ឡឹក ជំនោរ

អ្នកនិពន្ធខ្មែរ

លោក ជំនោរ បានប្រសូតិឡើង នៅក្នុងគ្រួសារ ត្រកូលកសិករមួយ នៅភូមិគរ៍ ឃុំ ចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ ឪពុកនាម ឡឹក សំខាន់ បច្ចុប្បន្ន ជាមន្ត្រី នៅ មន្ទីរសាធារណការ ខេត្តស្វាយរៀង។ ចំណែក ម្តាយ នាម ពៅ សន ជា កសិករ។ លោក ជំនោរ មាន កំណើត នៅ ថ្ងៃ ២១ មីនា ១៩៨០ (អត្តសញ្ញាបណ្ណ ២៨ កក្កដា​ ១៩៧៩) គឺក្រោយភ្លើងសង្គ្រាម ប្រល័យពូជសាសន៍ បាន រលត់ ទៅ។ កាលនៅកុមារភាព ជំនោរ ជាក្មេងម្នាក់ដូចក្មេងៗដទៃទៀតក្នុភូមិ ព្រោះម្តាយ ត្រូវ ចេញរកទទួលទាន ដើម្បីរកប្រាក់ ជួយផ្គត់ផ្គង់ គ្រួសារ ពុំមានពេល ថែកូន ឱ្យបានដិតដល់ឡើយ។ ចំណែក លោកឪពុក ត្រូវចេញ ទៅធ្វើការ នៅទីរួមខេត្ត មួយសប្តាហ៍ ទើបមកផ្ទះម្តង។ ដូច្នេះ បន្ទុកគ្រួសារ ត្រូវធ្លាក់ ទៅលើ ម៉ែទទួល ខុសត្រូវទាំងស្រុង។ ជំនោរ ជាបុត្រច្បង និងមានប្អូនស្រីមួយនាក់។

ឡឹក ជំនោរ-LEK CHUMNOR
លោក ឡឹក ជំនោរ
ជីវប្រវត្តិសង្ខេប
នាម​ពេញ ឡឹក ជំនោរ

(Lek Chumnor PhD.)

រហស្សនាម ប៉ាកកាខ្មែរ -Khmer Pen
អាជីព គ្រូបង្រៀន វិទ្យាល័យរមាសហែក​---

-អ្នកស្រាវជ្រាវភាសា និងវប្បធម៌ខ្មែរ នៃសមាគមភាសា និងវប្បធម៌ខេត្តស្រិន្ទ្រ(ប្រទេសថៃ)

អនុប្រធានសមាគម​អ្នក​និពន្ធខ្មែរ

នាយកគ្រឹះស្ថានបោះពុម្ពឯកសារខ្មែរ

សហស្ថាបនិក​សមូហកម្មមន្តទឹកខ្មៅ

ថ្ងៃខែឆ្នាំកំណើត ថ្ងៃ ២១ មីនា ឆ្នាំ១៩៨០(អត្តសញ្ញាណបណ្ណ 2៨-07-1979)
ស្រុកកំណើត ភូមិគរ ឃុំ ចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។
រូបភាពផ្សេងៗ
រូបថត​ពេលបួស​ នៅវត្តចន្ត្រិស្រុករមាសហែក
លោក ឡឹក ជំនោរ និង អ្នកស្រី កែវ ច័ន្ទបូរណ៍
លោក ឡឹក ជំនោរ និង បេក្ខជន ដែលបានឈ្នះរង្វាន់ជ័យលាភី អក្សរសិល្ប៍នូ ហាច ឆ្នាំ ២០១១ទទួលជ័យលាភី ពីសមាគម​អក្សរសិល្ប៍ នូ ហាច

