ជីវិតខ្ញុំ
លោក ហួរ ម៉េតគ្រូភាសាបាលីដែលមិនចេះនឿយណាយ
ជាមួយនឹងអាវពណ៌សដៃខ្លីស៊កចូលក្នុងខោបារាំងរំលេចដោយក្បាលខ្សែក្រវ៉ាត់រាងបួនជ្រុង និង សំពៀតពណ៌ខ្មៅគៀបនៅក្លៀក ព្រមទាំងវ៉ែនតាកញ្ចក់ពណ៌សរាងស្រអាប់បន្តិច លោក ហួរ ម៉េត មើល ទៅដូចជាយុវជនច្រើនជាងវ័យចំណាស់របស់គាត់ ។ បើយោងលើរូបរាងនិងដំណើរដែលបោះជំហាន មួយៗ គេពិបាកសន្និដ្ឋានថា លោកជាមនុស្សប្រភេទណាណាស់។ មនុស្សជាច្រើនដែលមិនស្គាល់លោក តែងតែគិតថា លោកគ្រាន់តែជាមនុស្សធម្មតាតែប៉ុណ្ណោះ។ តាមពិតវាមិនមែនដូច្នោះទេ បើយើងបាន សន្ទនាដោយផ្ទាល់ជាមួយលោក។លោកគឺជាអាចារ្យនិងជាគ្រូអាជីពដ៏ចំណានម្នាក់ខាងផ្នែកភាសាបាលី។
លោក ហួរ ម៉េតបានមានប្រសាសន៏ថា៖ “ខ្ញុំបានបង្រៀនភាសាបាលីអស់រយៈពេលយូរណាស់មកហើយ”។ 
ទោះបីទោះបីប្រកបមុខរបរនេះអស់រយៈពេល ៣៨ឆ្នាំក្តីក៏លោក ហួរ ម៉េតបានបញ្ជាក់ថាលោកមិនធុញ ទ្រាន់ហើយក៏មិនបញ្ឈប់វាត្រឹមនេះឡើយ។ លោក បានបញ្ជាក់ថា៖ “ខ្ញុំនឹងបង្រៀនភាសាបាលីនេះអស់ មួយជីវិត បើភ្នែកខ្ញុំមិនងងឹតទេនោះ”។ បុរសសម្បុរសអាយុ ៦២ឆ្នាំរូបនេះបានមានប្រសាសន៏ថា លោក មានការសប្បាយរីករាយក្នុងការបង្រៀនភាសាបាលីដល់ព្រះសង្ឃ បើទោះជាលោកមិនបានទទួល ប្រាក់ខែអស់ពេលជាយូរឆ្នាំមកហើយក៏ដោយ។ “ការតស៊ូរបស់ខ្ញុំគឺជាជោគជ័យមួយ ប៉ុន្តែជោគជ័យនេះគឺ សម្រាប់ប្រជាជន និងព្រះពុទ្ធសាសនាមិនមែនសម្រាប់ខ្ញុំទេ”។ នេះជាការអះអាងប្រកបដោយមោទនភាព របស់លោក ហួរ ម៉េត។ គ្រូភាសាបាលីម្នាក់នេះត្រូវបានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តកំពង់ចាម ចាត់ទុកថា ជាមនុស្សលេខ១ ក្នុងចំណោមមនុស្ស ៤នាក់ដែលកំពុងបង្រៀនភាសាបាលីនៅសាលាពុទ្ធិក វិទ្យាល័យសម្តេច ជួន ណាត ក្នុងវត្តបឹងកុក ស្រុកកំពង់ចាម ខេត្តកំពង់ចាមសព្វថ្ងៃ។ វោហាស័ព្ទ ហើយ និងបច្ចេកទេសក្នុងការបង្រៀនរបស់លោកដែលមានលក្ខណៈច្បាស់ហើយប្រាដកប្រជាធ្វើឲ្យសាមណៈ សិស្សដែលរៀនជាមួយលោកងាយចាំ និងឆាប់ចេះ។ លោកបានគូសបញ្ជាក់ថា៖ “វាមិនមែនជាការងាយ ស្រួលទេដើម្បីឲ្យសាមណសិស្សយល់បានពីគ្រឹះជាមូលដ្ឋានរបស់ភាសាបាលីនោះ ប៉ុន្តែការស្រាវជ្រាវ និង បទពិសោធន៏យូរឆ្នាំបានបំបែកបញ្ហាលំបាកៗទាំងនោះ ដោយខ្ញុំបានបំបែកពាក្យស្មុគស្មាញ ហើយផ្តល់ នូវភាពងាយចាំឲ្យសិស្ស”។ 
