សំនៀងខ្សែដៀវ
ខ្សែដៀវផ្ទាត់ឮរន្ទឺឆ្លងភូមិ
ប្រលែងប្រលោមអន្ទងអារម្មណ៍
សំនៀងទឹកដមពិរោះរងំ
គ្រប់គ្នាសំងំស្តាប់សៀងខ្សែដៀវ។
ផ្លិកផ្លក់ភ្លិងភ្លង់អោយលង់ទ័យា
តន្ត្រីរមនាផ្ទាត់សារច្រៀងនាវ
ហាកចម្រៀងទុំស្មូត្រផ្ញើស្រីទាវ
សំនៀងខ្សែដៀវនាវចិត្តលង់ស្នេហ៍។
សព្ទសៀងស្រទន់សណ្តំកាមា
ពិរោះសោតាឧិរាល្ហើយល្ហែ
អនិច្ចាថ្ងៃថ្មីខេមរាយើងប្រែ
បោះខ្សែដៀវបែរឆក់ភ្លេងបរទេស។
ជាតិគេរក្សាអត្តសញ្ញាណ
ខ្មែរយើងវឹងថ្កានប្រាណលង់ទ្រនេស(១)
សម្បត្តិដូនតាអាត្មាបែរធ្វេស
តន្ត្រីបរទេសទើបមានតម្លៃ។
ខ្សែដៀវអាណិតធាតុពិតខេមរា
ធ្លាប់មានសក្តាអស្ចារ្យស្កឹមស្កៃ
ហេតុអីបុត្រខ្មែរបង្អាប់ស្មើដី
រួចផ្តល់តម្លៃបរទេសស្មើមេឃ?
ខ្សែដៀវនាវចិត្តអស់បុត្រខេមរា
ឧិ!បុត្រធិតាគប្បីត្រងត្រេក
រក្សាសម្បត្តិជាតិយើងល្អឯក
ទោះបរទេសប្លែក សូមកុំជាន់ខ្លួនឯង!!!
ពន្យល់ពាក្យ៖
លង់ទ្រនេស៖ លង់ + ទ្រនេស
ទ្រនេស មកពីពាក្យ ទ្រនេសធ្វំ ទ្រនំធ្វេស
លង់ទ្រនេស មានន័យថា ដេកលង់ក្នុងក្តីធ្វេសប្រហែស
អ្នកស្រី កែវ ច័ន្ទបូរណ៍