អត្ថន័យអំបោះចំណងដៃ

តើការចងអំបោះពណ៌ស ឬក្រហម នៅកដៃ ចង្កេះ ឬនៅ ក មានអត្ថន័យយ៉ាងម៉េច នៅក្នុងប្រពៃណីខ្មែរ?

.

១/ អំពីការចងអំបោះក្រហម​ ឬកន្សែងក្រហម៖

នៅសម័យមុនព្រហ្មញ្ញសាសនានិងពុទ្ធសាសនាលាតឥទ្ធិពលមកលើប្រទេសខ្មែរ ពលរដ្ឋនៅទឹកដីឥណ្ឌូចិន ប្រកាន់យក ជំនឿមួយហៅថា ជំនឿវិញ្ញាណនិយម ឬជំនឿអារក្សអ្នកតា (Animism)គឺការមានជំនឿ លើវិញ្ញាណក្ខន្ខ័ សក្តិសិទ្ធិ រក្សាទឹកដីព្រៃភ្នំនិងជីវិតមនុស្សសត្វ។ នៅក្នុងជំនឿនេះ គ្មានព្រះអាទិទេព ឬព្រះពុទ្ធទេ មានតែវិញ្ញាណក្ខ័ន្ធ សក្តិសិទ្ធិ រក្សាលោក ដូចជា អ្នកតា (អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅអាស្រ័យព្រៃភ្នំ ជាជម្រក) អារក្ស (អ្នករក្សាទឹ និងសត្វ ដែលរស់នៅ អាស្រ័យទឹក ជាជម្រក) មេមត់ (អ្នករក្សាវិន័យ និងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ) ព្រះភូមិ (អ្នករក្សាដីភូមិ ចំការដំណាំ) ជំនាងផ្ទះ (អ្នករក្សាការពារ លំនៅស្ថាន) ម្រេញគង្វាល (អ្នករក្សាកុមារ និងជនដែល មិនអាច ជួយខ្លួនឯងបាន ដូចជាអ្នកពិការ និងចាស់ជរា) ជាដើម។ ចំណែកវិញ្ញាណ ដែលបំផ្លាញលោក មាន មេធ្មប់ (ជាយមរាជ ឬជាស្តេចនៃព្រលឹងសៅម៉ាន ទាំងឡាយ) ព្រាយ អាប(ដែលជាសេនា ទាំងឡាយ របស់មេធ្មប់ ដែលមេធ្មប់ អាចបញ្ជាបានគ្រប់ពេល)។ ក្រោយមក បន្ទាប់ពីមាន ការឆ្លងវប្បធម៌ ពីប្រទេសឥណ្ឌា ខ្មែរបានទទួលឥទ្ធិពល បន្ថែមទៀត ពីជំនឿថា មានយក្ស មានបិសាច នៅក្នុងជំនឿ វិញ្ញាណនិយម នេះដែរ។

