ស្រះស្រង់
ស្រះស្រង់ | |
---|---|
ឈ្មោះ: | ស្រះស្រង់ |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៧ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១២ |
ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថបាយ័ន |
ទីតាំង: | ខេត្តសៀមរាប |
ប្រវត្តិស្រះស្រង់
កែប្រែស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានរានហាលដ៏ស្រស់ស្អាត សាងសង់ឡើងអំពីថ្មភក់ និងថ្មបាយក្រៀម ដោយមានរាងកាកបាទ មានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវផងដែរ។ស្រះនេះសាងសង់ ដោយមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។ ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម ឬជាទីសក្ការៈដូចជាកសិណអង្គរ ឬបារាយណ៍ជាដើមនោះទេគឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។ បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំងពេលដែលមានទឹករាក់គេធ្លាប់ឃើញតែភាពស្រស់ស្អាតនៃស្រះស្រង់ ដោយសារមានទឹកគ្រប់រដូវកាល រហូតទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់។ ក៏ប៉ុន្តែ កាលពីរដូវប្រាំងឆ្នាំ២០១៥កន្លងទៅនេះ ស្រះស្រង់បានជួបប្រទះនូវបញ្ហារីងស្ងួតស្ទើរទាំងស្រុង។ នៅឆ្នាំ២០១៦នេះ ដោយយមានការបារម្ភថា ស្រះស្រង់អាចនឹងប្រឈមបញ្ហារីងស្ងួតដូចឆ្នាំមុនទៀត អាជ្ញាធរជាតិអប្សរាអះអាងថា បានត្រៀមខ្លួនរួចរាល់សម្រាប់ជួយសង្គ្រោះស្រះស្រង់នេះ។ ការត្រៀមខ្លួននេះ គឺតាមរយៈការស្តារប្រឡាយដែលមានប្រវែង៧គម ដើម្បីបង្ហូរទឹកពីទំនប់តានៀវមកបញ្ចូលក្នុងស្រះស្រង់[១]។
ការបោសសម្អាត ជួសជុល និងការធ្វើកំណាយ
កែប្រែស្រះស្រង់ត្រូវបានរៀបចំសម្អាតដោយក្រុមការងាររបស់លោក ហង់រី ម៉ាហ្សាល់ នៅឆ្នាំ១៩២០ និងជួសជុលឡើងវិញដោយក្រុមការងាររបស់លោក B.P Groslier នៅចន្លោះឆ្នាំ១៩៦៣-១៩៦៥។ សកម្មភាពកំណាយបានវិវត្តន៍ជាបន្តបន្ទាប់ មានប្រវែង១៦០០ម៉ែត្រការ៉េមានជម្រៅជាមធ្យមពី២ទៅ២.៥ម៉ែត្រ។ នៅក្នុងការធ្វើកំណាយមួយនាឆ្នាំ១៩៦៣ គេប្រទះឃើញថូមួយចំនួនមានផ្ទុកនូវអិដ្ឋិធាតុទាំងឡាយដែលគេដែលគេបានបូជារួចកប់នៅក្នុងដីនៅក្នុងតំបន់ស្រះស្រង់ដែលត្រូវបានគេយល់ឃើញថាគឺជាផ្នូរ។ គេរកឃើញបណ្តុំនៃក្រឡនិងគំនរព្រះបដិមាព្រះពុទ្ធជាមួយនិងវត្ថុសិល្បៈផ្សេងៗ ជាច្រើនទៀត ដែលធ្វើអំពីសំរិទ្ធមានជាអាទិ៍ ពុម្ពបដិមាមានចំនួន១ ដែលស្ថិតនៅក្នុងសតវត្សទី១២ រហូតដល់សតវត្សទី១៥នៃគ.ស ភស្តុតាងកំណាយបានបង្ហាញថាមានច្រើនជាង២០០រណ្តៅសាកសពជាមួយវត្ថុធ្វើអំពីសំរិទ្ធចំនួន៣០០ ព្រមទាំងមានកុលាភាជន៍ជាង ១០០០នៅទីនោះផងដែរ។ នៅជុំវិញរណ្តៅសាកសពគេក៏ប្រទះឃើញមានវត្ថុតូចៗមួយចំនួនទៀត ដែលគេយកមកបញ្ចុះជាមួយសាកសពមានដូចជា បន្ទះដីឥដ្ឋសម្រាប់បួងសួង ពុម្ពព្រះបដិមាធ្វើអំពីដីដុត កញ្ចក់ធ្វើអំពីសំរិទ្ធ គ្រឿងសព្វាវុធធ្វើអំពីដែក និងដុំស្មិត និងសំណរជាដើម។
សំណង់ស្ថាបត្យកម្ម និងការតុបតែងលំអ
កែប្រែស្រះស្រង់ត្រូវបានកសាងឡើងដោយមានកាំជណ្តើរព័ទ្ធជុំវិញ ហើយមានព្រះពន្លាកិត្តិយសខ្ពស់មួយសាងអំពីថ្មបាយក្រៀមលាយជាមួយថ្មភក់។ ព្រះពន្លានេះធ្លាប់មានប្រក់ដំបូលធ្វើអំពីឈើ ប្រហែលជាទីដែលព្រះមហាក្សត្រគង់ប្រថាប់ជួបជុំជាមួយមន្ត្រី។ នៅលើព្រះពន្លាក្បែរមាត់ទឹកមានចម្លាក់សត្វតោ និងបង្កាន់ដៃនាគ ដែលនៅផ្នែកនៃក្បាលនាគមានរូបបក្សីគ្រុឌត្រដាងស្លាបនៅចន្លោះក្បាលនាគទាំងពីរ។
តួនាទីរបស់ស្រះស្រង់
កែប្រែមានមតិមួយតំណាលថា ព្រះបាទជ័យវម្ម៌ទី៧ បានកសាងបន្ថែមនៅទីកន្លែងចាស់នៃស្រះស្រង់នេះ។ មានគោលបំណងពីរសំខាន់ៗ៖
- គឺបម្រើជាប្រព័ន្ធធារាស្រ្តដែលអ្នកស្រុករស់នៅជុំវិញបរិវេណស្រះស្រង់អាចយកទឹកមកផ្គត់ផ្គង់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងផ្គត់ផ្គង់លើដីស្រែសម្ការ។
- ព្រះអង្គបានកសាងប្រាង្គមួយនៅចំកណ្តាលស្រះសម្រាប់គង់សមាធិ ប៉ុន្តែប្រាង្គនោះនៅសេសសល់តែខឿនប៉ុណ្តោះ។
ឯកសារយោង
កែប្រែ- ↑ គេហទំព័រ Wiki Komnert ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