ជីវប្រវត្តិសង្ខេប

កែប្រែ

ប្រវត្តិការសិក្សា និងការចូលរួមក្នុងសង្គម

កែប្រែ

ជំនោរចូលរៀន ថ្នាក់ទី១ នៅឆ្នាំ១៩៨៧, បាន ប្រឡងបញ្ចប់ ថ្នាក់បឋមសិក្សានៅឆ្នាំ១៩៩១ បានចូលរៀន នៅថ្នាក់ទី៦(ថ្មី) នៅ អនុវិទ្យាល័យ ត្រពាំងរុន ឃុំចន្ត្រី , បានប្រលងបញ្ចប់ មធ្យមសិក្សា បឋមភូមិ ដោយជោគជ័យ នៅឆ្នាំ១៩៩៤ , បានបន្តការសិក្សា នៅ វិទ្យាល័យ រមាសហែក ស្រុក រមាសហែក បានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៨។ ក្រោមមក ជំនោរ ក៏ចេញប្រឡងជាប់គ្រូ​មធ្យមសិក្សា ទៅ បន្តការសិក្សា នៅសាលាគរុកោសល្យ ភូមិភាគ ហ៊ុនសែន ព្រៃវែង (ខេត្តព្រៃវែង) មុខវិជ្ជា អក្សរសាស្ត្រខ្មែរ-សីលធម៌ពលរដ្ឋ ហើយបញ្ចប់ការសិក្សា​នៅឆ្នាំ២០០០។

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០០០ ជំនោរ បានចូលមកបង្រៀន អក្សរសាស្ត្រខ្មែរ នៅវិទ្យាល័យ រមាសហែក។ នោះជាថ្ងៃដំបូងនៃជីវិតគ្រូបង្រៀន ហើយ ជំនោរ បានឈរក្បែរក្តារខៀន បង្ហាត់បង្ហាញ ពីជំនាញ អក្សរសាស្ត្រខ្មែរ ដល់ក្មេងៗ អាយុស្របាលៗ ខ្លួនឯង។ ម៉ោងនោះហើយ ដែលជំនោរ បានសម្រេចចិត្ត ទទួលខ្លួន ជា វិស្វករព្រលឹង ជួយខាបសណ្តំ វិញ្ញាណ បណ្តុះ កូនខ្មែរ ជាច្រើនរូប ឱ្យបានជោគជ័យ និងស្រឡាញ់ភាសាខ្មែរ រហូតដល់ សព្វថ្ងៃនេះ ពួកគេជាច្រើន បានក្លាយជា គ្រូបង្រៀន។

ជីវិតជា គ្រូបង្រៀនសម័យនោះមិនបានធ្វើឱ្យជំនោរ រស់នៅ​សុខស្រួល ឡើយ គឺរមែង មានកង្វះខាត។ លោកជំនោរ ត្រូវចេញទៅ ប្រកប របរពីរផ្សេងទៀត ដើម្បី រកប្រាក់លើកស្ទួយ ជីវិត ឱ្យប្រសើរ ជាងមុន ក្នុង អាជីព ជាជាងថតរូប ជាជាងគំនូរ ស្លាកយីហោ និង ជាជាង ក្បាច់ចម្លាក់ស៊ីម៉ង់ យ៉ាងជំនាញ។ ស្នាដៃទាំងនោះ នៅមានសេសសល់ រហូតមកដល់សព្វថ្ងៃ ដូចជា នៅ គ្រប់ មន្ទីរគណបក្សប្រជាជន គ្រប់ឃុំ ក្នុងស្រុករមាសហែក ស្រុកស្វាយទាប ស្រុករំដួល សាលាបក្សខេត្តស្វាយរៀង និងស្លាកសាលារៀនមួយចំនួនទៀត។

