សម័យសាមកុក
សម័យសាមកុក (គ.ស ២២០-២៨០)
កែប្រែសាមកុកជាយុគសម័យដែលកើតពីសភាពការរារាំងអំណាចគ្នានៃកងកម្លាំង ៣ ភាគីមានដូចជា នគរវុយ នគរស៊ូ និងនគរអ៊ូ ដែលនគរមួយៗ ដណ្ដើមគ្នាធ្វើធំ ដោយក្នុងកំឡុងឆ្នាំគ.ស ២២០ ជាពេលដែលនគរវុយឡើងគ្រប់គ្រងអំណាចជំនួសរាជវង្សហានខាងកើត និងដល់ឆ្នាំគ.ស ២៨០ រាជវង្សជិនបង្ក្រាបនគរអ៊ូបានសម្រេចរួបរួមផែនដីចិនឲ្យមានឯកភាពម្ដងទៀត។
មុនពេលកើតជាសម័យសាមកុក
កែប្រែឆ្នាំងគ.ស ១៨៩ ចុងសម័យហានខាងកើត ហានលិងទីស្ដេចសុវណ្ណគត រជ្ជទាយាទលិវ…បន្ដរាជបល្ល័ង្កក្លាយជាស្ដេចហានសៅទី តែបងប្រុសរបស់ហឺថៃហៅឃុបឃិតជាមួយមន្ដ្រីទាហានឈ្មោះយានសាវឬអួនសៀវ បោសសម្អាតមន្ដ្រីដែលជាបដិបក្ស ជាហេតុធ្វើឲ្យនគរកើតការជ្រួលច្របល់យ៉ាងខ្លាំង។ តុងជួឬតាំងតុ ដែលជាមន្ដ្រីគ្រប់គ្រងស្រុកពិងចូវប្រើស្ថានការណ៍ច្រួលច្របល់ខាងលើ ជាលេសលើកទ័ពចូលក្រុងលួយ៉ាងដើម្បីមកជួយ។ ពេលកងទ័ពរបស់តាំងតុចូលដល់លួយ៉ាងហើយ បានដកតំណែងហានសៅទីហើយស្ថាបនាលិវសៀ ជាប្អូនឡើងធ្វើជាហង់តេ ទ្រង់ព្រះនាមថាហានសៀនទី។ ដោយតាំងតុគ្រប់គ្រងអំណាចបញ្ជាការក្នុងដៃ ជាហេតុធ្វើឲ្យមន្ដ្រីចាស់ៗ ដែលមិនយល់ស្របងើបឡើងប្រឆាំង កើតជាសង្គ្រាមផ្ទៃក្នុងនាពេលក្រោយមក។
ចំណែកអួនសៀវវិញ ពេលតាំងតុបរទ័ពចូលលួយ៉ាង ក៏គេចខ្លួនទៅឯស្រុកជីចូវ (បច្ចុប្បន្ននៅក្នុងខេត្ដហឺប៉ិយភាគខាងជើងនៃប្រទេសចិន) អំពាវនាវឲ្យបណ្ដាអ្នកគ្រប់គ្រងនគរជុំវិញរួមកម្លាំងចងសម្ព័ន្ធគ្នាដើម្បីកម្ចាត់តាំងតុ ដែលការនេះអួនសៀវបានឡើងជាមេដឹកនាំសម្ព័ន្ធ។ លុះដល់គ.ស ១៩០ តាំងតុបញ្ជាឲ្យស្ដេចហានសៀនទីភាសខ្លួនទៅក្រុងឆាងអាន ក្នុងខណៈដែលកងទ័ពរបស់តាំងតុកំពុងតែដណ្ដើមអំណាចគ្នា។ បីឆ្នាំក្រោយមក កើតការប្រែប្រួលផ្នែកយោធា (ជាប្រភពនៃរឿងតំណាលការលះបង់របស់តៀវសៀន ស្ដ្រីស្អាតបំផុតក្នុងសម័យនោះ) តាំងតុត្រូវប្រហារ ក្នុងនគរកើតការជ្រួលច្របល់ខ្លាំងឡើង។
