សមុទ្រអារ៉ាល់

(ត្រូវបានបញ្ជូនបន្តពី សមុទ្រ អារ៉ាល់)
សមុទ្រ​អារ៉ាល់
១៩៨៩ និង ២០០៣
​ភូមិសាស្ត្រ  កាហ្សាក់ស្ថាន និង ទំព័រគំរូ:ទិន្នន័យប្រទេស អ៊ូបេគីស្ថាន

(អាស៊ីកណ្តាល)

កូអរដោនេ 45° N 60° E
ប្រភេទ​បឹង endorheic
ទន្លេ​ហូរចូល​ Amu Darya, Syr Darya
ប្រទេស​ពាក់ព័ន្ធ  កាហ្សាក់ស្ថាន
ទំព័រគំរូ:ទិន្នន័យប្រទេស អ៊ូបេគីស្ថាន
ទំព័រគំរូ:ទិន្នន័យប្រទេស គាហ្គីស្ថាន
 តាជីគីស្ថាន
ទំព័រគំរូ:ទិន្នន័យប្រទេស តួរមិនីស្ថាន
ក្រឡាផ្ទៃ ១៧,១៦០ គីឡូម៉ត្រការ៉េ (២០០៤)
២៨,៦៨៧ គីឡូម៉ត្រការ៉េ (១៩៩៨)
៦៨,០០០ គីឡូម៉ត្រការ៉េ (១៩៦០)

សមុទ្រ​អារ៉ាល់​ (ជា​ភាសាអង់គ្លេស​​៖ Aral Sea, ភាសាកាហ្សាក់​៖ Арал Теңізі, Aral Tengizi, ភាសាអ៊ុយប៊ែរ​៖ Orol dengizi, ភាសារុស្ស៊ី​៖ Аральскοе мοре, ភាសាតាជីគ/ពែក​៖ Daryocha-i Khorazm, Lake Khwarazm) គឺជា​សមុទ្រ​បិទ​មួយ​ ស្ថិតនៅ​​អាស៊ីកណ្តាល ខាងជើង​ជាប់នឹង​ខេត្ត​ Aktobe និង Kyzylorda នៃ​ប្រទេស​កាហ្សាក់ស្ថាន​ និង​ខាងត្បូង​ជាប់នឹង​ តំបន់​ស្វយ័ត​ Karakalpakstan នៃ​ប្រទេស​អ៊ុយប៊ែគីស្ថាន។ ឈ្មោះ​នៃ​បឹង គេ​អាច​បកប្រែ​ថា សមុទ្រ​នៃ​បណ្ដា​កោះ (Sea of islands) ដោយយោងតាម​ចំនួន​កោះ​ជាង ១៥០០ ដែល​មាន​ក្រឡាផ្ទៃ​ធំជាង ១​ហិចតា ដែល​មាន​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ទឹក​។ បច្ចុប្បន្ន មាន​បឹង​ចំនួន​បី​នៅក្នុង​អាង​នៃ​សមុទ្រ​អារ៉ាល់​ទាំងមូល​គឺ៖ សមុទ្រ​អារ៉ាល់​ខាងជើង និង អាង​ខាងលិច និង​អាង​ខាងកើត នៃ​សមុទ្រ​អារ៉ាល់​ខាងត្បូង​។

ប្រវត្តិ​នៃ​សមុទ្រ​អារ៉ាល់

 
ផែនទី​សមុទ្រ​អារ៉ាល់​នៅ​ឆ្នាំ​១៩៥៣​​​

សមុទ្រ​អារ៉ាល់​ ជា​អតីត​​បឹង​ ធំ​ជាងគេ​ទី​៤​ លើ​លោក​ ដែល​មាន​ផ្ទៃ​ ៦៨.០០០ គីឡូម៉ែត្រ​ការ៉េ​។ សមុទ្រ​អារ៉ាល់​ បាន​ចាប់​ផ្ដើម​រីង​នៅ​ទសវត្ស​ឆ្នាំ​ ១៩៦០ ក្រោយពេល​ដែល​ទន្លេ​ Amu Darya និង Syr Darya ដែល​ហូរ​ចាក់​ទៅ​សមុទ្រ​អារ៉ាល់​ ត្រូវ​បាន​គេ​បង្វែរ​យក​ទឹក​ទៅ​ប្រើ​សម្រាប់​តម្រូវ​ការ​ស្រោចស្រព​ដំណាំ​ នៃ​គម្រោង​ប្រើប្រាស់​ទឹក​របស់​អតីត​សហភាព​សូវៀត​។ នៅ​ឆ្នាំ​ ២០០៤ សមុទ្រ​អារ៉ាល់​ បាន​រីង​នៅ​សល់​តែ​ ២៥% ប៉ុណ្ណោះ​ នៃ​ផ្ទៃក្រឡា​ដើម​ ហើយ កំហាប់​អំបិល​បាន​កើន​ឡើង​ជិត​៥​ដង​ ដែល​បាន​បំផ្លាញ​ជីវសាស្ត្រ​ចម្រុះ​ជាច្រើន​ (រុក្ខជាតិ​ និង​សត្វ)​។ នៅ​ឆ្នាំ​ ២០០៧ ផ្ទៃ​សមុទ្រ​អារ៉ាល់​ បាន​បន្ត​ថយ​ចុះ​នៅ​សល់​តែ​ ១០% ប៉ុណ្ណោះ​ នៃ​ផ្ទៃក្រឡា​ដើម​ បាន​ចែក​បឹង​ទាំង​មូល​ទៅ​ជា​បឹង​៣​ផ្នែក​ផ្សេង​គ្នា​។ ភាព​សម្បូរ​បែប​ពី​ការ​នេសាទ​ត្រូវ​បាន​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​ក្រុង​នេសាទ​នៅ​តាម​ច្រាំង​សមុទ្រ​អារ៉ាល់ ​បាន​ក្លាយ​ទៅ​ជា​កន្លែង​កប់ខ្មោច​កប៉ាល់​ទៅវិញ​។ ជាមួយ​មហន្តរាយ​នេះ​បាន​បង្កើត​ឱ្យ​មាន​ភាព​អត់​ការងារ​ធ្វើ​ និង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​។