នៅក្នុងជំនឿ វិញ្ញាណនិយម នេះ អ្នកស្រុកនិយម ប្រើពណ៌ក្រហម​ ជាតំណាង ឬទិ្ធអំណាច រាសី ឬជាមន្តអាគម រក្សាឬទ្ធិអំណាច ឬរាសី។ ឧទាហរណ៍ អ្នកតាក្រហមក មានន័យថា អ្នកតាដែលមាន កន្សែងក្រហម រុំជាប់នៅលើ​ ក ជាកន្សែង ដែលមានចារយ័ន្ត ជាភាសាមន្តអាគម រក្សាឬទ្ធិអំណាច និងរាសី របស់ពលរដ្ឋដែលប្រកាន់អំពើល្អ។ ប្រពៃណីនៃការចារយ័ន្ត នៅលើ កន្សែងក្រហមនេះ មាននៅសេសសល់ រហូតដល់សព្វថ្ងៃ ដូចជាការចារយ័ន្ត លើក្រណាត់សំពត់ក្រហម ដើម្បីដាក់តាំង នៅលើជញ្ជាំងផ្ទះ សម្រាប់ការពាររាសី របស់ម្ចាស់ផ្ទះ និងអ្នកដែលរស់នៅ ក្នុងផ្ទះនោះ ឬការចារយ័ន្ត លើកន្សែងក្រហម ដើម្បីប្រគល់ជូន ដល់កងយុទ្ធជន ដែលត្រូវចេញ ទៅសមរភូមិ ដើម្បីជា ការប្រសិទ្ធពរ សុំអោយ មានឬទ្ធិ មានជ័យ ពេលប្រតិបត្តិការ ការពារជាតិ។ ជួនកាលទៀត យើងមានចារយន្ត័ លើកន្សែង អោយអ្នកកីឡាប្រដាល់ សម្រាប់ជួតក្បាល ចងនៅដើមដៃ ឬចងចង្កេះ មុនពេលឡើងសៃវៀនប្រកួតម្តងៗ។ មានកាលខ្លះទៀត មេមត់ ឬអ្នកចូលរូបមេមត់ ដែលជា វិញ្ញាណរក្សា វិន័យនិងសណ្តាប់ធ្នាប់ ប្រចាំភូមិ ច្រើនជាអ្នកផ្តល់ គំនិតអប់រំប្រដៅទូន្មាន ដល់មនុស្សដែលធ្វើខុស មនុស្សមានជម្ងឺ ដើម្បីកែ ឬព្យាបាល អោយជានា មកល្អប្រសើរ ធម្មតាមកវិញ។ យើងច្រើនឃើញ រូបសំណាករបស់មេមត់ មានស្លៀកក្បិនខ្មៅ (តំណាងអោយ ភាពម៉ឺងម៉ាត់) ឬក្បិនក្រហម (តំណាងអោយរាសី ឬឬទ្ធិអំណាច) ពាក់អាវក្រហម បង់ក្រមាក្រហម នៅក្នុងខ្ទម កណ្តាលទីធ្លាក្នុងភូមិ។

ដោយសារហេតុថា ការប្រើកន្សែង ជាបន្ទះក្រណាត់ មានផ្ទាំងធំពេក អាចអោយទើសទាក់ ពិបាកនឹងរក្សា ជាពិសេស ពេលធ្វើដំណើរទៅច្បាំង ឬប្រតិបត្តិការងារ មមាញឹកផ្សេងៗ ដើម្បីការពារស្រុកភូមិ អ្នកស្រុកខ្លះ ក៏បែកគំនិត វេញអំបោះក្រហម ចងកាថាយ័ន្ត ចងចែកាច់ ភ្លុកដំរី ដែលគេប្រសិទ្ធីរួចហើយ ដើម្បីយកមកចងដៃ ចងចង្កេះ ពាក់ឆៀង ឬចងបន្តោង នៅក ជាជំនួសវិញ។ នៅក្នុងជំនឿនេះ រូបចម្លាក់អ្នកតា មេមត់ទាំងឡាយ ច្រើនស្លៀកក្បិនពណ៌ក្រហម ហើយបង់ក ជួតក្រមា ឬស្ពាយឆៀង ដោយកន្សែង ពណ៌ក្រហម ជានិច្ច។ ចំណែក ខ្ទមអ្នកតា ឬខ្ទមមេមត់ រមែងមាន ប្រក់ក្បឿងក្រហម ឬមានដំបូលក្រហម ជានិច្ចដែរ។ នៅក្នុងទំនៀមទម្លាប់នេះ គេច្រើននិយាយសំដៅ ទៅលើ អារក្សអ្នកតាព្រះភូមិ ថាជាវិញ្ញាណ តំណាងភេទបុរស គ្រប់គ្រងផ្នែកការពារទឹកដីស្រុកភូមិ ហើយមេមត់ និងជំនាងផ្ទះ ជាវិញ្ញាណ តំណាងភេទនារី គ្រប់គ្រងផ្នែករក្សាកូនចៅ ខាងវិន័យសណ្តាប់ធ្នាប់។ ចំណែកម្រេញគង្វាល ជាវិញ្ញាណ រក្សាការពារ កុមារ ជនជរា និង ជនពិការ។ រីឯមេធ្មប់វិញ គេនិយាយសំដៅទៅ វិញ្ញាណយាយី ច្រើនមានភេទប្រុស ប្រៀបបានទៅនឹងយមរាជ ឬយមបាល។ ខ្មោចបិសាចជា វិញ្ញាណយាយី ​មានភេទជាប្រុស។ ព្រាយនិងអាប ជាតំណាង វិញ្ញាណយាយី ជាភាវៈភេទស្រី។ ជំនឿវិញ្ញាណនិយមនេះ ក៏មាននៅសេសសល់ ជាបន្តៗមក ពាសពេញប្រទេសខ្មែរ លាវ​ ថៃ ភូមា បឹងក្លាដែស ឥណ្ឌូនេស៊ី និងវៀតណាមខាងត្បូង ជាពិសេស នៅសង្គមដែលមាន ទំនៀមទម្លាប់ប្រពៃណី រស់នៅ បែបបុរាណនៅឡើយ។

