អព្យាកតសំយុត្ត

ខេមាសូត្រ ទី១

[៣៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន  របស់​អនាថ​បិណ្ឌិកសេដ្ឋី  ជិតក្រុងសាវត្ថី។​សម័យនោះឯង  នាងខេមាភិក្ខុ​នី ត្រាច់ទៅកាន់​ចារិក ក្នុងកោសលជនបទ បានចូលទៅអាស្រ័យនៅក្នុងស្រុកឈ្មោះ តោរណវត្ថុ  ជាចន្លោះក្រុងសាវត្ថី និងចន្លោះក្រុងសាកេត។ លំដាប់នោះ ​ព្រះបាទបសេនទិកោសល​ស្តេចចេញចាកក្រុងសាកេត ហើយទៅកាន់ក្រុងសាវត្ថី  ស្តេចចូលទៅសំណាក់អស់​មួយ​រាត្រី ​ក្នុងស្រុកតោរណវត្ថុ ដែលជា​ចន្លោះ​នៃក្រុង​សាវត្ថី និងក្រុងសាកេត។  គ្រា​នោះ​ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់នឹងបុរសម្នាក់ថា នែបុរសដ៏ចំរើន អ្នកឯង​មកអាយ អ្នកឯងចូរដឹង (គយគន់​មើល) នូវសមណៈ ឬព្រាហ្មណ៍ ​ក្នុងស្រុក​តោរណវត្ថុ ដែលល្មមអញ​ចូលទៅរក ក្នុងថ្ងៃនេះ។  បុរសនោះ ​ទទួលព្រះរាជឱង្ការ​ព្រះបាទបសេនទិកោសលថា  ព្រះករុណា​ថ្លៃវិសេស ហើយត្រាច់រង្គាត់ទៅសព្វស្រុក​តោរណវត្ថុ  ក៏មិនឃើញសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលល្មមព្រះបាទ​បសេនទិ​កោសល ​ទ្រង់ចូល​ទៅរកសោះឡើយ។

[៣៩៥] បុរសនោះ ស្រាប់តែបានឃើញខេមាភិក្ខុ​នី ចូលទៅអាស្រ័យនៅក្នុង ស្រុកតោរណវត្ថុ  លុះឃើញហើយ  ក៏ចូលទៅគាល់​ព្រះបាទ​បសេនទិកោសល លុះ​ចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះបាទបសេនទិកោសល ដូច្នេះថា  បពិត្រ​ព្រះ​សម្មតិទេព  ក្នុងស្រុកតោរណវត្ថុ មិនមាន​សមណៈ ឬព្រាហ្មណ៍ណាមួយ ដែលល្មម​ព្រះអង្គស្តេចចូលទៅរកឡើយ។ បពិត្រព្រះសម្មតិទេព មានតែភិក្ខុ​នី ១ រូប ឈ្មោះ ខេមា ជាសាវិកា របស់​ព្រះដ៏មានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។  ឯកិត្តិសព្ទដ៏ពីរោះ របស់នាងជាម្ចាស់នោះ  ល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា  នាងជាអ្នកប្រាជ្ញ ​ឈ្លាសវៃ មាន​ប្រាជ្ញា  ជាពហុស្សូត  មានសំដីដ៏វិចិត្រ  មានបដិភាណល្អ។  សូមព្រះអង្គ​ស្តេច​ចូល​ទៅ​រកខេមាភិក្ខុ​នីនោះចុះ។

[៣៩៦] លំដាប់នោះ  ព្រះបាទបសេនទិកោសល ក៏ស្តេចចូលទៅរកខេមាភិក្ខុ​នី លុះចូលទៅដល់ ទ្រង់ថ្វាយបង្គំខេមាភិក្ខុ​នី ហើយគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះបាទ​បសេនទិកោសល ទ្រង់គង់ក្នុងទីដ៏សមគួរហើយ  ទ្រង់មានព្រះបន្ទូល នឹងខេមាភិក្ខុ​នី​ដូច្នេះថា បពិត្រនាងជាម្ចាស់ សត្វស្លាប់ទៅ កើតទៀតឬទេ។ បពិត្រមហារាជ ពាក្យ​ថា សត្វស្លាប់ទៅ កើតទៀតនេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។  បពិត្រ​នាង​ជាម្ចាស់  ចុះសត្វស្លាប់ទៅ មិនកើតទៀតឬអ្វី។  បពិត្រមហារាជ  ពាក្យថា ​សត្វ​ស្លាប់ទៅ មិនកើតទៀតនេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។  បពិត្រនាង​ជាម្ចាស់ ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មាន ឬអ្វី។  បពិត្រ​មហារាជ ពាក្យថាសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាននេះ  ព្រះដ៏​មានព្រះភាគ ទ្រង់មិនបានព្យាករទេ។  បពិត្រនាងជាម្ចាស់  សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  បពិត្រមហារាជ  ពាក្យថាសត្វស្លាប់ទៅកើត​ទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។

[៣៩៧] កាលដែលខ្ញុំសួរដូច្នេះថា បពិត្រនាងជាម្ចាស់  សត្វស្លាប់ទៅ កើតទៀត​ឬទេ នាងឆ្លើយថា បពិត្រមហារាជ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ  ព្រះដ៏មាន​ព្រះភាគ ទ្រង់មិនបានព្យាករទេ។  កាលដែលខ្ញុំសួរ ដូច្នេះថា ​បពិត្រនាងជាម្ចាស់  ចុះសត្វ ស្លាប់ទៅ មិនកើតទៀតឬអ្វី  នាងឆ្លើយថា  បពិត្រមហារាជ  ពាក្យថាសត្វស្លាប់ទៅ​មិន​កើត​ទៀតនេះ ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ ​កាលដែលខ្ញុំសួរ ដូច្នេះថា  បពិត្រនាង​ជា​ម្ចាស់ ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មានឬអ្វី  នាងឆ្លើយថា  បពិត្រមហារាជ  ពាក្យថាសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះក៏មាននេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបាន​ព្យាករ​ទេ។ កាលដែលខ្ញុំសួរ ដូច្នេះថា  បពិត្រនាងជា​ម្ចាស់ ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី  នាងឆ្លើយថា  បពិត្រមហារាជ  ពាក្យថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។  បពិត្រនាងជាម្ចាស់  អ្វីជាហេតុ  អ្វីជាបច្ច័យ  ដែលនាំព្រះដ៏មានព្រះភាគមិនឲ្យទ្រង់ព្យាករពាក្យនេះ។

[៣៩៨] បពិត្រមហារាជ  បើដូច្នោះ ​អាត្មាភាព សូមសបសួរព្រះអង្គ ក្នុង​សេចក្តី​នេះ​​វិញ សូមព្រះអង្គ ទ្រង់ព្យាករសេចក្តីនោះ តាមទំនង ​ដែលព្រះអង្គសព្វព្រះហឫទ័យ​ចុះ។ បពិត្រមហារាជ  ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច  បើមានរាជបុរស​ណា​មួយ​របស់ព្រះអង្គ  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីនព្វន្តក្តី  ជាអ្នកឈ្លាសវៃ ក្នុង​ការ​រាប់ដោយម្រាមដៃក្តី  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីបូកក្តី  តើអាចនឹងរាប់​ខ្សាច់ ក្នុងទន្លេគង្គាថា ខ្សាច់មានប្រមាណប៉ុណ្ណេះក្តី  ខ្សាច់មានប៉ុណ្ណេះរយក្តី  ខ្សាច់មាន​ប៉ុណ្ណេះ​ពាន់ក្តី  ខ្សាច់មានប៉ុណ្ណេះសែនក្តី​ដូច្នេះ បានឬទេ។  មិនអាចរាប់បានទេ  នាង​ជាម្ចាស់។  មួយវិញទៀត  បើមានរាជបុរសណាមួយ របស់ព្រះអង្គ ជាអ្នកឈ្លាសវៃ​ក្នុងការរាប់ដោយវិធីនព្វន្តក្តី  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយម្រាមដៃក្តី  ជាអ្នក​ឈ្លាស​វៃ ក្នុងការរាប់ដោយវិធីបូកក្តី  តើគេអាចនឹងរាប់ទឹក ក្នុងមហាសមុទ្រថា ទឹកមាន​ប្រមាណ​ប៉ុណ្ណេះអាឡ្ហកៈក្តី មានប៉ុណ្ណេះរយអាឡ្ហកៈក្តី  មានប៉ុណ្ណេះ​ពាន់អាឡ្ហកៈក្តី មានប៉ុណ្ណេះសែនអាឡ្ហកៈក្តី  ដូច្នេះ បានឬទេ។  មិនអាច​រាប់​បានទេ នាងជាម្ចាស់។  ដំណើរនោះ  តើព្រោះហេតុអ្វី។  បពិត្រនាងជាម្ចាស់  ព្រោះ​ថា សមុទ្រធំ ជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃពេក។

[៣៩៩] បពិត្រមហារាជ  សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ  បុគ្គល កាលបញ្ញត្ត ​គួរ​បញ្ញត្តនូវសត្វ ដោយរូបណា  រូបនោះ ព្រះតថាគត ក៏បានលះបង់ចោលហើយ បានគាស់​រំលើងឫស​គល់អស់ហើយ ​បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃ​ដើម​ត្នោត  បាន​ធ្វើ​ឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។  បពិត្រ​មហារាជ ព្រះតថាគត ផុតចាកការរាប់នូវរូប ជាបុគ្គលជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃពេក  បពិត្រមហារាជ  ដូចជាមហាសមុទ្រ​ដែរ។ ព្រះតថាគត មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ មិនកើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។  បុគ្គល កាលបញ្ញត្ត  គួរបញ្ញត្តនូវសត្វ ដោយវេទនាឯណា  វេទនានោះ ព្រះតថាគត បានលះបង់ចោលហើយ  បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃ​ដើម​ត្នោត  បានធ្វើឲ្យលែងមានបែបភាព  មានសភាពមិនកើតឡើងតទៅទៀតឡើយ។  បពិត្រមហារាជ  ព្រះតថាគត ផុតចាកការរាប់ដោយវេទនា ជាបុគ្គលជ្រៅ  កំណត់ ប្រមាណមិនបាន​ ស្ទង់បានដោយកម្រក្រៃពេក  បពិត្រមហារាជ  ដូចជាមហាសមុទ្រ  ដែរ។ ព្រះតថាគតមិនប្រកាន់ថា  សត្វស្លាប់ទៅកើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់​ទៅ មិនកើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ​ក៏មានក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។  នូវសត្វដោយសញ្ញាឯណា។ បេ។  បុគ្គលកាលបញ្ញត្ត  គួរបញ្ញត្តនូវសត្វ ដោយសង្ខារ ទាំងឡាយឯណា  សង្ខារទាំងនោះ ព្រះតថាគត បានលះបង់ចោលហើយ  បានគាស់ រំលើងឫសគល់អស់ហើយ  បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត  បាន​ធ្វើឲ្យលែងមានបែបភាព  មានសភាពមិនកើតឡើងតទៅទៀតឡើយ។  បពិត្រ​មហារាជ ព្រះតថាគតផុតស្រឡះចាកការរាប់នូវសង្ខារ  ជាបុគ្គលជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃពេក  បពិត្រមហារាជ  ដូចជាមហាសមុទ្រដែរ។  ព្រះតថាគតមិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅមិន កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែនក្តី។  បុគ្គល​កាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ ដោយវិញ្ញាណឯណា  វិញ្ញាណនោះ​ព្រះតថាគត​បាន​លះ​បង់​​ចោល​ហើយ បានគាស់រំលើងឫសគល់អស់ហើយ  បានធ្វើឲ្យនៅសល់តែទីនៅ ​ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព  មានសភាពមិនកើត​ឡើង​តទៅទៀតឡើយ។  បពិត្រមហារាជ  ព្រះតថាគត ផុតស្រឡះ ចាកការរាប់នូវវិញ្ញាណ  ជាបុគ្គលជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រ​ក្រៃពេក បពិត្រមហារាជ​​  ដូចជាមហាសមុទ្រដែរ។  ព្រះតថាគត មិនប្រកាន់ថា  សត្វ​ស្លាប់​ទៅ កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ មិនកើតទៀតក្តី  មិនប្រកាន់ថា  សត្វ​ស្លាប់​ទៅ កើតទៀតខ្លះ​ក៏មាន  មិនកើតទៀតខ្លះ ក៏មានក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើត​ទៀតក៏មិនមែន  មិន​កើតទៀត ក៏មិនមែនក្តី។  គ្រានោះ ព្រះបាទបសេន​ទិកោសល​មាន​ព្រះរាជហឫទ័យ​ត្រេកអរ អនុមោទនា ចំពោះភាសិតរបស់ខេមាភិក្ខុ​នី ហើយ​ទ្រង់​ក្រោក​ចាកអាសនៈ  ថ្វាយបង្គំខេមាភិក្ខុ​នី ធ្វើប្រទក្សិណ ស្តេចចេញទៅ។