សមុទ្រ​អារ៉ាល់​ ក៏បាន​រង​នូវ​ការ​បំពុល​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​ ដោយ​សារ​ ការ​សាកល្បង​គ្រាប់បែក​ គម្រោង​ឧស្សាហកម្ម​ ការ​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​ និង​​ជីរ​។ ខ្យល់​បាន​បក់​នាំ​អំបិល​ពី​ផ្ទៃ​សមុទ្រ​ដែល​រីង​ បំផ្លាញ​ដល់​ដំណាំ​ និង​បំពុល​ដល់​ទឹក​សម្រាប់​ទទួល​ប្រើប្រាស់​ ទទួលទាន​ផង​ដែរ​ហើយ​ល្អង​ធូលី​អំបិល​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​សាធារណៈ​។ ការ​បាត់បង់​សមុទ្រ​អារ៉ាល់​ ក៏​ត្រូវ​បាន​គេ​វាយ​តម្លៃ​ផង​ដែរ​ថា​ បាន​បណ្ដាល​ឱ្យ​មាន​បម្រែបម្រួល​អាកាសធាតុ​តំបន់​ ដោយ​រដូវ​ក្ដៅ​កាន់តែ​ក្ដៅ​ ហើយ​រដូវ​រងា​កាន់តែ​ត្រជាក់​ និង​កាន់តែ​វែង​ជាង​មុន​។

ស្ថានភាព​នៃ​សមុទ្រ​អារ៉ាល់​ ត្រូវ​បាន​គេ​លើកឡើង​ជា​រឿយៗ​ថា​គឺជា​គ្រោះ​មហន្តរាយ បរិស្ថាន​។ ឥឡូវនេះ​នៅ​មាន​តែ​ការ​ប្រឹងប្រែង​នៅ​ក្នុង​ប្រទេស កាហ្សាក់ស្ថាន​ ដើម្បី​ស្រោចស្រង់​នូវ​អ្វី​ ដែល​មាន​នៅសល់​នៅ​ភាគ​ខាងជើង​ នៃ​សមុទ្រ​អារ៉ាល់​ (សមុទ្រ​អារ៉ាល់​តូច)​។ ការ​សម្រេច​បាន​នូវ​គម្រោង​កសាង​ទំនប់​កាលពី​ឆ្នាំ​ ២០០៥ បាន​ធ្វើ​ឱ្យ​កម្ពស់​ទឹក​បាន​កើន​ឡើង​រហូត​ដល់​ ២ ម៉ែត្រ​ កំហាប់​អំបិល​បាន​ថយ​ចុះ​ ត្រី​ចាប់ផ្ដើម​សំបូរ​សារ​ឡើងវិញ​ សម្រាប់​ការ​នេសាទ​បាន​ដោយ​សមស្រប​។ សម្រាប់​ទស្សន​វិស័យ​ នៃ​សមុទ្រ​អារ៉ាល់​ភាគ​ខាងត្បូង​ (សមុទ្រ​អារ៉ាល់​ធំ) នៅ​តែ​ពុំ​មាន​ដំណើរការ​ទៅមុខ​។

បញ្ហា​បរិស្ថាន​វិទ្យា

 
បម្រែ​បម្រួល​ទ្រង់ទ្រាយ នៃ​សមុទ្រ​អារ៉ាល់

អតីតភាព​

 
សមុទ្រអារ៉ាល់មើលពីអវកាស, ខែសីហា ឆ្នាំ១៩៦៤
 
សមុទ្រអារ៉ាល់មើលពីអវកាស, ខែសីហា ឆ្នាំ១៩៨៥
 
សមុទ្រអារ៉ាល់មើលពីអវកាស, ខែតុលា ឆ្នាំ២០០៨

នៅ​ឆ្នាំ​ ១៩១៨ រដ្ឋាភិបាល​ សូវៀត​បាន​សម្រេច​ថា​ ទន្លេ​២ ដែល​ហូរ​ចាក់​ទៅ​សមុទ្រ​អារ៉ាល់​គឺ​៖ ទន្លេ​ Amu Darya នៅ​ភាគ​ខាងត្បូង​ និង​ទន្លេ Syr Darya នៅ​ភាគ​ឦសាន​ ត្រូវ​បង្វែរ​ទឹក​យក​ទៅ​ស្រោចស្រព​លើ​វាល​រហោឋាន​ក្នុង​ការ​រៀបចំ​ដើម្បី​ ដាំ​ស្រូវ​ ត្រសក់​ ធញ្ញជាតិ​ និង​កប្បាស​។ គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ផែនការ​របស់​ សូវៀត​សម្រាប់​ដំណាំ​កប្បាស​ (មាស​ស) ដើម្បី​ក្លាយ​ជា​អ្នក​នាំចេញ​ដ៏​សំខាន់​។ គម្រោង​នេះ​បាន​បញ្ចប់​ជាយថាហេតុ​ ដោយ​បន្សល់​ឱ្យ​អ៊ុយប៊ែគីស្ថាន​ ក្លាយ​ជា​អ្នក​នាំចេញ​កប្បាស​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ប្រទេស​នាំចេញ​កប្បាស​ធំ​បំផុត​ក្នុង​លោក​ នា​ពេល​បច្ចុប្បន្ន​នេះ​។

ការ​សង់​ប្រឡាយ​បង្ហូរ​ទឹក​ បាន​ចាប់​ផ្ដើម​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ទសវត្ស​ឆ្នាំ​ ១៩៤០​។ ប្រឡាយ​ជា​ច្រើន​បាន​កសាង​ឡើង​ដោយ​ខ្វះ​លក្ខណៈ​បច្ចេកទេស​ ដោយ​ធ្វើ​ឱ្យ​ទឹក​អាច​ហូរ​ចេញ​ ឬ​រង​ការ​រំហួត​។ ចំពោះ​ប្រឡាយ​ Qaraqum ដែល​ជា​ប្រឡាយ​ធំ​បំផុត​នៅ​អាស៊ីកណ្តាល​ ទឹក​ប្រហែល​ពី​ ៣០ ទៅ​ ៧៥% បាន​បាត់បង់​។ សព្វថ្ងៃ​នេះ​មាន​តែ​ ១២% ប៉ុណ្ណោះ​នៃ​ប្រវែង​ប្រឡាយ​សរុប​ នៃ​ប្រទេស​​អ៊ុយប៊ែគីស្ថាន​​ ដែល​មិន​អាច​ជ្រាប​ទឹក​ចេញ​។