ការសិក្សា​កម្រិតឧត្តសិក្សា

កែប្រែ

ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា លោកជំនោរ បានស្វះស្វែងប្រឡងជាប់អាហារូបករណ៍ ថ្នាក់ឧត្តមសិក្សា ទៅសិក្សា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត លាវ ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០០៣។ ថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៣ លោកជំនោរ ក៏បានទៅដល់សាកលវិទ្យាល័យជាតិឡាវ (ມະຫາວິທະຍາລັຍແຫ່ງຊາດ-ວິທະຍາເຂດດົງດົກ)នៅទីក្រុង វៀងចន្ទន៍។ លោកបាន តស៊ូ អស់រយៈពេលប្រាំមួយឆ្នាំពេញនៅប្រទេសឡាវដោយបានក្រេបជញ្ជក់ចំណេះវិជ្ជាផ្នែកអក្សរសាស្រ្តលាវ - វប្បធម៌លាវ ល្មមបរិបូរណ៍។ នៅទី២១ ខែមីនា ឆ្នាំ២០០៨ លោកជំនោរ បានទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរមួយរហូតប៉ះពាល់ដល់ខួរក្បាល។ នៅរយៈពេលនោះ លោកជំនោរ បានបាត់បង់ការចងចាំខ្លះ។ ជីវិតរបស់លោកជំនោរ នាពេលនោះ ប្រៀបបាននឹងមនុស្សម្នាក់ដែលមានតែសម្បកខ្លួន និងការឈឺចុកចាប់នៅក្នុងរាងកា តែបុណ្ណោះ ព្រោះលោកត្រូវ ទទួលរងពិការភាពដោយស្លាប់ម្ខាងខ្លួន(ម្តងម្កាល) គ្មានវិធីព្យាបាល អ្វីប្រសើរក្រៅពីការរង់ចាំ។ លោក បានរស់នៅទាំងលំបាកជាមួយភាពត្រជាក់នៃអាកាសធាតុ ប្រទេសលាវតែលោកបានព្យាយាមធ្វើតាមគម្រោងព្យាបាលរបស់វេជ្ជបណ្ឌិតលាវចំនួនជិតបីខែពេញ តែពុំបានទទួលលទ្ធផលអ្វីប្រសើរឡើយ។ បីខែក្រោយមក លោកបានជម្រាបដំណឹងនេះទៅស្រុកខ្មែរតាមរលកសេវាទូរស័ព្ទ ព្រោះលោកមិនទាន់អាចធ្វើដំណើរឆ្ងាយបានដូចជាការរងសម្ពាធខ្ពស់នៅក្នុងយន្តហោះលើអាកាសជាដើម។ ចៃដន្យស្នាមញញឹម និងក្តីស្រឡាញ់សណ្តោសពីសំណាក់មិត្តភ័ក្ត្រ និងលោកគ្រូអ្នកគ្រូទាំងអស់បានផ្តល់កម្លាំងចិត្ត​យ៉ាងមហិមាដល់លោកជំនោរធ្វើអោយលោកខំប្រឹងប្រែង ជម្នះពិការភាព និង ភាពឈឺចាប់ទាំងឡាយ ដោយទាមទារបង្ខំខ្លួនឱ្យទៅជួបគ្រូពេទ្យរៀងរាល់ពេលដែលខ្លួនត្រូវការមិនថាកណ្តាលអធ្រាត្រ។

សំណាងល្អ ជីវិតថ្លៃ! មានលោកគ្រូពេទ្យ ដ៏ជំនាញម្នាក់ ទើបបញ្ចប់ការសិក្សា មកពីសហរដ្ឋបានស្ម័គ្រសាកល្បងព្យាបាលលោកជំនោរ តាមជំនាញថ្មី របស់លោក(ខួរក្បាលប៉ះទង្គិច) ដោយប្រើឱសថតូចៗតែ៣០គ្រាប់យ៉ាងប្រសិទ្ធ។ ពេលនោះស្រាប់តែលោកជំនោរ បានទទួលការស្រាកស្រាន្ត ពីរោគាកំណាច នោះមកវិញ។ ពេលនោះ លោកអាចងើបដើរបាន ដោយខ្លួនឯង ថ្វីបើ ការចងចាំរបស់លោក មិនទាន់វិលវិញគ្រប់គ្រាន់នៅឡើយ។ លោកគ្រូពេទ្យ បានណែនាំការសរសេរ ទិន្នានុលេខ ដែល ធ្លាប់សរសេរ ម្ង៉ៃម្តង មកសរសេរ បីថ្ងៃ ម្តង រួចហើយ មួយសប្តាហ៍ សរសេរម្តង ដោយព្យាយាម ឲ្យខួរក្បាល វិលត្រឡប់ ទៅគិតអ្វីៗ ដែលធ្លាប់ បានធ្វើ កន្លងមក ឱ្យប្រឹងគិត ប្រឹងសរសេរ ប្រឹងចងចាំ មកវិញ។ លោកជំនោរ បានសរសេរ ពិព័ណ៌នា អំពីអ្វីៗ ដែលខ្លួនលោក បានជួបប្រទះ។

នៅថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអាសាឍ ឆ្នាំជូត សំរិទ្ធិស័ក ព.ស.២៥៥២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា គ.ស. ២០០៨ ជាថ្ងៃដ៏មហាប្រសើរ ដែល លោកជំនោរ បានទទួលឧប្បសម្បទា ជាភិក្ខុជោតធម្មោ ឡឹក ជំនោរ បានចំណាយ ពេល ចាំព្រះវស្សា៣ខែ នៅព័ទ្ធសីមា វត្តចន្ទនារាម (វត្តចន្ត្រី ឃុំចន្រ្តី)។ នៅក្នុងបព្វភេទ ភិក្ខុ ជំនោរ បានកសាងសាលាបាលី ប្រកបដោយ ក្បាច់ស្រោបជុំវិញ ដោយ ទឹកដៃផ្ទាល់ មួយខ្នង ក្នុងសំណាក់ ព្រះពុទ្ធសាសនា នៃអារាមនេះ ផងដែរ។ នៅថ្ងៃទី១៤ តុលា ឆ្នាំ២០០៨ ភិក្ខុជំនោរ បានលាចាកសិក្ខាបទ គម្រប់ចាំព្រះវស្សា ហើយ បានត្រឡប់ទៅ បន្តការសិក្សានៅប្រទសេឡាវវិញ។ នៅកំឡុងរយៈពេល សិក្សា នោះដែរ នៅមហាវិទ្យាល័យ អក្សរសាស្ត្រ មានបើកវគ្គបង្រៀន ជំនាញ សរសេរ អត្ថបទភាពយន្ត, ឯកសារ, តែងនិពន្ធ, ដឹកនាំរឿង, សម្តែងល្ខោនលើឆាក ។ល។ ចាប់ពីពេលនោះមក លោកជំនោរ ក៏បាន ចាប់ផ្តើម សរសេររឿង ជាភាសាលាវ ដើម្បីថតសាកល្បង រហូតអាចសរសេរ រឿងខ្លីៗ បានខ្លះៗ។ ចំណងសាច់រឿងដំបូង ដែលលោក ចាប់ផ្តើមសរសេរ គឹ រឿង មរតកឳពុក, ល្ខោនរឿង បរិញ្ញាជីវិត (កិច្ចការសាលា) ហើយរឿងបន្ទាប់ ដែលមិនមែនជា កិច្ចការសាលា គឺរឿង រាត្រីនៅវៀងចន្ទន៍។

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ លោកជំនោរ បានបញ្ចប់ បរិញ្ញាបត្រភាសា និង អក្សរសាស្ត្រលាវ ដោយជោគជ័យ ហើយវិលត្រឡប់មក ស្រុកកំណើតវិញ តែមិនបានវិលត្រឡប់ ចូលបម្រើ នៅក្នុងវិស័យ ជាសាស្ត្រាចារ្យ ទៀតទេ។ អំឡុងពេលរង់ចាំឯកសារដើម្បីបំពេញការងារ លោកជួយបំពេញកិច្ចការផ្នែកបកប្រែជូនរដ្ឋ ហើយដាក់ពាក្យប្រលងរៀនបន្ត។ បន្ទាប់មក លោកជំនោរ បានប្រលងជាប់ អាហារូបករណ៍ ទៅ បន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅរាជាណាចក្រថៃរយៈពេលជាងពីរឆ្នាំ គឺចំពេលដែលលោកកំពុងត្រូវការបំពេញចំណេះដឹង ផ្នែកនេះសម្រាប់ការងារថ្នាក់ជាតិ ម៉្លោះហើយក្រសួងអប់រំ​ក៏បានអនុញ្ញាតឱ្យលោកទៅបន្តការសិក្សាដោយមោទនភាពខ្ពង់ខ្ពស់។

ខែមេសា ឆ្នាំ២០១៣ លោកបាន បញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់(បរិញ្ញាទោ) ផ្នែកកម្មវិធីសិក្សា និងការបង្រៀន ពីសាកលវិទ្យាល័យ, ប្រទេសថៃ [มหาวิทยาลัยราชภัฏศรีสะเกษ](MEd. In Curriculum and Instruction) និងបន្តសិក្សាថ្នាក់បណ្ឌិត(បរិញ្ញាឯក) គ្រប់គ្រងអប់រំ(Doctor Of Education - Educational Administration) នៅ (Sisaket Rajabhat University, Thailand) ហើយបញ្ចប់ការសិក្សា​នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ។


