សម្លៀកបំពាក់ខ្មែរនាសម័យបុរេប្រវត្តិសាស្ត្រ
ឆ្លងកាត់ រយៈកាលជិតមួយសតវត្សទៅហើយ មតិមហាជនបារាំង និងខ្មែរមួយចំនួនធំនៅតែជឿថា គឺជនជាតិឥណ្ឌាទេ ដែលបានបង្ហាត់បង្រៀនខ្មែរឱ្យចេះស្លៀកពាក់ចាប់តាំងពីដើមស.វ.ទី ១ នៃគ.សមក ព្រោះថាមុននេះ ខ្មែរដើរស្រាតលែងខ្លួនទទេ ។ តាមពិត ទៅ ការអះអាងនេះ គឺបណ្តាលមកពីការសំអាងទៅលើកំណត់ហេតុចិនស្តីពីឥណ្ឌារូបនីយកម្មនៃ ប្រទេសកម្ពុជាបុរាណ គឺនគរគោកធ្លក ដែលចិនបានឱ្យឈ្មោះថា ហ្វូណន ឬ នគរភ្នំ នោះ ។ ជាភស្តុតាងនៃការអះអាង គេក៏បានលើកឡើងដោយយោងលើកំណត់ហេតុចិន ខាងលើនេះថា គឺព្រះបាទ ហ៊ុន ទៀន ទេ ដែលបានយកសំពត់មកស្លៀកឱ្យប្រពន្ធរបស់ទ្រង់ជាលើកដំបូងបង្អស់ គឺព្រះនាង លីវ យី រាជបុត្រីម្ចាស់ស្រុក ។
ទស្សនៈបែបនេះត្រូវបានប្រវត្តិវិទូចាត់ទុកថា ជាការភ័ន្តច្រឡំមួយ ពីព្រោះវាគ្រាន់តែជាជ្រុងមួយនៃការពិតតែប៉ុណ្ណោះ ពោលគឺមិនមែនជាការពិតទាំងស្រុងនោះទេ ។
តាមពិតទៅ មុនការទទួលវប្បធម៌ក្លិង្គ ពោលគឺតាំងពីសម័យបុរេប្រវត្តិសាស្ត្រម្ល៉េះដូចបងប្អូនខ្មែរលើ សព្វថ្ងៃនេះ ជនជាតិខ្មែរយើងបានចេះនិយមសម្លៀកបំពាក់រួចជាស្រេចទៅហើយ ដូចជាការប្រើប្រាស់ប៉ឹងវែងឬខ្លី និងសំពត់ ដើម្បីបិទបាំងកេរ្តិ៍ខ្មាស់ និងលំអរូបរាងកាយ ឬក៏គ្រាន់តែដើម្បីការពារអាកាសធាតុតែប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀតគួរគូសបញ្ជាក់ផងដែរថា នៅដើមស.វទី ១ នៃគ.សទើបមានការនិយមក្បិនតាមរបៀបពួកព្រាហ្មណ៍ឥណ្ឌា ដែលមានប្រភពចេញពីឥណ្ឌាខាងត្បូង ហើយវាក៏ជាប្រពៃណីមួយនៅរស់រវើករហូតមកដល់សព្វថ្ងៃនេះដែរនៅប្រទេស ឥណ្ឌាខាងត្បូង ក៏ដូចនៅប្រទេសកម្ពុជា ។
ដូច្នេះ ការដែលនិយាយថា ជនជាតិខ្មែរយើងមិនចេះស្លៀកពាក់មុនឥទ្ធិពលឥណ្ឌានោះ ពំនោលនេះគឺជារឿងមិនពិតទាល់តែ សោះ ។ ការដែលជនជាតិខ្មែរកាន់ទំនៀមទម្លាប់តាមបែបឥណ្ឌា ពុំមែនមានន័យថា ខ្មែរគ្មានសម្លៀកបំពាក់ប្រចាំជាតិរបស់ខ្លួននោះទេ ។ ក្រោមមេឃលើដីនេះ គ្មានជនជាតិណាដែលដើរស្រាតទេ ឬក៏បានបង្កើតឡើងនូវវប្បធម៌របស់ខ្លួនដោយគ្មានការទទួលឥទ្ធិពល មកពីខាងក្រៅនោះទេ ។