មក​ដល់​ឆ្នាំ​ ១៩៦០ ទឹក​ពី​ ២០ ទៅ ៦០ គីឡូម៉ែត្រគុប​ ត្រូវ​បាន​ត្រូវ​បាន​បង្វែរ​ទៅ​ស្រោចស្រព​លើ​ដី​រៀងរាល់​ឆ្នាំ​ជំនួស​ការ​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​អារ៉ាល់​។ ដោយ​សារ​ការ​បង្វែរ​នូវ​បរិមាណ​ទឹក​ដ៏​ច្រើន​នេះ​ហើយ​ ទើប​បាន​ធ្វើ​ឱ្យ​សមុទ្រ​អារ៉ាល់​ចាប់​ផ្ដើម​​រីង​នៅ​ទសវត្ស​ឆ្នាំ​ ១៩៦០​។ ពី​ឆ្នាំ​ ១៩៦១ ដល់ ឆ្នាំ​ ១៩៧០ កម្ពស់​ទឹក​សមុទ្រ​អារ៉ាល់​បាន​ស្រក​ចុះ​ជា​មធ្យម​ ២០ សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​។ នៅ​ទសវត្ស​ឆ្នាំ​ ១៩៧០ អត្រា​នេះ​ បាន​កើន​ឡើង​ជិត​៣​ដង​ ដោយ​កម្ពស់​ទឹក​បាន​បន្ត​ស្រក​ចុះ​ក្នុង​កម្រិត​ពី​ ៥០ ទៅ​ ៦០ សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​ ហើយ​នៅ​ទសវត្ស​ឆ្នាំ​ ១៩៨០ កម្ពស់​ទឹក​សមុទ្រ​អារ៉ាល់​នៅ​តែ​បន្ត​ស្រក​ចុះ​ និង​ពី​ ៨០ ទៅ ៩០ សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ​នា​ពេល​បច្ចុប្បន្ន​។ ដោយ​អត្រា​ នៃ​ការ​ប្រើប្រាស់​ទឹក​ស្រោចស្រព​ដី​នៅ​តែ​បន្ត​ការ​កើន​ឡើង​ បាន​ធ្វើ​ឱ្យ​បរិមាណ​ទឹក​ ដែល​ទាញ​ពី​ទន្លេ​ទាំង​ពីរ​បាន​កើន​ឡើង​ទ្វេដង​ ពី​ឆ្នាំ​ ១៩៦០ ដល់​ឆ្នាំ​ ២០០០​ ទន្ទឹម​នឹង​គ្នា​នេះ​ផលិតផល​កប្បាស​ក៏​បាន​កើន​ឡើង​ជិត​ពីរ​ដង​ដែរ​។

វិស័យ​នេសាទ​ នៃ​សមុទ្រ​អារ៉ាល់​ ដែល​នៅ​ពេល​សម្បូរសប្បាយ​បំផុត​ បាន​ផ្ដល់​ការងារ​ដល់​មនុស្ស​ជាង​ ៤០.០០០ នាក់​ ហើយ​ត្រូវ​បាន​វាយ​តម្លៃ​ថា​មាន​ប្រហែល​ ១ ភាគ ៦ នៃ​ផល​នេសាទ​សរុប​នៃ​សហភាពសូវៀត​។

ការ​ប្រែប្រួល​ទ្រង់ទ្រាយ​ នៃ​សមុទ្រ​អារ៉ាល់​ ពុំ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សហភាពសូវៀតឡើយ​ ដោយ​ពួក​គេ​បាន​គិត​ដឹង​មុន​ជា​យូរយារ​ណាស់​មក​ហើយ​។ ដូចជា​នៅ​ដើម​ឆ្នាំ​ ១៩៦៤ លោក​ Aleksandr Asarin នៅ​វិទ្យាស្ថាន​ Hydroproject បាន​គូស​បញ្ជាក់​ពី​មហន្តរាយ​នៃ​សមុទ្រ​អារ៉ាល់​ វា​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ប្រាំ​ឆ្នាំ​ ដែល​ដាក់​ចេញ​ដោយ​គណៈរដ្ឋមន្ត្រី​ និង​ការិយាល័យ​នយោបាយ​សូវៀត​។ មិន​មាន​ថ្នាក់ក្រោម​ណា​ម្នាក់​ហ៊ាន​និយាយ​ជំទាស់​រាល់​ផែនការ​ទាំង​អស់​នោះ​ឡើយ​ ទោះជា​ត្រូវ​បង្ក​គ្រោះថ្នាក់​ដល់​សមុទ្រ​អារ៉ាល់​ក៏ដោយ​។

ជា​ប្រតិកម្ម​តប​ត​ ដោយ​​កែប្រែ​ការ​ព្យាករណ៍​ អ្នក​ជំនាញ​ សូវៀត​ជាច្រើន​បាន​សន្មត​ថា​ សមុទ្រ​អារ៉ាល់​​គឺជា​កំហុស​ដោយ​ធម្មជាតិ​ ហើយ​វិស្វករ​ សូវៀតម្នាក់​បាន​និយាយ​នៅ​ឆ្នាំ​ ១៩៦៨ ថា​ជា​ការ​ពិត​ ការ​រីង​ហួត​នៃ​សមុទ្រ​អារ៉ាល់​គឺជា​រឿង​ដែល​មិន​អាច​ជៀស​ផុត​បាន​។ ម្យ៉ាង​វិញទៀត​ ចាប់​តាំងពី​ទសវត្ស​ឆ្នាំ​ ១៩៦០ មក​គម្រោង​ដ៏​ធំ​មួយ​ត្រូវ​បាន​គេ​គិតគូរ​ទាញ​យក​ទឹក​ដោយ​ផ្ទាល់​ពី​ផ្នែក​នៃ​អាង​ទន្លេ Ob ដោយ​ឆ្លងកាត់​ប្រព័ន្ធ​ប្រឡាយ​ដ៏​ធំ​នៃ​អាស៊ី​កណ្ដាល​។ ការ​ស្ដារ​សមុទ្រ​អារ៉ាល់​ឡើងវិញ​ ត្រូវ​បាន​សន្មត​ថា​ជា​គោលដៅ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គម្រោង​ជាច្រើន​។