ក្នុងពេលនៃការជ្រួលច្របល់នេះ ឆាវឆាវឬចូឆូដែលធ្លាប់ប្រកាសខ្លួនចូលរួមជាមួយសម្ព័ន្ធរបស់អួនសៀវ នាកាលដែលប្រឆាំងនឹងតាំងតុនោះ ក្រោយពេលបង្ក្រាបកងកម្លាំងចោរចងកន្សែងលឿងជាងបីសែននាក់បានហើយ ក៏សន្សំអំណាចឡើងជាធំនៅតំបន់ហឺណាន។ ឆ្នំាគ.ស ១៩៦ ឆាវឆាវដណ្ដើមបានស្ដេចពីតាំងតុ ហើយបង្ខំឲ្យស្ដេចហានសៀនទីឲ្យទៅនៅស្រុកស្វីឆាងនៃតំបន់ហឺណាន ហើយបានចូលគ្រប់គ្រងអំណាចបញ្ជាការលើពួកមន្ដ្រីទាំងពួង និងងាកមកប្រឈមមុខជាមួយក្រុមអួនសៀវដែលមានអំណាចនៅហឺប៉ិយ។ លុះដល់ឆ្នាំគ.ស ២០០ ភាគីទាំងពីរធ្វើសង្គ្រាមផ្ដាច់ព្រាត់នៅកួនទូ ចូឆូឈ្នះចូលគ្រប់គ្រងតំបន់ទំនាបកណ្ដាលនិងភាគខាងជើងរបស់ចិន។
លុះដល់ឆ្នាំគ.ស ២០៨ ចូឆូបរទ័ពចុះទៅភាគខាងត្បូង បង្ក្រាបលិវពៀវដែលគ្រប់គ្រងស្រុកជិងចូវ។ ក្នុងពេលនោះលិវប៉ិយឬឡៅពីដែលជាខ្សែញាតិវង្សហាននៅខាងលិវពៀវត្រូវភាសខ្លួនចុះទៅភាគខាងត្បូងទៀត នាំកម្លាំងដែលសេសសល់តិចតួចរួមដៃជាមួយស៊ុនឆ្វៀនឬស៊ុនកួនដែលកាន់អំណាចនៅចៀងតុង (ត្រើយខាងកើតនៃទន្លេយ៉ង់សេ) ហើយនាំជូកឺលៀងឬជូកាត់លៀង (ខុងបេង) ដែលជាទីប្រឹក្សាឆ្នើមរបស់ឡៅពីនិងកម្លាំងទ័ពពីស៊ុនកួនបូកកម្លាំងគ្នាទប់ទល់នឹងទ័ពធំរបស់ចូឆូ។ លទ្ធផលចូឆូចាញ់សង្គ្រាមបាក់ទ័ពខ្ចាត់ខ្ចាយ ដកទ័ពត្រឡប់ទៅភាគខាងជើងវិញ។ ឡៅពីឆ្លៀតឱកាសចូលវាយយកជិងចូវមកវិញ ថែមទាំងចូលវាយយកឆឺងទូធ្វើជាមូលដ្ឋានទ័ព បង្កក្លាយជាសភាពកម្លាំងបីក្រុមដណ្ដើមអំណាចគ្នា ដែលក្លាយទៅជាសម័យសាមកុកនាពេលក្រោយមក។
សភាពកម្លាំងបីក្រុមដណ្ដើមអំណាចគ្រប់គ្រងភាគខាងជើងនិងភាគខាងត្បូង