[៤០០] លុះសម័យខាងក្រោយមក  ព្រះបាទបសេនទិកោសល​ស្តេចចូលទៅ​គាល់ព្រះដ៏មានព្រះភាគ  ហើយគង់ក្នុងទីដ៏សមគួរ។  លុះព្រះបាទបសេនទិកោសល​គង់ក្នុងទីដ៏សមគួរហើយ  ក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះអង្គ​ដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតឬទេ។  បពិត្រមហារាជ  ពាក្យថា  សត្វស្លាប់ទៅ ​កើត​ទៀតនុ៎ះ តថាគតមិនបានព្យាករទេ។  បពិត្រព្រះអង្គដ៏ចំរើន  ចុះសត្វស្លាប់​ទៅ ​មិនកើតទៀតឬអ្វី។  បពិត្រមហារាជ  ពាក្យថា  សត្វស្លាប់ទៅ មិនកើតទៀតនុ៎ះ  តថាគត​មិនបានព្យាករទេ។  បពិត្រព្រះអង្គដ៏ចំរើន  ចុះសត្វស្លាប់ទៅ កើតទៀត​ខ្លះ​ក៏មាន មិនកើតទៀតខ្លះ ក៏មានឬអ្វី។  បពិត្រមហារាជ  ពាក្យថា  សត្វស្លាប់ទៅ កើត​ទៀតខ្លះ​ក៏មាន មិនកើតទៀតខ្លះក៏មាននុ៎ះ  តថាគត មិនបានព្យាករទេ។  បពិត្រព្រះអង្គ​ដ៏ចំរើន ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។ ​បពិត្រ​មហារាជ ពាក្យថា  សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើតទៀត ក៏មិនមែននុ៎ះ  តថាគត​មិនបានព្យាករទេ។  កាលដែលខ្ញុំព្រះអង្គ ក្រាបទូលសួរ ដូច្នេះថា  បពិត្រព្រះអង្គ​ដ៏ចំរើន សត្វស្លាប់ទៅ កើតទៀតឬទេ  ព្រះអង្គត្រាស់ថា  បពិត្រមហារាជ  ពាក្យថា​សត្វស្លាប់ទៅ កើតទៀតនុ៎ះ  តថាគតមិនបានព្យាករទេ។បេ។  កាលដែលខ្ញុំព្រះអង្គ​ក្រាបទូលសួរដូច្នេះថា  បពិត្រ​ព្រះអង្គដ៏ចំរើន  ចុះសត្វស្លាប់ទៅ កើតទៀត ក៏មិនមែន   មិនកើតទៀត ក៏មិនមែនឬអ្វី  ព្រះអង្គត្រាស់ថា  បពិត្រមហារាជ  ពាក្យថា  សត្វស្លាប់ទៅ​កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននុ៎ះ  តថាគតមិនបានព្យាករទេ។  បពិត្រ​ព្រះអង្គ​ដ៏ចំរើន អ្វីជាហេតុ  អ្វីជាបច្ច័យ  ដែលនាំ​ព្រះដ៏មានព្រះភាគ​មិនឲ្យទ្រង់​ព្យាករ​ពាក្យនុ៎ះ។

[៤០១] បពិត្រមហារាជ  បើដូច្នោះ  តថាគតនឹងសូមសបសួរព្រះអង្គ​ក្នុង​សេច​ក្តី​នោះវិញ សូមព្រះអង្គ ទ្រង់ព្យាករសេចក្តីនោះ ​តាមទំនង ដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​​​ផងចុះ។ បពិត្រមហារាជ ព្រះអង្គសំគាល់សេចក្តីនោះ ដូចម្តេច បើមានរាជ​បុរស​ណាមួយ របស់ព្រះអង្គ  ជាអ្នកឈ្លាសវៃ ក្នុងការ​រាប់ដោយ​វិធីនព្វន្តក្តី  ជាអ្នក​ឈ្លាសវៃ ក្នុងការរាប់​ដោយម្រាមដៃក្តី ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយវិធីបូកក្តី តើ​អាច​នឹង​រាប់​គ្រាប់​ខ្សាច់ ក្នុងទន្លេគង្គាថា គ្រាប់ខ្សាច់​មាន​ប្រមាណ​ប៉ុណ្ណេះក្តី។បេ។ គ្រាប់​ខ្សាច់ មានប្រមាណប៉ុណ្ណេះសែនក្តី បានឬទេ។  រាប់មិនបានទេ ព្រះអង្គ។​មួយ​វិញ​ទៀត បើមានរាជបុរសណាមួយ របស់ព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយ​វិធីនព្វន្តក្តី  ជាអ្នកឈ្លាសវៃ ក្នុងការរាប់ដោយម្រាមដៃក្តី  ជាអ្នកឈ្លាសវៃ ក្នុងការ​រាប់​ដោយវិធីបូកក្តី  តើអាចនឹងរាប់ទឹក ក្នុងមហាសមុទ្រថា ទឹកមានប្រមាណប៉ុណ្ណេះ​អាឡ្ហកៈក្តី។បេ។  មានប៉ុណ្ណេះសែនអាឡ្ហកៈក្តី  បានឬទេ។ រាប់មិនបានទេ ព្រះអង្គ។  ដំណើរនោះ  តើព្រោះហេតុអ្វី។  បពិត្រព្រះអង្គដ៏ចំរើន  ព្រោះថាសមុទ្រធំ មានជម្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃពេក។

[៤០២] បពិត្រមហារាជ  សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ  បុគ្គលកាលបញ្ញត្ត  គួរ បញ្ញត្តនូវសត្វ ដោយរូបឯណា  រូបនោះ តថាគត បានលះបង់ចោលហើយ  បានគាស់​រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ​ដូចជាទីនៅនៃដើមត្នោត  បាន​ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។ បពិត្រ​មហារាជ តថាគតផុតស្រឡះ ចាកការរាប់នូវរូប ជាបុគ្គលជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃពេក ​បពិត្រមហារាជ  ដូចជាមហាសមុទ្រដែរ។  តថាគតមិន ប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ មិនកើតទៀតក្តី  មិន ប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។  (បុគ្គលកាលបញ្ញត្ត  គួរបញ្ញត្តនូវសត្វ)  ដោយវេទនាឯណា។  ដោយសញ្ញាឯណា។  ដោយសង្ខារ​ទាំងឡាយ​ឯណា។ ​បុគ្គល កាលបញ្ញត្ត  គួរបញ្ញត្តនូវសត្វ ដោយវិញ្ញាណឯណា  វិញ្ញាណ​នោះ តថាគតបានលះបង់ចោលហើយ  បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើ​ឲ្យ​នៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មាន​សភាព​មិនកើតឡើងតទៅទៀតឡើយ។  បពិត្រមហារាជ  តថាគតផុតស្រឡះ ចាក​ការរាប់​នូវវិញ្ញាណ ជាបុគ្គលជ្រៅ  កំណត់ប្រមាណមិនបាន  ស្ទង់បានដោយកម្រក្រៃ​ពេក បពិត្រមហារាជ  ដូចជាមហាសមុទ្រដែរ។  តថាគត មិនប្រកាន់ថា សត្វស្លាប់​ទៅ កើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ មិនកើតទៀតក្តី  មិនប្រកាន់ថា  សត្វស្លាប់​ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មានក្តី  មិនប្រកាន់ថា  សត្វស្លាប់ទៅ កើត​ទៀត​ក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។

[៤០៣] បពិត្រព្រះអង្គដ៏ចំរើន  អស្ចារ្យណាស់  បពិត្រព្រះអង្គដ៏ចំរើន  ចំឡែកណាស់  ព្រោះថា បើនឹងប្រៀបធៀបអត្ថដោយអត្ថ ព្យញ្ជនៈដោយព្យញ្ជនៈ  របស់​ព្រះសាស្តាផង  របស់សាវិកាផង  នឹងឃើញសមគ្នា  មិនឃ្លៀងឃ្លាតគ្នា​ក្នុងបទដ៏​ប្រសើរនេះឡើយ។  បពិត្រព្រះអង្គដ៏ចំរើន  សម័យមួយ ក្នុងទីឯណោះ  ខ្ញុំព្រះអង្គ​ចូលទៅរកខេមាភិក្ខុ​នី ហើយបានសួរសេចក្តីនុ៎ះ។ ឯខេមាភិក្ខុ​នីជាម្ចាស់នោះ​បាន​ព្យាករសេចក្តីនុ៎ះ ដោយបទទាំងនុ៎ះ ដោយព្យញ្ជនៈទាំងនុ៎ះ ដល់ខ្ញុំព្រះអង្គ  មានទំនងដូចជា​ព្រះដ៏មានព្រះភាគដែរ។  បពិត្រព្រះអង្គដ៏ចំរើន  អស្ចារ្យណាស់  បពិត្រព្រះអង្គដ៏​ចំរើន ចំឡែកណាស់  ព្រោះថា បើប្រៀបធៀបអត្ថដោយអត្ថ  ព្យញ្ជនៈដោយព្យញ្ជនៈ  របស់ព្រះសាស្តាផង  របស់សាវិកាផង  នឹងឃើញសមគ្នាមែន  មិនឃ្លៀងឃ្លាតគ្នា ក្នុងបទដ៏ប្រសើរនេះឡើយ។  បពិត្រព្រះអង្គដ៏ចំរើន  បើដូច្នោះ  ខ្ញុំព្រះអង្គ​សូមលា​ទៅ ក្នុងកាលឥឡូវនេះ (ព្រោះ) ខ្ញុំព្រះអង្គ ជាអ្នកមានកិច្ចច្រើន  មានការងារច្រើន។ បពិត្រ​មហារាជ ព្រះអង្គសំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។  លំដាប់នោះឯង  ព្រះបាទបសេនទិកោសល ទ្រង់ត្រេកអរ អនុមោទនា ចំពោះភាសិត របស់​ព្រះដ៏មាន​ព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចធ្វើប្រទក្សិណ ស្តេចចេញទៅ។ ចប់ សូត្រ ទី១​។

អនុរាធសូត្រ ទី២

[៤០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។  សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់​គង់​ក្នុងកូដាគារសាលា  នាមហាវន ជិតក្រុងវេសាលី។  សម័យនោះឯង  ព្រះអនុរាធ​ដ៏​មានអាយុ គង់ក្នុងអារញ្ញកុដិកា (កុដិតូចតាំងនៅក្នុងព្រៃ) ជិតព្រះដ៏មានព្រះភាគ។  លំដាប់នោះ  ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើនគ្នា ចូលសំដៅទៅរកព្រះអនុរាធដ៏មាន​អាយុ លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអនុរាធដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ  និងពាក្យដែលគួររឭកហើយ  ក៏អង្គុយក្នុងទីដ៏សមគួរ។  លុះបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបនិយាយនឹង​ព្រះ​អនុរាធដ៏មានអាយុដូច្នេះថា ម្នាលអាវុសោអនុរាធ សត្វឯណា ជាបុរសដ៏ឧត្តម ជាបុរស​ដ៏ប្រសើរក្រៃលែង  ដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង  ព្រះតថាគត កាលបញ្ញត្ត  ក៏​បញ្ញត្ត​នូវសត្វនោះ ក្នុងហេតុទាំង ៤ នេះ  គឺថា សត្វស្លាប់ទៅ កើតទៀត ១  សត្វស្លាប់ទៅ​មិនកើតទៀត ១ សត្វស្លាប់ទៅ មិនកើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន ១  សត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ១។   ម្នាលអាវុសោ ​សត្វឯណា​ជាបុរសដ៏ឧត្តម  ជាបុរសដ៏ប្រសើរក្រៃលែង  ដល់នូវចំណែកនៃគុណ ដ៏ក្រៃលែង  ព្រះតថាគត ​កាលបញ្ញត្ត រមែង​បញ្ញត្តនូវសត្វនោះ ដោយវៀរចាកហេតុ ទាំង ៤ នេះចេញ  គឺថា សត្វស្លាប់ទៅ កើតទៀត ១  សត្វស្លាប់ទៅ មិនកើតទៀត ១  សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន ១ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែន ១។

[៤០៥] កាលបើព្រះអនុរាធត្ថេរ ពោលយ៉ាងនេះហើយ  ទើបពួកបរិព្វាជក ជា​អន្យតិរ្ថិយទាំងនោះ បានពោលទៅនឹងព្រះអនុរាធដ៏មានអាយុ ដូច្នេះថា  ភិក្ខុ​នេះ ជាភិក្ខុ​ថ្មី  ទើបតែនឹងបួស  ឬជាភិក្ខុ​ចាស់ ប៉ុន្តែល្ងង់ខ្លៅ មិនឈ្លាសវៃ។  ទើបពួកបរិព្វាជក ជា​អន្យតិរ្ថិយទាំងនោះ ពោលបង្អាប់ព្រះអនុរាធដ៏មានអាយុ ដោយពោលថា ជាភិក្ខុ​ថ្មី​ផង  ដោយពាក្យថា ជាមនុស្សល្ងង់ខ្លៅផង  ហើយនាំគ្នាក្រោកចាកអាសនៈ ដើរចេញ​ទៅ។ លំដាប់នោះ  កាលដែលពួកបរិព្វាជក ជាអន្យតិរ្ថិយ ដើរចេញទៅ មិនយូរប៉ុន្មាន  ព្រះអនុរាធដ៏មានអាយុ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា  ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គប្បីសួរតទៅទៀត  តើអាត្មាអញ គួរព្យាករ ដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ ដូចម្តេចហ្ន៎  ទើបឈ្មោះថា ជាអ្នកពោលនូវពាក្យ ដែល​ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់ត្រាស់ហើយផង មិនគប្បីពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយ​ពាក្យ​មិន​ពិតផង គប្បីព្យាករ នូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអាននៃពាក្យ ដែលប្រកបដោយ​ធម៌ណា​មួយ  ក៏មិនដល់នូវហេតុ ដែលគួរតិះដៀលផង។