ស្ថានភាព​បច្ចុប្បន្ន​

 
សមុទ្រអារ៉ាល់មើលពីផ្កាយរណបស្ពត់
 
ការប្រៀបធៀប​សមុទ្រអារ៉ាល់ខាងជើង មុន (រូបក្រោម) និង ក្រោយ(រូបលើ) ការសាងសង់ Dike Kokaral បានបញ្ចប់ក្នុងឆ្នាំ២០០៥
 
កប៉ាល់ដែលគេបោះបង់ចោល​អារ៉ាល់,កាហ្សាក់ស្ថាន
 
កប៉ាល់ដែលគេបោះបង់ចោល​អារ៉ាល់,កាហ្សាក់ស្ថាន
 
អតីតកំពង់ផែ​នៅទីក្រុងអារ៉ាល់,កាហ្សាក់ស្ថាន

ពី​ឆ្នាំ​ ១៩៦០ ដល់​ឆ្នាំ​ ១៩៩៨ សមុទ្រ​អារ៉ាល់​ បាន​រីង​អស់​ប្រមាណ​ ៦០% នៃ​ផ្ទៃក្រឡា​ដើម​ និង​ប្រមាណ​ជា​ ៨០% នៃ​ចំណុះ​។ នៅ​ឆ្នាំ​ ១៩៦០ សមុទ្រ​អារ៉ាល់​ គឺជា​បឹង​ធំជាង​គេ​ទី​៤​ នៅ​លើ​ពិភពលោក​ ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ​ ៦៨.០០០ គីឡូម៉ែត្រ​ការ៉េ​ និង​ចំណុះ​ប្រមាណ​ ១.១០០ គីឡូម៉ែត្រគុប​។ មកដល់​ឆ្នាំ​ ១៩៩៨ ផ្ទៃ​សមុទ្រ​ទាំង​មូល​បាន​នៅ​សល់​តែ​ប្រមាណ​ ២៨.៦៨៧ គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ ធំជាង​គេ​ទី​៨ លើ​លោក​។ បរិមាណ​ទឹក​ដែល​បាត់បង់​ គឺ​ស្មើនឹង​ បរិមាណ​ទឹក​ ដែល​ហូរ​ចូល​បឹង ​Erie និង​ Ontario រួម​បញ្ចូល​គ្នា​ ទន្ទឹម​នឹង​នេះ​ដែរ​ កំហាប់​អំបិល​ បាន​កើន​ឡើង​ពី​ ១០ ក្រាម​ក្នុង​មួយ​លីត្រ​ ទៅ​ ៤៥ ក្រាម​ក្នុង​មួយ​លីត្រ​នៅ​ឆ្នាំ​ ២០០៤​ ផ្ទៃ​សមុទ្រ​ទាំង​មូល​សល់​ប្រមាណ​ ១៧.១៦០ គីឡូម៉ែត្រ​ការ៉េ ស្មើនឹង​ ២៥% នៃ​ផ្ទៃក្រឡា​ដើម​។ គិត​ត្រឹម​ឆ្នាំ​ ២០០៧ ផ្ទៃ​សមុទ្រ​អារ៉ាល់​បាន​ថយ​មក​ត្រឹម​ប្រហែល​ ១០% នៃ​ផ្ទៃក្រឡា​ដើម​ប៉ុណ្ណោះ​ ហើយ​កំហាប់​អំបិល​នៅ​សមុទ្រ​អារ៉ាល់​ភាគ​ខាងត្បូង​ (សមុទ្រ​អារ៉ាល់​ធំ) បាន​កើន​លើស​ ១០០ ក្រាម​ក្នុង​មួយ​លីត្រ​។ ជា​ធម្មជាតិ​ កំហាប់​អំបិល​នៃ​ទឹក​សមុទ្រ​មាន​ប្រមាណ​ជា​ ៣៥ ក្រាម​ក្នុង​មួយ​លីត្រ​ប៉ុន្តែ​ ករណី​សមុទ្រ​មរណៈ (The Dead Sea) កំហាប់​​អំបិល​មាន​ពី​ ៣០០ ទៅ ៣៥០ ក្រាម​ក្នុង​មួយ​លីត្រ​។

បើ​ទោះជា​ថ្មីៗ​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទឹក​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​អារ៉ាល់​ពី​ក្នុង​ដី​ ក៏​ពុំ​អាច​បញ្ឈប់​ការ​រីងស្ងួត​នៃ​សមុទ្រ​នេះ​ដោយ​ឯកឯង​បានឡើយ​។ បរិមាណ​ទឹក​ប្រហែល​ ៤ លាន​ម៉ែត្រគុប​ បាន​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​អារ៉ាល់​ក្នុង​មួយ​ឆ្នាំ​ ដែល​ច្រើន​ជាង​ការ​ប៉ាន់ស្មាន​កាលពី​ពេលមុន​។ លំហូរ​ទឹក​ក្រោម​ដី​នេះ​ បាន​មកពី​ភ្នំ​ Pamirs និង Tian Shan ហើយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដោយ​សម្រប​តាម​ស្រទាប់​ភូមិសាស្ត្រ​ជាច្រើន​ ទៅ​កាន់​មណ្ឌល​ដែល​ប្រេះ​បែក​ នៃ​បាត​សមុទ្រ​អារ៉ាល់​។