កិច្ចការនវានុវត្តន៍

ដោយមានទេពកោសល្យ គូរវាស ឆ្លាក់ (ផ្នែកសិល្បៈ) លោកឡឹក ជំនោរ ចាប់ផ្តើមដាក់ស្នាដៃពុម្ពអក្សរខ្មែរយូនីកូដ ជូនអ្នកប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០១១។ លោកឡឹក ជំនោរ បាន​មាន​គំនិតយកស្នាដៃឆ្លាក់អក្សរ និងច្នៃតួអក្សរខ្មែរ​ដែលបាន​រៀនចេះ​ពី​ឪពុក និង​លោកគ្រូ ខាត់ សាខន(ឪពុកធម៌) មកសិក្សាដាក់បញ្ចូលរចនាជា​ពុម្ព​អក្សរខ្មែរយូនីកូដអំឡុងឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ន។ ក្រោយឆ្នាំ២០១៣ មកលោកបានទទួលការណែនាំ​ការរចនា​ពុម្ព​តាមស្តង់ដារពីលោកគ្រូដាញ់ ហុង បិតាពុម្ពអក្សរខ្មែរយូនីកូដដំបូងគេ។ ទន្ទឹមនឹងកិច្ចការសិក្សានៅឯបរទេសមមាញឹក​នោះ លោកក៏បាន​ឆ្លៀតមកប្រទេសកម្ពុជាដើម្បីជួយណែនាំ​អ្នក​រចនាពុម្ព​មួយចំនួនផងដែរ។ ស្នាដៃពុម្ពអក្សរខ្មែរយូនីកូដប្លែកៗ ជាច្រើន​បាន​ដាក់ជូនប្រើសាធារណៈ និងក្រុមហ៊ុនរចនាមួយចំនួន ហើយពុម្ព​ដែល​ជាស្នាដៃរបស់លោក​ស្ថិតក្នុងត្រកូល Khmer Pen និង Kh P (ប៉ាកកាខ្មែរ)ជាដើម។ ទាញយកពុម្ពអក្សរខ្មែរយូនីកូដរបស់លោកឡឹក ជំនោរ តាមរយៈតំណ៖ http://www.selapa.net/khmerfonts/ និង http://khmerword.blogspot.com

ក្រៅពីនេះទៀត បណ្ឌិត​ ឡឹក ជំនោរ ក៏បាន​រួមគ្នាជាមួយមិត្តភក្តិបីនាក់ទៀត បង្កើតគ្រឹះស្ថានបោះពុម្ពផ្សាយមួយឈ្មោះថា គ្រឹះស្ថានបោះ​ពុម្ពឯកសារខ្មែរ (Khmer Books Publishing) កាលពីឆ្នាំ២០១៧។ គ្រឹះស្ថានេះទទួលបន្ទុក ស្រាវជ្រាវ និងបោះពុម្ពស្នាដៃ។

បច្ចុប្បន្នក្រៅពីអាជីពជាគ្រូបង្រៀននៅវិទ្យស្ថានគរុកោសល្យរាជធានីភ្នំពេញ ទទួលបន្ទុកអនុប្រធានដេប៉ាតឺម៉ង់ស្រាវជ្រាវអប់រំនិងបណ្ណាល័យ បណ្ឌិត ឡឹក ជំនោរ គឺជា សមាជិកក្រុមលេខាសម្ដេចតេជោនាយករដ្ឋមន្ត្រី(២០១៧-បច្ចុប្បន្ន) និងជាអនុប្រធានសមាគម​អ្នកនិពន្ធខ្មែរ (២០១៧ ដល់ ២០២១ និងបន្តអាណត្តិទី២ ដល់ឆ្នាំ២០២៥)។