កែប្រែចូឆូតែងតាំងខ្លួនជាវុយអង។ ក្រោយមកឆ្នាំគ.ស ២០០ ចូឆូស្លាប់។ ឆាវភីឬចូភីជាបុត្រាបានកៀបឲ្យស្ដេចហានសៀនទីដាក់រាជ្យបល្ល័ង្ក ហើយស្ថាបនានគរវុយឡើង។ ក្នុងឆ្នាំបន្ទាប់មកទៀត ឡៅពីក៏ប្រកាសស្ថាបនាតាំងខ្លួនជាហង់តេនៅក្រុងឆឺងទូ ប្រើឈ្មោះនគរហាន (ភាគច្រើនហៅថាស៊ូឬស៊ូហាន) ។ ដល់ឆ្នាំគ.ស ២២៩ ស៊ុនកួនឬអ៊ូអងក៏បង្កើតនគរអ៊ូ ប្រកាសខ្លួនជាហង់តេដូចគ្នា។ ដូច្នេះទើបបង្កើតបានជាកម្លាំងបីក្រុម ពោលគឺ វុយគ្រប់គ្រងដែនដីភាគខាងជើង ស៊ូគ្រប់គ្រងដែនដីភាគខាងលិចឆៀងខាងត្បូង ចំណែកអ៊ូគ្រប់គ្រងដែនដីភាគខាងកើតឆៀងខាងត្បូង ដោយនគរពីរនាភាគខាងត្បូងនេះ គឺនគរស៊ូរួមដៃជាមួយនគរអ៊ូប្រឆាំងនឹងនគរវុយនាភាគខាងជើងដែលមានកម្លាំងរឹងមាំជាងគេ។
វិវឌ្ឍនាការនិងការរលំរលាយ
កែប្រែក្នុងដំណាក់កាលចាប់ផ្ដើម នគរទាំងបីបានយកចិត្ដទុកដាក់ក្នុងការគ្រប់គ្រងនគរ ស្ដារស្ថានភាពសង្គមនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។ នគរដែលមានស្នាដៃលេចធ្លោគឺនគរវុយ ដែលដឹកនាំដោយចូឆូ ដែលចាប់ផ្ដើមពីការស្ដារផលិតផលកសិកម្ម ដោយការកេណ្ឌកម្លាំងទាហានដែលប្រចាំតាមតំបន់នីមួយៗ ឲ្យធ្វើកសិកម្មដំាដុះផលិតស្បៀងសម្រាប់ពេលអនាគត។ រៀបចំកែប្រែប្រព័ន្ធគ្រប់គ្រងដែលធ្លាប់ជាចំណុចខ្សោយរបស់រាជវង្សហានខាងកើត។ ពោលគឺ កំណត់អំណាចរបស់ពួកម្ចាស់ដី បោសសម្អាតអំណាចរបស់បណ្ដាមន្ដ្រីនិងខ្សែញាតិវង្ស ដើម្បីទាក់ទាញការចូលរួមពីប្រជាជនថ្នាក់កណ្ដាលនិងថ្នាក់ក្រោម មានការបែងចែកមន្ដ្រីគ្រប់គ្រងតំបន់ជា ៩ កម្រិត បើកឱកាសឲ្យបុគ្គលដែលមិនបានកើតក្នុងត្រកូលខ្ពង់ខ្ពស់ឲ្យមានឱកាសចូលមកមានអំណាចផ្នែកនយោបាយ ធ្វើឲ្យកើតស្ថេរភាពផ្នែកនយោបាយ។
ផ្នែកសិល្បៈនិងវិទ្យាសាស្ដ្រមានការរីកចម្រើនជាខ្លាំង ដូចជា ផ្នែកវិទ្យាសាស្ដ្រចិនបានលេចឡើងបុគ្គលសំខាន់គឺ ហួថួឬពេទ្យទេវតាហ៊ូតូ ដែលជាអ្នកជំនាញវះកាត់ និងគេនិយាយថាមានការចាប់ផ្ដើមប្រើថ្នាំស្ពឹកក្នុងសម័យនេះដែរ។ ចំពោះសាសនាវិញ ដោយសារលទ្ធិតាវរបស់កងកម្លាំងចោរចងកន្សែងលឿងទទួលបរាជ័យខាងផ្នែកនយោបាយ ទើបធ្លាក់ក្នុងស្ថានភាពទន់ខ្សោយ ខណៈដែលសាសនាព្រះពុទ្ធដែលចូលមកផ្សព្វផ្សាយក្នុងកំឡុងចុងសម័យរាជវង្សហានខាងកើត ក៏ចាប់ផ្ដើមរីកសុះសាយក្នុងក្រុងលួយ៉ាង។