នៅ​ឆ្នាំ​ ១៩៨៧ ដោយ​ការ​រីង​ស្ងួត​បាន​ចែក​ផ្ទៃ​បឹង​ (សមុទ្រ​អារ៉ាល់)​ ទៅ​ជា​បឹង​ពីរ​ចែក​ដាច់​ពី​គ្នា​គឺ​៖ សមុទ្រ​អារ៉ាល់​ខាងជើង​ (the Lesser Sea, or Small Aral Sea) និង​សមុទ្រ​អារ៉ាល់​ខាងត្បូង​ (the Greater Sea, or Large Aral Sea)​។ ដៃ​សមុទ្រ​សិប្បនិមិត្ត​ត្រូវ​បាន​គេ​ជីក​ដើម្បី​ភ្ជាប់​សមុទ្រ​ទាំង​ពីរ​ឡើង​វិញ​ ប៉ុន្តែ​ការ​ភ្ជាប់​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​ ១៩៩៩ ដោយសារ​ទឹក​សមុទ្រ​ទាំង​ពីរ​នៅ​តែ​បន្ត​រីង​តទៅ​ទៀត​។ នៅ​ឆ្នាំ​ ២០០៣ សមុទ្រ​អារ៉ាល់​ខាងត្បូង​បាន​ចែក​អាង​ជា​ពីរ​គឺ​៖ អាង​ខាងលិច​ និង​ខាងកើត​។ ការ​បាត់បង់​ នៃ​សមុទ្រ​អារ៉ាល់​ខាង​ជើង​ត្រូវ​បាន​ត្រឡប់​មក​រក​ភាព​ដើម​វិញ​ដោយ​អន្លើ​។​ដោយ​សារ​ការ​រីង​ស្ងួត​ នៃ​សមុទ្រ​នេះ​ ក៏បាន​បង្កើត​នូវ​ Aral Karakum ដែល​ជា​វាលខ្សាច់​នៅ​លើ​អតីត​ផ្ទៃ​សមុទ្រ​។ ការងារ​ស្រោចស្រង់​ឡើងវិញ​ ត្រូវ​បាន​អនុវត្ត​នៅ​សមុទ្រ​អារ៉ាល់​ខាងជើង​។ ការ​ប្រើប្រាស់​ទឹក​ដើម្បី​ស្រោចស្រព​ត្រូវ​បាន​គេ​គិតគូរ​ និង​កែលំអ​ឡើងវិញ​ បាន​បង្កើន​បរិមាណ​លំហូរ​ទឹក​ទៅ​ក្នុង​សមុទ្រ​។ នៅ​ខែ​ កក្កដា​ ២០០៣ រដ្ឋាភិបាល​កាហ្សាក់ស្ថាន​ បាន​ប្រកាស​ផែនការ​កសាង​ទំនប់​ Kokaral (Kok-Aral) ជា​ទំនប់​ពិត​មួយ​ ខណ្ឌ​ចែក​សមុទ្រ​អារ៉ាល់​ជា​ពីរ​ស្មើគ្នា​។ ការងារ​កសាង​ទំនប់​នេះ​បាន​បញ្ចប់​ជាស្ថាពរ​នៅ​ខែ​ សីហា ២០០៥ ចាប់ពី​ពេល​នោះ​មក កម្ពស់​ទឹក​សមុទ្រ​អារ៉ាល់​ខាងជើង​បាន​កើន​ឡើង​ ហើយ​កំហាប់​អំបិល​ត្រូវ​បាន​ថយ​ចុះ​។ នៅ​ឆ្នាំ​ ២០០៦ ដោយ​សារ​ការងារ​ស្រោច​ស្រង់​ កម្ពស់​ទឹក​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​បាន​កើន​ឡើង​លឿន​ជាង​ការ​រំពឹង​ទុក​។ ដោយសារ​ទំនប់​ បាន​ធ្វើ​ឱ្យ​កម្ពស់​ទឹក​សមុទ្រ​អារ៉ាល់​ខាងជើង​ឡើង​យ៉ាង​លឿន​ដល់​ ៣៨ ម៉ែត្រ​ ពី​កម្ពស់​មួយ​ទាប​ជាង​ ៣០ ម៉ែត្រ​ និង​តាម​ការ​គិតទុក​អាច​ឡើង​ដល់​ ៤២ ម៉ែត្រ​។ ដំណើរការ​សេដ្ឋកិច្ច​សំខាន់​លើ​ការ​នេសាទ​ បាន​ត្រឡប់​មក​រក​ភាព​ដើម​វិញ​ ហើយ​អ្នក​សង្កេត​ការ​ជាច្រើន​ ដែល​បាន​សរសេរ​អំពី​ភយន្តរាយ​បរិស្ថាន​ នៃ​សមុទ្រ​អារ៉ាល់​ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នូវ​របាយការណ៍​ដែល​មិន​បាន​រំពឹង​ទុក​ថា​នៅ​ឆ្នាំ​ ២០០៦ ការ​កើន​ឡើង​នូវ​កម្ពស់​ទឹក​ បាន​ធ្វើ​ឱ្យ​រស់រាន​ឡើងវិញ​នូវ​ឧស្សាហកម្ម​នេសាទ​ និង​អាច​ផលិត​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ទី​ឆ្ងាយ​ដូចជា​អ៊ុយក្រែន​ជាដើម​។ បើ​តាម​ដឹង​ការ​ស្រោចស្រង់​សមុទ្រ​នេះ​ ក៏​អាច​ធ្វើ​ឱ្យ​មាន​ភ្លៀង​ឡើងវិញ​ ដែល​បាន​ខកខាន​ជា​យូរ​មក​ហើយ​ និង​អាច​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​អតិសុខុម​អាកាសធាតុ​ផង​ដែរ​ នាំ​មក​នូវ​ក្ដី​សង្ឃឹម​ក្នុង​ការ​ប៉ុនប៉ង​ស្ដារ​វិស័យ​កសិកម្ម​ឡើងវិញ​ ដែល​បាន​រំខាន​ដោយ​ព្យុះ​ធូលី​នៃ​តំបន់​ (dustbowl) និង​ការ​ពង្រីក​ឡើងវិញ​នូវ​ផ្ទៃ​សមុទ្រ​ដែល​បាន​រីង​ស្ងួត​។ សមុទ្រ​ ដែល​ធ្លាប់​ស្រក​អស់​ ១០០ គីឡូម៉ែត្រ​ ពី​ទីក្រុង​កំពង់​ផែ​ Aral (ទីក្រុង Aral ត្រូវ​បាន​គេ​ស្គាល់​ថា​ Aralsk ឬ Aral'sk) បច្ចុប្បន្ន​មាន​ចម្ងាយ​តែ​ ២៥ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ មាន​ផែនការ​ជាច្រើន​ ដើម្បី​កសាង​​ប្រឡាយ​​តភ្ជាប់​ឡើងវិញ​ពី​កំពង់ផែ​អារ៉ាល់​ ទៅ​សមុទ្រ​។ បើ​តាម​គម្រោង​គឺ​ត្រូវ​សាងសង់​នៅ​ឆ្នាំ​ ២០០៩ រហូតដល់​ពេល​ដែល​គេ​រំពឹង​ទុក​ថា​ចម្ងាយ​ត្រូវ​នៅ​សល់​តែ​ប្រមាណ​ ៦ គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​សមុទ្រ​។ ទំនប់​ថ្មី​មួយ​ទៀត​នឹង​ត្រូវ​កសាង​ ដោយ​ផ្អែក​លើ​កម្ចី​ពី​ធនាគារ​ពិភពលោក​ (World Bank) ដល់​ប្រទេស​កាហ្សាក់ស្ថាន​ ដែល​នឹង​ចាប់​ផ្ដើម​រៀបចំ​ចាក់​គ្រឹះ​នៅ​ឆ្នាំ​ ២០០៩ ផង​ដែរ​ដើម្បី​ពង្រីក​បន្ថែម​លើ​ផ្ទៃ​ដែល​បាន​រីង​នៅ​ភាគ​ខាងជើង​សមុទ្រ​អារ៉ាល់​តូច​ ទៅ​កាន់​អតីត​កំពង់ផែ​សមុទ្រ​ នៃ​ទីក្រុង​ Aralsk​។