កើតក្នុងគ្រួសារកសិករមួយដែលមានជីវភាពមធ្យមនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក ហួរ ម៉េត មានបងប្អូនបង្កើតទាំងអស់ចំនួន ៥នាក់ក្នុងនោះលោកគឺជាកូនទី៤ ។ ពេលមានអាយុ៨ ឆ្នាំលោកត្រូវបានឪពុកម្តាយបញ្ជួនឲ្យចូលរៀននៅសាលាក្នុងវត្តខែលជ័យដែលស្ថិតនៅក្នុងភូមិកំណើត ។ លុះបានអាយុ ១២ឆ្នាំលោកបានបួសជាសាមណេ។ ពីឆ្នាំ ១៩៦៦ ដល់១៩៧០ លោក ហួរ ម៉េត ធ្វើជាគ្រូ បង្រៀនភាសាបាលីដល់ព្រះសង្ឃនៅសាលាពុទ្ធិកបឋមសិក្សាស្ថិតក្នុងវត្តខែលជ័យ។ នៅទសវត្សទី៧០ 
គឺជាពេលដែលប្រទេសមានសង្រ្គាម លោកបានភៀសខ្លួនមកពួនសំងំក្នុងវត្តដីដុះក្នុងទីរួមខេត្តកំពង់ចាម។ ក្រោយមកក៏ត្រូវបានទាហាខ្មែរក្រហមជំលៀសទៅតំបន់២២ ដែលស្ថិតនៅក្នុងស្រុកអូរាំងឪុ។ លុះដល់ឆ្នាំ ១៩៧៥ លោកត្រូវបានគេផ្សឹកឲ្យលាចាកសិក្ខាបទ រួចបង្ខំឲ្យទៅរស់នៅក្នុងសហករណ៏ ដោយទទួលមុខ ងារជាអ្នកធ្វើទ្រុងមាន់ និងក្រោយមកនិងក្រោយមកលោកត្រូវរបបខ្មែរក្រហមបង្ខំឲ្យរៀបការ។ បច្ចុប្បន្ន លោកមានកូនចំនួន ៣នាក់។ ក្រោយពីរបបខ្មែរក្រហមដួលរំលំទៅ លោក ហួរ ម៉េត បានទៅរស់នៅស្រុក ត្បូងឃ្មុំ ដោយធ្វើជាជាងកង់ដើម្បីប្តូរយកអង្ករហូប។  ក្រោយមកអ្នកស្រុកដែលស្គាល់លោក ហួរ ម៉េត កាលពីពេលមុនបានអញ្ជើញលោក ឲ្យធ្វើធម្មធិកទេសនា ហើយដោយសារតែការទេសនានេះហើយទើប ធ្វើឲ្យលោកមានកេរ្តិ៏ឈ្មោះល្បីរន្ទឺឡើងចាប់ពីខេត្តកំពង់ចាមរហូតធ្លាយដល់ខេត្តកណ្តាល។ 
ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំក្នុងការបម្រើវិស័យព្រះពុទ្ធសាសនា លោក ហួរ ម៉េត ក៏បានក្លាយ ទៅជាគ្រូបឋម និងមធ្យមទទួលបន្ទុកផ្នែកសាសនាពុទ្ធវិន័យ និងបាលីនៅពុទ្ធិកវិទ្យាល័យ សម្តេច 
ជួន ណាត  ។ 