ក្រោយពេលវុយឈីវ៉ាំង យុវក្សត្រឡើងគ្រងរាជ្យបានមិនយូរប៉ុន្មាន អំណាចកណ្ដាលរបស់នគរវុយក៏ចាប់ផ្ដើមរង្គោះរង្គើ កើតការប្រយុទ្ធដណ្ដើមអំណាចរវាងឆាវសួងនិងស៊ឺម៉ាអ៊ីដែលជាអ្នកសម្រេចរាជការជំនួស។ ឆាវសួងចាញ់ត្រូវប្រហារជីវិត។ ត្រកូលស៊ឺម៉ាដែលដឹកនាំដោយស៊ឺម៉ាអ៊ីជាបិតា ស៊ឺម៉ាស៊ឺនិងស៊ឺម៉ាចៅពីរនាក់បងប្អូន ចូលគ្រប់គ្រងអំណាចបានទាំងស្រុងនាពេលនោះ។ ក្នុងឆ្នាំគ.ស ២៦៣ នគរវុយក្រោមការដឹកនាំទ័ពរបស់ត្រកូលស៊ឺម៉ាវាយបង្ក្រាបនគរស៊ូរបស់ឡៅពី។ ក្រោយពីនោះ ២ ឆ្នាំ ស៊ឺម៉ាអៀនបុត្ររបស់ស៊ឺម៉ាចៅក៏បង្ខំឲ្យវុយឈីវ៉ាំងដាក់រាជ្យបល្ល័ង្ក និងស្ថាបនារាជវង្សជិនជំនួសវិញ។
នគរស៊ូ ដឹកនាំដោយឡៅពី បានខុងបេងជាទីប្រឹក្សានិងជាសេនាបតី។ ក្នុងកំឡុងពេលមុនក្រោយការស្ថាបនាជានគរស៊ូមិនយូរប៉ុន្មាន ឡៅពីត្រូវបាត់បង់មេទ័ពសំខាន់ឈ្មោះកួនអ៊ីឬកួនអ៊ូ និងចាងហ្វីឬតៀវហ៊ុ ក្នុងពេលខុសគ្នាតិចតួច ជាហេតុធ្វើឲ្យកម្លាំងធ្លាក់ចុះខ្សោយ គួបផ្សំនឹងការដែលឡៅពីមិនស្ដាប់យោបល់របស់ពួកសេនាអាមាត្យ ចង់ធ្វើសង្គ្រាមជាមួយនគរអ៊ូឆាប់ៗ ដើម្បីសងសឹកឲ្យកួនអ៊ូ។ ចុងក្រោយចាញ់សង្គ្រាមយ៉ាងដុនដាប។ ឡៅពីធ្លាក់ខ្លួនឈឺស្លាប់នៅស្រុកយ៉ុងអាន់។ បុត្រាឈ្មោះលិវឆានឬអាតៅឡើងគ្រងរាជ្យបន្ដ ដោយមានខុងបេងជាអ្នកសម្រេចរាជការផែនដី។
ខុងបេងយល់ឃើញថានគរស៊ូស្ថិតក្នុងសភាពទន់ខ្សោយនិងលំបាកដោយសារការវាយលុកពីជុំវិញ ព្រមជាមួយគ្នានោះតំបន់ភាគខាងត្បូង (បច្ចុប្បន្នគឺសេឆួននិងយូណានរបស់ចិន) កើតភាពច្រួលច្របល់ ទើបត្រូវចរចារស្ងប់សឹកជាមួយនគរអ៊ូ។ ពេលដល់ឆ្នាំគ.