អង្គការ​អភិវឌ្ឍន៍​សហគមន៍

ប្រវត្តិ​​របស់​អង្គការ

កែប្រែ

អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ស្ត្រី​ក្នុង​សហគមន៍​ បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៨ ​ជា​អង្គការ គ្រីស្ទាន​មួយ​ ដែល​ជា​កម្មវិធី​មួយ​​នៅ​ក្នុង​​អង្គការ​​សឺវែន​ (​ SERVENTS ) មាន​សកម្មភាព​ផ្នែក​កម្មវិធី​សន្សំ​ឥណទាន​ ដោយ​ភ្ជាប់​ជាមួយ​ការ​អប់រំ​សុខភាព​បឋម​ដល់​គ្រួសារ​ស្ត្រី​ក្រីក្រ​ក្នុង​ សហគមន៍ ​ចំនួន​១៦​ភូមិ នៅ​ ៦​សង្កាត់ ​ក្នុង​​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ នៅ​ក្នុង​ឆ្នាំ​២០០០​ អង្គការ​អភិវឌ្ឍន៍​សហគមន៍​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៦ ធ្នូ ២០០០។ នៅ​ក្នុង​ខែ​មេសា ឆ្នាំ​២០០៦ កម្មវិធី​សន្សំ​-ឥណទាន​ត្រូវ​បាន​បញ្ចប់​ ដោយ​ការ​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​​​ទៅ​សហគមន៍​ជា​អ្នក​អនុវត្ត​បន្ត។ បន្ទាប់​មក​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ស្ត្រី​ក្នុង​សហគមន៍ ​បាន​ប្ដូរ​យុទ្ធសាស្ត្រ ​ដោយ​ប្រែ​ក្លាយ​ទៅ​ជា​កម្មវិធី​អភិវឌ្ឍន៍​ចម្រុះ​ មាន​ឈ្មោះ​ថា​ "ការ​អប់រំ​សហគមន៍​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ" ដែល​ស្រប​ទៅ​តាម​​ទិសដៅ​អង្គការ​ និង​គោលការណ៍​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រដ្ឋាភិបាល ហើយ​បាន​ប្ដូរ​ឈ្មោះ​មក​ជា​អង្គការ​អភិវឌ្ឍន៍​សហគមន៍ "អ.អ.ស" Community Development Organization "CODO" ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០០៧។


ទស្សនៈ វិស័យ

កែប្រែ

ចង់​ឃើញ​នូវ​គុណភាព​នៃ​ការ​រស់​នៅ​របស់​គ្រួសារ​ក្រីក្រ គ្រួសារ​ដែល​ងាយ​ទទួល​រងគ្រោះ​ ជាពិសេស​គ្រួសារ​ដែល​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា ​ឱ្យ​មាន​ភាព​រីកចម្រើន និង​សុខុមាលភាព ​តាម​រយៈ​ព្រះ​ជា​ម្ចាស់។

បេសកកម្ម

កែប្រែ

គាំទ្រ​ដល់​សហគមន៍​ក្រីក្រ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព តាម​រយៈ​ការ​កសាង​សមត្ថភាព​ កម្មវិធី​មត្តេយ្យសាលា ផ្សព្វផ្សាយ​អំពី​យេនឌ័រ ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​អប់រំ​សុខភាព​បឋម​ ការ​ចង​ក្រង​ក្រុម​ជួយ​ខ្លួន​ឯង ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ដែល​ងាយ​រង​គ្រោះ។

គុណ​តម្លៃ

កែប្រែ

ការ​គោរព​ស្រឡាញ់ មេត្តា​ករុណា សង្គ្រោះ មាន​សេចក្ដី​ស្មោះត្រង់ សាមគ្គី​ភាព មាន​ការ​ប្ដេជ្ញា​ខ្ពស់​ មាន​ការ​ចូលរួម មាន​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ មាន​គំនិត​ច្នៃ​ប្រឌិត មាន​គណនេយ្យភាព និង​ធ្វើ​ការងារ​ជា​ក្រុម។

គោលដៅ

កែប្រែ

ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ តាម​រយៈ​ការ​ផ្សព្វផ្សាយ​អំពី​យេនឌ័រ និង​ការ​អប់រំ​សុខភាព​បឋម​ ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ចង​ក្រង​ក្រុម​ជួយ​ខ្លួន​ឯង និង​ការ​ផ្ដល់​ការ​អប់រំ​ជា​មូលដ្ឋាន​គ្រឹះ​ ដល់​កុមារ​អាយុ​ពី ៣-៥ ឆ្នាំ។