ក្នុងរយៈពេលបង្រៀនចាប់ពីឆ្នាំ១៩៩៧ មកលោក ហួរ ម៉េត មិនដែលទទួលបានប្រាក់បៀវត្សទេ ។
លោក បានមានប្រសាសន៏ថា៖ “ ខ្ញុំមិននឹកស្មានថា ពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិកើតនៅខេត្ត កំពង់ចាមទេ។ ខ្ញុំពុំធ្លាប់ឃើញទេតាំងពីកើតដឹងក្តីមក។ ខ្ញុំអរណាស់ ដូច្នោះហើយទើបខ្ញុំខំប្រឹងតស៊ូបណ្តុះ បណ្តាលសិស្ស “ ។ ដោយសារសណ្តានចិត្តពិតៗក្នុងការបង្រៀន ភាសាបាលី លោកធ្លាប់ប្រាប់សិស្ស និងមិត្តភក្តិថាបើគ្មានឆន្ទៈនោះ លោកមិនអាចជិះម៉ូតូពីខែលជ័យក្នុងចម្ងាយ ១៥គីឡូម៉ែត្រមកបង្រៀន នៅកំពង់ចាមបានទេ។ 
សព្វថ្ងៃមានព្រះសង្ឃចំនួនជាង៣០០អង្គកំពុងទទួលការបណ្តុះបណ្តាលផ្នែកភាសាបាលីពីលោក  ហួរ ម៉េត ។ បើទោះណាលោកបានបង្រៀនព្រះសង្ឃជាច្រើនអង្គក្តីក៏លោកមិនមានមោទនភាពថា លោក ជាគ្រូឯកផ្នែកភាសាបាលីដែរ។ លោកបានមានប្រសាសន៏ថា៖ “ ខ្ញុំមិនមែនអ្នកពូកែជាងគេទេ ប៉ុន្តែគ្រាន់ តែអាចបង្រៀនបានប៉ុណ្ណោះ “ ។ 
ភាសាបាលីដែលគេអាចដឹងថាមានប្រភពមកពីប្រទេសស្រីលង្កាបានហូរចូលមកប្រទេសខ្មែរនៅ ក្នុងសតវត្សទី ១៣ ក្នុងសម័យព្រះបាទជ័យវរ័្មនទី៧ ។ បច្ចុប្បន្នភាសានេះត្រូវបានគេឃើញប្រើស្ទើរ ៥០% ក្នុងភាសាខ្មែរ ជាពិសេសក្នុងវិស័យព្រះពុទ្ធសាសនានេះតែម្តង ។ មានប្រជាជនខ្មែរតិចណាស់ដែលចេះ ចាំភាសាបាលីនេះ។ 
លោក ហួរ ម៉េត បានមានប្រសាសន៏ថា៖ “ ខ្ញុំដឹងថាមានអ្នកចេះភាសានេះតិចណាស់សព្វថ្ងៃ។ នេះគឺជាអ្វីដែលខ្ញុំមានបំណងបង្រៀន និងបណ្តុះបណ្តាលអស់មួយជីវិតនោះ “ ។ កាលពីនៅវ័យក្មេង លោក ហួរ ម៉េត បានរៀនចេះចាំភាសាបាលីជាលើកដំបូងពីព្រះសង្ឃព្រះនាម សោម ម៉ឹង ដែលគង់នៅ 
ទឹកដីកម្ពុជាក្រោម ។ ក្រោយមកលោកបានរៀនបន្ត និងពង្រីកការចេះដឹងនេះឲ្យឈានឡើងដល់កម្រិត មួយដែលអាចធ្វើជាគ្រូ។ លោក ហួរ ម៉េត បានមានប្រសាសន៏ថា៖ “ ខ្ញុំពេញចិត្តពេញថ្លើម នឹងភាសាបាលី យ៉ាងខ្លាំង ដូច្នោះហើយទើបខ្ញុំចង់ឲ្យគ្រប់គ្នាពេញចិត្តពេញថ្លើមដូចខ្ញុំដែរ “ ៕
ថ្ងៃចន្ទទី១៩ ខែកក្កដា-ថ្ងៃអាទិត្យ ទី០១សីហា ឆ្នាំ ២០០៤ សំណេរថ្មី

ជុន សុផល