លោក​​ហ៊ែល ស៊ុំផារ
ឈ្មោះ​ពេញហ៊ែល ស៊ុំផារ
ថ្ងៃ​ខែ​ឆ្នាំ​កំណើតថ្ងៃ​ទី២៣ ខែមេសា ឆ្នាំ​១៩២១
ទី​កន្លែង​កំណើតសង្កាត់​ផ្សារក្រោម ស្រុកបាកាន ខេត្តពោធិ៍សាត់
បិតា​នាមម៉ូវ ហ៊ែល
មាតា​នាមស៊ឹង លិញ
ការ​ងារមន្រ្តីតុលាការ
ស្នាដៃប្រលោមលោក អត្ថបទកាព្យ

ជីវប្រវត្តិ

កែប្រែ

លោកហ៊ែល ស៊ុំផារកើតនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩២១ (១៩២២??) នៅសង្កាត់​ផ្សារក្រោម ស្រុក​បាកាន ខេត្ត​ពោធិសាត់។ លោក​ជា​បុត្រ​ទី៣ របស់​លេខាធិការ​ម៉ូវ ហ៊ែល និងនាង​ស៊ឹង លិញ។ កាលពី​កុមារ​ លោកបាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​កំពង់ស្ពឺ ​ក្នុង​ឆ្នាំ១៩៣១ បន្ទាប់​មក​ នៅសាលាបឋមសិក្សា​កំពង់ចាម ក្នុងឆ្នាំ១៩៣២ ជា​ទី​ដែល​លោក​ត្រូវ​ផ្លាស់​ពី​កំពង់ស្ពឺ​មក។ ឆ្នាំ១៩៣៣ ឪពុក​លោក​ទទួល​មរណភាព​ ពេលនោះ លោកក៏​ត្រលប់​មក​ភ្នំពេញវិញ រួចចូល​រៀន​នៅសាលាបឋមសិក្សាហ្រ្វង់ស្វាបូដ្វាំង ដោយ​មាន​ការ​ឧបត្ថម្ភ​ពីឪពុកមាររបស់​លោក​ផង។ លោក​ប្រលង​ជាប់​ប្រកាសនីយប័ត្រ«២» ហើយ​ចូលរៀន​ក្នុង​សាលា​រដ្ឋបាល​នៃ​ប្រទេសកម្ពុជា​ ផ្នែកតុលាការ​ ដែលមានមធ្យមភាគ១៣,០០ និង​ចំណាត់ថ្នាក់«៣» ១៧ក្រោម២០។

