អភិធម្មត្ថសង្គហៈ

បរិច្ឆេទទី១ ចិត្តសង្គហវិភាគ

កែប្រែ

គាថាផ្តើមបករណ៍

កែប្រែ

សម្មាសម្ពុទ្ធមតុលំ​ សសទ្ធម្មគណុត្តមំ អភិវាទិយ ភាសិស្សំ អភិធម្មត្ថសង្គហំ។

ខ្ញុំឈ្មោះអនុរុទ្ធាចារ្យ សូមនមស្សការ ថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធ ទ្រង់រកបុគ្គលដទៃស្មើគ្មាន មួយអន្លើដោយព្រះសទ្ធម្ម និងប្រជំុនៃព្រះអរិយសង្ឃទាំង ៨ ពួក ដ៏ប្រសើរខ្ពង់ខ្ពស់ដោយគោរព ហើយនឹងពោលនូវគម្ពីរអភិធម្មត្ថសង្គហៈ គឺការបំព្រួញនូវសេចក្តីនៃព្រះអភិធម្ម។

គាថាផ្តើមបករណ៍ មាន ៦ បទ គឺ សម្មាសម្ពុទ្ធ ប្រែថា ព្រះសម្មាសម្ពុទ្ធ អតុលំ ប្រែថា ទ្រង់មិនមានបុគ្គលប្រៀបប្រដូចបាន សសទ្ធម្មគណុត្តមំ ប្រែថា ព្រមទាំងព្រះសទ្ធម្ម និងពួកនៃព្រះអរិយសង្ឃដ៏ឧត្តមហើយ អភិវាទិយ ប្រែថា សូមអភិវាទ ក្រាបថ្វាយបង្គំ ភាសិស្សំ ប្រែថា នឹងពោល អភិធម្មត្ថសង្គហំ ប្រែថា បករណ៍ឈ្មោះអភិធម្មត្ថសង្គហៈ។ គាថានេះសម្តែងដល់បណាម គឺ ការនមស្ការព្រះរតនត្រ័យ និងប្តេជ្ញាតាំងចិត្តពោលទទួលដោយវាចាថា នឹងតែងបករណ៍ឲ្យសម្រេច ដើម្បីមិនឲ្យមានឧបសគ្គ អន្តរាយណាៗ ដែលធ្វើឲ្យអក្ខរខូចខាត ព្រោះអក្សរនីមួយៗមានតម្លៃថ្លៃណាស់, ដូចជាប្រទីបភ្លឺចិញ្ចាច ញ៉ាំងបញ្ញាឲ្យកើតឡើង ទើបព្រះបូរាណាចារ្យប្រព័ន្ធគាថាទុកដូច្នេះថា ៖ អក្ខរំ ឯកមេកញ្ច ពុទ្ធរូបសមំ​ សិយា តស្មា ហិ បិណ្ឌិតោ បោសោ លិខេយ្យ បិដកត្តយំ។ អក្សរនីមួយៗ ស្មើនឹងព្រះពុទ្ធរូបមួយអង្គ ព្រោះហេតុនោះឯង បុគ្គលដែលជាបណ្ឌិត យល់យ៉ាងនេះហើយ គប្បីរចនាព្រះត្រៃបិដក។ សេចក្តីពន្យល់ក្នុងគាថា បទថា សម្មាសម្ពុទ្ធំ ព្រះមានព្រះភាគ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធៈ​ ព្រោះអត្ថថា ត្រាស់ដឹងក្រៃលែងហើយនូវធម៌ទាំងពួងដោយប្រពៃ និងដោយព្រះអង្គឯង។

ពិតមែន​ ព្រះអង្គទ្រង់ត្រាស់ដឹងហើយ គឺ​ ទ្រង់ដឹងទូទៅនូវធម្មជាតិដែលជាសង្ខតៈ​ និងអសង្ខតៈទាំងអស់ដោយប្រពៃ ដោយអំណាចនៃការចាក់ធ្លុះនូវលក្ខណៈ ព្រមទាំងកិច្ចតាមសេចក្តីពិត ដោយសយម្ភូញាណដែលកើតល្អហើយពីបារមីដែលព្រះអង្គសន្សំកសាងមកដោយព្រះអង្គឯង។ ដូចព្រះតម្រាស់ដែលទ្រង់ត្រាស់ថា ៖ សព្វាភិភូ សព្វវិទូហមស្មិ   សព្វេសុ​ ធម្មេសុ អនូបលិត្តោ សព្វញ្ជហោ តណ្ហាក្ខយេ វិមុត្តោ  សយំអភិញ្ញាយ កមុទ្ទិសេយ្យំ។ ន មេ អាចរិយោ អត្ថិ  សទិសោ មេ ន វិជ្ជតិ សទេវកស្មឹ លោកស្មឹ  នត្ថិ មេ បដិបុគ្គលោ។ អហញ្ហិ អរហោ លោកេ  អហំ សត្ថា អនុត្តរោ ឯកោម្ហិ សម្មាសម្ពុទ្ធោ សីតិភូតោស្មិ និព្វុតោ។