សមុទ្រ​អារ៉ាល់​ខាងត្បូង​ ដែល​លាត​សន្ធឹង​យ៉ាង​ធំធេង​ នៅ​ក្នុង​ប្រទេស​អ៊ុយប៊ែគីស្ថាន​ដ៏​ក្រីក្រ​ ត្រូវ​បាន​គេ​បោះបង់​ចោល​ទៅតាម​យថាកម្ម​។ ដំបូង​ឡើយ​ គម្រោង​នៃ​សមុទ្រ​អារ៉ាល់​ខាងជើង​ ហាក់​ដូចជា​បាន​នាំ​មក​នូវ​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ដល់​សមុទ្រ​អារ៉ាល់​ខាងត្បូង​ ដោយ​រំពឹង​ទុក​ថា​៖ បន្ថែម​លើ​ការ​កើន​ឡើងវិញ​នូវ​កម្ពស់​ទឹក​សមុទ្រ​អារ៉ាល់​ខាងជើង​ ទ្វារ​ទឹក​នឹង​ត្រូវ​បាន​បើក​ ដើម្បី​ឱ្យ​ទឹក​ដែល​លើស​តម្រូវ​ការ​ហូរ​ចាក់​ទៅ​វាល​ស្ងួត​ហួតហែង​ដ៏​ធំ​ នៃ​សមុទ្រ​អារ៉ាល់​ខាងត្បូង​។ ការ​ពិភាក្សា​ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្កើត​ឡើងវិញ​នូវ​ដៃ​សមុទ្រ​តភ្ជាប់​សមុទ្រ​អារ៉ាល់​ខាងជើង​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើងវិញ​ហើយ​នោះ​ ទៅ​នឹង​សមុទ្រ​ខាងត្បូង​ដែល​រង​ការ​រីងស្ងួត​ ប៉ុន្តែ​ពុំ​មាន​ឆន្ទៈ​នយោបាយ​ឡើយ​។ ប្រទេស​អ៊ុយប៊ែគីស្ថាន​ បាន​បង្ហាញ​ទស្សនៈ​គ្មាន​ចំណាប់អារម្មណ៍​ ប្រសិនបើ​បោះបង់​ទន្លេ​ Amu Darya គឺជា​ការ​បោះបង់​ប្រភព​ទឹក​សម្រាប់​ស្រោចស្រព​កប្បាស​ ហើយ​ជំនួស​ដោយ​ការ​រុករក​ប្រេង​នៅ​លើ​ផ្ទៃ​ដី​ដែល​បាន​រីងស្ងួត​នៃ​សមុទ្រ​អារ៉ាល់​។ វាល​អំបិល​ដ៏​ធំ​ ដែល​បាន​លេច​រូបរាង​ឡើង​ពី​ការ​រីង​នៃ​សមុទ្រ​អារ៉ាល់​ បាន​បង្កើត​ឱ្យ​មាន​ព្យុះ​ធូលី​ (dust storms) និង​ធ្វើ​ឱ្យ​រដូវ​រងា​កាន់តែ​ត្រជាក់​ រដូវក្ដៅ​កាន់តែ​ក្ដៅ​នៅ​ក្នុង​តំបន់​។ ដើម្បី​សម្រាល​ទម្ងន់​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​រួមមាន​ការ​ដាំ​រុក្ខជាតិ​គ្រប់​ប្រភេទ​ លើ​ផ្ទៃ​ដី​ដែល​កើត​ថ្មី​ពី​ការ​រីងស្ងួត​នៃ​សមុទ្រ​អារ៉ាល់​ជាដើម​។ នៅ​សមុទ្រ​អារ៉ាល់​ខាងជើង​ថ្មីៗនេះ​ការ​ងើប​ឡើង​នូវ​កម្ពស់​ទឹក​សមុទ្រ​ មិន​ទាន់​គ្រប់គ្រាន់​នៅ​តំបន់​ខ្លះ​ ដោយ​សព្វថ្ងៃ​នេះ​និទាឃៈរដូវ​មិន​មាន​ភ្លៀង​ធ្លាក់​ក្នុង​រយៈពេល​យូរ​។

