អង្គកែវ (មន្ត្រី)
អង្គកែវ គឺជាមន្ត្រីមួយរូបក្នុងរជ្ជកាលរបស់ព្រះកេតុមាលា។ ព្រះកេតុមាលាបានមានបុត្រីមួយអង្គព្រះនាមបទុមមាលាអាយុ ១៦ ឆ្នាំ ព្រះនាងត្រូវបានរៀបចំអភិសេកជាមួយនឹងព្រះអង្គធនញ្ជ័យ ដែលជាកូនរបស់ព្រះអង្គកែវ (ក្នុងចំណោមកូនទាំងប៉ុន្មានរបស់ព្រះ កេតុមាលា មានក្សត្រមួយអង្គព្រះនាមអង្គកែវដែរ)។
តែបើតាមពង្សាវតាររបស់គណៈកម្មការសម្ដេចព្រះសង្ឃរាជទៀង គឺព្រះអង្គធនញ្ជ័យគោរពរាជ្យ ដែលបានឡើងសោយរាជ្យបន្ទាប់ពីព្រះកេតុមាលា។ គ្រានោះព្រះអង្គបានព្រះជន្ម ១៦ វស្សា ព្រះអង្គសោយរាជ្យបាន ២៤ឆ្នាំ។ ក៏ប៉ុន្តែពង្សាវតារវត្ដទឹកវិលបានបញ្ចាក់ថា ព្រះអង្គធនញ្ជ័យគោរពរាជ្យ ជាបុត្ររបស់ព្រះអង្គកែវ ព្រះអង្គក៏ត្រូវជាស្វាមីព្រះនាងបទុមមាលា បុត្រីព្រះកេតុមាលាដែរ។ ព្រះធនញ្ជ័យបានមកបម្រើព្រះមហាក្សត្រ ក្នុងឋានៈជាអ្នកត្រួតត្រាគ្រប់គ្រងកងទ័ព។ ដោយសារកូនទាំងប៉ុន្មានរបស់ព្រះកេតុមាលា គ្មានវត្ដមាននៅក្នុងព្រះនគរ ដោយត្រូវបានតែងតាំងឲ្យទៅគ្រប់គ្រងប្រទេសជិតឆ្ងាយ ហើយនិងដោយសារស្វាមីភរិយាទាំងពីរអង្គមាននាម៉ឺនរាជការ មេទ័ពជាច្រើនគាំទ្រ ស្រឡាញ់គោរពកោតខ្លាច ទើបបានជានាម៉ឺនមុខមន្ត្រីតូចធំទាំងអស់នាំគ្នាមូលមតិសុំអញ្ជើញ ព្រះធនញ្ជ័យឲ្យឡើងសោយរាជសម្បត្ដិ។ ដើម្បីឲ្យសមស្របទៅតាមកាលៈទេសៈ និងទៅតាមឋានៈព្រះអង្គជាអ្នកការពារថែរក្សាព្រះរាជបល្ល័ង្ក ទើបបានជាព្រះអង្គដាក់ព្រះបរមនាមថា ព្រះបាទធនញ្ជ័យគោរពរាជ្យ។