[៤០៦] លំដាប់នោះ  ព្រះអនុរាធដ៏មានអាយុ បានចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់  ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះអនុរាធដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះ​ភាគ ដូច្នេះថា  បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ នៅក្នុងអារញ្ញកុដិកា  ជិត​ព្រះដ៏មានព្រះភាគ។  បពិត្រព្រះអង្គដ៏ចំរើន  លំដាប់នោះ  ពួកបរិព្វាជក ជា​អន្យតិរ្ថិយច្រើននាក់  បានចូលមករកខ្ញុំព្រះអង្គ  លុះចូលមកដល់ហើយ  ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹងខ្ញុំព្រះអង្គ  លុះបញ្ចប់ពាក្យ ដែលគួររីករាយ ​និងពាក្យដែលគួរជា​ទីរឭក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះបរិព្វាជក ជា​អន្យតិរ្ថិយ​ទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ  បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា  ម្នាល​អាវុសោអនុរាធ  សត្វឯណា ជាបុរសដ៏ឧត្តម  ជាបុរសដ៏ប្រសើរក្រៃលែង  ជាអ្នកដល់​នូវ​ចំណែក នៃគុណដ៏ក្រៃលែង  ព្រះតថាគត កាលបញ្ញត្ត ក៏រមែង​បញ្ញត្ត នូវសត្វនោះ​ក្នុងហេតុ​ទាំង ​៤ យ៉ាងនេះ  គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។  សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើតទៀតក៏មិនមែន ១។ ​បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកបរិព្វាជក ​ជា​អន្យតិរ្ថិយ ពោលយ៉ាងនេះហើយ  ខ្ញុំព្រះអង្គ ក៏បានពោល​ទៅនឹង​ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាលអាវុសោ  សត្វឯណា ជា​បុរស​ដ៏ឧត្តម ជាបុរសដ៏ប្រសើរ​ក្រៃលែង ជាអ្នកដល់នូវចំណែកនៃគុណ ដ៏ក្រែលែង  ព្រះតថាគត កាលបញ្ញត្ត  ក៏រមែង​​បញ្ញត្តនូវសត្វនោះ ដោយវៀរចាកហេតុ ទាំង ៤ យ៉ាងនេះចេញ  គឺថា សត្វស្លាប់ទៅ ​កើត​ទៀត ១។ បេ។  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែន ១។  បពិត្រ​ព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ  បរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ​បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា  លោកនេះ ជាភិក្ខុ​ថ្មី ទើបតែនឹងបួស  ឬជា​ភិក្ខុ​ចាស់ តែល្ងង់ខ្លៅ  មិនឈ្លាសវៃ ។  បពិត្រព្រះអង្គដ៏ចំរើន  ទើបបរិព្វាជក ជា​អន្យតិរ្ថិយទាំងនោះ បានពោលបង្អាប់ខ្ញុំព្រះអង្គ ដោយពាក្យថា ជាភិក្ខុ​ថ្មីផង ដោយពាក្យ​ថា ល្ងង់ខ្លៅផង ហើយនាំគ្នាក្រោកចាកអាសនៈ ដើរចេញទៅ។ ​បពិត្រព្រះអង្គដ៏ចំរើន  កាលពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គ ក៏មានសេចក្តី​ត្រិះរិះ ​ដូច្នេះថា ប្រសិនបើពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ គប្បីសួរអាត្មាអញ​តទៅ​ទៀត តើគួរអាត្មាអញ ព្យាករដល់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូចម្តេចហ្ន៎  ទើប​ឈ្មោះថា ជាអ្នកពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង  មិន​ពោល​​បង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង  គប្បីព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងការពោលតាមលំអាននៃពាក្យ ដែលប្រកបដោយធម៌ណាមួយ  ក៏មិនដល់​នូវហេតុ ដែលគួរតិះដៀលផង។

[៤០៧] ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  រូបទៀង ឬមិនទៀង។  មិន​ទៀងទេ ព្រះអង្គ។  រូបឯណាមិនទៀង  តើរូបនោះ ជាទុក្ខ ឬជាសុខ។ ​ជាទុក្ខ ព្រះអង្គ។  រូបឯណា មិនទៀងជាទុក្ខ  មានសេចក្តីប្រែប្រួលជាធម្មតា  គួរយល់ឃើញ​នូវរូបនោះថា នុ៎ះរបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។  ហេតុនោះមិនគួរទេ ព្រះអង្គ។  ចុះវេទនាទៀង ឬមិនទៀង។ បេ។  ចុះសញ្ញា  សង្ខារ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។  ចុះវិញ្ញាណឯណា មិនទៀង  តើវិញ្ញាណនោះ ជាទុក្ខ ឬជាសុខ។  ជាទុក្ខ ព្រះអង្គ។  ចុះវិញ្ញាណឯណា មិនទៀងជាទុក្ខ  មានសេចក្តីប្រែប្រួលជាធម្មតា  គួរយល់ឃើញ នូវវិញ្ញាណនោះថា  នុ៎ះរបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។  ហេតុនោះ មិនគួរទេ ព្រះអង្គ។

[៤០៨] ម្នាលអនុរាធ  ព្រោះហេតុនោះ  រូបឯណានីមួយជាអតីត  អនាគត បច្ចុប្បន្ន  ទោះខាងក្នុងក្តី  ខាងក្រៅក្តី  គ្រោតគ្រាតក្តី  ល្អិតក្តី  ថោកទាបក្តី  ថ្លៃថ្លាក្តី  រូបឯណាដែលនៅក្នុងទីឆ្ងាយក្តី  ក្នុងទីជិតក្តី  រូបទាំងអស់នោះ គ្រាន់តែជារូបប៉ុណ្ណោះ បុគ្គលគប្បីយល់ឃើញនូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិន​មែន​របស់អាត្មាអញទេ​នុ៎ះមិនមែនជាអាត្មាអញទេ  នុ៎ះមិនមែនជាខ្លួនអាត្មាអញ​ទេ។ វេទនា​ឯណានីមួយ ជាអតីត  អនាគត បច្ចុប្បន្ន  សញ្ញាឯណានីមួយ  សង្ខារទាំងឡាយ​​ឯណានីមួយ  វិញ្ញាណឯណានីមួយ ជាអតីត  អនាគត បច្ចុប្បន្ន  ទោះខាងក្នុងក្តី  ខាងក្រៅក្តី  គ្រោតគ្រាតក្តី  ល្អិតក្តី  ថោកទាបក្តី  ថ្លៃថ្លាក្តី ​វិញ្ញាណឯណា ដែលនៅក្នុង​ទីឆ្ងាយក្តី ក្នុងទីជិតក្តី  វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ  បុគ្គលគប្បី​យល់ឃើញ នូវវិញ្ញាណនុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិត យ៉ាងនេះថា  នុ៎ះមិនមែន​របស់អាត្មាអញទេ នុ៎ះមិនមែនជាអាត្មាអញទេ  នុ៎ះមិនមែនជាខ្លួនអាត្មាអញ​ទេ។ ម្នាល​អនុរាធ អរិយសាវក អ្នកចេះដឹង  កាលបើឃើញយ៉ាងនេះ  រមែង​នឿយណាយ ក្នុង​រូបផង នឿយណាយក្នុងវេទនាផង  នឿយណាយក្នុងសញ្ញាផង  នឿយណាយក្នុង​សង្ខារ​ទាំងឡាយផង  នឿយណាយក្នុងវិញ្ញាណផង  កាលបើនឿយ​ណាយ ចិត្តក៏ប្រាស​ចាកតម្រេក  ព្រោះប្រាសចាកតម្រេក  ចិត្តក៏ផុតស្រឡះ ចាក​(អាសវៈ)។ កាលបើ​ចិត្តផុតស្រឡះហើយ  ញាណក៏កើតឡើងថា  ចិត្តផុតស្រឡះហើយ។  អរិយសាវក​នោះ​ដឹងច្បាស់ថា  ជាតិអស់ហើយ  ព្រហ្មចរិយធម៌ អាត្មាអញ បាននៅស្រេចហើយ  សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ  មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោ​ឡ​ស​កិច្ចនេះ ទៀតមិនមានឡើយ។

[៤០៩] ម្នាលអនុរាធ ​អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណា ឃើញ​នូវរូប ថាជាសត្វឬ។ មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញនូវ​វេទនា ថាជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  ​អ្នកពិចារណាឃើញនូវសញ្ញា ថា​ជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញនូវសង្ខារ​ទាំងឡាយ​ថាជាសត្វឬ។ មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញនូវវិញ្ញាណ​ថាជា​សត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។

[៤១០] ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណា​ឃើញថា សត្វក្នុងរូបឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វ​ក្រៅ​អំពីរូបឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វ​ក្នុង​វេទនាឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វក្រៅ​អំពី​វេទនាឬ។  បេ។ ក្នុងសញ្ញាឬ។ បេ។  ក្រៅអំពីសញ្ញាឬ។ បេ។  ក្នុងសង្ខារ​ទាំងឡាយឬ។ បេ។ ក្រៅអំពីសង្ខារទាំងឡាយឬ។បេ។  អ្នកពិចារណាឃើញថា ​សត្វក្នុងវិញ្ញាណឬ។ មិនមែនដូច្នោះទេ  ព្រះអង្គ។  អ្នកពិចារណាឃើញថា សត្វក្រៅ​អំពីវិញ្ញាណឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។

[៤១១] ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណា​ឃើញ​នូវរូប វេទនា  សញ្ញា សង្ខារ  វិញ្ញាណ ថាជាសត្វឬ។  មិនមែនដូច្នោះទេ  ព្រះអង្គ។

[៤១២] ម្នាលអនុរាធ  អ្នកសំគាល់សេចក្តីនោះ ដូចម្តេច  អ្នកពិចារណាឃើញ​ថាសត្វនេះគ្មានរូប គ្មានវេទនា  គ្មានសញ្ញា  គ្មានសង្ខារ  គ្មានវិញ្ញាណឬ។  មិនមែន​ដូច្នោះទេ  ព្រះអង្គ។  ម្នាលអនុរាធ  សភាវៈដែលអ្នកមិនត្រូវបានដោយពិត​ឬដោយ​ទៀងទាត់ ក្នុងបច្ចុប្បន្ននេះ អ្នកគួរឃើញដែរឬ  ត្រង់ពាក្យព្យាករណ៍នេះថា  ម្នាល​អាវុសោ  សត្វឯណា ជាបុរសដ៏ឧត្តម  ជាបុរសដ៏ប្រសើរក្រៃលែង  ជាអ្នកដល់នូវ​ចំណែក​នៃ​គុណ​ដ៏ក្រៃលែង  ព្រះតថាគត កាលបញ្ញត្ត  ក៏រមែង​បញ្ញត្តនូវសត្វនោះ ដោយ​វៀរចាកហេតុ ទាំង ៤ នោះចេញ  គឺថា សត្វស្លាប់ទៅ កើតទៀត ១។ បេ។ សត្វស្លាប់​ទៅ​កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ១។  មិនមែនដូច្នោះទេ  ព្រះអង្គ។  សាធុ ៗ អនុរាធ  ម្នាលអនុរាធ  ក្នុងកាលពីមុនក្តី  ក្នុងកាលឥឡូវនេះក្តី  តថាគត ក៏បញ្ញត្ត​នូវទុក្ខ​និងហេតុជាទីរលត់នៃទុក្ខ ប៉ុណ្ណោះឯង។  ចប់ សូត្រ ទី២។