តថាគតជាអ្នកគ្របសង្កត់នូវតេភូមិកធម៌ ត្រាស់ដឹងនូវចតុព្ភូមិកធម៌ មិនប្រឡាក់ដោយកិលេស ក្នុងតេភូមិកធម៌ទាំងអស់ បានលះចោលនូវតេភូមិកធម៌ទាំងអស់ហើយ មានចិត្តផុតស្រឡះ ព្រោះអស់ទៅនៃតណ្ហាហើយ ដឹងច្បាស់ចតុព្ភូមិកធម៌ដោយខ្លួនឯង ចាំបាច់ឧទ្ទិសខ្លួនចំពោះគ្រូណា តថាគតមិនមានអាចារ្យទេ មិនមានបុគ្គលស្មើនឹងតថាគតទេ ក្នុងលោកនេះ ព្រមទាំងទេវលោក មិនមានបុគ្គលណាប្រៀបផ្ទឹមនឹងតថាគតបានឡើយ ព្រោះតថាគតជាអរហន្តក្នុងលោក ជាសាស្តាខ្ពស់បំផុត ជាអ្នកត្រាស់ដឹង ដោយប្រពៃចំពោះព្រះអង្គឯង តថាគតមានសេចក្តីត្រជាក់ មានកិលេសរលត់ហើយ ។

បទថា អតុលំ សូម្បីកាលប្រកបដោយស័ព្ទសម្មាសម្ពុទ្ធ និងដោយអត្ថនៃពាក្យតាមដែលពោលហើយ ទើបសរសើរព្រះមានព្រះភាគឲ្យវិសេស ដោយពាក្យថា អតុលំ ព្រោះស័ព្ទថា សម្មាសម្ពុទ្ធ ជាព្រះនាមព្រះមានព្រះភាគ ។ ពិតមែន ព្រះមានព្រះភាគ មិនមានបុគ្គលណាមួយប្រៀបផ្ទឹមបានឡើយ ព្រោះដូច្នេះ ទើបទ្រង់ព្រះនាមថា អតុល គឺ មិនមានបុគ្គលណាៗដូចដោយគុណទាំងឡាយ មានសីលជាដើម ព្រោះព្រះអង្គជាបុគ្គលក្នុងលោក ព្រមទាំងទេវលោក មិនមានអ្នកណាផ្ទឹម មិនមានអ្នកណាស្មើ សេចក្តីនេះសមដូចដែលត្រាស់ទុកថា​ "យាវតា ភិក្ខវេ សត្តា អបទា វា ទ្វិបទា វា ចតុប្បទា វា ពហុប្បទា វា រូបិនោ វា អរូបិនោ វា សញ្ញិនោ វា អសញ្ញិនោ វា នេវសញ្ញីនាសញ្ញិនោ វា តថាគតោ តេសំ​ អគ្គមក្ខាយតិ" : ម្នាលភិក្ខុទាំងឡាយ ពួកសត្វទាំងប៉ុន្មាន ទោះជាសត្វឥតជើងក្តី មានជើងពីរក្តី មានជើងបួនក្តី មានជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តី មានសញ្ញាក៏មិនមែនមិនមានសញ្ញាក៏មិនមែនក្តី ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរជាងពួកសត្វទាំងនោះ" ដូច្នេះ ។

ដោយបទថា អតុលំ តាមដែលពោលមកនេះ ជាពាក្យដែលព្រះអនុរុទ្ធាចារ្យធ្វើការពោលសរសើរគុណព្រះមានព្រះភាគដោយសម្បទា ៣ យ៉ាង គឺ ហេតុសម្បទា ១ ផលសម្បទា ១ សត្តូបការសម្បទា ១ ។ ទ្រង់ប្រកបដោយព្រះមហាករុណា និងទ្រង់អប់រំបំពេញពោធិសម្ភារ ឈ្មោះថា ហេតុសម្បទា ។ ចំណែក ផលសម្បទា មាន ៤ យ៉ាង គឺ ញាណសម្បទា ១ បហានសម្បទា ១ អានុភាវសម្បទា ១ និងរូបកាយសម្បទា ១ ។