ស ២៥៥ ខុងបេងលើកទ័ពចុះទៅខាងត្បូង ធ្វើសឹកយកឈ្នះម៉ឺងហួមេកុលសម្ព័ន្ធក្នុងស្រុក នាំមកនូវសន្ដិភាពមកវិញ។ ក្រោយមក ខុងបេងបានតែងតាំងជនជាតិដើមក្នុងតំបន់ខ្លះចូលបម្រើរាជការនិងកងទ័ព ថែមទាំងមានការនាំមកជាមួយនូវគោនិងសេះមកប្រើក្នុងជួរកងទ័ពទៀតផង។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងជាមួយក្រុមកុលសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូងក៏មានការប្រែប្រួលយ៉ាងច្រើន។ ក្នុងពេលជាមួយគ្នាដែរ ផ្នែកកសិកម្មនិងឧស្សាហកម្មបានទទួលអភិវឌ្ឍន៍យ៉ាងលឿន ស្រុកទេសកាន់តែរឹងមាំ ដើម្បីត្រៀមធ្វើសឹកជាមួយនគរវុយរយៈពេលច្រើនឆ្នាំ។ ចុងក្រោយខុងបេងបានធ្លាក់ខ្លួនាឈឺស្លាប់កណ្ដាលទី។ នគរស៊ូត្រូវថយទ័ពត្រឡប់វិញ។ ចាប់ពីពេលនោះមក នគរស៊ូត្រូវក្លាយជាអ្នកចាំរងការវាយលុកវិញ។ ចុងក្រោយក្នុងឆ្នាំគ.ស ២៦៣ នគរវុយលើកទ័ពចូលមកវាយយកនគរស៊ូបានសម្រច។ បុគ្គលសំខាន់នៅនគរអ៊ូ ពីឆ្វេងទៅស្ដាំ មានដូចជា ស៊ុនចៀន ស៊ុនឆឹ ស៊ុនកួន ជិវយី
នគរអ៊ូ កាលដែលកងចោរចងកន្សែងលឿងក្រោកឡើងបង្កចលាចល ស៊ុនចៀន ដែលជាមន្ដ្រីមានតួនាទីទៅបង្ក្រាបក្នុងតំបន់ចៀងណាន។ កាលដែលអួនសៀវនិងបក្សពួករួមដៃគ្នាបង្ក្រាបតុងតុ ស៊ុនចៀនក៏ចូលរួមជាមួយដែរ។ ក្រោយមកពេលស៊ុនចៀនស្លាប់ ស៊ុនឆឹ បុត្រាចូលគ្រប់គ្រងកងទ័ពបន្ដ។ ក្នុងឆ្នាំគ.ស ១៩៤ បានទទួលជំនួយពីចូវអ៊ីឬជិវយី បន្ថែមកម្លាំងទាហានឲ្យកាន់តែរឹងមាំឡើង ចាប់ផ្ដើមពង្រីកអំណាចចូលចៀងតុងខាងកើតនៃទំនាបទន្លេយ៉ង់សេ។ ក្រោយមកពេលចូឆូគ្រប់គ្រងស្ដេចហានសៀនទី ស៊ុនឆឹក៏ងាកមកចូលជាមួយចូឆូ និងបានទទួលយសជាអ៊ូហូវ។ ក្រោយពេលស៊ុនឆឹស្លាប់ ស៊ុនឆ្វៀនឬស៊ុនកួន ជាប្អូនប្រុសចូលបន្ដតំណែង ជាហេតុធ្វើឲ្យចូឆូថយទៅភាគខាងជើង ស៊ុនកួនក៏ចូលគ្រប់គ្រងតំបន់ភាគខាងកើតឆៀងខាងត្បូង កើតជាកម្លាំងនគរបីច្បាំដណ្ដើមអំណាចគ្នា។