បឋមសារិបុត្តកោដ្ឋិកសូត្រ ទី៣

[៤១៣]  សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតៈដ៏មានអាយុ គង់ក្នុងឥសិបតនមិគទាយវន  ជិតក្រុងពារាណសី។  លំដាប់នោះ  ព្រះមហាកោដ្ឋិតៈ​ដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងវេលាសាយណ្ហសម័យ  បានចូលទៅរកព្រះសារីបុត្ត​ដ៏មានអាយុ  លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មាន អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរជាទីរឭកហើយ ក៏គង់​ក្នុង​ទី​ដ៏​សមគួរ។  លុះព្រះមហាកោដ្ឋិតៈដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលនឹង​ព្រះ​សារី​បុត្ត​ដ៏មានអាយុ ដូច្នេះថា  ម្នាលអាវុសោសារីបុត្ត  សត្វស្លាប់ទៅ កើតទៀតឬទេ។  ព្រះសារីបុត្តឆ្លើយថា  ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ  ព្រះដ៏មានព្រះភាគ ​ទ្រង់មិនបាន​ព្យាករទេ។  ម្នាលអាវុសោ  សត្វស្លាប់ទៅ មិនកើតទៀតទេឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិនបានព្យាករទេ។ ម្នាល​អាវុសោ ចុះសត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មានឬអ្វី។  ម្នាលអាវុសោ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះ ក៏មាននេះ  ព្រះដ៏មានព្រះភាគ ទ្រង់មិន​បានព្យាករទេ។  ម្នាលអាវុសោ  ចុះសត្វស្លាប់ទៅ កើត​ទៀត​ក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  ម្នាលអាវុសោ  ពាក្យថា សត្វស្លាប់ទៅ ​កើត​ទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ព្រះដ៏មានព្រះភាគ​ទ្រង់មិនបានព្យាករ​ដែរ។ កាលដែលខ្ញុំសួរថា  ម្នាលអាវុសោ  ចុះសត្វស្លាប់ទៅ កើតទៀតឬទេ  លោក ឆ្លើយថា  ម្នាលអាវុសោ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ   ព្រះដ៏មានព្រះភាគ​ទ្រង់​មិនបានព្យាករទេ។បេ។  កាលដែលខ្ញុំសួរ យ៉ាងនេះថា    ម្នាលអាវុសោ  ចុះសត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនឬអ្វី  លោកឆ្លើយថា  ម្នាល​អាវុសោ ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែននេះ  ព្រះដ៏​មានព្រះភាគ ក៏ទ្រង់មិនបានព្យាករទេ។  ម្នាលអាវុសោ  អ្វីជាហេតុ  អ្វីជាបច្ច័យ  ដែល​នាំព្រះដ៏មានព្រះភាគ មិនឲ្យទ្រង់ព្យាករពាក្យនេះ។

[៤១៤] ម្នាលអាវុសោ  ពាក្យថា សត្វស្លាប់ទៅកើតទៀតនេះ  គ្រាន់តែជារូបទេ។  ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ  ក៏គ្រាន់តែជារូបដែរ។  ពាក្យថា សត្វ​ស្លាប់​ទៅ កើតទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មាននេះ  គ្រាន់តែជារូបដែរ។  ពាក្យថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែននេះ គ្រាន់តែជារូបដែរ។  ម្នាល​អាវុសោ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ  គ្រាន់តែជាវេទនាទេ។  ពាក្យថា​សត្វស្លាប់ទៅ មិនកើតទៀតនេះ  គ្រាន់តែជាវេទនាដែរ។  ពាក្យថា សត្វស្លាប់ទៅកើត​ទៀត​ខ្លះក៏មាន  មិនកើតទៀតខ្លះក៏មាននេះ  ក៏គ្រាន់តែជាវេទនាដែរ។  ពាក្យថា សត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែននេះ  ក៏គ្រាន់តែជាវេទនាដែរ។  ម្នាល​អាវុសោ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ  គ្រាន់តែជាសញ្ញាទេ។  ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ  គ្រាន់តែជាសញ្ញាដែរ។  ពាក្យថា សត្វស្លាប់ទៅកើត​ទៀតខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មាននេះ  ក៏គ្រាន់តែជាសញ្ញាដែរ។  ពាក្យថា សត្វ​ស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  គ្រាន់តែជាសញ្ញាដែរ។  ម្នាលអាវុសោ  ពាក្យថា  សត្វស្លាប់ទៅ កើតទៀតនេះ  គ្រាន់តែជាសង្ខារទេ។  ពាក្យថា សត្វស្លាប់ទៅ មិនកើតទៀតនេះ  គ្រាន់តែជាសង្ខារដែរ។  ពាក្យថា សត្វស្លាប់ទៅកើត​ទៀត​ខ្លះក៏មាន  មិនកើតទៀតខ្លះ ក៏មាននេះ  គ្រាន់តែជាសង្ខារដែរ។  ពាក្យថា សត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ក៏គ្រាន់តែជាសង្ខារដែរ។  ម្នាល​អាវុសោ  ពាក្យថា សត្វស្លាប់ទៅ កើតទៀតនេះ  គ្រាន់តែជាវិញ្ញាណទេ។  ពាក្យ​ថា  សត្វស្លាប់ទៅ មិនកើតទៀតនេះ  គ្រាន់តែជាវិញ្ញាណដែរ។    ពាក្យថា សត្វស្លាប់ទៅ ​កើត​ទៀតខ្លះក៏មាន  មិនកើតទៀតខ្លះក៏មាននេះ  គ្រាន់តែជាវិញ្ញាណដែរ។  ពាក្យថា សត្វ​ស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែននេះ  ក៏គ្រាន់តែជាវិញ្ញាណដែរ។  ម្នាលអាវុសោ  នេះឯងជាហេតុ  នេះឯងជាបច្ច័យ  ដែលនាំឲ្យព្រះដ៏មានព្រះភាគ​មិនទ្រង់ព្យាករពាក្យនេះ។  ចប់ សូត្រ ទី៣។

ទុតិយសារិបុត្តកោដ្ឋិកសូត្រ ទី៤

[៤១៥] សម័យមួយ  ព្រះសារីបុត្តដ៏មានអាយុ  និងព្រះមហាកោដ្ឋិតដ៏មានអាយុ  នៅក្នុងព្រៃឥសិបតនមិគទាយៈ ជិតក្រុងពារាណសី។ បេ។  ការដណ្តឹងសួរនោះ ក៏កើតឡើងថា  ម្នាលអាវុសោ  ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎​​ ដែលនាំឲ្យ​ព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤១៦] ម្នាលអាវុសោ  កាលបើបុគ្គលមិនដឹង មិនឃើញ នូវរូបតាមសភាវៈពិត  មិនដឹង មិនឃើញ  នូវហេតុជាទីកើតឡើងនៃរូប តាមសភាវៈពិត មិនដឹង មិន​ឃើញ នូវ​សេចក្តីរលត់ នៃរូបតាមសភាវៈពិត  មិនដឹង មិនឃើញ​  នូវបដិបទា ដើម្បីដល់នូវ​សេចក្តី​រលត់​នៃរូប តាមសភាវៈពិតទេ  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់​ទៅ កើតទៀតក៏មាន។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅមិនកើត ទៀតក៏មាន។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិន​កើតទៀតខ្លះក៏មាន។  បុគ្គលនោះ​មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។ កាលបើបុគ្គលមិនដឹង មិនឃើញនូវវេទនា  សញ្ញា សង្ខារទាំងឡាយ  និងវិញ្ញាណ តាមសភាវៈពិត  មិនដឹង មិនឃើញ  នូវហេតុជា​ទីកើតឡើង នៃវិញ្ញាណ តាមសភាវៈពិត  មិនដឹង មិនឃើញ  នូវសេចក្តីរលត់ នៃវិញ្ញាណ​តាមសភាវៈពិត  មិនដឹង  មិនឃើញ នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់ នៃវិញ្ញាណ​តាមសភាវៈពិត  បុគ្គលនោះ ទើបមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀត​ក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ មិនកើតទៀត ក៏មាន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះ  ក៏មាន។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក៏មាន។

[៤១៧] ម្នាលអាវុសោ  កាលបើបុគ្គលដឹង  ឃើញ  នូវរូបតាមសភាវៈពិត  ដឹង ឃើញ នូវហេតុជាទីកើតឡើងនៃរូប តាមសភាវៈពិត  ដឹង ឃើញ  នូវសេចក្តីរលត់នៃរូប​តាមសភាវៈពិត ដឹង  ឃើញ នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់ នៃរូប​តាមសភាវៈ​ពិតហើយ បុគ្គលនោះ ក៏មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀត។ បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀត​ក៏មិនមែន ក៏មាន។  កាលបើបុគ្គលដឹង  ឃើញ នូវវេទនា  សញ្ញា សង្ខារ​ទាំង​ឡាយ  និងវិញ្ញាណ តាមសភាវៈពិត  ដឹង ឃើញ  នូវហេតុជាទីកើតឡើង នៃវិញ្ញាណ​តាមសភាវៈពិត  ដឹង  ឃើញនូវសេចក្តីរលត់ នៃវិញ្ញាណ តាមសភាវៈពិត  ដឹង ឃើញ  នូវបដិបទា ដើម្បីដល់នូវសេចក្តីរលត់ នៃវិញ្ញាណ តាមសភាវៈពិត  បុគ្គលនោះ​ក៏មិនមាន​សេចក្តីត្រិះរិះ ​ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។  បុគ្គលនោះ មិនមានសេចក្តី​ត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ មិនកើតទៀតក៏មាន។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ​ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះ ក៏មាន។  បុគ្គលនោះ ​មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅកើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែន  ក៏មាន។ ម្នាលអាវុសោ  នេះឯងជាហេតុ  នេះឯងជាបច្ច័យ  ដែលនាំឲ្យព្រះដ៏មានព្រះភាគ​មិនទ្រង់ព្យាករនូវពាក្យនេះ។  ចប់ សូត្រ ទី៤។

តតិយសារិបុត្តកោដ្ឋិកសូត្រ ទី៥

[៤១៨] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតដ៏មានអាយុ នៅក្នុងព្រៃឥសិបតនមិគទាយៈ  ជិតក្រុងពារាណសី។ បេ។  ការសាកសួរនេះ​ឯងកើត​ឡើងថា ម្នាលអាវុសោ  ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎  ដែលនាំឲ្យព្រះដ៏មាន​ព្រះភាគ ​មិ​នទ្រង់ព្យាករនូវពាក្យនេះ។

[៤១៩] ម្នាលអាវុសោ  កាលបើបុគ្គលមិនប្រាសចាកតម្រេក  មិនប្រាស​ចាក​សេចក្តីពេញចិត្ត  មិនប្រាសចាកសេចក្តីស្រឡាញ់  មិនប្រាសចាកសេចក្តីស្រេកឃ្លាន  មិនប្រាសចាកសេចក្តីក្តៅក្រហាយ  មិនប្រាសចាកចំណង់ក្នុងរូបទេ  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។  បុគ្គលនោះ មាន​សេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន   ក៏មាន។ កាលបើបុគ្គលមិនប្រាសចាកតម្រេក  មិនប្រាសចាកសេចក្តីពេញចិត្ត  មិន​ប្រាស​ចាកសេចក្តីស្រឡាញ់  មិនប្រាសចាកសេចក្តីស្រេកឃ្លាន  មិនប្រាសចាកសេចក្តី​ក្តៅក្រហាយ មិនប្រាសចាកចំណង់ក្នុងវេទនា  សញ្ញា សង្ខារទាំងឡាយ  និងវិញ្ញាណទេ  បុគ្គលនោះ រមែង​មានសេចក្តីត្រិះរិះ ដូច្នេះថា ​សត្វស្លាប់ទៅ កើតទៀតក៏មាន។បេ។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត​ក៏មិនមែន ក៏មាន។

[៤២០] ម្នាលអាវុសោ  កាលបើបុគ្គលប្រាសចាកតម្រេកក្នុងរូប។ បេ។  កាលបើបុគ្គលប្រាសចាកតម្រេក  ប្រាសចាកសេចក្តីពេញចិត្ត  ប្រាសចាកសេចក្តី​ស្រឡាញ់ ប្រាសចាកសេចក្តីស្រេកឃ្លាន  ប្រាសចាកសេចក្តីក្តៅក្រហាយ  ប្រាសចាក​ចំណង់ក្នុងវេទនា សញ្ញា  សង្ខារទាំងឡាយ  និងវិញ្ញាណហើយ  បុគ្គលនោះ​ក៏មិនមាន​សេចក្តី​ត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀត។ បេ។​​  បុគ្គលនោះ មិនមានសេចក្តី​ត្រិះរិះដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន  ក៏មាន។ ម្នាលអាវុសោ  នេះឯងជាហេតុ  នេះឯងជាបច្ច័យ  ដែលនាំឲ្យព្រះដ៏មានព្រះភាគ​មិន ទ្រង់ព្យាករនូវពាក្យនេះ។  ចប់ សូត្រ ទី៥។