២/ អំពីការចងអំបោះពណ៌ស៖

នៅពេលសាសនាព្រាហ្ម ចាប់លាតឥទ្ធិពល មកដល់ប្រទេសខ្មែរ តាមរយៈអនុភាព នៃព្រះចៅគ្រប់គ្រងផែនដី ពលរដ្ឋយើង បានកត់សំគាល់ ឃើញថា ពពួកព្រាហ្ម កាន់កិច្ចការរាជវាំង អមមហាក្សត្រ ប្រចាំនគរ សុទ្ធតែ ស្លៀកពាក់ ពណ៌ស ឈ្នួតក៏មានពណ៌ស កន្សែងពានា ក៏ពណ៌ស ជាតំណាងពណ៌បរិសុទ្ធ និងភាពស្មោះត្រង់ ចំពោះព្រះ ម៉្យាងទៀត ក៏ជាតំណាង ឋានន្តរសក្តិប្រសើរខ្ពស់ខ្ពស់ នៅក្នុងប្រទេសដែរ។

នៅក្នុងជំនឿព្រាហ្មសាសនានេះ គេប្រារព្ធកំណើតរបស់មនុស្ស ដោយប្រើក្រណាត់ស រុំទារក នៅពេលប្រសូត្រឡើងភ្លាម រួចហើយគេធ្វើពិធីប្រសិទ្ធី ដោយផ្តិម្សៅស មួយតំណក់ នៅលើថ្ងាសទារក ចន្លោះចិញ្ចើមទាំងគូ ជាតំណាង តំណក់ជីវិតមួយ ឬតំណក់ទឹកអម្រិត ដែលប្រទានមកពីព្រះសិវៈ គីព្រះបង្កើតលោក។ នៅក្នុង ព្រាហ្មញ្ញសាសនា ខ្មែរយើងមានជំនឿ ទៅលើ ព្រះសិវៈ គឺព្រះដែលបង្កកំណើត មានព្រះឥសូរ ជាតំណាងភាវៈជាឪពុក គ្រប់គ្រងលោក (សំដៅទៅលើក្រុមគ្រួសារ) និងព្រះនរាយណ៍ ជាតំណាងភាវៈជាម្តាយ ដែលច្រើនមានរូបចម្លាក់ មានស្នាមញញឹម ស្រស់ស្អាត មានដៃ៨កាន់សាស្រ្តាវុទ្ធ ឈរជាន់ទារក ក្នុងអត្ថន័យថា ម្តាយរក្សាកូន ក្រោមអាណាព្យាបាលរបស់ខ្លួន ដោយធ្វើការមមាញឹក ដូចមានដៃ៨ដូច្នោះឯង សម្រាប់រក្សាថែថួនកូនដែលនៅក្រោមអាណាព្យាបាលរបស់ខ្លួន អោយបានទទួល ការរស់នៅសុខសប្បាយ។ នៅក្នុងសាសនានេះ ខ្មែរយើងជំនាន់បុរាណ បានយកថ្មឆ្លាក់ រូបលឹង្គឥសូរ ឆ្លាក់បញ្ឈរ ពីលើយោនី ដែលឆ្លាក់ជារាងត្បាល់កិនម្សៅ ត្រងពីក្រោម ជាតំណាង ការរួមភេទ រវាងបុរសនិងស្រ្តី ដើម្បីបង្កកំណើតជីវិត ហើយយើងក៏មានជំនឿទៅលើ សភាវៈបួនមុខទៀត គឺ ដីទឹកភ្លើងខ្យល់ (ព្រះធរណី ព្រះគង្គា ព្រះអគ្គី ព្រះវាតា) ដែលជាសភាវៈសម្រាប់បម្រើទ្រទ្រង់ជីវិតមនុស្ស នៅលើលោក។

