ស្នែង (ឧបករណ៍ភ្លេង)

ស្នែង​ ជា​ឧបករណ៍​ដែល​ធ្វើ​ដោយ​ស្នែងគោ ស្នែងក្របី ឬ​ស្នែង​ទន្សោង។ ឧបករណ៍​នេះ​មាន​ពីរ​ប្រភេទ​គឺ​ ប្រភេទ​ស្នែង​វែង​ឥត​អណ្តាត​ និង​ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត

ប្រភេទស្នែង

កែប្រែ

ប្រភេទ​ស្នែង​វែងៗ​ឥត​អណ្តាត​ ប្រើ​ប្រាស់​គ្មាន​បទ​បែប​ទេ មាន​តែ​សំនៀង​មួយ​បែប​សម្រាប់​​ជា​សញ្ញា មាន​សូរ​វែងៗ សូរ​ទូនៗ​ ប្រើ​រួមនឹង​ឧបករណ៍​សន្ធាប់​ដទៃ​ទៀត​ ក្នុង​ពេល​លើក​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​ម្តងៗ​កាល​ពី​សម័យ​បុរាណ។ ឧបករណ៍​ប្រភេទ​នេះ គេ​ផ្លុំ​ត្រង់​ខាង​ចុង​ស្នែង​ដែល​មាន​ប្រហោង​តូច​មួយ​ល្មម​ផ្លុំ។ ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត​ ប្រើ​ប្រាស់​មាន​បទ​បែប​តិច​តួច​ ហើយ​មិន​ដែល​យក​ទៅ​ប្រគំ​រួម​នឹង​ឧបករណ៍​ដទៃ​ទៀត​ឡើយ ច្រើន​ប្រើ​ទោល​តែ​ឯង។

ប្រវត្តិ

កែប្រែ

កាល​ពី​សម័យ​ដើម​ ឧបករណ៍​ស្នែង​នេះ​សម្បូរ​ហូរ​ហៀរ​ណាស់​នៅ​តាម​គ្រួសារ​នីមួយៗ ​ស្ទើរ​តែ​មនុស្ស​ពេញ​វ័យ​ក្នុង​​គ្រួសារ​មាន​ស្នែង​គ្រប់ៗ​គ្នា​ទាំង​ស្រី​ទាំង​ប្រុស​ចេះ​ប្រើ​ប្រាស់​វា​ក៏​គ្រប់ៗ​គ្នា​ដែរ។ នៅ​ពេល​ចេញ​ទៅ​ប្រកប​មុខ​របរ​រក​ស៊ី​តាម​​ដងព្រៃ​​ ម្នាក់ៗ​ចង​ព្យួរ​ឧបករណ៍​ស្នែង​នៅ​នឹង​ក​របស់​ខ្លួន​ គេ​ប្រើ​ប្រាស់​វា​សម្រាប់​ជា​សញ្ញា​គ្រប់​បែប​យ៉ាង​តាម​បទ​បែប​មាន​សញ្ញា​ហៅ​ប្រមូល​គ្នា​ សញ្ញា​មាន​គ្រោះ​អាសន្ន​ សញ្ញា​វង្វេង​ផ្លូវ​ ឬ​សញ្ញា​សួរ​រក​គ្នា​តាម​ព្រៃ​ក្បែរៗ​ខ្លួន និង​សញ្ញា​ផ្សេងៗ​ទៀត។

នៅ​តំបន់​ព្រៃ​ គេ​ច្រើន​ប្រើ​​ប្រាស់​សត្វ​ដំរី​ជំនួស​កម្លាំង​មនុស្ស។ គេ​ផ្លុំ​​ស្នែង​ហៅ​ដំរី​ដែល​គេ​បាន​ចិញ្ចឹម​យូរ​មក​ហើយៗ​គេ​លែង​​វា​ឱ្យ​រក​ស៊ី​នៅ​ព្រៃ​ក្បែរៗ​គេ​នោះ។ នៅ​ពេល​ឮ​ម្ចាស់​ផ្លុំ​ស្នែង​ហៅ សត្វ​ដំរី​ត្រូវ​តែ​រត់​ទៅ​រក​កន្លែង​ផ្លុំ​តាម​ការ​ចំណាំ​បទ​រៀងៗ​ខ្លួន​របស់​ម្ចាស់​វា។ ជួន​កាល ពួក​ហ្មដំរី​ត្រូវ​ផ្លុំ​ស្នែង​នៅ​ពេល​ដែល​ដំរី​ផង​ខ្លួន​ចុះ​ប្រេង​ គេ​ផ្លុំ​ដើម្បី​លួង​លោម​បន្ទន់​ចិត្ត​ដំរី​ឱ្យ​វា​នឹក​ស្រណោះ​ស្រណោក​ឈរ​ស្រក់​ទឹក​ភ្នែក​ បណ្តោយ​ខ្លួន​ឱ្យ​ម្ចាស់​ចាប់​ដាក់​ទន្លីង​បាន​យ៉ាង​ស្រួល។ ជួន​កាល​គេ​ផ្លុំ​ស្នែង​៣​បទ​ក្នុង​ពិធី​បរ​ដំរី​បញ្ជាន់​ភូមិ​​៣​ជុំ​ដោយ​ឱ្យ​ដំរី​ស្រូប​ទឹក​ពី​ក្នុង​ពាង​ទៅ​ព្រួស​ពេញ​ភូមិ​ដើម្បី​សុំ​សេចក្តី​សុខ​សប្បាយ​ត្រជាក់​ត្រជុំ ។ ក្រៅ​ពី​នេះ​គេ​ប្រើ​ផ្លុំ​នៅ​ពេល​ប្រគំ​បញ្ចូល​ខ្មោច​អារក្ស​ក្នុង​ពិធី​លៀង​អារក្ស​ម្តងៗ​ដែរ ។