នៅ​រដូវ​ក្ដៅ​ឆ្នាំ​ ២០០៣ សមុទ្រ​អារ៉ាល់​ខាងត្បូង​ បាន​រីង​លឿន​ជាង​ការ​ព្យាករណ៍​។ នៅ​ជម្រៅ​ជ្រៅ​បំផុត​នៃ​សមុទ្រ​ គឺ​នៅ​បាត​សមុទ្រ​មាន​កំហាប់​អំបិល​ខ្ពស់​ជាង​ផ្ទៃ​ខាងលើ​ ហើយ​មិន​រលាយ​ចូល​គ្នា​ឡើយ​។ លើស​ពី​នេះ​ទៅទៀត​ មាន​តែ​ផ្ទៃ​ខាងលើ​នៃ​សមុទ្រ​ប៉ុណ្ណោះ​ បាន​ទទួល​កម្ដៅ​នៅ​រដូវ​ក្ដៅ​។ បើ​តាម​ទិន្នន័យ​ថ្មីៗ​នេះ​ បាន​ឱ្យ​ដឹង​ថា​ ផ្នែក​ខាងលិច​នៃ​សមុទ្រ​អារ៉ាល់​ខាង​ត្បូង​ នឹង​ត្រូវ​រីងស្ងួត​ទាំង​ស្រុង​នៅ​រយៈពេល​ ១៥​ ឆ្នាំ​ខាងមុខ​ ឯ​ផ្នែក​ខាងកើត​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​។

អាយុជីវិត​នៃ​សមុទ្រ​អារ៉ាល់​ និង​ដែនដីសណ្ដ​នៃ​ទន្លេ​ដែល​ហូរ​ចាក់​ចូល​ទៅ​សមុទ្រ​ បាន​ឈាន​ជិត​ដល់​ទី​អវសាន​ហើយ​ មិនមែន​តិចតួច​ឡើយ​ព្រោះតែ​កំហាប់​អំបិល​ដ៏​ខ្ពស់​។ ការ​ស្រក​ចុះ​នៃ​សមុទ្រ​ បាន​បង្កើត​ឡើង​នូវ​វាលលំហ​ដ៏​ធំ​គ្របដណ្ដប់​ដោយ​អំបិល​ និង​សារធាតុ​គីមី​ពុល​ ហើយ​វា​ត្រូវ​បាន​ពាំ​នាំ​ឆ្ងាយ​ ដោយ​សារ​កម្លាំង​ខ្យល់​បក់​​ និង​រាលដាល​ទៅ​តំបន់​ជិតខាង​ទៀត​ដូចជា​លំអងធូលី​ដែល​មាន​ជាតិពុល​ជាដើម​។ ដី​ដែល​នៅ​ជុំវិញ​សមុទ្រ​អារ៉ាល់​ បាន​រង​ការ​បំពុល​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​ បាន​ទទួល​រងគ្រោះ​ពី​ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ និង​ប្រឈម​នឹង​បញ្ហា​សុខភាព​សាធារណៈ​ផ្សេងៗ​ ដូចជា​អត្រា​ពិត​ជាក់ស្ដែង​ដ៏​ខ្ពស់​នៃ​រោគ​មហារីក​ និង​សួត​។ ដំណាំ​ជាច្រើន​នៅ​ក្នុង​តំបន់​ ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​តែ​អំបិល​បាន​វាយលុក​ទៅ​លើ​ដី​។ ទីប្រជុំជន​ Moynaq របស់​អ៊ុយប៊ែគីស្ថាន​​ ធ្លាប់​ជា​កន្លែង​សម្រាប់​ចំណត​នាវា និង​តំបន់​ការ​នេសាទ​ដ៏​រុងរឿង​ ដែល​បាន​ផ្ដល់​ការងារ​ដល់​មនុស្ស​ប្រហែល​ ៦០.០០០ នាក់ បច្ចុប្បន្ន​នេះ​ បាន​ស្ថិត​នៅ​ចម្ងាយ​រាប់​ម៉ាយ​ (mile ដែល​ 1 mile = 1609 meters) ពី​ច្រាំង​សមុទ្រ​។ ទូក​នេសាទ​ជាច្រើន​ បាន​ស្ថិតនៅ​រាយប៉ាយ​ពាសពេញ​ដី​ស្ងួត​ហែង​ដែល​ធ្លាប់​គ្របដណ្ដប់​ដោយ​សមុទ្រ​ កាលពី​ ២០ ឆ្នាំ​មុន​។

សោកនាដកម្ម​នៃ​ឆ្នេរសមុទ្រ​អារ៉ាល់​ ត្រូវ​បាន​ពណ៌នា​តាម​រយៈ​ខ្សែភាពយន្ត​ Psy ("Dogs") នៅ​ឆ្នាំ​ ១៩៨៩ ដោយ​នាយក​គ្រប់គ្រង​​ជាតិ​សូវៀត​ឈ្មោះ​ Dmitriy Svetozarov ។ ខ្សែភាពយន្ត​នេះ​ បាន​សំដៅ​លើ​ទីតាំង​នៅ​ក្នុង​ទីក្រុង​ខ្មោច​ពិតៗ​ ដោយ​បង្ហាញ​នូវ​ទស្សនីយភាព​នៃ​អគារ​ដែល​គេ​បោះបង់ចោល​ និង​កប៉ាល់​ដែល​ស្ថិត​នៅ​រាយ​ប៉ាយ​។ លើស​ពី​នេះ​ទៅទៀត​ នៅ​ឆ្នាំ​ ១៩៩៩ ផលិតករ​ភាពយន្ត​ជនជាតិ​អាល្លឺម៉ង់​ឈ្មោះ Joachim Tschirner បាន​ផលិត​ភាពយន្ត​ឯកសារ​ "Der Aralsee" ឱ្យ​ទូរទស្សន៍​ Arte ។

