[] ស្ងាប ជាកិរិយា​បើក​មាត់​ធំ ហើយ​ដក​ដង្ហើម​វែង​បញ្ចេញ​ខ្យល់​មក​ឮ​សូរហូមៗ ។ ស្ងាប​នេះ​យើង​ពុំមែន​ក្លែង​ធ្វើ​ទេ គឺបណ្ដាល​មក​ពី​ការ​នឿយ​ហត់​អស់​កម្លាំង​ ហើយ​ងងុយ​ដេក​ក៏​មាន មក​ពី​អត់​ងងុយ​ក៏មាន ឬ ដល់​ពេលងងុយ​តាម​ធម្មជាតិ​ក៏​មាន​ ។ មាន​កាល​យើង​ងងុយ​ពេក​ ស្ងាប​ទៅ​ចេញ​ទឹកភ្នែក ទឹក​សម្បោរ​ផង​ក៏​មាន ។ ដំណើរហា​មាត់​ស្ងាប​ឲ្យ​អស់ចំហ​ជា​កិរិយា​មិន​ល្អ​មើល ថែម​ទាំង​បន្លឺនូវសូរ​ហូមៗទៀត ជាស័ព្ទមិនពីរោះស្ដាប់​សោះ ។ ហេតុ​នេះ​កាល​ណា​យើង​ស្ងាប​នៅ​ទី​ណា​ក៏ដោយ សូម្បី​តែនៅ​ម្នាក់​ឯង ក៏​គប្បី​យក​កូន​កន្សែង​ ឬ យក​ដៃ​ខ្ទប់​មាត់ដែល​ហា​នោះ​ជា​ដរាប ជាទម្លាប់ ដើម្បី​កុំ​ឲ្យ​ធ្លាប់​ភ្លេច​ខ្លួន​ទៅៗ ហាមាត់​នៅ​កណ្ដាល​ប្រជុំ​ជន ។ បើ​កាលណា​យើង​ដឹង​ខ្លួនថា​ ចង់​ស្ងាប​​ហើយ យើង​ត្រូវ​ប្រញាប់​រវៀសរវៃ​ប្រុង​ខ្លួន និង កុំ​ឲ្យឮ​ហូម និង​ យកដៃ ឬកូន​កន្សែង​ ខ្ទប់​មាត់​ ខ្ទប់​មុខ និង ជូត​មុខ ជូតភ្នែកឲ្យ​ស្អាត​វិញ​ដូច​ដើម ។

ឯកសារយោង

កែប្រែ
  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