ចតុត្ថសារិបុត្តកោដ្ឋិកសូត្រ ទី៦

[៤២១] សម័យមួយ  ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាកោដ្ឋិតដ៏មានអាយុ នៅក្នុងព្រៃឥសិបតនមិគទាយៈ  ជិតក្រុងពារាណសី។  គ្រានោះឯង  ព្រះសារីបុត្តដ៏​មាន​អាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ក៏ចូលទៅរកព្រះមហាកោដ្ឋិត​ដ៏មាន​អាយុ  លុះ​ចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកោដ្ឋិត​ដ៏មាន​អាយុ លុះ​​បញ្ចប់ពាក្យ ដែលគួររីករាយ​និងពាក្យដែលគួររឭកហើយ  ក៏អង្គុយក្នុងទីសមគួរ។  លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹង​ព្រះមហា​កោដ្ឋិត​ដ៏មានអាយុ ដោយពាក្យដូច្នេះថា ម្នាលអាវុសោមហាកោដ្ឋិត សត្វស្លាប់​ទៅ កើតទៀតដែរឬហ្ន៎។បេ។  ម្នាលអាវុសោ  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  លុះព្រះសារីបុត្តដ៏មានអាយុ ​សួរយ៉ាងនេះហើយ  ព្រះមហាកោដ្ឋិតដ៏មានអាយុ ក៏ឆ្លើយថា  អាវុសោ ពាក្យថា  សត្វស្លាប់ទៅកើតទៀតក៏​មិនមែន មិនកើតទៀត ក៏មិនមែននេះ  ទុកជាព្រះដ៏មានព្រះភាគ ក៏ទ្រង់មិនបាន​ព្យាករ។ ម្នាល​អាវុសោ ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎  ដែលនាំឲ្យព្រះដ៏មានព្រះភាគ ​មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤២២] ម្នាលអាវុសោ  កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងរូប  ត្រេកអរ​ក្នុងរូប រីករាយក្នុងរូប  មិនដឹង មិនឃើញ  នូវសេចក្តីរលត់នៃរូប តាម​សភាវៈ​ពិត  បុគ្គលនោះ រមែង​មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។    បុគ្គល​នោះ​មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ មិនកើតទៀតក៏មាន។  បុគ្គលនោះ​មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះក៏មាន។  បុគ្គល​នោះ ​មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិន​មែន ក៏មាន។ ម្នាលអាវុសោ  កាលបើបុគ្គល មានសេចក្តីត្រេកត្រអាល ក្នុងវេទនា  ត្រេកអរក្នុងវេទនា  រីករាយក្នុងវេទនា  មិនដឹង មិនឃើញ  នូវសេចក្តីរលត់នៃវេទនា ​តាម​សភាវៈ​ពិត  បុគ្គលនោះ រមែង​មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀត​ក៏មាន។ បេ។ ម្នាលអាវុសោ  កាលបើបុគ្គល មានសេចក្តីត្រេកត្រអាលក្នុងសញ្ញា។  ម្នាលអាវុសោ  កាលបើបុគ្គលមានសេចក្តីត្រេកត្រអាល ក្នុងសង្ខារ។  ម្នាលអាវុសោ  កាលបើបុគ្គលមាន​សេចក្តីត្រេកត្រអាល ក្នុងវិញ្ញាណ  ត្រេកអរក្នុងវិញ្ញាណ  រីករាយ​ក្នុងវិញ្ញាណ មិនដឹង  មិនឃើញ នូវសេចក្តីរលត់នៃវិញ្ញាណ តាមសភាវៈពិត  បុគ្គលនោះ​មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។បេ។  បុគ្គលនោះ​មាន​សេចក្តីត្រិះរិះ ដូច្នេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើត​ទៀត​​ក៏មិនមែន  ក៏មាន។

[៤២៣] ម្នាលអាវុសោ  កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាលក្នុងរូប  មិន​ត្រេកអរក្នុងរូប  មិនរីករាយក្នុងរូប  ក៏ដឹង ឃើញនូវសេចក្តីរលត់នៃរូប តាមសភាវៈ​ពិត បុគ្គលនោះ​មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើត​ទៀត​ក៏មាន។ បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វបន្ទាប់អំពីសេចក្តី​ស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ក៏មាន។  ម្នាលអាវុសោ  កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាល ក្នុងវេទនា។  ម្នាលអាវុសោ  កាលបើ​បុគ្គល​មិនមានសេចក្តីត្រេកត្រអាល ក្នុងសញ្ញា។  ម្នាលអាវុសោ  កាលបើបុគ្គល​មិន​មាន​សេចក្តីត្រេកត្រអាល ក្នុងសង្ខារ។  ម្នាលអាវុសោ  កាលបើបុគ្គលមិនមានសេចក្តី​ត្រេកត្រអាល ក្នុងវិញ្ញាណ  មិនត្រេកអរក្នុងវិញ្ញាណ  មិនរីករាយក្នុងវិញ្ញាណ  ដឹង ឃើញ  នូវសេចក្តីរលត់នៃវិញ្ញាណ តាមសភាវៈពិត  ទើបបុគ្គលនោះ មិនមានសេចក្តី​ត្រិះរិះ​ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។  មិនកើតទៀតក៏មាន។ បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀតក៏មិនមែន ក៏មាន។ ម្នាលអាវុសោ  នេះឯងជាហេតុ  នេះឯងជាបច្ច័យ  ដែលនាំ​ឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤២៤] ម្នាលអាវុសោ  នៅមានបរិយាយដទៃទៀត  ដែលនាំឲ្យ​ព្រះដ៏មាន​ព្រះភាគ​មិនទ្រង់ព្យាករនូវពាក្យនេះដែរឬ។  ម្នាលអាវុសោ  បរិយាយនោះ មាន។  ម្នាលអាវុសោ  កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងភព  ត្រេកអរក្នុងភព  រីករាយក្នុងភព  មិនដឹង មិនឃើញ  នូវសេចក្តីរលត់នៃភព តាមសភាវៈពិត    បុគ្គល​នោះ រមែង​មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។  បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ក៏មាន។

[៤២៥] កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាលក្នុងភព  មិនត្រេកអរ ក្នុងភព  មិនរីករាយក្នុងភព  ដឹង ឃើញ  នូវសេចក្តីរលត់នៃភព តាមសភាវៈពិត  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិន មែន ក៏មាន។  ម្នាលអាវុសោ  នេះឯងជាបរិយាយ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិន ទ្រង់ព្យាករនូវពាក្យនេះ។

[៤២៦] ម្នាលអាវុសោ  នៅមានបរិយាយដទៃទៀត  ដែលនាំឲ្យព្រះដ៏មាន​ព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះដែរឬ។  ម្នាលអាវុសោ  បរិយាយនោះ មាន។  ម្នាលអាវុសោ  កាលបើបុគ្គលមានសេចក្តីត្រេកត្រអាល ក្នុងឧបាទាន  ត្រេកអរក្នុង ឧបាទាន  រីករាយក្នុងឧបាទាន  មិនដឹង មិនឃើញ  នូវសេចក្តីរលត់នៃឧបាទាន តាម សភាវៈពិត  បុគ្គលនោះ រមែង​មានសេចក្តីត្រិះរិះដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏  មាន។ បេ។  បុគ្គលនោះ មានសេចក្តីត្រិះរិះដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ក៏មាន។

[៤២៧] ម្នាលអាវុសោ  កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាល ក្នុងឧបាទាន  មិនត្រេកអរក្នុងឧបាទាន  មិនរីករាយក្នុងឧបាទាន   ដឹង  ឃើញ នូវសេចក្តី​រលត់នៃឧបាទាន តាមសភាវៈពិត  ទើបបុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា  សត្វ​ស្លាប់​ទៅ កើតទៀតក៏មាន។ បេ។  បុគ្គលនោះ មិនមានសេចក្តីត្រិះរិះដូច្នេះថា  សត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែន ក៏មាន។  ម្នាលអាវុសោ  នេះឯងជាបរិយាយ ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករនូវពាក្យនេះ។

[៤២៨] ម្នាលអាវុសោ  នៅមានបរិយាយដទៃទៀត  ដែលនាំឲ្យព្រះដ៏មាន​ព្រះភាគ ​មិនទ្រង់ព្យាករ នូវពាក្យនេះដែរឬ។  ម្នាលអាវុសោ  បរិយាយនោះ មាន។  ម្នាលអាវុសោ  កាលបើបុគ្គលមានសេចក្តីត្រេកត្រអាលក្នុងតណ្ហា  ត្រេកអរក្នុង​តណ្ហា រីករាយក្នុងតណ្ហា  មិនដឹង មិនឃើញ  នូវសេចក្តីរលត់នៃតណ្ហា តាមសភាវៈពិត  បុគ្គលនោះ រមែង​មានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀតក៏មាន។ បេ​។ បុគ្គលនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត​ក៏​មិនមែន ក៏មាន។

[៤២៩] ម្នាលអាវុសោ  កាលបើបុគ្គលមិនមានសេចក្តីត្រេកត្រអាលក្នុងតណ្ហា  មិនត្រេកអរក្នុងតណ្ហា  មិនរីករាយក្នុងតណ្ហា  ដឹង ឃើញ  នូវសេចក្តីរលត់នៃតណ្ហា​តាមសភាវៈពិត បុគ្គលនោះ រមែង​មិនមានសេចក្តីត្រិះរិះ ដូច្នេះថា  សត្វស្លាប់ទៅ កើតទៀត​ក៏មាន។បេ។ បុគ្គលនោះ មិនមានសេចក្តីត្រិះរិះ ដូច្នេះថា សត្វស្លាប់ទៅ កើតទៀត ​ក៏មិនមែន  មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលអាវុសោ  នេះឯងជាបរិយាយ ដែល​នាំឲ្យ​ព្រះដ៏មានព្រះភាគ​មិនទ្រង់ព្យាករនូវពាក្យនេះ។ ម្នាលអាវុសោ  នៅមាន​បរិយាយ​ដទៃទៀត ដែលនាំឲ្យព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករ នូវពាក្យនេះដែរឬ។ ម្នាល​អាវុសោសារីបុត្ត  ក្នុងសេចក្តីនុ៎ះ  លោកចង់សួររឿងអ្វី​តទៅទៀត អំពីហេតុនេះ  ក្នុងកាលឥឡូវនេះ  ម្នាលអាវុសោ​សារីបុត្ត   វត្តរបស់ភិក្ខុ​ដែលផុតស្រឡះ ព្រោះការ​អស់​ទៅ​នៃតណ្ហា  មិនមានប្រាកដ​ឡើយ។ ចប់ សូត្រ ទី៦។

មោគ្គល្លានសូត្រ ទី៧

[៤៣០] គ្រានោះឯង វច្ឆគោត្តបរិព្វាជក ចូលទៅរកព្រះមហាមោគ្គល្លានដ៏មាន​អាយុ លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានដ៏​មាន​អាយុ  លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយ​ក្នុងទីដ៏សមគួរ។  លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹង​ព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  លោក​ទៀង​ឬអ្វីហ្ន៎។  ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា លោក​ទៀង​ដូច្នេះទេ។  ម្នាលអាវុសោមោគ្គល្លានដ៏ចំរើន  ចុះលោកមិនទៀងទេ ឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនទ្រង់ព្យាករថា  លោកមិនទៀង ដូច្នេះទេ។  បពិត្រ​ព្រះមោគ្គល្លានដ៏ចំរើន  លោកមានទីបំផុត ឬអ្វីហ្ន៎។  ម្នាល​​វច្ឆៈ  ពាក្យនេះ  ព្រះដ៏មាន​ព្រះភាគ មិនបានទ្រង់ព្យាករថា  លោកមានទីបំផុត ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លាន ដ៏ចំរើន  ចុះលោកមិនមានទីបំផុតឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា លោកមិនមានទីបំផុត ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  ជីវិតនោះ ក៏គឺសរីរៈនោះ ឬអ្វីហ្ន៎។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបាន​ទ្រង់​ព្យាករថា  ជីវិតនោះ គឺសរីរៈនោះ ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  ជីវិត ដទៃ សរីរៈដទៃ ឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា  ជីវិតដទៃ  សរីរៈដទៃ ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  សត្វស្លាប់ទៅ កើតទៀត​ដែរឬអ្វី។ ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់​ទៅ កើតទៀត ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  ចុះសត្វស្លាប់ទៅ មិនកើតទៀត​ឬអ្វី។ ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ ក៏មិនបានទ្រង់ព្យាករថា សត្វស្លាប់​ទៅ មិនកើតទៀត ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះ ឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះ ដូច្នេះទេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ ក៏មិនបានទ្រង់ព្យាករថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀត ក៏មិនមែន ដូច្នេះទេ។

[៤៣១] បពិត្រព្រះមោគ្គល្លានដ៏ចំរើន ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎  កាលបើអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងហ្នឹងហើយ  ទើបមានពាក្យដោះស្រាយ​យ៉ាង​នេះថា លោកទៀងក្តី  ថាលោកមិនទៀងក្តី  ថាលោកមានទីបំផុតក្តី  ថាលោក​មិនមាន​ទីបំផុតក្តី  ថាជីវិតនោះ គឺសរីរៈនោះក្តី  ថាជីវិតដទៃ សរីរៈដទៃក្តី  ថាសត្វស្លាប់ទៅ​កើត​ទៀតក្តី សត្វស្លាប់ទៅ មិនកើតទៀតក្តី  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀត​ខ្លះក្តី សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។  បពិត្រ​ព្រះមោគ្គល្លាន​ដ៏​ចំរើន   ហេតុដូចម្តេច  បច្ច័យដូចម្តេច  កាលបើព្រះសមណគោតម​ត្រូវគេសួរយ៉ាង​ហ្នឹង​ហើយ ក៏មិនមានពាក្យព្យាករ យ៉ាងនេះថា  លោកទៀងខ្លះ  ​​លោក​មិន​ទៀងខ្លះ លោកមានទីបំផុតខ្លះ  លោកមិនមានទីបំផុតខ្លះ  ថាជីវិតនោះ គឺសរីរៈនោះខ្លះ  ជីវិតដទៃ សរីរៈដទៃខ្លះ  សត្វស្លាប់ទៅ កើតទៀតខ្លះ  សត្វស្លាប់ទៅ មិនកើតទៀតខ្លះ  សត្វ​ស្លាប់ទៅ កើតទៀតក៏មាន  មិនកើតទៀតក៏មានខ្លះ  សត្វស្លាប់ទៅកើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនខ្លះ។