នៅពេលដែលសួរថា តើមានភ័ស្តុតាងអ្វីដើម្បីបញ្ជាក់បញ្ហានេះទេ ? យើងសូមធ្វើការលាតត្រដាងនូវទិន្នន័យថ្មីមួយចំនួនដែលជាលទ្ធផលនៃ ការវិភាគស្រាវជ្រាវអំពីវត្ថុបុរាណដែលគេបានរកឃើញនៅក្នុងស្ថានីយ មួយចំនួនដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ថៃ និងយួនខាងត្បូងបច្ចុប្បន្ននេះ ដែលដើមឡើយជាទីតាំងដែលបុព្វបុរសខ្មែរបានរស់នៅ ។
ជាទូទៅ ការប្រើប្រាស់នូវសម្លៀកបំពាក់ត្រូវគេពិនិត្យឃើញតាមរយៈវត្ថុតាងនា សម័យមុនប្រវត្តិសាស្ត្រ ដូចជាសំណល់នៃសរសៃអំបោះដែលជាប់នៅលើរបស់ប្រើប្រាស់ ឬក៏ផ្លែត្រល់សម្រាប់រវៃអំបោះជាដើម ។ អ្វីដែលយើងអាចដឹងនាសម័យនោះ គឺមនុស្សទាំងពីរភេទបាននិយមប៉ឹង និងសំពត់យ៉ាងប្រាកដហើយសូមជម្រាបថារហូតដល់ដើមស.វទី ២០ មុននេះ ប្រពៃណីស្លៀកពាក់សំពត់ និងប៉ឹងនេះ ដែលជាទម្លាប់របស់ជនសាមញ្ញនៅតាមជនបទ មិនបានប្រែប្រួលប៉ុន្មានទេ ពោលគឺត្រូវបានថែរក្សានៅតែដដែល ទោះជាបានឆ្លងកាត់ដំណាក់កាលឥណ្ឌារូបនីយកម្មក៏ដោយ ។
ចម្លាក់នៃប្រាសាទបុរាណខ្មែរដូចជាចម្លាក់នៅលើប្រាសាទបាយ័ន បន្ទាយឆ្មារ និងអង្គរវត្ត អាចជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពីសម្លៀកបំពាក់ខ្មែរបុរាណរវាងស.វទី ១២-១៣ នៃគ.ស ដែលក្នុងនោះមានការប្រើប៉ឹង និងសំពត់ជាដើម ក៏ជាសក្ខីកម្មមួយគួរឱ្យកត់ សម្គាល់ដែរ ។
និយាយឱ្យចំទៅ កំណត់ហេតុចិនមានភាពលំអៀងទៅខាងវប្បធម៌ហានដែលជាវប្បធម៌ចិន ពីព្រោះតាមទស្សនៈចិនបុរាណ អ្វីដែលមិនមែនជាចិន សុទ្ធសឹងតែជារបស់មនុស្សព្រៃទាំងអស់ ។
សង្ខេបសេចក្តីមក ជាទម្លាប់ប្រជាប្រិយខ្មែរយើងទាំងពីរភេទតាំងពីស.វទី ១ រហូតមកដល់បច្ចុប្បន្នភាព នៅតែពេញនិយមសំពត់ចងក្បិនដែលជាកម្ចីតាមបែបពួកព្រាហ្មណ៍ជាពិសេសពួក តាមិលនៅឥណ្ឌាភាគខាងត្បូង ប្រហែលជាប្រការនេះហើយមើលទៅ បានជាកំណត់ហេតុចិនចង់និយាយដល់ទេដឹង ?
ឆ្លងតាមការវិភាគខាងលើនេះបានឱ្យដឹងថា ជនជាតិខ្មែរយើងចេះស្លៀកពាក់យ៉ាងហោចណាស់ក៏ចាប់ពីសម័យវប្បធម៌លោហធាតុ មកដែរ ។ នេះជាលើកទីមួយហើយដែលយើងបានប្រមូលឯកសារស្តីពីការស្លៀកពាក់របស់ ខ្មែរនាសម័យមុនប្រវត្តិសាស្ត្រ និងដើមសម័យប្រវត្តិសាស្ត្រមកវិភាគសិក្សា ដើម្បីបង្ហាញនូវនិរន្តរភាពនៃសម្លៀកបំពាក់ខ្មែរតាមបែបប្រពៃណីប្រចាំ ជាតិរបស់ខ្លួន (ម.ត្រាណេ) ។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.