសភាពប្រធានមួយរូប អនុប្រធានទី១មួយរូប និងអនុប្រធានទី២មួយរូប។
សិទ្ធិនិងកាតព្វកិច្ចបុគ្គលម្នាក់ៗត្រូវបានកំណត់នៅក្នុងជំពូក៩ ចាប់ពីមាត្រា១២ ដល់មាត្រា១៤។ សិទ្ធិនិងកាតព្វកិច្ចនោះដែលរដ្ឋធម្មនុញ្ញបានបញ្ជាក់នោះ គឺសិទ្ធិជីវភាពពេញទីខាងសម្ភារ ខាងស្មារតីនិងខាងវប្បធម៌ដែលត្រូវបានកែប្រែឱ្យរីកចម្រើនកាន់តែខ្ពស់ឡើងជានិច្ច។ ប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែត្រូវបានធានាអះអាងខាងជីវភាពទាំងអស់ ពោលគឺ៖ កម្មករគ្រប់រូបជាម្ចាស់រោងចក្រ កសិករគ្រប់រូបជាម្ចាស់ស្រែចំការ ពលករផ្សេងទៀតមានសិទ្ធិមានការងារធ្វើទាំងអស់ ហើយភាពគ្មានការងារធ្វើមិនមានដាច់ខាតក្នុងកម្ពុជាប្រជាធិបតេយ្យ។ មាត្រា១៣នៃជំពូកនេះបានចែងអំពីសមភាពពេញទីរវាងប្រជាជនកម្ពុជាទាំងអស់ ក្នុងសង្គមកម្ពុជាមួយស្មើភាព យុត្តិធម៌ ប្រជាធិបតេយ្យ សុខដុមរមនា មានសុភមង្គល ក្នុងមហាសាមគ្គីជាតិទាំងមូល ដើម្បីការពារប្រទេស និងកសាងប្រទេសទាំងអស់គ្នា។ បុរសនិងនារីស្មើភាពគ្នាពេញទីលើគ្រប់វិស័យទាំងអស់។ មិនអនុញ្ញាតឱ្យមានប្រពន្ធ ច្រើន ឬប្ដីច្រើនឡើយ។ មាត្រា១៤នៃជំពូកនេះចែងថា ប្រជាជនកម្ពុជាគ្រប់រូបមានករណីយកិច្ចការពារប្រទេស និងកសាងប្រទេសទាំងអស់គ្នា តាមសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន។
ជំពូកទី១០ដែលមានតែមួយមាត្រាបានចែងយ៉ាងខ្លីថា ភ្នំពេញជារដ្ឋធានីរបស់កម្ពុជាប្រជាធិបតេយ្យ។
ជំពូកទី១១ ចែងអំពីទង់ជាតិ មានតែមួយមាត្រាប៉ុណ្ណោះ (មាត្រា១៦)។ មាត្រានេះបានចែងថា ទង់ជាតិកម្ពុជាមានផ្ទៃក្រហម មានរូបភាពប្រាសាទកំពូលបីពណ៌លឿងនៅចំកណ្ដាល។ ផ្ទៃក្រហមជានិមិត្តរូបនៃចលនាបដិវត្តន៍ ការប្រយុទ្ធមោះមុត អង់អាច ក្លាហាន ក្នុងការរំដោះជាតិ ការពារជាតិ និងកសាងជាតិកម្ពុជារបស់ប្រជាជនកម្ពុជា។ ប្រាសាទពណ៌លឿងជានិមិត្តរូបនៃប្រពៃណីជាតិ និងប្រជាជនកម្ពុជាដែលជាអ្នកការពារប្រទេស ជាអ្នកស្ថាបនាប្រទេស ឱ្យបានថ្កុំថ្កើងរុងរឿង។
សញ្ញាជាតិមានចែងនៅក្នុងជំពូកទី១២ ហើយមានតែ១មាត្រាប៉ុណ្ណោះ។ សញ្ញាជាតិកម្ពុជាប្រជាធិបតេយ្យ មានប្រព័ន្ធភ្លឺស្រែ និងប្រឡាយទឹក ជានិមិត្តរូបនៃកសិកម្មជឿនលឿន មានរោងចក្រជានិមិត្តរូបនៃឧស្សាហកម្ម មានកម្រងកួរស្រូវជាស្នែងក្របីព័ទ្ធពីក្រៅ ហើយមានអក្សរ កម្ពុជាប្រជាធិបតេយ្យ នៅពីក្រោម។
ជំពូក១៣ មាត្រា១៨ ចែងយ៉ាងខ្លីថា ១៧មេសា មហាជោគជ័យគឺជាភ្លេងជាតិនៃកម្ពុជាប្រជាធិបតេយ្យ។
កងទ័ពបដិវត្តន៍កម្ពុជា មានកំណត់នៅក្នុងជំពូកទី១៤ ក្នុងមាត្រាតែមួយគត់គឺមាត្រា១៩។ តាមខ្លឹមសារដែលមានចែងក្នុងមាត្រានេះ កងទ័ពបដិវត្តន៍កម្ពុជាទាំងបីប្រភេទ៖ ស្រួច តំបន់ ឈ្លប ជាកងទ័ពរបស់ប្រជាជន ដែលយុទ្ធជន យុទ្ធនារី កម្មាភិបាលជាកូនចៅរបស់ប្រជាជន កម្មករ កសិករ ពលករកម្ពុជាផ្សេងទៀត ការពាររដ្ឋអំណាចរបស់ប្រជាជន កម្ពុជា ការពារកម្ពុជាឯករាជ្យ សន្តិភាព អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធណា អធិបតេយ្យ ប្រជាធិបតេយ្យ ក្នុងបូរណភាពដែនដី ហើយទន្ទឹមនឹងនេះ រួមចំណែកកសាងប្រទេសឱ្យថ្កុំថ្កើងរុងរឿង លើកស្ទួយជីវភាពប្រជាជនឱ្យបានរីកចម្រើន និងសំបូរសប្បាយជាលំដាប់។