លុះដល់ពេល មនុស្សប្រុសស្រី មានគូស្រករ គេច្រើនប្រសិទ្ធី ដោយប្រីម្សៅពណ៌ស បីតំណក់ ផ្តិតទៅលើថ្ងាស កូនកម្លោះនិងកូនក្រមុំ ជាសញ្ញាតំណាងក្រុមគ្រួសារ ដែលមានមុំបីជ្រុង គឺឳពុក ម្តាយ និងកូន គឺមានន័យថា គេបានទទួល ពរប្រសិទ្ធីពីព្រះ យ៉ាងប្រសើរ ដើម្បីរៀបចំខ្លួនទទួលនាទី ជាប្តីប្រពន្ធ និងជាឳពុកម្តាយ ពេញសម្រុងហើយ។ នៅពេលមនុស្សស្លាប់ លាចាកលោកទៅវិញ គេធ្វើពិធីប្រសិទ្ធីលាសព យ៉ាងពិសេសមួយ ដោយយកម្សៅស មកផ្តិតគូរ ជាឆ្នូតវែងៗ តាមបណ្តោយថ្ងាសរបស់សព ហើយយកក្រណាត់ស មកគ្រប រុំសពមនុស្ស ជាតំណាងពរប្រសិទ្ធី លាងបាបកម្ម ទាំងឡាយ ដែលខ្លួនគេបានធ្វើ កាលពីនៅរស់ (Purifying the soul) ដើម្បីបញ្ជូនវិញ្ញាណរបស់សពនោះ អោយធ្វើដំណើរទៅឋានសួគ៌ ដោយសេចក្តីស្ងប់សុខ។ នៅក្នុងជំនឿនេះ ព្រាហ្ម ឬអាចារ្យ ជាអ្នកបួស និយមស្លៀកស ពាក់ស ពានាក្រមាស តែមិនកោរសក់ទេ។ ម៉្យាងទៀត ដើម្បីបង្ហាញនូវកម្រិត ឋាននន្តរសក្តិរបស់អ្នកផ្នួសនិមួយៗ នៅក្នុងជួរសាសនា ពពួកព្រាហ្មទាំងនេះ ច្រើនផ្តិតម្សៅក្រហមបន្តក់ នៅលើប្រជុំចិញ្ចើម ឬគូរឆ្នូតម្សៅស ម្សៅក្រហម នៅលើថ្ងាស ជាស្នាមវែងៗ តាមបណ្តោយថ្ងាស។ មានកាលខ្លះទៀត គេសាក់ គោរមងារ នៅលើដើមដៃ ក្បែរស្មា ឬនៅលើខ្នងជិតកញ្ចឹងក ឬនៅលើខ្នងដៃ ដើម្បីជាការកត់សំគាល់វណ្ណៈ របស់ព្រាហ្ម នៅក្នុងជួរសាសនា។