បញ្ហាដែលនគរអ៊ូត្រូវប្រឈមគឺ ត្រូវចាំប្រឈមនឹងក្រុមកុលសម្ព័ន្ធយេវ ដែលតែងតែបង្កអសន្ដិសុខ និងកម្លាំងសម្ពាធពីកងកម្លាំងនគរវុយនាភាគខាងជើង។ ក្នុងឆ្នាំគ.ស ២៣៤ ក្រោយយុទ្ធនាការវាយឡោមព័ទ្ធ ធ្វើឲ្យកុលសម្ព័ន្ធយេវដាក់អាវុធព្រមចុះចាញ់។ ក្រោយមក ជនជាតិហាននិងក្រុមកុលសម្ព័ន្ធយេវបានរំលាយចូលគ្នា។ ចំពោះបញ្ហាកងកម្លាំងនគរវុយដែលមានសម្ពាធពីខាងជើងវិញ ក៏បានការវាយលុកនិងដកថយឆ្លាស់គ្នាទៅវិញទៅមក។ ក្រោយពេលខុងបេងស្លាប់និងនគរវុយបង្រ្កាបនគរស៊ូបាន នគរវុយក៏បន្ថែមកម្លាំងសម្ពាធមកលើនគរអ៊ូកាន់តែខ្លាំងឡើង តែដោយសារសមត្ថភាពធ្វើសង្គ្រាមផ្លូវទឹករបស់នគរវុយមានកម្រិត ការប្រយុទ្ធបានអូសបន្លាយតទៅទៀតអស់រយៈពេលជាច្រើនឆ្នាំ។
ក្នុងកំឡុងពេល ៥២ ឆ្នាំនៃការស្ថាបនានគរវុយ បានមានការរុករានដីថ្មីសម្រាប់ធ្វើកសិកម្ម នយោបាយការគ្រប់គ្រងក៏មានស្ថេរភាព ដែនដីតំបន់ចៀងណានមានការអភិវឌ្ឍន៍ផ្នែកធ្វើនាវានិងការដឹកជញ្ជូនផ្លូវទឹកយ៉ាងខ្លាំង ទន្លេផ្សេងៗ បានតភ្ជាប់គ្នារហូតក្លាយជាផ្លូវគមនាគមន៍សំខាន់ពីដែនដីខាងកើតឆ្ពោះទៅដែនដីខាងត្បូង រហូតមានការធ្វើនាវាចរឡើងទៅជើងដល់លៀវតុង ខាងត្បូងធ្វើនាវាចរទៅដល់ណាន់ហៃឬតំបន់សមុទ្រខាងត្បូង។ ពេលដល់ឆ្នាំគ.ស ២៣០ បានមានក្រុមនាវាចរទៅដល់កោះតៃវ៉ាន់ជាលើកដំបូងតាមកំណត់ត្រាប្រវត្ដិសាស្ដ្រ។ ក្រៅពីនេះ រាជទូតពីនគរអ៊ូបានជិះនាវាចុះទៅខាងត្បូងរហូតដល់ភាគខាងត្បូងនៃវៀតណាមនិងអាណាចក្រហ្វូណន (ប្រទេសកម្ពុជាសព្វថ្ងៃ) ជាដើម បានមានការផ្សព្វផ្សាយព្រះពុទ្ធសាសនាពីលួយ៉ាងចុះទៅដែនដីភាគខាងត្បូង តំណាលគ្នានឹងលទ្ធិសាសនាតាវ។
ក្រោយពេលស៊ុនកួនស្លាប់ក្នុងឆ្នាំគ.ស ២៥២ នគរអ៊ូក៏ចុះខ្សោយ។ ក្នុងខណៈដែលនគរវុយដែលដឹកនាំដោយត្រកូលស៊ឺម៉ាចេះតែមានការរឹងមាំជាលំដាប់ ក្រោយពេលការវាយបាននគរស៊ូក្នុងឆ្នាំគ.ស ២៦៣ និងការប្ដូរមកជារាជវង្សជិនក្នុងឆ្នាំគ.ស ២៦៥ រាជវង្សជិននៅវិលវល់ក្នុងការពង្រឹងគ្រឹះរបស់ខ្លួន ជាហេតុធ្វើឲ្យនគរអ៊ូនៅអាចរក្សាអាទិភាពរបស់ខ្លួនបានមួយរយៈទៀត។ ពេលដល់ឆ្នាំគ.