ស្នាដៃទាំងឡាយ របស់ លោក ឡឹក ជំនោរ

កែប្រែ

ផ្នែករឿងខ្លី

កែប្រែ

១. រស្មីចុងក្រោយ ២. ម្សិលមិញ ៣. ទឹកភ្នែកម៉ែខ្ញុំ ៤. បរិញ្ញាជីវិត (ល្ខោនវេទី) ៥. ទិវាដួងចិត្ត ៦. គ្មានទេថ្ងៃស្អែក ៧. រំពឹង ៨. គជ់អណ្ដែត (បោះពុម្ពជាមួ​អ្នក​និពន្ធអាស៊ាន២០១៩ I was born to be yours) ៩. ក្តីសង្ឃឹមក្នុងសុបិន ១០. រាត្រីក្នុងសុបិន ១១. រាត្រីថ្ងៃចន្ទ្រ ១២. បេះដូងព័ណ៌ស ១៣. រាត្រីធ្លាប់មានចន្ទ្រា (ប្រលោមលោកខ្នាតខ្លី) ១៤. សល់តែទឹកភ្នែក ១៥. ស្នាមវាសនា (ប្រលោម​លោក​ខ្នាត​ខ្លី​) ១៦. មិត្តយុទ្ធជន ១៧. មរតកឪពុក (បោះពុម្ពក្នុងសៀវភៅប្រជុំរឿងខ្លី មន្តប៉ាកកាអ្នកនិពន្ធ) ១៨. រាត្រីនៅវៀងចន្ទន៍ (-ដ-) ១៩. សំណោកជីវិត (-ដ-) ២០. យប់មិញ (-ដ-) ២១. រទេះ និងគោ (-ដ-) ២២. ជាងប៉ះកង់ (ជ័យលាភីរង្វាន់អក្សរសិល្ប៍ នូ ហាច ឆ្នាំ២០១១) (-ដ-) ២៣. វាសនាបុប្ផាបីទង (-ដ-) ២៤. រាជនីម្ចាស់ដួងចិត្ត (ជ័យលាភីរង្វាន់ការបោះពុម្ពទស្សនាវដ្តី ឡានខាំ ប្រធានបទៈ “សំបុត្រស្នេហ៍របស់អ្នកនិពន្ធ” ឆ្នាំ២០០៩ នៅប្រទេសឡាវ ហើយត្រូវបានបញ្ចូលក្នុងប្រលោមលោករឿង សំបុត្រចុងក្រោយ) ២៥. បេះដូងក្នុងហិប ២៦. ស្នាមសាក់ ២៧. លៀសហាល (បោះក្នុង​សៀវព្រៃរំដួល សមូហកម្មមន្តទឹកខ្មៅ ២ ឆ្នាំ២០១៨), ២៨. ស្នាមញញឹមពុកខ្ញុំ (បោះពុម្ពក្នុងសៀវភៅមន្តទឹកខ្មៅ សមូហកម្មមន្តទឹកខ្មៅ១ ឆ្នាំ ២០១៧) ច្រកចេញ​ (បោះពុម្ពក្នុងសៀវភៅ ខ្មាសខ្លួនឯង សមូហកម្មមន្តទឹកខ្មៅ៣ ឆ្នាំ២០១៩)


ជ័យលាភីអក្សរសិល្ប៍

១. នៅខែកក្កដា ឆ្នាំ២០១១ លោកជំនោរ បានទទួលជ័យលាភី រង្វាន់អក្សរសិល្ប៍ នូ ហាច ផ្នែករឿងខ្លី លេខ៣ ចំណងជើង “ជាងប៉ះកង់” ។

២. នៅខែមិថុនាឆ្នាំ២០១៦ រឿងខ្លី នទីស្នេហា (River of Love) ទទួលពានរង្វាន់ទន្លេមគង្គលើកទី៧ នៅទៅក្រុងគុនមិង ប្រទេសចិន (7th Menkong River Literature Award, Kunming Younan, China.)

៣. នៅថ្ងៃទៅ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រឿង នគរថ្កើងប្លៃក (Prosperous City) ទទួលបានជ័យលាភី​អ្នក​និពន្ធអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០១៧ (S.E.A Write Award 40, 2017) នៅបាងកក ប្រទេសថៃ។

ផ្នែកប្រលោមលោក

កែប្រែ

១. សំបុត្រចុងក្រោយ ២. សម្បថនៅជើងមេឃថ្មី ៣. សំណាងគ្មានម្ចាស់ ៤. ល្អងមាស ៥. កំណត់ហេតុស្នេហ៍៣៦៥ថ្ងៃ ៦. អប្សរាដួងចិត្តបង ៧. មរតកស្នេហ៍ខ្ញុំ (អត្ថបទភាពយន្ត) ៨. និស្ស័យស្នេហ៍ ៩. សំបុត្រស្នេហ៍អ្នកនិពន្ធ ១០. ពុះទ្រូងបំបែកទុកចែកជូនស្រី (បណ្តាប្រលោមលោកទាំងអស់ខាងលើពេលនេះមានមួយចំនួនធំ ត្រូវបានបាត់បង់ឯកសារ{ថាសរឹងផ្ទុកឯកសារខូច}។ អ្នកនិពន្ធកំពុងព្យាយាមសរសេរឡើងវិញ ហើយនឹងព្យាយាមដាក់នៅលើទីផ្សារនៅពេលឆាប់ៗខាងមុខនេះ... សូមអធ្យាស្រ័យ សូមអរគុណ!)