សាលាឃុំ

កែប្រែ

បើពិនិត្យមើលប្រវត្ដិសាស្ដ្រខ្មែរ ក្នុងសម័យមុនអាណានិគម យើងពុំឃើញមានចេញឈ្មោះថា “ឃុំ” ឬ “មេឃុំ” ដែលជារចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមនោះឡើយ។ មានតែពាក្យថា “ចៅហ្វាយស្រុក” ស្ដីទីខេត្ដដែលមានឋានន្ដរស្មើនឹងអភិបាលខេត្ដយើងសព្វថ្ងៃ ដូចឯកសារមហារបុរសខ្មែររបស់លោក អេង សុត ដែលរៀបរាប់អំពីព្រះរាជពង្សាវតាខ្មែរ ស្ដីពី ដែនដីព្រះអង្គឌួង បានចែងមូយអន្លើថា “ទ្រង់បំបែកខែត្រណាធំៗ ជាពីរ បីខែត្រ ឬ ៤ ៥ខែត្រ។ ខែត្របាទី ស្ដេចចែកជា ៤ ខែត្រ គឺខែត្របាទី តាំងចៅហ្វាយស្រុកជា ឧកញ៉ាវង្សាអនុជិត សក្ដិ ៩ ហ៊ូពាន់ដដែល ១ ខែត្រភ្នំស្រួចជើងគោក តាំងចៅហ្វាយស្រុកជា ឧកញ៉ាវង្សាឧទ័យ ១។ល។ មានពាក្យមួយទៀតដែលអ្នកស្រុកខ្លះមានទម្លាប់ហៅថា “មេស្រុក” គឺគេមិនហៅថា”មេឃុំ” ទេ។ ដូច្នេះ មេស្រុកគឺមេឃុំក្រោមបង្គាប់ ឬចំណុះចៅហ្វាយស្រុកហ្នឹងឯង។ វចនានុក្រមខ្មែររបស់សម្ដេច ជួន ណាត ដែលបានសើរើ និងរៀបចំបោះពុម្ពឡើងវិញ ជាគ្រាទី ៥នៅឆ្នាំ ១៩៦៧ មានពន្យល់ពាក្យដូចតទៅ ៖

១. ឃុំ កិ. ខាំងរក្សាមិនអោយទៅណាតាមអំពើចិត្ដ៖ ឃុំមនុស្សទោសក្នុងគុក

​​ ន. ដំណើរដែលឃុំ ៖ នៅក្នុងឃុំមិនទាន់រួចនៅឡើយ។

២. ឃុំ ន. នាទីក្នុងអំណាចមេឃុំមួយគឺប្រជុំភូមិច្រើន ឬតិចតាមបញ្ញត្ដិរាជការរដ្ឋាភិបាល ៖ មន្ដ្រីឃុំ មេឃុំ ប្រាក់សម្រាប់ឃុំ។ ឥលូវ នេះ ប្រើជាសង្កាត់ មេឃុំ ហៅថា ចៅសង្កាត់។

៣. មេឃុំ ន. មេឃុំឃាំង មេស្រុក សព្វថ្ងៃនេះ ហៅថា ចៅសង្កាត់ ឬនាយសង្កាត់។

បើតាមន័យដូចខាងលើនេះ យើងឃើញថា ក្នុងក្រសែភ្នែកអ្នកស្រុកពីសម័យអាណានិគម “មេឃុំ” គឺជាអ្នកមានអំណាចឃុំឃាំងមនុស្ស ហើយ “សាលាឃុំ” គឺជាកន្លែងសម្រាប់ឃុំឃាំងមនុស្ស។ ហេតុដូច្នេះ ហើយបានជាយើងតែងឮចាស់ៗដំណាលថា ពីដើមប្រជាជនក្រីក្រតាមជនបទចុងកាត់មាត់ញក ពេលឃើញមនុស្សពាក់មួយកូបពណ៌សដើរសំដៅទៅរកភូមិរបស់ខ្លួន តែងតែនាំគ្នារត់ពួនតាមដុបតាមព្រៃជិតខាងពីព្រោះគេខា្លចមេឃុំ ឬភ្នាក់ងារឃុំមកទារពន្ធ ឬទារប្រាក់បង់កាត បើគ្មានប្រាក់បង់ទេ ក្រែងគេចាប់យកទៅឃុំឃាំង។