ប្រវត្តិការងារ

កែប្រែ

លោកត្រូវបាន​តែងតាំង​ជា​សមុហបញ្ជី​ថ្នាក់លេខ២ បំរុងរាជការនៅសាលាដំបូង​កំពង់ធំ នៅថ្ងៃទី១៥ មិនា ‍​‌«ប្រកាស​របស់ទីស្តីការ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លេខ៧២ ចុះ​ថ្ងៃទី​១៥ មិនា ១៩៤៣» ហើយនៅថ្ងៃទី៣០ តុលា ១៩៤៤ លោក​ត្រូវ​បាន​តែងតាំង​ស៊ុប​ក្នុង​តំណែង​«ទីស្តីការ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចុះថ្ងៃទី​ ២៧ កញ្ញា១៩៧១» នៅថ្ងៃទី១១ កញ្ញា ១៩៤៥ លោកបាន​ទទួល​ឋានន្តរសក្តិ​ជា​មន្ត្រី​បំរុង​រាជការ​ កាន់​មុខងារ​ជាសុភាចារបុរស(សភា??)នៅ​សាលា​ដំបូង​សៀមរាប​ដែល​ជា​មុខតំណែង​ថ្មី​ជំនួស​លោកចៅក្រម នូ ហាច ដែលត្រូវផ្លាស់​មកភ្នំពេញវិញ« ប្រកាសលេខ ១២៧៥ ចុះថ្ងៃទី១១ កញ្ញា ១៩៤៥ ក្រសួង​យុត្តិធម៌»។ ថ្ងៃទី០៤ វិច្ឆិកា ១៩៤២ លោកបាន​​រៀបអាពាហ៍ពិពាហ៍​ជាមួយ​នាង តាន់ គីវកូរ​ ហៅកឡា នៅក្រុងសៀមរាប« សំបុត្រអាពិពាហ៍ពិពាហ៍លេខ៥២ សៀមរាប»។ ថ្ងៃទី១១ កញ្ញា ១៩៤៧ លោកត្រូវបានតែងតាំងស៊ប់​ក្នុង​តំណែង​ជាចៅក្រមថ្នាក់លេខ៤ រួចផ្លាស់មកភ្នំពេញវិញដែលមាន​មុខងារ​ជា​អគ្គ​ព្រះរាជអជ្ញារងអមសាលាឧទ្ធរណ៍។ ថ្ងៃទី៤​ កក្កដា ១៩៥០ ឡើងឋាន្តរសក្តិចៅក្រមថ្នាក់លេខ៣។ ថ្ងៃទី ៩ វិចិ្ឆកា ១៩៥១ រាជការផ្លាស់លោកឲទៅ​ធ្វើការ​នៅខេត្តកំពង់ចាម ដោយ​មាន​ងារ​ជាសុភាចារបុរសរហូតដល់​ឆ្នាំ១៩៥៥ ទើបត្រលប់​មក​ភ្នំពេញវិញ«កម្ពុជសុរិយា លេខ៤ ខែមេសា ១៩៦៨ ទំព័រ ៤៣៥»។ គឺក្នុងរយៈពេលនេះដែលអ្នកនិពន្ធចាប់ផ្តើមសរសេរជាបន្តបន្ទាប់នូវរឿង ចោរបិទមុខ ចោរលួចប្រាក់ ប៉ូលនិងវីរហ៊្សីនី ក្នុងមុខតំណែងជាព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ភ្នំពេញ លោកបានទទួលឋានន្តរសក្តិជាចៅក្រមថ្នាក់លេខ១នៅថ្ងៃទី១០ មេសា ១៩៥៥។ នៅក្នុងឆ្នាំដដែលនេះ លោកបានឡើង​ឋានន្តរសក្តិមួយទៀត ជាចាងហ្វាងសាលាដំបូងថ្នាក់លេខ៣«ក្រមលេខ២៤ អិន.អេស ចុះថ្ងៃ១១ មេសា ១៩៤៥»។ ថ្ងៃទី១៣ មេសា ១៩៥៨ លោក​ត្រូវ​បាន​ឡើង​ជា​ចាងហ្វាង​សាលាដំបូង​ថ្នាក់លេខ២​«ក្រិត្យលេខ៤៤៥ អិន.អេស ចុះថ្ងៃទី១៤ កក្កដា ១៩៥៨»។ ឆ្នាំ១៩៥៩-១៩៦០ សម្តេច​ព្រះនរោត្តម សីហនុ​បាន​ឲ្យ​តំណែង​លោក​ជា​និពន្ធនាយករង​នៃ​សារព័ត៌មាន​អ្នកជាតិនិយម​«កម្ពុជសុរិយាលេខ៤ ខែមេសា ១៩៦៨ ទំព័រ៤៣៥-៤៣៦»។ ថ្ងៃទី១២ ធ្នូ ១៩៦០ លោក​បាន​ឡើង​ឋានន្តរសក្តិ​ជា​ចាងហ្វាង​សាលាដំបូង​ថ្នាក់លេខ១​«ក្រិត្យលេខ៥៩០ សេ.អឺ ចុះថ្ងៃទី១២ ធ្នូ ១៩៦០»។ ថ្ងៃទី២០ មិថុនា ១៩៦២ លោកបានជាប់ឆ្នោតជាតំណាងរាស្ត្រនៃសង្គមរាស្ត្រនិយមប្រចាំមណ្ឌលជីក្រែង ក្នុងស្រុកសូត្រនិគម និងជីក្រែង ខេត្តសៀមរាប«ក្រិត្យលេខ ២២៦ សេ.អឺ ចុះថ្ងៃទី២០ ឧសភា ១៩៦២»។ ថ្ងៃទី២០ មិថុនា ១៩៦៣ លោកបានទទួលឋានន្តរសក្តិជាចាងហ្វាងសាលាដំបូងថ្នាក់ផុតលេខ«ក្រិត្យលេខ៧១២ សេ.អឺ ចុះថ្ងៃទី៤ ធ្នូ ១៩៦៥»។ ថ្ងៃទី៤ ធ្នូ ១៩៦៥ លោកបានឡើងជាទីប្រឹក្សាអមសាលាវិនិច្ឆ័យថ្នាក់លេខ៣។ ថ្ងៃទី៦ សីហា ១៩៦៦ លោក​បាន​ចូល​ជា​សមាជិក​នៃ​រាជរដ្ឋាភិបាល​ដែល​មាន​មុខ​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​និង​ការងារ​អស់​រយៈពេល​២ខែ។ ថ្ងៃទី១០ តុលា ឆ្នាំ១៩៦៨ លោកបានឡើងជាទីប្រឹក្សាអមសាលាវិនិច្ឆ័យថ្នាក់លេខ២ ផ្នែកក្រុមវិវាទ«ក្រិត្យលេខ៤៧៩ សេ.អឺ ចុះថ្ងៃ១០ តុលា ១៩៦៨»។ ថ្ងៃទី៣ កញ្ញា ១៩៧០ លោក​បាន​ឡើង​ឋានន្តរសក្តិ​ជា​ទីប្រឹក្សា​អម​សាលាវិនិច្ឆ័យ​ថ្នាក់លេខ១ «ក្រិត្យលេខ៤០៥ សេ.អឺ ចុះថ្ងៃ៣ ធ្នូ ១៩៧០» និងនៅថ្ងៃទី ២៩ សីហា ឆ្នាំដដែល លោក​ត្រូវ​បាន​ចូល​ក្នុង​ក្របខណ្ឌ​ថ្មី​ជា​ឧត្តមចៅក្រម​ថ្នាក់លេខ១«ក្រិត្យលេខ៤៨៦ សេ.អឺ ចុះថ្ងៃទី២៩ សីហា ១៩៧០»។