លុះជំនឿនេះ បានចូលមកប្រឡូក ឥទ្ធិពល ជាមួយនឹងជំនឿវិញ្ញាណនិយម ដែលមាននៅលើទឹកដីខ្មែរយូរមកហើយ នោះទើបបានជាយើងឃើញមាន ការត្រងទទួលយកប្រពៃណី នៃការស្លៀកពាក់ពណ៌ស ចងអំបោះស ចារយ័ន្តលើក្រណាត់ស ការសាក់យ័ន្តលើស្បែកមនុស្ស លាយឡំគ្នា កាន់តែច្រើនឡើងៗ ដោយមិនដឹងថា ពណ៌មួយណា សំខាន់ជាងមួយណា។ ខ្លះមានគំនិតប្រកាន់ថា ពណ៌ស ជាពណ៌ប្រសើរ ជាងពណ៌ក្រហម ព្រោះជាពណ៌ ដែលស្តេចគ្រប់គ្រងផែនដី គោរពលើកតម្កើងជាងគេ។ ខ្លះទៀតថា ពណ៌ក្រហម ជាមន្តអាគម ពិតប្រាកដ ហើយសក្តិសិទ្ធិជាង ព្រោះជាតំណាងរាសី និងអំណាច មិនដូចពណ៌ស ដែលទន់ភ្លន់បរិសុទ្ធ ក្នុងធម៌ព្រះ ដោយគ្មានអំណាចតវ៉ាបាន។ ចំណែកប្រពៃណីបន្តក់ម្សៅស នៅប្រជុំចិញ្ចើម មាននៅសល់នៅក្នុងប្រទេសថៃ និងប្រទេសលាវ តែពុំសូវឃើញមាន នៅក្នុងប្រទេសខ្មែរបច្ចុប្បន្ន នេះទៀតទេ។

៣/ អំពីកថាមាសនិងបន្តោងព្រះ៖

ក្រោយមកទៀត ព្រះពុទ្ធសាសនា បានធ្វើដំណើរមកដល់ ប្រទេសខ្មែរ ក្នុងយុគ សម័យអង្គរ ពេលប្រទេសខ្មែរ ចាប់ផ្តើម រុងរឿង មានសន្តិភាព។ ពលរដ្ឋយើង បានយល់ឃើញថា ពណ៌មាស (ពណ៌ស្បង់ចីពរ) ជាពណ៌ដ៏ប្រសើរ នៅក្នុង ព្រះពុទ្ធសាសនា ព្រោះជាតំណាងភាពភ្លឺត្រចះពណ្ណរាយ ដោយសីលធម៌ គុណធម៌ ភ្លឺចិញ្ចាច និងវិន័យដ៏តឹងរឹង មោះមុត។ ថ្វីបើព្រះពុទ្ធសាសនាបានប្រដៅអប់រំអោយមនុស្ស មានជំនឿលើខ្លួនឯង ពឹងលើសមត្ថភាពរបស់ខ្លួនឯង ប្រឹងប្រែងជួយខ្លួនឯង មិនអោយពឹងផ្អែក ទៅលើអរូបីជំនឿខ្លាំងពេកក៏ដោយ ក៏ពលរដ្ឋខ្មែរជាច្រើន នៅតែមានការភន្ត័ច្រឡំ ច្របូកច្របល់ នូវព្រំដែននិងឥទ្ធិពលនៃសាសនាទាំងបីនេះ គឺសាសនាវិញ្ញាណនិយម ព្រាហ្មសាសនា និងពុទ្ធសាសនា ហើយមិនដឹងថា ត្រូវគោរពមួយណា លះបង់មួយណាឡើយ។ ផ្ទុយទៅវិញ ខ្មែរយើងបានផ្លាស់ប្តូរទដ្ឋិ និងទម្លាប់ខ្លះៗ ខាងផ្នែកប្រពៃណី និងជំនឿរបស់ខ្លួន ដោយបបួលនាំគ្នាពូនសន្សំប្រាក់ ទិញមាសលឿង មាសពណ៌ស ឬទិញដុំប្រាក់ យកមកឆ្នៃឆ្លាក់សូន្យធ្វើជាអលង្ការ ខ្សែក ខ្សែដៃ ខ្សែចង្កេះ ខ្សែសង្វារ ខ្សែក្រវាត់ ដោយមានព្យួរ កថាមាស ដែលមានចារឆ្លាក់អក្សរយ័ន្តអាគម ឬចារយ័ន្តលើដុំមាសរួចច្នៃធ្វើជាឡេវអាវ ជាម្ជុលខ្ទាស់ខ្ទាស់ ខ្ទាស់នៅលើមួក ឬនៅលើអាវ ដោយមានការប្រារព្ធប្រសិទ្ធី ដើម្បីលើកតម្កើង រាសីនិងឬទ្ធិអំណាច អោយកាន់តែថ្កុំថ្កើងរុងរឿង និងជោគជ័យ នៅគ្រប់ពេលដែលគេពាក់គ្រឿងទាំងនេះ នៅលើខ្លួនរបស់គេ។ នៅសម័យបច្ចុប្បន្ន យើងនៅតែឃើញ ពលរដ្ឋអភិជនខ្មែរ និងពលរដ្នសាមញ្ញ ទូទៅជាច្រើន នៅតែនិយមពាក់ ខ្សែដៃមាស ខ្សែចង្កេះមាស ឬខ្សែកមាស ចងកថាមាស និងបន្តោងព្រះ ឬគ្រឿងប្រសិទ្ធី ដែលមានពណ៌ប្រាក់ មាស ស ឬមាសលឿង ស្ទើរគ្រប់ៗគ្នា។

