សារធាតុក្នុងបន្លែនិងផ្លែឈើ
បច្ចុប្បន្នមនុស្សភាគច្រើនដឹងថា បន្លែ និងផ្លែឈើ ពុំមែនផ្ដល់គុណតម្លៃត្រឹមតែវីតាមីន និងអំបិលខនិជដែលមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាមានសារធាតុចិញ្ចឹមចាំបាច់ដែលអាចជួយការពារជំងឺបានទៀត ផង ជាពិសេសសារធាតុចិញ្ចឹមចាំបាច់ ៥ក្រុម ដូចតទៅនេះ ៖
- ១. ការ៉ូទីណយ (Carotinoide) : ជួយឲ្យកោសិកា និងប្រព័ន្ធការពាររាងកាយរឹងមាំ។ សារធាតុលីកូប៉ែន (Lycopene) បេតាការ៉ូទីន (Beta-Carotine) និង លូថេអ៊ីន (Lutein) ជាផ្នែកមួយនៃការ៉ូទីណយ មានច្រើននៅក្នុងបន្លែ និងផ្លែឈើចម្រុះពណ៌ដូចភ្លើងសញ្ញាចរាចរ (ពណ៌ក្រហម បៃតង ទឹកក្រូច លឿង) មានដូចជា ឪឡឹក ការ៉ុត ល្ពៅ ប្រូកខូលី ផ្ទី និងសាលាដ៏។ សារធាតុទាំងនេះអាចជួយកាត់បន្ថយរ៉ាឌីកាល់សេរីដែលបំផ្លាញរាងកាយ ជួយឲ្យប្រព័ន្ធការពារជំងឺមានភាពរឹងមាំ ជួយការពារជំងឺមហារីក និងជួយការពារជំងឺសរសៃឈាមក្រហមក្រាស់។
បន្ថែម : សាលាដ៏ និងផ្ទី អាចមានគុណតម្លៃខ្ពស់បំផុតបើពុំឲ្យវាឆ្លងកាត់កម្ដៅ ឬឆ្លងកាត់ការចម្អិន។ រីឯការ៉ុត បើសិនជាឆ្លងកាត់កម្ដៅ និងបន្ថែមខ្លាញ់បន្តិចបន្តួច គឺអាចផ្ដល់គុណតម្លៃខាងអាហារបានកាន់តែខ្លាំង។
- ២. ប៉ូលីហ្វ៊ីណូល (Polyphenol): ការពារបេះដូង សរសៃឈាមតម្រងនោម ការពារចុកចាប់ពេលមករដូវ។ សារធាតុដែលមាននៅក្នុងប៉ូលីហ្វ៊ីណូល គឺហ្វ្លាវ៉ូណយ អាស៊ីដហ្វ៊ីណូល និងហ្វ៊ីតូអេសស្ត្រូចេន នឹងជួយស្ទាក់ចាប់ឌីកាល់សេរី ដែលសារធាតុនីមួយៗមានលក្ខណៈពិសេសរបស់វាគឺ ៖
- ហ្វ្លាវ៉ូណយ : មានច្រើននៅក្នុងបន្លែផ្លែឈើពណ៌លឿង ក្រហម ផ្ទៃមេឃ និងពណ៌ស្វាយ ដូចជា ផ្លែប៉ោម ស្ពៃខៀវ ត្រប់ពណ៌ស្វាយ ផ្លែភ្លូម ទំពាំងបាយជូរពណ៌ក្រហម ដែលជួយកាត់បន្ថយគ្រោះថ្នាក់ពីឈាមខាប់ និងគ្រោះថ្នាក់ពីកូឡេស្ដេរ៉ូល ការពារជំងឺរលាកអញ្ចាញធ្មេញ និងការឆ្លងជំងឺតាមប្រព័ន្ធផ្លូវនោម។
- អាស៊ីដហ្វ៊ីណូល : មានច្រើននៅក្នុង "តែបៃតង" ដែលវាអាចជួយការពារជំងឺខាងផ្លូវនោម និងការពារកោសិកាមហារីក ជួយទប់ទល់នឹងវិរុស និងបាក់តេរី ដែលជាមូលហេតុនៃជំងឺរលាកតម្រងនោម និងអាការហើម និងបញ្ហាស្បែក ដែលបណ្ដាលមកពីកាំរស្មីអ៊ុលត្រាវីយ៉ូលេ។
- ហ្វ៊ីតូអេសស្ត្រូចេន : មានច្រើននៅក្នុងស្រូវប្រភេទផ្សេងៗ សណ្ដែក ផលិតផលសណ្ដែកសៀង ដែលជួយកាត់បន្ថយបញ្ហានៅក្នុងមជ្ឈិមវ័យរបស់ស្ត្រីជួយការពារ មហារីកសុដន់ មហារីកភ្នាសស្បូន និងមហារីកក្រពេញប្រូស្ដាតជួយកាត់បន្ថយបរិមាណជាតិខ្លាញ់នៅក្នុង ឈាម និងសម្ពាធឈាមខ្ពស់។
- ៣. ហ្វ៊ីតូស្ទើរ៉ូល (Phytosterol) : បង្ក្រាបកូឡេស្ដេរ៉ូលមានច្រើននៅក្នុងប្រេងសណ្ដែក ប្រេងល្ង និងប្រេងផ្កាឈូករ័ត្ន ដែលអាចជួយឲ្យរាងកាយស្រូបយកកូឡេស្ដេរ៉ូលបានកាន់តែតិច។ ក្នុងពេលជាមួយគ្នា ក៏អាចជួយការពារជំងឺមហារីកពោះវៀនធំបានផងដែរ។
- ៤. គ្លូកូស៊ីណូឡេត (Glucosinolate) : ទប់ស្កាត់ជំងឺមហារីកដែលអាចជួយកាត់បន្ថយដំណើរការសារធាតុពុល និងសម្លាប់បាក់តេរី ការពារជំងឺមហារីក និងការឆ្លងរោគមានច្រើននៅក្នុងបន្លែពពួកមើម ដូចជា ស្ពៃក្ដោប ឬសារាយប្រូកខូលី និងមើមឆៃថាវ។
- ៥. ស៊ុលហ្វីត (Sulfide) : សម្លាប់បាក់តេរី មានច្រើននៅក្នុងខ្ទឹមស ខ្ទឹមបារាំង ដើមខ្ទឹម។ ក្រៅពីជាសារធាតុដែលមានពីធម្មជាតិដែលអាចសម្លាប់បាក់តេរីបានហើយ នោះ វាក៏ជួយធ្វើឲ្យប្រព័ន្ធការពាររាងកាយរឹងមាំផងដែរ ការពារការឆ្លងមេរោគ ដូចជា ផ្ដាសាយ ការពារជំងឺបេះដូង និងសរសៃឈាមក្រហមក្រាស់និង មហារីកពោះវៀន៕
ប្រភពពត៌មាន
កែប្រែ- ទស្សនាវដ្តីប្រជាប្រិយ ឆ្នាំទី៖ ១៤ លេខ៖ ៤២៦