[៤៣២] ម្នាលវច្ឆៈ  ឯពួកអន្យតិរ្ថិយបរិព្វាជក  ពិចារណាឃើញនូវចក្ខុថា នុ៎ះ​ជារបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។  ពិចារណា​ឃើញ នូវអណ្តាតថា នុ៎ះជារបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។  ពិចារណាឃើញ នូវចិត្តថា  នុ៎ះជារបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់​អាត្មាអញ ​ហេតុនោះ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរ​យ៉ាង​នេះ​​ហើយ ទើបមានពាក្យព្យាករ យ៉ាងនេះថា  លោកទៀងក្តី។ បេ​។ សត្វស្លាប់ទៅ​កើតទៀតក៏មិន​មែន មិនកើតទៀត ក៏មិនមែនក្តី។  ម្នាលវច្ឆៈ  ឯព្រះតថាគត​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ  ទ្រង់ពិចារណាឃើញ នូវចក្ខុថា  នុ៎ះមិនមែនរបស់អាត្មាអញ  នុ៎ះមិនមែនជាអាត្មាអញ  ​​នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។បេ។ ទ្រង់ពិចារណា​ឃើញ នូវអណ្តាតថា  នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ  នុ៎ះមិនមែន​ជាខ្លួន​របស់​អាត្មា​អញ។បេ​។  ទ្រង់ពិចារណាឃើញ នូវចិត្តថា  នុ៎ះមិនមែនជារបស់​អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ  នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។  ព្រោះហេតុ​នោះ កាលបើព្រះតថាគត ត្រូវគេសួរ យ៉ាងនេះហើយ  ទើបមិនមានពាក្យព្យាករ យ៉ាងនេះ​ថា លោកទៀងខ្លះ។បេ។  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏​មិន​មែនខ្លះ។

[៤៣៣] គ្រានោះឯង  វច្ឆគោត្តបរិព្វាជក​ក្រោកចាកអាសនៈ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះដ៏មាន​ព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទី​សមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រព្រះគោតមដ៏ចំរើន  លោកទៀងឬទេ។  ម្នាលវច្ឆៈ  ពាក្យនេះ តថាគតមិនបានព្យាករថា  លោកទៀង ដូច្នេះទេ។ បេ។  បពិត្រព្រះគោតម     ដ៏​ចំរើន  ចុះសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  ម្នាល​វច្ឆៈ  ពាក្យនេះ  តថាគតក៏មិនបានព្យាករថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀត ក៏មិនមែន ដូច្នេះទេ។  បពិត្រព្រះគោតមដ៏ចំរើន  ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេច​ហ្ន៎ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករ​យ៉ាងនេះ​ថា លោកទៀងក្តី។ បេ។ ​ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀត ក៏មិនមែនក្តី។ បពិត្រព្រះគោតមដ៏ចំរើន  ចុះហេតុដូចម្តេច ​បច្ច័យដូចម្តេច កាលបើព្រះគោតមដ៏ចំរើន ត្រូវគេសួរ យ៉ាងនេះហើយ មិនមានពាក្យព្យាករយ៉ាងនេះ​ថា លោកទៀងខ្លះ។ បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត​ក៏មិន​មែន​ខ្លះ។

[៤៣៤] ម្នាលវច្ឆៈ  ពួកអន្យតិរ្ថិយបរិព្វាជក  រមែង​ពិចារណាឃើញ នូវចក្ខុថា  នុ៎ះជារបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញ។បេ។ ពិចារណា​ឃើញ នូវអណ្តាតថា  នុ៎ះរបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មា​អញ។បេ។ ពិចារណាឃើញ នូវចិត្តថា  នុ៎ះរបស់អាត្មាអញ  នុ៎ះជាអាត្មាអញ  នុ៎ះជាខ្លួនរបស់អាត្មាអញ។  ព្រោះហេតុនោះ  កាលបើពួកអន្យតិរ្ថិយបរិព្វាជក​ត្រូវគេ​សួរ​យ៉ាងនេះហើយ ទើបមានពាក្យព្យាករ យ៉ាងនេះថា  លោកទៀតក្តី។បេ។  ថាសត្វ​ស្លាប់​ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។  ម្នាលវច្ឆៈ  ឯព្រះតថាគត​អរហន្ត សម្មាសម្ពុទ្ធ ពិចារណាឃើញ នូវចក្ខុថា  នុ៎ះមិនមែនជារបស់អាត្មាអញ  នុ៎ះមិន​មែន​ជាអាត្មាអញ  នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ បេ។  ពិចារណាឃើញនូវ​អណ្តាតថា នុ៎ះមិនមែន​ជារបស់​អាត្មាអញ នុ៎ះមិនមែនជាអាត្មាអញ  នុ៎ះមិនមែនជាខ្លួន​របស់អាត្មាអញ។ បេ។ ពិចារណាឃើញ នូវចិត្តថា  នុះមិនមែនជារបស់អាត្មាអញ  នុ៎ះមិនមែន​ជា​អាត្មាអញ  នុ៎ះមិនមែនជាខ្លួន របស់អាត្មាអញ។  ព្រោះហេតុនោះ  កាល​តថាគត ត្រូវគេសួរយ៉ាងនេះហើយ ទើបមិនមានពាក្យព្យាករណ៍ យ៉ាងនេះថា លោកទៀង​​ខ្លះ ថាលោកមិនទៀងខ្លះ  ថាលោកមានទីបំផុតខ្លះ ថាលោកមិនមាន​ទីបំផុតខ្លះ ថា​ជីវិត​នោះ គឺសរីរៈនោះខ្លះ  ថាជីវិតដទៃ សរីរៈដទៃខ្លះ  ថាសត្វ​ស្លាប់ទៅ កើតទៀតខ្លះ ថា​សត្វ​ស្លាប់ទៅ មិនកើតទៀតខ្លះ  ថាសត្វស្លាប់ទៅកើតទៀតក៏មាន  មិនកើតទៀតក៏មានខ្លះ  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនខ្លះ។

[៤៣៥] បពិត្រព្រះគោតមដ៏ចំរើន  អស្ចារ្យណាស់  បពិត្រព្រះគោតមដ៏ចំរើន  មិនធ្លាប់មានទេ  ព្រោះថាអត្ថ និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ត្រូវគ្នា ដូចគ្នា  មិនខុសដោយអត្ថ និងព្យញ្ជនៈ ត្រង់បទដ៏ប្រសើរណាមួយឡើយ។ បពិត្រព្រះគោតមដ៏​ចំរើន អម្បាញ់មិញនេះ  ខ្ញុំព្រះអង្គ បានចូល​ទៅរក​ព្រះសមណ​មហាមោគ្គល្លាន ហើយ​បានសួរសេចក្តីនុ៎ះ  ឯព្រះសមណមហាមោគ្គល្លាន  បានព្យាករ នូវសេចក្តីនុ៎ះ ​ដោយបទ​និងព្យញ្ជនៈ​ទាំងឡាយនុ៎ះ ដល់ខ្ញុំព្រះអង្គ  ដូចជាព្រះគោតមដ៏ចំរើនដែរ។  បពិត្រព្រះ​គោតម​ដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន មិនធ្លាប់មានទេ  ព្រោះថា អត្ថ និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ត្រូវគ្នាដូចគ្នា មិនខុសដោយអត្ថ និងព្យញ្ជនៈ​ត្រង់បទដ៏ប្រសើរណាមួយឡើយ។  ចប់ សូត្រ ទី៧។

វច្ឆគោត្តសូត្រ ទី៨

[៤៣៦] គ្រានោះឯង  វច្ឆគោត្តបរិព្វាជក ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ  លុះបញ្ចប់ពាក្យ​ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ  ក៏អង្គុយក្នុងទីសមគួរ។  លុះវច្ឆគោត្ត​បរិព្វាជក ​អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា ​បពិត្រ​ព្រះគោតមដ៏ចំរើន លោកទៀងឬអ្វី។  ម្នាលវច្ឆៈ   ពាក្យនេះ តថាគតមិនបានព្យាករ​ថា លោកទៀង ដូច្នេះទេ។ បេ។  បពិត្រ​ព្រះគោតម​ដ៏ចំរើន សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន  មិនកើតទៀតក៏មិនមែនឬអ្វី។​  ម្នាលវច្ឆៈ  ទុកជាពាក្យនេះ តថាគតក៏មិន​បាន​ព្យាករថា  សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះទេ។  បពិត្រ​ព្រះគោតមដ៏ចំរើន ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎  កាលបើពួកអន្យតិរ្ថិយ​បរិព្វាជក​ត្រូវគេសួរ​យ៉ាងនះហើយ ទើបមានពាក្យព្យាករណ៍យ៉ាងនេះថា  លោកទៀងក្តី​​។ បេ។ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែនក្តី។  បពិត្រ​ព្រះគោតម​​ដ៏ចំរើន ហេតុដូចម្តេច  បច្ច័យដូចម្តេច  កាលបើព្រះគោតមដ៏ចំរើន  ត្រូវគេសួរយ៉ាងនេះហើយ  ក៏មិនមានពាក្យព្យាករ យ៉ាងនេះថា  លោកទៀងខ្លះ។ បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែនខ្លះ។

[៤៣៧] ម្នាលវច្ឆៈ  ពួកអន្យតិរ្ថិយបរិព្វាជក រមែង​ពិចារណាឃើញ នូវរូប ថាជាខ្លួន  ពិចារណាឃើញខ្លួន ថាមានរូបខ្លះ  ពិចារណាឃើញរូបក្នុងខ្លួនខ្លះ  ពិចារណាឃើញខ្លួន​ក្នុងរូបខ្លះ។ ពិចារណាឃើញវេទនា ថាជាខ្លួន។ បេ។  ពិចារណាឃើញសញ្ញា  សង្ខារ និងវិញ្ញាណ ថាជាខ្លួន  ពិចារណាឃើញខ្លួន ថាមាន​វិញ្ញាណខ្លះ ពិចារណាឃើញវិញ្ញាណ​ក្នុងខ្លួនខ្លះ  ពិចារណាឃើញខ្លួនក្នុងវិញ្ញាណខ្លះ។​  ព្រោះហេតុនោះ  កាលបើពួក​អន្យ​តិរ្ថិយ​បរិព្វាជក ត្រូវគេសួរ​យ៉ាងនេះ​ហើយ ទើបមានពាក្យព្យាករណ៍យ៉ាងនេះថា  លោក​ទៀងក្តី។ បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនក្តី។ ​ម្នាល​វច្ឆៈ​ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ មិនពិចារណាឃើញរូប ថាជាខ្លួន មិន​ពិចារណា​ឃើញខ្លួន ថាមានរូបខ្លះ មិនពិចារណាឃើញរូបក្នុងខ្លួនខ្លះ  មិនពិចារណាឃើញខ្លួន ក្នុងរូប​ខ្លះ។ មិនពិចារណាឃើញវេទនា ថាជាខ្លួន។ បេ។  មិនពិចារណាឃើញសញ្ញា។  មិនពិចារណាឃើញសង្ខារទាំងឡាយ។  មិនពិចារណាឃើញវិញ្ញាណថាជាខ្លួន មិនពិចារណាឃើញខ្លួនថាមានវិញ្ញាណខ្លះ មិនពិចារណាឃើញវិញ្ញាណក្នុង ខ្លួនខ្លះ  មិនពិចារណា​ឃើញខ្លួន​ក្នុងវិញ្ញាណ​ខ្លះ ព្រោះហេតុនោះ  កាលបើ​ព្រះតថាគត ត្រូវគេសួរយ៉ាងនេះហើយ ទើបមិនមានពាក្យព្យាករ យ៉ាងនេះថា  លោកទៀងខ្លះ។ បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀតក៏​មិនមែនខ្លះ។

[៤៣៨] លំដាប់នោះឯង  វច្ឆគោត្តបរិព្វាជក ក៏ក្រោកចាកអាសនៈ ចូលទៅរក ព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តី​រីករាយ ជាមួយ​នឹងព្រះមហាមោគ្គល្លានដ៏មានអាយុ  លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល​គួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។  លុះ​វច្ឆគោត្តបរិព្វាជក អង្គុយក្នុង​ទីសមគួរ​ហើយ បានសួរព្រះមហាមោគ្គល្លានដ៏មានអាយុ ដូច្នេះថា  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  លោកទៀងឬអ្វីហ្ន៎។  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា  លោកទៀងដូច្នេះទេ។ បេ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  សត្វស្លាប់ទៅ កើត​ទៀត​ក៏មិនមែន  មិនកើត​ទៀតក៏មិន​មែនឬអ្វី។ ម្នាលវច្ឆៈ  ទុកជាពាក្យនេះ​​ ក៏ព្រះដ៏មាន​ព្រះភាគ​ទ្រង់មិនបានព្យាករថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏ មិនមែនដូច្នេះទេ។  បពិត្រ​ព្រះមោគ្គល្លាន​ដ៏ចំរើន  ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎  កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករណ៍ យ៉ាង​នេះថា លោកទៀងក្តី​។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើត​ទៀតក៏មិនមែនក្តី។ ​បពិត្រព្រះមោគ្គល្លានដ៏ចំរើន  ហេតុដូចម្តេច  បច្ច័យដូចម្តេច  កាលបើព្រះសមណគោតម ត្រូវគេសួរយ៉ាងនេះហើយ  ក៏មិនមានពាក្យព្យាករណ៍​យ៉ាង​នេះ​ថា  លោកទៀងខ្លះ។ បេ។  ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀតក៏​មិនមែនខ្លះ។