ហេតុដូច្នេះហើយ ទើបបច្ចុប្បន្ននេះ យើងឃើញមាន ការយកអំបោះចងដៃ មានជាខ្សែពណ៌ក្រហមពណ៌ស ឬជា ខ្សែដៃមាសស មាសលឿង បន្តោងកថាយ័ន្ត ទៅតាមចំណូលចិត្ត និងការនិយមរៀងៗខ្លួន។ ពលរដ្ឋខ្លះទៀត ក៏រត់ធ្វើតាមគ្នាព្រោងព្រាត ដោយមិនទាំងដឹងថា ហេតុអ្វីបានជា ពលរដ្ឋខ្លះត្រូវចងអំបោះពណ៌ស ឬក្រហម ចងកថាមាស ឬចងឈ្នួតក្រហម លើដើមដៃ ឬលើក្បាល ទាំងឡាយនោះផង។

កំណត់សំគាល់សំខាន់មួយទៀត គឺខ្មែរយើងបាននាំគ្នាប្រមូលផ្គួប តួបីនាក់ចូលគ្នាក្នុងរូបតែមួយ ដូចជា យករូបតួអ្នកតាក្នុងវិញ្ញាណនិយមដែលចេះមន្តអាគម តួព្រាហ្មក្នុងព្រាហ្មញ្ញសាសនា ដែលទុកសក់វែងចងជុក ស្លៀកសពាក់ស និងព្រះសង្ឃកោរសក់ស្លៀកស្បង់លឿង មកផ្គួបអោយរលាយចូលគ្នា បានក្លាយជារូប លោកតាឥសីតែមួយអង្គ ដែលស្លៀកស្បង់ចីពរលឿង (ដូចព្រះសង្ឃ) តែទុកសក់ចងជុកនិងទុកពុកមាត់ (ដូចព្រាហ្ម) ហើយចេះប្រើសិល្ប៍មន្តអាគមសក្តិសិទ្ធិ (ដូចអ្នកតា) ជាដើម។

ចំណែកមេមត់វិញ ខ្មែរយើងបច្ចុប្បន្ន ក៏បានយករូបតំណាង របស់សាសនាបី មកបូកបញ្ចូលគ្នាដែរ គឺរូបមេមត់ មានលាបក្រែមក្រហមឆ្អៅ លើបបូរមាត់និងថ្ពាល់ ទុកសក់វែងចងគួចទៅក្រោយ (ជាមេមត់វិញ្ញាណនិយម) តែស្លៀកស ឬបង់ក្រមា (តាមបែបដូនជីក្នុងពុទ្ធសាសនា) ពាក់ខ្សែក ខ្សែឆៀង ឬខ្សែចង្កេះ ជាមាស មានបន្តោងកថាមាស ឬខ្សែដៃមានកថាមាស (ពណ៌មាសរបស់ពុទ្ធសាសនា) ហើយប្រើកន្សែងស ដណ្តប់កាយមនុស្ស ពេលប្រសិទ្ធីរំដោះគ្រោះ តម្លើងរាសី (ពណ៌សរបស់ព្រាហ្មសាសនា)។ ចំណែកដូនមេមត់ទាំងឡាយនេះ ក៏មានប្រើទាំងអំបោះស និងអំបោះក្រហម ទៅតាមកាលវេលា ដែលលោកជ្រើសរើស តាមការយល់ឃើញ របស់លោក រៀងៗខ្លួន។