ការរៀបរាប់ដោយត្រួសមក នេះគ្រាន់តែចង់រំលឹកថា ៖

ទីមួយ ៖ រចនាសម្ព័ន្ធរដ្ឋបាលឃុំប្រហែលជាទើបនឹងកើតឡើងក្នុងជំនាន់អាណានិគម។ ពីសម័យបុរាណមានតែ “មេស្រុក” ដែលបំពេញមុខនាទី ដូចជាមេឃុំសព្វថ្ងៃ ហើយជាចំណុះ “ចៅហ្វាយស្រុក” ។ ក្នុងរជ្ជកាល ព្រះអង្គឌួងមានខេត្ដទាំងអស់ចំនួន ៥២ ដោយសារព្រះអង្គបានចែកខេត្ដធំៗអោយទៅជាតូចៗជាការងាយស្រួលដល់ការគ្រប់គ្រង ហើយចៅហ្វាយស្រុកដែលត្រួតខេត្ដនីមួយៗ សុទ្ធតែមានឋានន្ដរជាឧកញ៉ា និងបណ្ដាស័ក្ខិពី ៦ ហ៊ូពាន់រហូតដល់ ៩ ហ៊ូពាន់ តាមលំដាប់ខេត្ដតូចធំ។ នេះបានន័យថា ចៅហ្វាយស្រុកនីមួយៗមានសមត្ថកិច្ចត្រួតពេល ឬក្ដាប់កម្លាំងមនុស្ស ពី ៦ ទៅ ៩ ពាន់នាក់។

ទីពីរ ៖ នៅសម័យអង្គមរាស្ដ្រនិយម ដែលស្រុកខ្មែរយើងបានឯករាជ្យពេញលេញ រដ្ឋាភិបាលសម័យនោះបានប្ដូរពាក្យថា ឃុំ និងមេឃុំ ទៅជា សង្កាត់ និងចៅសង្កាត់ បានបញ្ជាក់ស្រាប់ ប្រហែលជាគេយល់ថា ពាក្យឃុំ និងមេឃុំ មិនសូវពិរោះស្ដាប់ ឬមានន័យថាជាការរំលោភជិះជាន់ មិនជាទីគាប់អធ្យាស្រ័យប្រជារាស្ដ្រ។ នៅសម័យសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ក៏នៅតែប្រើពាក្យ សង្កាត់ និងចៅសង្កាត់ ដដែល។

ទីបី ៖ ហេតុដូច្នេះ តើយើងគួររក្សាទុកពាក្យថា ឃុំ និង មេឃុំ អោយនៅដដែល ឬដូចម្ដេច? បើត្រូវប្ដូរ តើគួរប្ដូរជាអ្វី? បើប្ដូរជា សង្កាត់ ដូចសម័យសង្គមរាស្ដ្រនិយម និងសម័យសាធារណរដ្ឋខ្មែរ ពាក្យនេះអាចនឹងជាន់គ្នាជាមួយនឹង សង្កាត់ នៅតាមទីក្រុង។ ប៉ុន្ដែពីសម័យសង្គមរាស្ដ្រនិយម និងសាធារណរដ្ឋខ្មែរ គេប្រើពាក្យ សង្កាត់ ដូចគ្នាទាំងនៅតាមទីក្រុង និងតាមជនបទ។ បើមិនចង់ប្រើពាក្យជាន់គ្នាគួរប្រើពាក្យ “តំបន់” ជំនួសវិញឯអ្នកគ្រប់គ្រងតំបន់ ហៅថា ចៅតំបន់ ឬនាយតំបន់ ពីព្រោះ៖

ពីសម័យមុន មានភូមិមួយចំនួនស្ថិតនៅដាច់ស្រយាលពីគេ តែរដ្ឋាភិបាលមិនទាន់រៀបចំជា “ឃុំ” បានគេកំណត់តាំងប្រជុំភូមិនោះជា “តំបន់” ដោយមានមន្ដ្រីលេខាធិការស្រុក ឬមន្ដ្រីនគរបាលស្រុកជាអ្នកគ្រប់គ្រងហើយឡើងផ្ទាល់មកសាលាស្រុក ដូចជា ឃុំ ដែរ ដូចជា តំបន់អូររាំងឪ ស្រុកកោះសូទិន កំពង់ចាម និងតំបន់ត្រាំខ្នារ ស្រុកបាទី តាកែវ ជាដើម។ (វចនានុក្រមសម្ដេច ជួន ណាត)។[]

ឯកសារយោង

កែប្រែ
  1. ព្រឹត្ដិប័ត្រស្រាវជ្រាវរបស់ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ឆ្នាំទី ៦ លេខ ០៥៨ កក្កដា ឆ្នាំ ១៩៩៩