សកម្មភាពផ្សេងៗ

កែប្រែ

ក្រៅពី មុខងារជាមន្ត្រីរដ្ឋបាលផ្នែកតុលាការ លោកបានធ្វើសកម្មភាពផ្សេងៗទៀតជាច្រើនក្នុងក្របខណ្ឌនៃការលើកស្ទួយអក្សរសាស្ត្រ និងវប្បធម៌ជាតិដូចជា៖ នៅឆ្នាំ១៩៥៧ រហូតមកដល់ឆ្នាំ ១៩៦៤ លោកបានធ្វើជាប្រធានសមាគមអ្នកនិពន្ធខ្មែរ បានធ្វើជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យច្បាប់ បានចូលជាសមាជិកគណៈកម្មការវប្បធម៌ផ្នែកអក្សរ«ក» ធ្លាប់បានចូលរួមក្នុងចលនាយុវជននៃកងយុវជនឥណ្ឌូចិន និងចលនាយុវជនរាជសង្គមនិយមខ្មែរ។ នៅឆ្នាំ១៩៦៧ លោកជាវាគ្មិនដ៏សំខាន់ក្នុងសមាជជាតិ ដោយលោកបានស្នើរបៀបវារៈមួយដោយសុំឲ្យខ្មែរទូទាំងប្រទេសប្រើភាសាខ្មែរជាផ្លូវការ និងសុំឲ្យបង្កើតខេមរយានកម្មសិក្សា។ នៅឆ្នាំ១៩៧១ លោកបានចូលជាសមាជិកគណៈកម្មការទូលំទូលាយធ្វើគម្រោងដើមនៃរដ្ឋធម្មនុញ្ញ ហើយនៅទីចុងបំផុត លោកបានជាប់ឆ្នោតជាប្រធានសមាគមពុទ្ធិកយុវជនខ្មែរ។