ឧទាហរណ៍មួយទៀត គឺការសែនក្រុងពាលី ហោមរោង (សរសេរថា ពាលី) នៅពេលមុនឡើងសម្តែងរបាំបុរាណខ្មែរ ជាពិសេស ការសម្តែងរឿងរាមកេរ្តិ៍ ឬនៅមុនពេល គេឡើងសៃវៀនប្រកួតប្រដាល់ជាដើម។ ការពិត ក្រុងពាលី ជាឈ្មោះរបស់តួអង្គ នៅក្នុងរឿងរាមកេរ្តិ៍ ដែលជារឿងបុរាណ នៅក្នុងព្រាហ្មសាសនា មិនមែនជាឈ្មោះ របស់អ្នកតា នៅក្នុងជំនឿវិញ្ញាណនិយមទេ។ រីឯការសែនព្រេន ជាទំនៀមទម្លាប់របស់អ្នកស្រុក ដែលប្រារព្ធ ជំនឿ វិញ្ញាណនិយម ដោយមានការប្រសិទ្ធីតំកើងរាសី តំកល់ជោគជតា មានពន្លឺចន្លុះ (សម័យថ្មីគេប្រើធូបទៀន) សែនស្រា អាហារសាច់សត្វទាំងមូល និងផ្លែឈើជាគ្រឿងក្លែម។ ការប្រារព្ធពិធីប្រសិទ្ធីនេះ មិនមានទំនៀមទាក់ទង ទៅនឹង ព្រះពុទ្ធសាសនាឡើយ ព្រោះមានលាយ អាការសាហាវ (គ្រឿងស្រវឹង) និងការសម្លាប់សត្វមូល ជាគោ ជាជ្រូក​ព្រៃ ជាឈ្លូសប្រើស ជាដើម។

នៅក្នុងមតិមួយទៀតដែលថា ការសែន ក្រុងពលី (សរសេរថា ពលី --មិនមែនពាលី-- ក្រុង មានន័យថា ជាស្តេច ឬមេកន្ទ្រាញនៃទឹកដីមួយ ពលី មានន័យថា បូជា) គឺជាការប្រារព្ធពិធីបូជាជូន ចំពោះលោកម្ចាស់ អ្នករក្សាទឹកដី នៅមុនពេលសម្តែងរបាំបុរាណ ឬការប្រកួតប្រដាល់ ជាដើម។ នៅក្នុងពិធីនេះ កាលដើមឡើយ ពីបុរាណកាល គេច្រើនការប្រារព្ធនៅក្រៅរោង ឯទីស្ថានកណ្តាលវាល ដែលអារក្សអ្នកតាកាន់កាប់ គ្មានរោង គ្មានដំបូល ឬរបងឡើយ ជាការសម្តែងការគោរពនិងថ្វាយកតញ្ញូជូនអារក្សអ្នកតា។ ចំណែកទី ដែលមានរោងឬដំបូលគ្របដណ្តប់ យើងប្រារព្ធពិធី ជូនជំនាងផ្ទះ។ បើមានរបងពទ្ធ័ជុំវិញ យើងប្រារព្ធជូនព្រះភូមិ។ សព្វថ្ងៃ យើងបានបាត់បង់ ប្រពៃណី និងចំណេះចេះដឹង របស់យើង ខាងពិធីសែនព្រេន ទាំងអំបាលម៉ាន ដែលទាក់ទងទៅនឹងជំនឿវិញ្ញាណនិយម ដោយការចាប់យក ឥទ្ធិពលសាសនាថ្មីៗទៀត ដែលនាំមកពីក្រៅ ចូលមកក្នុងប្រទេសយើង កាន់តែច្រើនឡើងៗ។