គោលបំណង

កែប្រែ
  1. ផ្សព្វផ្សាយ​ការ​យល់​ដឹង​លើ​ផ្នែក​យេនឌ័រ ដល់​ក្រុម​គ្រួសារ​ក្រីក្រ​គោលដៅ ក្នុង​គោល​បំណង​ឲ្យ​ស្ត្រី ​និង​ បុរស មាន​ភាព​ស្មើគ្នា​ក្នុង​ការងារ និង​ចែក​រំលែក​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ក្នុង​ជីវភាព​រស់​នៅ ដោយ​គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ។
  2. ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ និង​ការ​យល់​ដឹង តាម​រយៈ​ការ​បណ្ដុះបណ្ដាល ការ​ទទួល​ព័ត៌មាន​ ការ​អប់រំ និង​ទទួល​បាន​សេវាកម្ម​អប់រំ​សុខភាព​បឋម មូលដ្ឋាន ​ក្នុង​ការ​ថែទាំ​សុខភាព​ និង​ការ​ទប់ស្កាត់​ជំងឺ​កាមរោគ HIV/អេដស៍។
  3. ធ្វើ​ឲ្យ​ប្រសើរ​ឡើង នូវ​ស្ថានភាព​អប់រំ​របស់​កុមារ​ក្រីក្រ​ក្នុង​សហគមន៍​គោលដៅ ឲ្យ​មាន​លទ្ធភាព​បាន​ទៅ​រៀន​សាលារដ្ឋ និង​ជួយ​កាត់​បន្ថយ ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កុមារ និង​អក្ខរកម្ម។
  4. បង្កើត​ក្រុម​ជួយ​ខ្លួន​ឯង តាម​រយៈ​ការ​ចងក្រង​ជា​ក្រុម​សន្សំ សាមគ្គីភាព ការ​ជួយ​គ្នា ​ និង​បណ្ដុះបណ្ដាល នៅ​តាម​មូលដ្ឋាន​សហគមន៍​ក្រុម​គោលដៅ ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍។

ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​ខាង​លើ​អង្គការ​មាន​គម្រោង​សកម្មភាព ៣

 

១- គម្រោង​ផ្សព្វផ្សាយ ​យេនឌ័រ​ និង​អប់រំ​សុខភាព​បឋម យេនឌ័រ បណ្ដុះបណ្ដាល​ ចំណេះដឹង​យេនឌ័រ​ ជា​មូលដ្ឋាន​ដល់​ភ្នាក់ងារ​អប់រំ​មិត្ត​តាម​សហគមន៍​ គោលដៅ ​ក្នុង​គោលបំណង​លើក​ស្ទួយ​សិទ្ធ​អំណាច​ស្ត្រី។ សុខភាព ធ្វើការ​ផ្សព្វផ្សាយ​ និង​បណ្ដុះបណ្ដាល​ដល់​សមាជិក​ក្រុម​គោលដៅ​នូវ​ប្រធានបទ អប់រំ​សុខភាព​បឋម ការ​ទប់ស្កាត់​ជំងឺ​កាមរោគ HIV/អេដស៍ និង វិធីសាស្ត្រ​ក្នុង​ការ​ពន្យារ​កំណើត។ ក្នុង​នោះ​ផង​ដែរ ​គម្រោង​បាន​ផ្ដល់​ព័ត៌មាន​ទៅ​សហគមន៍​ ពី​ស្ថាប័ន​អង្គការ​ មន្ទីរពេទ្យ និង មណ្ឌល​សុខភាព ​ដែល​មិន​គិត​ថ្លៃ​សេវាកម្ម​ព្យាបាល ឬ​គិត​ក្នុង​តម្លៃ​ទាប ​ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​ទទួល​នូវ​សេវា​ទាំងនោះ។

២-គម្រោង​អប់រំ​មត្តេយ្យសាលា ផ្ដល់​សេវា​អប់រំ​កម្រិត​មត្តេយ្យសាលា​ដល់​កុមារ​ក្នុង​តំបន់​ក្រីក្រ ដែល​មាន​អាយុ​ពី ៣ ​ទៅ ​៥​ឆ្នាំ ​ឲ្យ​បាន​ទទួល​មូលដ្ឋាន​ចំណេះដឹង​ក្នុង​ការ​អាន ការ​រាប់ និង​ការ​សរសេរ ហើយ​អាច​មាន​លទ្ធភាព បន្ត​ចូល​រៀន​នៅ​សាលាបឋមសិក្សា។

៣-គម្រោង​ក្រុម​សន្សំ​ជួយ​ខ្លួន​ឯង ជួយ​សម្របសម្រួល និង​គាំទ្រ​ឲ្យ​មាន​ឡើងវិញ​ នូវ​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សហគមន៍​ តាម​រយៈ ការ​ជួយ​ជា​កម្លាំង​ចិត្ត គំនិត ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ ការ​សន្សំ​-​ខ្ចី​ប្រាក់​ក្នុង​ក្រុម​ ជួយ​ធ្វើ​ឲ្យ​លក្ខខ័ណ្ឌ​ចិញ្ចឹម​ជីវិត របស់​គ្រួសារ​ក្រីក្រ​ក្រុម​គោលដៅ​មាន​ភាព​ប្រសើរ​ឡើង។

ប្រភពពត៌មាន

កែប្រែ