ស្រដីអោយមានបួន
ពាក្យចាស់បានចារចែងវិន័យ
ពេលណាស្រដីអោយមានបួន
មានន័យម្តេចម្តាតាមច្បាប់ក្បួន
សម្រាយសមសួនជូនសិក្សា។
ទីមួយស្រដីន័យល្អក្តាត់
ការពារវិបត្តិមុនមោហា
ណែនាំគំនិតផ្តិតតម្រា
ចែកញាតិការសិក្សាសព្វ។
ពីរគឺពោលស្តីតែពាក្យល្អ
ស្រាយភាពកករដ៏ឧបទ្រព
បញ្ហាធ្លាប់មានសម្រាលគ្រប់
ដោយភាពប្រសព្វនៃគំនិត។
បីគឺស្រដីនាំមង្គល
សាយភាពនិមលយ៉ាងសុក្រិត
ញាតិផៅបានស្តាប់ស្ងប់ក្នុងចិត្ត
សង្គមជីវិតពិតរមនា។
បួនគឺពោលស្តីអោយក្រវើន
នាំនូវចម្រើនថ្កើងសោភា
រំសាយប្រទុស្តពីទ័យា
ជីវិតរមនារុងរឿងអើយ។
អ្នកស្រី កែវ ច័ន្ទបូរណ៍