[៤៣៩] ម្នាលវច្ឆៈ  ​ពួកអន្យតិរ្ថិយបរិព្វាជក រមែង​ពិចារណាឃើញរូប ថាជាខ្លួន  ពិចារណាឃើញខ្លួនថាមានរូបខ្លះ  ពិចារណាឃើញរូបក្នុងខ្លួនខ្លះ ពិចារណាឃើញ​ខ្លួន​ក្នុងរូបខ្លះ។​ពិចារណាឃើញវេទនាថាជាខ្លួន។  បេ។ ពិចារណាឃើញសញ្ញា  សង្ខារទាំងឡាយ និងវិញ្ញាណ ថាជាខ្លួនខ្លះ ពិចារណា​ឃើញខ្លួន ថាមានវិញ្ញាណខ្លះ  ពិចារណា​ឃើញវិញ្ញាណក្នុងខ្លួនខ្លះ  ពិចារណាឃើញខ្លួនក្នុងវិញ្ញាណខ្លះ។  ព្រោះហេតុ​នោះ កាលបើពួកអន្យតិរ្ថិយបរិព្វាជក ត្រូវគេសួរយ៉ាងនេះហើយ ទើបមានពាក្យព្យាករ​ណ៍ យ៉ាងនេះថា  លោកទៀងក្តី។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិន​កើតទៀត ក៏មិនមែនក្តី។ ម្នាលវច្ឆៈ  ឯព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ  មិនពិចារណា​ឃើញរូប ថាជាខ្លួន មិនពិចារណាឃើញខ្លួន ថាមានរូបខ្លះ  មិនពិចារណាឃើញរូបក្នុង ខ្លួនខ្លះ  មិនពិចារណាឃើញខ្លួនក្នុងរូបខ្លះ។  មិនពិចារណាឃើញវេទនា ថាជាខ្លួន។បេ។ មិនពិចារណាឃើញសញ្ញា។ មិនពិចារណាឃើញសង្ខារទាំងឡាយ។  មិនពិចារណា​​ឃើញ​វិញ្ញាណ ថាជាខ្លួន  មិនពិចារណាឃើញខ្លួន ថាមានវិញ្ញាណខ្លះ  មិនពិចារណា​ឃើញ​វិញ្ញាណក្នុងខ្លួនខ្លះ  មិន​ពិចារណាឃើញ​ខ្លួនក្នុង​វិញ្ញាណខ្លះ។ ព្រោះហេតុនោះ  កាលព្រះតថាគត ត្រូវគេសួរ ​យ៉ាងនេះ​ហើយ ទើបមិនមានពាក្យព្យាករណ៍ យ៉ាងនេះថា  លោកទៀងខ្លះ  ថាលោក​មិនទៀងខ្លះ  ថាលោក​មានទីបំផុតខ្លះ  ថាលោកមិនមានទីបំផុតខ្លះ  ថាជីវិតនោះ ​គឺ​សរីរៈនោះខ្លះ  ថាជីវិតដទៃសរីរៈដទៃខ្លះ  ថាសត្វស្លាប់ទៅ កើតទៀតខ្លះ  ថាសត្វស្លាប់ទៅ​មិន​កើតទៀតខ្លះ  ថាសត្វស្លាប់ទៅ កើតទៀតក៏មាន  មិនកើតទៀតក៏មានខ្លះ  ថាសត្វ​ស្លាប់​ទៅកើតទៀតក៏មិនមែន  មិនកើតទៀតក៏មិនមែនខ្លះ។

[៤៤០] បពិត្រព្រះមោគ្គល្លានដ៏ចំរើន  អស្ចារ្យណាស់  បពិត្រព្រះមោគ្គល្លាន​ដ៏ចំរើន មិនធ្លាប់មានទេ  ព្រោះថាអត្ថ ​និងព្យញ្ជនៈ របស់ព្រះសាស្តា និងសាវក ​ត្រូវគ្នា​ដូចគ្នា មិនខុសដោយអត្ថ និងព្យញ្ជនៈ ត្រង់បទដ៏ប្រសើរណាមួយឡើយ​។ បពិត្រ​ព្រះមោគ្គល្លាន​ដ៏ចំរើន អម្បាញ់មិញនេះ  ខ្ញុំព្រះករុណា បានចូលទៅគាល់ព្រះសមណ​គោតម បានទូលសួរសេចក្តីនុ៎ះរួចហើយ  ឯព្រះសមណគោតម ​ក៏ទ្រង់ព្យាករ​នូវ​សេចក្តី​នុ៎ះ ដល់ខ្ញុំព្រះករុណា ដោយបទ និងព្យញ្ជនៈទាំងឡាយនេះ  ដូចជាព្រះមោគ្គល្លានដ៏ចំរើន ​សំដែងប្រាប់ដល់ខ្ញុំដែរ។  បពិត្រព្រះមោគ្គល្លានដ៏ចំរើន  អស្ចារ្យណាស់  បពិត្រ​ព្រះមោគ្គល្លានដ៏ចំរើន ​មិនធ្លាប់មានទេ ព្រោះថា អត្ថ និងព្យញ្ជនៈ​របស់ព្រះសាស្តា​និងសាវក ត្រូវគ្នាដូចគ្នា  មិនខុសដោយអត្ថ និងព្យញ្ជនៈ ត្រង់​បទ​ដ៏ប្រសើរណា​មួយ​ឡើយ។  ចប់ សូត្រ ទី៨​។

កុតូហលសាលាសូត្រ ទី៩

[៤៤១] គ្រានោះឯង ​វច្ឆគោត្តបរិព្វាជក ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ  លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ  ក៏អង្គុយក្នុងទីសមគួរ។  លុះ​វច្ឆគោត្ត​បរិព្វាជក អង្គុយក្នុងទីសមគួរហើយ  បាន​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះ​ថា បពិត្រព្រះគោតមដ៏ចំរើន  កាលពីថ្ងៃមុន ៗ មក  មានពួកសមណព្រាហ្មណ៍​និងបរិព្វាជក ជាអន្យតិរ្ថិយ មានចំនួនច្រើន  អង្គុយ​ប្រជុំគ្នា ក្នុងកុតុហលសាលា មាន​អន្តរាកថា (ពាក្យជាចន្លោះ) កើតឡើង ដូច្នេះថា  គ្រូឈ្មោះ បូរណកស្សបនេះ  ជាមេពួក ជាមេគណៈ  ជាគណាចារ្យ  មានឈ្មោះ​ល្បីល្បាញ  មានយស  ជាមេលទ្ធិ  ដែលជន​ច្រើន​សន្មតថាជាមនុស្សល្អ  គ្រូឈ្មោះ បូរណកស្សបនោះ  តែងព្យាករសាវក ដែលធ្វើ​មរណកាល​កន្លងហួស​ទៅហើយ ក្នុងកំណើតទាំងឡាយថា  សាវកឯណោះ  ទៅកើត​ក្នុងភពឯណោះ    សាវកឯណោះ  ទៅកើតក្នុងភពឯណោះ។  សាវក​ឯណា  របស់គ្រូ​ឈ្មោះ​បូរណកស្សបនោះ  ជាឧត្តមបុរស  ជាបុរសដ៏ប្រសើរក្រៃលែង  ដល់នូវចំណែក​នៃគុណ ដ៏ប្រសើរក្រៃលែង គ្រូឈ្មោះបូរណកស្សប ក៏ព្យាករសាវក ដែល​ធ្វើមរណកាល​​កន្លងទៅហើយនោះ ក្នុងកំណើតទាំងឡាយថា  សាវកឯណោះ  ទៅកើតក្នុងភព ឯណោះ  សាវកឯណោះ  ទៅកើតក្នុងភពឯណោះ។  គ្រូឈ្មោះ មក្ខលិគោសាល​នេះក្តី។ គ្រូឈ្មោះ និគណ្ឋនាដបុត្តនេះក្តី។ គ្រូឈ្មោះ សញ្ជយវេលដ្ឋបុត្តនេះក្តី។ គ្រូឈ្មោះ​បកុធកច្ចានៈនេះក្តី។  គ្រូឈ្មោះ អជិតកេសកម្ពលនេះក្តី  ក៏ជាមេពួក  ជាមេគណៈ  ជាគណាចារ្យ  មានឈ្មោះល្បីល្បាញ  មានយស ជាមេលទ្ធិ  ដែលជនច្រើន​សន្មត​ថាជាមនុស្សល្អ  ឯគ្រូឈ្មោះ អជិតកេសកម្ពលនោះ ក៏ព្យាករសាវក ដែលធ្វើ​មរណ​កាល​កន្លងហួសទៅហើយ ក្នុងកំណើតទាំងឡាយថា  សាវកឯណោះ ទៅកើតក្នុងភព​ឯណោះ សាវកឯណោះ ទៅកើតក្នុងភពឯណោះ។  ឯសាវកឯណា  របស់គ្រូឈ្មោះ​អជិតកេសកម្ពលនោះ  ជាឧត្តមបុរស ជាបុរសដ៏ប្រសើរក្រៃលែង  ដល់នូវចំណែកនៃ​គុណ ដ៏ប្រសើរក្រៃលែង ក៏ព្យាករនូវសាវកនោះ ដែលធ្វើមរណកាលកន្លងហួសទៅ​ហើយ ក្នុងកំណើតទាំងឡាយថា  សាវកឯណោះ  ទៅកើតក្នុងភពឯណោះ  សាវក​ឯណោះ  ទៅកើតក្នុងភពឯណោះ។  ចំណែកខាងព្រះសមណគោតមនេះសោតទៀត  ក៏ជាមេពួក ​មេគណៈ ជាគណាចារ្យ  មានព្រះនាមល្បីល្បាញ  ព្រះអង្គមានយស  ជាមេលទ្ធិ  ដែលជនច្រើនសន្មតថាជាសប្បុរស  ព្រះអង្គសោត ក៏ទ្រង់ព្យាករនូវសាវក ដែលធ្វើមរណកាលកន្លងហួសទៅហើយ ក្នុងកំណើត​ទាំងឡាយ​ថា សាវកឯណោះ  ទៅកើតក្នុងភពឯណោះ  សាវកឯណោះ ទៅកើតក្នុងភពឯណោះ។  ក៏ឯសាវកឯណា  របស់ព្រះអង្គ ជាឧត្តមបុរស។បេ។ ទ្រង់ព្យាករ​ថា សាវកឯណោះ  ទៅកើតក្នុងភព ឯណោះ  សាវកឯណោះ  ទៅកើតក្នុងភពឯណោះ។  មួយវិញទៀត  ព្រះសមណ​គោតម ទ្រង់ព្យាករ នូវសាវក​នោះ យ៉ាងនេះថា  សាវកនេះបានផ្តាច់បង់នូវតណ្ហា  គាស់រំលើងនូវសញ្ញោជនៈ  ហើយធ្វើនូវទីបំផុត នៃសេចក្តីទុក្ខ  ព្រោះត្រាស់ដឹងនូវមានះ​បានដោយល្អ។ បពិត្រព្រះគោតមដ៏ចំរើន  ខ្ញុំព្រះអង្គ មានសេចក្តីសង្ស័យ  មាន​សេចក្តី​ងឿងឆ្ងល់ថា  ព្រះធម៌ដែលព្រះសមណគោតម ទ្រង់កំណត់ដឹង ដោយប្រការ​ដូចម្តេច។