ជំពូកទី១៥ចែងអំពីសិទ្ធិខាងជំនឿសាសនា មានតែ១មាត្រា (មាត្រា២០)។ មាត្រាតែមួយគត់ក្នុងជំពូកនេះចែងថា ប្រជាជនកម្ពុជាគ្រប់រូបមានសិទ្ធិជឿជំនឿ ឬសាសនាណាក៏បានហើយក៏មានសិទ្ធិមិនជឿជំនឿអ្វី ឬមិនជឿសាសនាណាក៏បាន។ មិនអនុញ្ញាតឲ្យមានសាសនាប្រតិកិរិយាដែលបំផ្លិចបំផ្លាញកម្ពុជាប្រជាធិបតេយ្យ និងប្រជាជនកម្ពុជា ជាដាច់ខាត។
គោលនយោបាយក្រៅប្រទេសរបស់កម្ពុជាប្រជាធិបតេយ្យមានបរិយាយយ៉ាងវែងក្នុងជំពូកទី១៦ មាត្រា២១។ កម្ពុជាប្រជាធិបតេយ្យមានឆន្ទៈដ៏មោះមុត ចង់មានចំណងមិត្តភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងអស់ដែលមានព្រំដែនជាប់ជាមួយខ្លួន ហើយនិងជាមួយប្រទេសជិតឆ្ងាយទាំងអស់លើសកលលោក តាមគោលការណ៍ គោរពអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមកដាច់ខាត។ កម្ពុជាប្រជាធិបតេយ្យប្រកាន់ខ្ជាប់នូវនយោបាយឯករាជ្យ សន្តិភាព អព្យាក្រិត មិនចូលបក្សសម្ព័ន្ធណា មិនអនុញ្ញាតឲ្យបរទេសណាតាំងមូលដ្ឋាសឹកនៅក្នុងប្រទេសកម្ពុជាដាច់ខាត។ តស៊ូដាច់ខាតនឹងការជ្រៀតជ្រែកគ្រប់បែបយ៉ាងពីខាងក្រៅ មកក្នុងកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជា តស៊ូដាច់ខាតក្នុងអំពើវិទ្ធង្សនា ឈ្លានពានគ្រប់បែបយ៉ាងពីខាងក្រៅមកលើប្រទេសកម្ពុជា ទោះវិទ្ធង្សនា ឬឈ្លានពានខាងយោធាក្តី នយោបាយក្តី ខាងវប្បធម៌ក្តី ខាងសេដ្ឋកិច្ចក្តី ខាងសង្គមកិច្ចក្តី ខាងទូតឬតាមរូបភាពយកនាមថា មនុស្សធម៌ក្តី។ កម្ពុជាប្រជាធិបតេយ្យមិនជ្រៀតជ្រែកដាច់ខាតកិច្ចការផ្ទៃក្នុងប្រទេសទាំងអស់។ កម្ពុជាប្រជាធិបតេយ្យដាច់ខាតគោរពលក្ខការណ៍ដែលប្រទេសនីមួយៗមានអធិបតេយ្យភាព និងសិទ្ធិអំណាចចាត់ចែង និងសម្រេចកិច្ចការប្រទេសខ្លួនដោយខ្លួនឯងពេញទី ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។ កម្ពុជាប្រជាធិបតេយ្យស្ថិតនៅក្នុងមហាគ្រួសារប្រទេសមិនចូលរួមបក្សសម្ព័ន្ធណាជាដាច់ខាត។ កម្ពុជាប្រជាធិបតេយ្យខិតខំបង្កើនសាមគ្គីភាពជាមួយប្រជាជនតតីយលោកនៅអាស៊ី អាហ្រ្វិក អាមេរិកឡាទីន ហើយនិងប្រជាជនដែលស្នេហាសន្តិភាព និងយុត្តិធម៌ ក្នុងសកលលោកទាំងមូល ។ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកយ៉ាងសកម្មក្នុងការតស៊ូនឹងចក្រព័ត្រនិយម អាណានិគមនិយមចាស់ថ្មី ដើម្បីឯករាជ្យភាព សន្តិភាព មិត្តភាព ប្រជាធិបតេយ្យយុត្តិធម៌ និងវឌ្ឍនភាព ពិតប្រាកដនៅលើសកលលោក។
[២] សភាតំណាងប្រជាជនកម្ពុជា គេហទំព័ររដ្ឋសភាព្រះរាជាណាចក្រកម្ពុជាhttp://www.nac.org.kh/SubArticle.aspx?SArtCode=152
[1] គេហទំព័រ ស្វែងរកការពិត មជ្ឈមណ្ឌលឯកសារកម្ពុជា http://www.truthcambodia.com/ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