អធិប្បាយផលសម្បទា ៤​ យ៉ាង៖ ១. មគ្គញ្ញាណដែលជាទីតាំងនៃសព្វញ្ញុតញ្ញាណ និងទសពលញ្ញាណជាដើម ឈ្មោះថា ញាណសម្បទា ។ ២. សង្កិលេសទាំងអស់ ព្រមទាំងវាសនា ដែលព្រះអង្គលះបានហើយ មិនកើតឡើងទៀត ឈ្មោះថា បហានសម្បទា ។ ៣. អានុភាព គឺ ភាពជាធំក្រៃលែង ក្នុងការធ្វើឲ្យសម្រេចបានតាមសេចក្តីប្រាថ្នា ឈ្មោះថា អានុភាវសម្បទា ។ ៤. អត្តភាវសម្បត្តិ គឺ ព្រះរូបសម្បត្តិដែលប្រកបដោយមហាបុរិសលក្ខណៈ និងអនុព្យញ្ជនៈ គួរជាទីរីករាយរបស់មនុស្សសត្វទាំងពួងដែលបានឃើញហើយ ឈ្មោះថា រូបកាយសម្បទា

សត្តូបការសម្បទា មាន​ ២ យ៉ាង គឺ អាសយៈ​ បានដល់ព្រះអធ្យាស្រ័យ និងបយោគ បានដល់ ព្រះឧស្សាហ៍ ព្រះមានព្រះភាគ ទ្រង់មានអធ្យាស្រ័យអនុគ្រោះជានិច្ច សូម្បីក្នុងពួកសត្វដែលមានកំហុស ដូចភិក្ខុទេវទត្តជាដើម និងទ្រង់រងចាំវេលាចាស់ក្លានៃឥន្ត្រិយរបស់សត្វដែលមិនទាន់ចាស់ក្លា ឈ្មោះថា អាសយៈ ។ ព្រះអង្គសម្តែងធម៌ ដើម្បីនាំសត្វឲ្យចេញចាកទុក្ខ មិនមានព្រះទ័យប្រាថ្នាលាភ សក្ការៈជាដើម ឈ្មោះថា បយោគៈ ។ ទ្រង់ប្រកបដោយសម្បទា ដូចដែលពោលមកនេះ ទើបឈ្មោះថា អតុលំ គឺ មិនមានអ្នកណាប្រៀប ។ បទថា សសទ្ធម្មគណុត្តមំ "ព្រមដោយព្រះសទ្ធម្ម" ព្រះសទ្ធម្មក្នុងទីនេះបានដល់ សទ្ធម្ម ៣ យ៉ាង គឺ ១. បរិយត្តិសទ្ធម្ម គឺ ព្រះពុទ្ធវចនៈ ឬព្រះត្រៃបិដក; ២. បដិបត្តិសទ្ធម្ម គឺ ការរក្សាសីល កាន់ធុតង្គ ចម្រើនកម្មដ្ឋាន; ៣. បដិវេធសទ្ធម្ម គឺ មគ្គ ផល និព្វាន ឈាន អភិញ្ញា ។ ដែលឈ្មោះថា សទ្ធម្ម ព្រោះជាធម៌របស់អ្នកស្ងប់ គឺ សប្បុរសទាំងឡាយ, ព្រះអរិយបុគ្គល ឈ្មោះថា ខ្ពង់ខ្ពស់ ព្រោះប្រកបដោយគុណវិសេស មានការបដិបត្តិល្អហើយដោយប្រពៃជាដើម ម្យ៉ាងទៀត ឈ្មោះថា ខ្ពង់ខ្ពស់ ព្រោះខ្ពស់ជាងមនុស្ស និងទេវតាទាំងឡាយ។

ឯកសារយោង

កែប្រែ

ព្រះត្រៃបិដក > អភិធម្មបិដក

អភិធម្មត្ថសង្គហបាលិ (១៩៩៦) ដោយ​វិជ្ជាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

พระอภิธรรมปิฎก

Abhidhammattha-sangaha

ABHIDHAMMATTHA - SANGAHA​ of Anuruddhācariya

A Comprehensive Manual of Abhidhamma (2003) edited by Bhikkhu Bodhi