ឥទ្ធិពល

កែប្រែ

អ្នកនិពន្ធរូបនេះបានទទួលឥទ្ធិពលដំបូងពីគ្រិស្តសាសនា ព្រោះជាសិស្សនៅអនុវិទ្យាល័យមីស្ហ ដែលតែងតែត្រូវបានអប់រំឲ្យជឿ និងគោរពព្រះយេស៊ូ ចំណែក​គ្រួសារ​របស់​លោក​ជា​អ្នក​កាន់​ពុទ្ធសាសនា។ ឥទ្ធិពលនៃសាសនាទាំង២នេះ ពុំបានបង្កើតនូវទំនាស់អ្វីរវាងលោក និងគ្រួសារលោកទេ។ លុះក្រោយមក ដោយលោកជាអ្នកស្រឡាញ់អក្សរសាស្ត្រជាតិ វប្បធម៌ជាតិ ចិត្ត​គំនិត​លោក​ឃ្លាត​ចេញ​បន្តិចម្តងៗពីគ្រិស្តសាសនា ព្រោះលោកតែងតែទៅចូលរួមប្រជុំគណៈកម្មការវប្បធម៌ជាមួយសម្តេចព្រះសង្ឃរាជ ជួន ណាត ជាញឹកញយ រហូតដល់ទីបំផុត លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគមពុទ្ធិកយុវជនខ្មែរ «ព័ត៌មានបានមកពីការសាកសួរផ្ទាល់ជាមួយគ្រួសារ និងកំណត់ផ្ទាល់របស់អ្នកនិពន្ធ»។ ក្រៅពីនេះ លោកបានធ្វើទស្សនកិច្ចនៅប្រទេសជាច្រើនក្នុងសកលលោក ដូចជាប្រទេសបារាំង ប្រទេសអង់គ្លេស ប៊ែលហ្ស៊ិក ហូឡង់ ស្វ៊ីស សៀម វៀតណាមខាងត្បូង ក្រុងហុងកុង ប្រទេសជប៉ុន សហរដ្ឋអាមេរិច ប្រទេសអ៊ីរ៉ង់ អ៊ីស្រាអែល ឥណ្ឌា សហភាពសូវៀត អាល្លឺម៉ង់ខាងកើត ប្រទេសក្រិច អេហ្ស៊ីប និងវៀតណាមខាងជើង«កម្ពុជសុរិយាលេខ៤ ខែមេសា ១៩៦៨»។

លទ្ធផល

កែប្រែ

ស្នាដៃ

កែប្រែ

លោកបានបន្សល់ទុកស្នាដៃជាច្រើនខាងអក្សរសាស្ត្រ និងនីតិសាស្ត្រដូចជា៖

  • រឿង ចិត្តឪពុក គ.ស ១៩៤៨
  • រឿង ចោរបិទមុខ គ.ស ១៩៥១
  • រឿង ចោរលួចប្រាក់ គ.ស ១៩៥២
  • រឿង ចោរភ្នំត្បែង គ.ស ១៩៥៤
  • រឿង ប៉ូល និងវីរហ្ស៊ីនី «បកប្រែពីបារាំង» គ.ស ១៩៦០
  • ពន្យល់ច្បាប់ ភាគ១ដល់ភាគ១២
  • វចនានុក្រមច្បាប់ គ.ស ១៩៦៦
  • គួរពិចារណាដើម្បីចេះខ្មែរ គ.ស ១៩៦៥។

ក្រៅពីនេះលោកបានសរសេរអត្ថបទខ្លីៗ បែបរិះគន់ អប់រំជាកាព្យ និងជាពាក្យរាយជាច្រើន ចុះក្នុងសារព័ត៌មានអ្នកជាតិនិយម។

គ្រឿងឥស្សារិយយស

កែប្រែ

លោកបានទទួលគ្រឿងឥស្សារិយយស៖

  • អស្សឬទ្ធិ មុនីសារភណ្ឌ គ.ស ១៩៥០
  • វឌ្ឍនាការប្រាក់ គ.ស ១៩៥១
  • អស្សឬទ្ធិ សុវត្ថារា គ.ស ១៩៦០
  • អស្សឬទ្ធិ នៃព្រះរាជាណាចក្រកម្ពុជា គ.ស ១៩៦០
  • សេនា នៃសម្តេចព្រះមហាក្សត្រីយានីកុសុមៈ គ.ស ១៩៦២
  • ធិបឌិន្ទ មុនីសារភណ្ឌ គ.ស ១៩៦២


១៤ កក្កដា ១៩៧៣ - ពែក អន និស្សិតវិញ្ញាបនបត្រឧត្តមសិក្សាអក្សរសិល្ប៍ខ្មែរ