[៤៤២] ម្នាលវច្ឆៈ អ្នកឯងគួរមានសេចក្តីសង្ស័យ គួរមានសេចក្តីងឿងឆ្ងល់ មួយ​វិញទៀត សេចក្តីងឿងឆ្ងល់កើតឡើង ដល់អ្នកឯង ក្នុងហេតុ ដែលគួរងឿងឆ្ងល់​មែន។ ម្នាលវច្ឆៈ តថាគត បញ្ញត្តនូវកំណើត នៃសត្វដែលមានឧបាទាន មិនបញ្ញត្តនូវ​កំណើត​នៃសត្វ ដែលមិនមានឧបាទានឡើយ។ ម្នាលវច្ឆៈ  ដូចភ្លើងមានឧបាទាន ​តែង​ឆេះ​​ភ្លឺរុងរឿង  មិនមានឧបាទាន មិនឆេះភ្លឺរុងរឿង ​យ៉ាងណា ម្នាលវច្ឆៈ  តថាគត បញ្ញត្ត​នូវកំណើតនៃសត្វ ដែលមានឧបាទាន  មិនបញ្ញត្តនូវកំណើត នៃសត្វដែលមិនមាន​ឧបាទាន​ឡើយ ក៏យ៉ាងនោះដែរ។  បពិត្រព្រះគោតមដ៏ចំរើន  សម័យណា ​អណ្តាតភ្លើង ដែល​ត្រូវ​ខ្យល់បក់ រមែង​ទៅកាន់ទីឆ្ងាយ ចុះព្រះគោតមដ៏ចំរើន​ទ្រង់បញ្ញត្តនូវអ្វី ថាជាឧបាទាន​នៃ​អណ្តាតភ្លើងនេះ។  ម្នាលវច្ឆៈ  សម័យណា អណ្តាតភ្លើងដែលត្រូវខ្យល់បក់ រមែង​​ទៅកាន់ទីឆ្ងាយ  តថាគតក៏បញ្ញត្តនូវអណ្តាតភ្លើង​នោះថា មានខ្យល់ជាឧបាទាន  ម្នាលវច្ឆៈ  ព្រោះថា ខ្យល់ជាឧបាទាន នៃភ្លើងនោះ តែងមានក្នុងសម័យនោះ។  បពិត្រព្រះគោតម​ដ៏ចំរើន សត្វតែងដាក់ចុះនូវកាយនេះ  មិនចូលទៅកាន់កាយណាមួយ  មានក្នុង​សម័យ​ណា។ ចុះព្រះគោតមដ៏ចំរើន ទ្រង់បញ្ញត្តនូវអ្វី ថាជាឧបាទាននៃកាយនេះ។ ម្នាល​វច្ឆៈ សត្វដាក់ចុះនូវកាយនេះ  មិនចូលទៅកាន់កាយណាមួយ  មានក្នុងសម័យ​ណា តថាគត ក៏ពោលនូវកាយនោះ ថា មានតណ្ហាជាឧបាទាន  ម្នាលវច្ឆៈ  ព្រោះថាតណ្ហា​ជាឧបាទាននៃកាយ  រមែង​មានក្នុង​សម័យនោះ។ ចប់ សូត្រ ទី៩។

អានន្ទសូត្រ ទី១០

[៤៤៣] គ្រានោះឯង ​វច្ឆគោត្តបរិព្វាជក ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ  លុះបញ្ចប់​ពាក្យ​ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ  ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះ​វច្ឆគោត្ត​បរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ​ដូច្នេះ​ថា បពិត្រព្រះគោតមដ៏ចំរើន  ខ្លួនមានដែរឬហ្ន៎។  ព្រះដ៏មានព្រះភាគ  កាលដែល​វច្ឆគោត្ត​បរិព្វាជក ក្រាបបង្គំទូលសួរ យ៉ាងនេះហើយ  ព្រះអង្គទ្រង់នៅស្ងៀម។  បពិត្រ​ព្រះគោតមដ៏ចំរើន ចុះខ្លួនមិនមានទេឬអ្វី។  ព្រះដ៏មានព្រះភាគ​ទ្រង់នៅស្ងៀម​អស់វារៈ ជា​គម្រប់ ២។ គ្រានោះឯង  វច្ឆគោត្តបរិព្វាជក ក៏ក្រោកចាកអាសនៈ ​ដើរ​ចេញទៅ។

[៤៤៤] លំដាប់នោះឯង  ព្រះអានន្ទដ៏មានអាយុ  កាលដែលវច្ឆគោត្តបរិព្វាជក​ដើរចេញទៅ មិនយូរប៉ុន្មាន  បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា  បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះដ៏មានព្រះភាគ កាលវច្ឆគោត្តបរិព្វាជក ទូលសួរប្រស្នា ព្រះអង្គ​មិនទ្រង់ព្យាករ ដល់វច្ឆគោត្តបរិព្វាជក  តើព្រោះហេតុអ្វីហ្ន៎។  ម្នាលអានន្ទ  ក៏ឯតថាគត  កាលបើវច្ឆគោត្តបរិព្វាជក សួរថា ខ្លួនមានដែរឬ  គប្បីព្យាករដល់វច្ឆគោត្តបរិព្វាជក​ថា​ខ្លួនមាន។  ម្នាលអានន្ទ  ពួកសមណព្រាហ្មណ៍ទាំងអម្បាលម៉ាន ដែលជាសស្សតវាទ  ការព្យាករណ៍នេះ មុខជានឹងមានជាមួយនឹងពួកសមណព្រាហ្មណ៍​ជាសស្សតវាទទាំង​នោះ​​​ហើយ។  ម្នាលអានន្ទ  ក៏ឯតថាគត  កាលបើវច្ឆគោត្តបរិព្វាជក សួរថា ​ខ្លួនគ្មានទេឬ  គប្បីព្យាករដល់វច្ឆគោត្តបរិព្វាជកថា ខ្លួនគ្មានទេ។  ម្នាលអានន្ទ  ពួក​សមណព្រាហ្មណ៍​ទាំងអម្បាលម៉ាន ដែលជាឧច្ឆេទវាទ  សេចក្តីព្យាករនេះ ​មុខជានឹង​មាន​ជាមួយ​នឹងពួក​សមណ​​ព្រាហ្មណ៍​​ជាឧច្ឆេទវាទទាំងនោះហើយ។  ម្នាលអានន្ទ  ក៏​ឯតថាគត កាលបើ​វច្ឆគោត្តបរិព្វាជកសួរថា ខ្លួនមានដែរឬ  គប្បីព្យាករដល់​វច្ឆគោត្តបរិព្វាជកថា ខ្លួនមាន។  ម្នាលអានន្ទ  ចុះពាក្យព្យាករណ៍នេះ  ជាការប្រព្រឹត្តទៅ​ដ៏​សមគួរ ដើម្បីឲ្យកើត​ញាណថា ធម៌ទាំងឡាយទាំងពួង ជាអនត្តា ដូច្នេះដែរឬទេ។  បពិត្រ​ព្រះអង្គដ៏ចំរើន ដំណើរនោះ​មិនមានទេ។  ម្នាលអានន្ទ  ក៏ឯតថាគត  កាលបើ​វច្ឆគោត្តបរិព្វាជកសួរថា ខ្លួនគ្មានទេឬ  គប្បីព្យាករថា ខ្លួនគ្មាន។  ម្នាលអានន្ទ  ពាក្យ​ព្យាករណ៍នុ៎ះ  នឹងប្រព្រឹត្តទៅ ដើម្បីសេចក្តីវង្វេង​ជ្រុល ដល់វច្ឆគោត្តបរិព្វាជក ​ជាអ្នក​វង្វេង​ស្រាប់ថា  ខ្លួនរបស់អាត្មាអញ កាលពីមុន មាន​ដោយពិតហើយ  ខ្លួននោះមិនមាន​ក្នុងកាលឥឡូវនេះទេ។  ចប់ សូត្រ ទី១០។

សភិយកច្ចានសូត្រ ទី១១

[៤៤៥] សម័យមួយ  ព្រះសភិយកច្ចានដ៏មានអាយុ នៅក្នុងរោងដែលគេសង់​ដោយឥដ្ឋ ក្នុងញាតិកគ្រាម។ គ្រានោះ  វច្ឆគោត្តបរិព្វាជក ចូលទៅរកព្រះសភិយ​កច្ចានដ៏មានអាយុ លុះចូលទៅដល់ហើយ  ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះសភិយ​កច្ចានដ៏មានអាយុ  លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏​អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏សួរ​ព្រះ​សភិយកច្ចាន​ដ៏មានអាយុ ដូច្នេះថា  បពិត្រព្រះកច្ចានៈដ៏ចំរើន  សត្វស្លាប់ទៅកើតទៀត​ដែរ​ឬទេ។ ម្នាលវច្ឆៈ  ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់មិនព្យាករថា សត្វស្លាប់ទៅ ​កើត​ទៀតដូច្នេះទេ។  បពិត្រព្រះកច្ចានៈដ៏ចំរើន  ចុះសត្វស្លាប់ទៅ មិនកើតទៀតទេឬអ្វី។  ម្នាលវច្ឆៈ  ទុកជាពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់​ទៅ​មិនកើតទៀត ដូច្នេះទេ។  បពិត្រព្រះកច្ចានៈដ៏ចំរើន  សត្វស្លាប់ទៅកើត​ទៀតខ្លះ មិនកើតទៀតខ្លះ ឬអ្វី។ ​ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់​ព្យាករថា  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើតទៀតខ្លះ ដូច្នេះទេ។  បពិត្រព្រះកច្ចានៈ​ដ៏ចំរើន ​ចុះ​សត្វ​ស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនឬអ្វី។  ម្នាល​វច្ឆៈ  ទុកជា​ពាក្យនេះ  ព្រះដ៏មានព្រភាគ ក៏មិនបានទ្រង់ព្យាករថា  សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន  មិនកើតទៀត ក៏មិនមែន ដូច្នេះទេ។  បពិត្រព្រះកច្ចានៈដ៏ចំរើន លោកកាល​ដែល​ខ្ញុំសួរថា  សត្វស្លាប់ទៅ កើតទៀតឬទេ  ឆ្លើយថា ម្នាលវច្ឆៈ  ពាក្យនេះ ព្រះដ៏មានព្រះភាគ ​មិនបាន​ទ្រង់ព្យាករថា សត្វស្លាប់ទៅកើតទៀតដូច្នេះទេ។  បពិត្រព្រះកច្ចានៈដ៏ចំរើន  លោក​កាល​ដែលខ្ញុំសួរថា  សត្វស្លាប់ទៅ មិនកើតទៀតឬអ្វី  ឆ្លើយថា ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះទេ។  បពិត្រ​ព្រះកច្ចានៈដ៏ចំរើន លោកកាលដែលខ្ញុំសួរថា  សត្វស្លាប់ទៅ កើតទៀតខ្លះ  មិនកើត​ទៀត​ខ្លះឬអ្វី  ឆ្លើយថា  ម្នាលវច្ឆៈ  ពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះទេ។  បពិត្រព្រះកច្ចានៈដ៏ចំរើន  លោក​កាលដែលខ្ញុំសួរថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែន​ឬអ្វី ឆ្លើយថា  ម្នាលវច្ឆៈ  ទុកជាពាក្យនេះ  ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា  សត្វស្លាប់ទៅ កើតទៀតក៏មិនមែន  មិនកើតទៀត ក៏មិនមែនដូច្នេះទេ។   បពិត្រព្រះកច្ចានៈ​ដ៏ចំរើន ហេតុដូចម្តេចហ្ន៎  បច្ច័យដូចម្តេចហ្ន៎  ដែលនាំឲ្យព្រះសមណគោតម មិនទ្រង់ព្យាករនូវពាក្យនេះ។ ម្នាលវច្ឆៈ  ហេតុនិងបច្ច័យឯណា ​ដែលបញ្ញត្តថា សត្វ មានរូបដូច្នេះក្តី  មិនមានរូបដូច្នេះក្តី  មានសញ្ញាដូច្នេះក្តី  មិនមានសញ្ញាដូច្នេះក្តី  មាន​សញ្ញា​ក៏មិនមែន មិនមានសញ្ញា ក៏មិនមែនដូច្នេះក្តី  ហេតុនិងបច្ច័យ​នោះ គប្បីរលត់ទៅ​មិនមានសេសសល់  សព្វប្រការទាំងពួង  សព្វអាការទាំងពួង។  ហេតុម្តេច​ក៏កាល​បុគ្គលបញ្ញត្តនូវហេតុ និងបច្ច័យនោះ  ទើបបញ្ញត្តថា  សត្វមានរូបដូច្នេះ​ខ្លះ មិនមានរូប​ដូច្នេះខ្លះ  មានសញ្ញាដូច្នេះខ្លះ  មិនមានសញ្ញាដូច្នេះខ្លះ  មានសញ្ញាក៏​មិនមែន មិនមាន​សញ្ញាក៏មិនមែនដូច្នេះខ្លះ។  បពិត្រព្រះកច្ចានៈដ៏ចំរើន  លោកបួស​បានប៉ុន្មានវស្សា​ហើយ។  ម្នាលអាវុសោ  អាត្មាបួសមិនទាន់បានយូរប៉ុន្មានទេ  ទើបនឹង​បាន ៣ វស្សា​ប៉ុណ្ណោះ។  ម្នាលអាវុសោ  ពាក្យព្យាករណ៍ មានប្រមាណប៉ុណ្ណេះ ដោយ​កាលមាន​ប្រមាណប៉ុណ្ណេះ  គប្បីមានដល់បុគ្គលណា  ពាក្យព្យាករណ៍នោះ  ឈ្មោះថា​មានច្រើន​ដល់​បុគ្គលនោះ  នឹងបាច់ពោលទៅថ្វី ក្នុងពាក្យព្យាករណ៍ដ៏ច្បាស់លាស់​យ៉ាង​នេះ។  ចប់ សូត្រ ទី១១។

ចប់អព្យាកតសំយុត្ត។

ឧទ្ទាននៃអព្យាកតសយុត្តនោះគឺ

ពោលអំពីនាងខេមាថេរី ១  អំពីអនុរាធត្ថេរ ១ អំពីព្រះសារីបុត្ត មាន ៣ លើក  អំពីព្រះមហាកោដ្ឋិត ១ អំពីព្រះមហាមោគ្គល្លាន ១ អំពីវច្ឆគោត្តបរិព្វាជក ១ អំពី​ពួក​​សមណព្រាហ្មណ៍ប្រជុំគ្នា ក្នុង​កុតុហលសាលា ១  អំពីព្រះអានន្ទដ៏មានអាយុ ១ អំពី​ព្រះសភិយកច្ចានៈ ១ ជាគម្រប់ ១១។