នៅ​ថ្ងៃ​ទី​ ០៩ តុលា ឆ្នាំ​ ២០០៧ BBC World បាន​ផ្សាយ​ភាពយន្ត​ឯកសារ​ឈ្មោះ​ 'Back From The Brink?' ដែល​បាន​ផលិត​ឡើងដោយ​ Borna Alikhani និង Guy Creasey បាន​បង្ហាញ​នូវ​ការ​ផ្លាស់ប្ដូរ​ខ្លះៗ​ នៅ​ក្នុង​តំបន់​ចាប់តាំង​ពី​មាន​វត្តមាន​នៃ​ទំនប់​ Aklak មក​។

ដំណោះស្រាយ

មាន​ដំណោះស្រាយ​ខុសគ្នា​ជា​ច្រើន​ សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេងៗ​គ្នា​ ត្រូវ​បាន​ត្រូវ​បាន​ដាក់​ស្នើ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដែល​បាន​រៀប​តាម​លំដាប់​នៃ​លទ្ធភាព​ និង​តម្លៃ​ត្រូវ​ចំណាយ​ដូច​ខាងក្រោម​៖

  • ​លើក​កម្ពស់​គុណភាព​នៃ​ប្រឡាយ​បង្ហូរទឹក
  • ដាំ​រុក្ខជាតិ​ ដើម្បី​បន្សាប​ជាតិ​អំបិល​ និង​សារធាតុគីមី​ពុល​
  • ណែនាំ​ឱ្យ​កសិករ​ ចេះ​ទទួល​ការ​ខុសត្រូវ​ខ្ពស់​លើ​ការ​ប្រើប្រាស់​ទឹក​ទន្លេ
  • ​ផ្លាស់ប្ដូរ​ប្រើប្រាស់​កប្បាស​ ដែល​ត្រូវការ​ទឹក​តិច​
  • កាត់​បន្ថយ​ការ​ប្រើប្រាស់​ជីគីមី​សម្រាប់​កប្បាស​
  • ទាញ​យក​ទឹក​ពី​ទន្លេ​ Volga, Ob និង Irtysh ។ គម្រោង​នេះ​អាច​ស្ដារ​សមុទ្រ​អារ៉ាល់​ឡើងវិញ​ក្នុង​រយៈពេល​ពី​ ២០ ទៅ​ ៣០ ឆ្នាំ​ ដោយ​ត្រូវ​ចំណាយ​ពី​ ៣០ ទៅ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​។
  • ​បូម​ និង​លាយ​បញ្ចូល​គ្នា​រវាង​សមុទ្រ​អារ៉ាល់​ និង​សមុទ្រ​កាសព្យែន (Caspian Sea) ដោយ​ឆ្លងកាត់​បំពង់​កប់​ក្រោម​ដី​។

នៅ​ឆ្នាំ​ ១៩៩៤ ប្រទេស​ទាំង​៥ នៅ​អាស៊ីកណ្តាល គឺ​៖ កាហ្សាក់ស្ថាន អ៊ុយប៊ែគីស្ថាន គីរ៍ហ្គីហ្ស៍ តាជីគីស្ថាន តូមិននីស្ថាន បាន​ចុះហត្ថលេខា​ផ្ដល់​នូវ​ ១% នៃ​ថវិកា​ជាតិ​របស់​ខ្លួន​ដើម្បី​ជួយ​ការ​ស្ដារ​សមុទ្រ​អារ៉ាល់​ឡើងវិញ​។ នៅ​ឆ្នាំ​ ២០០៦ តាមរយៈ​គម្រោង​ស្ដារ​ឡើងវិញ​របស់​ធនាគារ​ពិភពលោក​ ជាពិសេស​សមុទ្រ​អារ៉ាល់​ខាងជើង​ បាន​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ខ្លះ​លើស​ពី​ការ​រំពឹង​ទុក​ បាន​សម្រាល​នូវ​អ្វី​ដែល​ត្រូវ​បាន​គេ​សម្លឹង​មើល​ក្នុង​ភាព​ទុទិដ្ឋិនិយម​ហួសហេតុ​។

ការ​សាកល្បង​អាវុធ​ជីវសាស្ត្រ​

នៅ​ឆ្នាំ​ ១៩៤៨ ការ​សាកល្បង​អាវុធ​ជីវសាស្ត្រ​ដោយ​សម្ងាត់​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​នៅ​កោះ​ Vozrozhdeniya ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​សមុទ្រ​អារ៉ាល់​ បច្ចុប្បន្ន​ជា​តំបន់​ទំនាស់​រវាង​ កាហ្សាក់ស្ថាន និង​អ៊ុយប៊ែគីស្ថាន​ ដែល​ត្រូវ​បាន​គេ​បោះបង់ចោល​នៅ​ឆ្នាំ​ ១៩៩២ ក្រោយ​ការ​រលំរលាយ​នៃ​សហភាព​សូវៀត

ការ​អភិវឌ្ឍ​នៃ​សមុទ្រ​អារ៉ាល់​

នៅ​ខែ​ សីហា​ ឆ្នាំ​ ២០០៦ ឧបនាយករដ្ឋមន្ត្រី​​អ៊ុយប៊ែគីស្ថាន​​ លោក Ergash Shaismatov បាន​ប្រកាស​ថា​ រដ្ឋាភិបាល​​អ៊ុយប៊ែគីស្ថាន​​ ព្រមទាំង​សហគមន៍​អន្តរជាតិ​រួម​មាន​ក្រុមហ៊ុន Uzbekneftegaz, LUKoil Overseas, Petronas, Korea National Oil Corporation, និង China National Petroleum Corporation បាន​ចុះហត្ថលេខា​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សហ​ការ​រុករក​ប្រេង​ និង​ឧស្ម័ន​​នៅ​ក្នុង​សមុទ្រ​អារ៉ាល់​។