ស ២៦៩ នគរជិនទទួលបានអ្នកជំនាញសង្គ្រាមជើងទឹកពីនគរស៊ូ ចាប់ផ្ដើមបង្វឹកកងទ័ពជើងទឹក។ លុះដល់ឆ្នាំគ.ស ២៧៩ កងទ័ពជិនបានលើកមកវាយភាគខាងជើងទន្លេយ៉ងសេនៃនគរអ៊ូ និងអាចចូលដល់រាជធានីចៀនយ៉ែបានក្នុងឆ្នាំគ.ស ២៨០ នគរអ៊ូក៏ដល់ដំណាក់កាលអវសាន។
នៅសម័យសាមកុក ថ្វីបើមានសង្គ្រាមជាប្រចាំ តែសភាពស្រុកទេសមានភាពខុសគ្នាពីភាពច្របូកច្របល់ក្នុងកំឡុងចុងសម័យរាជវង្សហានខាងកើត ដោយសារជាសង្គ្រាមដែលប្រជាជននៃនគរនីមួយៗ ប្រាថ្នាចង់បង្រួបង្រួមផែនដីឲ្យមានឯកភាព។ ផ្នែកកម្លាំងយោធា នគរវុយខ្លាំងជាងគេ បន្ទាប់មកគឺនគរអ៊ូ និងនគរស៊ូខ្សោយជាងគេ ដូច្នេះភារកិច្ចការបង្រួបបង្រួមប្រទេសចុងក្រោយត្រូវធា្លក់លើនគរវុយឬជិន រាប់ចាប់ពីសភាពការច្របូកច្របល់នៅចុងសម័យរាជវង្សហានខាងកើតរហូតដល់ការប្រឈមដាក់គ្នានៃនគរទាំងបីក្នុងសម័យសាមកុកនេះ ជាការវិវត្ដន៍ផ្នែកប្រវត្ដិសាស្ដ្រមួយដំណាក់កាលទៀត តែបើរាប់ជារយៈពេលជាអាយុឃើញថា នគរអ៊ូមានអាយុដល់ទៅ ៥២ ឆ្នាំ នគរវុយ ៤៥ ឆ្នាំ និងនគរស៊ូ ៤៣ ឆ្នាំ។ ក្នុងឆ្នាំគ.ស ២៨០ ពេលជិនអ៊ូទី នៃរាជវង្សជិនលើកទ័ពបោសសម្អាតនគរអ៊ូដែលនៅតែឯងរួចហើយ សម័យសាមកុកក៏មកដល់កាលអវសាន។
***ការយល់ឃើញរបស់អ្នកប្រវត្ដិសាស្ដ្រចិនទាក់ទងនឹងការបែងចែកកំឡុងពេលនៃសម័យនេះខុសគ្នាជា ២ ផ្នែក គឺការយល់ឃើញទីមួយ (ឆ្នាំគ.ស ២២០-២៦៥) ចាប់ផ្ដើមពីពេលដែលតាំងតុឡើងកាន់អំណាចជំនួសរាជវង្សហានក្នុងឆ្នាំគ.ស ២២០ និងចុងបញ្ចប់ពេលបង្កើតរាជវង្សជិនជំនួសរាជវង្សវុយក្នងឆ្នាំគ.ស ២៦៥ និងការយល់ឃើញទីពីរគឺ (ឆ្នាំគ.ស ១៩៦-២៨០) ចាប់ផ្ដើមពីពេលដែលតាំងតុបង្ខំឲ្យហានសៀនទីហង់តេអាយ៉ងរបស់ខ្លួន ចេញពីរាជជានីលួយ៉ាងទៅស្វីឆាងក្នុងឆ្នាំគ.ស ១៩៦ និងចុងបញ្ចប់ក្នុងឆ្នាំគ.ស ២៨០ ពេលដែលរាជវង្សជិនបង្ក្រាបនគរអ៊ូបានសម្រេច និងបង្រួបង្រួមផែនដីចិនឲ្យមានឯកភាពម្ដងទៀត។