របៀបធ្វើ

កែប្រែ

រូប​រាង​ស្នែង​មាន​ធំ​ មាន​តូច មាន​វែង មាន​ខ្លី មិន​ប៉ុន​គ្នា​ទេ។ អណ្តាត​ធ្វើ​អំពី​បន្ទះ​ខ្នង​ឫស្សី​តូច​ស្តើង  មាន​រាង​បួន​ជ្រុង​ទ្រវែង​ដាក់​នៅ​ចំ​កណ្តាល​តួ​ស្នែង​បិទ​ភ្ជាប់​ទៅ​នឹង​ស្នែង​ដោយ​ក្រមួន​ឃ្មុំ ឬ​ជ័រ​សត្វ​ម្រោម ។ អណ្តាត​បែប​នេះ​គេ​អាច​ផ្លុំ ឬ​បឺត​មាន​សំនៀង​​ល្អ​ដូច​គ្នា។ ក្នុង​ពេល​ផ្លុំ​ម្តងៗ​ គេ​ប្រើ​ប្រាស់​ប្រអប់​ដៃ​ស្តាំ​បិទ​បើក​ខាង​ប្រហោង​ធំ​ទៅ​តាម​កម្រិត​សំនៀង​ដែល​គេ​ចង់​បាន។ គេ​ប្រើ​ចង្អុល​ដៃ​ខាង​ឆ្វេង​បិទ​បើក​រន្ធ​តូច​ខាង​ចុង​ដើម្បី​កម្រិត​សំនៀង​ដែល​គេ​ចង់​បាន​ដែរ ។

បច្ចុប្បន្ន

កែប្រែ

បច្ចុប្បន្ន​ឧបករណ៍​ស្នែង​នេះ​គ្មាន​ទេ​តាម​គ្រួសារ​នីមួយៗ ប៉ុន្តែ​​មាន​តិច​តួច​បំផុត​ចំពោះ​អ្នក​ចិញ្ចឹម​ដំរី​ ឬ​គ្រួសារ​ដែល​រស់​នៅ​តាម​តំបន់​ព្រៃ​ភ្នំ។ តាម​ប្រសាសន៍​របស់​លោក​តា​ ស៊ុំ សុខ ក្នុង​ឆ្នាំ​១៩៦៥ គាត់​មាន​អាយុ​៦២​ឆ្នាំ​ជា​ហ្ម​ដំរី​ជើង​ចាស់​ម្នាក់​នៅ​តំបន់​អង្គរវត្ត មាន​ស្នែង​ផ្ទាល់​ខ្លួន​មួយ​ជា​កេរមរតក​៣​តំណ​រួច​មក​ហើយ។ គាត់​មាន​​ប្រសាសន៍​ថា «ជីតា​ទួត​របស់​គាត់​បាន​ប្រាប់​គាត់​ថា ស្នែង​ខ្លីៗ​មាន​អណ្តាត​បែប​​នេះ​មាន​អាយុ​ច្រើន​សតវត្ស​ណាស់​មក​ហើយ​មិន​មែន​មាន​ត្រឹម​សតវត្ស​ដែល​គេ​ឆ្លាក់​វា​នៅ​លើ​ជញ្ជាំង​ប្រាសាទ​អង្គរ​នោះ​ទេ។ ពី​ដើម​គេ​ប្រើ​ស្នែង​វែងៗ​គ្មាន​អណ្តាត​សម្រាប់​កិច្ចការ​កង​ទ័ព​ ប៉ុន្តែ​ស្នែង​ខ្លីៗ​មាន​អណ្តាត​ដូច​នេះ​គេ​ប្រើ​សម្រាប់​កិច្ច​ការ​ផ្សេងៗ​ទៅ​វិញ»៕

ឯកសារយោង

កែប្រែ

ឈូកខ្មែរ